មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ​និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា​ចុះកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា

ព័ត៌មានជាតិ

ជនបរទេសជិតបួនពាន់នាក់ទៀតត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីខុសច្បាប់ជាច្រើនទៀត

2026/05/11 06:42:42 pm        154
ក្នុងរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជាបានធ្វើ ការបណ្តេញជនបរទេសជិតបួនពាន់នាក់ទៀតចេញពីកម្ពុជាដាច់ដោយឡែកពីគ្នា ដោយពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធ Online Scams ករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែនចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាជាដើម។យោងតាមឆាណែលតេលេក្រាមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបាន ចេញនៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឲ្យដឹងថានាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៣,៦៨៤នាក់​មកពី៣៥សញ្ជាតិ ដោយក្នុងនោះរួមមាន ជនជាតិប៊ូរុនឌី យ៉ូហ្គង់ដា មីយ៉ាន់ម៉ា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស កាមេរូន ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ជប៉ុន ចិនតៃវ៉ាន់ ណាមីប៊ី សេរ៉ាឡេអូន កេនយ៉ា នីហ្សេរីយ៉ា លីប៊េរីយ៉ា កូរ៉េ ម៉ាឡេស៊ី ប៊ូគីណាហ្វាសូ ម៉ាឡាវី ឥណ្ឌា តាជីគីស្ថាន អេត្យូពី ហ្គាណា ទួកគី តូហ្គោល រវ៉ាន់ដា អាហ្រ្វិកខាត្បូង ហ៊្សកហ្សី សិង្ហបុរី ស្រីលង្កា ស្វីស និងជនជាតិថៃជាដើម។អគ្គនាយដ្ឋានអន្តោប្រវេសន៍បានគូសបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងប្រទេសកម្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ តែម្តង៕

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ កោតសរសើរកងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ជួសជុលផ្លូវបានល្អជូនប្រជាពលរដ្ឋស្រុកជាំក្សាន្ត

2026/05/11 06:21:18 pm        37
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មអង្គរក្ស សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ នៅលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត ២០ គីឡូម៉ែត្រ នៅជិតព្រំដែនក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តបានល្អប្រសើរ ព្រោះផ្លូវមួយខ្សែនេះមានសារៈសំខាន់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងបម្រើដល់ ទេសចរណ៍ជាដើម។លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែងជិត២០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ដែលតត្ជាបពីឃុំកន្ទួត ទៅឃុំស្រអែម នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះថា តាមរយៈផ្លូវខាងលើនេះ, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ជូនអ្នកស្រុកជាំក្សាន្ត ជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា និងការតភ្ជាប់រវាងភូមិ-ឃុំផ្សេងៗទៀត តាមរយៈនៃផ្លូវនេះ ក៏ជួយសម្រួលការធ្វើដំណើរ ការរកស៊ីទទួលទានផ្សេងៗ និងបម្រើដល់វិស័យទេចរណ៍ជាដើម។ទាក់ទងសមិទ្ធផលខាងលើនេះ, លោកជំទាវអនុរដ្ឋលេខាធិការ បាន ថ្លែងនូវការសាទរចំពោះសមិទ្ធផលថ្មីនេះដែលកើតចេញពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ ជាក់ស្តែងផ្លូវ១ខ្សែនេះ ស្ថាបនាឡើងក្រោមគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ “កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០”។លោកជំទាវ បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវល្បាយគ្រួស ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅតាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅ ផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ពីមួយអាណត្តិ ទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងបានជាច្រើនខ្សែ ក្នុងចំណោមផ្លូវជនបទដែលមានប្រមាណជាង ៥ ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស កិច្ចខិតខំកសាង នូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាពនៃយុទ្ធសស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បី ជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ដែលបានកំណត់អាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យាឌីជីថល ៕អត្ថបទ៖ សុន រ៉ាឌី

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ

2026/05/11 03:57:51 pm        270
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន​ទទួល​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ​CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាល​ពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង​ The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មា​ន​ក្រុម​​ជន​សង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពបង្ខាំង និង​ជំរិត​ទារ​ប្រាក់​ពី​ខ្លួន​ ហើយបានលួចយកសម្ភារមានតម្លៃនៅក្នុងផ្ទះថែមទៀតផង។ ក្រោយ​ពី​ទទួលបានពាក្យបណ្តឹងខាងលើកើតឡើង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើ​ការ​ស្រាវជ្រាវតាមជំនាញរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៤៖៣០នាទី កម្លាំង​ជំនាញ​បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់។ ជន​សង្ស័យ​ទី១៖ ឈ្មោះ LIU PING ភេទប្រុស អាយុ៤៣ឆ្នាំ, ទី២៖ ឈ្មោះ XIAO ZAILIN ភេទ​ប្រុស​ អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ ZHANG SHIXIONG ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុច​បុរី​ប៉េង ​ហួត ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំ​ង៣​នាក់ខាងលើកំពុងសាកសួរនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕ 

ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់រង្វាន់ដ៏អស្ចារ្យជូនដល់អ្នកដំណើរ និងអ្នក​ទស្សនា​ព្រលាន​យន្តហោះ

2026/05/11 03:49:32 pm        142
កាលពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ដំណើរ និងអ្នកទៅទស្សនា​នៅ​ព្រលាន​យន្ត​ហោះ​ដោយ​ក្នុង​នោះ​មាន​រង្វាន់​ធំ​ៗ​ជា​ច្រើន ​ដូចជា រថយន្ត ទូរទស្សន៍ និងរង្វាន់ផ្សេងៗទៀត។ ពិធីនេះ បានប្រព្រឹត្ត​ទៅ​ក្រោម​វត្ត​មាន​របស់​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)​។តាមការឱ្យដឹងរបស់ លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ​សម្រាប់អ្នកដែលមកទស្សនា ឬអ្នកធ្វើដំណើរ ដែលចំណាយប្រាក់យ៉ាងតិច ៣០ដុល្លារ ក្នុង​បរិវេណ​អាកាស​យានដ្ឋានអន្តរជាតិតេជោ ទទួលបានឱកាសចាប់រង្វាន់មានរង្វាន់ធំ គឺឡាន ​ផ្ទះ​ល្វែង​ និងរង្វាន់ជាច្រើនទៀត។ លោកស្រីបន្តថា ការចំណាយចាប់ពី៣០ដុល្លារឡើងទៅ ហាង​នឹង​ផ្តល់​ជា​ក្រដាស​ដើម្បីចាប់រង្វាន់ ដែលតម្រូវបំពេញព័ត៌មានដូចជាឈ្មោះ អាសយដ្ឋាន និងលិខិត​ឆ្លង​ដែន ​ឬអត្តសញ្ញាណបណ្ណ។ លោកស្រី កាំង វួចសៀង បានបញ្ជាក់ថា ការចាប់រង្វាន់នេះ ធ្វើឡើងពីរលើក ដោយលើកទី១ គឺ​ធ្វើ​ឡើង​អំឡុង​ពេលចូលឆ្នាំខ្មែររួចមកហើយ ចំណែកការចាប់រង្វាន់លើកទី២ នឹងធ្វើឡើង​នៅ​ថ្ងៃ​ទី​២០ ​ខែ​តុលា ​ឆ្នាំ២០២៦ខាងមុខ ជាគម្រប់ខួប១ឆ្នាំ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ សូមជំរាបជូនទៀតថា ការចាប់រង្វាន់នេះ គឺធ្វើ​ឡើង​សម្រាប់​អតិថិជន​ដែល​ធ្វើ​ដំណើរ​កាត់​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ រង្វាន់មានដូចជា រង្វាន់ធំ ឡាន រង្វាន់ផ្ទះល្វែង និង រង្វាន់បន្ទាប់បន្សំ។ ការចាប់រង្វាន់នេះ បង្កើតឡើងដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកដែលមកទស្សនា ទាំង​ភ្ញៀវ​ជាតិ​ និងអន្តរជាតិ ឬអ្នកធ្វើដំណើរហោះហើយ អាចផ្សងសំណាង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងធ្វើការងារសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ងាក​មក​ចាប់​ឱកាស​ការងារ​ឱ្យ​ក្នុង​ប្រព័​ន្ធ​ដើម្បី​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​កាន់​តែ​ប្រសើរ​ពី​របប​សន្តិសុខ​សង្គម

2026/05/11 03:25:03 pm        293
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោម​ប្រធាន​បទ «រួមគ្នាលើកកម្ពស់​ការងារ​សមរម្យ​ក្នុង​បរិបទ​ឌីជីថល​សម្រាប់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយ​ឯកឧត្តម​បាន​ផ្តល់នូ​វ​ជម្រើស​ឱ្យ​បង​ប្អូន​កំពុងធ្វើ​ការ​ក្នុង​ប្រកប​មុខរបរ និង​ការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ចុះ​ឈ្មោះ​ធ្វើ​​ការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​ការ​កម្លាំង​ពលកម្មជាង ៩ម៉ឺនកន្លែង។ ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ គឺជាការ​រំលឹក​ និង​ដាស់​តឿន​ដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ឱ្យដឹ​ង​ពីសិទ្ធិមូលដ្ឋាន ក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បី​ធានា​​ថា​ប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែម​ពី​នេះ ​វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមាគម សហជីព និង​សង្គម​ស៊ីវិល ​សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់​ៗ​របស់​កម្មករ​និយោជិត​នៃ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្ម​អន្ដរជាតិ​នា​ពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិន​ត្រឹម​តែ​ចង់​ឱ្យ​ពលរដ្ឋ​មាន​ត្រឹម​តែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើន​សមត្ថភាព​ខ្លួន​ឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែក៏កាន់តែខ្ពស់ ជីវភាព​ក៏​កាន់​តែ​ល្អប្រសើរ និងមានប្រព័ន្ធ​គាំពារ​សង្គម​រឹងមាំ​សម្រាប់​បង​ប្អូន​កម្មករ​និយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​។ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែក​ហានិភ័យ​ការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបាន​ក្លាយ​ជា​«សំណាញ់​សុវត្ថិភាព​សង្គម​ដ៏រឹងមាំ»សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុង​អនុវត្តយ៉ាងសកម្មប្រកប​ដោយស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិសាល​ភាព​ដោយ​សម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ ឯកឧត្តមក៏បានគូសបញ្ជាក់ថា គោល​ដៅ​រួម​នា​ពេ​លនេះ គឺចង់ជួយបង​ប្អូន​ប្រកប​មុខរបរ និង​ការងារ​សេដ្ឋ​កិ​ច្ច​ក្រៅប្រ​ព័ន្ធ​ដែល​ធ្លាប់​លំបាក​ឱ្យ​ក្លាយ​ទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដែល​រាជ​រដ្ឋាភិបាល​បាន​ផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែល​មិន​ទាន់​បាន​ចុះបញ្ជីនៅក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាល​ឌីជីថល​ដែល​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិន​បើ​ចង់​ចូល​ធ្វើ​ការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទង​ទៅ​លេខ​ទូរស័ព្ទ ​Hotline របស់ក្រសួង ១២៩៧។ បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថាន​បច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និង​ថែ​ទាំ​ម៉ាស៊ីន​ត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែល​បោះបង់​ការ​សិក្សា​ក៏​អាច​ចូល​រៀន​កម្ម​វិធី ​TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ​ និងភាគីពាក់ព័ន្ធ​នឹង​បន្ត​ខិតខំ​ចូលរួម​ចំណែក​កាន់​តែស​កម្ម​បន្ថែម​ទៀត​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ និងអំពាវនាវឱ្យ​បន្តសហការ​គ្នា​ក្នុង​សា្មរតី​យោគយល់​ខ្ពស់​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បំពេញ​ការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។ លោក វន់ ពៅ ប្រធានសមាគម IDEA និងលោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោត​សរសើរ​ចំពោះ​គោល​នយោបាយ និង​យុទ្ធសាស្រ្ត​ជាតិ​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​គាំទ្រ​ដល់​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើងពីតួនាទីដ៏​សំខាន់​របស់​ពួក​គាត់​ដែល​ជា​«ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាព​ការងារ​ផង​ដែរ​៕

យុវជនបង្ហាញឆន្ទៈចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារអធិបតេយ្យជាតិ និង​ពលរដ្ឋ

2026/05/11 02:19:57 pm        316
នៅក្នុងស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ យុវជនកម្ពុជា បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុងការស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា។ ការបង្ហាញឆន្ទៈ​របស់​យុវជន​នេះ ​មិនមែនគ្រាន់តែ ជាការអនុវត្តតាមច្បាប់នោះទេ តែគឺជាការឆ្លុះបញ្ចាំង ពី​មនសិការ​ស្នេហា​ជាតិ​ ការពារអធិបតេយ្យជាតិ និងប្រជាពលរដ្ឋ។ យុវជន ចំនួន ៥នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ BTV នៅ​ថ្ងៃ​ទី​១១ ​ខែឧសភា ឆ្នាំ២០២៦នេះ ថា ពួកគេ បានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការចូល​បំពេញ​កាតព្វ​កិច្ច​យោធា។​ ពួកគេថា ការចូលបំពេញកាតព្វកិច្ចយោធា មិនមែនគ្រាន់តែជាការអនុវត្ត តាម​ច្បាប់​នោះទេ ប៉ុន្ដែគឺជាមោទនភាព ដែលពួកគេ មានឱកាស ហ្វឹកហ្វាត់ក្នុងជួរកងទ័ព រៀន​ពី​របៀប​ការ​ពារខ្លួន ការពារគ្រួសារ និងការពារបូរណភាពទឹកដី។ចំណែកតំណាង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានប្រសាសន៍ថា ពួក​គាត់​គាំទ្រ​ សេចក្ដីព្រាងច្បាប់ កាតព្វកិច្ចយោធា ដើម្បីពង្រឹងកម្លាំងការពារជាតិ ធ្វើឲ្យយុវជន​មាន​កា​យ​សម្បទា​រឹង​មាំ មានវិន័យ និងសីលធម៌។ ហើយតាមរយៈ ការចូលហ្វឹកហាត់ក្នុងជួរកងទ័ពនេះ នឹង​ធ្វើ​ឲ្យ​ពួក​គេ យល់កាន់តែច្បាស់ពីតម្លៃ នៃសន្ដិភាព។សូមជម្រាបជូន សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា មានវិសាលភាព អនុវត្ត​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប អាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ខណៈស្រ្ដី ផ្អែកលើការស្ម័គ្រចិត្ត។ សេចក្ដី​ព្រាង​ច្បាប់​នេះ ​ត្រូវបាន គណៈរដ្ឋមន្រ្ដី អនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និងប្រកាស​ជា​ប្រញាប់​។ ​ហើយរដ្ឋសភាជាតិកម្ពុជា បានទទួលយក ប្រគល់ឲ្យគណៈកម្មការជំនាញពិនិត្យ សិក្សា ​កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ និងបានពិនិត្យ សិក្សា ចប់សព្វគ្រប់ កាលពីថ្ងៃទី៨ ខែ​ឧសភា ឆ្នាំ២០២៦។ ហើយនៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ រដ្ឋសភាជាតិ នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ ដើម្បីពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា។ សេចក្ដីព្រាងច្បាប់ ស្ដីពី កាតព្វកិច្ចយោធា រៀបចំឡើងដើម្បីរួមចំណែក កសាងប្រទេសជាតិ ពង្រឹង​កម្លាំង​ការពារជាតិមាតុភូមិ អភិវឌ្ឍកាយសម្បទា យុវជន ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ ការ​អប់​រំ​គំនិត និងវិន័យ ដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសជាតិ៕ អត្ថបទ ៖ លៀ ស៊ីណា

រចនាសម្ព័ន្ធទីផ្សារការ​នាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់៣ គឺ EU ចិន និង​អាស៊ាន

2026/05/11 01:43:30 pm        103
ភ្នំពេញ៖ វិស័យឯកជន បានលើកឡើងថា ការនាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ទីផ្សារ​ EU ចិន និងអាស៊ាន បានបញ្ជាទិញអង្ករពីកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ខែដើមឆ្នាំ​២០២៦នេះ​។​ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ កម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹងថ្ងៃទី ១១ ឧសភានេះថា បច្ចុប្បន្ន ទីផ្សារសហភាពអឺរ៉ុប (EU) មានចំណែកប្រមាណត្រឹម ២៧% នៃការនាំចេញអង្ករកម្ពុជា ខណៈទីផ្សារចិនបានស្ដារកំណើនឡើងវិញយ៉ាងខ្លាំង ដោយកាន់កាប់ចំណែកជាង ២៨% បន្ទាប់ពីធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺទីផ្សារអាស៊ានកំពុងកើនឡើងដល់ជិត ៣៨% ដឹកនាំដោយប្រទេសហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។ឧកញ៉ា សុង សារ៉ន បន្តថា នេះបង្ហាញថា ការនាំចេញអង្ករកម្ពុជាមិនពឹងផ្អែកជាចម្បងលើទីផ្សារ EU និងចិនដូចមុនឆ្នាំ ២០២៤ ទៀតឡើយ ក៏ព្រោះតែ រចនាសម្ព័ន្ធទីផ្សារកំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។ លោកឧកញ៉ា រំពឹងថា សម្រាប់ឆ្នាំ ២០៣០ ខាងមុខ ការនាំចេញអង្ករកម្ពុជានឹងកាន់តែមានភាពសកម្ម ចម្រុះ និងមានការតភ្ជាប់តំបន់កាន់តែខ្លាំង ជាពិសេស ការពង្រីកទៅកាន់ទីផ្សារអាមេរិកខាងជើង (សហរដ្ឋអាមេរិក និងកាណាដា) និងទីផ្សារអាហ្វ្រិក ដែលនឹងបង្កើនភាពធន់ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់វិស័យស្រូវអង្ករកម្ពុជា។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ក្នុងរយៈពេល៤ ខែឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គិតជាទឹកប្រាក់ចំនួន ២៦៦.៣៨ លានដុល្លារអាមេរិក។ ក្នុងចំណោមនៃនាំចេញអង្ករចំនួន ៤៦៩ ៩០៩ តោន គឺការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤ លានដុល្លារសហរដ្ឋអាមេរិក។របាយការណ៍បញ្ជាក់ថា កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក។ ព្រមទាំងការនាំចេញអង្ករ ទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១ លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ ធូ វិរៈ  

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

2026/05/11 01:30:35 pm        119
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ និងចៅៗសិស្សានុសិស្ស ជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ជាទីតាំងជាប់ជាមួយផ្ទះបណ្តោះអាសន្នដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សាងសង់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។បើទោះបីស្ថិតក្នុងកាលៈទេសៈនេះក្តី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សដោយយកចិត្តទុកដាក់ ដើម្បីបន្តធានាមូលធនមនុស្សក្លាយជាយុវជនល្អប្រកបដោយគុណភាពក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់ពីអាទិភាពក្នុងការដោះស្រាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ដូចជា ការសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ អគ្គិសនី និងទឹកស្អាត ព្រមទាំងការឧបត្ថម្ភគាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងការរៀបចំសាលារៀនសម្រាប់សិស្សានុសិស្សបានបន្តការសិក្សា ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានកំពុងស្វែងរកដំណោះស្រាយតាមគ្រប់មធ្យោបាយ ក៏ដូចជាផ្លូវច្បាប់អន្តរជាតិលើបញ្ហាព្រំដែន៕

ការដោះដូរធ្វើពាណិជ្ជរបស់កម្ពុជារយៈពេល៤ខែនេះ មានទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារកើនជិត ២០%

2026/05/11 01:20:45 pm        203
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក​ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀតគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៣ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ភាគរយ បើធៀបរយៈពេល ដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ប្រមាណជាង ១៩ ពាន់លានដុល្លារប៉ុណ្ណោះ)។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា រយៈពេល៤ខែ នៅដើមឆ្នាំនេះ មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ដោយកម្ពុជាបាននាំទៅកាន់ប្រទេស សំខាន់ៗរួមមាន៖ ប្រទេសចិនជិត ៥៨៣ លានដុល្លារ, សហរដ្ឋអាមេរិកជាង ៤,៤ ពាន់លានដុល្លារ, វៀតណាមជិត ២ ពាន់លានដុល្លារ, ជប៉ុនជាង ៦១៤ លានដុល្លារ, ថៃជាង ៣២៤ លានដុល្លារ, អេស្បាញ ៣៧៣ លានដុល្លារ, កាណាដា ជាង ៣៧៨ លានដុល្លារ, និងការនាំចេញទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ ចំណែកការនាំចូលនៅក្នុងរយៈពេលនេះដែរ, កម្ពុជាបាននាំចូលទំនិញមានទឹកប្រាក់សរុបប្រមាណជាង ១២,២ ពាន់លានដុល្លារ កើនឡើងជាង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ ក្នុងនោះការនាំចូលពីប្រទេសចិន មានទឹកប្រាក់ជាង ៦ ពាន់លានដុល្លារ, វៀតណាមជាង ១,៣ ពាន់លានដុល្លារ, ជប៉ុន ៣៥២ លានដុល្លារ, ថៃ ៦៩០ លានដុល្លារ, សឹង្ហបុរី ជាង ៧៥១ លានដុល្លារ, ម៉ាឡេស៊ី ៤៦៧ លានដុល្លារ ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗពីប្រទេសជាច្រើនទៀតផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អង្គការសង្គមស៊ីវិលចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់ការងារសមរម្យដល់កម្មករក្រៅប្រព័ន្ធ

2026/05/11 01:05:19 pm        160
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម បានប្រកាសបន្តចូលរួមគាំទ្រ និងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល់សម្រាប់អ្នកកម្មករកម្មការិនីនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។ អង្គការ និងសមាគមសង្គមស៊ីវិលទាំងនេះ បានលើកឡើងបែបនេះក្នុងឱកាស រួមគ្នាប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២ឥ២៦នេះ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានអ្នកចូលរួមប្រមាណ២៥០នាក់ រួមមានតំណាងអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលផងដែរ។ លោក តាន់ វិសាល តំណាងអង្គការអុកស្វាម បានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និងគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគាត់ចោល។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា សមាគមរបស់លោកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងគាំទ្រដល់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបន្តថា សិទ្ធិ សុវត្ថិភាព និងសុខភាពការងាររបស់អ្នកធ្វើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានការពារពេញលេញស្របទៅតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្ដីក្រសួងាករងារ បានស្វាគមន៍ចំពោះការអនុវត្តការងារប្រកបដោយចីរភាពរបស់អ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចាត់ទុកការប្រារព្វទិវាពលកម្មអន្តរជាតិនាពេលនេះ បានផ្តល់នូវវេទិកាមួយសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេដោយផ្ទាល់ជាមួយអ្នកតាក់តែងគោលនយោបាយ និងភាគីពាក់ព័ន្ធផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM