រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ

ព័ត៌មានជាតិ

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ

2025/08/04 08:45:32 pm        252
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី កោតសរសើរដល់សហគ្រាសក្នុងស្រុក ដែលបាននិងកំពុងជំរុញក្នុងកិច្ចដំណើរការផលិត កែច្នៃ និងវេចខ្ចប់ យ៉ាងផុលផុស បម្រើទីផ្សារក្នុងស្រុកជំនួសការនំាចូល ខណៈកម្ពុជាកំពុងមានវិបត្តិជាមួយប្រទេសជិតខាង និងសូមឱ្យឱកាសនេះអាចឈរ ជើងក្នុងដំណើរការផលិត និងផ្គត់ផ្គង់ទំនិញចូលទីផ្សារឱ្យបានជានិច្ចនិរន្ត។  ​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះថា ជុំវិញកិច្ចប្រជុំ ពិគ្រោះយោបល់ រវាងរដ្ឋនិងវិស័យឯកជន លើផ្នែកវិស័យកម្មន្តសាល និង SMEs ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី ដោះស្រាយ និងការស្វែងរកនូវគន្លឹះបញ្ហាមួយចំនួនដែលនៅសេសសល់ ដើម្បីកែទម្រង់សម្រួចឱ្យចំលើចំណុចយើងចង់បាន ក្នុង គោលដៅជំរុញអភិវឌ្ឍន៍អាជីវកម្មឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម ខណៈដែលកម្ពុជាកំពុងជួបនូវវិបត្តិ (ជម្លោះព្រំដែន) វិស័យនេះបានងើបឡើងគួកត់សម្គាល់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ គឺកំលាំងផលិតក្នុងស្រុកកំពុងមានសម្ទុះយ៉ាង ខ្លាំងក្លា។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជុំវិញវិបត្តិនេះ គឺយើងមិនចង់ឱ្យកើតមានឡើងនោះឡើយ តែស្របពេលនេះ វាក៏ជាឱកាស សម្រាប់សហគ្រាសត្រូវជំរុញឈរជើងនៅក្នុងដំណើរការផលិត និងការឈរជើងនៅលើទីផ្សារឱ្យបានរឹងមាំ និងឈានឆ្ពោះទៅរកការរីក ចម្រើនឱ្យកាន់តែខ្លាំងក្លានៅពេលអនាគត។សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ វិស័យឯកជនបានលើកយកបញ្ហាប្រឈមចំនួន ១២ យកមកដោះស្រាយ ឆ្លើយ តបលើបញ្ហាដែលកំពុងជួបប្រទះរួមមាន៖ បញ្ហាថ្លៃឡូកុងតឺន័រ, ការប្រកួតប្រជែងមិនស្មើភាពក្នុងអាជីវកម្ម, ប្រើប្រាស់ និងផ្តល់សេវា កម្មឧបករណ៍មាត្រាសាស្ត្រ, ការចុះបញ្ជិការផលិតផលសម្រាប់ផលិតផលកែច្នៃរបស់រោងចក្រកែច្នៃក្នុងស្រុក, ការស្នើសុំ Certificate of Origin (CO) ការនាំចេញ/នាំចូល និងបញ្ហាផ្នែកពន្ធ, បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ថ្លៃដើម ផលិតកម្មខ្ពស់ និងកង្វះបច្ចេកទេស, បញ្ហាប្រឈមផ្នែកបច្ចេកវិទ្យានិងឌីជីថល, ផ្នែកគតិយុត្តនិងរដ្ឋបាល, ធនធានមនុស្ស កម្លាំងពលកម្មជំនាញ និងមន្ទីរពិសោធន៍, ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ, ទីផ្សារនិងសេវាកម្ម, និងបញ្ហាក្នុងការធ្វើកសិដ្ឋានកសិកម្ម៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!

2025/08/04 08:03:56 pm        176
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ​ លោកជំទាវ​​ ពុំ​ ចន្ទីនី​​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ចូលក្រាបបង្គំគាល់នៅព្រះបរមរាជវាំង ព្រមទាំងប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ​១៥.០០០​ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារអាម៉េរិក) រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ដូចជាក្រដាសសើមម៉ាក MG ចំនួន ២០កេស ឆៃប៉ូវ ៥០០គីឡូក្រាម និងត្រសក់ចាវ ៣៥០គីឡូក្រាម ចំពោះកាកបាទក្រហមកម្ពុជា​​ សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក។ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះបរមរាជានុញ្ញាតប្រើប្រាស់ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្រាប់ចែកជូនប្រជានុរាស្ដ្រជាជនភៀសសឹក។ ព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែប្រោសព្រះរាជទាននូវភាពកក់ក្តៅដល់កាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិ នានាក្នុងលោក និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រគ្រប់ៗរូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ៕

ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប

2025/08/04 07:26:12 pm        145
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។ក្នុងពិធីបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ស្ថិតនៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុក នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ ប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូននឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀលសម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។ឯកឧត្តម ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសេពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ដែលចង់រកការងារធ្វើ កុំភ្លេចទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដាក់លេខទូរស័ព្ទនៅក្នុងខិត្តប័ណ្ណដែលក្រុមការងារក្រសួងបានចែកជូន ដើម្បីទទួលបានការងារភ្លាមៗ និងធ្វើឱ្យបងប្អូនមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!

2025/08/04 07:05:48 pm        217
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែសីហានេះបានបង្ហោះសារចំអកទៅកាសែតថៃដែលបានចុះផ្សាយមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាថា សូមកុំភ្លេចថា សម្ដេចគឺជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, ហើយនៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។សម្ដេចតេជោបានសរសេរថា ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា ព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។សម្ដេចតេជោបានបន្តថា មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើ និងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។សម្ដេចតេជោបានបញ្ជាកថា ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។សម្ដេចតេជោបានរម្លឹកទៅចោរឈ្លានពានថា បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន យាងនិងអញ្ជើញរៀបចំពិធីឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជាពីសៀមឈ្លានពាន

2025/08/04 05:49:53 pm        192
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា យាងនិងអញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជា ពីសៀមឈ្លានពាន និងមានការនិមន្ត និងអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា យ៉ាងច្រើនកុះករ ដែលប្រារព្ធឡើងនៅបរិវេណពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។​ក្នុងពិធីដ៏មានអត្ថន័យនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានស្មឹងស្មាធគោរពចំពោះដួងវិញ្ញាក្ខន្ធ វីរយោធិនពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ពីចោរសៀមឈ្លានពាន នៅតាមបណ្តាព្រំដែន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រះរាជបន្ទូលថា ព្រះសង្ឃ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ជីវិតរបស់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ។ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន រួមជាមួយថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងប្រជាពលរដ្ឋទាំងអស់ បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថា កម្ពុជា តែងតែប្រាថ្នានូវសន្តិភាព មិនចង់ឈ្លានពានប្រទេសណាមួយឡើយ តែនឹងមិនអនុញ្ញាតឲ្យបរទេសណាមកឈ្លានពានលើទឹកដីរបស់ខ្លួនសូម្បីតែមួយមីលីម៉ែត្រ ហើយការរៀបចំពិធីបុណ្យនេះ គឺជាការបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព និងគុណូបការៈដ៏ធំធេងរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារជាតិ និងប្រជាជនកម្ពុជា ឱ្យមានសុខសន្តិភាព។សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ព្រះមន្រ្តីសង្ឃទាំងពីរគណៈ សាស្រ្តចារ្យ សិស្ស និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា យាង និមន្តនិងអញ្ជើញ បានរៀបចំនូវពិធីទៅតាមប្រពៃណីព្រះពុទ្ធសាសនា រាប់បាត្រ និងបវរណាបច្ច័យបួនព្រះមន្រ្តីសង្ឃ ដើម្បីឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរយោធិនពលី ក្នុងបុព្វហេតុការពារជាតិកម្ពុជា ពីសៀមឈ្លានពាន សូមបានដល់ឋានសុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ ៕អត្ថបទ រដ្ឋា

TOP STORY | ​​ព្រះមហាក្សត្រប្រគល់សិទ្ធិជូនសម្តេចតេជោធ្វើទំនាក់ទំនងជាមួយសម្តេចធិបតីលើកិច្ចការកងទ័ព

2025/08/04 05:44:48 pm        308
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារដោយប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។​តាមរយៈព្រះរាជសារ ព្រះករុណាព្រ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តម សេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនង ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការ កងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ព្រះករុណាព្រះ ព្រះមហាក្សត្រ សម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរដ៏ក្រៃលែង ចំពោះវីរភាព ដ៏អង់អាច់ ក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន នៅក្នុង សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និង ការពារប្រជាជន ក៏ដូចជាប្រជាជនកម្ពុជានៅ ទូទាំងប្រទេស ដែលបានរូបរួមជាកម្លាំងសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិ យោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យ ជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង។

សប្បុរសជន បន្តឧបត្ថម្ភស្បៀងអាហារសរុបទឹកប្រាក់១ម៉ឺនដុល្លារ សម្រាប់ជូនទៅវរកងទ័ពជួរមុខរបស់កម្ពុជា

2025/08/04 05:32:49 pm        240
ភ្នំពេញ ៖ នាព្រឹកថ្ងៃ០៤ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយសប្បុរស ជាស្បៀងអាហារ ,សម្ភារ រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើន ដែលសរុបជាទឹកប្រាក់ស្មើនឹង០១ម៉ឺនដុល្លារ ពីលោកស្រី Sophea Bőttcher និងស្វាមី Udo Bőttcher រួមទាំងអ្នកម្តាយ អរុណ នារី ដែលជាសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ ។ អំណោយសប្បុរសនៅពេលនេះ គឺដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារសប្បុរសជនខាងលើ ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតជាមួយមាតុភូមិជាតិកម្ពុជា នឹងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តស្រលាញ់រាប់អានគ្នា ទោះនៅទីជិត ឬទីឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ។ ក្នុងឱកាសដដែលនេះ ឯកឧត្តមស្នងការ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាកន្លងមកផងដែរ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វរកងទ័ព ដោយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ៕ លីហេង

សហគ្រិនខ្មែរនិងសាកលវិទ្យាល័យស្វាយរៀងរៀបចំប្រគួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្មរដូវកាលទី៣

2025/08/04 05:29:47 pm        112
ស្វាយរៀង ៖ សាកលវិទ្យាល័យស្វាយរៀង និងសហគ្រិនខ្មែរ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះមានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មវគ្គផ្តាច់ព្រ័ត្ររបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” សម្រាប់រដូវកាលទី៣ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យស្វាយរៀង និង កញ្ញា ក្រិច ស្រីនាង មន្រ្តីជំនាញនវានុវត្តន៍នៃសហគ្រិនខ្មែរ តំណាងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ ក្រុមនិស្សិតជម្រើសចុងក្រោយចំនួន១១ក្រុម ព្រមទាំងមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសមកពី​ មន្ទីរជំនាញជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង/ស្រុកទាំង៨ វិស័យឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់អាជីវកម្ម នាយកវិទ្យាល័យទាំង២១ទូទាំងខេត្ត យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្ស និស្សិត និងមាតាបិតា សរុបប្រមាណ ៤៥០នាក់។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ ក៏បានផ្តាំផ្ញើដល់កម្មវិធីទាំងមូលផងដែរថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា​» ។លោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម បានរាយការណ៍អំពីកិច្ចដំណើរការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី៣” ឆ្នាំ២០២៥នេះ មានបេក្ខជនជា និស្សិត បានចុះឈ្មោះចូលប្រគួតមានចំនួន៦៨នាក់ (ស្មើនឹង១៤ក្រុម) មកពីមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យាល័យស្វាយរៀង ។ កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ ៥ ដំណាក់កាលសំខាន់ៗ រួមមាន៖ ១.ការផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ២.បណ្តុះបណ្តាលអំពីសហគ្រិនភាព និងគំរូអាជីវកម្ម ៣.ការប្រកួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤.ការអភិវឌ្ឍន៍គំរូគំនិតអាជីវកម្មនិងគំរូផលិតផល(Product Prototype) និង ៥.ការប្រកួតប្រជែងផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើក្នុងពេល នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ បានមានប្រសាសន៍សំណេះសំណាល និងផ្តោតទៅលើការលើកទឹកចិត្តឲ្យមានការចូលរួម និងការគាំទ្រចំពោះដៃគូអភិវឌ្ឍន៍ទាំងឡាយ ដើម្បីបង្កើតឲ្យមាននូវការប្រកួតប្រជែងដំណាក់កាលជាបន្តបន្ទាប់ទៀត និងបានថ្លែងអំណរគុណដល់សហគ្រិនខ្មែរ ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងមូលនិធិដើម្បីដំណើរការសកម្មភាពនេះទៅបាន។ ឈានមកដល់ដំណាក់កាលប្រកួតផ្តាច់ព្រ័ត្រ ក្រុមនិស្សិតគឺទទួលបានជោគជ័យរួចហើយ គឺការជោគជ័យលើគំនិតផ្តួចផ្តើម លើរបៀបនៃការធ្វើការជាក្រុម វិន័យការងារ ការតស៊ូព្យាយាមគ្រប់ដំណាក់កាល ជាពិសេសលើការប្តេជ្ញាចិត្តលើកិច្ចការនេះ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកឡើងគាំទ្រទៅលើការវាយតម្លៃ និងផ្តល់ពិន្ទុរបស់គណៈកម្មការ និងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសពីគ្រប់អង្គភាព ស្ថាប័ន និងវិស័យឯកជន ដែលបានអញ្ជើញចូលរួម និងផ្តល់ជាគំនិត ជំរុញលើកទឹកចិត្តដល់និស្សិត និងយុវជន ក្នុងការចាប់ផ្តើមអាជីវកម្ម និងជាឱកាសដើម្បីទទួលបានមូលនិធិដើមទុន ដើម្បីឲ្យនិស្សិត និងអ្នកស្រាវជ្រាវ ខិតខំសិក្សាស្រាវជ្រាវបង្កើតគំនិតថ្មីចូលរួមចំណែកកំណើនសេដ្ឋកិច្ច ជាមួយគ្នានេះឯកឧត្តមសាស្រ្តចារ្យ បានលើកពីគម្រូអ្នកជោគជ័យមួយចំនួន ដូចជា ម្ចាស់ Facebook, ម្ចាស់ App ញាំ២៤ ដែលបង្កើតឡើងដោយកូនខ្មែរ ត្រូវបានទិញដោយក្រុមហ៊ុន Grab ...។ល។ និងបានណែនាំដល់គ្រប់មហាវិទ្យាល័យទាំងអស់ឲ្យបន្តផ្តួចផ្តើមនូវកម្មវិធីប្រកួតប្រជែងនេះជាបន្តបន្ទាប់ទៀត៕អត្ថបទ៖ ភា សារិទ្ធ​

សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្ស និងសាលារៀន​ក្នុង​ទីជនបទ​នៅ​ខេត្តកំពង់ស្ពឺ

2025/08/04 05:25:56 pm        466
កំពង់ស្ពឺ៖ ជាការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សប្បុរសជនចិន បា​ន​នាំយកសម្ភារសិក្សា និងសៀវភៅរឿងនិទាន ចែកដល់សិស្សានុសិស្ស នៃសាលា​បឋម​សិក្សា​វាល​ធំ ​ដែល​ស្ថិត​ក្នុង​ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ក្នុងពិធីទទួលសម្ភារសិក្សា លោក យ៉ង់ ប៊ុនធឿន នាយកសាលាបឋមសិក្សាវាលធំ បានលើក​ឡើង​ថា​ ក្រោមការយកចិត្តទុកដាក់ និងគិតគូរពីរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និង​កីឡា​ជា​សេនាធិការ រួមទាំងមានការចូលរួមពីសប្បុរសជននានា ក្នុងការ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ​ដូចជាអគារសិក្សា និងសម្ភារសិក្សាផ្សេងៗ សាលារៀននេះ មានកំណើន​សិស្ស​ចូល​រៀន​ពី​មួយឆ្នាំ​ទៅមួយឆ្នាំ ខណៈឆ្នាំសិក្សា២០២៤-២០២៥ មានសិក្សាជាង ៣០០នាក់ កំពុង​សិក្សា​រៀន​សូត្រ។លោកបន្តថា ជាក់ស្ដែងក្រៅពីបានជួយទិញកសិផលរបស់កសិករ នៅក្នុងខេត្តកំពង់ស្ពឺ និង​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះដោយផ្ទាល់ និងពលរដ្ឋមកពីតំបន់ផ្សេងៗ រោង​ចក្រ​ហ្សុង​បាវ​កែ​ច្នៃ​ផ្លែ​ឈើ ក៏បានជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា តាមរយៈចូលរួម​ការ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជាពិសេសការផ្ដល់សម្ភារសិក្សាដល់សិស្ស ក៏ដូចជាការលើក​ទឹក​ចិត្ត​ដល់​សិស្ស ​ដែលបានទទួលចំណាត់ថ្នាក់ល្អ គឺផ្ដល់រង្វាន់ដល់ពួកគេជាប្រចាំ ដែលធ្វើឲ្យសាលារៀននេះ មាន​សិស្សមករៀនទៀងទាត់ ហើយអត្រាបោះបង់ការសិក្សាស្ទើរតែគ្មាន។លោក អ៊ូ យ៉ាងជៀនពីន អគ្គនាយករោងចក្រហ្សុងបាវ កែច្នៃផ្លែឈើគ្រប់មុខ លើកឡើងថា រោង​ចក្រ​កំពុង​មានការរីកចម្រើន ក្រោមការចូលរួមសហការពីអាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ​ក្នុង​តំបន់​ ដែលពីមុនអាចជួយទិញផ្លែស្វាយពីប្រជាពលរដ្ឋត្រឹម ១ម៉ឺនតោនក្នុងមួយឆ្នាំ បច្ចុប្បន្ន​កើន​ដល់​៩​ម៉ឺន​តោន ដែលអាចផ្ដល់ឱកាសការងារ ដល់កម្មករជាង ៣ពាន់នាក់ ហើយគ្រោង​ពង្រីក​ការ​ទិញ​ផ្លែ​ស្វាយ​​ពី​កសិករបន្ថែមទៀត ។លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃរោងចក្រ និងការ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជា​ពលរដ្ឋ​នេះ ​រោងចក្រក៏មិនភ្លេចចូលរួមលើកកម្ពស់វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជានោះដែរ តាម​រយៈ​ការ​ផ្ដល់សៀវសិក្សាដល់សិស្ស ដែលកំពុងសិក្សានៅក្នុងសាលាបឋមសិក្សាវាលធំ និង​មាន​សៀវ​ភៅ​រឿង​និទានដាក់ក្នុងបណ្ណល័យ សម្រាប់ទុកឲ្យសិស្សអាន និងសិក្សារៀនសូត្រ។ជាមួយនេះ លោកបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ ដែល​បាន​ជួយ​សម្រប​សម្រួលដល់កូនចៅរបស់កម្មករ ដែលធ្វើការនៅក្នុងរោងចក្រ ឲ្យពួកគេបានរៀនសូត្រ ដូច​កូន​ចៅ​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីឲ្យពួកគេមានចំណេះដឹង ចេះអាន និង​ចេះ​សរសេរជាដើម៕ អត្ថបទ បាន សុខរិទ្ធិ

ស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់ ជំនាញព័ន្ធពាក់ត្រូវ បង្កាបង្ក្រាប រាល់បទល្មើស និងរក្សាសន្តិសុខ ឲ្យបានល្អក្នុងមូលដ្ឋាន

2025/08/04 05:20:15 pm        139
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំរុញដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឲ្យបង្កើនការយកចិត្តទុកដាក់ក្តោបសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម ឲ្យបានល្អប្រសើរ។កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងជំនាញ និងនគរបាលបាលតាមខណ្ឌ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឲ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោរកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឲ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ ។ ឯកឧត្តមស្នងការ ណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឲ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឲ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឲ្យមានវេនប្រចាំការ វេនល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ ។ ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឲ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាុយណា ដែលចរិតញុះញង់រើសអើងបង្កឲ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។ ឆ្លៀតក្នុងអង្គប្រជុំដដែលនោះ ឯកឧត្តមស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឲ្យជំនាញ និងអធិការខណ្ឌទាំង១៤ បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជំរុញឲ្យមន្រ្តីនគរបាល នៅថ្នាក់មូលដ្ឋាន ត្រូវពង្រាយកម្លាំងចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅតំបន់ ឬគោលដៅដែលងាយរងនូវការកកស្ទះនានា ឲ្យបានទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឲ្យបានប្រសើរឡើង ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»
05/06/2026 10:05 AM
អាមេរិក និងរដ្ឋឈូងសមុទ្រ ពង្រាងសេចក្តីសម្រេចរបស់ UN ស្តីពីការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz
05/06/2026 10:05 AM
ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី
05/06/2026 10:05 AM
សាលារៀនទីក្រុងបេរូតដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាម បានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹង
05/06/2026 10:05 AM
អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី និងអ៊ុយក្រែន
05/06/2026 10:05 AM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
05/06/2026 10:05 AM
ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង
05/06/2026 09:05 AM
ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប
05/06/2026 09:05 AM
អេស្ប៉ាញ នឹងទទួលនាវាទេសចរណ៍ដែលអ្នកដំណើរឆ្លងវីរុស Hanta នៅកោះ Canary
05/06/2026 09:05 AM
រុស្ស៊ីវាយប្រហារអ៊ុយក្រែនសម្លាប់មនុស្សច្រើននាក់ ខណៈកំពុងស្វែងរកបទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់ខ្លួន
05/06/2026 09:05 AM