ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ

ព័ត៌មានជាតិ

កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ

2024/10/11 04:01:07 pm        504
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាកិច្ចចាប់ផ្ដើមសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចបវរធិបតីអំពីបំណងរបស់លុចសំបួ ក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និង វិស័យអប់រំ ជាដើម។ សម្ដេចបវរធិបតី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន៕ 

សម្ដេចតេជោ៖ រាជរដ្ឋាភិបាលថ្មីសម្រេចបានលទ្ធផលដ៏ល្អជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះ​ទៅមុខដោយភាពជឿជាក់

2024/10/11 03:55:51 pm        679
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ថា បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុង​បន្តឆ្ពោះទៅមុខដោយភាពជឿជាក់។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធាន​​តំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូល​ជួបសម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ក្នុងឱកាសនោះសម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។ឯកឧត្តម SHINOHARA បានថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ ហើយបានអបអរសាទរសម្ដេចតេជោដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមមានប្រសាសន៍ថា ជំនួបថ្ងៃនេះ គឺជាឱកាសសម្រាប់ឯកឧត្តម ថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងជម្រាបលាទៅកាន់ប្រទេសជប៉ុនវិញ ដោយឯកឧត្តម មានសេចក្តីរីករាយដែលបានបន្តកិច្ចការនៅប្រទេសកម្ពុជា និងបានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ តាមរយៈវត្តមានរបស់ឯកឧត្តមជាច្រើនឆ្នាំនៅកម្ពុជា ឯកឧត្តមបានមើលឃើញនូវការរីកលូតលាស់យ៉ាងខ្លាំងក្លារបស់កម្ពុជា ជាបន្តបន្ទាប់។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ ឯកឧត្តម នឹងរីករាយប្រាប់អំពីប្រទេសកម្ពុជា ដល់ប្រជាជនជប៉ុនដែលចាប់អារម្មណ៍ពីកម្ពុជា។ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយ ឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជា បានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ ការកាត់បន្ថយភាពក្រីក្រ ការផ្គត់ផ្គង់ទឹកស្អាត ការកើនឡើងនៃការប្រើប្រាស់អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ផលិតផលកសិកម្ម ដូចជា ស្រូវ ស្វាយចន្ទី...។ល។សម្ដេចតេជោ ក៏បានជម្រាបជូនឯកឧត្តម SHINOHARA ពីការលះបង់របស់សម្ដេចក្នុងការផ្ទេរអំណាចទៅដល់អ្នកបន្តវេនជំនាន់ក្រោយ ដែលជាការប្តូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន រយៈពេលយូរអង្វែង។ សម្ដេចតេជោ បន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលថ្មី សម្រេចបានលទ្ធផលដ៏ល្អប្រសើរ ជាងការរំពឹងទុក និងកំពុងបន្តឆ្ពោះទៅមុខដោយភាពជឿជាក់ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍ ។សម្តេចតេជោ និង ឯកឧត្តម SHINOHARA ក៏បានពិភាក្សាគ្នាផងដែរអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅប្រទេសជប៉ុន ហើយបានឯកភាពគ្នាអំពីសង្គតិភាពរបស់គោលនយោបាយការបរទេសជប៉ុនចំពោះកម្ពុជា។ ឯកឧត្តម បានកោតសរសើរចំពោះការរួមចំណែកដ៏សំខាន់របស់សម្តេចក្នុងការជំរុញសន្តិភាពនៅក្នុងតំបន់និងជុំវិញពិភពលោក៕ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅប្រទេសឡាវ

2024/10/11 03:49:44 pm        620
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥(AIPA-45) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។ មហាសន្និបាត​អន្តរសភាអាស៊ាន ហៅកាត់ (AIPA)ជាវេទិកាសភា​នៃបណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ការ​ជួបប្រជុំជាប្រចាំឆ្នាំរបស់ AIPA ជាការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុង​ការ​គំាទ្រ​ និងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​សហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាពនិង​បរិយាបន្ន​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងតំបន់ និងអន្តរជាតិ។ អាយប៉ាមានសមាជិកចំនួន១០ប្រទេស រួមមាន៖ ព្រុយណេដារុយសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ មហាសន្និបាតអន្តរសភាអា​ស៊ាន​លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ ប្រារព្ធធ្វើឡើង​ក្រោម​មូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកប​ដោយបរិយាបន្ន​របស់​អាស៊ាន”។ អំឡុងពេលចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលរួមកិច្ចប្រជុំសំខាន់ៗ រួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា លើកទី៤៥ ចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី៤៥ ចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ ចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកានៃអ្នកនយោបាយរបស់វ៉ាយប៉ា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ និងពិធីបិទមហាសន្និបាត ជាដើម។ ក្រៅពីនេះ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគី ដើម្បីពង្រឹងការងារការទូតសភាជាមួយបណ្តាថ្នាក់ដឹកនាំគណៈប្រតិភូសភាជាមិត្តផ្សេងៗទៀត នៅក្នុងនោះមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ជួបពិភាក្សាទ្វេភាគីជាមួយប្រធានរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាថៃ និងគណៈប្រតិភូមួយចំនួនទៀតដែលអញ្ជើញចូលរួម​មហាសន្និបាតលើកទី៤៥ នេះ៕ 

កីឡាករអុំទូកនៅភ្នំពេញ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/10/11 03:35:59 pm        687
កីឡាករអុំទូកនៅរាជធានីភ្នំពេញញ កំពុងហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅនៅខែក្រោយនេះ។លោក សុខ សឿន គ្រូបង្ហាត់កីឡាករអុំទូក តំណាងឱ្យវត្តហារាម ស្ថិតរាជធានីភ្នំពេញ ដែលត្រៀម ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បានប្រាប់BTVថា បច្ចុប្បន្ន កីឡាករអុំទូកតំណាងឱ្យវត្តហារាម ទាំងអស់ បាននឹងកំពុងយកចិត្តទុកដាក់ចំពោះការហ្វឹកហាត់អុំទូកជារៀងរាល់ល្ងាច ដើម្បីយល់អំពីបច្ចេក ទេសអុំទូកឱ្យលឿន ដើម្បីទទួលបានជោគជ័យក្នុងពេលចូលរួមប្រកួតនៅមុខព្រះបរមរាជវាំង។ លើសពី នេះ លោកក៏បានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគថវិកា និងសម្ភារផ្សេងៗ ដល់វត្តហារាម ផងដែរ។កីឡាករអុំទូក បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពពេលចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំ នៅខែក្រោយ ដើម្បីលើកមុខមាត់វត្តហារាម។យ៉ាងណាក្តី លទ្ធផល ឈ្នះ ឫចាញ់ កីឡាករទាំងនោះ បានបង្ហាញអារម្មណ៍រីករាយ ដែលអាចបានចូលរួមក្នុងព្រះរាជពិធីបុណ្យដ៍ធំមួយនេះ។ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលឆ្នាំនេះ រាជរដ្ឋាភិបាល បានប្រកាសថានឹងរៀបចំធ្វើ ឱ្យបានអធិកអធម ៕ អត្ថបទ៖ សោភ័ណ 

ធនាគារជាតិកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ត្រួតពិនិត្យ ដើម្បីការប្រកួតប្រជែង​ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ

2024/10/11 03:25:42 pm        515
ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បី​ធានា​ឱ្យ​បាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរ​ដល់​អ្នក​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​បង្ហាញ​ពី​ការ​វិវត្ត​និង​រីក​ចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួ​មចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម កម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រម​ទាំង​បាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែល​ពុំ​មាន​ប្រតិបត្តិការធនាគារទៅដល់។ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរង​នូវ​ការ​ចោទ​ប្រកាន់​មិនមាន​មូល​ដ្ឋាន​ជាក់​លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការ​បញ្ចេញ​ឥណទាន​ហួស​ពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអ​នុវ​ត្ត​សកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់​បន្ថយ​របបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះ​ជាន់​លើ​ពលកម្មកុមារជាដើម។ បញ្ហាចម្បងៗដែលជាដើម ហេតុនៃការចោទ​ប្រកាន់​ទាំង​នេះ​រួម​មាន​៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការ​ឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការ​ផ្តល់​ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការ​ពិន័យ​ផ្សេង​ៗ​ក្នុង​កម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយក ចិត្តទុកដាក់ ក្នុងការ​ដោះស្រា​យ​បញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។ ចំពោះវិស័យមីក្រូហិរញ្ញវិញ, លោកជំទាវ ឌិត នីតា ប្រធានក្រុម​ប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និង​ស្ថិរភាព តាមរយៈការផ្តល់សេវាកម្មប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និង​កិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ គិត​ត្រឹម​ត្រីមាស ទីពីរក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យ​ឥណទានស​រុប​ប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញ​ការិយាល័យ​ជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង ២១ ពាន់នាក់ នៅ​ទូទាំង​២៥​រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញផលិតផលកសិកម្មនឹងបន្តកើនឡើងកាន់តែខ្លាំង គាំទ្រដល់កំណើនការនាំចេញ​ទំនិញកម្ពុជា

2024/10/11 03:02:33 pm        199
កម្ពុជានាំចេញផលិតផលចេញពីវិស័យកសិកម្ម កំពុងមាននិន្នាការកើនឡើង ហើយវិស័យនេះនឹង​អាចមានសក្តានុពលកាន់តែ ខ្លាំងថែមទៀត ដែលនឹងជួយគាំទ្រដល់កំណើន នៃការនាំចេញ​ទំនិញ​សរុបក្នុងស្រុក។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើកឡើង​ក្នុងកិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញកសិផលពីវិស័យកសិកម្មកម្ពុជា នេះថា ទាក់ទិនវិស័យកសិកម្ម ឃើញថា បន្ទាប់ពីការផ្ទុះជំងឺកូវីដ -១៩ និងការផ្ទុះនៃសង្គ្រាមរុស្សី-អ៊ុយក្រែន, វិស័យនេះបានប្រែរូបរាងជាច្រើន ទាំងនៅក្នុងការដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រោះនៅ ពេលមានវិបត្តិ ប្រទេសនីមួយៗបានផ្តាច់ទំនាក់ទំនង ហើយបានខិតខំអភិវឌ្ឍន៍វិស័យកសិកម្ម ដើម្បីផ្គត់ផ្គង់ស្បៀងនៅក្នុងប្រទេស រៀងៗខ្លួន ខណៈដែលការដឹកជញ្ជូនក៏ឡើងថ្លៃ និងការផ្គត់ផ្គង់ក៏មានការដាច់ចង្វាក់ផលិតកម្មជាដើម។លោកបណ្ឌិត បន្តថា ស្របពេលជួបវិបត្តិនេះ វិស័យកសិកម្មនៅកម្ពុជា មានការធ្លាក់ចុះបន្តិចបន្ទួច តែមកដល់បច្ចុប្បន្នកំលាំង ផលិតរបស់យើងបានងើបឡើងវិញដ៏ដែល ក្នុងនោះអ្វីដែលប្រទេសកម្ពុជានាំចេញមានកំណើននេះ ព្រោះកម្ពុជាផលិតស្បៀងបាន ច្រើន ក្រោយពីតម្រូវផ្គត់ផ្គង់ក្នុងស្រុក។ បញ្ហានេះ លោកបណ្ឌិតរំពឹងថា កម្ពុជានឹងនាំចេញផលិតផលពីវិស័យកសិកម្មកាន់តែច្រើន ថែមទៀត ខណៈរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, សម្តេចបាន លើកទឹកចិត្តដល់វិស័យនេះយ៉ាងខ្លាំង។ទាក់ទងការទទួលបានឥណទានវិញ, ថ្មីៗនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ ចំពោះការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃើញថា ការផ្តល់ឥណទានទៅ លើវិស័យអចលនទ្រព្យ និងសំណង់, ការផ្តល់កម្ចីផ្ទាល់ខ្លួន, និងផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានបានធ្លាក់ចុះ ចំពោះឥណទានមិន ដំណើរការលើស ៣០ថ្ងៃ ដោយមានទំហំធំ ខណៈដែលការផ្តល់ឥណទានទៅលើវិស័យកសិកម្ម មានឥណទានមិនដំណើរទាប ដែល បញ្ហានេះ បានបង្ហាញឱ្យឃើញនៃការរីកលូតលាស់នៅក្នុងវិស័យកសិកម្ម។សូមបញ្ជាក់ថា កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស បើតាមរបាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជានាំចេញមានបរិមាណសរុបជាង ៦,១ លានតោន កើនឡើងប្រមាណជាង ៥៧% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ គិតជាទឹកប្រាក់មានទំហំទឹកប្រមាណជាង ២ ៨០០ លានដុល្លារអាមេរិក ដែលគាំទ្រកំណើននៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច៕អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីធនាគារជាតិធ្វើការចែករំលែកការអភិវឌ្ឍន៍ឌីជីថល និងនិន្នាការរីកចម្រើនថ្មី​ក្នុងវិស័យធនាគារ

2024/10/11 02:48:22 pm        105
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានធ្វើការចែករំលែក និងបទពិសោធន៍ លើការ​អភិវឌ្ឍន៍​ឌីជីថល និងនិន្នាការរីកចម្រើនក្នុង វិស័យធនាគារនៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះ បាននិង​កំពុងបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ និងជាប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា នៅ ក្នុងវេទិកាធនាគារឆ្នាំ ២០២៤ និងការតាំងពិព័រណ៍ការងារ ដែលរៀបចំខេមអេដ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងអំពី វិស័យធនាគារនៅកម្ពុជា ដែលបានបន្តរួមចំណែកបង្កើតភាពអំណោយផលដល់កំណើន តាមរយៈការអនុវត្តតួនាទីភារកិច្ច ក្នុងការរក្សា ស្ថិរភាពថ្លៃ ដែលគាំទ្រការវិនិយោគ និងប្រើប្រាស់ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីសម្រួលនិងបង្កើនដល់ចរន្តសេដ្ឋកិច្ច និងការពង្រីក ប្រព័ន្ធធនាគារដ៏មានទំនុកចិត្តសម្រាប់វិនិយោគិន និងសាធារណជនផងដែរ។ចំណែកទាក់ទិននិងបច្ចេកវិទ្យាឌីជីថលវិញ, លោកក៏បានលើកឡើងអំពីការខិតខំយកចិត្តទុក របស់ធនាគារជាតិនៃកម្ពុជា លើ អភិវឌ្ឍនូវប្រព័ន្ធបច្ចេកវិទ្យាជីឌីថល ព្រោះនៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាកំពុងដើរយ៉ាងលឿន ដែលតម្រូវឱ្យយើងត្រូវដើរឱ្យទាន់ នៃសម័យរីកច្រើននេះផងដែរ, ជាក់ស្តែងធនាគារជាតិនៃកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានអភិវឌ្ឍន៍នូវប្រព័ន្ធជាច្រើន ដូចជា ប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS), ប្រព័ន្ធផាត់ទាត់ជាតិ (NCS) និងប្រព័ន្ធបាគងជាដើម ហើយថ្មីៗនេះធនាគារជាតិកម្ពុជា បានដាក់ឱ្យដំណើរ បាគងទេសចរ “Bakong Tourist App” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ។ចំណែក និស្សិតខេមអេដ និងនិស្សិតមកពីបណ្តាសកលវិទ្យាល័យនានា បានលើកឡើងថា ចំពោះការរៀបចំវេទិកាលើវិស័យ ធនាគារ និងការតាំងពិព័រណ៍ការងារនេះ សម្រាប់ពួកគាត់នៅក្នុងការសិក្សា ពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រីកចំណេះដឹង និងការទទួលនូវបទពិសោធន៍ផ្សេងៗបន្ថែមក្រៅពីការសិក្សានៅក្នុងសាលា ជាពិសេសការទទួលនូវព័ត៌មានទាក់ទងការងារជាដើម ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានការរីកចម្រើនលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងការស្រូបយកការវិនិយោគជាបន្តបន្ទាប់ ដែលទាំង អស់នេះ នឹងមានត្រូវការការងារលើផ្នែកគណនេយ្យ សវនកម្ម និងជំនាញផ្សេងៗទៀតជាមិនខាន។ជុំវិញការរៀបចំព្រឹត្តិការណ៍ខាងលើនេះ, លោក ខេស៊ី បាណេត ក៏បានបញ្ជាក់អំពីគោលជំហរក្នុងការរៀបចំ គឺមានទិសដៅជំរុញឱ្យ និស្សិតទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដែលបាននិងកំពុងអនុវត្តនៅតាមស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជានៅតាម បណ្តាក្រុមហ៊ុន-សហគ្រាសនានា សម្រាប់ជាធាតុចូល និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមទីផ្សារការងារបច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា សម្រាប់អនុវត្តលើវិស័យអចលនទ្រព្យ

2024/10/11 02:31:34 pm        456
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់នូវវិធាន និងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ការដាក់ភាគហ៊ុនជាចលនទ្រព្យ ការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋជាដើម។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីពន្ធប្រថាប់ត្រា ដោយប្រកាសនេះ មានគោលបំណងកំណត់នូវវិធាន និង នីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធប្រថាប់ត្រា ដោយមានវិសាលភាពអនុវត្តទៅលើដូចជា៖ ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាចលនទ្រព្យ និងអចលនទ្រព្យក្នុងក្រុមហ៊ុន, ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល, កិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង លិខិតមានលក្ខណៈ គតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រាដូចជា៖ ៤ ភាគរយ នៃតម្លៃអចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលន ទ្រព្យជាសំណង់ និងដី ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ការផ្ទេរភាគហ៊ុន ឬផលប្រយោជន៍ប្រហាក់ប្រហែល របស់ ក្រុមហ៊ុនអចលនទ្រព្យ។ ៤ ភាគរយ នៃតម្លៃចលនទ្រព្យ ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលនទ្រព្យ ការដាក់ភាគហ៊ុនជា ចលនទ្រព្យក្នុងក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃភាគហ៊ុនចំពោះការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ០,១ ភាគរយ នៃតម្លៃចុះកិច្ចសន្យាចំពោះកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ថវិការដ្ឋ, និង ១ លានរៀល ចំពោះលិខិត មានលក្ខណៈគតិយុត្ត រួមមានលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ចំណែកមូលដ្ឋានគិតពន្ធប្រថាប់ត្រាត្រូវបានកំណត់រួមមាន តម្លៃចលនទ្រព្យ និងអចលនទ្រព្យត្រូវគិតតាមតម្លៃទីផ្សារ នាពេល ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចកំណត់តម្លៃចលនទ្រព្យ និងអចលនទ្រព្យសម្រាប់ធ្វើជាមូល ដ្ឋានគិតពន្ធនេះ។ តម្លៃភាគហ៊ុនឬផលប្រយោជន៍ប្រហាក់ប្រហែល ត្រូវគិតតាមតម្លៃទីផ្សារនាពេលប្រតិបត្តិការផ្ទេរភាគហ៊ុន ឬផល- ប្រយោជន៍ប្រហាក់ប្រហែលនោះកើតឡើង។ តម្លៃចុះកិច្ចសន្យា ត្រូវគិតតាមតម្លៃក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ ដោយមិនរួមបញ្ចូលអាករលើតម្លៃបន្ថែម។ លិខិតមានលក្ខណៈគតិយុត្តត្រូវកំណត់ ១ លានរៀល ចំពោះលិខិតមានលក្ខណៈ គតិយុត្តនីមួយៗ។ជុំវិញពន្ធប្រថាប់នេះ គឺមានពន្ធប្រថាប់ត្រាត្រូវបានលើកលែងនិងអនុគ្រោះ ដែលការលើកលែង និងអនុគ្រោះនេះ មាននីតិវិធី ជាច្រើនដែលអនុវត្តនៅក្នុងប្រកាស។ ចំណែកពន្ធប្រថាប់ត្រាដែលត្រូវអនុវត្តវិញរួមមាន៖ អ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ចលន -ទ្រព្យ និងអចលនទ្រព្យ, អ្នកទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់ភាគហ៊ុន, អ្នកទទួលបានកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ឬសេវាដែលប្រើប្រាស់ ថវិការដ្ឋ, និងអ្នកទទួលសិទ្ធិលើលិខិតមានលក្ខណៈគតិយុត្ត។ ក្រៅពីនេះចំណែកអ្នកជាប់ដែលត្រូវមានកាតព្វកិច្ច ក៏មាននីតិវិធីជា ច្រើនដែលត្រូវអនុវត្តដូចមាននៅក្នុងប្រកាសនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារជាតិកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ត្រួតពិនិត្យ ដើម្បីការប្រកួតប្រជែងក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ

2024/10/11 02:23:39 pm        37
ភ្នំពេញ : ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ដើម្បីធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សុចរិតភាព តម្លាភាព និងគិតគូរដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើនប្រព័ន្ធធនាគារ ប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិស័យមី ក្រូហិរញ្ញវត្ថុនៅកម្ពុជា” នៅខេត្តកែប ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញពីការវិវត្តនិងរីកចម្រើនយ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម កម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយវិសមភាពការទទួលបានសេវាហិរញ្ញវត្ថុ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ វិស័យនេះបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបាន បន្តអភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព មានកិច្ចការពារ និងបរិយាបន្ន ជាពិសេសសម្រាប់ ប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលពុំមានប្រតិបត្តិការធនាគារទៅដល់។ឯកឧត្តម បន្តថា ទោះបីយ៉ាងនេះក្តី វិស័យនេះក៏កំពុងទទួលរងនូវការចោទប្រកាន់មិនមានមូលដ្ឋានជាក់លាក់ និងការព្រួយ បារម្ភពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការបញ្ចេញឥណទានហួសពីតម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់ បំណុល លើសលប់ ការអនុវត្តសកម្មភាពប្រមូលបំណុល ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រ កាត់បន្ថយរបបអាហារ ឬលក់ដីធ្លី ការធ្វើចំណាកស្រុកខុសច្បាប់ ការបោះបង់ការសិក្សា និងការជិះជាន់លើពលកម្មកុមារជាដើម។ បញ្ហាចម្បងៗដែលជាដើម ហេតុនៃការចោទប្រកាន់ទាំងនេះរួមមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក ហិរញ្ញវត្ថុនៅមានកម្រិតទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សោយនៃដំណើរការវាយតម្លៃ ក្នុងការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្តោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និងការពិន័យផ្សេងៗក្នុងកម្រិតខ្ពស់ជាដើម។ ជុំវិញបញ្ហានេះធនាគារជាតិនៃកម្ពុជា តែងតែយក ចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធ ធនាគារប្រកបដោយភាពទទួលខុសត្រូវ ។ ចំពោះវិស័យមីក្រូហិរញ្ញវិញ, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងឱ្យដឹងថា វិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្តរក្សាបានកំណើន និងស្ថិរភាព តាមរយៈការផ្តល់សេវាកម្មប្រកបដោយបរិយាបន្ន ជាមួយស្មារតី ទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។ គិតត្រឹមត្រីមាស ទីពីរក្នុងឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ទុនជូនប្រជាជនកម្ពុជា ចំនួនប្រមាណ ១,៥៥លាននាក់ ក្នុងនោះ៥៤% ជាស្ត្រី និងមានសមតុល្យឥណទានសរុបប្រមាណ ៥,១ ពាន់លានដុល្លារអាមេរិក ព្រមទាំងអតិថិជនប្រាក់បញ្ញើសរុបចំនួនជាង ២ លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាមេរិក និងបណ្តាញការិយាល័យជាង ៩០០ កន្លែង ដែលមានបុគ្គលិកបម្រើសេវា កម្មសរុបប្រមាណជាង ២១ ពាន់នាក់ នៅទូទាំង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ Xiaomi បង្ហាញវត្តមានជាផ្លូវការនៅទីផ្សារកម្ពុជា

2024/10/11 02:09:47 pm        188
ក្រុមហ៊ុន ស៊ាវមី (Xiaomi) នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៤នេះ បានបើកបង្ហាញ និង​ដាក់​លក់​ជា​ផ្លូវការ​ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនា​ឡើង​សម្រាប់​អ្នក​ចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ ជាពិសេសនាំ​យក​បច្ចេក​វិទ្យា​នៃការថតរូបពេលយប់ជាមួយមុខងារ AI ដ៏មានឥទ្ធិពល។ក្នុងពិធីបើកបង្ហាញត្រកូលស្មាតហ្វូន ស៊ាវមី ១៤ធី សឺរីស (Xiaomi 14T Series) លោក ភីកឃ័រ កៅ (Peaker Gao) នាយកគ្រប់គ្រងប្រចំាប្រទេសកម្ពុជារបស់ក្រុមហ៊ុន XIAOMI បាន​មាន​ប្រសាសន៍​ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ ក្នុងការផលិត ផលិតផល​ដែល​មាន​គុណភាពល្អ និងតម្លៃសមរម្យជូនដល់អតិថិជន។ លោកបានបន្តថា ចំពោះ លក្ខណៈ​ពិសេស​របស់ស្មាតហ្វូនចុងក្រោយនេះ គឺប្រព័ន្ធកាមេរ៉ាថតរូបស្អាត និងច្បាស់ល្អ។ បន្ថែមពីនេះ Xiaomi មានការសហការជាមួយ Google ដល់កម្រិតខ្ពស់ ដែលក្លាយជាឧបករណ៍ Xiaomi ដំបូង​បង្អស់ក្នុងការផ្តល់ជូននូវមុខងារច្នៃប្រឌិតជាច្រើន ហើយអ្នកប្រើប្រាស់ អាចស្វែង​រក​ភ្លាមៗ​នូវ​អ្វីដែ​លចង់ឃើញនៅលើទូរស័ព្ទដោយមិនចាំបាច់ប្តូរកម្មវិធី។ ក្នុងបទបង្ហាញរបស់ លោក សម ប្រាថ្នា ប្រធានផ្នែកបណ្តុះបណ្តាលរបស់ក្រុមហ៊ុន Xiaomi បាន​បញ្ជាក់​ឲ្យ​ដឹងថា ការប្រើប្រាស់ AI កម្រិតខ្ពស់សម្រាប់ភាពងាយស្រួលប្រចាំថ្ងៃ Xiaomi 14T Series នាំមកនូវកម្រិតថ្មីនៃផលិតភាព និងភាពច្នៃប្រឌិតជាមួយនឹងសមត្ថភាព AI កម្រិតខ្ពស់ ឆ្លងកាត់​​ការ​ស្វែងរកសំឡេង អត្ថបទ រូបភាព និងវីដេអូពង្រឹងការងារប្រចាំថ្ងៃ ព្រមជាមួយនឹង​ការ​កែ​លម្អ​សម្រាប់ភាពងាយស្រួល។ កាន់តែអស្ចារ្យជាងនេះទៅទៀត ស្មាតហ្វូនថ្មីនេះ គឺមានអ្នក​បក​ប្រែ AI យកឈ្នះលើឧបសគ្គភាសា ដើម្បីបង្កើនទំនាក់ទំនងក្នុងអំឡុងពេលប្រជុំ និងការ​ហៅ​ទូរសព្ទ​។ AI Notes និង AI Recorder បង្កើនប្រសិទ្ធភាព​ជាមួយ​នឹង​ការ​ចម្លង​ការ​និយាយ​ទៅ​អត្ថបទ​ ការទទួលស្គាល់វាគ្មិនត្រឹមត្រូវ និងការសង្ខេបរហ័ស ខណៈពេលដែល​ការ​បក​ប្រែ​តាម​ពេល​វេលា​ជាក់ស្តែងធានានូវអន្តរកម្មពហុភាសាយ៉ាងរលូន។សូមជម្រាបជូនថា សាជីវកម្ម Xiaomi ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១០ គឺជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក ប្រើប្រាស់ និងឆ្លាតវៃ ដែលមានស្មាតហ្វូន និងផ្នែករឹងឆ្លាតវៃ។ ទស្សនៈ​វិស័យរបស់ Xiaomi គឺការ "បង្កើតមិត្តជាមួយអ្នកប្រើប្រាស់ និងក្លាយ​ជា​ក្រុម​ហ៊ុន​ដ៏​ត្រជាក់​បំផុត​នៅ​ក្នុង​ចិត្ត​អ្នកប្រើប្រាស់" Xiaomi បន្តបន្តការបង្កើតអ្វី​ដែល​ថ្មី​ជាមួយ​នឹង​បទ​ពិសោធន៍​អ្នក​ប្រើ​ប្រាស់​ដែល​មានគុណភាពខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការនានា៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា បន្តសួរសុខទុក្ខប្រជាពលរដ្ឋជម្លៀសពីតំបន់ព្រំដែនអូរបីជាន់
07/26/2025 06:07 PM
ក្រុមយុវជននាំគ្នារៀបចំចម្អិនម្ហូបជូនជនភៀសសឹក ដែលគេចពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ ក្នុងខេត្តឧត្តរមានជ័យ
07/26/2025 06:07 PM
សិក្ខាកាមវគ្គអប់រំនយោបាយកម្រិត១វគ្គជំនាន់៨១របស់គណបក្សប្រជាជនកម្ពុជានាំយកអំណោយចែកជូននគរបាលការពារបេតិកភណ្ឌប្រាសាទព្រះវិហារ
07/26/2025 05:07 PM
ប្រធាន IAEA ត្រូវលើកទឹកចិត្តដោយការសម្រេចចិត្តរបស់អ៊ីរ៉ង់ ឲ្យមកទស្សនកិច្ចប្រទេសនេះ នៅប៉ុន្មាន សប្តាហ៍ខាងមុខ
07/26/2025 05:07 PM
មនុស្សយ៉ាងតិច ៨នាក់ បានស្លាប់ និង ១៣នាក់ បានរងរបួស នៅក្នុងការវាយប្រហារ «ភេរវកម្ម» នៅភាគអាគ្នេយ៍អ៊ីរ៉ង់
07/26/2025 05:07 PM
ខ្មែរជួយខ្មែរ៖ ក្រសួងកសិកម្ម បន្តនាំយកបន្លែចំនួន ៣តោនបន្ថែមទៀតជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹកខេត្តឧត្ដរមានជ័យ
07/26/2025 05:07 PM
ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន ប្រឈមនឹងការបំភិតបំភ័យ និងការវាយប្រហារជាថ្មី នៅពេលទៅទទួលជំនួយ
07/26/2025 05:07 PM
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
07/26/2025 05:07 PM
ទាហាន១០នាក់ ត្រូវបានសម្លាប់ ខណៈកងកម្លាំងយេម៉ែន បានប៉ះទង្គិចជាមួយក្រុមហ៊ួទី នៅខេត្ត Saada
07/26/2025 04:07 PM
នគរបាលប្រឆាំងភេរវកម្ម កំពុងស៊ើបអង្កេតលើករណីផ្ទុះអគារផ្ទះល្វែងមួយ នៅប្រទេសក្រិក
07/26/2025 04:07 PM