កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិបំភ្លឺពាក់ព័ន្ធនឹងករណីប៉ះទង្គិចពាក្យសម្តីនៅប្រាសាទតាមាន់ធំ រវាងអ្នកទេសចរជនជាតិខ្មែរ និងទាហានថៃ

2025/07/15 06:53:04 pm        1280
ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា មិនប៉ះពាល់ទៅដល់ការទៅទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលទៅទស្សនាប្រាសាទ រក្សានូវភាពអត់ធ្មត់ ការអត់ឱន សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក ដើម្បីធានាបរិយាកាសអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដំណើរការសម័យប្រជុំពេញអង្គលើកទី១

2025/07/15 06:42:58 pm        169
បន្ទាប់ពីពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែក្កដាឆ្នាំ២០២៥ កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា/AIPA (AIPA Caucus ) លើកទី១៦ បានដំណើរការកិច្ចប្រជុំពេញអង្គលើកទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA)។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួនបួនមាន៖-របាយការណ៍របស់សភាសមាជិកអាយប៉ា និងអគ្គលេខាធិការអាយប៉ា ស្ដីពីការអនុវត្តសេចក្ដីសម្រេចអាយប៉ា ដែលបានអនុម័តកាលពីមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ -កិច្ចសន្ទនាសភាវគ្គទី១៖ការពង្រឹងសកម្មភាពរបស់សភា ដើម្បីសន្តិភាពប្រកបដោយបរិយាបន្ន-កិច្ចសន្ទនាសភាវគ្គទី២៖ការដោះស្រាយបញ្ហាប្រឈម និងហានិភ័យនាពេលបច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការសភា-កិច្ចសន្ទនាសភាវគ្គទី៣៖ការពង្រឹងការរួមចំណែករបស់សភាទៅកាន់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គលើកទី១នេះ មានគណៈប្រតិភាសភា ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម ហ្វីលីពីន និងកម្ពុជា។ នៅក្នុងនោះក៏មានការឧទ្ទេសនាម ពីគណៈប្រតិភូរដ្ឋសភាប្រទេសទីម័រឡេស្តេ ក្នុងនាមជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះនិងវត្តមានប្រទេសអ្នកសង្កេតការណ៍ ផងដែរ៕

សម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការកិច្ចការជនជាតិ​ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស

2025/07/15 06:39:35 pm        92
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ជីមិន (Mr. Wang Zhimin) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៅរសៀលថ្ងៃទី១៥ ខែ  កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់ ឯកឧត្តម ឯកឧត្តម វ៉ាង ជីមិន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកសំខាន់មួយនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដែកថែបឱ្យកាន់តែរឹងមាំ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងជាប្រវត្តិសាស្រ្តកម្ពុជានិងចិន កាន់តែមានលក្ខណៈស៊ីជម្រៅខ្លាំងឡើង ដោយថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងឯកឧត្តមនាយករដ្ឋមន្រ្តីចិន បានឯកភាពគ្នាដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨” ដែលជាចក្ខុវិស័យ និងជាការប្តេជ្ញាចិត្តថ្មីមួយទៀតរវាងកម្ពុជា-ចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនងនិងកិច្ចសប្រតិបត្តិការទ្វេភាគីក្នុងកម្រិតថ្មីមួយទៀត សំដៅសម្រេចបានការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅដើមឆ្នាំនេះនៅកម្ពុជា ដែលបានពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត មានឯកសារចំនួន៣៧បានចុះហត្ថលេខាដែលបានគ្របដណ្តប់ស្ទើរគ្រប់វិស័យ បានពង្រឹងទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងបាន នាំមកនូវផលប្រយោជន៍កាន់តែច្រើនឡើងជូនប្រជាពលរដ្ឋទំាងសងខាង។  រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការតម្កល់ការអភិវឌ្ឍ និងផ្តោតលើប្រជាជនជាអាទិភាព និងការជំរុញការតភ្ជាប់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា និងធ្វើឱ្យស៊ីជម្រៅនូវការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ។ឯកឧត្តម វ៉ាង ជីមិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងបានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៅក្នុងឱកាសនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរបន្ថែមទៀតពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាមួយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា។ឯកឧត្តម បានយល់ស្របចំពោះការលើកឡើងរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាពដ៏ល្អនិងរឹងមាំ កម្ពុជានិងចិន ដែលមានតំាងពីយូរលុងមកហើយ។ ចំណងមិត្តភាពនេះបានពូនជ្រុំឥតឈប់ឈរដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ ឯកឧត្តមបាន ក៏បានថ្លែងអរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលជាចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតបត្តិការ នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជាពិសេស សម្តេច បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំកន្លងទៅ ដោយទទួលបានផ្លែផ្កាជាទីមោទនៈនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងពីរ។ ឯកឧត្តម ប្រធានគណៈប្រតិភូបានលើកឡើងថាប្រទេសចិន មានទស្សនវិស័យថាឆ្នាំ២០៥០ នឹងក្លាយជាប្រទេសសង្គមនិយមដ៏រុងរឿង ជាប្រទេសប្រជាធិបតេយ្យបែបចិន ជាមួយគ្នានេះនៅឆ្នាំ២០៥០ ដដែលនោះប្រទេសកម្ពុជានឹងឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម វ៉ាង ជីមិន មានជំនឿមុតមាំថាប្រទេសកម្ពុជានិងចិន នឹងបន្តធ្វើដំណើររួមឆ្ពោះសម្រេចទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន។ ក្រៅពីការជំរុញការវិនិយោគនិងការទាក់ទាញអ្នកទេសចរពីប្រទេសចិនមកកម្ពុជាបន្ថែមទៀត សម្តេចប្រធានរដ្ឋសភា មានសុទិដ្ឋនិយមថា សភាតំណាងប្រជាជនចិន និងគំាទ្រកម្ពុជាបន្ថែមទៀតលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដោយហេតុថាវិស័យទំាងពីរនេះ សុទ្ធសឹងជាវិស័យអាទិភាព ជួយដល់ប្រជាពលរដ្ឋ ពីព្រោះថាទំាងការអប់រំនិងសុខភាពជាកត្តាចំបងក្នុងការជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីជម្លោះព្រំដែនកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ផងដែរ។ កម្ពុជា គឺជាប្រទេសដែលស្រឡាញ់សន្តិភាព។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍រួមរស់ដោយសន្តិភាព និងការគោរពច្បាប់អន្តរជាតិ។ កម្ពុជាបានអនុវត្តនូវមធ្យោបាយស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាទ្វេភាគី ផ្អែកលើយន្តការដែលមានស្រាប់ និងជាពិសេសការគោរពច្បាប់អន្តរជាតិ ។ ជាពិសេសកម្ពុជាចង់បានណាស់នូវ “ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” ប៉ុន្តែភាគីថៃមិនទទួលយកហើយតែងតែបង្កជម្លោះ ពង្រីកពីបញ្ហាព្រំដែនទៅជារឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយបានបិទព្រំដែនជាឯកតោភាគី ធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទំាងពីរពិសេសជីវភាពពលរដ្ឋទំាងសងខាង។ឯកឧត្តម វ៉ាង ជីមិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំង បានស្តាប់ដោយយកចិត្តទុកដាក់ពីការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា៕

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន

2025/07/15 06:34:12 pm        97
ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ដរបស់គណៈចលនាមហាជន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមាន ៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ការងារសង្ខេបដែលបានរាយការណ៍ដោយឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន សម្ដេចកិត្តិសង្គហបណ្ឌិត បានធ្វើកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈចលនាជំនាញទាំងអស់ និងអគ្គលេខាធិការដ្ឋាន ដែលមានសមាជិក សមាជិកាបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញភារកិច្ចជូនគណបក្ស។ ជាមួយគ្នាគនេះដែរ សម្ដេចកិត្តិសង្គហបណ្ឌិតក៏បានផ្ដល់អនុសាសន៍ចំពោះការអនុវត្តការងារឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ ។គួរបញ្ជាក់ដែរកិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងាររយៈពេល ៦ខែ នៃឆ្នាំ២០២៥ កន្លងទៅព្រមទាំងពិភាក្សា វាយតម្លៃជារួម និងលើកទិសដៅការងារបន្ត សំដៅចូលរួមគាំទ្រដល់ការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ជាពិសេសការបន្តពង្រឹងរចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ និងការងារសិក្សាស្រាវជ្រាវ ក្តាប់បាននូវសតិអារម្មណ៍មហាជន ជាពិសេស ក្តាប់បាននូវសភាពការណ៍សំខាន់ៗដែលបានកើតមានឡើងក្នុងពេលថ្មីៗកន្លងទៅនេះ។

ក្រសួងបីចេញប្រកាសរួមគ្មាស្តីពី«គោលការណ៍ និងនីតិវិធី នៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ»

2025/07/15 06:26:44 pm        196
ប្រកាសនេះ កំណត់អំពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកនាំ គ្រប់គ្រងគ្រឹះស្ថាន និងការផ្តល់សេវាអប់រំ។ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីដែលពាក់ព័ន្ធនឹងការជ្រើសរើស ការវាយតម្លៃ ការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករង នៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ។ការតែងតាំងមុខតំណែងនាយករងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ ត្រូវផ្អែកលើមុខតំណែងទំនេរ លក្ខខណ្ឌចាំបាច់ និងលក្ខខណ្ឌទូទៅសម្រាប់មុខតំណែង ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពការងារក្នុងគ្រឹះស្ថាន។ការតែងតាំងមុខតំណែងនាយករងនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សា សាធារណៈក្នុងចំនួនណាមួយ ត្រូវអនុវត្តដោយអនុលោមតាមនិយាមរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានជាធរមាន។សូមអានខ្លឹមសារលម្អិតនៅក្នុងប្រកាសដែលបានជូនភ្ជាប់!

​ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)

2025/07/15 05:21:39 pm        166
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការដាក់ឱ្យអនុវត្តគម្រោងវាយតម្លៃ ផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត(Regulatory Impact Assessment-RIA) ក្រោមប្រធានបទ «ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តល្អប្រសើរ សម្រាប់ការរីកចម្រើននៃសង្គម» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក Anthony Robert Gill នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ៥០០នាក់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះបានគូសបញ្ជាក់យ៉ាងប្រចក្សពីការបោះជំហានទៅមុខឆ្ពោះទៅការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយ ក្នុងរបៀបវារៈកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយភាពឆ្លាតវៃ ការកសាងស្ថាប័ន និងវិធានឱ្យកាន់តែរឹងមាំ ព្រមទាំងការប្រកាន់ខ្ជាប់នូវការកសាងបរិយាកាសគោលនយោបាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ RIA មិនមែនជាការងារ ឬគំនិតផ្តួចផ្តើមថ្មីទេ ប៉ុន្តែជាការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នូបនីយកម្ម (institutionalize) ការងារតាក់តែងនិងរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ឱ្យប្រសើរជាងមុននៅក្នុងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, បញ្ចៀសការជាន់ដែនសមត្ថកិច្ចគ្នា, ការពារនូវការបង្កើនបន្ទុកអនុលោមភាពច្រើនលើសលប់ និងធានាផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ស្របតាមអាទិភាពដែលបានកំណត់ដោយរាជរដ្ឋាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កន្លងមក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ការអនុវត្ត RIA បានចាប់ផ្ដើមពីឆ្នាំ២០១១ និងបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន នៅឆ្នាំ២០១៦ ដោយទីស្តីការគណៈរដ្ឋមន្រ្តីដើរតួនាទីជាទ្វារបាល ដឹកនាំសម្របសម្រួល និងពិនិត្យ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ អនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបានប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” ក្នុងគោលដៅកែទម្រង់ច្បាប់កម្ពុជាឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ដើម្បីធានាឱ្យបាននូវវប្បធម៌នីតិរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងកិច្ចការទ្រទ្រង់រដ្ឋ ការកសាងជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព និងភាពរស់រវើក ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងនូវយោបល់ចំនួន ៦ចំណុច សម្រាប់ការពង្រឹងការអនុវត្ត RIA រួមមាន ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពង្រឹងមុខងារស្នូល ជាស្ថាប័នសម្របសម្រួល ពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងនិរាករណ៍ច្បាប់។ ECOSOCC ជាអង្គភាពបង្គោលសម្រាប់អនុវត្ត RIA ត្រូវបង្កើតប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធតាមដានត្រួតពិនិត្យច្បាស់លាស់និងត្រូវធ្វើបច្ចុប្បន្នកម្មសៀវភៅគោលការណ៍ណែនាំ RIA និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ទី២. ទីស្តីការគណៈរដ្ឋមន្ត្រីនឹងធ្វើឌីជីថលនីយកម្មដំណើរការ RIA រួមបញ្ចូលទាំងការបង្កើតមូលដ្ឋានទិន្នន័យរួម (RIA Data Center) និងការរៀបចំទម្រង់គំរូ ដែលជួយលើការរៀបចំរបាយការណ៍វាយតម្លៃ ទី៣. សូមគ្រប់ក្រសួង ស្ថាប័នចូលរួមក្នុងការធ្វើស្ថាប័នូបនីយកម្ម RIA ដោយបង្កើតក្រុមការងារ RIA ដែលគាំទ្រដោយគោលការណ៍ណែនាំថ្នាក់ជាតិ ដំណើរការច្បាស់លាស់ និងយន្តការត្រួតពិនិត្យសកម្ម ទី៤. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងសមត្ថភាពអង្គភាពនិងធនធានមនុស្ស ដើម្បីស្វែងយល់អំពី RIA សេចក្តីព្រាងច្បាប់ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើការវិភាគសេដ្ឋកិច្ចនិងសង្គមដោយម៉ត់ចត់ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់សាធារណៈ និងការអនុលោមតាមស្តង់ដាអន្តរជាតិ ទី៥. សូមគ្រប់ក្រសួង ស្ថាប័នពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធានាការតាក់តែងសេចក្ដីព្រាងច្បាប់និងគោលនយោបាយមានសង្គតិភាពនិងភាពអាចរំពឹងទុកជាមុនបាន ទី៦. សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់ការយកចិត្តទុកដាក់បន្ថែមទៀតលើការវិភាជន៍ថវិកាឱ្យបានគ្រប់គ្រាន់ដល់គ្រប់ក្រសួង ស្ថាប័ន ដើម្បីធានាឱ្យការអនុវត្ត RIA បានពេញលេញ និង ទី៧. សូមដៃគូអភិវឌ្ឍ ជាពិសេស ADB ផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល រៀបចំជាក្របខ័ណ្ឌយុទ្ធសាស្រ្ត ឬផែនការនៃការអនុវត្ត RIA ដើម្បីសម្រេចគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។

មន្ដ្រីក្រសួងផែនការខេត្តតាកែវ ទទួលបានការបណ្ដុះបណ្ដាលជំនាញ ប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីនៅថ្នាក់​ក្រោមជាតិ

2025/07/15 05:18:33 pm        95
តាកែវ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធាន​ក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះ​បណ្តាល​ស្តីពីវិធីសាស្រ្តវិភាគ ​និងចងក្រងសូចនាករស្ថិតិអប់រំ ​ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្រ្តីពាក់ព័ន្ធនៅថ្នាក់​ក្រោមជាតិលើការងារវិភាគ និងចងក្រងស្ថិតិអប់រំ តាមរយៈការផ្តល់នូវចំណេះដឹង​អំពីការ​ប្រើប្រាស់កម្មវិធី SPSS និងទិន្នន័យអង្កេតថ្នាក់ជាតិ ជាពិសេសអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះគឺផ្តោតចម្បង​ទៅ​លើការវិភាគស្ថិតិ និងចងក្រងក្រងសូចនាករស្ថិតិអប់រំ ដោយបានបែងចែកទៅតាមផ្នែកសំខាន់ៗ​មួយ​ចំនួន​ដូចជា មូលដ្ឋានគ្រឹះនៃការគណនា សូចនាករអក្ខរកម្ម ដែលមានដូចជា អត្រាអក្ខរកម្ម​ប្រជាជនអាយុ៦ឆ្នាំឡើង អត្រាអក្ខរកម្មប្រជាជនពេញវ័យ(១៥ឆ្នាំឡើង) អត្រា អក្ខរ កម្ម បែងចែក​តាមតំបន់ និងតាមក្រុមអាយុសូចនាករស្តីពីការសិក្សានៅសាលារៀន​ដែលមាន​ដូចជាសាលារដ្ឋ និងសាលាឯកជន អត្រារៀនបន្ថែមជាលក្ខណៈឯកជន(រៀនក្រៅម៉ោង) វិធីសាស្រ្តវិភាគសូចនាករ​ស្តីពីការសិក្សានៅសាលារៀន សូចនាករការទទួលបានការសិក្សាអប់រំ សូចនាករនៃការចំណាយ​លើការសិក្សាអប់រំ តាមរយៈការប្រើប្រាស់កម្មវិធី SPSS សម្រាប់វិភាគ​ទិន្នន័យ​អង្កេតសេដ្ឋកិច្ច សង្គមកិច្ច ដោយស៊ីជម្រៅទៅលើម៉ូឌុល​នៃការសិក្សាអប់រំក្នុង​កម្រិតទូទាំងប្រទេស។ វគ្គប​ណ្ដុះបណ្ដាលនេះ មានចរិកលក្ខណៈផ្សាភ្ជាប់ការងារជាក់ស្តែង​ដែលនឹងអាចជួយបង្កើននូវការ​យល់​ដឹង និងជួយពង្រឹងសមត្ថភាពបន្ថែមទៀតដល់​មន្រ្តីមន្ទីរផែនការ​ខេត្តតាកែវ និងមន្រ្តីរបស់​មន្ទីរជំនាញ​ពាក់ព័ន្ធនៅក្នុងខេត្ត អំពីប្រព័ន្ធចងក្រងនិងការវិភាគស្ថិតិអប់រំ ការប្រើប្រាស់ទិន្នន័យ​អង្កេតជាតិ ដែលមន្រ្តីភាគច្រើននៅថ្នាក់ក្រោមជាតិ មានបទពិសោធន៍តិចតួច​នៅឡើយ។មុននឹងបញ្ចប់ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើថា តាមកម្មវិធីបណ្តុះបណ្តាលដែលមានរយៈពេល ៤ថ្ងៃនេះ សូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ត្រងត្រាប់ស្តាប់ និង​ចូលរួមរៀន​សូត្រឲ្យបានគ្រប់ៗគ្នា និងឲ្យបានជាប់លាប់ ទៀងទាត់ទៅតាមកម្មវិធីដែលបានរៀបចំ និងសួរដេញដោលឲ្យបានសកម្មបំផុត តាមបទពិសោធន៍ការងារជាក់ស្តែងដែលបានជួបប្រទះ។ ជាចុងក្រោយឯកឧត្តមសង្ឃឹម និងជឿជាក់ថា វគ្គបណ្ដុះបណ្ដាលដ៏មានសារសំខាន់នាពេលនេះនឹង​ទទួលបាន​លទ្ធផលល្អប្រសើរសម្រាប់មន្ត្រីដែលបានទទួលការបង្ហាត់បង្រៀនផ្ទាល់​ពីសំណាក់​គ្រូឧទ្ទេសនាមដែលមានបទពិសោធន៍មកពីនាយកដ្ឋានស្ថិតិសង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ។ លើសពីនេះទៅទៀត ឯកឧត្តមក៏សង្ឃឹមផងដែរថា ក្រោយពីការចូលរួមវគ្គបណ្តុះ​បណ្តាលនេះ​ទៅមន្រ្តី​ទាំង​អស់នឹងទទួលបានចំណេះ​ដឹងថ្មីៗថែមមួយកម្រិតទៀត និងចេះប្រែក្លាយ​ចំណេះដឹង​ដែលទទួលបានពីការបណ្តុះបណ្តាលនេះ ឱ្យទៅជាការអនុវត្តជាក់ស្តែង​ក្នុងការងារជំនាញ​ដែលខ្លួន​កំពុងទទួលខុសត្រូវ និងជាពិសេសខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍​ស្ថិតិអប់រំ​នៅថ្នាក់​ក្រោមជាតិ ឱ្យកាន់តែមាន​សក្តានុពល សម្រាប់បម្រើជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ជាពិសេស​អ្នក​ប្រើប្រាស់​ទិន្នន័យស្ថិតិ​នៅក្នុងខេត្តតាកែវ ។

ពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន»

2025/07/15 05:16:38 pm        127
សៀមរាប៖ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ាន លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, តំណាងស្ថាប័នជាតិអាស៊ាន (អាស៊ាន NTOs), ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រធានសមាគម, តំណាងអង្គការជាតិ-អន្តរជាតិ, លោក លោកស្រី អ្នកវាយតម្លៃបង្គោលជាតិនិងអាស៊ាន, តំណាងមន្ទីរពាក់ព័ន្ធនានាក្នុងខេត្តសៀមរាប, តំណាងសាកលវិទ្យាល័យ, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍, សមាគមក្លឹបទេសចរណ៍, ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងក្មួយៗសិស្សនិស្សិត ប្រមាណជាង ៤០០នាក់។ថ្លែងក្នុងឱកាសនៃពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកសាងសមត្ថភាពរបស់អ្នកវាយតម្លៃបង្គោលអាស៊ានលើគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃការសិក្សាពីមុនលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN RPL Guidelines) នៅថ្ងៃនេះ ពិតជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារនៃឧស្សាហកម្មទេសចរណ៍នាពេលបច្ចុប្បន្ន, និងពិតជាឆ្លើយតបបានទៅនឹងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ នៅប្រទេសម៉ាឡេស៊ី ដែលបានគូសរំលេចអំពីសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយបានជំរុញប្រទេសសមាជិកអាស៊ានឱ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអ្នកជំនាញទេសចរណ៍ឤស៊ាន (MRA-TP) តាមរយៈការបណ្តុះបណ្តាលសមត្ថភាពអ្នកជំនាញទេសចរណ៍, គ្រូបង្គោលជាតិនិងអាស៊ាន, អ្នកវាយតម្លៃបង្គោលជាតិ និងអាស៊ាន ស្របពេលនឹងការដាក់ឱ្យមានប្រតិបត្តិការពេញលេញរបស់លេខាធិការដ្ឋានថ្នាក់តំបន់ (Regional secretariat) ដើម្បីអនុវត្ត MRA-TP, ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ (ASEAN Tourism Strategic Plan), ការរៀបចំផែនការវិស័យទេសចរណ៍ ឆ្នាំ២០២៦-២០៣០ (ASEAN tourism sectoral plan), និងផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ (Post-COVID-19 Recovery Plan for ASEAN Tourism)។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បញ្ជាក់បន្ថែមថា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍កម្ពុជា ដែលជាមាសបៃតង និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ គឺកើតចេញមកពីមរតកដ៏មានតម្លៃមហិមាមិនអាចកាត់ថ្លៃបាននៃសន្តិភាពពេញលេញ, ស្ថិរភាពនយោបាយ, សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងសុខដុមនីយកម្មនៅក្នុងសង្គម ដែលបានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករឆ្នើមនៃគោលនយោបាយឈ្នះ-ឈ្នះ គឺជាការស្ថាបនាគ្រឹះដ៏រឹងមាំ គួបផ្សំនឹងការថែបំប៉ន បង្កើត និងបង្កើនសមិទ្ធផលជាច្រើនទៀត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយជវភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កម្ពុជា បាននិងកំពុងបន្តថែរក្សា ពូនជ្រុំសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើមាគ៌ាដ៏ត្រឹមត្រូវ និងប្រាកដនិយម ឆ្ពោះទៅសម្រេចឱ្យបានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។សូមជម្រាបជូនអំពីសមិទ្ធផលសំខាន់ៗ របស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ដូចខាងក្រោម៖ បានទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យដៃគូ ដែលបានអនុវត្ត គាំទ្រតាមកម្មវិធីសិក្សាអាស៊ាន ចំនួន ១៨ រាជធានី និងខេត្តគោលដៅ ដោយសាលាបានបណ្តុះបណ្តាលសិស្សសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍ ប្រមាណ ៨,៩៨៩នាក់ គិតត្រឹមឆ្នាំ២០២៤ អ្នកជំនាញទេសចរណ៍ដែលបានឆ្លងកាត់ការវាយតម្លៃលើការសិក្សាពីមុន (Recognition of Prior Leaming RPL) ស្របតាមស្តង់ដាអាស៊ានប្រមាណ ២,២០០នាក់។ ក្នុងនោះកម្ពុជាមានគ្រូបង្គោលអាស៊ាន ចំនួន ៣០នាក់ នៃសេវាកម្មសណ្ឋាគារលើផ្នែកការិយាល័យជួរមុខ ផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារ និងសេវាកម្មធ្វើដំណើរ លើផ្នែកការីទេសចរណ៍ និងផ្នែកទីភ្នាក់ងារទេសចរណ៍ ព្រមទាំងមានគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ ចំនួន ៧៧៣នាក់ នៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖កិច្ចប្រជុំ AIPA Caucus ជាវេទិកាចែករំលែកការអនុវត្តល្អបំផុត បទពិសោធន៍គំនិតផ្តួចផ្តើម គោលនយោបាយ និងការបង្កើតច្បាប់

2025/07/15 05:12:48 pm        109
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមរដ្ឋសភាកម្ពុជានៃអន្តរសភាអាស៊ាន (AIPA) បានមានប្រសាសន៍ថា នេះជាលើកទីពីរហើយ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន (AIPA Caucus) នៅព្រះរាជាណាចក្រកម្ពុជា។ AIPA Caucus បានអនុញ្ញាតឱ្យសមាជិកសភាមកពីសភាសមាជិកអាយប៉ា/AIPA ចែករំលែកការអនុវត្តល្អបំផុត គំនិតផ្តួចផ្តើមគោលនយោបាយ និងការបង្កើតច្បាប់ បទពិសោធន៍ក្នុងគោលបំណងលើកកម្ពស់ កិច្ចសន្ទនា នៅក្នុងតំបន់។ មានប្រសាសន៍ស្វាគមន៍នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តសភាអាស៊ានលើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប «ការជួបជុំនៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ពីព្រោះយើងមានការចូលរួមពីសភាអ្នកសង្កេតការណ៍ AIPA របស់យើង។ ការចូលរួម និងការប្តេជ្ញាចិត្តរបស់គណៈប្រតិភូ ពិតជាកិត្តិយសមួយសម្រាប់គ្រួសារ AIPA របស់យើង ហើយខ្ញុំជឿថាវានឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការធ្វើឱ្យស្មារតីនៃកិច្ចសហប្រតិបត្តិការជាសាកលឡើងវិញដោយផ្អែកលើការជឿទុកចិត្ត បរិយាប័ន្ន ភាពបើកចំហ និងនីតិរដ្ឋ»។អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍បន្តថា តាមរយៈវេទិកានេះ សភាសមាជិក AIPA នឹងបានស្តាប់នូវការចែករំលែកការអនុវត្ត និងមេរៀនល្អៗរបស់សភាប្រទេសនីមួយៗទាក់ទងនឹងការទូតសភាដើម្បីសន្តិភាព និងវិបុលភាព។ កិច្ចខិតខំប្រឹងប្រែងរួម និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើងនឹងផ្តល់ឱ្យយើងនូវឱកាសដើម្បីធ្វើការកាន់តែជិតស្និទ្ធ ពង្រឹងភាពជាដៃគូអន្តរសភា និងត្រួសត្រាយផ្លូវសម្រាប់ការរួមរស់ដោយសន្តិភាព និងវិបុលភាពរួមគ្នា។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថាសន្តិភាពមិនមែនគ្រាន់តែជាភាពគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការបន្តនៃការកសាងទំនុកចិត្ត ឯកភាពក្នុងចំណោមភាពចម្រុះ ការយោគយល់គ្នាទៅវិញទៅមក ការអត់ឱន ការដោះស្រាយជម្លោះដោយសន្តិវិធី និងការលើកកម្ពស់ការអភិវឌ្ឍនិងសិទ្ធិមនុស្ស។ ដូច្នេះហើយ យើងមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកក្នុងការពង្រឹង ការថែរក្សា និងការលើកកម្ពស់សន្តិភាពពិភពលោក ដូចដែលមានចែងក្នុងធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់ប្រជាជន និងភពផែនដី ដែលបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងន័យនេះ កម្ពុជាមានបទពិសោធន៍ច្រើនដែលត្រូវចែករំលែកនៅលើមូលដ្ឋាននៃដំណើរឆ្ពោះទៅរកសន្តិភាពឡើងវិញ និងការអនុវត្តជាក់ស្តែង។ ទីបំផុតត្រូវបានសម្រេច និងប្រកាសនៅឆ្នាំ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាពនៅកម្ពុជា៕

មន្ទីរប្រឆាំងគ្រឿងញៀន ប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្ត

2025/07/15 05:07:59 pm        202
ភ្នំពេញ ៖ កាលពីវេលារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រជុំបូកសរុបលទ្ធិផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ។ កិច្ចប្រជុំនេះធ្វើឡើង ក្រោមការដឹកនាំប្រជុំបូកសរុបការងារ ដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី នាយករងមន្ទីរទទួលផែន លោកនាយការិយាល័យទាំង១១ក លោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយ-នាយរងផ្នែកនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានប្រសាសន៍ថា ៖ ផ្អែកតាមលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពជាទូទៅនៃបទល្មើសគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានសញ្ញាណថមថយនៅឡើយទេ ហើយស្ថានភាពប្រើប្រាស់គ្រឿងញៀនបច្ចុប្បន្ន មានការប្រើប្រាស់នៅតាមទីតាំងមួយចំនួន ដូចជាក្លិបកំសាន្ត ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ និងតាមតំបន់មិនរៀបរយមួយចំនួន ។ ព្រមទាំងមានការបន្តលួចលាក់នាំចូលគ្រឿងញៀន និងនៅតែមានការលួចលាក់កែច្នៃ-ផលិតគ្រឿងញៀនទ្រង់ទ្រាយតូចៗទៀតផងដែរ។ លោកឧត្តមសេនីយ៍ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្នុងការិយាល័យទាំង១១ ដែលមានការសាមគ្គីភាពផ្ទៃក្នុង, អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបានល្អ ពិសេសអនុវត្តតាមគោលការណ៍តាមបញ្ជាថ្នាក់ដឹកនាំ និងបានអនុវត្តយ៉ាងខ្ចាប់ខ្ជួន តាមវិន័យនគរបាលជាតិកម្ពុជា។ក្នុងកិច្ចប្រជុំដដែលនោះ លោកឧត្តមសេនីយ៍នាយកមន្ទីរ បានដាក់ទិសដៅបន្តជំរុញឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ នៃមន្ទីរប្រឆាំងគ្រឿងញៀ នត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញការងារឱ្យបានល្អ គោរពតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ជាក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ជាពិសេស ត្រូវគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM