ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
សមាគម ព.អ.ត.ក ចេញប្រកាសព័ត៌មាន បន្ទាប់ពីការផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធត្បូងទទឹម និងត្បូងកណ្ដៀងកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចុះពិនិត្យទីតាំងក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធភាពរៀបចំជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារក្នុងស្រុក

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាស្តីទី អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន៥៥នាក់សម្ដែងការគួរសម និងទទួលអនុសាសន៍

2025/10/27 11:38:15 am        454
និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន ៥៥នាក់ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានទទួលការអនុញ្ញាពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចូលជួបសម្ដែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី។លោកស្រី វន ឆយសុនាថ ជ័យលាភីថ្នាក់បណ្ឌិត ជាតំណាងក្រុមនិស្សិតជ័យលាភី បានជម្រាបជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតជ័យលាភីអាហារូបករណ៍អូស្ត្រាលីកម្ពុជា មានសរុបចំនួន ៥៥រូប ក្នុងនោះមានស្រី ២៩ រូប (មកពីស្ថាប័នរដ្ឋចំនួន ២០រូប មកពីស្ថាប័នឯកជនចំនួន ១៣រូប និងមកពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២២រូប) ដែលនឹងបន្តការសិក្សាលើជំនាញផ្សេងៗ ដូចជា៖ កសិធុរកិច្ច ការគ្រប់គ្រងធនធានព្រៃឈើដោយប្រើប្រាស់បច្ចេកវិទ្យាបកស្រាយរូបភាពផ្កាយរណប គោលនយោបាយសាធារណៈ នវានុវត្តន៍ខ្សែផ្គត់ផ្គង់ វិភាគទិន្នន័យ បរិស្ថាន ច្បាប់ អប់រំ និងយេនឌ័រជាដើម។តំណាងក្រុមនិស្សិតជ័យលាភី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ គាំទ្រនូវការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាំងចិត្តថា នឹងខិតខំក្រេបជញ្ជក់ចំណេះដឹង ជំនាញថ្មីៗ ទស្សនទានគន្លឹះ និងរក្សាអត្តសញ្ញាណជាតិ ដ៏ផូរផង់ ជាពិសេស រក្សាទំនាក់ទំនង និងបង្កើនមិត្តភាពល្អយូរអង្វែងបន្ថែមទៀតជាមួយប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូននិស្សិតជ័យលាភីទាំងអស់ និងបានបង្ហាញនូវមោទនភាពចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រ្តាលី ដែលជាអាហារូបករណ៍មួយ ដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មានសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍន៍សង្គមជាតិនាពេលអនាគត។  ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានយកឱកាសនេះ ថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានមានប្រសាសន៍ជម្រាបជូននិស្សិតទាំងអស់អំពីរដ្ឋសភា នីតិកាលទី៧នេះ ដែលដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា ដែលជាស្រ្តីដំបូងគេ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនដល់និស្សិតទាំងអស់បានយល់ដឹងយ៉ាងលម្អិតអំពីតួនាទីភារកិច្ចស្នូលទាំងបីរបស់រដ្ឋសភា រួមទាំងការងារពង្រឹងវិស័យការទូតសភាផងដែរ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្តីទី បានចែករំលែកបទពិសោធន៍ ក៍ដូចជាសំណូមពរមួយជូននិស្សិតជ័យលាភីទាំងអស់ សម្រាប់បានជាពុទ្ឋិក្នុងការត្រិះរិះពិចារណា ក្នុងនោះរួមមាន៖១.ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រតាមរយៈការចូលរួមចំណែកទាំងក្នុងការពិភាក្សាក្រុម នៅក្នុងថ្នាក់។២.ត្រូវរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ទាំងជាមួយនិស្សិត និងបណ្តាញការងារដែលមានស្រាប់ទាំងនៅក្នុងប្រទេស និងនៅអូស្ត្រាលី ដូចជាស្ថានទូតកម្ពុជាជាដើម ។៣.ត្រូវគិតគូរពីការថែទាំសុខភាពឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ។៤.ត្រូវបន្តផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាយើង ឱ្យបានច្រើន រួមមានការបន្តការពារថែរក្សាសន្តិភាព ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះទៀត ជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់យើង និងទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេស ឱ្យមកលេងប្រទេសកម្ពុជាយើងឱ្យបានកាន់តែច្រើនឡើងៗ។ ៥.ត្រូវប្រើពេលវេលាដែលមាននៅក្នុងប្រទេសអូស្ត្រាលីឱ្យអស់លទ្ឋភាព តាមរយៈការធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រដ្ឋផ្សេងៗ ក្នុងគោលបំណងសិក្សាស្វែងយល់ពីជីវភាពរស់នៅ វប្បធម៌ ប្រពៃណី របស់ប្រជាជនអូស្ត្រាលី ដែលទាំងនេះនឹងក្លាយជាបទពិសោធន៍ជីវិតមួយ (Life experience) ដ៏មានតម្លៃបំផុតសម្រាប់និស្សិតទាំងអស់៕

ស្រ្ដីទី១កម្ពុជា និងភរិយាប្រមុខរដ្ឋនានា អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara និងពិព័រណ៍ Kebaya Exhibition

2025/10/27 11:26:17 am        472
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា ក៏​ដូច​លោក​ជំទាវ​ភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេស​ដៃ​គូស​ន្ទនា​របស់​អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និង​ទស្សនា​ការ​តាំង​ពិព័រណ៍ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត និងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អាស៊ាន និងដៃគូសន្ទនា អាស៊ាន ត្រូវបានធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​លោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Sri Hajah Nancy Shukri រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ព្រម​ទាំង​លោក​ជំទាវភ​រិយាថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ជាច្រើនរូប។សូមបញ្ជាក់ថា Seri Negara(សេរីណេហ្គារ៉ា)សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែល​ជា​អគារ​វិមាន​អាណា​និគមប្រ​វត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយ​នៃ​សួន​រុក្ខ​សាស្ត្រ Perdana។ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការរបស់ឧត្តមស្នងការអង់គ្លេស និងជាផ្ទះសំណាក់ ឥឡូវនេះ ក្លាយជាសណ្ឋាគារប្រណីត និងជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលត្រូវបានគេស្គាល់ដោយសារស្ថាបត្យកម្មរចនាបថ Tudor របស់វា ដើរតួនាទីក្នុងចលនាឯករាជ្យ និងប្រើប្រាស់ជាទីតាំងថតរឿង Crazy Rich Asians។ សារៈសំខាន់ខាងប្រវត្តិសាស្ត្រ​លំនៅដ្ឋានផ្លូវការ៖ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការ និងជាផ្ទះសំណាក់សម្រាប់ឧត្តមស្នងការអង់គ្លេសប្រចាំប្រទេសម៉ាឡាយ៉ា។ចលនាឯករាជ្យ៖ បានដើរតួនាទីយ៉ាងសំខាន់ក្នុងឯករាជ្យភាពរបស់ប្រទេសម៉ាឡេស៊ី ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសត្រូវបានព្រាងនៅទីនោះ ហើយកិច្ចព្រមព្រៀងសហព័ន្ធម៉ាឡាយ៉ាត្រូវបានចុះហត្ថលេខានៅទីនោះក្នុងឆ្នាំ 1957។តំបន់បេតិកភណ្ឌជាតិ៖ វិមានទាំងពីរគឺ Carcosa និង Seri Negara ត្រូវបានប្រកាសជាតំបន់បេតិកភណ្ឌជាតិ។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់ស្ថាបត្យកម្ម៖ មានស្ថាបត្យកម្ម Tudor Revival ដ៏ប្លែក។ទីតាំង៖ ស្ថិតនៅលើភ្នំពីរជាប់គ្នានៅក្នុងសួនរុក្ខសាស្ត្រ Perdana។ទីតាំងថត៖ ទទួលបានកិត្តិនាមអន្តរជាតិជាទីតាំងថតសម្រាប់ខ្សែភាពយន្ត Crazy Rich Asians។ ស្ថានភាពបច្ចុប្បន្ន និងភាពងាយស្រួលសណ្ឋាគារប្រណីត៖ ដំណើរការជាសណ្ឋាគារផ្កាយ ៥ ជាមួយនឹងបន្ទប់ប្រណីត និងសេវាកម្មអ្នកបម្រើផ្ទាល់ខ្លួន។ការទទួលទានអាហារ៖ ផ្តល់ជូននូវជម្រើសទទួលទានអាហារជាច្រើនប្រភេទ រួមទាំងតែរសៀលបែបអង់គ្លេសដ៏ល្បីល្បាញនៅ The Drawing Room។ ព្រឹត្តិការណ៍៖ ប្រើប្រាស់សម្រាប់កម្មវិធីសាជីវកម្ម ព្រឹត្តិការណ៍ និងពិធីមង្គលការ។ការជួសជុលជាបន្តបន្ទាប់៖ កំពុងស្ថិតក្នុងការជួសជុលឡើងវិញ ជាមួយនឹងផែនការដើម្បីជួសជុលវាឡើងវិញទាំងស្រុងសម្រាប់គំនិតផ្តួចផ្តើមទេសចរណ៍ដូចជា Visit Malaysia 2026។នៅក្នុងនៃការអញ្ជើញទស្សនា មជ្ឈមណ្ឌលវប្បធម៌ និងទីតាំងពិព័រណ៌របស់ម៉ាឡេស៊ី លោកជំទាវបណ្ឌិត ក៏ដូចលោកជំទាវភរិយាមេដឹកនាំអាស៊ាន បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលបានរៀបចំឱ្យមានកម្មវិធីទស្សនកិច្ចមជ្ឈមណ្ឌលជាប្រវត្តិសាស្រ្ត ក្នុងប្រទេសម៉ាឡេស៊ី ពិសេសបានស្គាល់ និងយល់ដឹងពីវប្បធម៌ប្រពៃណីរបស់ប្រទេសម៉ាឡេស៊ី ពីអតីតកាល និងរហូតមកដល់សម័យទំនើបយើងនេះ៕

កម្ពុជាចែករំលែកពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដល់ធុរកិច្ច និងវិនិយោគអាស៊ាន

2025/10/27 11:19:42 am        198
កម្ពុជាចែករំលែកពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសដំណើររៀបចំប្រព័ន្ធទូទាត់បាគង និងបទពិសោធជោគជ័យ នៃប្រតិបត្តិការប្រព័ន្ធបាគង ដែលជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅក្នុងពិភាក្សានៃកិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ (ABIS)។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូល ធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២៥ (ABIS) ក្រោមប្រធានបទ “បង្កើនអំណាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងតំបន់អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ វេទិកានេះមានការចូលរួមពីវាគ្មិនជំនាញ នៃថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗលំដាប់ពិភពលោក ដូចជា Google និង TikTok ជាដើម ដោយកិច្ចពិភាក្សានេះបានផ្តោតលើដំណោះស្រាយចំពោះឧបសគ្គរបស់ MSMEs ក្នុងសេដ្ឋកិច្ច ឌីជីថល កិច្ចសហប្រតិបត្តិការតំបន់ និងតួនាទីរបស់ស្ថាប័នហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក្នុងការបង្កើនអំណាចដល់ MSMEs ក្នុងតំបន់ អាស៊ាន ដើម្បីជំរុញការរីកចម្រើនក្នុងសេដ្ឋកិច្ចឌីជីថល។ នាឱកាសនោះ, លោកជំទាវបណ្ឌិត បានលើកឡើងពីវឌ្ឍនភាពប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសដំណើររៀបចំ ប្រព័ន្ធទូទាត់បាគង និងបទពិសោធន៍ជោគជ័យដែលប្រតិបត្តិការប្រព័ន្ធបាគង បានជំរុញការរីកចម្រើនរបស់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។ លោកជំទាវក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់ ដើម្បីឱ្យសហគ្រាសអាចធ្វើ ពាណិជ្ជកម្មយ៉ាងទូលំទូលាយ សំដៅកាត់បន្ថយគម្លាតឌីជីថលក្នុងតំបន់ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាវេទិកាថ្នាក់តំបន់ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំអមកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានវត្តមានចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន ដែលមកពីទូទាំង តំបន់អាស៊ាន និងប្រទេសជាដៃគូនានាជុំវិញពិភពលោក៕អត្ថបទ៖ សុន រ៉ាឌី,

ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារ

2025/10/27 11:14:39 am        343
ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការ លើការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ​របស់​ក្រុមហ៊ុន Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា លើខ្សែច្រវាក់ផលិតកម្ម ផលិត​ផល​ចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការ ទីផ្សារ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេចមហា- បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងជំនួប សម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ ក្រុមហ៊ុន Farm Fresh Berhad ដឹកនាំដោយលោក Loi Tuan Ee សហ​ស្ថាបនិក, នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន។បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុង​ពិធី​ផ្លាស់​ប្តូរ​ចុះ​អនុស្សរណៈ លើការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាង​ដោយ​អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន ជាមួយនឹង ក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី តំណាងដោយ លោក Loi Tuan Ee។ អនុស្សរណៈលើការយោគយល់គ្នាបានផ្លាស់ប្តូរនាឱកាសនេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង ​ដើម្បីបង្កើតកិច្ចសហការ ក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការ​វិនិយោគ​របស់​ក្រុម​ហ៊ុន ​Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធ នឹងខ្សែ​ចង្វាក់​ផលិត​កម្ម​ផលិត​ផល​ចេញ​ពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

2025/10/27 11:12:39 am        269
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀត ថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២. វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣. ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។ ៤. បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និងគុណភាពខ្ពស់ ៥. ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភព នៅកម្ពុជា នាពេលខាងមុខដ៏ខ្លី៕

កិច្ចព្រមព្រៀងពាណិជ្ជកម្ម កម្ពុជា-អាមេរិក នឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកមិនធ្លាប់មានពីមុនមក

2025/10/27 10:10:33 am        785
ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញរវាងប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក។  នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការ ប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ តាមសេចក្ដីថ្លែអការណ៍រួមនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិកនេះ នឹងកសាងលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក-កម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ ។លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖- កម្ពុជាប្តេជ្ញាលុបបំបាត់ពន្ធគយលើទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក ១០០ ភាគរយដែលនាំចេញមកកម្ពុជា ដោយកម្ពុជាបានអនុវត្តការប្តេជ្ញាចិត្តនេះរួចហើយ។- ការសង្កត់ធ្ងន់លើតម្លៃរួមរបស់ប្រទេសទាំងពីរ រួមទាំងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរចំពោះអធិបតេយ្យភាព វិបុលភាពសេដ្ឋកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់។ - ការទទួលស្គាល់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរវាងរដ្ឋាភិបាលទាំងពីរ។ - មានបំណងបង្កើនភាពទៅវិញទៅមកក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ ដោយដោះស្រាយរបាំងពន្ធគយ និងមិនមែនពន្ធ។- ស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មតរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការរៀបចំលើបញ្ហាសន្តិសុខសេដ្ឋកិច្ចជាតិ និងតំបន់។ - និងការទទួលស្គាល់ស្ថានភាពអភិវឌ្ឍន៍របស់កម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។សូមបញ្ជាក់ថា ការសម្រេចលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការនេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៊ីដោយបានចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងចុះហត្ថលេខា កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពរ ដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន

2025/10/27 09:49:27 am        54
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន។ របៀបវារៈទាំងនោះរួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការពិសេស លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។២-ផ្សេងៗ៕

កម្ពុជា-កូរ៉េប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ពិសេសប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

2025/10/27 09:08:41 am        327
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយនៅ ក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនិងឧក្រិដ្ឋកម្មឆ្លងដែន ពិសេស នោះគឺគឺប្រយុទ្ធឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ក្នុងជំនួបនោះ សម្តេចហ៊ុន ម៉ាណែត និងឯកឧត្តម ប្រធានធិបតីកូរ៉េខាងត្បូង បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ។សម្តេចបវរធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ក្នុងពេលជាមួយគ្នា, កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនា នាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។សម្តេចបវរធិបតី និងប្រធានធិបតីកូរ៉េខាងត្បូង ក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ៕

បណ្តាប្រទេសនានា ប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួររវាងកម្ពុជា និងថៃ

2025/10/27 08:56:22 am        244
បណ្តាប្រទេសមួយចំនួន បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដោយពួកគេបានចាត់ទុកថា សេចក្តីថ្លែងការណ៍រួមនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សន្តិភាព ហើយបណ្តាប្រទេសទាំងនោះ ក៏បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍នេះឱ្យបានពេញលេញផងដែរ។ឯកឧត្តម Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុនសូមស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ក្រោមវត្តមានរបស់ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។ប្រមុខការទូតជប៉ុនបានលើកឡើងថា «កិច្ចព្រមព្រៀងនេះគឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ»។ឯកឧត្តម Motegi Toshimitsu បានបញ្ជាក់ថា ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។ ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សា និងពង្រឹងសន្តិភាពរយៈពេលមធ្យមនិងវែង។ដោយឡែកឯកឧត្តម ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់ ហើយប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»។ទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកស្រី កាយ៉ា កាឡាស (Kaja Kallas) អនុប្រធាននៃគណៈកម្មការអឺរ៉ុប ក៏បានប្រកាស ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដែរ ដោយលោកស្រីបានមានប្រសាសន៍ថា«កិច្ចព្រមព្រៀងដែលប្រព្រឹត្តឡើងរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាព»។ជាមួយគ្នានោះដែរ លោកស្រី កាយ៉ា កាឡា ក៏បានកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។ លោកស្រីបានប្រកាសទៀតថា សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអនុវត្តន៍នេះ ដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែនផងដែរ។ក្រោយមានសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះដែរ លោកជំទាវ Yvette Cooper MP រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ ប្រមុខការទូតអង់គ្លេសបានបញ្ជាក់ថា«ការអនុវត្តនៃកិច្ចព្រមព្រៀងនេះនឹងមានសារៈសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់។ខ្ញុំសូមកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar ក្នុងនាមជាប្រធានអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Trump ក្នុងការសម្រេចបាននូវជំហាននេះ។«សន្តិភាពតាមរយៈភាពជាដៃគូ ASEAN»៕អត្ថបទបាន ចក់

រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានចាត់ទុកសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួររវាងកម្ពុជា និងថៃជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់

2025/10/27 07:58:43 am        186
លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះសេចក្តីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរ រវាង រាជរដ្ឋាភិបាលកម្ពុជា និងបារាំង ដោយលោកចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ គឺជាដំណាក់កាលដ៏សំខាន់មួយសម្រាប់ស្ថិរភាពក្នុងតំបន់។តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សង់-ណូអែល បារ៉ូ រដ្ឋមន្រ្តីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានលើកឡើងថា«ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពក្រុងគូឡាឡាំពួររវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានការចូលរួមពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក គឺជាដំណាក់កាលសំខាន់សម្រាប់ស្ថិរភាពតំបន់៖ ប្រទេសបារាំងអំពាវនាវឱ្យភាគីអនុវត្តនូវសេចក្តីថ្លែងការណ៍រួមនេះឱ្យបានពេញលេញ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM