សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

អគារថ្មីក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង សម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋ

2025/08/09 04:05:02 pm        171
កំពង់ធំ : លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមសម្ពោធអគារក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដែលជាសមិទ្ធផលថ្មី រួមចំណែកដល់ ការអភិវឌ្ឍវិស័យសុខាភិបាល ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព។លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុ- ប្រធានទី២ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងកម្មវិធីសម្ពោធអគារមន្ទីរពេទ្យបង្អែកស្រុកស្ទោង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ លោកជំទាវបានបង្ហាញនូវសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធអគារក្នុងមន្ទីរពេទ្យបង្អែកស្រុក ស្ទោង ដែលស្ថិតនៅក្នុងភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ អគារថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានសេវាសុខាភិបាល ដែលជាការរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន ស្រប តាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុង អាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧នេះ។លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារ ជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ធំ ព្រមទាំងលោកជំទាវ ខៀវ ស៊ីណា ដែលបានរួមចំណែកផ្ដល់វិភាគទាន ដល់ការកសាងអគារនេះឡើង មានកម្ពស់២ ជាន់ សរុប២៨ បន្ទប់ មានបណ្ដោយ៤៥ ម៉ែត្រ និងទទឹង ១៨ ម៉ែត្រ ឲ្យចេញជារូបរាង ឡើង ដើម្បីផ្តល់សេវាសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ។ ស្របពេលដែលតម្រូវការសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋមាន ការកើនឡើង ហើយលទ្ធភាពទទួលបានសេវាសុខាភិបាលនៅមានភាពខ្វះចន្លោះនៅឡើយ ឯកឧត្តម ជា ចាន់តូ បានរៀបចំសាងសង់ អគារនេះឡើងចាប់តាំងពីខែមីនា ឆ្នាំ២០២២ និងទើបបញ្ចប់ការសាងសង់ជាស្ថាពរ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការទទួលបានសេវាសុខាភិបាលឆាប់រហ័ស ទាំងប្រជាពលរដ្ឋនៅស្រុកស្ទោង និងស្រុកជុំវិញនេះ។លោកជំទាវបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ នោះទេ ប្រទេសជាតិនឹងធ្លាក់ក្នុងភាពខ្មៅងងឹត គ្មានការរីកចម្រើន ហើយប្រជាពលរដ្ឋនឹងរងទុក្ខ ជាក់ស្តែងដូចក្នុងសង្គ្រាមស៊ីវិលដែលយើងធ្លាប់បានឆ្លងកាត់នៅឆ្នាំ១៩៧០-១៩៧៩ កន្លងមក។ក្នុងពិធីនេះដែរ, លោកជំទាវ បានលើកឡើងការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗ ដែលឈានទៅដល់ការផ្ទុះ អាវុធក្នុងទ្រង់ទ្រាយធំ បានបន្ថែមសម្ពាធមកលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាព សេដ្ឋកិច្ចនិងសង្គម។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជាតែងតែ ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចប្រកបដោយថាមភាពនិងចីរភាព។ ក្នុងកាលៈទេសៈនេះ លោកជំទាវ បានអំពាវនាវដល់បងប្អូនទាំងអស់ ជឿជាក់ និងគាំទ្រទាំងស្រុង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្តល់ កម្លាំងចិត្តដល់កងទ័ពកម្ពុជានៅសមរភូមិជួរមុខ ដែលបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហាន ដោយមិនខ្លាចពលីជីវិតក្នុងបុព្វហេតុ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិយើងទាំងអស់គ្នា។ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ចែកជូនបុគ្គលិកសុខាភិបាល គ្រូពេទ្យ និងបងប្អូន ប្រជាពលរដ្ឋសរុបប្រមាណ ២៩៧ នាក់ ក្នុងនោះរួមមាន៖ ឧបត្ថម្ភមន្ទីរពេទ្យបង្អែកស្រុកស្ទោង ចំនួន ៥ លានរៀល, មេឃុំ និងមេភូមិ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៥ ម៉ឺនរៀល, ឧបត្ថម្ភបុគ្គលិកសុខាភិបាល និងគ្រូពេទ្យ ទទួលបានសារុង១ និងថវិកា៥ ម៉ឺនរៀល និងប្រជាពលរដ្ឋ ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ២ម៉ឺនរៀលផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង

2025/08/09 03:58:56 pm        1621
បាត់ដំបង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយតម្លៃស្រូវស្រង៉ែ នៅសាលាខេត្តបាត់ដំបង។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តារោងម៉ាស៊ីនពាក់ព័ន្ធ។កិច្ចប្រជុំបានឯកភាពគ្នាទាំងស្រុង ដោយបណ្តារោងម៉ាស៊ីនទាំង១១ សហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ចូលរួមអនុវត្តការងារដោះស្រាយថ្លៃស្រូវរួមគ្នា កសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលបានតម្លៃសមរម្យ ទទួលយកបានទាំងប្រជាកសិករនិងរោងម៉ាស៊ីន ដើម្បីជំរុញទីផ្សារស្រូវស្រង៉ែឱ្យកាន់តែមានប្រសិទ្ធភាព។តាមរយៈបណ្ដាញសង្គមរបស់ខ្លួនជាបន្តបន្ទាប់ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាកសិករទាំងអស់ពិចារណាចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រដោយមានការធានាតម្លៃទុកជាមុន និងបញ្ចៀសបញ្ហាតម្លៃទីផ្សារ។បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវរដូវវស្សាប្រចាំឆ្នាំ២០២៥ សម្រេចបានសរុបចំនួន៤៦៧ ៦៨៣ ហិកតា ស្មើនឹង១០៣,៩២% លើផែនការ ៤៥០ ០០០ហិកតា ផ្ទៃដីប្រមូលផលចំនួន ៤៦៧ ៦៨៣ហិកតា បរិមាណផលចំនួន ១ ៧៥២ ០៩១តោន៕

បេក្ខជន២៤នាក់ ចូលរួមប្រឡងវិញ្ញាសាសរសេរលើកទី២ ដើម្បីក្លាយជាមន្ត្រីច្បាប់ក្របខណ្ឌ ទីស្ដីការគណៈរដ្ឋមន្ត្រី

2025/08/09 02:05:58 pm        630
ក្រសួងមុខងារសាធារណៈនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងវិញ្ញាសាសរសេរលើកទី ២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ ជាការជ្រើសរើសចម្រាញ់ចុងក្រោយ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ២៤នាក់ សម្រាប់ចំនួនដែលត្រូវជ្រើសរើសត្រឹម ៨នាក់ប៉ុណ្ណោះ។ឈានចូលដល់ថ្ងៃទី ៩ខែសីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជាថ្មី សម្រាប់ការជ្រើសរើសមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី លើវិញ្ញាសាសរសេរលើកទី ២ ជាវិញ្ញាសាចុងក្រោយ។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ គឺមានបេក្ខជនចូលរួមត្រឹមតែ ២៤នាក់ប៉ុណ្ណោះ ដែលពួកគេជាបេក្ខជនដែលបានប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី ១ ក្នុងចំណោមបេក្ខជនសរុបជិត ៣០០នាក់។ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ទោះមានបេក្ខជនប្រកួតប្រជែងត្រឹម ២៤នាក់យ៉ាងណាក្ដី ក៏ការរៀបចំនៅតែអនុវត្តទៅតាមគោលការណ៍នីតិវិធីដូចការរៀបចំកន្លង។ ជាក់ស្ដែង ការតាក់តែងវិញ្ញាសាធ្វើដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ដោយមានការតាមដានមើលពីអ្នកសង្កេតការណ៍មកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជនស្ម័គ្រចិត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្រាប់សាស្ត្រាចារ្យមួយរូប ត្រូវតាក់តែងវិញ្ញាសា ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទី១, ជម្រើសទី២ និងជម្រើសទី៣ មកបញ្ចូលគ្នា មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ជាសំណួរអធិប្បាយ។ បេក្ខជនត្រូវប្រឡងរយៈពេលពេញ ៥ម៉ោង ដោយសំណួរលើឯកទេសជំនាញ មានរយៈពេល ៣ម៉ោង រីឯសំណួរលើចំណេះដឹងទូទៅមានរយៈពេល ២ម៉ោង។ការប្រឡងលើកចុងក្រោយនេះ នឹងជ្រើសរើសត្រឹម ៨នាក់ប៉ុណ្ណោះ ក្នុងនោះសម្រាប់ជំនាញនីតិឯកជនចំនួន ៥នាក់ និងជំនាញនីតិអន្តរជាតិចំនួន ៣នាក់។គួរបញ្ជាក់ថា ការប្រឡងទោះស្ថិតក្នុងដំណាក់កាលណាក៏ដោយ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងមានវត្តមាន នៅមណ្ឌលប្រឡង ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងប្រជែង និងធានាថា ការប្រឡងប្រជែងទាំងអស់ត្រូវអនុវត្តតាមគោលការណ៍ដែលតែងតែអនុវត្ត។អត្ថបទ៖គឹមហុក  

ការនាំចូលរថយន្តថ្មីពីអាមេរិកនឹងអាចផុលផុសជាងមុន ខណៈរថយន្តមួយទឹកនៅរក្សាតម្លៃដដែល

2025/08/09 02:05:12 pm        186
ភ្នំពេញ ÷ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មើលឃើញថា ការធ្វើអាជីវកម្មនាំចូលយានយន្តថ្មីពីសហរដ្ឋអាមេរិក នឹងមានសកម្ម ភាពផុលផុសជាងមុន តែអាចជួបបញ្ហាខ្លះៗចំពោះអ្នកនាំចូលកន្លងមក ខណៈការនាំចូលយានយន្តមួយទឹកនៅរក្សាតម្លៃដដែល ស្របពេលកម្ពុជាដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះការនំាចូលទំនិញពីសហរដ្ឋអាមេរិក។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន អំពីការធ្វើអាជីវកម្មលើការនាំចូលយានយន្តពីអាមេរិក មកកម្ពុជា នេះថា ជុំវិញការនាំចូលយាន យន្តនេះ ឃើញថា កម្ពុជាបាននាំចូលរថយន្តពីអាមេរិកច្រើនជាងគេ ជាពិសេសការនាំចូលរថយន្តមួយទឹក សម្រាប់តម្រូវការនៃការប្រើ ប្រាស់ក្នុងស្រុក។ ចំពោះការនាំចូលរថយន្តថ្មីនេះដែរ បច្ចុប្បន្នកម្ពុជាក៏បាននាំចូលរថយន្តពីប្រទេសចិន មានកំណើនច្រើនគួរសម ដោយមានប្រជាពលរដ្ឋគាំទ្រច្រើនផងដែរ។ឧកញ៉ាបណ្ឌិត បន្តថា ចំណែកការដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋ- អាម៉េរិក និងនាំចូលមកកម្ពុជានេះ ក្នុងនោះចំពោះការនាំចូលរថយន្តថ្មី អាចផ្តល់ឱកាសដល់អ្នករកស៊ីទទួលទានលើផ្នែកនេះ នាំចូល សម្រាប់ចែកចចាយទីផ្សារក្នុងស្រុក ហើយក៏អាចមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ផងដែរ ប៉ុន្តែការអនុវត្តវិធានការនេះ ក៏អាចជួប បញ្ហាខ្លះៗចំពោះអ្នកនាំចូលរថយន្តនាពេលកន្លងមក អំពីបញ្ហាថ្លៃលក់ចេញផងដែរ ខណៈការនាំចូលរថយន្តមួយទឹកនិងរក្សាភាពនូវ ដ៏ដែល ស្របពេលកម្ពុជាបានដាក់ឱ្យអនុវត្តអត្រាពន្ធគយ ០% ចំពោះការនំាចូលទំនិញពីសហរដ្ឋអាមេរិក ខណៈដែលទំនិញប្រើ ប្រាស់រួច មិនស្ថិតនៅក្នុងវិសាលភាពដែលកំណត់ក្នុងអត្រាពន្ធ ០% នេះឡើយ។សូមបញ្ជាក់ថា ទាក់ទិនទំនិញនាំចូលទំនិញពីសហរដ្ឋអាម៉េរិក នៅថ្ងៃទី៨ សីហា ម្សិលមិញនេះ, រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យស្តីពី ការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចេញពីសហរដ្ឋអាម៉េរិក ក្នុងនោះបើយោងតាមមាត្រា ៣, នីតិវិធីក្នុងការ អនុវត្តពន្ធគយ ចំពោះទំនិញនាំចូលពីសហរដ្ឋអាម៉េរិក ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចេញពីសហរដ្ឋអាម៉េរិក យោងតាមប្រការ ១, ប្រកាស នេះកំណត់អំពីនីតិវិធីនៃការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតពីសហរដ្ឋអាម៉េរិក និងនាំចូលមក ព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ចំណែកប្រការ ២, បង្ហាញថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះទំនិញមានដើម កំណើតពីសហរដ្ឋអាម៉េរិក ដែលបានដឹកជញ្ជូនត្រង់ពីសហរដ្ឋអាម៉េរិក មកព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកទំនិញប្រើប្រាស់រួច មិនស្ថិតក្នុងវិសាលភាពប្រកាសនេះទេ។ លក្ខណៈវិនិច្ឆ័យកំណត់ថា ជាទំនិញប្រើប្រាស់រួចត្រូវកំណត់ដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលបានចាត់ទុកការសិក្សាអប់រំជាអាទិភាពដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2025/08/09 02:03:30 pm        190
ភ្នំពេញ ÷ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ បានចាត់ទុកការសិក្សាអប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តស្តារ និងពង្រឹងវិស័យអប់រំជាបន្តបន្ទាប់ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាង សាងអគារសិក្សាជាដើម។លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុ ប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំ ប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ, លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ អេស៊ីលីដា ភីអិលស៊ី ដែលបានឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ កសាងអគារសិក្សា ១ខ្នងនេះ មានកម្ពស់២ជាន់ សរុប១២បន្ទប់ ក្នុងនោះលោកជំទាវបណ្ឌិត ក៏បានរំលេចពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើ ដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយ ផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាក់ស្តែង សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោត សំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ច, ទី២. ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងវិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣. ការ យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា, និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យ ស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ”។ជុំវិញការរៀនសូត្រនេះ, លោកជំទាវបណ្ឌិត បានរំលឹកដល់មាតាបិតាឱ្យបញ្ជូនកូនមករៀន ព្រោះនេះមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាព ឱ្យរួចផុតពីភាពក្រីក្រ។ លើសពីនេះ ការ បញ្ជូនកូនមករៀន ជាការរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ព្រោះពួកគាត់នឹងក្លាយជាសសរទ្រូងដ៏ រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា នឹងអាចក្លាយជាថ្នាក់ដឹកនាំផងដែរនាពេលអនាគត។ លោកជំទាវ លើកទឹកចិត្តឱ្យអ៊ំ ពូ មីង បងប្អូនជាអាណាព្យាបាល សូមបញ្ជូនកូនមកសាលា បង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សាទាំងប្រុស-ស្រី។ ជាពិសេសការ បញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអបរំឱ្យបានពេញលេញ ដោយសារស្ត្រីដើរតួនាទីក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ (ក្នុងរាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភានេះ ស្រី្តបានទទួលតំណែង និងការ ទទួលខុសត្រូវកាន់តែសំខាន់ទាំងវិស័យសាធារណៈ និងឯកជន។ ប្រទេសកម្ពុជា មានស្ត្រីជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រី, ដោយឡែក នៅធនាគារជាតិនៃកម្ពុជា លោកំទាវជាទេសាភិបាល និងជាស្ត្រីលើកទី១ ក្នុងជួរថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា៕សូមបញ្ជាក់ថា នៅក្នុងពិធីសម្ភោធអគារសិក្សានៅវិទ្យាល័យ ជា ស៊ីម ប្រឡាយនេះ លោកជំទាវបណ្ឌិត ជា សិរី បាននាំយកអំណោយ និងប្រាក់ឧបត្ថម្ភចែកជូនបងប្អូន លោកគ្រូ-អ្នកគ្រូ អាណាព្យាលបាលសិស្ស និងសិស្សានុសិស្ស សរុបប្រមាណ ៣៥១ នាក់រួមមាន៖ ឧបត្ថម្ភវិទ្យាល័យជា ស៊ីម ប្រឡាយចំនួន ២ លានរៀល, ការិយាល័យអង្គភាពជុំវិញស្រុក និងក្រុមប្រឹក្សាឃុំចំនួន ៣១ រូប ក្នុងម្នាក់ ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, លោកគ្រូ-អ្នកគ្រូ ទទួលបានសារុង ១ និងថវិកា ៥ ម៉ឺនរៀល, យុវជន សសយក ទទួល បានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, អាណាព្យាបាលសិស្ស ទទួលបានសារុង ១ និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភសិស្សានុសិស្ស ថ្នាក់ទី១១ និងទី១២ ចំនួន ២២៣ រូប ក្នុងម្នាក់ទទួលបានឃីត១ កញ្ចប់ (សៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ជ័រលុប ១, បន្ទាត់ ១ និងប្រដាប់ខួងខ្មៅដៃ១)៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួង​ការ​ងារនិង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នាំ​យក​ឱកាស​ការ​ងារ​ចំនួ​ន ៦ ៧៦០​កន្លែង​ទៅ​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេ​សថៃ

2025/08/09 01:29:13 pm        293
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដា​ល​វិជ្ជា​ជីវៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បាន​រៀប​ចំ«វេទិ​ការ​ការ​ងារ» ចំនួ​ន ៣៩​កន្លែង ដោយ​នាំ​យក​ព័ត៌​មាន​ឱកាស​ការ​ងារ​ចំនួ​ន ៦ ៧៦០​កន្លែង​ទៅ​ផ្សព្វ​ផ្សាយជូ​ន​ប្រជា​ពល​រដ្ឋ និង​ពល​ករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេ​សថៃ​។សូម​បញ្ជាក់​ថា គិ​តចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៨ ខែ​សី​ហា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធ​នា​ការ​រៀប​ចំ«វេទិ​កា​ការ​ងារ» នៅ​តាម​មូល​ដ្ឋាន ក្រ​សួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បា​នរៀប​ចំវេទិ​កា​កា​រ​ងារ​ចំនួន ៣០២​លើក មាន​អ្នក​មក​ទទួល​ព័ត៌​មាន​ឱកាស​ការ​ងា​រចំនួ​ន ១០០ ៣១១​នាក់ និង​មាន​អ្នក​ទទួ​ល​បាន​ការ​ងារ​ធ្វើ​ភ្លាមៗ​ចំ​នួ​ន ១៨ ២៧៣​នាក់​ពីក្រុម​ហ៊ុន​ធំៗ​ដែល​មាន​តម្រូវ​ការ​កម្លាំ​ងព​ល​កម្ម​៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2025/08/09 01:20:01 pm        535
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត ជ័យលាភីឆ្នាំសិក្សា ២០២៥-២០២៦ និងនិស្សិតបញ្ចប់ការសិក្សា អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីនេះធ្វើឡើង នាសាលពិព័រណ៍ កោះពេជ្រ ដោយមានថ្នាក់ដឹកនាំនៃ សមាគម «អ.ម.ត» និងនិស្សិតចូលរួមសរុបចំនួន ៧៥០នាក់ ។ក្នុងឱកាសដ៏សោមនស្សរីករាយយ៉ាងក្រៃលែងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស- និស្សិត ក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង ជាប្រធាន សមាគម(អ.ម.ត) បាននាំនូវការផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ជូនចំពោះថ្នាក់ដឹកនាំនៃ សមាគម (អ.ម.ត) និងនិស្សិតដែលទើបបញ្ចប់ ការសិក្សា និងនិស្សិតដែលត្រៀមនិងចេញទៅចេញសិក្សានៅប្រទេសចិនចំនួន១០១នាក់ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះ និស្សិតជ័យលាភីឆ្នាំសិក្សា 2025-2026 រួមនិងនិស្សិតបាននិងកំពុងបញ្ចប់ការសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត។ ទន្ទឹមនិងនេះលោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរឹតចំណងមិត្តភាពដ៏ល្អ និងបានផ្តល់នូវអាហារូបកណ៍ ជូនដល់និស្សិតកម្ពុជាជារៀង រាល់ឆ្នាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ប្រពៃ និងមានសារៈសំខាន់បំផុត រវាងសាធារណរដ្ឋ​ប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបន្តថា មិត្តភាពជាប្រពៃណីនេះ ត្រូវបានពូនជ្រុំនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ តាំងពីព្រះករុណា ព្រះរាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជំនាន់មុន ដែលទាំងនេះគឺបានបញ្ជាក់ថា កម្ពុជានឹងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ក្នុងនាម​សម្ដេចតេជោ សម្ដេចធិបតី និងលោក ជំទាវបណ្ឌិតផ្ទាល់ សុំចូលរួមអបអរសាទរចំពោះ​និស្សិតជ័យលាភី ទៅបន្តការសិក្សានៅសាធារណៈរដ្ឋប្រជាមានិតចិន ដោយ ទំនុកចិត្តខ្ពស់។លោកជំទាវបណ្ឌិត សូមជូនពរឱ្យនិស្សិតដែលបានទៅសិក្សានៅប្រទេសចិនទាំអស់ ទទួលបាន​ជោគជ័យ កសាងនូវមូលដ្ឋាន សមត្ថភាពដ៏រឹងមាំមួយ ដើម្បីឈានទៅពង្រឹង​ខ្លួនឯងក្នុងការសិក្សា។ ដើម្បីត្រឡប់មកវិញចូលរួមអភិវឌ្ឍប្រជាតិ យើងឱ្យការតែរីកចម្រើន។ លោកជំទាវបណ្ឌិតមានមោទនភាពនិងសមិទ្ធផលថ្មីៗរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូបករណ៍ អ.ម.ត ក៏ដូចជាមាតាបិតាអាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ ដែលបានបង្កឱ្យនិស្សិតទាំងអស់នេះ មានឱកាសបានបន្តការសិក្សានៅក្រៅប្រទេស។ឯកឧត្តម វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា សូមសំដែងនូវការអបអរសាទរ ចំពោះនិស្សិត ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និង និស្សិតជ័យលាភី ឆ្នាំសិក្សា ២០២៥-២០២៦ ដែលត្រៀមទៅសិក្សានាពេលខាងមុខនេះ ក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយសមាគម អ.ម.ត តាំងពីឆ្នាំ 2011 មកដល់បច្ចុប្បន្ន ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា​ចំនួន៣ជំនាន់​មកហើយ។ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស- និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរគុណ ឯកឧត្តមអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន សមាគមពាណិជ្ជកម្មករចិន ក្រុមហ៊ុន វិទ្យាស្ថាន និងសាលាបណ្ដុះបណ្ដាលភាសាចិន ព្រមទាំងផ្ដល់ការគាំទ្រជាតិខ្លាំង នៅក្នុងវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសនៅក្នុងក្របខណ្ឌអាហារូបករណ៍ ដែលផ្ដល់ជូនគណៈកម្មការ អ.ម.ត ធ្វើឱ្យនិស្សិតបានទៅសិក្សាបន្ត នៅសាធារណរដ្ឋប្រជាមានិតចិន ដែលភាគីពាក់ព័ន្ធទាំងអស់បានផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែង ចំពោះកិច្ចការសហប្រតិបត្តិការល្អ ទៅដល់គណៈកម្មាធិការហារូបករណ៍ ពិសេសបានចំណាយធនធានផ្ទាល់ខ្លួនជាច្រើន ដើម្បីរួមចំណែកទំនុកបម្រុងនិស្សិតកម្ពុជា ក្នុងការជំរុញអនុវត្តភារកិច្ច ដោយទទួលបានផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ៕ 

ឯកឧត្តម កែវ រតនៈ ៖ ដើម្បីជាតិរឹងមាំពលរដ្ឋត្រូវសាមគ្គីភាព ខិតខំរៀនសូត្រ និងបំពេញភារកិច្ចរៀងៗខ្លួន ឱ្យបានល្អ

2025/08/09 12:55:09 pm        504
ពោធិ៍សាត់៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយតំណាងគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណ១៨០០នាក់ មកពីឃុំបឹងបត់កណ្តោល និងឃុំត្រពាំងជង ក្នុងស្រុកបាកាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីជាតិរឹងមាំ អភិវឌ្ឍន៍ និងមិនមានគេមើលងាយ សូមអោយប្រជាពលរដ្ឋមានសាមគ្គីភាព ខិតខំរៀនសូត្រ ធ្វើការ និងបំពេញភារកិច្ចរៀងៗខ្លួនអោយបានល្អ ។ ដោយឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា សាមគ្គីភាពរបស់ប្រជាពលរដ្ឋជាចំនុចខ្លាំងរបស់កម្ពុជា ជាក់ស្តែងក្នុងកំឡុងពេលមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស បានរួបរួមគ្នាជាធ្លុងមួយ ក្រោមព្រះមហាក្សត្រតែមួយ ថ្នាក់ដឹកនាំតែមួយ កងទ័ពតែមួយ ធ្វើឲ្យសត្រូវមិនអាចបំបាក់ស្មារតីខ្មែរបាន មិនអាចមើលងាយខ្មែរបាន ។ ហើយដើម្បីប្រទេសកម្ពុជាកាន់តែរឹងមាំ កាន់តែមានការអភិវឌ្ឍរីកចម្រើនជឿនលឿនទៅមុខបន្ថែមទៀត គឺត្រូវមានការចូលរួមមិនអាចខ្វះបានពីប្រជាពលរដ្ឋគ្រប់រូប យុវជនសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រកសាងខ្លួនជាធនធានមនុស្សដែលសង្គមត្រូវការ ឪពុកម្តាយត្រូវអប់រំកូនចៅឲ្យបានល្អ មន្ត្រីរាជការត្រូវខិតខំបំពេញការងារជូនរដ្ឋនិងប្រជាពលរដ្ឋ កសិករត្រូវខិតខំបង្កបង្កើនផល អ្នកធ្វើការ អ្នករកស៊ីត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឲ្យបានល្អប្រសើរ កាត់បន្ថយការពិសារគ្រឿងស្រវឹង និងកុំធ្វើរឿងអបាយមុខផ្សេងៗ ។ កម្ពុជាឆ្អែតឆ្អន់ហើយជាមួយនិងសង្គ្រាម កម្ពុជាត្រូវការតែសន្តិភាព កម្ពុជាមិនដែលចង់ឈ្លានពានប្រទេសណាទេ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាប្តេជ្ញាជានិច្ចក្នុងការការពារបូរណភាពទឹកដីមិនឲ្យមានការបាត់បង់ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំយកសន្តិភាពជូនជាតិមាតុភូមិ ហើយបានរួមគ្នាជាមួយប្រជាពលរដ្ឋ តស៊ូកសាងប្រទេសជាតិតាំងពីចំនុចសូន្យរហូតមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះថាមពលអគ្គីសនី ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំង ព្រោះវាជាកត្តាចម្បង និងចាំបាច់បំផុតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងការផ្តល់នូវសុខុមាលភាព នៃការរស់នៅជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជំរុញការសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីធំៗ អនុស្ថានីយតភ្ជាប់គ្នា ជាមួយនឹងការសាងសង់ប្រភពអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ដើម្បីផ្ដល់ប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ ទាន់តាមកំណើនសេដ្ឋកិច្ច និងឱ្យទាន់តាមកំណើននៃសេចក្តីត្រូវការប្រើប្រាស់ ដោយបានប្រែក្លាយកម្ពុជាពីប្រទេសគ្មានភ្លើងអគ្គិសនីប្រើប្រាស់ រហូតអាចផលិតអគ្គិសនីបានដោយខ្លួនឯងនិងមានតំលៃកាន់ល្អប្រសើរ កាន់តែមានឯករាជ្យភាពរឹងមាំលើវិស័យថាមពលអគ្គិនី ដែលធ្វើឲ្យប្រទេសជិតខាងមិនអាចយកបញ្ហាថាមពលអគ្គិសនី មកដាក់សម្ពាធធ្វើបាបនិងមើលស្រាលលើប្រទេសកម្ពុជាយើងមាននោះទេ ។ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា គោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថេរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្ម នៅកម្ពុជាកាន់តែមិនសូវជាប់ការលំបាក ៕

ស្ថានភាពព្រំដែននៅព្រះវិហារ និងឧត្ដរមានជ័យស្ងប់ស្ងាត់ តែថៃបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិត

2025/08/09 12:06:12 pm        1052
អ្នកនាំពាក្យបានឱ្យដឹងថា ព្រឹកនេះស្ថានភាពនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្ដរមាន ជ័យបន្តស្ងប់ស្ងាត់ ប៉ុន្តែថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតច្រើន។លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នៃថ្ងៃទី៩ ខែសីហាថា ស្ថានភាពនៅតំបន់ព្រំដែនចំណុចខេត្តព្រះវិហារ និងឧត្ដរមានជ័យ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១០ ព្រឹកនៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គឺបន្តស្ងប់ស្ងាត់ យ៉ាងនេះក្ដីក៏កងទ័ពកម្ពុជានៅតែបន្តបង្កើនការប្រុងប្រយ័ត្នជាដដែល។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅម៉ោង ១១ នេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងដែរថា ថៃបានបង្កើនការផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនមកលើកម្ពុជា។ ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិអស់ជំនឿលើការផ្សព្វផ្សាយរបស់ថៃ រួមទាំងប្រជាជនថៃខ្លួនឯងក៏មានការមន្ទិលសង្ស័យចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃផងដែរ។ក្នុងកិច្ចប្រជុំពិសេសរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅម៉ោង ២៤ នៃយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរក៏បានបន្តរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅប្រទេសម៉ាឡេស៊ី ដោ យសម្រេចបាននូវកិច្ចព្រមព្រៀង ១៣ ចំណុចកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀង ១៣ ចំណុចនេះ គឺដើម្បីពង្រឹងបន្ថែមលើសន្តិភាព និងស្ថិរភាពឱ្យបានយូរអង្វែងនៅតាមព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ៕ ដោយ៖ គង់ ឌិន

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក អញ្ជើញប្រគល់ស្បៀងជូនជនភៀសសឹកចំនួន ៤៥៥២គ្រួសារ ក្នុងស្រុកបន្ទាយអំពិល

2025/08/09 11:53:28 am        464
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្ល៊ែរ ឃូណន់ (Claire Conan) នាយិកា អង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Program) បានអញ្ជើញប្រគល់ស្បៀងជាអំណោយរបស់រាជរដ្ឋាភិបាលជូនជនភៀសសឹក សរុបចំនួន ៤៥៥២គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ អំណោយរបស់រាជរដ្ឋាភិបាលខាងលើ គឺជាការបង្វែអំណោយនៃកម្មវិធីស្បៀងឧបត្ថម្ភតាមសាលារៀន មកប្រគល់ជូនជនភៀសសឹកវិញបន្ទាប់ពីកើតមានជម្លោះតាមបន្ទាត់ព្រំដែន។ ការប្រគល់ស្បៀងនៅថ្ងៃនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៥០គីឡូក្រាម។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM