កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម៖ ភារកិច្ចស្នូលរបស់កងកម្លាំងក្នុងសម័យសន្តិភាព គឺធ្វើទំនាក់ទំនងល្អជាមួយប្រទេសជិតខាង

2025/07/19 10:17:55 am        473
នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការ បានប្រាប់ដល់សិក្ខាកាមនៃវិទ្យាស្ថានវិស្វកម្មមរតកតេជោ កងយោធពលខេមរភូមិន្ទថា ភារកិច្ចស្នូលរបស់កងកម្លាំង ក្នុងសម័យសន្តិភាព គឺធ្វើការទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ក្នុងឱកាសអញ្ជើញ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់សិក្ខាកាម​វិទ្យាស្ថានវិស្វកម្ម​មរតកតេជោកងយោធពលខេមរភូមិន្ទ ដែលជាធនធានមនុស្សរបស់កងកម្លាំង​វិស្វកម្មអគ្គបញ្ជាការ ដែលមានមូលដ្ឋានស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ នាយឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម បានបញ្ជាក់ថា «ភារកិច្ចស្នូល​របស់​កងកម្លាំងក្នុងសម័យសន្តិភាព គឺការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដា​ប្រទេស​ជិតខាង និងស្ថាបនាខឿនការពារជាតិ ហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែន មិនបង្កើតឱ្យមានបញ្ហា​នៅតាមតំបន់បន្ទាត់ព្រំដែន ដោយអនុវត្តតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្តអនុវត្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យព្រំដែនក្លាយជាព្រំដែន « សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពជាដើម» ។នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កងកម្លាំងវិស្វកម្មជាកម្លាំងស្នូល កម្លាំងឆ្អឹងខ្នង និង​ជាកម្លាំងផ្តាច់ព្រ័ត្ររបស់រាជរដ្ឋាភិបាល​ ជាកងកម្លាំងវិស្វកម្ម ទៅដល់ទីណាប្រៀបដូចនាយករដ្ឋមន្ត្រី ទៅដល់ទីនោះយ៉ាងដូច្នោះដែរ ខណៈនៅគ្រប់កាលៈទេសៈទាំងអស់កងកម្លាំងវិស្វកម្មនៃកង​យោធពល​ខេមរភូមិន្ទនៅតែបន្តធ្វើជាកម្លាំងស្នូលនិងអនុវត្តផ្ទាល់នូវភារកិច្ចជាយុទ្ធសាស្ត្រ និង​ជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី បានអនុវត្តភារកិច្ច​យ៉ាង​សកម្ម​ក្នុងការកសាងផ្លូវ-ស្ពាន ក្រោមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍តំបន់​ព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនគីរី នាទិសឦសាននៃមាតុភូមិ ស្របតាមគោល​នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយកសាងខ្សែព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង​ទាំងបី ជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយ​ដើរទន្ទឹមគ្នានឹងគោលការណ៍កសាងខឿនការពារជាតិគឺជាប្រជាជន ដែលជាគ្រឹះដ៏រឹងមាំមិនចេះ​​រីងស្ងួត និងជាសាក្សីរស់ប្រកបដោយនិរន្តរភាព។ជាមួយគ្នានោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ក៏បានប្រាប់ដល់សិក្ខាកាមជាយោធិន​នៃវិស្វកម្ម​ទាំងអស់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ​នូវយុទ្ធសាស្រ្ដ​បញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញគោលដៅយុទ្ធសាស្ត្រទាំង៥ គឺ«កំណើន ការងារ សមធម៌ ប្រសិទ្ធភាពការងារ និងចីរភាព»។ រួមនឹងអាទិភាពទាំង៥«មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្នុងនោះកងយោធពលខេមរភូមិន្ទត្រូវធ្វើការកែទម្រង់លើគ្រប់វិស័យ រួមមានទាំងទំនើបកម្មការកសាងបណ្ដុះបណ្ដាលធនធានមនុស្ស និងទំនើបកម្មរាល់យុទ្ធោបករណ៍ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ជាដើម។ក្នុងន័យនេះវិទ្យាស្ថានវិស្វកម្មមរតកតេជោ បានខិតខំប្រឹងប្រែងធ្វើការកសាងបណ្ដុះបណ្ដាល​ធនធាន​មនុស្សវិស្វកម្ម ឱ្យប្រកបទៅដោយលក្ខណៈសម្បត្ដិ៦យ៉ាង ពោលគឺ«វិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព គុណភាព និងប្រសិទ្ធភាពការងារ»ជាដើម ជាពិសេសកសាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្សប្រកបដោយគុណវុឌ្ឍន៍ពិតប្រាកដស្របទៅតាមការកែទម្រង់របស់រាជារដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គបញ្ជាការ៕ អត្ថបទបាន ចក់

រយៈពេល៦ថ្ងៃ ក្នុងយុទ្ធនាការ​បោសសម្អាត​ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនបរទេស ចំនួន១០២នាក់

2025/07/19 09:36:12 am        209
ចាប់តាំងពីទទួលបានបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីយុទ្ធនាការ​បោសសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចាប់ពីថ្ងៃទី១៤  ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និង​សង្គ្រោះជនបរទេស សរុបចំនួន១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៩៩នាក់  និងជនជាតិចិនចំនួន៣នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បាន​នឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញា​ធ្វើការបោសសម្អាត​ការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS) មិនឲ្យមានក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បន្តខិតខំបង្ក្រាប​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ដើម្បីរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ​-អន្តរជាតិ។

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់

2025/07/18 09:20:38 pm        751
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញចុះបង្រ្កាបទីតាំងសង្ស័យមានការលួចលាក់បង្កប់បទល្មើស Online Scams ចំនួនពីរទីតាំង ដោយទីមួយ ស្ថិតនៅក្នុង ផ្ទះវីឡា លេខ១០៥១ ផ្លូវបេតុង ភូមិច្រេះ សង្កាត់គោកឃ្លាង និងទីតាំងទីពីរនៅក្នុង អគារអត់នាមករណ៍ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៣៣នាក់ មានស្រ្តី២៣នាក់ ក្នុងនោះជនជាតិចិនចំនួន ១១៣នាក់ និងជនជាតិខ្មែរ ចំនួន១៦នាក់។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចបានដកហូតទុកជាវត្ថុតាងនូវ CPU ចំនួន ១០គ្រឿង, Monitor LCD ចំនួន ៣៥គ្រឿង , laptop ០១គ្រឿង, ទូរសព្ទដៃ ៥២គ្រឿង, ស៊ីមកាតបរទេសជាច្រើន, ម្សៅក្រាម ពណ៌ស ចំនួន០៤កញ្ចប់(សង្ស័យជាគ្រឿងញៀន), កុំព្យូទ័រលើតុ ចំនួន ១២៧ គ្រឿង និង ទូរដែក ចំនួន ១ គ្រឿង។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនឱ្យ ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។ សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។    ដោយឡែកនៅថ្ងៃទី១៧ ខែកក្កដា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យទីតាំងមានការសង្ស័យពាក់ព័ន្ធនឹងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារអិមស៉ីមីចេង ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបានរកឃើញ ជនជាតិបរទេសសរុបចំនួន៣២នាក់ ក្នុងនោះមានស្ត្រី០៩នាក់ និងបានប្រមូលសម្ភារៈរួមមាន៖ កុំព្យូទ័រ៣៤គ្រឿង ទូរស័ព្ទ៤៨គ្រឿង និងIPad០២គ្រឿង ដើម្បីរក្សាទុកជាវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈទាំងអស់ ត្រូវបានប្រគល់ជូនផែនសន្តិសុខ និងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសាកសួរ បន្តនីតិវិធីតាមច្បាប់ជាធរមាន។ ក្នុងប្រតិបត្តិការនេះដែរ ក្រុមសមត្ថកិច្ចក៏បានបង្រ្កាបទីតាំងល្បែងខុសច្បាប់ មួយកន្លែងនៅសណ្ឋាគារឡាក់គី ដោយបានរកឃើញទូបាញ់ត្រី០៤គ្រឿង ទូបៀរការ៉ាត់១៦ និងឧបករណ៍ បម្រើអាជីវកម្មខុសច្បាប់មួយចំនួនទៀត។ គណៈបញ្ជាការរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទខ្ទប់ទុកដើម្បីសុំគោលការណ៍អនុវត្តនីតិវិធីបន្ត៕

បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា

2025/07/18 07:43:34 pm        203
ភ្នំពេញ៖ តំណាងអ្នករកស៊ីនៅកម្ពុជា បានលើកឡើងថា បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទៅលើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកវិនិយោគ ដើម្បីងាកមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកទេសចរណ៍នៅកម្ពុជាជាដើម ខណៈសកម្មភាពនេះជាផ្នែកមួយដ៏ធំក្នុងការបង្កើតក្តីព្រួយបារម្ភរបស់អ្នកវិនិយោគទាំងឡាយ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី នៅល្ងាចថ្ងៃទី១៧ ខែកក្កដាកន្លងទៅថា សភាពាណិជ្ជកម្ម តំណាងឱ្យវិស័យឯកជនគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចេញវិធានការបង្រ្កាបបទល្មើសល្បែងតាមប្រព័ន្ធអនឡាញ។ អ្នកឧកញ៉ា បានបន្តថា លោកក៏ចង់ឃើញថែមទៀតទៅលើចំណាត់ការទៅលើល្បែងខុសច្បាប់ទាំងអស់នៅកម្ពុជា ពីព្រោះកន្លងមក អ្នករកស៊ីមកពីក្រៅប្រទេសតែងតែលើកឡើងអំពីក្តីបារម្ភរបស់បុគ្គលិក និងកម្មករនិយោជិត ដែលជួបបញ្ហាជំពាក់បំណុលគេ។ ដូចនេះ វិធានការរបស់សម្តេចនាយករដ្ឋមន្រ្តី គឺចំពេលវេលា និងអ្វីដែលវិស័យឯកជនតែងតែចង់បាន។ ដូច្នេះការបង្រ្កាបល្បែងខុសច្បាប់ ជាការលើកទឹកចិត្តឱ្យអ្នកវិនិយោគកាន់តែចាប់អារម្មណ៍មកប្រទេសកម្ពុជាក្នុងការវិនិយោគកាន់តែច្រើន នេះជាចំណុចសំខាន់ណាស់ ហើយសភាពាណិជ្ជកម្មគាំទ្រពេញទំហឹងតែម្តង។ ស្រដៀងគ្នាខាងលើនេះ ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែក នៅកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជានេះ និងនិយាយទៀតថា ដូចដឹងហើយថា កន្លងមកបទល្មើសល្បែងអនឡាញ បង្ករឱ្យមានបទល្មើសជាក់ស្តែងជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងខ្លាំង។ មួយវិញទៀត បទល្មើសនេះប្រឆាំងទៅនឹងគោលនយោបាយ និងវិធានការភូមិ ឃុំ សុវត្ថិភាព ថែមទាំងបង្ករភាពរញ៉េរញ៉ៃក្នុងសង្គមដូចដែលបានឃើញកន្លងមកផងដែរ។ដោយឡែក ទាក់ទងទៅនឹងឱកាសវិនិយោគរបស់កម្ពុជា ឧកញ៉ា លឹម តុង បានលើកឡើងថា ប្រាកដហើយថា មានផលប៉ះពាល់ជាខ្លាំងទៅដល់ការទាក់ទាញអ្នកវិនិយោគ ពីព្រោះថា វិនិយោគិនតែងតែបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់បុគ្គលិក និងកម្មកររោងចក្រ អញ្ចឹងរៀងរាល់ពេលដែលគាត់មកប្រទេស មកទស្សនកិច្ច មកសួរសុខទុក្ខ និងមកមើលរោងចក្រ គឺតែងតែសួរអំពីសភាពការណ៍ ស្ថានភាព សន្តិសុខ ហើយក្នុងបញ្ហាទាំងនេះ ភាគីនិយោជកក៏បារម្ភផងដែរអំពីបទល្មើសមួយនេះ។ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្រ្តនិងដែនដីសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងនោះ សម្តេចធិបតី ក៏បានព្រមានបញ្ចប់មុខតំណែងផងដែរ ប្រសិនបើ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដែលមិនអនុវត្តតាមបទបញ្ជានេះ ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយនោះ៕អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស

2025/07/18 07:36:43 pm        186
នារសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង លើមូលដ្ឋាននៃមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ផងដែរថា ហ្វីលីពីនបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ជាក់ពីការបន្តចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា និង បន្ត រៀនសូត្រ ពី បទពិសោធន៍ កម្ពុជា វិញផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ដែលជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើការរសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr. និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់កម្ពុជា នាពេលខាងមុខ។ សម្តេច បវរ ធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាក់ស្ដែង, ការបិទបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗនេះ គឺជាសក្ខីភាពមួយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃកងទ័ពជើងគោកប្រទេសទាំងពីរ។ សម្តេចបវរធិបតី សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នៃប្រទេសទាំងពីរ ផងដែរ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ , សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដែលកំពុងបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងសកលលោក។ សម្ដេចលើកទឹកចិត្តឱ្យ កងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដេីម្បី ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”

2025/07/18 07:31:24 pm        133
 នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង និងមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ទាំង ២៤ខេត្ត បានចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន” នៅសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព និងបង្កើនការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាកស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសបណ្តុះគំនិតឱ្យយល់ដឹងអំពីគុណតម្លៃការថែរក្សានិងអភិរក្សសម្បត្តិធម្មជាតិ បង្កើនធនធានព្រៃកោងនិងជីវៈចម្រុះផងដែរ។ការដាំកោងកាងនេះ ធ្វើឡើងដើម្បីគាំពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ពីគ្រោះធម្មជាតិផ្សេងៗ។

ផ្លូវជនបទបញ្ចប់សុពលភាពនៅខេត្តពោធិ៍សាត់ បានរក្សាគុណភាពល្អសម្រាប់ការរស់នៅរបស់ប្រជាជន

2025/07/18 06:46:50 pm        135
ភ្នំពេញ ៖ ផ្លូវក្រាលកៅស៊ូ DBST ប្រវែងជាង ៦ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ សុពលភាពលើការងារថែទាំខួបផ្លូវ ដោយរក្សានូវគុណភាពល្អប្រសើរ ឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ១ កំណាត់ ក្រាលកៅស៊ូ DBST បន្ថែម ពីលើ (Reseal DBST) ប្រវែងជាង ៦ គីឡូម៉ែត្រ នៅស្រុកបាកាន ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៥ នេះថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ពិតជាមានសារៈសំខាន់បំផុត ដោយមិន ត្រឹមសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ផ្លូវក៏ជាដង្ហើមនៃសេដ្ឋកិច្ចដ៏សំខាន់ផងដែរដូចជា ការដឹកជញ្ជូនកសិកផលពីមូលដ្ឋានទៅ កាន់ទីផ្សារ ការដឹកទំនិញពីផ្សារមកផ្គត់ផ្គង់នៅតាមមូលដ្ឋាន និងការបង្កើតអាជីវកម្មលក់ដូរផ្សេងៗជាដើម។ទាក់ទងការថែទាំនេះ ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ របស់នាយកដ្ឋានផ្លូវលំជនបទ ដែលបាន ជំរុញលើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ DBST បានល្អប្រសើរ ដោយបានផ្តល់ប្រយោជន៍យូរអង្វែង ដែលនេះជាការចូលរួមចំណែក ដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង ផងដែរ។ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិន ប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិង កំពុងបន្តការគាំទ្រដល់ការ ជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីជំរុញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃ ឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​

2025/07/18 06:39:16 pm        182
ភ្នំពេញ ៖ នៅ​រសៀលថ្ងៃសុក្រ ទី១៨ កក្កដា ២០២៥ ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរព្រឹត្តិការណ៍នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក គោលបំណងសំខាន់នៃការចុះ "បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺ សង្កត់ធ្ងន់ទៅលើតម្លៃជាសកល ជាការទទួលស្គាល់ នូវប្រវត្តិសាស្ត្រខ្មៅងងឹត ទុក្ខវេទនារបស់ប្រជាជនកម្ពុជា និងឧក្រិដ្ឋកម្មនៃការកាប់សម្លាប់ជីវិតប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបប្រល័យពូជសាសន៍របស់ខ្មែរក្រហម តែក៏ជានិមិត្តរូបនៃការតស៊ូ និងការរស់រានឡើងវិញនៃប្រជាជាតិកម្ពុជាផងដែរ។ ជាមួយគ្នានេះក៏ជាការបង្ហាញយ៉ាងប្តូរផ្តាច់របស់ប្រជាជាតិកម្ពុជា ក្នុងការប្រែក្លាយទីតាំងឧក្រិដ្ឋកម្មដែលឈឺចាប់កន្លងមក ឱ្យទៅជាទីតាំងប្រសព្វមួយនៃភាពសន្ទនា សន្តិភាព ការយោគយល់ អត់ឱន និងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការអប់រំ និងបញ្ជ្រាបចូលក្នុងគោលនយោបាយ នៃការទប់ស្កាត់កុំឱ្យរបបប្រល័យពូជសាសន៍វិលមកវិញសាជាថ្មី ទោះជានៅទីកន្លែងណាក៏ដោយក្នុងពិភពលោកទាំងមូល។យើងត្រូវចងចាំប្រវត្តិសាស្ត្រដ៏ជូចត់នេះ និងប្តេជ្ញារួមគ្នាកុំឱ្យកើតឡើងសារជាថ្មីម្តងទៀតលើទឹកដីកម្ពុជាយើង ទោះក្នុងតម្លៃណាក៏ដោយ។

សេចក្ដីព្រាងចំនួន ៤ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តនៅថ្ងៃនេះ

2025/07/18 06:13:57 pm        371
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី ក្នុងវិមានសន្តិភាព ដោយបានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗចំនួន ៤ នៅថ្ងៃនេះ។​ក្រោយពីបានពិភាក្សា និងឆ្លងរួចមក, កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុម័តនូវសេចក្ដីព្រាងសំខាន់ៗចំនួន ៤ នៅថ្ងៃនេះ។ នេះបើតាមលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបានផ្សព្វផ្សាយឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។សេចក្ដីព្រាងដែលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃនេះមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងនេះត្រូវបានរៀបចំឡើងដើម្បីបំពេ ញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើននៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្តដែលបានរកឃើញដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO)។ ២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្ដីពីច្បា ប់សមុទ្រ។ សេចក្ដីព្រាងច្បាប់នេះមានគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោ យចីរភាពនូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្ដាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ៣.សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល២០២៦-២០២៨។ សេចក្តីព្រាងកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគសាធារណៈ ដែលមានអាទិភាពខ្ពស់របស់ ក្រសួងស្ថាប័នសម្រាប់អនុវត្តដើម្បីចូលរួមចំណែកសម្រេចបានគោលដៅជាយុទ្ធសាស្ត្រទាំង៥ និងគោ លនយោបាយអាទិភាពនានា ដែលមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំ ងកម្មវិធី និងសកម្មភាពអាទិភាពដែលបានដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រា ជរដ្ឋាភិបាលនីតិកាលទី៧ និងធ្វើជាធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា ប់ការគ្រប់គ្រងឆ្នាំ២០២៦។ ៤.សេចក្តីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០។ សេចក្តីព្រាងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការ ពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេល និង មានប្រសិទ្ធផល ដើម្បីធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្ដៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ៕​ ដោយ៖ គង់ ឌិន​

អាជ្ញាធរខេត្តកោះកុង បំភ្លឺថាមិនមានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានការស្រាវជ្រាវករណីឃាតកម្ម

2025/07/18 05:59:44 pm        1119
កោះកុង ៖ លោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានស្រាយបំភ្លឺថា គិតមកទល់ម៉ោងនេះអាជ្ញាធរសមត្ថកិច្ចរបស់ខេត្ត មិនទាន់មានការចុះបង្រ្កាបទីតាំងល្បែងអនឡាញណាមួយឡើយនៅក្នុងភូមិសាស្រ្តដែនដីគ្រប់គ្រងរបស់ខ្លួន។លោកអភិបាលរងខេត្តកោះកុង គូសបញ្ជាក់ទៀតថា ចំពោះករណីមានអ្នកលេងបណ្តាញសង្គមបង្ហោះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ថា នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យស្នងការខេត្តកោះកុង ស្រាវជ្រាវជាបន្ទាន់ ក្រោយបង្រ្កាបទីតាំងអនឡាញ ហើយបាត់ទូរស័ព្ទ និងកុំព្យូទ័រដែលជាវត្ថុតាងជាង៣០គ្រឿង។ បើមិនដូច្នេះទេ នឹងបញ្ចូនក្រុមជំនាញពីថ្នាក់ជាតិទៅស្រាវជ្រាវ។បញ្ហានេះត្រូវបានលោក ឈិត រតនៈ អះអាងថា ពុំមែនជាការបង្រ្កាបល្បែងអនឡាញនោះទេ ពោលគឺជាករណីសង្ស័យថា មានឃាតកម្មលើមនុស្ស ប៉ុណ្ណោះដោយតបទៅនឹងបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ហើយក៏មានការបញ្ចូនកម្លាំងជំនាញចុះមកសហការជាមួយកម្លាំងនគរបាលខេត្តកោះកុងប្រតិបត្តិការអនុវត្តរួមគ្នាតែម្តង។ ដូច្នេះលោក ស្នើសុំដល់សាធារណជនកុំឱ្យការភ័ន្តច្រឡំអ្វីឡើយ។ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏ពន្យល់ដែរថា មិនមានការបង្រ្កាបទីតាំងល្បែងអនឡាញណាមួយ ដូចការបង្ហោះរបស់អ្នកលេងហ្វេសប៊ុកឡើយ។ ធាតុពិតគឺលោក ទទួលបទញ្ជាពីថ្នាក់ដឹកនាំចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីឃាតកម្ម នៅចំណុចអគាសាងសង់ថ្មី ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កាលពីម៉ោង១និង៣០នាទី កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ។បើតាមលោកស្នងការខេត្ត មិនមានការរកឃើញករណីឃាតកម្មអ្វីទេ។ ពាក់ព័ន្ធនឹងការបាត់ទូរស័ព្ទ និងកុំព្យូទ័រ លោកស្នងការនគរបាលខេត្ត បានបន្ថែមទៀតថា លោកកំពុងស្រាវជ្រាវសួរនាំពីសមត្ថកិច្ចក្រោមឱវាទរបស់លោកដែលចុះប្រតិបត្តិការរួមគ្នាផ្ទាល់ជាមួយកម្លាំងជំនាញមកពីរាជធានីភ្នំពេញ។ តែទោះយ៉ាងណាកម្លាំងជំនាញចម្រុះខេត្តរបស់លោកមិនជាប់ពាក់ព័ន្ធការបាត់សម្ភារៈប្រើប្រាស់ទាំងនោះទេ និងកំពុងស្រាវជ្រាវសាកសួរទៅកាន់កម្លាំងដែលមកពីរាជធានីភ្នំពេញ ហើយរកឃើញជាបណ្តើរៗប្រគល់ជូនម្ចាស់សម្ភារៈផងដែរ៕អត្ថបទៈឈឹម មករា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM