ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
រដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
ក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ

ព័ត៌មានជាតិ

ការចោទប្រកាន់របស់សៀមថា កម្ពុជាប្រើមីស៊ីលPHL-03 គឺដើម្បីយកលេសប្រើអាវុធឃោឃៅវាយប្រហារមកលើកម្ពុជាប៉ុណ្ណោះ

2025/07/28 08:21:43 am        476
ជាថ្មីម្តងទៀតអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីសៀម ដែលថាកម្ពុជាបានប្រើប្រាស់មីស៊ីល PHL-03 បាញ់ទៅទាហានរបស់ខ្លួន ខណៈការចោទប្រកាន់ម្តងហើយម្តងទៀត មកលើកម្ពុជា ពីសំណាក់ទាហានឈ្លានពានសៀមនេះ គឺជាល្បិចកល ដើម្បីយកលេសប្រើអាវុធសាហាវឃោឃៅ ព្រៃផ្សៃដ៏ទៃទៀតបាញ់ប្រហារមកលើកម្ពុជាប៉ុណ្ណោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃដំណើរការឈ្លានពានរបស់សៀមមកលើ កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការ ពារជាតិកម្ពុជាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ខុសពីការពិត និងមានចេតនាទុច្ចរិតពីសំណាក់ទាហានឈ្លានពានសៀម ដែលបានចោទប្រកាន់កម្ពុជាថាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយPHL-03 បាញ់ចូលទឹកដីសៀម ខណៈការចោទប្រកាន់នេះ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់ និងឆ្លុះបញ្ចាំងពីលេសរបស់ភាគីសៀម ដើម្បីខ្លួនអាចប្រើប្រាស់ អាវុធកាន់តែសាហាវព្រៃផ្សៃជាងមុន និងអមនុស្សធម៌ជាងមុន ក្នុងការវាយប្រហារ និងរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយបែជាមកលាបពណ៌ដល់កម្ពុជាទៅវិញ។ជាមួយគ្នានោះដែរលោកជំលោកជំទាវ ម៉ាលី សុជាតា ក៏បានប្រកាសច្រានចោល និងថ្កោលទោស ផងដែរចំពោះភាគីសៀម ដោយមានចេតនាព្យាបាទដល់កម្ពុជា ដែលបានចោទច្រំដែលៗថា កម្ពុជាបានបាញ់ផ្លោងចូលទឹកដីឡាវដោយចេតនា ខណៈការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះគឺបានឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តថោកទាប ភូតកុហក និងបោកបញ្ឆោតរបស់សៀម ដែលដំបូងឡើយជាការប្រឌិត ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានខុសច្បាប់របស់ខ្លួនមកលើកម្ពុជា ហើយពេលនេះក៏បានកំពុងបំភ័ន្តភ្នែកអន្តរជាតិ ដោយបានព្យាយាមធ្វើឲ្យខូចឈ្មោះដល់កម្ពុជា ផ្ទុយទៅនឹងទង្វើរបស់ខ្លួន ដោយកម្ពុជាមិនដែលបានធ្វើ ឬរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងណាមួយឡើយនោះ។ទាក់ទងនឹងការចោទប្រកាន់ច្រំដែលៗ ដោយព្រហើនរបស់ភាគីសៀម ដែលថាកម្ពុជាបានបាញ់ផ្លោងគ្រាប់ចូលទឹកដីឡាវនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានប្រាប់ទៅភាគីសៀមវិញថា កម្ពុជាគឺនៅតែបន្តមានការតាំងចិត្តក្នុងការគោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រជាជាតិដទៃ និងបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ក្នុងការសហការ និងប្រតិបត្តិការពេញលេញដល់កងទ័ព និងប្រជាជនឡាវ ដើម្បីស៊ើបអង្កេតនូវឧបទ្ទវហេតុដែលបានកើតឡើង (គ្រាប់ធ្លាក់លើទឹកដីឡាវ) ប្រកបដោយទំនួលខុសត្រូវវិជ្ជាជីវៈ និងតម្លាភាពខ្ពស់ផងដែរ៕ អត្ថបទបាន ចក់

សម្តេចធិបតី៖បំណងនៃកិច្ចប្រជុំស្អែកជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នា

2025/07/27 11:32:09 pm        289
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា នៅស្អែកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងភាគីចិន។ ដោយកិច្ចប្រជុំនេះគឺមានគោលបំណងដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាជាបន្ទាន់មួយរវាងកងទ័ពកម្ពុជា និងថៃ ក្រោយមានការផ្តួចផ្តើមដោយឯកឧត្តមដូ ណាត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា«ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ(កម្ពុជា និងថៃ) បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។  តាមរយៈសារខ្លីនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះផងដែរ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ហើយបន្ទាប់មកជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្របសម្រួលឲ្យប្រទេសទាំងពីរ(កម្ពុជា-ថៃ)មានបទឈប់បាញ់មួយជាបន្ទាន់៕អត្ថបទ ៖ បាន ចក់

សាលាបឋមសិក្សាស្ថាពរខេត្តព្រះវិហារ ទទួលអំណោយមួយចំនួនពីសប្បុរសជន

2025/07/27 10:51:14 pm        131
ភ្នំពេញ៖ តបតាមសំណើរ សប្បុរជនតាមរយៈសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្រគល់អំណោយមួយចំនួននិងសម្ភារៈសិក្សា ជូនដល់សាលាបឋមសិក្សាស្ថាពរ ស្ថិតនៅក្រុង/ខេត្តព្រះវិហារ ដើម្បីជាប្រយោជន៍រួមក្នុងការប្រើប្រាស់ការងារក្នុងវិស័យអប់រំ។លោក សំបួរ សុខឃាង នាយកសាលាបឋមសិក្សាស្ថាពរ ស្ថិតនៅក្រុង/ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា នេះជាលើកទី២ ដែលសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានផ្តល់ឱ្យ ដោយសារតែឃើញទុក្ខលំបាករបស់សាលា ក៏ដូចជាការខ្វះខាតរបស់សិស្សានុសិស្ស។ លោកបានបន្តថា អំណោយលើកទី២នេះ រួមមាន៖ កុំព្យូរទ័រចំនួន២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង សឡា២០គ្រឿង សម្ភារៈសិក្សា និងថវិកាមួយចំនួន សម្រាប់យកទៅប្រើប្រាស់ក្នុងសាលាទាំងមូល។លោកនាយក បានលើកឡើងថា អំណោយទាំងនេះ ពិតជាមានសារៈសំខាន់ និងរួមចំណែកយ៉ាងធំធេង សម្រាប់យកទៅប្រើប្រាស់នៅក្នុងសាលារៀន និងអាចធ្វើរបាយការណ៍កាន់តែងាយ ឆាប់រហ័សជូនដល់ក្រសួង ជាពិសេសលោកគ្រូ អ្នកគ្រូ អាចប្រើប្រាស់បានទាំងអស់គ្នាដើម្បីជំរុញដល់សាលាកាន់តែរីកចម្រើន។ ដោយឡែក សឡាវិញ នឹងជួយឱ្យសាលាកាន់តែមានភាពស្រស់បំព្រង មានពណ៍បៃតង និងធ្វើកុមារមានទឹកចិត្តក្នុងការសិក្សារៀនសូត្រកាន់តែច្រើនជាងមុនផងដែរ។សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បង្កើតឡើងមានគោលបំណងក្នុងការប្រមូលផ្តុំនូវសមាសភាពសមាគមនីមួយៗ រួមគ្នាជាថ្នាលធំមួយដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេស ដើម្បីចូលមកបណ្តាក់ទុកក្នុងប្រទេសកម្ពុជាជាអតិបរមា រួមចំណែកចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ សមាគមនេះ ក្រៅពីការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវបរទេសចូលមកកម្ពុជា ក៏បានកៀរគរសប្បុរសជនជាតិ និងអន្តរជាតិ ចូលរួមក្នុងការងារមនុស្សធម៌ និងសប្បុរសធម៌ផងដែរ មានដូចជា ការឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរ ការផ្តល់សម្ភារៈបរិក្ខាពេទ្យ និងសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន ដើម្បីពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាដើម៕

ច្ចសន្ទនាតាមទូរស័ព្ទរបស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា

2025/07/27 10:10:52 pm        1369
សេចក្តីថ្លែងការណ៍ ការិយាល័យអ្នកនាំពាក្យ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក៖ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានសន្ទនា​ជាមួយ​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដើម្បីអំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ បន្ធូរបន្ថយ​ភាពតានតឹងជាបន្ទាន់ និង​យល់ព្រមលើ​កិច្ចព្រមព្រៀងបទឈប់បាញ់គ្នា​ជាមួយ​ប្រទេសថៃ ក្នុងវិវាទព្រំដែន​ដែល​កំពុងបន្ត។ ឯកឧត្តមរដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញ​នូវ​បំណងប្រាថ្នារបស់ ឯកឧត្តមប្រធានាធិបតី Trump ដែលចង់បានសន្តិភាព និង​សារៈសំខាន់​នៃ​ការឈប់បាញ់គ្នា​ជាបន្ទាន់។ សហរដ្ឋអាមេរិក ​ត្រៀមខ្លួនដើម្បី​ជួយសម្របសម្រួលកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីធានានូវសន្តិភាព និងស្ថិរភាព​រវាង​ប្រទេសកម្ពុជា និងថៃ។Secretary Rubio’s Phone Call with Cambodian Deputy Prime Minister/Foreign Minister PrakOFFICE OF THE SPOKESPERSONJULY 27, 2025The below is attributable to Spokesperson Tammy Bruce:Secretary of State Marco Rubio spoke with Cambodian Deputy Prime Minister/Foreign Minister Prak Sokhonn to urge the Cambodian government to deescalate tensions immediately and agree to a ceasefire with Thailand over the ongoing border dispute. Secretary Rubio reiterated President Trump’s desire for peace and the importance of an immediate ceasefire. The United States is prepared to facilitate future discussions in order to ensure peace and stability between Thailand and Cambodia.

គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦

2025/07/27 09:14:50 pm        148
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15th SWSP) និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ (6th WCSP) ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។  នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសស្វីស និងសហការី ជាពិសេសប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសស្វីស យ៉ាងច្រើនកុះករ ប្រកបដោយក្តីនឹករលឹក គោរពស្រឡាញ់ជ្រាលជ្រៅ ចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូទំាងមូល។  សូមជម្រាបថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦ ជាព្រឹត្តិការណ៍ដ៏សំខាន់នៃស្ថាប័នសភាអន្តរជាតិក្នុងការពង្រឹងយន្តការសភា ការលើកកម្ពស់កិច្ចសន្ទនា និងការគាំទ្រកិច្ចសហប្រតិបត្តិការពហុនិយម សំដៅធានាការពារសុខសន្តិភាព ការលើកកម្ពស់សមភាពយេនឌ័រ ការជំរុញតួនាទីដឹកនាំរបស់ស្រ្តី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព។ក្នុងដំណើរបំពេញបេសកកម្មការទូតសភាដ៏សំខាន់នៅលើឆាកអន្តរជាតិនេះ សម្តេចប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំសភាមកពីបណ្តាប្រទេសនានាក្នុងសកលោកនឹងពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ ដែលមានការចូលរួមពីប្រធានសភាជាស្ត្រីចំនួន ៣០ ប្រទេសមានប្រធានបទ «ការដឹកនាំសម្រាប់សន្តិភាពរួម និងយូរអង្វែង» នឹងប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា “របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខក្រោយរយៈពេល២៥ ឆ្នាំៈ បញ្ហាប្រឈមកំពុងកើតមាន និងមាគ៌ាឆ្ពោះទៅអនាគត” និង «បញ្ហាប្រឈមកំពុងកើតឡើងចំពោះសន្តិភាពរួម និងយូរអង្វែង និងមាគ៌ាឆ្ពោះទៅមុខ» ។ចំពោះសន្និសីទប្រធានសភាពិភពលោកលើកទី៦ នឹងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានរដ្ឋសភា និងព្រឹទ្ធសភាសរុបប្រមាណជាង ១០០ ប្រទេសនឹងពិភាក្សាលើមូលបទស្តីពី «ពិភពលោកក្នុងភាពចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។សម្តេចរដ្ឋសភាធិបតី និងសមាជិកគណៈប្រតិភូដទៃទៀត នៃសភាកម្ពុជានឹងអញ្ជើញថ្លែសន្ទរកថា បទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំទំាងពីរនិងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ជាមួយគ្នានេះ អំឡុងពេលស្នាក់នៅទីក្រុងហ្សឺណែវ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រធានសភានិងថ្នាក់ដឹកនាំដៃគូអភិវឌ្ឍន៍មួយចំនួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា សំដៅស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា ផងដែរ។គណៈប្រតិភូអមដំណើរសម្តេចប្រធានរដ្ឋសភា មាន លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តមណ្ឌិត ឈាង វណ្ណារិទ្ឋ ប្រធានក្រុមទីប្រឹក្សារដ្ឋសភា៕

ឯកឧត្តម ឌិត ទីណា ស្វាគមន៍ពលករដែលបន្តចាកចេញពីប្រទេសថៃមកកម្ពុជាវិញ

2025/07/27 07:33:02 pm        547
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខមន្ត្រីប្រចាំការ និងប្រជាពលរដ្ឋដែលកំពុងបន្តវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ឯកឧត្តមរដ្ឋមន្ត្រី បានទទួលស្វាគមន៍ពលករបន្តចាកចេញពីប្រទេសថៃមកកម្ពុជាវិញ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត និងមន្ត្រីប្រចាំការនៅច្រកព្រំដែន ចំពោះកិច្ចខិតខំប្រឹងប្រែងរៀបចំការដឹកជញ្ជូនទៅស្រុកកំណើត ការជួយស្វែងរកការងារ និងការផ្តល់សេវាសុខភាពដើម្បីសម្របសម្រួលឱ្យប្រជាពលរដ្ឋវិលត្រលប់ដោយរលូន៕

ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងរៀបចំអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលរដ្ឋបាលខេត្ត បានរៀបចំទទួលទាំង ១១កន្លែង

2025/07/27 06:48:57 pm        411
ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តព្រះវិហារសហការណ៍ជាមួយរដ្ឋបាលខេត្ត រៀបចំសម្អាតអនាម័យបរិស្ថានទាំងក្នុង និងជុំវិញមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំឡើង ១១ទីតាំងផ្សេងៗគ្នា បន្ទាប់ពីមាន សង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើអធិតេយ្យរបស់កម្ពុជាចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះជនភៀសសឹកនៅក្នុងខេត្តព្រះវិហារបានកើនឡើងសរុបជាង ១១,៥៥៨គ្រួសារ ស្នើនឹង ២៧,០៥៣នាក់ បាននិងកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនីមួយៗ ហើយបញ្ហាអនាម័យបរិស្ថានជាពិសេស សំរាម សំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានក្រុមការងារមន្ទីរយកចិត្តទុកដាក់ជាចាំបាច់ឱ្យមានភាពស្អាតនៅតាមមណ្ឌល និងកន្លែងស្នាក់នៅ។ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ ដើម បានដំណើរការនៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលដែលកងទ័ពថៃឈ្លានពានកម្ពុជា ដោយចូលសម្លាប់កងទ័ពកម្ពុជានៅតំបន់មុំ៣ ភូមិសាស្រ្តស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយរហូតមកដល់ព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ ចំនួន ជនភៀសសឹកបានកើនឡើងចំនួនសរុប ៣,៧៤៨គ្រួសារ ស្មើនឹង ១២,៧២២នាក់។ ដោយឡែកបញ្ហាសំរាមសំណល់រឹង សំណល់ប្លាស្ទិក ត្រូវបានប្រមូលទុកដាក់ដោយក្រុមការងារមន្ទីបរិស្ថានប្រមាណជាង ១៥តោន ក្នុងមួយថ្ងៃ។ នៅទីនោះក្រុមការងារបានរៀបចំដាក់ពង្រាយធុងសម្រាមចំនួន ៥០ធុង និងរថយន្ដដឹកសំរាម ០១គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ដល់ជូនរដ្ឋបាលខេត្តព្រះវិហារកាលពីពេលថ្មីៗ កន្លងមកនេះ។ ជាមួយគ្នានេះក្រុមការងារ សហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំកន្លែងទុកដាក់សំរាម តាមមណ្ឌលសម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃ ដើម្បីធានានូវភាពស្អាត និងសុខភាពប្រជាពលរដ្ឋឱ្យបានល្អ។ សូមបញ្ជាក់ថាយោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត និងអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានបានចូលរួមផ្សព្វផ្សាយជំរុញភាពស្អាត ក្នុងនោះភាពស្អាតលើដីគឺ សកម្មភាព យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅទូទាំងខេត្តដើម្បី កម្ពុជាស្អាត។

ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា

2025/07/27 06:27:47 pm        637
ភ្នំពេញ៖ ដោយសារតែកំសួលប្រឆាំងការឈ្លានពានរបស់ភាគីថៃមកលើប្រទេសកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរៈកងទ័ពនៅសមរភូមិមុខ។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុងបណ្តាញសង្គមថា រយៈពេលមួយថ្ងៃពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។ក្នុងសំឡេងស្រែកប្រឆាំងការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោសការឈ្លានពានរបស់ថៃមកលើកម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង។ ពលរដ្ឋទាំងអស់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលថៃដើម្បីឱ្យមានបទឈប់បាញ់នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។ ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀងដើម្បីលើកទឹកចិត្តទៅដល់វីរៈកងទ័ពកម្ពុជាដែលឈរនៅតាមបន្ទាត់ព្រំដែនយ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។សូមបញ្ជាក់ថា ក្រៅពីប្រទេសកូរ៉េក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំងការឈ្លានពានរបស់ថៃយ៉ាងគឃ្លើនមកលើកម្ពុជា៕

ឯកឧត្តម ឌិត ទីណា ចូលរួមរំលែកទុក្ខវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនដី

2025/07/27 06:04:57 pm        268
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារ វរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី នៅសមរភូមិជួរមុខខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។យើងគ្រប់គ្នា នឹងចងចាំការលះបង់ និងវីរភាពរបស់លោកវរសេនីយ៍ ក្នុងការទប់ស្កាត់ខ្មាំងឈ្លានពានរំលោភដែនដី។ ជាថ្មីម្ដងទៀត ថ្នាក់ដឹកនាំ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្កោលទោសសកម្មភាពវាយប្រហារលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយគាំទ្រការឆ្លើយតបការពារដែនដីមិនឱ្យបាត់សូម្បីតែមួយមីលីម៉ែត្រ៕

[BREAKING NEWS] រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទីថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ីស្អែកនេះ

2025/07/27 06:04:14 pm        333
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និយាយថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និង​នាយករដ្ឋ​មន្ត្រី​ស្តីទីថៃ នឹងអញ្ជើញទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃស្អែកនេះ (ថ្ងៃចន្ទ ទី២៨ ខែ​កក្កដា​) ដើម្បីជួបគ្នាពិភាក្សាលើបញ្ហាសង្គ្រាមរវាងប្រទេសទាំងពីរ ដោយ​មាន​ម៉ាឡេស៊ី​ជា​អ្នក​សម្រប​សម្រួល​។Source: https://www.thevibes.com/articles/news/110975/thailand-and-cambodia-accept-malaysia-as-mediator-in-border-dispute-talks

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump៖ ចិនប្តេជ្ញាចិត្តទិញយន្តហោះ Boeing រហូតដល់ ៧៥០គ្រឿង
05/15/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា និងបើកចំហ ចំពោះជំនួយពីចិន
05/15/2026 07:05 PM
រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ កើតមាននៅភាគខាងជើងនៃប្រទេសជប៉ុន
05/15/2026 07:05 PM
ក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
05/15/2026 07:05 PM
តំបន់ភាគខាងកើតឥណ្ឌា មើលឃើញកង្វះខាតប្រេងកើនឡើង ដោយសារសង្រ្គាមអ៊ីរ៉ង់
05/15/2026 07:05 PM
ហេតុការណ៍ផ្ទុះក្នុងអណ្តូងរ៉ែធ្យូងថ្មនៅភាគខាងកើតប្រទេសឥណ្ឌា សម្លាប់មនុស្សម្នាក់ និង ១១នាក់ផ្សេងទៀត រងរបួស
05/15/2026 07:05 PM
រដ្ឋមន្រ្តីការបរទេសប៉េរូ ព្រួយបារម្ភដល់ពលរដ្ឋដែលធ្វើសង្រ្គាមឲ្យរុស្ស៊ីនៅអ៊ុយក្រែន
05/15/2026 07:05 PM
លោក Trump ប្រាប់ថា លោកបានពិភាក្សាការលក់អាវុធឲ្យតៃវ៉ាន់ជាមួយលោក Xi ហើយការសម្រេចនឹងមានឆាប់ៗ
05/15/2026 07:05 PM
ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង កោតសរសើរទំនាក់ទំនងចិន-អាមេរិក ក្រោយជំនួបលោក Trump-Xi
05/15/2026 07:05 PM
ប្រធាន CIA ធ្វើដំណើរទៅកាន់គុយបា ដើម្បីនាំសារដោយផ្ទាល់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក
05/15/2026 06:05 PM