ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា

2025/08/23 04:56:14 pm        804
ភ្នំពេញ៖ នៅថ្ងៃទី១៧ ១៨ និង១៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានិងវៀតណាម នឹង​រៀប​ចំ​ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្ដោតលើឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹម​សត្វ ការអភិវឌ្ឍន៍នេសាទ និងវារីវប្បកម្ម អំពីសម្ផស្សនិងសុខភាព ផលិតផលឱសថ មន្ទីរ​ពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មចិញ្ចឹមសត្វ ដោយ​មាន​អ្នក​ជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនជាង១០០ក្រុមហ៊ុន នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និង​ភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។នៅក្នុងសន្និសីទសារព័ត៌មានសេរីនៃពិព័រណ៍អន្តរជាតិក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ​សីហា​នេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition​ and Advertisement Services Co., Ltd. (VEAS) បានមានប្រសាសន៍ឱ្យដឹងថា ដោយ​មាន​ការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ពាន់ជាច្រើន និងសមាគមសំខាន់ៗក្នុងស្រុកជាច្រើន ពិព័រណ៍នេះនឹងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សហគ្រាសក្នុងស្រុក និងអន្តរជាតិនានា ក្នុង​ការ​ស្វែង​យល់​អំពីបច្ចេកវិទ្យាទំនើប បន្ថែមបណ្តាញពាណិជ្ជកម្ម និងជំរុញការ​រីក​ចម្រើន​ក្នុង​ទីផ្សារ​កម្ពុជា​​ដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស។ លោកបានបន្តថា ដោយសារ​ជោគ​ជ័យ​នៃ​ពិព័រណ៍​មុន​ៗ​ពិព័រណ៍ឆ្នាំនេះ បានទាក់ទាញយីហោច្រើនជាង២០០ ពីប្រទេស និងតំបន់ជាង១០ រួមមាន៖ កម្ពុជា សាធារណរដ្ឋឆេក ចិន ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហូឡង់ វៀតណាម និងផ្សេងទៀត ដើម្បីបើកឱកាសភ្ជាប់ទំនាក់ទំនង បង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹងអំពីនិន្នាការទីផ្សារ និងការរីកចម្រើនបច្ចេកវិទ្យា បង្កើតឱកាសផ្ទាល់ខ្លួនសម្រាប់សហគ្រាសក្នុងការភ្ជាប់ជាមួយដៃគូ និងអតិថិជនសក្តានុពល ជំរុញឱ្យកើតមានកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនដ៏មានន័យ។លោក ស៊ាន សុភា អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ដោយមានការគាំទ្រពីសមាគមឧស្សាហកម្មដ៏ល្បីល្បាញ និងកិច្ចសហប្រតិបត្តិការជាមួយសមាគមសំខាន់ៗរបស់កម្ពុជា និងវៀតណាម ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់សហគ្រាសដែលកំពុងស្វែងរកឱកាសក្នុងការរីកចម្រើននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ក្នុងការចែករំលែកបទពិសោធន៍ ជំរុញការច្នៃប្រឌិត និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកវេជ្ជបណ្ឌិត ហូ មករា ប្រធានសមាគមអភិវឌ្ឍន៍មន្ទីរពិសោធន៍វេជ្ជសាស្រ្ត បានលើកឡើងថា ពិព័រណ៍អន្តរជាតិនេះ ពិតជាមានសារៈសំខាន់ដែលអាចឆ្លើយតបទៅនឹងតម្រូវការកំពុងផ្លាស់ប្តូររបស់ឧស្សាហកម្មកម្ពុជា ដោយជំរុញការរីកចម្រើននៅវិស័យសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ អាក្វាកាល់ជឺ ឱសថសាស្ត្រ និងឧស្សាហកម្មសម្ផស្ស។ដោយឡែក លោក សុខ សុថា ប្រធានស្ថាបនិកនិងជាប្រធានប្រតិបត្តិ សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានឱ្យដឹងដែរថា ព្រឹត្តិការណ៍នេះ នឹងស្របតាមគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ដោយគាំទ្រការអភិវឌ្ឍឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ និងវារីវប្បកម្ម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សម្ដេចតេជោ ហ៊ុន សែន៖ «ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី​ជំនួស​ដោយ ហ៊ុន ម៉ាណែត, ២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពី សំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មី»

2025/08/23 11:25:45 am        523
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីពីនៅព្រឹកថ្ងៃទី២៣សីហានេះ បានបង្ហោះសារ​រួមជាមួយ​រូបភាព​មួយចំនួន​​ដោយបង្ហាញពីកិច្ចពិភាក្សា​ក្រោមកម្ដៅថ្ងៃ​ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​លើ​កិច្ចការរដ្ឋ​។សម្ដេចតេជោ បានរំលិច​ថា ម្សិលមិញជាខួប២ឆ្នាំ ដែលសម្ដេច​បាន​ចាក​ចេញ​ពី​តំណែង​នាយករដ្ឋ​មន្ត្រី​ជំនួស​ដោយ​​សម្ដេចធិបតី ហ៊ុន ម៉ាណែត(២២សីហា២០២៣-២២សីហា២០២៥)។ សម្ដេចតេជោបញ្ជាក់ដែរថា ​២ឆ្នាំគ្រប់គ្រាន់ និងយល់បានពីការដឹកនាំ និងគ្រប់គ្រងបានល្អរបស់​ថ្នាក់​ដឹក​នាំជំនាន់ថ្មី​លើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូល ទាំងនៅគ្រប់ស្ថាប័នថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។សូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖«រូបភាពនេះ ៩០ភាគរយជាកិច្ចការរដ្ឋរវាងប្រមុខរដ្ឋស្តីទីជាមួយនាយករដ្ឋមន្ត្រី។ ម្សិលមិញជាខួប២ឆ្នាំដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្ត្រីជំនួសដោយ ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី​ បន្តវេន(២២សីហា២០២៣-២២សីហា២០២៥)។២ឆ្នាំគ្រប់គ្រាន់និងយល់បានពីការដឹកនាំនិងគ្រប់គ្រងបានល្អពីសំណាក់ថ្នាក់ដឹកនាំជំនាន់ថ្មីលើគ្រប់វិស័យទាំងនៅក្នុងរាជរដ្ឋាភិបាលទាំងមូលទាំងនៅគ្រប់ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕»

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និង​សម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

2025/08/23 10:49:12 am        719
នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់​ប្រជា​នុរាស្ត្រ​គ្រ​ប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ថៃនៅតែព្រងើយកន្តើយក្នុងការដោះលែងទាហានកម្ពុជា១៨នាក់ដែលខ្លួនចាប់ទៅបើទោះបីជាមាន​កិច្ច​អន្តរាគមន៍ពីអន្តរជាតិ

2025/08/23 09:58:06 am        615
បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល២៥ថ្ងៃហើយ ដែលទាហាន​ថៃ​បាន​ចាប់​ខ្លួន​កង​កម្លាំង​កម្ពុជា​ដោយ​ខុស​ច្បាប់​ក្រោយ​បទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២៥កន្លងទៅ ហើយថៃនៅតែព្រងើយកន្តើយមិនព្រមដោះលែងកងកម្លាំងកម្ពុជា​មក​វិញ​នោះ​ទេ បើ​ទោះ​បី​ជា​មាន​កិច្ច​អន្តរាគមន៍ពី សហគមន៍អន្តរជាតិ ក៏ដូចជាប្រធាន​អាស៊ាន​យ៉ាង​ណាក៏​ដោយ​នោះ​។អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នង សាកល បាន​ឲ្យ​ដឹង​នៅ​ក្នុ​​ងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២៥នេះថា កម្ពុជាបានជូនដំណឹងទៅសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ ឧត្តម​ក្រុម​ប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាតិ កាកបាទក្រហមអន្តរជាតិ សហគមន៍អាស៊ាន រួម​ទំាង​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀតទាក់ទងនឹងថៃ ដែលបានចាប់ទាហានកម្ពុជា ១៨នាក់​ដោយ​ខុស​ច្បាប់ ខណៈកំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរហូត​មក​ដល់​ពេល​នេះ​ថៃ​នៅ​តែ​មិន​ព្រម​ដោះ​លែង​ពួកគាត់ទាំង ១៨នាក់មាតុភូមិនិវត្តវិញនោះទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កម្ពុជា​ ក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តទាមទាររហូតដល់ថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ដោយ​ត្រូវ​ធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់មកកម្ពុជា វិញឲ្យបានឆាប់ និង​ស្រប​ទៅ​តាម​ការ​ទាមទារ​របស់សហគមន៍អន្តរជាតិ។ទាក់ទងនឹងទាហានកម្ពុជាទាំង១៨នាក់ដែលថៃចាប់ទៅដោយខុសច្បាប់នេះដែរ លោកជំទាវម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បាន​បន្ត​អំពាវ​នាវ​យ៉ាង​ទទួច​ឲ្យ​ថៃ​ប្រគល់​ពួក​គាត់​​មក​កម្ពុជាវិញឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​កំពុងទទឹងរង់ចាំទាំងយប់ទាំងថ្ងៃនោះ។លោកជំទាវម៉ាលី សុជាតា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្រសួងការពារជាតិនិង​កង​យោធ​ពល​ខេម​រភូមិន្ទមិនបានព្រងើយកន្តើយ ឬទុកសមាជិក​របស់​ខ្លួន​ណា​មួយ​ចោល​នោះ​ទេ​ទោះ​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុង​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុកដាក់ និងស្រស្រាក់ស្រស្រាំបំផុត ដើម្បីធ្វើយ៉ាង​ណាជំ​រុញ​ឲ្យ​ភាគី​ថៃ​ដោះ​លែង​ពួក​គេ​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ៗ​។​ លោក​ជំទាវ​អ្នក​នាំពា​ក្យ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ផង​ដែរ​ថា ​កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកតព្វកិច្ចរបស់ខ្លួន ពោល​គឺ​រហូត​ដល់​ថៃ​ធ្វើ​ការ​ដោះលែ​ង​ទាហាន​កម្ពុ​ជាទាំ​ង​១៨​នាក់​នោះ​ឲ្យខា​ង​តែ​បាន​នា​ពេល​ឆាប់​ៗ​នេះ​៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន ប្រកាសថាសញ្ញាបត្រចំនួនបីដែលថៃប្រគល់ជូននោះត្រូវបានសម្តេចបោះចោល យូរហើយ

2025/08/22 09:45:44 pm        200
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅម្ចាស់សាលារៀនចំនួនបី ដែលបានផ្តល់ សញ្ញាបត្រជូនសម្តេចនោះត្រូវបានសម្តេចបោះចោលយូរមកហើយ ដោយសារតែវាគ្មានតម្លៃសម្រាប់រក្សា ទុកនោះទេ មួយវិញទៀតសម្តេចបានចំអកថាខួរក្បាល និងចំណេះដឹងរបស់សម្តេចមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនរបស់សម្តេច។  តាមរយៈបណ្តាញសង្គមហ្វេសបុក នាយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថាសាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។  សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា«ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី»។ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបបែបចំអកដល់ម្ចាស់សាលារៀនទាំង នោះផងដែរ ដោយសម្តេចសង្កត់ធ្ងន់ថា«ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។ ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ»៕ ដោយ បាន ចក់

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅក្រៅប្រទេស ចំនួន ១២៤រូប

2025/08/22 08:00:17 pm        167
រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សិក្សានៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋអៀរឡង់ និងប្រទេសជប៉ុន សរុបចំនួន ១២៤រូប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សាស្រ្តាចារ្យ គ្រូបង្រៀន នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅសាលសន្និសីទនៃ CADT ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូននិស្សិតជ័យលាភីអាហារូបករណ៍ អំពីវឌ្ឍនភាពថ្មីៗក្នុងវិស័យឌីជីថលនៅកម្ពុជា ការធ្វើទំនើបស្ថាប័នរដ្ឋ ការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល (ការបណ្តុះបណ្តាលមន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិត) ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងការចាប់យកបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភីអាហារូបករណ៍ដែលនឹងបន្តការសិក្សានៅក្រៅប្រទេសឱ្យខិតខំក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធល្អៗ ដើម្បីពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត ព្រមទាំងប្រកាន់ស្មារតីជាខ្មែរទោះស្ថិតក្នុងកាលៈទេសណាក៏ដោយ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារ លើកទី១៨ (18th AFML)

2025/08/22 07:17:17 pm        146
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់វេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៨ (18th AFML) ក្រោមប្រធានបទ “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន”។ កម្មវិធីដ៏មានសារៈសំខាន់នេះ បានធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សិក្ខាសាលាដែលជាកិច្ចសហការរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង អង្គការអន្តរជាតិខាងការងារ (ILO) នេះមានគោលបំណងបីសំខាន់ដែលរួមមាន ទី១. ការប្រមូល និងចែករំលែកព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលបានផ្តល់ដោយវេទិកាអាស៊ានកន្លងមក ទី២. ពិភាក្សាលើប្រធានបទវេទិកាអាស៊ានលើកទី១៨ ស្តីពី “ការពន្លឿនសកម្មភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ស្តីពីការធ្វើទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងការងារសមរម្យសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន” និងប្រធានបទរងចំនួន ២ រួមមាន (១) គឺឆ្លើយតបទៅនឹងបរិយាកាសប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយរួចផុតពីការងារដោយបង្ខំ និង (២) គឺកាត់បន្ថយការចំណាយលើការជ្រើសរើស និងការផ្ទេរប្រាក់ និងទី៣. ពិភាក្សា និងរៀបចំ ជាអនុសាសន៍របស់កម្ពុជា សម្រាប់យកទៅប្រើប្រាស់ជាធាតុចូលនៅក្នុងវេទិកា AFML លើកទី១៨ នៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៥។បន្ថែមពីនេះ ស្របពេលដែលពលករខ្មែរវិលមកកម្ពុជាប្រមាណ ៩២ ម៉ឺននាក់ ឯកឧត្តម ហ៊ូ វុឌ្ឍី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីកិច្ចអន្តរាគមន៍ចាំបាច់មួយចំនួនរបស់ក្រសួងការងារចំពោះពលករដែលត្រឡប់មកកម្ពុជាវិញដូចជាការស្វាគមន៍ ផ្តល់ទឹក អាហារសម្រន់ រក្សាសន្ដិសុខនិងសណ្ដាប់ធ្នាប់ និងការផ្តល់សេវាសង្គ្រោះបឋមដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃនៅមណ្ឌលសំចត ឬកន្លែងទទួលពលករ, ការផ្សព្វផ្សាយ ចុះឈ្មោះ និងផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ, និងការផ្តល់មធ្យោបាយដឹកជញ្ជូនទៅកាន់ស្រុកកំណើតដែលជាកិច្ចសហការរវាងក្រសួង និងអាជ្ញាធរខេត្ត រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត៕

ឧត្តមសេនីយ៍ឯក ឯក សំអូន៖កងទ័ពកម្ពុជា-ថៃនឹងជួបប្រាស្រ័យគ្នារាល់សប្តាហ៍ដើម្បីដោះស្រាយបញ្ហាដែលកើតឡើង

2025/08/22 07:14:29 pm        269
ភ្នំពេញ ​៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៥ បានឲ្យដឹងថាកម្ពុជា និងថៃបានកំពុងពិចារណាក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន នឹងមានការអនុញ្ញាតិឲ្យមេបញ្ជាការថ្នាក់មូលដ្ឋានរបស់កម្ពុជា និងថៃជួបគ្នាជារៀងរាល់សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅព្រំដែននៃប្រទេសទាំងពីរ(កម្ពុជា-ថៃ)ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉ោយប៉ែតស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានធ្វើឡើងនៅខេត្តស្រះកែវ ប្រទេសថៃនាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានញ្ជាក់ថា«ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល(SG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែនកងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងគោលបំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នាជាដើម»។ ​បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានលើកឡើងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើ នេះកម្ពុជានិងថៃក៏បានពិចារណាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មាធិការមូលដ្ឋានព្រំដែន (Township Border Committee-TBC) ដែលមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC)។ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថាក្នុងអំឡុងពេលអន្តរកាល មុនការបង្កើតក្រុមការងារសម្របសម្រួល(CG) និងគណៈកម្មាធិការមូលដ្ឋានព្រំដែន (TBC)« មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរនឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលា សមស្រប ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវឆន្ទៈដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរស័ព្ទ(ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់ និងជាក់ស្ដែងតាមរយៈក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិ ការព្រំដែនទូទៅ (GBC) នឹងយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយនោះ។បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នាបញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែល បានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយផងដែរ៕អត្ថបទ បាន ចក់

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យវឌ្ឍនភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោសែនកោះធំ

2025/08/22 07:05:39 pm        194
កណ្ដាល ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងការបម្រើសេវាជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។ក្នុងដំណើរចុះទស្សនកិច្ច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យតេជោ កោះធំ អំពីវិធីសាស្រ្តនានាក្នុងការរៀបចំសេវាផ្សេងៗឱ្យបានកាន់តែរលូន តួយ៉ាងសេវាសង្គ្រោះបន្ទាន់ សេវាសង្គ្រោះកម្រិតធ្ងន់ សេវាសម្រាល និងរូបភាពវេជ្ជសាស្ត្រជាដើម។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកបន្ថែម ដល់មន្ទីរពេទ្យត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការ គោរពវិន័យការងារ ការបន្តពង្រឹងសមត្ថភាពទាំងភាពជាអ្នកដឹកនាំ ទាំងជំនាញបច្ចេកទេស ដោយចែករំលែកចំណេះដឹងនិងបទពិសោធន៍គ្នា ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈបម្រើសុខភាពជូនប្រជាពលរដ្ឋតាមតម្រូវការ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសែន កោះធំ និងសួរពីចំណាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋអំពីការបម្រើសេវារបស់មន្ទីរពេទ្យ ដែលប្រជាពលរដ្ឋបានបង្ហាញពីការរីករាយ ចំពោះការយកចិត្តទុកដាក់ ការរួសរាយរាក់ទាក់របស់គ្រូពេទ្យ រួមសំដីសំដៅនិងឥរិយាបថល្អ។ បន្ថែមលើនេះដែរ ប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលមានមន្ទីរពេទ្យធំស្អាតនៅជិតផ្ទះ ស្តង់ដាទំនើប ជាមួយគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ នៅទឹកដីស្រុកកោះធំ ខេត្តកណ្តាលនេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់តម្កល់ខ្ពស់មតិចូលរួមស្ថាបនារបស់បងប្អូនដែលមកទទួលសេវា តាមរយៈប្រអប់សំបុត្រមតិយោបល់ និងQR code ដោយខិតខំស្វែងយល់អំពីចំណុចដែលមិនទាន់ល្អប្រសើរ និងធ្វើការកែលម្អឱ្យបានទាន់ពេលវេលា ក្នុងការបង្កើនទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាលខេត្តកណ្តាល ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដោយត្រូវរៀបចំសារអប់រំសុខភាព ពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាមក្នុងរដូវវស្សា ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ដឹងបានគ្រប់ជ្រុងជ្រោយពីវិធីការពារខ្លួន និងត្រូវបាញ់ថ្នាំសម្លាប់មូសឱ្យដល់កន្លែង ឬខ្នងផ្ទះប្រជាជន នៅតំបន់ណាមានជំងឺគ្រុនឈាមខ្ពស់៕អត្ថបទ រដ្ឋា

មនី្ទរវប្បធម៌ខេត្តកំពង់ឆ្នាំង ចុះផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ

2025/08/22 06:47:52 pm        130
ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញនៃការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ចុះផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពវត្ថុបុរាណក្រៅឃ្លាំង នៅក្នុងទីតាំងប្រាសាទកំពង់ព្រះ ដែលស្ថិតនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង, នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ។ កិច្ចការនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមសហការពីសំណាក់ព្រះចៅអធិការវត្ត លោកអភិបាលរងស្រុកបរិបូណ៌ លោកមេឃុំឆ្នុកទ្រូ កងកម្លាំងទាំងបី អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋាន។លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ថា ការចុះបញ្ជីវត្ថុបុរាណក្រៅឃ្លាំង គឺដើម្បីកំណត់បាននូវអត្តសញ្ញាណ ការអភិរក្ស ការគ្រប់គ្រង និងជាមូលដ្ឋានដ៏សំខាន់ក្នុងការទាមទាវត្ថុបុរាណដែលត្រូវបាននាំចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់ត្រឡប់មកវិញ។ ដោយសង្កេតឃើញថា មានវត្ថុបុរាណជាផ្តែរប្រាសាទចំនួន២ដុំ ស្ថិតនៅក្បែរតួប្រាសាទកំពង់ព្រះ មានស្ថានភាពបែកបាក់ ផុយ និងរបេះក្បាច់ជាច្រើន មិនមានការថែរក្សាត្រឹមត្រូវ និងម្យ៉ាងទៀតប្រឈមនឹងហានិភ័យនៃការបាត់បង់នោះ ទើបនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមួយព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះប្រមូលវត្ថុសិល្បៈជាផ្តែរប្រាសាទយកមកថែរក្សា និងជួសជុលនៅក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងបង្ហាញជូនដល់សាធារណជន និងអ្នកស្រាវជ្រាវ បានទស្សនា និងសិក្សាស្វែងយល់ពីបន្ថែមវត្ថុសិល្បៈទាំងនោះ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM