ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពរោងចក្រម្សៅដំឡូងមីក្នុងស្រុកបារាយណ៍

2025/10/27 02:56:05 pm        617
ឯកឧត្តម ឃឹង នុភាព សមាជិកគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណកម្មការទី៨) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអមដំណើរជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីពិនិត្យស្ថានភាពរោងចក្រកែច្នៃដំឡូងមី កៅស៊ូ និងគម្រោងវិនិយោគកែច្នៃកសិ-ឧស្សាហកម្មចម្រុះនៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំងលទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ ក៏ដូចជាដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ដែរថា រោងចក្រកែច្នៃដំឡូងមីនេះ មានផ្ទៃដីទំហំ២២ហិកតា និងបានដំណើរការកែច្នៃចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដោយមានសមត្ថភាពផលិតជំហានដំបូងក្នុងដំណាក់កាលសាកល្បងប្រមាណ ៤០០០តោន ប៉ុន្តែបានផ្អាកដំណើរការទៅវិញរហូតមកទល់ពេលនេះ ដោយសារបញ្ហាទីផ្សារ។បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឃឹង នុភាព បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តចុះពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលជាគម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ តាមរបៀបសេដ្ឋកិច្ចចក្រា។ ក្រុមហ៊ុនបានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារអាម៉េរិក លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត) ហើយកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ ហើយគ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ក្នុងឱកាសនោះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងប្រតិភូ ក៏បានបន្តចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ.២ អភិវឌ្ឍន៍ កៅស៊ូ ឯ.ក និងក្រុមហ៊ុន បៀន ហៀក អ៊ិនវេសមេន ឯ.ក ក្នុងភូមិសាស្ត្រស្រុកស្ទោង។ ក្រុមហ៊ុនទាំងពីរ បានវិនិយោគលើការដាំដុះនិងកែច្នៃកៅស៊ូ ដោយដាំដុះលើផ្ទៃដី១៦ ២៦៨,៦៨ហិកតា ប្រើទុនវិនិយោគសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងមានកម្មករសរុប ៣ ៦០០នាក់ ហើយក្នុងឆ្នាំ២០២៥នេះ បរិមាណជ័រកៅស៊ូកែច្នៃមានចំនួន ៤៨ ០០០តោន។ក្នុងឱកាសនៃការចុះបំពេញបេសកកម្មនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ធ្វើការសិក្សាពីការអនុវត្តល្អៗពីរោងចក្រ ឬក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដំណើរការបានល្អ ព្រមទាំងធ្វើការសិក្សារៀបចំផែនការឡូជីស្ទិក និងការប្រើប្រាស់ប្រភពថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យគិតគូរអំពីផងដែរ អំពីការប្រមូលទិញកសិផលពីសហគមន៍ និងប្រជាកសិករ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា (Contract Farming) ដោយរួមទាំងលទ្ធភាពនៃការផ្ដល់ទុនបង្វិល ពូជ និងបច្ចេកវិទ្យា ក្នុងការដាំដុះ ដើម្បីបង្កើនខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងផលិតកម្មក្នុងស្រុក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។គួរបញ្ជាក់ដែរថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដង្ហែអង្គកឋិនទានទៅកាន់វត្ត សិរីវង្ស ខេត្តព្រៃវែង

2025/10/27 02:35:25 pm        327
នាឱកាសរដូវកាលបុណ្យកឋិនទាននេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន​ និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បាន​ផ្តួច​ផ្តើម​ប្រារ​ព្ធពិ​ធី​បុណ្យកឋិនទានមហាសាមគ្គី ដង្ហែរទៅកាន់វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី ស្ថិត​នៅ​ភូមិ​កំពង់​ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីវេរប្រគេនចំពោះព្រះសង្ឃ​ដែល​បាន​គង់​ចាំ​ព្រះវស្សា​អស់​កាលត្រីមាស ព្រមទាំងប្រគេនបច្ច័យ រួមទាំងទេយ្យវត្ថុ ទុកសម្រាប់ព្រះសង្ឃ និង​សម្រាប់​កសាង​សមិទ្ធផលនានា និងបានដោះស្រាយភាពខ្វះខាតក្នុងអារាមវត្តផងដែរ។ពិធីបុណ្យកឋិនទានមហាសាមគ្គីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ញ៉ែម សាខន សខេង, ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួម​ទាំង ភ្ញៀវកិត្តិយសជាច្រើនទៀត។ឯកឧត្តម​ ជា សុមេធី មានប្រសាសន៍ថា ពិធីបុណ្យកឋិនទាននេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បី​បង្កើនចំណងសាមគ្គីភាពរវាងមន្ត្រីរាជការ ក្រុមគ្រួសារ និងសង្គម និងបានជួយ​ទ្រទ្រង់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនាឱ្យចម្រើនរុងរឿងគង់វង្សយូរអង្វែង។ឯកឧត្តម បញ្ជាក់ទៀតថា ប្រទេសជាតិយើង មានសុខសន្តិភាព ស្ថិរភាពនយោបាយ នឹង​ការ​អភិវឌ្ឍន៍​គ្រប់ទីកន្លែង ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសបានធ្វើដំណើរ ប្រកបមុខ​រប​រក​ស៊ី​បាន​ដោយ​សេរី នឹងធ្វើបុណ្យទាន បានគ្រប់ទីកន្លែងទូទាំងប្រទេស។ តាមរយៈ​បុណ្យ​អង្គ​កឋិន​ទាន​មហា​សាមគ្គី​នាពេលនេះ ឯកឧត្តម សូមឧទ្ទិសកុសល​ផល​បុណ្យ​នេះ​ជូន​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​លោក​អ្នក​មានគុណ បុព្វការីជន បុព្វបុរសខ្មែរ និងញាតិកាទាំង៧សណ្តាន ដែលបាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ។ក្នុងឪកាសនោះដែរ ឯកឧត្តម ជា សុមេធី និងលោកជំទាវ បានប្រគេនទេយ្យវត្ថុ រួមទាំង​បច្ច័យ​មួយ​ចំនួន សម្រាប់កសាងដំបូងសាលាឆាន់១ខ្នង ដែលមានទទឹងប្រវែង ២០,៣០ម៉ែត្រ និង​បណ្តោយ​ប្រវែង ៤៥,៣០ម៉ែត្រ រួមទាំងសមិទ្ធផលនានា ក៏ដូចជាតម្រូវ​ការ​ប្រើ​ប្រាស់​ផ្សេងៗ​ក្នុង​អារាម​វត្តសិរីវង្ស ហៅវត្តកំពង់ឬស្សី៕

កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់ជិតស្និទ្ធ

2025/10/27 02:20:48 pm        627
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ជាមួយនឹងប្រទេសឡាវ សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ។ ជាមួយប្រទេសវៀតណាម សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ។ ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ។ សម្តេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។មុននឹងបញ្ចប់, សម្ដេចបវរធិបតីបានអរគុណវៀតណាម និងឡាវ ដែលបានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត៕

និស្សិត និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសហុងគ្រី មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំស្វែងរកដំណោះស្រាយដោយសន្តិភាព ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

2025/10/27 02:05:16 pm        126
និស្សិតទំាងអស់ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងបំពេញការងារនៅក្នុងប្រទេសហុងគ្រី បានសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុតចំពោះការសម្រេចបាននូវការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋាភិបាលថៃ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីដ៏សំខាន់ និងមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្តីសប្បាយរីករាយនិងអំណរសាទររបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នេះ បានបង្ហាញនៅក្នុងពេលដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសដែលសម្តេចបានកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅក្នុងប្រទេសហុងគ្រី។ ក្រុមនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ចាក់ថា ការសម្រេចបាននូវជោគជ័យធំធេងមួយនេះ កើតចេញពីការបំពេញបេសកកម្មការទូតប្រកបដោយភាពវាងវៃ បត់បែន យកពលរដ្ឋជាស្នូល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ គោរពច្បាប់អន្តរជាតិ មានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានជាដើម។ ការស្រឡាញ់សន្តិភាព មិនចង់ឱ្យមានសង្រ្គាម រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបង្រួមបញ្ហាមិនឱ្យរីកធំ ប្រកាន់យកការអត់ធ្មត់ តែការពារបូរណភាពទឹកដីឱ្យទាល់តែបាន មិនមានការបាត់បង់មួយមីលីម៉ែត្រណាឡើយ។ កញ្ញា ជាប លីលី ប្រធានសមាគម និស្សិតខ្មែរ នៅប្រទេសហុងគ្រី បានគូសបញ្ជាក់ថាកញ្ញានិងក្រុមនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រីទំាងអស់ តែងតែតាមដានសភាពការណ៍នៃជម្លោះព្រំដែនកម្ពុជានិងថៃជាប់ជាប្រចាំ។ ក្រុមនិស្សិតទំាងអស់បានគំាទ្រ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានប្រកាន់យកនូវភាពអត់ធ្មត់ ដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងសង្រ្គាមកាន់តែរីកធំឡើង។ ភាពអត់ធ្មត់របស់កម្ពុជា បានទទួលជោគជ័យ និងការគំាទ្រពីពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ។ ប្រធានសមាគមនិស្សិតខ្មែរ ប្រចាំនៅប្រទេសហុងគ្រី បានបញ្ជាក់ថាកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ មានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជានិងថៃ ដែលស្រឡាញ់សន្តិភាព ។ មានសន្តិភាពទើបមានការអភិវឌ្ឍ។  កញ្ញា ជាប លីលី បានគូសបញ្ជាក់ថា ជាការពិត និស្សិតទាំងអស់ដែលសិក្សានៅក្នុងប្រទេសហុងគ្រី បានមកពីតំបន់ ឬខេត្តផ្សេងៗគ្នា ឬមកពីស្ថាប័នផ្សេងៗគ្នានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងសិក្សានៅគ្រឹះស្ថានផ្សេងៗគ្នានៅប្រទេសហុងគ្រី ប៉ុន្តែពួកគេទាំងអស់គ្នា មានគោលដៅរួមមួយជាមួយគ្នា។ ពោលគឺឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗពីប្រទេសហុងគ្រី ដើម្បីយកទៅប្រើប្រាស់ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជារបស់យើង។ “ ជាងនេះទៅទៀតយើងខ្ញុំទាំងអស់គ្នា តែងមានការប្រយ័ត្នប្រយែង គិតគូរ និងយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាព ទាំងក្នុង និងក្រៅថ្នាក់រៀន សំដៅធ្វើយ៉ាងណា រួមចំណែកលើកកម្ពស់អត្តសញ្ញាណ និងសេចក្ដីថ្លៃថ្នូរក្នុងនាមជាខ្មែរ ដែលយើងខ្ញុំទាំងអស់គ្នា ជឿជាក់ថា សកម្មភាពទាំងអស់នេះ នឹងបានជាផ្នែកមួយសម្រាប់ចូលរួមចំណែក ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ជាពិសេសការពង្រឹងការតភ្ជាប់ប្រជាជន និងប្រជាជនរវាងកម្ពុជា និងហុងគ្រី” ប្រធានសមាគមន៍និ ស្សិតកម្ពុជា កញ្ញា ជាប លីលី បានបញ្ជាក់។តំណាងនិស្សិតចំនួន៦៧នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសហុងគ្រី បានគូសបញ្ជាក់ថា “ក្នុងនាមបងប្អូននិស្សិតទាំងអស់គ្នានៅប្រទេសហុងគ្រី និងក្រុមនាមនាងខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី សូមសម្ដេច ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងសូមសម្ដេច និងអង្គពិធីទាំងមូល មានសុខភាពល្អបរិបូរណ៍ ជានិច្ចនិរន្តន៍ តទៅ”។ដូចគ្នានោះដែរ ឯកឧត្តម ឈាង ធីរ៉ា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសហុងគ្រីបានគូសបញ្ជាក់ថា ទំាងនិស្សិតនិងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសហុងគ្រី ទំាងអស់ មានសេចក្តីសប្បាយរីករាយចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា។ឯកឧត្តមបានគូសបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្នុងប្រទេសហុងគ្រី ពិសេសនិស្សិត បានអរគុណ ដឹងគុណជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធី តាមរយៈការទូត ការគោរពច្បាប់អន្តរជាតិ ប្រកបដោយភាពអត់ធ្មត់ តែម៉ឺងម៉ាត់ ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋទំាងសងខាង។ នៅទីបញ្ចប់បាននាំមកកិច្ចព្រមព្រៀងសន្តិភាព ដ៏មានសារៈសំខាន់មួយ ដើម្បីធ្វើឱ្យសភាពការណ៍ព្រំដែនវិលទៅប្រក្រតីភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋទំាងសងខាង។ សូមជម្រាបថា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន៦៧នាក់កំពុងសិក្សានៅក្នុងប្រទេសហុងគ្រី ក្នុងនោះនារីចំនួន៣០នាក់ ដែលកំពុងសិក្សានៅថ្នាក់ក្រោយឧត្តម លើជំនាញជាច្រើន មានវិស្វកម្ម កសិកម្ម បរិស្ថាន សំណង់ ចំណីអាហារ ស្ថាបត្យកម្មនិង បច្ចេកវិទ្យជាដើម។សម្តេចប្រធានរដ្ឋសភា បានអរគុណក្មួយៗនិស្សិត ក៏ដូចជាពលរដ្ឋខ្មែរទំាងអស់នៅឯនាយសមុទ្រ ដែលតែងតែគំាទ្រ និងជឿជាក់ចំពោះរាជរដ្ឋាភិបាល នៅក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើងពិតជាមានសំណាងណាស់ ដែលបានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព វឌ្ឍនភាព វិបុលភាព ហើយកេរ្ដិ៍ឈ្មោះនិងតួនាទីរបស់យើងនៅលើឆាកអន្តរជាតិក៏មានការទទួលស្គាល់ស្មើមុខស្មើមាត់៕

ការ​ដាក់ឲ្យដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ

2025/10/27 01:44:12 pm        339
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​យាន​យន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា ។វិទ្យាស្ថាននេះ គឺជាផ្លែផ្កា នៃកិច្ចសហការរវាង ក្រុមហ៊ុន GTV Motor Co., Ltd., សាកល​វិទ្យាល័យ​បច្ចេក​វិទ្យា ឆុងឈីង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលបាន​ចុះ​ហត្ថ​លេខា​កាល​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានទទួលការណែនាំ និងគាំទ្រ​យ៉ាង​សកម្ម​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានថ្លែងថា តាមរយៈ​កិច្ច​សហប្រតិ​បត្តិការនេះ មានគោលបំណងអភិវឌ្ឍការស្រាវជ្រាវ និងការអប់រំខាងយាន​យន្ត​ថា​មពល​ថ្មី ​បច្ចេកវិទ្យាឧស្សាហកម្ម និងផលិតកម្មបែបឧស្សាហម្ម ដើម្បីចូល​រួម​ជំរុញ​ការ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ ទៅរកសេដ្ឋកិច្ចបៃតង និងបច្ចេកវិទ្យាខ្ពស់ ហើយ NPIC ប្តេជ្ញាផ្តល់ការអប់រំ និង​បណ្តុះ​បណ្តាល​ធនធានមនុស្ស ឆ្លើយតបតាមតម្រូវការឧស្សាហកម្មថ្មីៗ ។ឯកឧត្តមបន្តថា ការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា នឹង​ក្លាយ​ជាវេ​ទិកាសំខាន់មួយ សម្រាប់ការផ្លាស់ប្តូរចំណេះដឹង, ការផ្ទេរបច្ចេកវិទ្យា, និង​ការ​អភិវឌ្ឍ​ទេព​កោស​ល្យ ដើម្បីជំរុញឲ្យនិស្សិត អ្នកស្រាវជ្រាវ និងវិស្វករកម្ពុជាចូល​រួម​យ៉ាងស​កម្មក្នុ​ង​ចលនា​ផ្លាស់​ប្តូរ បៃតងរបស់ពិភពលោក ។ឯកឧត្តម ហែម វណ្ឌឌី មានប្រសាសន៍ថា ការខិតខំប្រឹងប្រែង​បង្កើត​ឱ្យ​មាន​គម្រោង​វិទ្យាស្ថាន​បច្ចេក​វិទ្យា​យានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជានេះឡើង គឺជាកត្តាចូលរួម​ចំណែក​ដ៏​សំខាន់ ​ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់​យក​អាទិភាព​គន្លឹះចំនួ​ន៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” និងក៏ជា​ទឡ្ហីករណ៍​សំខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ ក្នុងការចាប់យកនវានុវត្តន៍ និងបច្ចេកវិទ្យា ការកាត់បន្ថយ​ការ​បំភាយ​កាបូន​ ព្រមជាមួយតម្រូវការ នៃការលើកកម្ពស់ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ដែល​ជា​គ្រឹះ​ជំរុញ​ឱ្យ​សម្រេ​ច​បាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្តម​បន្ថែម​ថា គម្រោងវិទ្យាស្ថាននេះ ជាចំណែកឈានទៅបំពេញបានយុទ្ធសាស្ត្រ នៃ​ប្រជា​ជាតិ​ទាំង​ពីរ​ គឺសហគមន៍កម្ពុជា-ចិន មានអនាគតរួមគ្នា និងជាគំរូស​ម្រាប់​កិច្ច​ទំនាក់​ទំនង​អន្តរ​ជាតិ​ថ្មី​មួយ​។ ប្រទេសទាំងពីរ បានឯកភាពពន្លឿនការអនុវត្ត គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែល​ស្នើ​ឡើង​ដោយប្រទេសចិន និងបំពេញការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ របស់ កម្ពុជា ដោយ​បង្កើត​ផែន​ការកិច្ចសហប្រតិបត្តិការ កម្មវិធីរបៀងអភិវឌ្ឍឧស្សាហកម្ម ។ឯកឧត្តមរដ្ឋ​មន្ត្រី បានគាំទ្រការបង្កើត គម្រោងវិទ្យាស្ថាននេះ ដែលនឹងជួយ​បំពេញ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​គាំទ្រការអភិវឌ្ឍវិស័យយាន្តយន្ត និងស្របតាម “គោលនយោបាយ​ជាតិ​អភិវឌ្ឍ​វិស័យ​រថយន្ត​អគ្គិសនី​ ឆ្នាំ២០២៤-២០៣០” ហើយសង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អស​ម្រាប់​ការ​អនុវត្ត​ជាក់​ស្តែង និងរីកចំរើនទៅអនាគត ។បើតាមតំណាង​ក្រុមហ៊ុន GTV Motor Co., Ltd., បានអះអាងថា នេះមិនមែនគ្រាន់​តែជា​ការ​បើក​សម្ពោធ​វិទ្យា​ស្ថានស្រាវជ្រាវមួយប៉ុណ្ណោះទេ តែជានិមិត្តរូបនៃជំហានដ៏ម៉ឺងម៉ាត់ របស់កម្ពុជា ឆ្ពោះ​ទៅ​រក​ការធ្វើទំនើបកម្មឧស្សាហកម្ម និងយុគសម័យយានយន្តថាមពលថ្មី៕ អត្ថបទ បាន សុខរិទ្ធិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះត្រួតពិនិត្យ​សព្វាវុធដែល​បានត្រឡប់​មកកាន់​បន្ទាយ​វិញ ក្រោយភាគីកម្ពុជា និងថៃ ឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុន​ធ្ងន់​របស់ខ្លួន

2025/10/27 01:33:31 pm        202
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារ​សម្រប​សម្រួល​​ក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ធ្វើ​ការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប​វិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០​នាទី​យប់​មិញ​នេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាព​គ្នាធ្វើការ​កែសម្រួល​យុទ្ធោបករណ៍ និងអាវុធធុន​ធ្ងន់​របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុង​ការអនុវត្ត​នូវ​សេចក្តី​ថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តម​សេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីថាកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ៕

ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម​ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី

2025/10/27 01:03:48 pm        87
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយដែលបានទទួលជួប ឯកឧត្តម ឡេ ហ័យជុង ដោយផ្ទាល់សារជាថ្មីបន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូ កាលពីដើមខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តម ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម ពីថ្ងៃទី១ ដល់២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័ននានា​នៅកម្ពុជា​គាំទ្រ​ពេញ​ទំហឹង​សេចក្តី​ថ្លែង​ការណ៍​សន្តិភាព​រវាង កម្ពុជា និងថៃ

2025/10/27 12:42:05 pm        300
ព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួង ស្ថាប័ននានានៅកម្ពុជា បានចេញញត្តិដាច់ដោយឡែកពីគ្នា ប្រកាសគំាទ្រយ៉ាងពេញទំហឹងនូវសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និង​ថៃ ​ខណៈសេចក្តីថ្លែងការណ៍នេះ ជាការបើកទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និង​បន្ត​កិច្ចសហប្រតិបត្តិការ បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។ញត្តិរបស់ព្រឹទ្ធសភា រដ្ឋសភា និងតាមបណ្តាក្រសួងស្ថាប័នទាំងនោះ បានលើក ឡើងដូចៗគ្នាថា សូម​គាំទ្រ​សេចក្ដីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ និង​នាយករដ្ឋ​មន្ត្រី​​ព្រះរាជាណាចក្រថៃ ស្តីពីលទ្ធផលនៃជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ហើយក៏សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះ​ការ​ចុះ​ហត្ថ​លេខា​លើ​សេចក្ដីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណា​ចក្រ​ថៃ ​នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ។តាមរយៈញត្តិទាំងនោះ បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សេចក្តី​ថ្លែង​ការណ៍​នេះ ​ដែលមានវត្តមានជាសាក្សីដោយប្រធានាធិបតី សហរដ្ឋអាម៉េរិក និងនាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​បានបើកនូវទំព័រថ្មីមួយជាសារវន្តនៅក្នុងការស្វែងរកសន្តិភាព និងបន្តកិច្ច​សហ​ប្រតិបត្តិ​ការ​បន្ទាប់ពីមានអរិភាពនៅតំបន់ព្រំដែននាពេលថ្មីៗនេះ។នេះ​គឺ​ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតរបស់ជាតិ ដែល​ជា​ការ​បញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ «សូមគាំទ្រ​ជាពិ​សេស​ចំពោះ​ក្រប​ខ័ណ្ឌ​ដែល​មាន​លក្ខណៈជាក់ស្ដែង និងគ្រប់ជ្រុងជ្រោយ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍នេះ។ វិធាន​ការ​ទាំងអស់នេះគឺជាការផ្តល់អាទិភាព ដល់សុវត្ថិភាព និងសន្តិសុខប្រជាជនកម្ពុជា និង​ការ​ពារ​ផលប្រយោជន៍ជាតិ តាមរយៈការដាក់ចេញនូវវិធានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការ​ដោះ​ស្រាយ​ក្តីកង្វល់ផ្នែកមនុស្សធម៌សំខាន់ៗ​រួមទាំង​ការ​ដោះលែង​វីរយុទ្ធជន​កម្ពុជា​ដែល​កំពុង​ជាប់​ឃុំ ​និងការបង្កើតជាផ្លូវការនូវយន្តការទ្វេភាគី និងតំបន់ដ៏រឹងមាំ តួយ៉ាង​ក្រុម​អ្នក​សង្កេត​ការណ៍​អា​​ស៊ាន ​(AOT) ដើម្បីធានាបាននូវស្ថិរភាពយូរអង្វែង និងការបន្តកិច្ច​សន្ទនា​លើ​បញ្ហា​ព្រំដែន​ដែល​នៅសេ​សសល់។ញត្តិបានលើកឡើងទៀតថា ជំហរប្រកបដោយ​សង្គតិភាព​របស់​កម្ពុ​ជាគឺ​រាល់​បញ្ហាព្រំដែនត្រូ​វ​តែដោះ​ស្រា​យដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ តាម​រយៈ​ញត្តិ​នេះ​ដែរ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងបណ្តាក្រសួងនានា ក៏សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះតួ​អង្គ​សម្រប​សម្រួល​អន្តរជាតិ​សំខាន់ៗ​ដែល​បាន​រួម​ចំណែក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបា​ន ក្នុងការធ្វើឱ្យដំណោះស្រាយនេះលេច ចេញជារូបរាងឡើង។ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ជាពិសេសចំពោះឯកឧត្តម ដូណាល់ ត្រាំ(Donald J. Trump) ប្រធានាធិបតី​សហរ​ដ្ឋ​អាម៉េរិក ចំពោះតួនាទីដ៏ម៉ឺងម៉ាត់របស់លោកក្នុងការធានានូវ បទឈប់បាញ់ដំបូង និងការ​ជំរុញ​បរិ​យាកាសការទូតសម្រាប់កិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានោះសូមកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តម ដាតុ សេរី អានវ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេស ម៉ាឡេស៊ី និងជាប្រធានអាស៊ាន ចំពោះ​ការ​គាំទ្រមិនងាករ និងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ប្រកប​ដោយ​ស្ថាបនា​របស់​លោក​ផង​ដែរ​។តាមរយៈញត្តិខាងលើនេះដែរ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួង ស្ថាប័នាននា​ក៏សូម​ប្តេជ្ញា​យ៉ាង​មុត​មាំគាំ​ទ្ររាជរដ្ឋាភិបាលនៅក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ និង​ហ្មត់​ចត់​បំផុត​។ យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងនេះនឹងបើកទំព័រថ្មី សំដៅផ្លាស់​ប្តូរ​តំបន់​ព្រំដែន​រួម​គ្នា​របស់​ប្រទេសទាំងពីរពីប្រភពនៃភាពតានតឹង ទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និង ប្រជាជន​ថៃផ​ង​ដែរ​៕​ អត្ថបទ៖​ បាន ចក់

សម្តេច ឃួន សុដារី៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសហុងគ្រី មិនត្រឹមជាការធ្វើ​ដំណើរមក​កាន់ផ្ទះមិត្ត​ចាស់ប៉ុណ្ណោះទេ តែចំពេលដែលពលរដ្ឋកម្ពុជា​កំពុងសប្បាយរីករាយ និងស្វាគមន៍​កិច្ច​ព្រម​ព្រៀងសន្តិភាពកម្ពុជា-ថៃផងដែរ

2025/10/27 12:30:09 pm        212
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារក្នុងពេលទទួលទានអាហារថ្ងៃត្រង់ជាមួយ ឯកឧត្តម យ៉ាកប អ៊ីស្តវ៉ាន(Jakab Istavan) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅរដ្ឋធានីប៊ុយដាប៉ែស នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្នុងឱកាសសម្តេចបានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅក្នុងប្រទេសហុងគ្រី រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥។សម្តេចរដ្ឋសភាធិបតី បានជម្រាបឯកឧត្តម យ៉ាកប អ៊ីស្តវ៉ាន ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រី នៅពេលនេះ ជាពេលវេលាមួយដែលគណៈប្រតិភូមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងបំផុត។ ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះ ក្រៅពីជាឱកាសដ៏ល្អក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តចាស់ដែលបានជួយគ្នាក្នុងគ្រាលំបាកនោះ។ នៅថ្ងៃទី២៦ ខែតុលានេះ ប្រជាពលរដ្ឋកម្ពុជាទំាងមូលក៏ដូចជាគណៈប្រតិភូទំាងអស់ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី ប្រទេសថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ដើម្បីឈានទៅបញ្ចប់ជម្លោះព្រំដែនជាមួយគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសន្តិភាពនេះមានតម្លៃខ្ពស់បំផុត ដែលមិនមែនសម្រាប់ប្រជាពលរដ្ឋខ្មែរទំាងកម្ពុជានិងថៃ ប៉ុណ្ណោះទេតែសម្រាប់តំបន់និងសកលលោកទំាងមូល។នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរណាស់ហើយ គឺចាប់តាំងពីឆ្នាំ១៩៥៦ មក។ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាមកកាន់ប្រទេសហុងគ្រីនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងជំរុញកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ រឹងមាំបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល។ ទំនាក់ទំនាក់ប្រទេសទំាងពីរមានលក្ខណៈប្រវត្តិសាស្រ្តដោយផ្អែកលើការជឿជាក់ ការគោរព និងការផ្តល់តម្លៃគ្នាទៅវិញទៅមក នឹងឈានដល់ខួប៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ សម្តេចរដ្ឋសភាធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរកត់សម្គាល់របស់ប្រទេសហុងគ្រី ក្នុងរយៈពេលចុងក្រោយនេះ បានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រីឱ្យមានជីវភាពធូរធារ និងស៊ីវិល័យ។ ឯកឧត្តម អ៊ីស្តវ៉ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចរដ្ឋសភាធិបតី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី។ ឯកឧត្តមបានជម្រាបជូនសម្តេចនិងគណៈប្រតិភូពីសក្តានុពលសំខាន់ៗរបស់ប្រទេសហុងគ្រី ក្នុងនោះមានវិស័យ កសិកម្ម ឧស្សាហកម្ម និងធនធានទឹកជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ថាហុងគ្រីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម និងឧស្សហកម្មអាហារ។ បច្ចុប្បន្ននេះក្នុងចំណោមនិស្សិតកម្ពុជាដែលកំពុងសិក្សានៅហុងគ្រី មានមួយចំនួនតិចតួចបំផុត បានកំពុងសិក្សាវិស័យកសិកម្មនេះ ដែរ។ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយមនិងការជឿជាក់យ៉ាងមុតមាំថាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមកជាបន្តបន្ទាប់ទំាងក្នុងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើប្រទេសហុងគ្រី បង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា បានមកសិក្សានៅក្នុងប្រទេសហុងគ្រី។ ធនធានមនុស្សជាកត្តាសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅរដ្ឋសភាកម្ពុជាវិញ មានការយកចិត្តទុកជាខ្លំាងលើការងារជ្រាវស្រាវ។ រដ្ឋសភាមានគម្រោងបង្កើតអង្គភាពស្រាវជ្រាវមួយ ដើម្បីសិក្សាស្រាជ្រាវ លើវិស័យនានា សម្រាប់ជួយដល់ការងាររបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី កាលពីទសវត្សរ៍ឆ្នាំ១៩៨០ មួយចំនួនបានកំពុងកាន់តួនាទីសំខាន់ៗ ក្នុងរាជរដ្ឋាភិបាល។ ចំណែកសម្តេចផ្ទាល់ ដែលជាអតីតនិស្សិតបានសិក្សានៅក្នុងហុងគ្រីដែរនោះ ជាប្រធានរដ្ឋសភា។ លទ្ធផលដ៏ល្អសម្រាប់អតីតនិស្សិតកម្ពុជា ដែលបានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ នៅកម្ពុជានេះ គឺមោទនភាពមួយរបស់ប្រទេសហុងគ្រី ផងដែរ៕

ស.ស.យ.ក. នាំយកពានរង្វាន់អាស៊ានមកដល់ប្រទេសកម្ពុជាដោយមោទនភាព

2025/10/27 11:49:02 am        286
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ព្រមទាំងគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តដោយនាំយកនូវពានរង្វាន់អាស៊ាន មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោប្រកបដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាននាំយកពានរង្វាន់ដ៏មានអត្ថន័យនេះ មកជូនក្រុមគ្រួសារស.ស.យ.ក. រួមទាំងប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវ បានគូសបញ្ជាក់ថា ពានរង្វាន់ដែល ស.ស.យ.ក. ទទួលបាននេះ មិនមែនសម្រាប់សម្រាប់អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមោទនភាពមួយសម្រាប់សមាជិក សមាជិកាគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ស្មគ្រ័ចិត្តចូលរួមជាមួយ ស.ស.យ.ក. រហូតសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក។ គួរបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើ តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាននិងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជនតាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/06/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
06/06/2026 02:06 PM
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
06/06/2026 02:06 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ៣៧០នាក់ ជាចំនួនសរុបទាំងសងខាង
06/06/2026 01:06 PM
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក
06/06/2026 01:06 PM
សម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
06/06/2026 01:06 PM