កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

កម្ពុជាចាត់ទុកកំណើនបៃតងជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្ម និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច

2025/10/31 10:51:59 am        414
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើន សេដ្ឋកិច្ច និងការបង្វែរពីការប្តេជ្ញាចិត្តដែលមាន គោលនយោបាយ និងយុទ្ធសាស្រ្ត ទៅជាការអនុវត្តជាក់ស្តែង ដោយសម្រេចបានលទ្ធផល គួរឱ្យកត់សម្គាល់។ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍ បៃតងនិងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការកសាងអនាគតប្រកបដោយចីរភាព និងបានលើក ថា កំណើនសេដ្ឋកិច្ចបែបប្រពៃណី បានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយ រងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតងរួមមាន យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន ដើម្បីឈាន ទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជាតិបៃតង ២០២១-២០៣៥, យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣។ ជារួម, រាជរដ្ឋាភិបាលកម្ពុជាចាត់ទុក កំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច។ជាក់ស្តែងកម្ពុជាបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការ គ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាព ថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគ ថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបជាដើម។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, បានផ្តល់នូវអនុសាសន៍ជាច្រើនចំណុច រួមមាន៖ សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទាន អាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍ, រៀបចំផែនការដែលមានលក្ខណៈ បុរេសកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, កាត់បន្ថយអត្រាការប្រាក់ ហិរញ្ញប្បទាន, ជំរុញការផ្ទេរបច្ចេកវិទ្យា, ជៀសវាង green protectionism, វិនិយោគលើការកសាងសមត្ថភាព, ដឹកនាំដោយគំរូដោយ ប្រទេសបំភាយឧស្ម័នធំៗ ត្រូវចាត់វិធានការខ្លាំងក្លាជាងមុន ដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និងជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន រវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និង ការច្នៃប្រឌិត៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចព្រះមហាក្សត្រី ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់កម្ពុជានៅព្រះបរមរាជវាំង

2025/10/31 10:43:17 am        276
ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបួងសួងសូមចម្រើនសេចក្តីសុខ និងភាពសម្បូរសប្បាយដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខព្រះមហាចេតិយ ព្រះករុណាព្រះបរមរតនកោដ្ឋ ក្នុងបរិវេណព្រះឧបោសថរតនារាមព្រះវិហារព្រះកែវមរកត។ព្រះរាជពិធីនេះ ក៏មានការយាង/អញ្ជើញចូលរួមពីសម្តេចថ្នាក់ដឹកនាំ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ញាតិវង្ស និងសម្តេច ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង

2025/10/31 09:49:11 am        213
នៅព្រឹកថ្ងៃសុក្រ ១០កើតខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងបានផ្តល់នូវការប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរថ្លៃថ្លា មហាប្រសើរ ដល់ទឹកដីព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ព្រះបារមីនៃ ព្រះករុណាអម្ចាស់ជីវិតលើត្បូង ដែលនឹងផ្ដល់នូវសេចក្តីសុខចម្រើន ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គជារៀងដរាបតរៀងទៅ៕

សម្តេចប្រធានរដ្ឋសភាស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា លើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងអ្នកវិនិយោគបារំាងទៅកម្ពុជាបន្ថែមទៀត

2025/10/31 09:33:37 am        328
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅក្នុងនិវេសនដ្ឋានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។សម្តេចប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ថូម៉ាស់ ឡាំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចនៅក្នុងឱកាសនេះ។ សម្តេចបានគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារំាង មានការរីកចម្រើនគួរកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃថ្នាក់ដឹកនាំប្រទេសទំាងពីរ។ ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយអតីត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតកោដ្ឋ និងបានបន្តថែរក្សាលើកកម្ពស់ជាលំដាប់ដោយសម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្នុងឆ្នាំ២០២៦ របស់ឯកឧត្ដមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទំាងពីរកាន់រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានស្នើឯកឧត្តម ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀតដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្តេចបន្តថា យុវជនកម្ពុជាបច្ចុប្បន្នបានងាកមកសិក្សាភាសាបារំាងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា នៅតែមានការកំាទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ដូច្នេះអ្នកវិនិយោគបារំាងគួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខណ្ឌអាស៊ាននិង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់។ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានបញ្ជាក់ថាឯកឧត្ដមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារំាង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។ ឯកឧត្តមបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យនៅក្នុងការរៀបចំកិច្ចប្រជុំនោះ។ ឯកឧត្តម ថូម៉ាស់ ឡាំ បានជម្រាបសម្តេចថា ក្នុងបេសកកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅឆ្នាំ២០២៦ខាងមុខនេះ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ គម្រោងនេះទទួលបានការគំាទ្រ និងស្វាគមន៍យ៉ាងពេញទំហឹងពីសំណាក់សម្តេចប្រធានរដ្ឋសភា។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្ដម ថូម៉ាស់ ឡាំ បានពិភាក្សាគ្នាពីសន្តិភាព។ សម្តេចលើកឡើងថា កម្ពុជាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលានេះ អនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាសុខសន្តិភាពបានជាយូរអង្វែងតទៅ។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្តិភាពបារីសលើកទី៨ ដែលប្រទេសបារំាងបានរៀបចំឡើងគឺជាឱកាស សម្រាប់ការពិភាក្សា និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហានានាដែលពលរដ្ឋកំពុងប្រឈម៕

ក្រុមការងារអន្តោប្រវេសន៍ក្រុមប្រតិបត្តិការទី៤នឹងបន្តសហការជាមួយក្រុមប្រតិបត្តិការខេត្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសនៅមូលដ្ឋាន

2025/10/30 09:40:08 pm        181
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤) និងសមាជិកក្រុមប្រតិបត្តិការទី៤ ខេត្តកំពត បានចូលជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងនគរបាលខេត្ត នាយការិយាល័យទាំង២ នៃស្នងការដ្ឋាននគរបាលខេត្ត និងក្រុមប្រតិបត្តិការខេត្ត សរុបចំនួន ៤០នាក់។ឆ្លៀតក្នុងឱកាសនៃការជួបសម្តែងការគួរសមនេះ ឯកឧត្តម អគ្គនាយករង និងជាប្រធានក្រុមប្រតិបត្តិការទី៤ បានគោរពរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ នៅខេត្តកំពត គិតចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ និងអំពីនិយាមប្រតិបត្តិលេខ ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណ:បញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ និងបានគោរពស្នើសុំគោលការណ៍អនុញ្ញាតិដល់ក្រុមប្រតិបត្តិការទី៤ បន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ដើម្បីចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្តផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស»

2025/10/30 09:35:27 pm        154
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស» និងប្រធានបទរួម «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលរៀបចំឡើងដោយគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម និងចូលរួមរៀបចំដោយ Economic Society Of Cambodia, KSI Strategic Institute For Asia Pacific , World Green Organization, Asean Economic Club, World Digital Chamber, និង Asean Business Club។កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ មានគោលបំណងជាយុទ្ធសាស្ត្រក្នុងការបង្កើនល្បឿនកំណែទម្រង់បៃតង នៅកម្រិតជាតិ តំបន់ និងសកល តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងការសហការគ្នារវាងថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ អ្នកវិទ្យាសាស្ត្រ វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ ដោយផ្តោតលើការប្រែក្លាយបញ្ហាបរិស្ថានទៅជាឱកាសសេដ្ឋកិច្ច ដោយជំរុញកំណើនបៃតង ពាណិជ្ជកម្មនិរន្តរ៍ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ពោលឆ្ពោះទៅការសម្រេចចក្ខុវិស័យរួម គឺពិភពលោកមួយដែលកាន់តែមានលក្ខណៈបៃតង និងមានភាពភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ជារួម កម្មវិធីនេះពុំមែនគ្រាន់តែជាសន្នីសីទប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយដ៏សំខាន់ក្នុងការពន្លឿនការធ្វើបដិវត្តកម្មបៃតងទាំងកម្រិតថ្នាក់ជាតិ តំបន់ និងសកលផងដែរ ជាពិសេស ក្នុងបរិការណ៍ដែលពិភពលោកបាន និងកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិ ការសឹករិចរិលបរិស្ថាន និង ការបាត់បង់ជីវចម្រុះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់កម្ពុជាក្នុងការកសាងអនាគតប្រកបដោយចីរភាព ក្រោមម្លប់នៃសន្តិភាពនិងស្ថិរភាពដែលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបានបន្តឥតងាករេក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា កំណើនសេដ្ឋកិច្ចបែបប្រពៃណីបានបង្កជាការប៉ះពាល់បរិស្ថាន ដែលកំពុងគំរាមកំហែងស្ថិរភាពសកល ហើយកម្ពុជាជាប្រទេសងាយរងគ្រោះបំផុតមួយនៅអាស៊ាន ប្រឈមនឹងទឹកជំនន់ គ្រោះរាំងស្ងួត និងការបាត់បង់ជីវៈចម្រុះ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើកំណើនបៃតង រួមមានយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន (LTS4CN) ដើម្បីឈានទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០, ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ ជាតិបៃតង (២០២១-២០៣៥), យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន(២០២៣-២០២៨) និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (២០២៤-២០៣៣)។ ជារួម រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកកំណើនបៃតង គឺជាយុទ្ធសាស្រ្តនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ច (new engine of growth)។ ទន្ទឹមនេះ កម្ពុជាក៏បានបង្វែរពីការប្តេជ្ញាចិត្ត គោលនយោបាយ និងយុទ្ធសាស្រ្តទៅជា ការអនុវត្តជាក់ស្តែង ដោយសម្រេចបាននូវលទ្ធផលមួយចំនួនគួរឱ្យកត់សម្គាល់ផងដែរ។ ជាក់ស្តែង កម្ពុជាបានបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅខេត្តកោះកុង ដែលបានដាក់បញ្ចូលនូវថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ និងគោលការណ៍ចក្រា (circular principles) និងការបង្កើតនូវព្រលានយន្តហោះអន្តរជាតិសម្តេចតេជោ ដែលបំពាក់នូវប្រព័ន្ធប្រសិទ្ធភាពថាមពល ស្ថាបត្យកម្មសំណង់ដែលមានលក្ខណៈភាតរៈបរិស្ថាន និងការគ្រប់គ្រងកាកសំណល់បែបទំនើប ព្រមទាំងការជំរុញការវិនិយោគថាមពលកកើតឡើងវិញ ដែលធ្វើឱ្យថាមពលនេះមានចំណែករហូតដល់ ៦២% នៅក្នុងការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុប ជាដើម។ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទៅជាការអនុវត្តដែលមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តល់នូវអនុសាសន៍ ៨ចំណុច រួមមាន៖ ១. សម្រួលនីតិវិធីនៃការទទួលបានហិរញ្ញប្បទានអាកាសធាតុ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ, ២.រៀបចំផែនការដែលមានលក្ខណៈបុរេសកម្មដើម្បីឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុ សម្រាប់អន្តរកាលថាមពល និងការកាត់បន្ថយការបំភាយឧស្ម័ន, ៣. កាត់បន្ថយអត្រាការប្រាក់ហិរញ្ញប្បទាន, ៤. ជំរុញការផ្ទេរបច្ចេកវិទ្យា, ៥. ជៀសវាង green protectionism, ៦.វិនិយោគលើការកសាងសមត្ថភាព, ៧. ដឹកនាំដោយគំរូ ដោយប្រទេសបំភាយឧស្ម័នធំៗត្រូវចាត់វិធានការខ្លាំងក្លាជាងមុនដោយមិនដាក់ទោសលើប្រទេសកំពុងអភិវឌ្ឍ, និង ៨. ជំរុញឱ្យមានសាមគ្គីភាព តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរវាងរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នស្រាវជ្រាវដើម្បីចែករំលែកការអនុវត្តល្អបំផុត និងការច្នៃប្រឌិត។ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងថា គ្មានប្រទេសណាមួយអាចសម្រេចបាននូវចីរភាពតែឯងនោះទេ។ កំណើនបៃតងមិនមែនជា Zero-Sum Game នោះទេ តែវាគឺជាមាគ៌ាឆ្ពោះទៅរកវិបុលភាពរួម សន្តិភាព និងភាពធន់រយៈពេលវែង។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយដៃគូទាំងអស់នៅក្នុងអាស៊ាន ទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសកល ដើម្បីពន្លឿនអន្តរកាលបៃតង។

ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរទ្វេរដង

2025/10/30 09:07:18 pm        151
ឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ និងឯកឧត្តម Shahin Seyidzade សមាជិកសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានក្រុមមិត្តភាពសភាអាស៊ែបៃហ្សង់-កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមមិត្តភាពរដ្ឋសភាទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋសភាអាស៊ែបៃហ្សង់ ខណៈដែលឯកឧត្តម កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ អមដំណើរឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃការអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ «រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់រដ្ឋ ក្នុងពិភពលោកសហសម័យ» ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៥៕

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ រកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី»

2025/10/30 08:31:29 pm        277
ភ្នំពេញ ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងការតាំងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងបើកជូនសាធារណជនទស្សនារយៈពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង៩ព្រឹក ដល់ម៉ោង៤:៣០នាទីរសៀល ក្នុងសារមនី្ទរខ្លែងខ្មែរ។​លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ បំផុតចំពោះថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសូមអរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះគណៈកម្មការមេប្រយោគ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ដែលខិតខំប្រឹងប្រែងរៀបចំបើកពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» និងសូមថ្លែងអំណរគុណដល់អ្នកចូលរួម និងម្ចាស់ស្នាដៃរូបថត ក្មួយៗ យុវជន សិស្ស និស្សិត ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពិព័រណ៍នេះ មានរូបថតចូលរួមដាក់តាំងបង្ហាញ ពណ៌ធម្មជាតិ ច្បាស់ល្អ បង្កប់នូវរូបារម្មណ៍ និងអត្ថន័យដ៏ជ្រាលជ្រៅ ដែលបានជ្រើសរើសពីស្នាដៃយ៉ាងច្រើនសន្ធឹកសន្ធាប់របស់បេក្ខជន មកតាំងបង្ហាញដែលមានរូបភាព និងខ្លឹមសារទាក់ទងនឹងសិល្បៈទស្សនីយភាព សិល្បៈសូន្យរូប សិល្បៈសិប្បកម្ម វប្បធម៌ជនជាតិភាគតិច ជំនឿ សាសនា ពិធីបុណ្យប្រពៃណី និងកិច្ចប្រតិបតិ្តសង្គមផ្សេងៗ នៃសិល្បៈវប្បធម៌អរូបី តាមជំនាញ ទេពកោល្យ ទម្រង់ផ្សេងៗគ្នា ជូនទស្សនិកជន បានយល់ដឹង ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍ ដោយនិរន្តរភាព។លោកស្រី វ៉ា បុប្ផារី អគ្គនាយិការង តំណាងឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ បានថ្លែងថា ការជ្រើសរើសប្រធានបទ «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ក្នុងគោលបំណងផ្សព្វផ្សាយ លើកតម្កើងវប្បធម៌អរូបីដ៏ផូរផង់របស់ជាតិយើង និងលើកទឹកចិត្តដល់យុវជន ដែលនិយម និងចូលចិត្តសិល្បៈតាមបណ្តាញសង្គម ដោយងាកមកចាប់អារម្មណ៍ និងឲ្យតម្លៃទៅលើការផ្សព្វផ្សាយមរតកវប្បធម៌ជាតិ និងតាមរយៈការនាំយកស្នាដៃមកប្រកួតប្រជែង និងចូលរួមផ្សព្វផ្សាយក្នុងការតាំងពិព័រណ៍នាពេលនេះ ជាការបង្ហាញរូបភាពអំពីវប្បធម៌ដ៏សំបូរបែប ដល់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចាប់អារម្មណ៍ចំពោះកម្ពុជា ដែលបានផ្សព្វផ្សាយកន្លងមក។ ស្នាដៃរូបថតទាំងអស់ ដែលបេក្ខជនបានចូលរួមប្រកួតប្រជែងត្រូវបានគណៈកម្មការមេប្រយោគ ពិនិត្យវាយតម្លៃជ្រើសរើសចំនួន ៦០រូបថត ក្នុងចំណោមរូបថតជាច្រើនសន្លឹក យកមកតាំងបង្ហាញនាពេលនេះ។ គណៈកម្មការរៀបចំនឹងដាក់ឲ្យសាធារណជនជ្រើសរើសបន្តរករង្វាន់ជ័យលាភីប្រជាប្រិយ លេខ១ លេខ២ និងលេខ៣។ រូបថតទាំងនេះនឹងប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ គេហទំព័រក្រសួង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅចូលរួមតាំងពិព័រណ៍ថ្នាក់តំបន់ និងអន្តរជាតិក្រោយពីទទួលបានការយល់ព្រមពីម្ចាស់កម្មសិទ្ធ។ជាចុងក្រោយលោកស្រី បានបញ្ជាក់ថា តាមរយៈការប្រកួតប្រជែងស្នាដៃរូបថតនេះ សុំឲ្យអ្នកជំនាញរូបថតទាំងអស់ ដែលមានទេពកោសល្យក្នុងការថតរូប សូមមេត្តាបញ្ចេញសិល្បៈថតរូបពាក់ព័ន្ធនឹងសម្បតិ្តវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅមុខទៀត។សម្រាប់ជ័យលាភីពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី» ជ័យលាភីលេខ១ តូង លែន មកពីខេត្តមណ្ឌលគិរី(ជនជាតិដើមភាគតិចព្នង)។ ជ័យលាភីលេខ០២ ព្រះតេជគុណ កេង សុថឺង មកពីរាជធានីភ្នំពេញ (ព្រះសង្ឃ គង់នៅវត្តបទុមវតីរាជវរារាម) និងជ័យលាភីលេខ០៣ អាន រស្មី មកពីខេត្តកំពង់ធំ៕អត្ថបទ រដ្ឋា 

គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរដ៏ធំ នៅទីក្រុងស៊ូចូវ

2025/10/30 08:06:24 pm        148
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិដ៏ធំគឺ "ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤" និង "ពិធីបុណ្យកម្ពុជា" នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ និងតបតាមការអញ្ជើញរបស់មន្ទីរទេសចរណ៍ខេត្តជាំងស៊ូ, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍នៅសារមន្ទីរដ៏ធំ និងល្បីល្បាញ Suzhou Museum លើការរៀបចំបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ការគ្រប់គ្រងចំណូលចំណាយ និងការបង្កើតផលិតផលសេវាកម្មទេសចរណ៍ ការរៀបចំ Storytelling ក៏ដូចជាបទពិសោធរៀបចំព្រឹត្តការណ៍ថ្មី និងទាក់ទាញដើម្បីជំរុញទេសចរណ៍ទាក់ទាញភ្ញៀវទេសចរ៕

នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាបន្តកិច្ចសហប្រតិបត្តិការរៀបចំផែនការកាត់បន្ថយគ្រោះមហន្តរាយនៅកម្ពុជា

2025/10/30 07:29:00 pm        176
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា សន្យាជួយលើកិច្ចសហប្រតិបត្តិការរៀបចំផែនកាត់បន្ថយគ្រោះមហន្តរាយទាំងគ្រោះរាំងស្ងួត និងទឹកជំនន់។នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអនុញាតិឱ្យ លោកស្រី យ៉ុង ណានផាក នាយកអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា (WFP) ដើម្បីមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ជំនួបសម្តែងគួរសមនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អនុប្រធានទី២ (គ.ជ.គ.ម), ឯកឧត្តម អនុប្រធាន, ឯកឧត្តម ទីប្រឹក្សា (គ.ជ.គ.ម), ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ (គ.ជ.គ.ម) និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន (គ.ជ.គ.ម) និងសហការពី (WFP)។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមស្វាគមន៍ចំពោះវត្តមាននៃការចាប់ផ្តើមបេសកកម្មថ្មីរបស់លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើសកម្មភាពនៃផែនការដែលអនុវត្តកន្លងមករួមគ្នា។ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក និងសហការី ដែលតែងតែសហការជាមួយមន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការសិក្សាពីផែនការលើការងារគ្រោះមហន្តរាយដែលកម្ពុជាជួបប្រទះបញ្ហាប្រឈមជារៀងរាល់ឆ្នាំ។ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានផ្ដល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុលើដំណើរការការរៀបចំកសាង ផែនការនានាដែលរួមមាន ផែនការសកម្មភាពជាតិ សម្រាប់ការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយ ផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយ តបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ ប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា។ឯកឧត្តម បញ្ជាក់ទៀតថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានសហការគាំទ្រលើដំណើរការពង្រឹងសមត្ថភាពការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈការធ្វើលំហាត់ សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ តាមរាជធានីខេត្ត ដែលនេះជាសកម្មភាពដ៏សំខាន់រួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចសហប្រតិបត្តិការបន្តទៅមុខដែលត្រូវរួបរួមគ្នានោះ គឺការគាំទ្រពីអង្គការកម្មវិធីស្បៀងអាហារពិភពលោក លើផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, បណ្តុះបណ្តាលឡើងវិញដល់មន្ត្រីថ្នាក់ក្រោមជាតិលើការអនុវត្តប្រើប្រាស់ប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ នៅទូទាំង ២៥ រាជធានីខេត្ត និងរៀបចំលំហាត់សាកល្បងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយថ្នាក់ក្រោមជាតិ ដើម្បីធានាការអនុវត្ថការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយអនុឡោមតាមនីតិវិធីស្តង់ដាររបស់រាជធានី-ខេត្ត។ជាការឆ្លើយតប លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានគាំទ្រពេញទំហឹងចំពោះសកម្មភាពកន្លងមក ដែលធ្វើឱ្យការងារគ្រោះមហន្តរាយកាន់តែឆ្លើយតបទាន់សភាពការណ៍ដែលប្រែប្រួលឥតឈប់ឈរ។ លើសពីនេះ លោកស្រី នាយិកាអង្គការកម្មវិធីស្បៀងអាហារពិភពលោកថ្មីប្រចាំកម្ពុជា បានសន្យាថានឹងរួមចំណែកជួយដល់កម្ពុជាលើផែនការសកម្មភាពកាត់បន្ថយបញ្ហាគ្រោះមហន្តរាយ ទាំងរាំងស្ងួត និងទឹកជំ់នន់តាមបណ្តាខេត្ត នាពេលខាងមុខ។ បន្ថែមលើនេះ លោកស្រីនាយិកា បន្ថែមថា អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក៏បានពិនិត្យឃើញថាការប្រើប្រាស់បច្ចេកវិទ្យា គឺមានសារៈសំខាន់ដល់ផែនការសកម្មភាពពាក់ព័ន្ធនានា ក្នុងការការកាត់បន្ថយបញ្ហាគ្រោះមហន្តរាយដែលតែងកើតឡើងទាំងសកលលោក និងតំបន់៕ ដោយ ៖ ឧត្ដម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM