ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញកាត់វិញ្ញាសារប្រឡងចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

2025/08/24 04:52:32 pm        138
កណ្តាល៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ មកពីខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។    ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឱ្យបានខ្ជាប់ខ្ជួន។ ម៉្យាងទៀតការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃនាពេលនេះ គឺជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង ចំណេះដឹង សមត្ថភាពរបស់ក្មួយៗ ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត ។     លោក គឹម សម្បត្តិ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្តាល បានបញ្ជាក់ថា៖ ការប្រឡងជ្រើសរើស ឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានបេក្ខជនសរុបចំនួន ៥២៩នាក់ ស្មើនឹង២២បន្ទប់ ក្នុងនោះបេក្ខជនដាក់ពាក្យនៅខេត្តកណ្តាលចំនួន ២០៩នាក់, បេក្ខជនដាក់ពាក្យនៅខេត្តព្រៃវែង ចំនួន ១៣៥នាក់ និងបេក្ខជនដាក់ពាក្យនៅខេត្តស្វាយរៀង ចំនួន ១៨៥នាក់ រយៈពេលប្រឡង២ម៉ោង លើវិញ្ញាសារចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ ។    សូមបញ្ជាក់ផងដែរថា៖ ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌមន្ត្រីពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ ។ ក្នុងការប្រឡងនេះ គឺបានប្រព្រឹត្តទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ៕

អភិបាលខេត្តព្រះវិហារ រៀបចំព្យុះហយាត្រា "ដើរដើម្បីសន្តិភាព"

2025/08/24 04:33:31 pm        222
ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានរៀបចំព្យុះហយាត្រា "ដើរដើម្បីសន្តិភាព" នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ និងមានការចូលរួមពីជនភៀសសឹករាប់ពាន់នាក់។ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ព្យុះហយាត្រាដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងស្មារតីស្នេហាជាតិ ដើម្បីបង្ហាញពីបេះដូងខ្មែរតែមួយ ដែលស្រឡាញ់សន្តិភាព ស្រឡាញ់ជាតិមាតុភូមិ និងស្រឡាញ់ទឹកដីរបស់ខ្លួន ពិសេសគឺជាការបង្ហាញទៅកាន់សហគមន៍អន្តរជាតិឱ្យបានដឹងថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយមិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។ប្រជាពលរដ្ឋជនភៀសសឹក សូមអំពាវនាវទាមទារឱ្យមានការដោះលែងវីរយុទ្ធជនទាំង ១៨ រូប ដែលត្រូវបានកងទ័ពសៀមចាប់ខ្លួនខុសច្បាប់ក្រោយបទឈប់បាញ់។ លើសពីនេះ សូមឱ្យវីរយុទ្ធជនទាំងនោះបានវិលត្រឡប់មកកម្ពុជាវិញ និងសូមឱ្យមានភាពប្រក្រតីឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងយុវជនទាំងអស់ ដែលបានចូលរួមនិមន្ត ដើរជាកម្លាំងគាំទ្ររាជរដ្ឋាភិបាល និងលើកទឹកចិត្តកងទ័ពជួរមុខក្នុងការការពារបូរណភាពទឹកដី៕

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ជូនវីរកងទ័ពការពារប្រសាទតាមាន់ ប្រាសាទតាក្របី និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ

2025/08/24 03:12:01 pm        146
នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖ គ្រឿងឧបភោគ បរិភោគ ឱសថ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រគល់ជូនដល់វីរកងទ័ពការពារប្រាសាទតាមាន់ ប្រាសាទតាក្របី និងមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធពរជ័យរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរខេត្តឧត្តរមានជ័យ...។

ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង

2025/08/24 02:44:15 pm        743
ភ្នំពេញ៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រា បានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ព្រមទាំងដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង និងទូរសព្ទដៃ ១៨គ្រឿង។បច្ចុប្បន្នទីតាំងសង្ស័យខាងលើត្រូវបានបិទជាបណ្តោះអាសន្ន។ ចំពោះជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន រួមទាំងវត្ថុតាងដែលបានរឹបអូស សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

​ ភ្ញៀវទេសចរកូរ៉េ និងមូស្លីម រំពឹងនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើង តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទេសចរណ៍ និងស្ថានទូតកម្ពុជាប្រចាំសាធារណរណៈកូរ៉េ និងសាធារណរដ្ឋអារ៉ាប់អេហ្សីប

2025/08/24 02:22:41 pm        159
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីគែរ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងផែនការជាតិទេសចរណ៍ និងស្ថិតិទេសចរណ៍ នាទីស្តីការក្រសួង។ក្នុងឱកាសជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគំាទ្រ និងកិច្ចសហការដ៏ជិតស្និទ្ធិដល់ក្រសួងទេសចរណ៍ ដើម្បីអាចផ្សព្វផ្សាយសក្តានុពលទេសចរណ៍បានគ្រប់ទិសទី តាមរយៈស្ថានឯកអគ្គរាជទូត, តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ និងស្ថានកុងស៊ុលកម្ពុជានៅបរទេស។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឯកឧត្តមឯកអគ្គរាជទូតដែលអញ្ជើញទៅបំពេញបេសកកម្មការទូតខាងមុខ ជួយបន្តផ្សព្វផ្សាយសក្តានុពល និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដែលកំពុងដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺកត្តាសុខសន្តិភាព ការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រមទាំងសូមចូលរួមប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់កិត្តិសព្ទ និងទេសចរណ៍កម្ពុជា។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តមឯកអគ្គរាជទូតទាំងពីររូប មានសុខភាពល្អ អាយុយឺនយូរ ជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

អ្នកនាំពាក្យក្រសួងការពារជាតិ៖កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតថៃបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់

2025/08/24 02:19:09 pm        152
ភ្នំពេញ៖លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែសីហានេះថា កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅព្រឹកនេះបានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយ   ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ បានចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀសថ្ងៃដដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។ ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥៕

សាលាអន្តរជាតិចាន់ យុន ប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្សនិងបុគ្គលិកឆ្នើមប្រចាំឆ្នាំសិក្សា២០២៤-២០២៥

2025/08/24 02:05:12 pm        247
ភ្នំពេញ ៖ សាលាអន្តរជាតិ ចាន់ យុន បានរៀបចំកម្មវិធីប្រគល់វិញ្ញានបត្របញ្ចប់ការសិក្សាដល់សិស្សានុសិស្ស មតេ្តយ្យសិក្សាកម្រិតខ្ពស់បឋមសិក្សាថ្នាក់ទី៦ អនុវិទ្យាល័យថ្នាក់ទី៩ បុគ្គលិកអប់រំឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ ចំនួនសរុប៤៤៩នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ​យោងតាមរបាយការណ៍របស់ លោក ណុប ចាន់ នាយកសាលាអន្តរជាតិ ចាន់ យុន បានឱ្យដឹងថា សាលាអន្តរជាតិនេះ បានបង្កើតឡើងនាចុងឆ្នាំ២០១៦ ដែលមានបីអគារសិក្សា គឺអគារមត្តេយ្យសិក្សា អគារបឋមសិក្សា និងអគារមធ្យមសិក្សាបើកបង្រៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា (៣ឆ្នាំ) និងមានការបណ្តុះបណ្តាល៣ភាសា ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី១២ ដែលស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ភាសាអង់គ្លេស និងភាសាចិនគ្រប់កម្រិត ចាប់ពីកម្រិតដំបូង ដល់កម្រិត១២។ លោកនាយក បានសម្តែងការអបអរសាទរចំពោះសិស្សពូកែ សិស្សដែលបានបញ្ចប់ថ្នាក់ទី៦និងទី៩ សិស្សដែលមានទទួលបានផ្នែកអប្បកិរិយាល្អបំផុត និងសិស្សដែលបានបញ្ចប់ភាសាអង់គ្លេសកម្រិត៦។ ជាមួយនេះ លោកក៏បានអបអរសាទរចំពោះគ្រូឆ្នើមផងដែរ និងបុគ្គលិកដែលគាត់បានបំរើការងារនៅសាលារយៈពេលជាង ៥ឆ្នាំ។ក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ បេសកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលាដែលបានចូលរួមចំណែកជាមួយក្រសួងអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសក្មួយៗសិស្សានុសិស្សថ្នាក់មេត្តេយ្យសិក្សា បឋមសិក្សា កម្មវិធីភាសាអង់គ្លេស ភាសាចិន ឱ្យមានឱកាសិក្សារៀនសូត្រជាមួយបរិស្ថានលូតលាស់ល្អ ជាមួយកម្មវិធីសិក្សាជាតិដែលមានការទទួលស្គាល់គាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។លោកជំទាវអនុរដ្ឋលេខាធិការ បានស្នើដល់អាណាព្យាបាលរបស់កូនៗទាំងអស់យកចិត្តទុកដាក់ចំពោះបញ្ញា និងអារម្មណ៍របស់កូនៗ ពីព្រោះថា ខួរក្បាលកុមាររីកលូតលាស់ ៨០% ចំពោះកុមារក្រោម ៦ឆ្នាំ។ នៅសល់ ២០%ទៀត គឺកោសិការខួរក្បាល រីក អាយុ៦ឆ្នាំ ដល់២០ឆ្នាំ។ ដូចសុភាសិតខ្មែរមួយដែលលើកថា “ដាំដើមឈើឱ្យបម្រុងឬស អភិវឌ្ឍធនធានមនុស្សឱ្យបម្រុងចរិក និងវិស័យ”។អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រ្ដីក្រសួងអប់រំណែនាំគណៈមេប្រយោគ និងបុគ្គលិកអប់រំបន្តគោរពបទប្បញ្ញត្តិដើម្បីធានាដល់ការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព

2025/08/24 01:38:35 pm        123
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ណែនាំបច្ចេកទេសដល់គណៈមេប្រយោគ និងគណៈកម្មការនានាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក លោកស្រី សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយជាច្រើនរូប។កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ដើម្បីធានាបានថា ការប្រឡងនឹងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈមេប្រយោគ និងបុគ្គលិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅដោយភាពរលូន និងមានតម្លាភាព ជាពិសេសបានគូសបញ្ជាក់ អំពីតួនាទី របស់ប្រធាន និង អនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និងតួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតបសំណួរ និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យដំណើរការនៃកំណែទម្រង់ក្នុងវិស័យអប់រំឱ្យទទួលបានជោគជ័យ ក៏ដូចជាបានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង ចូលរួមក្នុងការអនុវត្តកំណែទម្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានីខេត្ត ដែលសហការ និងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំដែលត្រៀមចូលរួមក្នុងការប្រឡង៕

បង្ក្រាបក្រុមចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

2025/08/24 01:31:15 pm        269
ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបចោរកាច់កម៉ូតូទាំងសំបុក ៦នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ។ នគរបាលប្រាប់ឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងភ្នំពេញ ។ ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន២គ្រឿង, ស្លាកលេខម៉ូតូ ចំនួន១, សោចិញ្ចៀន ចំនួន១, សោខ្សៀ ចំនួន៣, ទុលឡាវីស ចំនួន៤ និងកន្រ្ដៃច្រឹប ពណ៌ក្រហម ចំនួន១។ ជនសង្ស័យទាំងអស់ កំពុងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

ដំរីញីឈ្មោះ «ឡាក់គី» នៅភ្នំតាម៉ៅ បានស្លាប់នៅព្រឹកថ្ងៃអាទិត្យនេះបន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ

2025/08/24 01:23:03 pm        1288
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។សេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ យើងខ្ញុំទាំងអស់គ្នាក៏សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី«ឡាក់គី» ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។សូមបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM