កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នៅប្រទេសស្វីសបានបិទបញ្ចប់ ដោយការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជាទទួលបានលទ្ធផលជាទីមោទនៈ

2025/07/29 03:30:20 pm        290
កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំជាមួយបណ្តាប្រធានសភាជាស្រ្តីមកពី៣០ប្រទេសក្នុងពិភពលោកបានបិទបញ្ចប់ដោយជោគជ័យនិងអត្ថន័យ នៅរសៀលដែលជាពេលរាត្រីនៅកម្ពុជា ក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។កិច្ចប្រជុំប្រធានសភាស្រ្តីលើកទី១៥ ដែលរៀបចំឡើងដោយសហភាពអន្តរសភា (IPU) សហការជាមួយសភាប្រទេសស្វីស បានជំរុញឱ្យមានការយកចិត្តទុកដាក់បន្តទៀត លើសមភាពយេនឌ័រ ខណៈពិភពលោកអបអរខួបលើកទី៣០ នៃសេចក្តីថ្លែងការណ៍ និងវេទិកាសម្រាប់សកម្មភាពទីក្រុងប៉េកាំង ដែលត្រូវបានចាត់ទុកជាប្លង់មេសម្រាប់សិទ្ធិស្ត្រី ព្រមទាំងខួប ១០ ឆ្នាំនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និង២៥ឆ្នាំចាប់តាំងពីការអនុម័តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ។នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញថ្លែងបទអន្តរគមន៍ចំនួនពីរលើក។ លើកទី១នៅក្នុងសម័យប្រជុំលើកទី១ ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព »។ នៅក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយដែលប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់?។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”។ ជាមួយគ្នានេះ សម្តេចក៏បានគូសបញ្ជាក់ពីបេះដូងស្រឡាញ់សន្តិភាព របស់កម្ពុជាផងដែរ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បច្ចុប្បន្នស្ត្រីកម្ពុជាបម្រើការងារយ៉ាងល្អប្រសើរក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលជាវិភាគទានរបស់ស្រ្តីកម្ពុជាឆ្លុះបញ្ចាំងពីបេះដូងនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងការស្រឡាញ់សន្តិភាពរបស់កម្ពុជា។បទអន្តរាគមន៍របស់សម្តេចប្រធានរដ្ឋសភាមួយទៀត នៅក្នុងសម័យប្រជុំលើកទី២ ជុំវិញ បញ្ហាប្រឈមថ្មីៗកំពុងជះឥទ្ធិពលដល់សន្តិភាព ដោយបរិយាបន្ននិងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ លើប្រធានបទ «ការប្រែប្រួលអាកាសធាតុមិនមានការប្រកាន់ភេទ ហើយបង្កផលប៉ះពាល់ដូចគ្នាចំពោះស្ត្រី និងបុរស» ។ក្នុងកិច្ចប្រជុំនេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការប្រែប្រួសអាកាសធាតុកំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។ ការប្រែប្រួលអាកាសធាតុបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខមនុស្សជាតិ ជាពិសេសជីវភាពរស់នៅរបស់ប្រជាជន។ ការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់ដល់ក្រុមមនុស្សផ្សេងៗគ្នា អាស្រ័យលើកម្រិតនៃភាពធន់ និងការសម្របខ្លួនរបស់ពួកគេ។ស្ត្រី និងក្មេងស្រីប្រឈមនឹងហានិភ័យ និងបន្ទុកធ្ងន់ ហើយមិនសមាមាត្រជាមួយបុរសឡើយ។ដើម្បីកាត់បន្ថយហានិភ័យលើស្រ្តីនិងកុមារពីការប្រែប្រួលអាកាសធាតុនេះ សម្តេចប្រធានរដ្ឋសភា បានផ្តល់នូវ អនុសាសន៍ទំាងបីចំណុច រួមមាន ទី១ គេត្រូវបញ្ចូលគោលនយោបាយឆ្លើយតបនឹងយេនឌ័រ ទី២ ត្រូវពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីទៅក្នុងប្រព័ន្ធអភិបាលកិច្ចធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកិច្ចការនេះអាចធ្វើទៅបានលុះត្រាតែ មានការគាំទ្រយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ និងទី៣ គេត្រូវជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពីភាគីពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។សូមបញ្ជាក់ថាក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥នេះហើយ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមសន្និសីទប្រធានសភាពិភពលោក លើកទី៦ ដែលប្រារព្ធធ្វើនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្តទៀត៕

កម្ពុជា-ចិន ឯកភាពគ្នាពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យ ធីវ៉េត

2025/07/29 03:24:42 pm        339
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និង​សន្ដិសុខ​សង្គម​នៃ​សាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បី​ពិនិត្យលទ្ធភាពក្នុងការបន្តអនុស្សរណៈ នៃការយោគយល់​គ្នា​ទាក់ទង​នឹង​ការ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ស្របតាមតម្រូវការទីផ្សារការងារ។ក្នុងជំនួបការងារជាមួយ ឯកឧត្តម យាន ឈីងហ៊ុយ (YAN Qinghui) អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគវាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី និងខេត្ត។ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ដើម្បីរួមចំណែកដល់ការបន្តពូនជ្រំនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងរឹងមាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន គួរតែពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តម បានបន្ថែមថា ទន្ទឹងរង់ចាំបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតទៅលើវិស័យការងារ សន្ដិសុខសង្គម និងជាពិសេសលើវិស័យបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ជាការឆ្លើយតប ឯកឧត្តម យាន ឈីងហ៊ុយ អនុរដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គមនៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ដោយភាគីចិនយល់ព្រមក្នុងការពិនិត្យលទ្ធភាពក្នុងការបន្តនូវអនុស្សរណៈនៃការយោគយល់គ្នាទាក់ទងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។ឯកឧត្តម យាន ឈីងហ៊ុយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយក គ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាចែកជូនពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ

2025/07/29 03:07:48 pm        374
នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកចំនួន២.៤០០គ្រួសារស្មើនឹង៨.៣៣៥នាក់ដែលកំពុងប្រមូលផ្តុំនៅក្នុងមណ្ឌលសុវត្ថិភាពចំនួន៣ទីតាំងស្ថិតក្នុងខេត្តសៀមរាបរួមមាន៖មណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តខ្នារតេជោ ភូមិខ្នារ ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ចំនួន ១.០០០ គ្រួសារស្មើនឹង៣.៨៦៨នាក់ មណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តចារឈូក ភូមិជូនស្វា ឃុំចារឈូក ស្រុកអង្គរជុំមានចំនួន៤០០គ្រួសារស្មើនឹង១.២៨៩នាក់ និងមណ្ឌលសុវត្ថិភាពស្ថិតក្នុងបរិវេណវត្តជ្រោយនាងបួន ភូមិជ្រោយនាងបួន ឃុំជ្រោយនាងបួន ស្រុកស្រីស្នំ ខេត្តសៀមរាបចំនួន១.០០០គ្រួសារស្មើនឹង៣.១៧៨នាក់។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិតបានសំណេះសំណាល និងបានផ្តល់ស្បៀងអារហារ និងរបស់របរប្រើប្រាសចាំបាច់ជាច្រើនជូន បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង២.៤០០គ្រួសារនូវថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំងស្បៀងអាហារ មានអង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃប៉ូវ ត្រីប្រាហើម សៀងផ្អែមជាដើមដើម្បីផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងបរិភោគដែលអាចដោះស្រាយការលំបាកនៅចំពោះមុខមួយគ្រានេះ។ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹកដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នាក្នុងនោះមានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាពក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាលជូនបងប្អូនទាំងអស់គ្នា។ ជាមួយគ្នានេះ ក្នុងស្មារតីខ្មែរជួយខ្មែរ ស្មារតីខ្មែរតែមួយ មានប្រជាពលរដ្ឋជាច្រើនបានចូលរួមបរិច្ចាគទាំងថវិកា និងកញ្ចប់ស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់នានាជាច្រើនទៀតជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ៕ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាក្ខន្ធកងទ័ពពលី នៅខេត្តកំពង់ស្ពឺ

2025/07/29 03:05:31 pm        330
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់សម្ដេចមហាបវរធិបតិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អនុសេនីយ៍ឯក ណៃ ចន្នី ជា​យោធិន​នៃ​កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលបាន​ទទួល​មរណ​ភាព​ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។អនុសេនីយ៍ឯក ណៃ ចន្នី បានពលីជីវិត នៅចំណុចភ្នំទ្រព្យដោយ​គ្រាប់​កាំភ្លើងថ្មើជើង M 16។ បច្ចុប្បន្នសព វីរកងទ័ពរូបនេះ ត្រូវបានតម្កល់នៅលំនៅឋាន របស់ឪពុកក្នុងភូមិរំលឹក ឃុំទួល​សាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្ដម ហ៊ុន ម៉ានី៖“ខ្មែរត្រូវតែខំពង្រឹងសមត្ថភាពខ្លួនឯង […] ការធ្វើជំរឿនមន្ត្រីនាពេលនេះ​ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើង”

2025/07/29 02:53:58 pm        408
មានប្រសាសន៍ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។“ការធ្វើជំរឿននេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះបម្រើដល់ការងារគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ និងជាសមាសធាតុដ៏សំខាន់មួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដោយទិន្នន័យនៃជំរឿន នឹងជួយរាជរដ្ឋាភិបាល ក្នុងការវាយតម្លៃមូលធនមនុស្ស នៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗ, ការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន អង្គភាព និងការពង្រាយមន្ត្រី ដើម្បីដោះស្រាយការខ្វះ ឬលើស ទាំងបរិមាណ សមត្ថភាព និងគុណវុឌ្ឍិ, ការកែលម្អការជ្រើសរើសមន្ត្រី ដោយផ្អែកលើតម្រូវការជាក់ស្ដែង, ការកែលម្អប្រព័ន្ធបើកផ្តល់បៀវត្ស, ការរៀបចំប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មការងាររបស់មន្ត្រី, ការរៀបចំយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងរដ្ឋបាលសាធារណៈ ជាដើម។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍។ការធ្វើជំរឿនមន្ត្រីរាជការ គឺជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រីជាក់ស្តែង នៅតាមអង្គភាពនីមួយៗ ក្នុងគោលដៅ ដើម្បីរៀបផែនការពង្រឹងសមត្ថភាព, ការពង្រាយមន្ត្រីឱ្យបម្រើការងារចំគោលដៅ ស្របតាមគុណវុឌ្ឍិ ចូលរួមគាំទ្រដល់ការធានាឱ្យបានថា មន្ត្រីដែលសកម្មនឹងទទួលបានការលើកទឹកចិត្ត, ការទទួលស្គាល់ស្នាដៃ, ផលិតភាព និងសមិទ្ធកម្មការងារ។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តលើកឡើងអំពីការពង្រឹងសមត្ថភាព តាមរយៈការធ្វើជំរឿនមន្ត្រីថា “តាមរយៈជំរឿនមន្ត្រីរាជការនៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអាចវាយតម្លៃមូលធនមនុស្សរបស់កម្ពុជា ដែលជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍមូលធនមនុស្ស តាមរយៈផែនការពង្រឹងសមត្ថភាពមន្ត្រី ព្រមទាំងការរៀបចំពង្រាយមន្ត្រីឱ្យចំគោលដៅស្របតាមគុណវុឌ្ឍិរបស់មន្ត្រី និងការគិតគូរចំពោះមន្ត្រីដែលសកម្មការងារ តាមរយៈប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម ឬផលិតភាពការងារ។ ជំរឿនមន្ត្រីក៏ជាមូលដ្ឋានទិន្នន័យរួមមួយ ដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីភាគី និងស្ថានភាពមន្ត្រី សម្រាប់ការរៀបចំប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតប្រជែងជាមួយប្រទេសដទៃ និងការឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។”ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអំពាវនាវមន្ត្រីដែលត្រូវធ្វើជំរឿនគ្រប់រូប សូមចូលរួមក្នុងយុទ្ធនាការជំរឿនឱ្យបានគ្រប់គ្នា ហើយសូមកុំឱ្យមានការយល់ច្រឡំណាមួយ ដែលជាការព្រួយបារម្ភអំពីការធ្វើជំរឿនមន្ត្រីនាពេលនេះ។ “ការធ្វើជំរឿនមន្ត្រី មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងមុខងារសាធារណៈ ឬជាការទទួលខុសត្រូវរបស់ក្រសួងអប់រំ យុវជន និងកីឡា តែឯងនោះទេ តែជំរឿន ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវមានការចូលរួមសហការពីអង្គភាព ដែលត្រូវធ្វើជំរឿន។” […] ការគាំទ្រ និងការចូលរួមក្នុងការធ្វើជំរឿននេះ នឹងធ្វើឱ្យរាជរដ្ឋាភិបាល ទទួលបានទិន្នន័យជាមូលដ្ឋាន សម្រាប់ ការតាមដានបម្រែបម្រួលស្ថានភាពរបស់មន្ត្រី និងបុគ្គលិកអប់រំ, ការព្យាករណ៍អំពីទំហំតម្រូវការមន្ត្រី និងបុគ្គលិកអប់រំជាក់ស្តែង ដើម្បីដាក់ចេញគោលនយោបាយជាអាទិភាព ស្របតាមការវិវត្តនៃសង្គមជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែម៕

សប្បុរសជនខេត្តស្វាយរៀងផ្ដល់ជំនួយគាំទ្រជាគ្រឿងឧបភោគបរិភោគដល់កងទ័ពនិងជនភៀសសឹក

2025/07/29 02:53:32 pm        225
ស្វាយរៀង ៖ ឆ្លើយតបទៅនិងការអំពាវនាវរបស់រដ្ឋបាលក្រុង ក៏ដូចរដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ ពលរដ្ឋ បានបង្ហាញការគាំទ្រលើកទឹកចិត្តកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ប្រយុទ្ធតទល់នឹងការឈ្លាន ពានរបស់សត្រូវ ។​នៅស្នាក់ការទទួលអំណោយ សប្បុរសជនដែលនាំគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា សម្រាប់ក្រុង ក៏ដូចខេត្តនាំបន្តចាត់ចែងជូនដល់វីរកងទ័ព និងជនភៀសខ្លួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានមានចំណាប់អារម្មណ៍ ដោយសំដែង និងថ្លែងនូវការកោតសសើរចំពោះវីរយុទ្ធជន ដែលបានធ្វើពលិ កម្មគ្រប់បែបយ៉ាងក្នុងកិច្ចការរក្សាការពារ បូរណភាពទឹកដី ដែលចោរសៀម បានវាយទន្ទ្រានឈ្លានពាន ដោយមិនខ្លាចនៃការនឿយហត់ និងឈានទៅរបួស និងពលីនៅលើសមរភូមិប្រយុទ្ធ ផងដែរ ។លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណចំពោះសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃ ក្នុងក្រុងស្វាយរៀង ដែលបានឈរនៅក្រោយកងទ័ពដើម្បីលើកទឹកចិត្ត និងរួមគ្នាការពារជាតិ។សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀង បន្ទាប់ពីមានការប្រយុទ្ធគ្នា ប្រតិភូព្រះសង្ឃ និងសប្បុរសជន ក្នុង និងក្រៅប្រទេស ដឹកនាំដោយព្រះវិសុទ្ធមុំ សយ មេគណខេត្ត ប្រតិភូស្នងការនគរបាលខេត្ត ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ដោយឯក ឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បាននាំយកអំណោយទៅចែកផ្ដល់ជូនដល់វីរៈកងទ័ពរួចរាល់ហើយ កាល ពីប៉ុន្មានថ្ងៃមុននេះ តែសម្រាប់ការអំពាវនាវប្រមូលសម្ភារៈបន្ថែមរដ្ឋបាលខេត្ត និងត្រៀមយកទៅចែកផ្ដល់ជូន បន្តនៅពេលឆាប់ៗខាងមុខនេះ ៕អត្ថបទ៖ ភា សារិទ្ធ

ក្រសួងអភិវឌ្ឍន៍ជនបទផ្តល់សម្ភារៈអនាម័យ និងបង្គន់អនាម័យ១៦បន្ទប់​នៅទីតាំង​ជម្លៀសជនភៀសសឹក​មកពីថ្មដា

2025/07/29 01:58:04 pm        514
ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់ តំណាងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយក​សម្ភាៈ​អនាម័យ ដែលបានផ្តល់ជូនពីក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈកិច្ចសហការ​ជាមួយ​អង្គការ UNICEF ទៅប្រគលជូនរដ្ឋបាលស្រុកវាលវែង ដើម្បីធ្វើការបែង​ចែក​ជូន​បង​ប្អូន​ជន​ភៀស​សឹក និងបងៗកងទ័ពជួរមុខនៅថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ លោក ធីម សុធារ៉ា និង​ក្រុមការងារ រួមនិងអាជ្ញាធរស្រុកវាលវែង បាន​ចុះពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​បង្គន់​អនាម័យ​បន្ថែម នៅទីតាំងសុវត្ថិភាពទាំង០២កន្លែងនៅឃុំប្រម៉ោយ ដែលបងប្អូនជនភៀសសឹកមកពីថ្មដា ព្រំដែន​កម្ពុជា-ថៃ កំពុងស្នាក់នៅបណ្តោះអាសន្នផងដែរ ។លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានលើកឡើងថា​ដោយ​មាន​ក្តី​បារម្ភ និង​យកចិត្តទុកដាក់ អំពីបញ្ហាសុខភាពអនាម័យ របស់បងប្អូនជនភៀសសឹក ក៏ដូច​ជា​កង​ទ័ព​ជួរមុខ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ចែងឲ្យមន្ទីរ​អភិវឌ្ឍន៍ជន​បទ​ខេត្តនាំយកសម្ភារៈអនាម័យរួមមាន ៖ ធុងទឹកចំណុះ៦០លីត្រចំនួន១០០ , ប៊ីដុង​ទឹកបត់បានចំណុះ២០លីត្រចំនួន១០០០ , ធុងទឹកចំណុះ១៨លីត្រចំនួន ១០០០ ,សាប៊ូ​ម្សៅ​៧៥០កញ្ចប់ និងសាប៊ូដុំចំនួន១០០កេស រួមនិងណែនាំ​អោយ​សាង​សង់​បង្គន់​អនាម័យ​បន្ថែម​ចំនួន១៦បន្ទប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ជូនបងប្អូនជនភៀសសឹក ។ក្នុងនាមអាជ្ញាធរស្រុកវាលវែង លោក ធាង ឡេង អភិបាលស្រុកបានថ្លែងអំណរគុណ យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្ដម ឆាយ ឫទ្ធិសែន ដែលបានចាត់តំណាងនាំយក សម្ភារៈអនាម័យ និង​ការ​សាង​សង់​បង្គន់អនាម័យបន្ថែមសម្រាប់ជនភៀសសឹក និងកងទ័ពជួរមុខក្នុងស្រុកវាលវែង។ ហើ​យ​លោកអភិបាលស្រុក ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសប្បុរស​ជន​នានា​ដែល​ជា​សមរភូមិជួរក្រោយ ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងសម្ភារៈ​ផ្សេងៗ​ជា​បន្តបន្ទាប់ ដែលបានបង្ហាញឲ្យឃើញថា ឯកភាពជាតិខ្មែរ និងសាមគ្គីផ្ទៃក្នុងខ្មែរ មាន​ភាពរឹងមាំ។សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុក​មឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការ​ចំនួន​៣​ភូមិ​រួមមាន៖ ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និង​ភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលជាជនភៀសសឹកមកស្នាក់បណ្តោះអាសន្ននៅទីតាំងសុវត្ថិភាពទាំង ០២កន្លែងនៅទីរួមស្រុកវាលវែង មានចំនួន១៩៩០នាក់ ក្នុងនោះមនុស្សស្រី១០២០នាក់ និង​កុមារ​មាន​ចំនួន៦៧៦នាក់ ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

2025/07/29 01:46:16 pm        265
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ ​អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំង​សុវត្ថិភាព​នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាល​បាន​ចរចា​បទ​ឈប់​បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើ​ទោះ​បី​ជា​បទ​ឈប់បា​ញ់​បានចូលជាធរមានក៏ដោយ ក៏ត្រូវនូវរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ ឯកឧត្តមបានអំពាវនាវ ជនរួមជាតិទាំងអស់ ស៊ូត្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូត​ដល់​ស្ថានភាពព្រំដែនមានស្ថិរភាព។រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នៅតែបន្តខិតខំប្រឹងប្រែងមើលថែ និងគាំពារពុកម៉ែ បងប្អូន ដែលភៀសខ្លួនជាបន្តបន្ទាប់ពីតំបន់សឹក និងតំបន់ព្រំដែនជានិច្ច៕

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានរវាងកម្ពុជា និងថៃ

2025/07/29 01:23:15 pm        425
សាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះការប្រកាស​ពីបទឈប់​បាញ់​ដែល​ចូល​ជា​ធរមាន​ចាប់​ពី​យប់​ថ្ងៃចន្ទ ទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនារវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយ​ជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២៨ ខែកក្កដា។ ប្រទេស​បារាំង​អំពាវនាវឱ្យមានការអនុវត្ត​បទ​ឈប់​បាញ់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។ ប្រទេស​បារាំង​វាយតម្លៃខ្ពស់ចំពោះតួនាទីសម្របសម្រួលរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ហើយ​បារាំង​សូម​គូស​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្រ​ដល់​មជ្ឈ​ភាព​អាស៊ានក្នុងការដោះស្រាយជម្លោះនានាក្នុងតំបន់។ ការវិវត្តគួឱ្យកត់​សម្គាល់នេះគឺជាចំណុចចាប់ផ្តើមនៃការដោះស្រាយជម្លោះប្រកបដោយចីរភាព តាម​មាគ៌ាសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។ ក្នុងន័យ​នេះ ប្រទេសបារាំងត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ជា​ពិសេសកិច្ចខិតខំប្រែងប្រែងរបស់អាស៊ាន។សូមបញ្ជាក់ថា ក្រោយបទឈប់បាញ់​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​រវាង​កម្ពុជា និងថៃ​ចូល​ជា​ធរមាន និង​ត្រូវ​បាន​អនុវត្តល្អ, សារអបអរសាទរបានធ្លាក់មកជាបន្តបន្ទាប់ពីប្រទេសនានាដូចជា៖ អាម៉េរិក បារាំង ជប៉ុន អង់គ្លេស សហភាពអឺរ៉ុប៕

ប្រមុខការពារជាតិកម្ពុជាទូរស័ព្ទទៅមេការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន​ដែល​បាន​​កើតឡើង អំឡុងពេលអនុវត្តបទឈប់បាញ់

2025/07/29 12:54:55 pm        580
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តមបានទំនាក់ទំនង (តាមទូរសព្ទ) ជា​មួយ​រដ្ឋមន្ត្រីការពារជាតិស្តីទីថៃ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុង​អំឡុង​ពេល​អនុវត្ត​បទឈប់បាញ់។ ឯកឧត្តមបានថ្លែងថា កងទ័ពកម្ពុជា បានគោរពបទឈប់បាញ់ ចាប់តាំងពីម៉ោង ០០:០០ យប់​មិញ​រហូតមកដល់បច្ចុប្បន្នប្រកបដោយភាពអត់ធ្មត់ យើងច្រាន​ចោល​ការ​លើក​ឡើង​របស់​កង​ទ័ព​ជើង​គោក​ថៃ និងបណ្តាព័ត៌មានរបស់ថៃ ដែលបានចោទកម្ពុជា រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​។ ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃ​នេះ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិកម្ពុជានឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំង​សភាពការណ៍​ជាក់​ស្តែង​លើ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ ឯកឧត្តមថ្លែងថា «ព្រឹកមិញខ្ញុំក៏បានទំនាក់ទំនង (តាមទូរសព្ទ) ជាមួយរដ្ឋមន្ត្រីការពារ​ជាតិ​ស្តី​ទី​ថៃ​ ពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលបានកើតឡើង ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់»។ បើ​តាម​ប្រមុខការពារជាតិកម្ពុជា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ខាងមុននេះ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​នឹងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ GBC ដែលមានការចូលរួមពីភាគីថៃ នៅរាជធានីភ្នំពេញ យោង​តាម​សេចក្តីថ្លែងការណ៍នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៥៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM