ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តត្រូវរក្សាទំនាក់ទំនងល្អជាមួយមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីទទួល បានព័ត៌មានពិតផ្សាយជូនប្រជាពលរដ្ឋគាំទ្រដល់ការអភិវឌ្ឍវិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

2025/08/24 01:18:06 pm        110
សៀមរាប៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំ ដល់ មន្ត្រីទទួលការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មាននៅគ្រប់រាជធានី-ខេត្តថា ក្នុងយុគសម័យថ្មីនេះ មន្ត្រីយើងត្រូវពង្រឹងការកសាងបណ្តាញ និងបង្កើនទំនាក់ទំនងការងារ ជាមួយមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្ត ងាយស្រួលរកដំណោះស្រាយចំពោះបញ្ហានានា ដើម្បីរួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកនាំពាក្យណែនាំបែបនេះ តាមរយៈបទអន្តរាគមន៍ស្តីពីការ គ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងរបត់ថ្មី នៅក្នុងវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ធំ កំពង់ចាម និងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមការងារសាធារណមតិ បន្ទាប់ពីទទួលបានព័ត៌មាន ឬសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងពីប្រភពផ្សេងៗ ត្រូវមានវិធានការឆ្លើយតប រកដំណោះស្រាយ និងបំភ្លឺតាមករណីនីមួយៗ ដោយមិនត្រូវទុកឱ្យបញ្ហាទាំងនោះប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ ឬរំខានដល់ការរស់នៅ បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬបង្អាក់ដំណើរការនៃការអភិវឌ្ឍក្នុងសហគមន៍ ដែលកំពុងប្រព្រឹត្តទៅស្របនឹងគោលដៅ និងការអនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងការគ្រប់គ្រងព័ត៌មាន ក្រុមការងាររបស់មន្ទីរព័ត៌មានត្រូវពង្រឹង និងពង្រីកការផ្សព្វផ្សាយបែបឌីជីថល ដើម្បីធានាការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋ ទាន់ពេលវេលា តាមសេចក្តីត្រូវការប្រចាំថ្ងៃ។  ការណ៍នេះទាមទារឱ្យក្រុមការងារមន្ទីរព័ត៌មាន ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ហ្វេសបុក តេឡេក្រាម យូធូប Tiktok និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដែលទទួលបានការចូលចិត្តពីប្រជាពលរដ្ឋ ក្នុងគោលបំណងផ្តល់ព័ត៌មានតាមគ្រប់ទម្រង់ ឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក។ឯកឧត្តមបន្ថែមថា ក្នុងយុគសម័យថ្មីនេះ អ្វីដែលមានប្រសិទ្ធភាព និងរហ័សនោះ គឺការបង្កើតបណ្តាញផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅ គ្រប់កម្រិតក្នុងសហគមន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ និងដោយមានការចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត ដើម្បីបំភ្លឺ ផ្តល់ព័ត៌មាន រួមចំណែកដោះស្រាយរាល់មន្ទិល និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតជាដើម។សូមបញ្ជាក់ថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិរាជធានីខេត្ត ប្រៀបបានទៅនឹងស្ពានដែលភ្ជាប់ទំនាក់ទំនង រវាងប្រជាពលរដ្ឋជាមួយទៅថ្នាក់ដឹកនាំខេត្ត ហើយពីថ្នាក់ដឹកនាំខេត្ត មកប្រជាពលរដ្ឋវិញ តាមរយៈការគ្រប់គ្រងមធ្យោបាយផ្តល់និងទទួលព័ត៌មាន លឿន ប្រកបដោយគុណភាព ស្របតាមការវិវត្តក្នុងសង្គម និងតម្រូវការព័ត៌មានបែបឌីជីថលបច្ចុប្បន្ន។ ក្នុងន័យនេះដែរ ឯកឧត្តម អនុរដ្ឋលេខាធិការបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ឱ្យបន្តស្រាវជ្រាវដើម្បីទទួលបានពុទ្ធិ និងទទួលបានជំនាញថ្មីៗស្តីពីបច្ចេកវិទ្យា និងបច្ចេកទេសឌីជីថល ក៏ដូចជាបន្ត ដុសខាត់ជំនាញដែលខ្លួនមានស្រាប់ សម្រាប់បម្រើឱ្យការអនុវត្តការងារប្រចាំថ្ងៃ។  ឯកឧត្តមបានណែនាំបន្ថែមដល់មន្ត្រីព័ត៌មាននិងសាធារណមតិ ត្រូវបន្តតាមដានរាល់ព័ត៌មានមិនពិត ពិសេសត្រូវសកម្មក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានបែបបំពុលលើបណ្តាញសង្គម និងបន្តចាត់វិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ទប់ស្កាត់បាននូវរាល់ទង្វើអសកម្មនានា ហើយធានាបានការរក្សាស្ថិរភាព សណ្ដាប់ធ្នាប់ សន្តិសុខក្នុងសហគមន៍ ខេត្ត ក៏ដូចជាសង្គមជាតិទាំងមូល៕

សេដ្ឋកិច្ចរីកលូតលាស់កាន់ខ្លាំង គឺពឹងផ្អែកអំណាចទិញក្នុងស្រុកឱ្យបានធំ និងនាំចេញឱ្យបានចច្រើន

2025/08/24 11:52:04 am        170
ភ្នំពេញ ៖ អ្នកជំនាញ ថា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរឆ្ពោះមុខ និងខ្លាំងក្លា គឺពឹងផ្អែកការជំរុញពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើ អាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះសេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។​ជុំវិញការធ្វើពាណិជ្ជកម្ម, រាជរដ្ឋាភិបាលបានបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែល មានសក្តានុពល, ការលើកកម្ពស់គុណភាពស្ថាប័នសេដ្ឋកិច្ច, ការពង្រីកដៃគូពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពោលគឺ បានបង្កបរិយាកាសអំណោយផលផ្នែកធុរកិច្ច ការបន្ថយថ្លៃដើមធុរកិច្ចដូចជា៖ ថ្លៃឡូជីស្ទិក និងអគ្គិសនី, លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម, ជុំវិញការកែទម្រង់ពន្ធដារ, ព្រមទាំងកែលម្អឡូជីស្ទិក និងលើកកម្ពស់ការដឹកជញ្ជូន, ការតភ្ជាប់ផ្នែកថាមពល និងការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថលជាដើម។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លើកឡើង ក្នុងកិច្ចពិភាក្សា ស្តីពីការពង្រីកប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា ថា ការពង្រឹងភាពជាដៃគូជាមួយបណ្តាតួអង្គអភិវឌ្ឍ និងកិច្ចការសម្រួលពាណិជ្ជកម្មទាំងក្នុងនិងក្រៅស្រុក គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម បញ្ហានេះ គឺពឹងផ្អែកការជំរុញ ពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើអាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះ សេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។ឧកញ៉ាបណ្ឌិត បន្តថា ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឯកជនមួយចំនួនដូចជា គ្រឿងយន្ត ក្នុងវិស័យកសិកម្ម មានអត្រាពន្ធ ០%, គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពន្ធ ០% និងមានការលើកលែង ទំនិញនាំចូលមួយចំនួនទៀតផងដែរ។ ឧកញ៉ាបណ្ឌិតបន្ថែមថា បញ្ហាទាំងអស់នេះ វាមិនមែនជាបន្ទុករដ្ឋទាំងស្រុងនោះទេ គឺវារួម ចំណែកពីវិស័យឯកជន និងពីយុវជនផងដែរ ដែលជាកម្លាំងចលករជួយរុញសេដ្ឋកិច្ចយើងឱ្យរីកចម្រើន ជាក់ស្តែងការអប់រំបណ្តុះ បណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) របស់រាជរដ្ឋាភិបាល, គឺជាសម្មភាពអភិវឌ្ឍបង្កើនជំនាញវិជ្ជាជីវៈដល់យុវជន និងកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ តែបច្ចុប្បន្ន ឃើញថា យុវជនហាក់ដូចមានការយល់មិនទាន់ទូលំទូលាយនៅឡើយ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ប៉ែន បូណា៖កម្លាំងមហាសាមគ្គីភាពឯកភាពជាតិរឹងមាំរបស់ពលរដ្ឋធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រសាបរលាបទៅវិញយ៉ាងឆាប់រហ័ស

2025/08/24 11:20:11 am        486
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តាមរយៈកម្លាំងមហាសាមគ្គីភាពឯកភាពជាតិរឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពលនិងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ ​តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្លាំងមហាសាមគ្គជាតិខ្មែរដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ និងបន្តបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែជាអ្នកធានាការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏គួរឱ្យទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងគ្រប់កាលៈទេសៈទាំងអស់៕

ឯកឧត្តម ប៉ែន បូណា៖ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់

2025/08/24 11:09:38 am        237
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់នឹងថ្ងៃទី២៤ ខែសីហានេះ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាន និងជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំ GBC និង RBC ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។​តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថាកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ(កម្ពុជាថៃ) ដោយសន្តិវិធី និងរក្សាបានសុខសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនទាំងសងខាង។ សូមបញ្ជាក់ជូនថា ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នេះប្រព្រឹត្តទៅក្រោមក្រសែភ្នែកអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។ ដូចបានឃើញទាំងអស់គ្នា បណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការចុះទៅសង្កេតការណ៍តាមព្រំដែនជាបន្តបន្ទាប់។ 

កម្ពុជាបន្តអំពាវនាវភាគីថៃប្រគល់មកឱ្យកម្ពុជាវិញកងកម្លាំងទាំង១៨រូបដែលថៃបានចាប់ដោយខុសច្បាប់

2025/08/24 11:07:25 am        519
ភ្នំពេញ ៖ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នឹងមិនទុកសមាជិកក្រុមគ្រួសាររបស់កងកម្លាំងកម្ពុជាណាម្នាក់ចោល និងឯកោជាដាច់ខាត។ លោកជំទាវអ្នកនាំពាក្យបានរម្លឹកទៀតថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផលឈនទៅការនាំមកវិញនូវសន្ដិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលជាអ្វីដែលប្រជាជនប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលចង់បាន៕

របាំងសាច់អួនចាប់ពី៥០០ម៉ែត្រដល់១ពាន់ម៉ែត្រកើតក្នុងរដូវបិទនេសាទ នៅពីក្រោយសាលាឃុំសំរោងសែន មិនទាន់មានអ្នកបង្ក្រាប

2025/08/24 10:53:38 am        326
កំពង់ឆ្នាំង៖ បទល្មើសរបាំងសាច់អួនក្រឡាញឹក មានប្រវែងចាប់ពី៥០០ម៉ែត្រដល់១០០០ម៉ែត្រ(មួយពាន់ម៉ែត្រ) កើតក្នុងរដូវបិទនេសាទ ប្រមាណជាង១០របាំង គឺស្ថិតនៅពីក្រោយសាលាឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងប្រមាណ១គីឡូម៉ែត្រ មិនឃើញមានអ្នកបង្ក្រាបឡើយ បើទោះជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយការពារកុំអោយមានបទល្មើសក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានយើង បានចេញមើលបទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៥នៅតាមដងទន្លេសាប រួមនិងអាងបឹងស្តុកទឹកមួយចំនួន តាមការផ្តល់ព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារ។ ក្នុងនោះ នៅចំណុចពីក្រោយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង១គីឡូម៉ែត្រ មានបទល្មើសរបាំងសាច់អួនក្រឡាញឹកជាច្រើនរបាំង ដែលជនល្មើសបានដាក់យកត្រីក្នុងរដូវបិទនេសាទឆ្នាំ២០២៥នេះប្រមាណ២ខែមកហើយ តែមិនឃើញមានអ្នកចូលទៅបង្ក្រាបរុះរើចេញនៅឡើយ។ បទល្មើសរបាំងសាច់អួនក្រឡាញឹកនៅទីតាំងនោះ គ្រាន់តែមួយកន្លែងមានប្រមាណជាង១០ខ្សែ និងក្នុង១ខ្សែៗ មានខ្លះចាប់ពី៥០០ម៉ែត្រ(៣ឡុក) និងខ្លះទៀតរហូតដល់១០០០ម៉ែត្រ(៦ឡុក) ចំណែករបាំងសាច់អួនបន្លាយអោយត្រីចូលក្នុងឡុក គឺជនសង្ស័យបានដាក់ដបទឹកបរិសុទ្ធយោងសាច់អួនបន្លំភ្នែកសមត្ថកិច្ច។   ប្រជានេសាទលក្ខណៈគ្រួសារ បានសំណូមពរដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកឃុំ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កម្លាំងកងទ័ពនៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យ និងបង្ក្រាបបទល្មើសរបាំងសាច់អួននៅចំណុចនោះផង ព្រោះបទល្មើសនៅទីតាំងនោះ បានកាន់ស្លែយូរហើយ៕ កាំង ហុងវាស្នា

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការរស់នៅ និងជីវភាពអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/08/24 10:51:10 am        160
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះការរស់នៅ និងការដាំដុះដំណាំ, ការសាងសង់ផ្ទះបន្ថែម និងសកម្មភាពឈូសឆាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិ។បន្ឬាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពភូមិដែលបានកសាង និងអភិវឌ្ឍថែមទៀត ក្នុងការធានាផលប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជនឱ្យបានយូរអង្វែង៕

អភិបាលក្រុងស្វាយរៀងខេត្តស្វាយរៀងជំរុញដល់មាតាបិតាអាណាព្យាបាលបង្កើនការអប់រំកូនអោយក្លាយជាសិស្សល្អមិត្តល្អពលរដ្ឋល្អ

2025/08/24 10:41:01 am        284
 ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែនិទ្ទេសAលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២៤.២០២៥ នៅសាលាបឋមសិក្សាព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវបង្កើនការតាមដាន អប់រំកូនចៅបន្ថែម សំដៅតម្រង់ទិស ដល់កូនចៅអោយខិតខំរៀនសិក្សារៀនសូត្របន្ថែម ខណៈដែលកូនចៅមានឱកាសជួបជុំគ្រួសារច្រើនជាងនៅសាលា ដែលអប់រំ បង្រៀន ព្រៀនប្រដៅ និងដោយលោកគ្រូអ្នកគ្រូ។លោកអភិបាលក្រុងក៏បានសំដែងអបអរសាទរផងដែរចំពោះលោកគ្រូអ្នកគ្រូ និងផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំបានចូលរួមបង្រៀន និងសម្របសម្រួលជូនដល់សិស្សានុសិស្សរៀនសូត្ររហូតឈានដល់ទទួលបាននិទ្ទេសល្អមានការកើនឡើងជាងឆ្នាំសិក្សា២០២៣.២០២៤ ដែលសមិទ្ធផលទាំងអស់នេះគឺជាការរួមចំណែកបង្កើតធនធានមនុស្សសម្រាប់បន្តការពារនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។តាមរបាយការណ៍ស្វាគមន៍របស់លោកស្រី ទុំ ទីណា នាយិកាសាលាបឋមសិក្សាព្រះសីហនុបានបញ្ជាក់អោយដឹងថានៅឆ្នាំសិក្សា២០២៤.២០២៥ សាលាមានសិស្សកំពុងសិក្សាមានចំនួន១ពាន់៤៣០នាក់ក្នុងនោះសិស្សរៀនពូកែលើមុខវិទ្យាភាសាខ្មែរ និងគណវិទ្យាចាប់ពីថ្នាក់ទីដល់ថ្នាក់ទី៦ នៅឆមាសទី១មានចំនួន៥៩១នាក់ និងនៅឆមាសទី២មានចំនួន៨៧៥នាក់ បើប្រៀបធៀបទៅនិងការសិក្សារបស់សិស្សឆ្នាំសិក្សា២០២៣.២០២៤មានការកើនឡើងគួរកត់សម្គាល់។ ក្នុងពេលមកចូលរួមអបអរសាទរកូនទទួលប័ណ្ណសរសើរនិទ្ទេសAពីថ្នាក់ដឹកនាំក្រុង លោកស្រី ពេជ ចន្ទា បានមានចំណាប់អារម្មណ៍ ដោយថ្លែងនូវអំណរគុណចំពោះ លោកគ្រូអ្នកគ្រូដែលកន្លងបានខិតខំបង្ហាត់បង្រៀនកូនយើងខ្ញុំបានល្អប្រសើរ ដោយមិនទាមទារសគុណពីការបង្ហាត់បង្រៀនធ្វើឲ្យកូនយើងខ្ញុំទទួលបានល្អ និងឈានថ្ងៃនេះទទួលបានប័ណ្ណសរសើរពីសាលាជាសក្ខីភាព ។ ដោយ ៖ ភា សារិទ្ធ  

កម្ពុជាកំពុងបន្តស្រាវជ្រាវ និងសើបអង្កេតលើភ័ស្តុតាងទាំងឡាយ ដែលរឹបអូសបាន ដើម្បីកំណត់មុខសញ្ញាមេខ្លោង និងវែកមុខអង្គការចាត់តាំងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមបច្ចេកវិទ្យា

2025/08/24 07:24:34 am        230
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបាន បង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ ទាំងនេះជាវិធានការជាបន្តបន្ទាប់ ធ្វើឡើង ក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា​។លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវ នឹងត្រូវប្រើប្រាស់សម្រាប់ សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុប ចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ សមត្ថកិច្ចបានចាត់វិធានការ បញ្ជូនមុខសញ្ញាសង្ស័យជាមេក្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេ ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញសរុបប្រមាណជាង ២,៤៥០នាក់ និរទេសចេញពីកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​

2025/08/23 09:13:17 pm        161
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ដង្កោ បានចុះបិទផ្សាយឯកសារវិនិច្ឆ័យ ក្បាលដី ជាសាធារណៈ ដេីម្បីត្រៀមចេញ ប្លង់លក្ខណ:ជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ ភូមិ គឺភូមិព្រៃវែងខាងលិច ព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ស្ថិតនៅ ក្នុង សង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ក្រោម វត្ថុ មានរបស់ លោក ប៊ិន សូឈី ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និង លោក ស្រី គឹម ញ៉ឹប អភិបាលខណ្ឌដង្កោ នោបរិវេណវត្ត ព្រៃវែងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ។៕​ ដោយ ឌី ពៅយី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM