អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់

ព័ត៌មានជាតិ

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បងប្អូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

2025/07/29 05:51:40 pm        252
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖១.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ០.៥លីត្រ ៥០កេស និងថ្នាំ Bromexin8 ៤០០ប្រអប់។២.បងប្អូនកងទ័ព នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ១.៥លីត្រ ១០០កេស, ទឹកបរិសុទ្ធយួរដៃ ៨០យួរ, សាច់ផាត់, ថ្នាំបន្តក់ភ្នែក ទឹកភ្នែកសិប្បនិម្មិត ២០០០ដប, បំពង់ហឺត ៦ប្រអប់, Spay លាបការពារមូស ៦កេស, ឱសថ និងសម្ភារៈសង្គ្រោះបឋមមួយចំនួន។៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៦៥៤គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព​ ០៥កន្លែង ៖    ១.វត្តព្រះលាន ៩៦គ្រួសារ     ២.វត្តពើងព្រះគោ ៧២គ្រួសារ     ៣.វត្តពើងនាគ ១០២គ្រួសារ     ៤.វត្តពើងអង្កាម (វត្តបាក់កាំ) ២៦៥គ្រួសារ    ៥.វត្តត្រាវគៀត ១១៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ​ ១០គីឡូក្រាម, អាវភ្លៀង ១, ត្រីងៀត ០.៥គីឡូក្រាម, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃពៅផ្អែម ១គីឡូក្រាម, សៀងឆា, ប្រេងកូឡា, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ។ឆ្លៀតក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរង លូ លីឃាង និងសហការីបានអញ្ជើញសាកសួរសុខទុក្ខវីរកងទ័ព ដែលរងរបួស និងកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមនី្ទរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ៕អត្ថបទ រដ្ឋា

TOP STORY | សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានគោរព អនុវត្តបទឈប់បាញ់ដោយជោគជ័យ

2025/07/29 04:11:06 pm        601
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ដោយបានវាយតម្លៃខ្ពស់ និងអរគុណកងទ័ព កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តបទឈប់បាញ់ដោយជោគជ័យ។សម្ដេចតេជោបានសរសេរថា៖«ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ»។សម្ដេចតេជោបានបញ្ជាក់ថា កិច្ចការរបស់សម្ដេចចាប់ពីម៉ោង ១២ យប់ថ្ងៃ ២៨ ឆ្លងចូលថ្ងៃ ២៩ កក្កដា២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឲ្យទទួលបានជោគជ័យដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។សម្ដេចតេជោថ្លែងថា៖«ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងនេះ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ»។សម្ដេចតេជោបានសង្គត់ធ្ងន់ថា សូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាពទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក៕

រដ្ឋមន្រ្តីសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

2025/07/29 03:55:06 pm        223
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ពរងរបួស និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមស្មារតីវិជ្ជាជីវៈ និងមនសិការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមគ្រូពេទ្យពហុជំនាញឯកទេសកម្រិតជាតិ និងខេត្ត។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ពីទឹកចិត្តគោរពកោតសរសើរ ម្តងហើយម្តងទៀត និងដឹងគុណដល់វីរភាពកងទ័ព និងសំដែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលពិតជាកំពុងបំពេញនាទីជាកងទ័ពអាវស ជួរក្រោយបន្ទាប់ ឈរលើសាមគ្គីភាព ជាធ្លុងមួយ យកចិត្តទុកដាក់មិនរាថយ បម្រើការថែទាំព្យាបាលអ្នកជំងឺគ្រប់ស្ថានការណ៍ ប្រកបដោយសេចក្តីស្រឡាញ់ និងអាណិតអាសូរ។ បន្ថែមពីនេះ ក្រសួងសុខាភិបាល តាមរយៈ ឯកឧត្តមសាស្ត្រាចារ្យ ចុះផ្ទាល់ បានប្រគល់បន្ថែមជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ការពង្រីកសមត្ថភាពព្យាបាលឱ្យបានកាន់តែទូលំទូលាយ ដើរតួនាទីជាមន្ទីរពេទ្យកម្រិតតំបន់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការផ្តល់រោគវិនិច្ឆ័យ និងសមត្ថភាពព្យាបាលប្រហាក់ប្រហែលមន្ទីរពេទ្យជាតិ៕អត្ថបទ រដ្ឋា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «គោរពដល់ទឹកចិត្តបងប្អូនវីរកងទ័ព និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ទីទួលសុវត្ថិភាព»

2025/07/29 03:38:32 pm        99
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈប្រើប្រាស់អាចដោះស្រាយជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះដោយសារភ្លើងសង្រ្គាម។​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីស្ថិតក្នុងភ្លើងសង្រ្គោមនាពេលនេះក៏ដោយ ពោលគឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សូមអនុវត្តន៍វិធានការដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការដែលអាចបង្កជាការ រាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ។ ក្នុងករណីមានបញ្ហាសុខភាព សូមទទួលសេវាសុខាភិបាល ដែលប្រចាំការនៅទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។ឯកឧត្តមសាស្ត្រាចារ្យ បានសំណេះសំណាល និងលើកទឹកចិត្តថែមទៀតដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ៕អត្ថបទ រដ្ឋា 

កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នៅប្រទេសស្វីសបានបិទបញ្ចប់ ដោយការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ

2025/07/29 03:30:20 pm        290
កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំជាមួយបណ្តាប្រធានសភាជាស្រ្តីមកពី៣០ប្រទេសក្នុងពិភពលោកបានបិទបញ្ចប់ដោយជោគជ័យនិងអត្ថន័យ នៅរសៀលដែលជាពេលរាត្រីនៅកម្ពុជា ក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលរៀបចំឡើងដោយសហភាពអន្តរសភា (IPU) សហការជាមួយសភាប្រទេសស្វីស បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្តទៀត លើសមភាពយេនឌ័រ ខណៈពិភពលោកអបអរខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងវេទិកាសម្រាប់សកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានចាត់ទុកជាប្លង់មេសម្រាប់សិទ្ធិស្ត្រី ព្រមទាំងខួប ១០ ឆ្នាំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និង២៥ឆ្នាំចាប់តាំងពីការអនុម័តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងបទអន្តរគមន៍ចំនួនពីរលើក។ លើកទី១នៅក្នុងសម័យប្រជុំលើកទី១ ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព »។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយដែលប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់?។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”។ ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីបេះដូងស្រឡាញ់សន្តិភាព របស់កម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បច្ចុប្បន្នស្ត្រីកម្ពុជាបម្រើការងារយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលជាវិភាគទានរបស់ស្រ្តីកម្ពុជាឆ្លុះបញ្ចាំងពីបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងការស្រឡាញ់សន្តិភាពរបស់កម្ពុជា។បទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភាមួយទៀត នៅក្នុងសម័យប្រជុំលើកទី២ ជុំវិញ បញ្ហាប្រឈមថ្មីៗកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ននិងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ លើប្រធានបទ «ការប្រែប្រួលអាកាសធាតុមិនមានការប្រកាន់ភេទ ហើយបង្កផលប៉ះពាល់ដូចគ្នាចំពោះស្ត្រី និងបុរស» ។ក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។ដើម្បីកាត់បន្ថយហានិភ័យលើស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវ អនុសាសន៍ទំាងបីចំណុច រួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។សូមបញ្ជាក់ថាក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នេះហើយ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមសន្និសីទប្រធានសភាពិភពលោក លើកទី៦ ដែលប្រារព្ធធ្វើនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្តទៀត៕

កម្ពុជា-ចិន ឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យ ធីវ៉េត

2025/07/29 03:24:42 pm        339
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បី​ពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈ នៃការយោគយល់​គ្នា​ទាក់ទង​នឹង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ស្របតាមតម្រូវការទីផ្សារការងារ។ក្នុងជំនួបការងារជាមួយ ឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម បានបន្ថែមថា ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ជាការឆ្លើយតប ឯកឧត្តម យាន ឈីងហ៊ុយ អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ដោយភាគីចិនយល់ព្រមក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ឯកឧត្តម យាន ឈីងហ៊ុយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយក គ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាចែកជូនពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

2025/07/29 03:07:48 pm        373
នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន១.០០០គ្រួសារស្មើនឹង៣.១៧៨នាក់។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាក្ខន្ធកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

2025/07/29 03:05:31 pm        330
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្ដេចមហាបវរធិបតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ណៃ ចន្នី ជា​យោធិន​នៃ​កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលបាន​ទទួល​មរណ​ភាព​ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។អនុសេនីយ៍ឯក ណៃ ចន្នី បានពលីជីវិត នៅចំណុចភ្នំទ្រព្យដោយ​គ្រាប់​កាំភ្លើងថ្មើជើង M 16។ បច្ចុប្បន្នសព វីរកងទ័ពរូបនេះ ត្រូវបានតម្កល់នៅលំនៅឋាន របស់ឪពុកក្នុងភូមិរំលឹក ឃុំទួល​សាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម ហ៊ុន ម៉ានី៖“ខ្មែរត្រូវតែខំពង្រឹងសមត្ថភាពខ្លួនឯង […] ការធ្វើជំរឿនមន្ត្រីនាពេលនេះ​ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើង”

2025/07/29 02:53:58 pm        407
មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។“ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ, ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាព និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ, ការកែលម្អការជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាដើម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍។ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការពង្រឹងសមត្ថភាព តាមរយៈការធ្វើជំរឿនមន្ត្រីថា “តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ។ ជំរឿនមន្ត្រីក៏ជាមូលដ្ឋានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីភាគី និងស្ថានភាពមន្ត្រី សម្រាប់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតប្រជែងជាមួយប្រទេសដទៃ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។”ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវមន្ត្រីដែលត្រូវធ្វើជំរឿនគ្រប់រូប សូមចូលរួមក្នុងយុទ្ធនាការជំរឿនឱ្យបានគ្រប់គ្នា ហើយសូមកុំឱ្យមានការយល់ច្រឡំណាមួយ ដែលជាការព្រួយបារម្ភអំពីការធ្វើជំរឿនមន្ត្រីនាពេលនេះ។ “ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា តែឯងនោះទេ តែជំរឿន ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាព ដែលត្រូវធ្វើជំរឿន។” […] ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី និងបុគ្គលិកអប់រំ, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកអប់រំជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕

សប្បុរសជនខេត្តស្វាយរៀងផ្ដល់ជំនួយគាំទ្រជាគ្រឿងឧបភោគបរិភោគដល់កងទ័ពនិងជនភៀសសឹក

2025/07/29 02:53:32 pm        225
ស្វាយរៀង ៖ ឆ្លើយតបទៅនិងការអំពាវនាវរបស់រដ្ឋបាលក្រុង ក៏ដូចរដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ ពលរដ្ឋ បានបង្ហាញការគាំទ្រលើកទឹកចិត្តកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ប្រយុទ្ធតទល់នឹងការឈ្លាន ពានរបស់សត្រូវ ។​នៅស្នាក់ការទទួលអំណោយ សប្បុរសជនដែលនាំគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា សម្រាប់ក្រុង ក៏ដូចខេត្តនាំបន្តចាត់ចែងជូនដល់វីរកងទ័ព និងជនភៀសខ្លួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានមានចំណាប់អារម្មណ៍ ដោយសំដែង និងថ្លែងនូវការកោតសសើរចំពោះវីរយុទ្ធជន ដែលបានធ្វើពលិ កម្មគ្រប់បែបយ៉ាងក្នុងកិច្ចការរក្សាការពារ បូរណភាពទឹកដី ដែលចោរសៀម បានវាយទន្ទ្រានឈ្លានពាន ដោយមិនខ្លាចនៃការនឿយហត់ និងឈានទៅរបួស និងពលីនៅលើសមរភូមិប្រយុទ្ធ ផងដែរ ។លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណចំពោះសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃ ក្នុងក្រុងស្វាយរៀង ដែលបានឈរនៅក្រោយកងទ័ពដើម្បីលើកទឹកចិត្ត និងរួមគ្នាការពារជាតិ។សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀង បន្ទាប់ពីមានការប្រយុទ្ធគ្នា ប្រតិភូព្រះសង្ឃ និងសប្បុរសជន ក្នុង និងក្រៅប្រទេស ដឹកនាំដោយព្រះវិសុទ្ធមុំ សយ មេគណខេត្ត ប្រតិភូស្នងការនគរបាលខេត្ត ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ដោយឯក ឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បាននាំយកអំណោយទៅចែកផ្ដល់ជូនដល់វីរៈកងទ័ពរួចរាល់ហើយ កាល ពីប៉ុន្មានថ្ងៃមុននេះ តែសម្រាប់ការអំពាវនាវប្រមូលសម្ភារៈបន្ថែមរដ្ឋបាលខេត្ត និងត្រៀមយកទៅចែកផ្ដល់ជូន បន្តនៅពេលឆាប់ៗខាងមុខនេះ ៕អត្ថបទ៖ ភា សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់
05/10/2026 11:05 AM
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
05/10/2026 11:05 AM
លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM
ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
05/10/2026 11:05 AM
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
05/10/2026 11:05 AM
លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​
05/10/2026 10:05 AM
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
05/10/2026 10:05 AM
អ្នកនាំពាក្យបញ្ជាក់ជាថ្មី៖ កម្ពុជានឹងប្រើប្រាស់យន្តការ​នៃការផ្សះផ្សារ​ដោយ​ចាប់​បង្ខំ​ឋិត​ក្រោម​អនុសញ្ញា ​UNCLOS ដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ
05/10/2026 10:05 AM
ព្រះសង្ឃនៅខេត្ដសៀមរាប បន្ដនាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទៅផ្តល់ជូនកងទ័ពជួរមុខ ក្នុង​ខេត្ត​ឧត្តរមានជ័យ
05/10/2026 10:05 AM
សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online Scams ២កន្លែងក្នុងខណ្ឌ៧មករា និង​ឃាត់​ខ្លួន​ជន​បរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី
05/10/2026 10:05 AM