អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំបាយដំរាំ អំពាវនាវដល់ពលរដ្ឋដែលត្រឡប់មកពីថៃ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

2025/08/15 05:10:27 pm        647
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបាយដំរាំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ដល់បងប្អូនប្រជាពលរដ្ឋដែលជាពលករអញ្ជើញមកពីប្រទេសថៃ ចំនួន ១៥៣គ្រួសារ។ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ បានអំពាវនាវឱ្យពលករដែលត្រឡប់មកពីប្រទេសថៃទាំងអស់ ត្រូវខិតខំរៀនសូត្រកុំព្យូទ័រដែលបានពីការឧបត្ថម្ភរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំនេះ ដើម្បីមានចំណេះជំនាញនៅក្នុងខ្លួនអោយមានការងារធ្វើទទួលបានប្រាក់ខែច្រើន ដើម្បីយកមកអភិវឌ្ឍន៍នៅក្នុងក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាលខ្មែររបស់យើង។ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងជិតផុត ឬមិនទាន់បានធ្វើ សូមបងប្អូនទៅថតដើម្បីបន្តឬធ្វើថ្មីឡើងវិញនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងមូលដ្ឋានរបស់បងប្អូនដើម្បីយកទៅប្រើប្រាស់បំពេញបែបបទចុះឈ្មោះធ្វើការនៅតាមរោងចក្រសហគ្រាសផ្សេងៗ និងសូមផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់នៅទីនេះ ក៏ដូចជាពុកម៉ែបងប្អូននៅទូទាំងប្រទេស សូមអោយមានការទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតទៅលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលលោកខិតខំពុះពារគ្រប់បែបយ៉ាងទាំងអស់ ដើម្បីជួយជាតិមាតិភូមិ ការពារសុខសន្តិភាព ការពារទឹកដីរបស់យើង។ឯកឧត្តម បានបញ្ជាក់ថា នេះជាលើកទីបីហើយដែលឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់បងប្អូនជាពលករវិលត្រឡប់មកពីប្រទេសថៃ ក្នុងនោះលើកទីមួយមានចំនួន ១០០គ្រួសារ លើកទីពីរ ៦២គ្រួសារ និងលើកទីបីនេះ មានចំនួន ១៥៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ,មី ,ត្រីខ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,អំបិល ,ប៊ីចេង ,ស្ករស ,ខ្លាញ់ ,និងថវិកាផងដែរ ៕ 

មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះវាយតម្លៃលើការងារថែទាំខួបផ្លូវនៅក្នុងខេត្តកែប

2025/08/15 05:03:55 pm        180
កែប ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្លូវតាមជនបទជារឿងដ៏ចាំបាច់ ជួយសម្រួល ដល់ការធ្វើដំណើរ និងការធ្វើធុរកិច្ចផ្សេងៗ ដែលនេះជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ ​ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងក្នុងការចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ៣ ខ្សែ ប្រវែងសរុបជាង ៩ គីឡូម៉ែត្រ និងសាងសង់លូប្រអប់មុខពីរចំនួន១កន្លែង នៅក្នុងស្រុកដំណាក់ចង្អើរ និងក្រុងកែប ខេត្តកែប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់ បន្ថយពេលវេលា ការចំណាយលើការដឹកជញ្ជូនកសិផល ទំនិញ និងការធ្វើធុរកិច្ចផ្សេងៗនៅជនបទជាដើម។  ឯកឧត្តមបណ្ឌិត បន្តថា បញ្ហានេះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ។ តាមរយៈផ្លូវខាងលើ ឯកឧត្តមបានកោតសរសើរអំពីការយកចិត្តទុកដាក់លើការងារថែទាំផ្លូវ របស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកែប ទោះបីផ្លូវនេះមិនសូវបម្រើដល់សេដ្ឋកិច្ចខ្លាំងក្លា តែបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុ- សិស្ស ការដឹកជញ្ជូនកសិផល ការទៅកាន់មណ្ឌលសុខភាព និងការទទួលសេវាសាធារណៈផ្សេងៗជាដើម។ក្នុងការចុះពិនិត្យផ្លូវនេះដែរ, ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ក៏បានជម្រាបជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកែប ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តមរដ្ឋមន្រ្តីបានយកចិត្តទុកយ៉ាងខ្លាំង ជាពិសេសបញ្ហាផ្លូវជនបទ នៅលើការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវ ដែលជាគន្លឹះគាំទ្រនូវរាល់កម្មវិធី កាត់បន្ថយភាពក្រីក្រនៅតាមជនបទ ដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍នេះ មិនថាទីក្រុង ទីប្រជុំជន ឬនៅតាមជនបទនោះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ទាំងរាជរដ្ឋាភិបាល កងទ័ពនិងប្រជាជនសុទ្ធតែរួបរួមគ្នាជាធ្លុងមួយដើម្បីការពារនូវអធិបតេយ្យ និង សេចក្តីថ្លៃថ្នូ

2025/08/15 04:49:06 pm        400
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានថ្លែងថាអះអាងថាទាំងរាជរដ្ឋាភិបាល កងទ័ព និងប្រជាពលរដ្ឋកម្ពុជាទាំងមូលសុទ្ធតែរួបរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ជាទីបំផុត។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនារសៀលថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១៥ ខែសីហានេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសតំបន់ភូមិភាគទី៤និងភូមិភាគទី៥មានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែទោះបីជាយ៉ាងណាវីរៈកងទ័ពយើងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងដោយម៉ឺងម៉ាត់បំផុត ដែលកត្តានេះគឺជាការបង្ហាញឲ្យឃើញថាកម្ពុជាបានរួមគ្នាជាធ្លុងមួយក្នុងកិច្ចការពារប្រទេសជាតិរបស់ខ្លួន។យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានប្រកាសជាឱឡារឹកជាថ្មីម្តងទៀតផងដែរថាកម្ពុជាបន្តប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បំផុតដោយឥតងាករេ ក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពផងដែរ។ លោកជំទាវម៉ាលី សុជាតា បានរំលឹកទៅកាន់ភាគីថៃថា ការអនុវត្តបទឈប់បាញ់បានពេញលេញរបស់ភាគីទាំងសងខាង(កម្ពុជា-ថៃ) នឹងធ្វើឲ្យបរិយាកាសមានភាពអំណោយផលឆ្ពោះទៅការនាំមកវិញនូវសុខសន្តិភាព ស្ថេរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទំាងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញចង់បានផងដែរ ជាក់ស្តែងតាមរយៈចេញសារសម្តែងការអបអរសាទរ និងគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

ភាពជាដៃគូយុទ្ធសាស្ត្ររវាង នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាល ភាពយន្តខ្លីកម្ពុជា

2025/08/15 04:34:52 pm        171
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (DCCD) នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) លើកទី៨។​ភាពជាដៃគូយុទ្ធសាស្ត្រនេះ បង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានអ្នកផលិតភាពយន្តកម្ពុជាជំនាន់ក្រោយ ក៏ដូចជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ដ៏សម្រូរបែប សម្រស់ធម្មជាតិ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទស្សនិកជនជុំវិញពិភពលោក តាមរយៈភាពយន្ត។ វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា ជាកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលផ្តោតលើផ្នែកផលិតភាពយន្តខ្នាតខ្លី ទៅកាន់យុវជនកម្ពុជាដែលមានទេពកោសល្យ និងស្រលាញ់វិស័យភាពយន្ត។ នៅក្នុងវគ្គបណ្តុះបណ្តាល ឆ្នាំនេះ សិក្ខាកាមចំនួន៣៣នាក់ ត្រូវបានជ្រើសរើស និងត្រូវបានបង្ហាត់បង្រៀនដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យភាពយន្ត។ ជាស្នាដៃ សិក្ខាកាមនឹងត្រូវធ្វើការជាក្រុមដើម្បីផលិតភាពយន្តខ្នាតខ្លីចំនួនពីរ ដែលបង្ហាញពីសម្រស់ធម្មជាតិ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅខេត្តកំពត។នៅក្នុងកម្មវិធីនេះ សិក្ខាកាមនឹងឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកផលិតភាពយន្តរយៈពេល បីខែ (១២ សប្តាហ៍)។ ក្នុងនោះ ប្រាំពីរសប្តាហ៍ នឹងផ្តោតទៅលើមូលដ្ឋានគ្រឹះនៃការផលិតខ្សែភាពយន្ត ដែលរួមមានការសរសេរស្ត្រីប (script) ការដឹកនាំ ការថតភាពយន្ត បច្ចេកទេសសំឡេង ការកាត់ត និងការរៀបចំផែនការផលិតកម្ម។ ដំណាក់កាលបន្ទាប់ សិក្ខាកាមនឹងត្រូវអនុវត្តការផលិតភាពយន្តខ្លីរយៈពេល ប្រាំសប្តាហ៍ ដោយរួមបញ្ចូលដំណើរការ នៃការផលិតភាពយន្តទាំងមូល ចាប់តាំងពីការត្រៀមផលិត (ការរៀបចំគម្រោងក្នុងការថត ការជ្រើសរើសតួរសម្តែង ការស្វែងរកទីតាំង) ការផលិត (ការថតភាពយន្តខ្លីនៅទីតាំងផ្ទាល់) រហូតដល់ដំណាក់កាលកាត់ត (ការកាត់ត ការផ្តុំសម្លេងក្នុង studio និងការកែពណ៌រូបភាព)។ក្នុងនាមជាដៃគូសំខាន់ និងជាអ្នកសហការរៀបចំកម្មវិធី CTB ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់មូលនិធិ កៀរគរធនធានបន្ថែម និងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រសម្រាប់ដំណើរការកម្មវិធី។ ស្របទៅនឹងបេសកកម្មរបស់ខ្លួន ក្នុងការផ្សព្វផ្សាយប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ភាពជាដៃគូនេះជាចំណុចចាប់ផ្តើមដ៏សំខាន់រវាង DCCD និង CTB ក្នុងការបង្កើនការផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនអន្តរជាតិ តាមរយៈភាពយន្តដែលមានគុណភាព។ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB) មានប្រសាសន៍ថា៖ ភាពយន្តជាឧបករណ៍ដ៏មានឥទ្ធិពល ដែលអាចភ្ជាប់អារម្មណ៍ មនុស្សទៅកន្លែងណាមួយ។ តាមរយៈភាពជាដៃគូនេះ ពួកយើងកំពុងវិនិយោគលើយុវជនកម្ពុជា ដែលពោរពេញទៅដោយទេពកោសល្យ ហើយផ្តល់ឱកាសឱ្យពួកគេនិពន្ធ និងផលិតភាពយន្ត ដែលអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាត ក៏ដូចជាខ្លឹមសារសំខាន់របស់ប្រទេសយើង។ ឆ្នាំនេះ ការអភិវឌ្ឍសាច់រឿង និងសរសេរស្ត្រីប គឺផ្តោតទៅលើការទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ទៅកាន់តំបន់ទេសចរណ៍នៅប្រទេសកម្ពុជា។ ដូច្នេះ ភាពយន្តទាំងនេះមិន ត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទឹកចិត្តទស្សនិកជនជុំវិញពិភពលោកឱ្យមកទស្សនា និងទទួលយកបទពិសោធន៍នៅកម្ពុជាដោយខ្លួនឯងផ្ទាល់ផងដែរ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ (DCCD) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលភាពយន្តកម្ពុជា (CFL) គឺលើសពីកម្មវិធីបណ្តុះបណ្តាល វាគឺជាកន្លែងបណ្តុះគំនិតច្នៃប្រឌិត ធនធានអ្នកផលិតភាពយន្ត ក៏ដូចជាលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក និងចូលរួមបង្ហាញពីសំឡេងរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ភាពជាដៃគូរវាង CTB និង DCCD នឹងជួយធានាគុណភាពភាពយន្តរបស់សិក្ខាកាម ហើយត្រូវបានផ្សព្វផ្សាយទៅដល់ទស្សនិកជន កាន់តែទូលំទូលាយ ក៏ដូចជាពង្រឹងភាពប្រទាក់ក្រឡារវាងវប្បធម៌ ទេសចរណ៍ និងគំនិតច្នៃប្រឌិត។ CFL ជាវេទិកាដ៏សំខាន់សម្រាប់សហគមន៍ផលិតភាពយន្តកម្ពុជា។ ក្នុងវគ្គបណ្តុះបណ្តាលពីរឆ្នាំចុងក្រោយនេះ សិក្ខាកាមចំនួន ៨៧នាក់ ត្រូវបានបណ្តុះបណ្តាល។ ជាស្នាដៃ ភាពយន្តខ្លីចំនួនប្រាំ ត្រូវបានផលិត ហើយភាពយន្តទាំងអស់នោះ ត្រូវបានជ្រើសរើសសម្រាប់ដាក់បញ្ចូលក្នុងមហោស្រពភាពយន្តខ្នាតខ្លីជាតិកម្ពុជា និងមហោស្រពភាពយន្តអន្តរជាតិ។ គួរឱ្យកត់សម្គាល់ផងដែរថា ភាពយន្តមួយរបស់ CFL កាលពីឆ្នាំមុន មានចំណងជើងថា “ទៅ អត់” បានឈ្នះជ័យលាភីលេខ១ ក្នុងមហោស្រពភាពយន្តខ្នាតខ្លីជាតិកម្ពុជា។ បន្ថែមពីនេះទៀត អតីតសិក្ខាកាម CFL បួនរូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីបណ្តុះបណ្តាលអ្នកដឹកនាំភាពយន្ត (FLY) ដែលជាកម្មវិធីបណ្តុះបណ្តាល ភាពយន្តអន្តរជាតិដែលរៀបចំដោយគណៈកម្មការភាពយន្តប៊ូសាន៕អត្ថបទ រដ្ឋា

មនី្ទរសុខាភិបាលរាជធានី អំពាវនាវឲ្យពលរដ្ឋ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

2025/08/15 04:18:04 pm        230
ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ងី មានហេង តាមរយៈBTV ព័ត៌មាននាថ្ងៃនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា  ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។​ឯកឧត្តម បណ្ឌិត បានបន្តថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម (ឈឺ) មានចំនួនសរុប ២៣៥០នាក់ និងករណីស្លាប់ចំនួន ៣នាក់ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ករណីជំងឺគ្រុនឈាម មានចំនួនសរុប ១៥៦៣នាក់ និងករណីស្លាប់ចំនួន ១នាក់។ ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ងី មានហេង ការពារកុំឲ្យមានករណីជំងឺគ្រុនឈាម កើនឡើង សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តសារគន្លឹះសំខាន់ៗ ដោយយើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ១៥០ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។ ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សព្វថ្ងៃមន្រី្តសុខាភិបាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តក្នុងរាជធានីភ្នំពេញ បានសហការជាមួយភាគីពាក់ព័ន្ធក្នុងបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត និងចុះផ្សព្វផ្សាយសារអប់រំសុខភាព ដើម្បីកំចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុនឈាម នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ។សូមរំលឹកឡើងវិញថា ក្នុងកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងពង្រឹងការបង្ការជំងឺគ្រុនឈាម ឱ្យកាន់តែប្រសើរថែមទៀត ដោយស្វែងរកចំណុចគន្លឹះក្នុងការការពារ ការព្យាបាលជំងឺគ្រុនឈាម និងការឆ្លើយតបបានទាន់ពេលវេលាទាំងកម្រិតមន្ទីរពេទ្យ ទាំងក្នុងសហគមន៍, កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាកដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ បង្កើនការតាមដាន និងឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា អំពីជំងឺគ្រុនឈាម ពិសេសរយៈពេលចំណុចខ្ពស់ ដោយត្រូវបង្កើនការរាយការណ៍ករណីសង្ស័យពីគ្រប់មូលដ្ឋានសុខាភិបាល ដើម្បីឱ្យក្រុមការងារឆ្លើយតបរហ័សពិនិត្យការងារ និងចុះអន្តរាគមន៍ ដូចជា ចុះអប់រំសុខភាព ការចុះកម្ចាត់ជំរកមូស ដាក់ថ្នាំអាប៊ែតនៅពាងទឹក និងវត្ថុ ដែលដក់ទឹក និងបង្កើនការបាញ់ថ្នាំសម្លាប់មូសនៅកន្លែងឆ្លងខ្លាំង ដោយមានចលនាការចូលរួមពីសហគមន៍។ បន្ថែមពីនេះ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងបណ្តាញសង្គម ដល់ប្រជាពលរដ្ឋពីវិធីសាស្រ្តការពារខ្លួន សម្រាន្តត្រូវចងមុង សម្លៀកបំពាក់ឱ្យជិតចុងដៃ ចុងជើង និងយកចិត្តទុកដាក់ស្រ្តីមានផ្ទៃពោះ។ ប្រសិនបើមានសមាជិកគ្រួសារអ្នកមានសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗលើសពី២ថ្ងៃ និងមានកន្ទួលក្រហមលើស្បែក ឬឈឺក្បាល និងឈឺខ្លួនប្រមាណ ត្រូវទៅទទួលការព្យាបាលជាបន្ទាន់ នៅមនី្ទរពេទ្យដែលជិតបំផុត៕អត្ថបទ រដ្ឋា

នាយឧត្តមសេនីយ៍ ស ថេតរំលឹកឲ្យកម្លាំងបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន

2025/08/15 03:29:19 pm        211
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកឲ្យកម្លាំងជំនាញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបង្ការទប់ស្កាត់និងបង្ក្រាបទបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានជា ពិសេសគឺនៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្តនានាតែម្តង។ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំឆមាសទី១ និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ផែនប្រឆាំងបទល្មើសគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពី អគ្គស្នងការរង ប្រធាន-អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យយកចិត្តទុកដាក់ត្រួតពិនិត្យ និងតាមដានឲ្យសកម្មដូចភ្លៀងរឹលម នៅតាមទីតាំងសប្បាយដ្ឋាន និងអគារនានាដែលមានហានិភ័យខ្ពស់ហើយក្លាយជាទីតាំងនៃការលបលួចស្ដុក កែច្នៃ និងចែកចាយគ្រឿងញៀន។ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញការអនុវត្តវិធានការរដ្ឋបាល ស្របនឹងវិធានការច្បាប់ ជាពិសេសនៅតាមគោលដៅដែលមានហានិភ័យដូចជាសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងតំបន់មិនរៀបរយជាដើម ដើម្បីបង្រួមទីផ្សារប្រើប្រាស់គ្រឿងញៀន ឈានទៅលុបបំបាត់ការនាំចូល ការចរាចរ និងការជួញដូរគ្រឿងញៀននៅកម្ពុជា។ បន្ថែមពីនេះត្រូវជំរុញការងារស្រាវជ្រាវស៊ើបអង្កេតស្វែងរកទ្រព្យដែលជាផលនៃបទល្មើសគ្រឿងញៀន ដើម្បីពន្លាតនីតិវិធីចោទប្រកាន់បទល្មើសសម្អាតប្រាក់ និងឃាត់ទុកបង្កករឹបអូសជាទ្រព្យសម្បត្តិរដ្ឋ។ លើសពីនេះត្រូវបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុង និងក្រៅប្រទេសផងដែរដើម្បីឲ្យកិច្ចប្រតិបត្តិការនេះទទួលបានជោគជ័យ។ដោយឡែក សម្រាប់ថ្នាក់ដឹកនាំដែលដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការ ត្រូវប្រើប្រាស់នូវវិធានការជំនាញ និងបទពិសោធន៍ ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិការបង្ក្រាបនោះទទួលបានជោគជ័យ ហើយគ្មានបង្កហានិភ័យ ឬគ្រោះថ្នាក់ណាមួយដល់កងកម្លាំង ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន គឺសុទ្ធតែមានអាវុធហើយមានចរិកកាចសាហាវថែមទៀតនោះ។ យ៉ាងណាក៏ដោយឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលសម្រេចបានពេលកន្លងទៅនេះផងដែរ៕អត្ថបទ ៖ បាន ចក់​

ក្រសួងបរិស្ថានប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ដើម្បីរំលឹកដល់តម្លៃនៃការចូល​រួម​ការពារ និងអភិរក្សធនធានធម្មជាតិ

2025/08/15 02:46:08 pm        214
ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ន បានប្រព្រឹត្តទៅ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត​មណ្ឌលគិរី នាថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុ​រដ្ឋ​លេខា​ធិការក្រសួងបរិស្ថាន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និង​អន្តរជាតិ អង្គភាពពាក់ព័ន្ធ និងប្រជាសហគមន៍ ដែលបានសហការជាមួយនិងក្រសួងបរិស្ថាន ក្នុង​កិច្ចអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ។ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងថា ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជាឆ្នាំ២០២៥ ត្រូវជា​លើក​ទី១៨ នៃទិវាមន្ត្រីឧទ្យានុរក្សពិភពលោក នេះ មានគោលបំណង ១) លើកទឹកចិត្ត និង​ពង្រឹង​សមត្ថ​ភាព​មន្រ្តី​ឧទ្យានុរក្ស ក្នុងការបំពេញបេសកកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ក្នុ​ង​កិច្ច​ការ​ការពារ​បរិស្ថាន និងធនធានធម្មជាតិ ២) បង្កើនការយល់​ដឹង​ដល់​សាធារណ​ជន​ពី​បេសកកម្ម​របស់​មន្រ្តី​ឧទ្យានុរក្ស ដើម្បីឱ្យកាន់តែមាន​ការ​ប្តេជ្ញា​ចិត្ត​ចូល​រួម​សហការជា​មួយ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​បុព្វ​ហេតុ​កិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។ឯកឧត្តមអនុរដ្ឋបានបញ្ជាក់ថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ឯកភាពជាតិ និង​ឯកភាព​ទឹកដី ទាំងស្រុង ពេញផ្ទៃប្រទេស និងភាពរុងរឿងនៃប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ តាមរយៈយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រ​ចតុកោណ​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ចរឹងមាំ។ នៅក្នុងកំណែទម្រង់ ព្រៃឈើ ធនធានធម្មជាតិ និងជលផល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថានបានចាប់ផ្តើមធ្វើកំណែទម្រង់ដោយចាប់ផ្តើមពី ការធ្វើ​ទំនើប​កម្ម​ក្រសួង ឈានទៅរដ្ឋបាលទំនើប និងឆ្ពោះទៅកាន់រដ្ឋបាលឌីជីថល ក្នុងនោះការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិត្រូវបានបង្កើនប្រសិទ្ធភាពគ្រប់គ្រងតាមមុខងារនៃប្រព័ន្ធអេកូឡូស៊ីផ្សេងៗ ហើយ តំបន់​ការពារធម្មជាតិបានកើនរហូតដល់ចំនួន ៧៣តំបន់ មានផ្ទៃដីសរុប ៧.០៤៦.៨៦៣ ហិកតា ស្មើ​នឹងជិត ៤០% នៃផ្ទៃប្រទេស។ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី បាន​ថ្លែង​ស្វាគមន៍​ និង​បាន​លើ​ក​ឡើងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ មន្ត្រីឧទ្យានុរក្សទាំង អស់ ដែល​បម្រើការនៅជួរមុខនៃការអភិរក្ស។ ខេត្ត​មណ្ឌល​គិរី​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ហើយ​តំបន់​ការពារ​ធម្មជាតិ​គឺ​ដល់​សារៈសំខាន់​ទៅ​ដល់​ការ​អភិវឌ្ឍន៍​នៃ​ជីវភាព​ជាពិសេស​ការ​លើក​កម្ពស់​ជីវភាព​របស់សហគមន៍មូលដ្ឋាន។លោក អាលីសស្ទែរ ម៉ូលដ៍ នាយកអង្គការ WCS បានលើកឡើងថាការប្រារព្ធ ទិវាមន្ត្រីឧទ្យានុរក្សពិភពលោក ថ្ងៃនេះ យើងមករួមគ្នាដើម្បីគោរពដឹងគុណនូវភាពក្លាហាន ការបរិច្ចាកកម្លាំងកាយចិត្ត និងការលះបង់ដ៏ធំ ធេង របស់បុរស និងស្ត្រី ដែលបានបម្រើជួរមុខនៃការងារការពារ និងអភិរក្ស - គឺមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កម្ពុជា។ លោក បានបន្ថែមថា ក្នុងនាមជាតំណាងថ្ងៃនេះសម្រាប់គ្រួសារអង្គការអភិរក្ស នឹងបន្តឈរជាមួយអ្នក គាំទ្រអ្នក និងត្រូវបានលើកទឹកចិត្ត និងបំផុសគំនិតដោយគំរូ និងទង្វើល្អរបស់មន្ត្រីឧទ្យានុរក្សជារៀងរាល់ថ្ងៃ។សូមបញ្ជាក់ជូនថា នៅក្នុងការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សពិភពលោកនាពេលនេះ អ្នកចូលរួមទាំងអស់បានស្វែងយល់អំពីការងាររបស់មន្ត្រី ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនិងបានចូលរួមដាំកូនឈើជាច្រើនដើម នៅដែនជម្រកសត្វព្រៃកែសីមាក្នុងខេត្តមណ្ឌលគិរីផងដែរ។

ឯកឧត្តម ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន

2025/08/15 01:05:24 pm        303
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានទេសភាពស្រស់បំព្រង។ កិច្ចសន្ទនានយោបាយ និងការទូតកម្រិតខ្ពស់នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គទាំងអស់ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមមូលបទ “ទសវត្សរ៍មាស៖ ការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនដើម្បីកសាងសហគមន៍កាន់តែប្រសើរ តាមរយៈសាមគ្គីភាព” ប្រទេសសមាជិកមេគង្គអាចរួមគ្នាកសាងតំបន់មួយដ៏រឹងមាំ ប្រកបដោយបរិយាបន្ន និងភាពធន់ ដែលអាចផ្តល់ប្រយោជន៍ដល់ប្រជាជននៅក្នុងអនុតំបន់មេគង្គ។

ព្រឹកនេះកម្ពុជា-ថៃ បើកកិច្ចប្រជុំកម្រិតបណ្តាភូមិភាគ RBC លើកទី២៧ នៅខេត្តត្រាតប្រទេសថៃ

2025/08/15 11:32:15 am        371
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បានបើកកិច្ចប្រជុំក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ដែលហៅកាត់ថា RBC លើកទី ២៧ ដែលភាគីកម្ពុជាដឹកនាំមេបញ្ជាការយោធភូមិភាគទី៣ ខណៈភាគីថៃដឹកនាំដោយមេបញ្ជាការដ្ឋានការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាតរបស់ថៃ៕

មិនទាន់មានពន្លឺនៃការដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះទេ ខណៈថ្ងៃនេះគឺមានរយៈពេល១៧ថ្ងៃហើយ

2025/08/15 11:27:06 am        355
បើគិតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១៧ថ្ងៃហើយដែលទាហានកម្ពុជាត្រូវ បានភាគីថៃបចាប់ខ្លួនដោយខុសច្បាប់ ខណៈកំពុងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ហើយរហូតមកដល់ពេលនេះពុំទាន់មានពន្លឺណាមួយបញ្ជាក់ថា ថៃនឹងធ្វើការដោះលែងមកកម្ពុជាវិញនៅថ្ងៃណានោះទេ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឲ្យថៃដោះលែងពួកគាត់វិញ ឲ្យបានឆាប់ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងណាក៏ដោយនោះ។ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃនាថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិនៅតែបន្តទាមទារយ៉ាងទទូចឲ្យភាគីថៃគោរពនូវកិច្ចព្រមព្រៀង ដោយត្រូវធ្វើការដោះលែងទាហានកម្ពុជាដែលខ្លួនចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ៗ ខាងមុខនេះ ដោយគ្មានលក្ខខណ្ឌ។ជាថ្មីម្តងទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ បានកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យភាគីថៃដោះលែងពួកគេមកកម្ពុជាវិញឲ្យបានឆាប់ៗ។ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងការពារជាតិកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសហគមន៍អន្តរជាតិ ដែលបានជួយធ្វើការទាមទារឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ទៅដោយខុសច្បាប់ប្រគល់មកឲ្យកម្ពុជាវិញផងដែរ។យ៉ាងណាក៏ដោយលោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាសផងដែរថា ទំាងកម្ពុជា ក៏ដូច ជាសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវឲ្យថៃបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺរហូតដល់ថៃធ្វើការ ដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះឲ្យខាតែបាន។កម្ពុជាក៏បន្តក្រើនរំលឹកឲ្យភាគីថៃប្រកាន់ខ្ជាប់ខ្ជួននូវកិច្ច ព្រមព្រៀងទាំងឡាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC និងកិច្ចប្រជុំកម្រិតភូមិភាគRBCនេះឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពដូចអ្វីដែលសហគមន៍អន្តរជាតិបានដឹងបានឮមកហើយនោះផងដែរ៕ អត្ថបទ បានចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM
ជម្លោះនៅតែកើតមានរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
05/03/2026 12:05 PM
លោក Trump និយាយថា មានលទ្ធភាពដែលអាមេរិកអាចចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ម្តងទៀត​
05/03/2026 12:05 PM
មនុស្សយ៉ាងហោច ៩នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា
05/03/2026 11:05 AM
សហរដ្ឋអាមេរិកអនុម័តលក់អាវុធតម្លៃ ៨,៦ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តមជ្ឈិមបូព៌ា
05/03/2026 11:05 AM