ក្រសួងការពារជាតិ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន
បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប
ប្រមុខការពារជាតិកម្ពុជា ​អំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និង​បន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ និងស្តាប់ការណែនាំរបស់អាជ្ញាធរ

ព័ត៌មានជាតិ

ក្រសួងការងារបើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ និងទស្សនវិស័យការងារចំនួនពីរ

2024/10/10 10:21:09 pm        37
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១០ តុលា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ៖ តម្រូវការជំនាញ និងការងារសម្រាប់យុវជន», របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» និង «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤»។នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សិក្ខាសាលានេះ ផ្សព្វផ្សាយនូវឯកសារដ៏មានសារៈសំខាន់ចំនួន៣ រួមមាន ទី១ ព្រឹត្តិបត្រ «ទស្សនវិស័យមុខរបរ និងការងារ» ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ព័ត៌មានសំខាន់ៗអំពីទីផ្សារការងារ និងឱកាសការងារដែលមានស្រាប់សម្រាប់យុវជន និងជាព័ត៌មានចាំបាច់សម្រាប់គ្រឹះស្ថានបណ្តុះបណ្តាលដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជំនាញត្រូវនឹងទីផ្សារបច្ចុប្បន្ន។ ទី២. របាយការណ៍លទ្ធផលអង្កេតស្តីពី «តម្រូវការជំនាញរបស់និយោជក ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់តម្រូវការនៃកម្លាំងពលកម្ម និងស្ថានភាពកង្វះជំនាញ និងការបណ្តុះបណ្តាលបុគ្គលិក និងស្ថានភាពនៃការជ្រើសរើសបុគ្គលិកនៅតាមវិស័យ និងទំហំនៃសហគ្រាស គ្រឹះស្ថានផ្សេងៗគ្នា ក្នុងរយៈពេលខ្លី និងមធ្យម ដោយជាក់ស្តែងរបាយការណ៍នេះបង្ហាញថា សហគ្រាស គ្រឹះស្ថានក្នុងអនុវិស័យសំខាន់ៗមួយចំនួនកំពុងប្រឈមការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មដើម្បីបំពេញតម្រូវការរបស់ខ្លួន។ និងទី៣.របាយការណ៍លទ្ធផលអង្កេតស្តីពី «ទស្សនវិស័យការងារកម្ពុជា ឆមាសទី២ ឆ្នាំ២០២៤» ដែលត្រូវបានធ្វើឡើងដើម្បីកំណត់នូវមុខរបរ ឬជំនាញដែលមានតម្រូវការខ្ពស់ និងកំណត់និន្នាការប្រាក់ឈ្នួលតាមវិស័យក្នុងរយៈពេលខ្លី និងមធ្យម។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា លទ្ធផលនៃការអង្កេតនេះ នឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ និយោជក និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា សម្រាប់យកជាមូលដ្ឋានក្នុងការសម្រេចចិត្តផ្នែកគោលនយោបាយ និងសម្រាប់អ្នករៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការជំនាញ និងបរិបទទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយការអង្កេតទាំងនេះ ត្រូវបានរៀបចំឡើងស្របតាមសូចនាករនៃផែនការយុទ្ធសាស្ត្រវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្ខាសាលាខាងលើនេះ មានអ្នកចូលរួមចំនួនប្រមាណ ១០០នាក់ មកពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) , មជ្ឈមណ្ឌលការងាររាជធានី ខេត្ត, អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, តំណាងដៃគូអភិវឌ្ឍន៍, រួមនិងតំណាងវិស័យឯកជន៕អត្ថបទ ឈិត បូរ៉ាវី

រដ្ឋមន្រី្តសុខាភិបាល ចុះទៅទទួលការបម្រើសេវាសុខាភិបាល និងពិនិត្យដំណើរការមណ្ឌលសុខភាពខ្ចាស់ នៅខេត្តសៀមរាប ដោយពុំជម្រាបជូនដំណឹង

2024/10/10 10:12:23 pm        81
ភ្នំពេញ ÷ ក្នុងឱកាសធ្វើដំណើរពីខេត្តសៀមរាប ត្រឡប់មកកាន់រាជធានីភ្នំពេញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញឆ្លៀតចូលសាកល្បងចុះទៅទទួលការបម្រើសេវាពិនិត្យសុខភាព និងឆ្លៀតពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃខេត្តសៀមរាប ដោយមិនបានជូនដំណឹងជាមុន, នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំម្នាក់ បានដើរតួជាអ្នកជំងឺ ទៅទទួលការបម្រើសេវាពិនិត្យសុខភាព ដើម្បីជាការពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ទាំងការបដិសណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថភាពផ្នែកបច្ចេកទេសនៃការផ្តល់សេវា។ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនជាព័ត៌មានត្រឡប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់តែល្អ អំពីប្រសិទ្ធិភាពការងារ ជាពិសេសគឺនឹងនាំមកនូវ ការសាទរ ពេញចិត្តពេញថ្លើម ពីបងប្អូនប្រជាពលរដ្ឋអ្នកជំងឺ និងក្រុមគ្រួសារ។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់លើចំនុចមួយចំនួន ៖ ១-សុឆន្ទៈទទួលខុសត្រូវខ្ពស់ របស់ប្រធានមណ្ឌល, ភាពវាងវៃ (willingness with attentive and vigilant capabilities), ២-សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាពនៃដំណើរការសេវា (regular and in-depth observation) ពីកម្រិតដឹកនាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមបញ្ជាក់ដោយកម្រិតដឹកនាំនៃក្រសួងសុខាភិបាល, ៣-សមត្ថភាពនៃភាពជាអ្នដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារបរិក្ខា ទាំងសំណង់អគារ (appropriate and optimal way of managing, preserving human capital and all available means)៕អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

2024/10/10 08:16:06 pm        138
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូក្រសួងការពារជាតិ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួលមរណភាព នាពេលកន្លងទៅក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏សូមចូលរួមរំលែកនូវមរណទុក្ខ ជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕

កម្ពុជា ប្រារព្ធទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE)

2024/10/10 05:02:49 pm        107
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅព្រះរាជាណាចក្រកម្ពុជា , ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ។​ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា ទិវានេះរៀបចំឡើងមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យបណ្ឌិត អ្នកស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប ចូលរួមដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី១៣ ប្រទេស ពី តំបន់អាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិច។ ក្នុងរយ:ពេល២ថ្ងៃនេះ អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ២៩ រូប នឹងធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ទៅវិញទៅមក លើប្រធានបទនៃការស្រាវជ្រាវ ដោយផ្តោតជាសំខាន់លើ Hepatitis, Sexually Transmitted Infection and Human Papillomavirus, HIV , Emerging Infectious Diseases, Tuberculosis និង One Health។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយសហការជាមួយនឹងស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្តល់ឱកាសដល់អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិបានបង្ហាញលទ្ធផលនៃការស្រាវជ្រាវថ្មីៗ ដើម្បីពិភាក្សាអំពីអាទិភាពនៃការស្រាវជ្រាវនាពេលអនាគត សម្រាប់ដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងសុខភាពជាពិសេសគឺជំងឺឆ្លង។លោកសាស្រ្តាចារ្យ Yazdan Yazdanpanah នាយកភ្នាក់ងារ ANRS MIE បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។លោកស្រីសាស្រ្តាចារ្យ François Barré-Sinoussi ជ័យលាភីណូបែលវេជ្ជសាស្រ្តឆ្នាំ២០០៨ បានសំដែងនៅក្តីរីករាយដែលបានត្រឡប់មកប្រទេសកម្ពុជាម្តងទៀត។ លោកស្រីសាស្រ្តាចារ្យបានកំណត់សំគាល់ពីភាពជាដៃគូដ៏រឹងមាំក្នុងរយៈពេលជិតបីទសវត្សរ៍ ដែលនាំឱ្យជោគជ័យផ្នែកវិទ្យាសាស្ត្រដ៏គួរឱ្យកត់សម្គាល់លើមេរោគអេដស៍/ជំងឺអេដស៍ និងជំងឺរបេង។ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានកំណត់សំគាល់ ទិវាវិទ្យាសាស្ត្រនេះគឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ ឯកឧត្តមបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានខិតខំរៀបចំឲ្យមានទិវាវិទ្យាសាស្រ្តនេះឡើង ដើម្បីផ្តល់ឱកាសដល់អ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើសុខមាលភាពប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលបានសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាព សេវាសុខាភិបាល នៅប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា

នាយករដ្ឋមន្ត្រី កម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញនិងបង្កើនទំហំ​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ

2024/10/10 04:07:18 pm        630
នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ជាកិច្ចចាប់ផ្ដើម សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon ជាថ្មីបន្ទាប់ពីជំនួបលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន នៃប្រទេសអូស្រ្តាលី ។ សម្តេចបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាពកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីននៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។ ថ្នាក់ដឹកនាំទាំងពីរបានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស លើវិស័យកសិកម្ម។ ចំពោះវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរបានប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ការងារឱ្យក្រសួងការបរទេសនៃប្រទេសទាំងពឹរ ពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។ ប្រមុខរដ្ឋាភិបាលទាំងពីរក៏បានផ្លាស់ប្ដូរទស្សនទានគ្នាអំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សាសុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

និស្សិតកសិកម្ម៥០នាក់ ចុះកម្មសិក្សាដោយផ្ទាល់ដើម្បីស្វែងយល់បន្ថែមបន្ទាប់ពីទ្រឹស្តី

2024/10/10 03:58:56 pm        659
ភ្នំព៣ញ៖ ក្រោមការឧបត្ថម្ភគាំទ្ររបស់មជ្ឈមណ្ឌល KOPIA និស្សិតនៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំនួន ៥០នាក់ បានចុះទៅបំពេញកម្មសិក្សានៅសហគមន៍កសិកម្មចំនួន២ ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលដឹកនាំដោយលោកបណ្ឌិត ជាង ហុង សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម។តាមរយៈកម្មសិក្សានេះ និស្សិត​ទាំងអស់​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ពី​លោក​ប្រធាន​សហគមន៍​នីមួយៗក្នុងខេត្តទាំងពីរ ខាងលេី ព្រមទាំងធ្វើការពន្យល់ និងបកស្រាយចម្ងល់ សំណួរ-ចម្លើយ ដែលបានសាកសួរព័ត៌មានផ្សេងៗពីសំណាក់សិស្សនិស្សិត។ សិស្ស​និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបរាប់ថា កន្លងមកពួកគាត់ បានសិក្សា​ការ​ប្រើ​ប្រាស់ពូជ ការប្រើប្រាស់ដី និងការថែទាំ ពួកគាត់បាន​ទទួល​ត្រឹមតែ​ទ្រឹស្តី​នៅ​ក្នុង​សាលា​តែ​ប៉ុណ្ណោះ ប៉ុន្តែតាមរយៈកម្មសិក្សានៅក្នុងថ្ងៃនេះ គឺបានមើលផ្ទាល់ដល់កន្លែងដាំដុះ ដែល​ពិត​ជា​មាន​សារៈសំខាន់យ៉ាងច្រើន ឆ្លើយតបដល់ការសិក្សាជាក់ស្តែង។ក្នុងឱកាសអញ្ជើញចុះបំពេញការងារនេះ លោកបណ្ឌិត ជាង ហុង បានធ្វើការថ្លែងអំណរគុណ ដល់​មជ្ឈមណ្ឌល KOPIA ដែលបានជួយឧបត្ថម្ភគាំទ្រដល់សិស្សនិស្សិត មក​ធ្វើ​ការ​ទស្សន​កិច្ច​សិក្សា​ដល់​សហគមន៍កសិកម្ម និងផ្តល់ការអប់រំជាក់ស្តែង។ លោកបានបន្ថែមថា ការជួយគាំទ្រ​នេះ ពិតជាជួយដល់ដំណើរការសិក្សារបស់សិស្សនិស្សិតផងដែរ។លោកបណ្ឌិត Song Young-Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានប្រសាសន៍ថា លោកគ្រោងនឹងបន្តផ្តល់ឱកាសក្នុងការគាំទ្របែបនេះបន្ថែមទៀតនៅថ្ងៃខាងមុខចំពោះសិស្សនិស្សិត ក្នុងការចុះកម្មសិក្សាផ្ទាល់ ដល់កន្លែងស្រាវជ្រាវដំណាំផ្សេងៗផងដែរ។កម្ម​វិធី​នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីអនុវត្តន៍សកម្មភាព នៃការ​ចុះ​អនុស្ស​រណៈ​យោគ​យល់រវាងមជ្ឈមណ្ឌល KOPIA និងសាកលវិទ្យាល័យភូមិន្ទកសិកម្មថា ពិតជា​បាន​អនុវត្ត ហើយនឹងក្លាយជាជំនួយមួយដ៏ល្អក្នុងការបណ្តុះធនធានមនុស្ស ដើម្បីដឹក​នាំវិ​ស័យ​កសិកម្ម​របស់​កម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត៕

៩ខែកន្លងមកនេះ ក្រសួងការពារជាតិ បានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន និងដែនសមុទ្រ

2024/10/10 03:46:35 pm        700
ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងថាខ្លួនបានចូលរួមយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងដែនសមុទ្រ រួមទាំងបានចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ធាធារណជូនដល់បងប្អូនប្រជាពលរដ្ឋជាដើម។ យោងតាមរបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារ៩ខែ និងទិសដៅអនុវត្តត្រីមាសទី៤ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងរយ:ពេល៩ខែ កន្លងមកនេះ ដែល ខ.ភ.មបានចូលរួមបំពេញភារកិច្ចសហការការពារជាមួយស្ថាប័ននានា ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ក្នុងរបាយការណ៍លើកឡើងថា ៩ខែកន្លងមកនេះ កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ បានខិតខំពុះពារ សម្រេចបាន នៅនូវសមិទ្ធផលជាច្រើនក្រោមកិច្ចសហការជាមួយកកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារជាតិ ការពារប្រជាជន។ កងយោធពលខេមរភូមិន្ទក៏បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់ បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ ទៅវិញទៅមក ជាមួយប្រទេសជិតខាងជាដើម។ បើតាមរបាយការណ៍បានបង្ហាញទៀតថា កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួម យ៉ាងសកម្មការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការ បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ, ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខសុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា និងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ។ដោយឡែកទាក់ទងនឹងសកម្មភាពហ្វឹកហ្វឺនវិញ ក្នុងរយៈពេល៩ខែកន្លងមកនេះ កងយោធពល ខេមរភូមិន្ទ ក៏បានយកចិត្តទុកដាក់ រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាង ច្បាប់និង លិខិតបទដ្ឋានផ្សេងៗ, ការងារធានាភស្តុភារ ហិរញ្ញវត្ថុ , ការងារធានា គ្រឿងបំពាក់សម្ភារបច្ចេកទេស, ការកែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាព គ្រឿងបំពាក់នៅតាមអង្គភាពដែលចំណុះឲ្យក្រសួងការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម លី ធុជ អំពាវនាវដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់រួបរួមគ្នា ដើម្បីប្រែក្លាយជា​តំបន់សុវត្ថិភាពគ្មានមីន

2024/10/10 03:40:13 pm        685
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពីអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាក បាទក្រហមអន្តរជាតិ (ICRC) និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែ ក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន និងបានអំពាវនាវដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក រួមគ្នាគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ ពិភព លោកមួយដែលគ្មានមីន។ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបុព្វហេតុការពារអាយុជីវិតមនុស្ស និងបញ្ចប់ការរងទុក្ខវេទនាដល់មនុស្សជាតិ ដែលបុព្វហេតុនេះ ស្របទៅនឹងគោលដៅចម្បង នៃអនុសញ្ញាអូតាវ៉ា ក្នុងន័យនេះ កម្ពុជា ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពធន់របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងអាចជួយជំរុញឱ្យសម្រេចបានគោលដៅរបស់អនុសញ្ញា គឺ ពិភពលោកមួយដែលមិនមានការរងទុក្ខវេទនា ដែលបង្កដោយមីនប្រឆាំងមនុស្ស។ តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក ជាពិសេស កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋភាគី និងស្ថានប័នអន្តរជាតិនានា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន៕ អត្ថបទ,ភារម្យ

ឯកឧត្តមបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា វិលត្រឡប់មក​ពីចូលរួម​កិច្ចប្រជុំ​រវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន

2024/10/10 02:54:16 pm        553
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ​នោះ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-AIPA បានចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហេីយក៏បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Tran Quang Phuong អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម Xaysomphone Phomvihane ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តិកម្មវិធីជួយផ្គត់ផ្គង់ថវិកាដល់មនុស្សចាស់ក្រីក្រជាង ៣០ ម៉ឺននាក់

2024/10/10 02:48:34 pm        719
រាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងអនុវត្តិកម្មវិធី កញ្ចប់គ្រួសារ ដែលផ្តោតសំខាន់ជួយដល់​ក្រុម​គោល​ដៅ​​ជាច្រើន ដែលរស់នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់ការអនុវត្តកម្មវិធី កញ្ចប់គ្រួសារនេះ រាជរដ្ឋាភិបាល បានផ្ដល់ជាថវិកាប្រចាំខែជូនដល់ មនុស្សចាស់ វ័យលើសពី ៦០ឆ្នាំ ជារៀងរាល់ខែផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ១០ ខែតុលានេះបានរៀបចំ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល។ ក្នុងឱកាសចូលរួមទិវានេះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច ជាសេនាធិការ កំពុងបន្តអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ គិតតាំងពីការចាប់ផ្តើមអនុវត្តកម្មវិធី ពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកទទួលផលចំនួន ៦១៥,២៤៦គ្រួសារ ចំណាយថវិកា ជាង៣២ លានដុល្លារអាមេរិក។ ក្នុងនោះជនចាស់ជរា ចំនួនជាង ៣០ម៉ឺននាក់ បានទទួលផលពីកម្មវិធី ដោយចំណាយថវិកាសរុបចំនួន ជាង ៨លានដុល្លារ។ដោយឡែកនិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២,៥០០រៀល និងកម្រិតខ្ពស់បផុត ១,២០០,០០០រៀល ក្នុងមួយខែ។ បច្ចុប្បន្ននិវត្តន៍ជនជាអតីតមន្ត្រីរាជការស៊ីវិល ប្រមាណ ៥៤,៧៣៦ នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណជាង១២លានដុល្លារ។ រីឯ និវត្តន៍ជនជាអតីតយុទ្ធជន បានទទួលរបបសន្តិសុខសង្គមក្នុងកម្រិតទាបបំផុត ៨២.៥០០រៀល និងកម្រិតខ្ពស់បផុតជិត ២លានរៀលក្នុងមួយខែ។ បច្ចុប្បន្ននិវត្តន៍ជនជាអតីតយុទ្ធជន ប្រមាណ ៤៣,២២៩នាក់ ទទួលបានរបបសោធនពីរដ្ឋ ដោយចំណាយថវិកាប្រចាំខែ ក្នុងមួយខែៗ ប្រមាណ ១២លានដុល្លារផងដែរ។លើសពីនេះ មនុស្សវ័យចាស់នៅកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។ មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឲ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន ១,៦៤៦ ដែលមានសមាជិកសរុបជិត ៣០ម៉ឺននាក់។ មនុស្សវ័យចាស់ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើនក៏ត្រូវបានផ្តល់ទីជម្រកយ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងផ្ទះទេវតាដែលផ្តួចផ្តើមដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍បាយ័នផងដែរ៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

BREAKING NEWS បេសកជនកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ចង់បាន«បទឈប់បាញ់បន្ទាន់»
07/26/2025 08:07 AM
ក្រសួងការពារជាតិ បន្តថ្កោលទោសអំពើឈ្លានពានរបស់ថៃ ខណៈនៅម៉ោង០៥:០២នាទីព្រឹកនេះបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង
07/26/2025 07:07 AM
ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យចំនួនជាង ៣ពាន់គ្រួសារទទួលអំណោយពីសប្បុរសជន
07/26/2025 07:07 AM
បងប្អូនប្រជាពលរដ្ឋចំនួន៦​ ១៩៨នាក់ត្រូវបា​នជម្លៀសពីតំបន់សមរភូមិមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប
07/26/2025 07:07 AM
ប្រមុខការពារជាតិកម្ពុជា ​អំពាវនាវពលរដ្ឋក្នុងខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន និង​បន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ និងស្តាប់ការណែនាំរបស់អាជ្ញាធរ
07/26/2025 01:07 AM
អភិបាលខេត្តព្រះវិហារ៖ មកដល់ពេលនេះខេត្តបានជម្លៀសពលរដ្ឋចេញមកទីសុវត្ថិភាពចំនួន ១១,៥៥៨គ្រួសារ ស្មើនឹង ២៧,០៥៣នាក់
07/26/2025 12:07 AM
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបន្តសួរសុខទុក្ខ និងនាំយកស្បៀង​ជូន​ប្រជាពលរដ្ឋ​ភៀស​ខ្លួន​ពី​តំបន់សឹក
07/25/2025 10:07 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែង​អំណរគុណជនរួមជាតិបានមកបរិច្ចាគឈាមយ៉ាងច្រើន ដែលបង្ហាញយ៉ាងច្បាស់អំពីទឹកចិត្តមនុស្សធម៌ និងគាំទ្រ​ដល់តម្រូវការ​ដែលអាច​នឹង​មាន​សម្រាប់​វីរកងទ័ពជួរមុខ
07/25/2025 10:07 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងអំណរគុណជនរួមជាតិ ដែលបាន​បរិច្ចាគ​ឈាម​គាំទ្រ​ដល់​តម្រូវ​ការ​ដែលអាចនឹងមាន សម្រាប់វីរកងទ័ព​ក៏ដូចជាប្រជាជនដែលជាជនភៀសសឹក
07/25/2025 10:07 PM
ព្រៃកោងកាងអាម៉ាហ្សូនប្រេស៊ីល ក្លាយជាអាវុធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងជាបរិក្ខារសេដ្ឋកិច្ចសម្រាប់មនុស្សរាប់ម៉ឺនគ្រួសារ
07/25/2025 09:07 PM