កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ
អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

ព័ត៌មានជាតិ

សប្ដាហ៍ទី២៣ នៅផ្លូវថ្មើរជើងចតុមុខ មានការសម្ដែងល្ខោនបាសាក់រឿង «តេជោមាស តេជោយ៉ត» ដែលជារឿងបុរាណរបស់ខ្មែរនាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម

2025/07/14 03:29:31 pm        1008
ភ្នំពេញ៖ នៅផ្លូវថ្មើរជើងចតុមុខ កាន់តែល្បីល្បាញនៅសប្ដាហ៌ទី២៣នេះ ដោយមាន​ការ​សម្ដែង​ល្ខោន​បាសាក់​រឿង «តេជោមាស តេជោយ៉ត» ធ្វើឱ្យប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ​នាំគ្នា​ទស្សនា​ទោះ​បី​នៅ​ថ្ងៃអាទិត្យនេះមានភ្លៀងរលឹមយ៉ាងណាក្ដី តែតំណក់ទឹក​ភ្លៀង​មិន​បាន​រារាំង​ប្រជា​ពលរដ្ឋ​ដែលទៅលេងកម្សាន្តនៅផ្លូវថ្មើរជើងនោះទេ។នារាត្រីថ្ងៃអាទិត្យទី១៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង​លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញ​ចូល​រួម​ទស្សនា​ល្ខោនបាសាក់នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះរាជធានីភ្នំពេញក្រុមទី១ ដែល​ដឹក​នាំការ​សម្ដែង​ដោយលោក អុល សំអាង ហើយបានសម្តែងជារឿង «តេជោមាស តេជោយ៉ត» ដែល​ជា​រឿង​បុរាណរបស់ខ្មែរ នាសម័យប្រឆាំងការឈ្លានពានពីសំណាក់ចោរសៀម។ រោងល្ខោន​រៀបចំ​នា​មាត់​ទន្លេ​ក្បែរទីតាំងរូបសំណាក់តេជោមាស តេជោយ៉ត ខាងមុខវត្តឧណ្ណាលោម ដោយ​នាំ​គ្នា​អង្គុយ​លើ​កន្ទេលស្លឹកត្នោតផ្ទាល់ដីមុខរោងល្ខោន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និង​លោក​ជំទាវ ព្រមទាំងក្រុមគ្រួសារបានទស្សនាការសម្តែងល្ខោនបាសាក់ បង្កើត​បាន​នូវ​ភាព​សប្បាយ​រីករាយ និងចូលរួមទស្សនាយ៉ាងជក់ចិត្តនាចុងសប្តាហ៍។នៅក្នុងការសម្តែងរបស់ក្រុមល្ខោនបាសាក់ក្នុងសាច់រឿង «តេជោមាស តេជោយ៉ត» ជាសាច់​រឿង​មួយ​ឆ្លុះ​បញ្ចាំងពីភាពប៉ិនប្រសព្វ និងឈ្លាសវៃរបស់ព្រះមហាក្សត្រខ្មែរ និងមេទ័ព​ដ៏​អង់​អាច​របស់​ខ្មែរ​នា​សម័យនោះ ដែលបានធ្វើឱ្យកម្លាំងទ័ពបច្ចាមិត្តសៀម ដែលចង់ឈ្លាន​ពាន​គ្រប់​គ្រង​ដែន​នគរខ្មែរ ត្រូវវិនាសរត់ខ្ចាត់ខ្ចាយ និងកោតខ្លាចអំណាចឥទ្ធិពលព្រះមហាក្សត្រខ្មែរសម័យនោះ ពោល​ចន្លោះឆ្នាំ១៥៧៥ ដល់១៥៩៣។ ជាក់ស្តែងនៅឆ្នាំ២០២៥នេះទៀតសោត ប្រទេស​ភូមិផង​របង​តែមួយរបស់ខ្មែរដដែលនេះ នៅតែចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរឥតឈប់ឈរ រហូត​ចូល​មក​លប់​លួចបាញ់សម្លាប់ទាហានខ្មែរម្នាក់ក្នុងទឹកដីខ្មែរ ដែលហេតុការណ៍នេះ បានបង្ករ​ជា​ជម្លោះ​ព្រំដែន និងឈានដល់ការបិទច្រកទ្វារព្រំដែន ចាប់តាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រហូត​ដល់បច្ចុប្បន្ន។នៅក្នុងឈុតឆាក ដែលមេទ័ពអង់អាចរបស់ខ្មែរឈ្មោះ តេជោមាស និង តេជោយ៉ត ដែលជាគ្រូ និង​សិស្ស បានបណ្តេញពួកចោរសៀមឈ្លានពានអស់ពីដែននគរខ្មែរ ធ្វើឱ្យប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ទស្សនា ស្រែកហ៊ោ និងទះដៃអបអរសាទរយ៉ាងកងរំពង ដែលការណ៍នេះ បានបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរ បានគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើចំណាត់ការទាំងការប្តឹងទៅតុលាការអន្តរជាតិ ICJ និងយន្ត​ការ​ទ្វេភាគី ព្រមទាំងបន្តលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុង​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ការ​ការ​ពារបូរណភាពទឹកដីនាព្រំដែនផងដែរ។ការសម្តែងល្ខោនបាសាក់របស់ក្រុមសម្តែងលោក អុល សំអាង នាផ្លូវថ្មើរជើងចតុមុខ ត្រូវ​បាន​ឧបត្ថម្ភ​គាំទ្រ​ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យ​ពលរដ្ឋ​ដែល​កម្សាន្ត​នៅ​ផ្លូវថ្មើរជើងទទួលបានបទពិសោធន៍ថ្មីៗជារៀងរាល់សប្តាហ៍ មិនថាការសម្តែងខ្នាតតូច ឬ​ខ្នាតធំ ជាពិសេសរំលឹកដល់ទឹកចិត្ត និងការ​ស្នេហា​ជាតិ​របស់​ថ្នាក់​ដឹកនាំ​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។សូមបញ្ជាក់ថា ដំណើររឿង «តេជោមាស តេជោយ៉ត» ត្រូវបា​ន​កើត​ឡើង​នៅ​ក្នុង​សម័យ​ឧដុង្គ​ក្នុង​រជ្ជកាល​ព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរ ស្ថិតនៅក្នុងការ​ទន្រ្ទាន​យាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង និងចង់បង្ហាញពីវីរភាពរបស់បុព្វបុរសខ្មែរ ក្នុងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាព្រះមហាក្សត្រ ក្នុងកិច្ចការពារបូរណភាពទឹកដី។ ក្នុង​រឿង​ល្ខោន​នោះដែរតួអង្គ តេជោយ៉ត បានប្រើយុទ្ធវិធីអូសប្ញស្សីបញ្ចាស់ចុង ដើម្បីរកខ្មាំងសត្រូវ និង​ជនបង្កប់ផ្ទៃក្រោយ ប្រើវិធីនេះ​ហើយ​ពួក​ជន់​បង្កប់​និង​សត្រូវ​ផ្ទៃ​ក្នុង​ត្រូវ​បាន​បង្ក្រា​ប​ទើប​ព្រះរា​ជា​ណា​ចក្រ​ខ្មែរសម័យនោះទទួលបានជ័យជំនះពីការឈ្លានពាន។ តេជោយ៉ត ជាតួអង្គតំណាង​ឱ្យ​មេ​ទ័ពខ្មែរ នៅសម័យឧដុង្គ ដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ាន​ពលី​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ដែលទង្វើនេះជាគំរូមួយគួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។លោក ហួត ហៃ អភិបាលរងរាជធានីបានលើកឡើងថា ផ្លូវថ្មើរជើងធ្វើល្អបាន៩៩%ហើយ នៅសល់១%ទៀតអាជ្ញាធរនឹងបន្តធ្វើឱ្យបានល្អប្រសើរថែមទៀត។ ទោះបីយ៉ាងណាការរៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅលើផ្លូវថ្មើរជើងនៅតែជាចំណុចអាទិភាពដែលត្រូវយកចិត្តទុកដាក់បំផុត ពិសេសការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ពលករខ្មែរត្រឡប់មកពីថៃចំនួនជាងមួយម៉ឺននាក់ទទួលបានឱកាសការងារថ្មីធ្វើ

2025/07/14 03:15:54 pm        440
ភ្នំពេញ៖ តាមរយៈយន្តការចុះផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើប​មក​ពីប្រទេសថៃ នៅក្នុងខេត្តចំនួន៧ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិតក្នុងសប្តាហ៍កន្លងទៅនេះ ពលករខ្មែរដែល ទទួលបាន​ឱកាស​ការងារ​ថ្មី​ធ្វើ​តាម​បណ្តា​រោង​ចក្រ សហគ្រាស មានចំនួនជាង ១ម៉ឺន ៣ពាន់នាក់។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ កក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ដើម្បីធានាថា ពលករ​ខ្មែរ​ដែល​ត្រឡប់មកពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល​ជាសេនាធិការរបស់រាជរដ្ឋាភិបាល រហូតមកដល់ពេលនេះ បាន​បើក​វេទិកា​នៅ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ចំនួន៧រួចមកហើយ រួមមាន៖ ព្រៃវែង កំពង់ចាម កំពង់ធំ កំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល និង​បាត់ដំបង ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង។ ហើយនៅពេលនេះ ថ្នាក់ដឹកនាំក្រសួង ក៏​បាន​កំពុងបន្តបន្ថែមទៀតលើការទទួលបានឱកាសការងារដែលផ្សព្វផ្សាយតាមច្រកព្រំដែន និង​ការ​ប្រឹក្សា​ផ្សេងៗជាច្រើនថែមទៀតជូនដល់ពលរដ្ឋ និងពលករ។ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់ថា ឱកាសការងារនៅកម្ពុជាបច្ចុប្បន្ន កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពលកម្មជាច្រើនកន្លែង ហើយក្នុងនោះវិស័យឧស្សាហកម្មក៏មានច្រើនជាងគេ និង​មាន​ប្រាក់​សោធន​ដែលប្រទេសថៃពុំមានផ្តល់ជូន ដូច្នេះបងប្អូន​ដែល​បាន​ត្រឡប់​មក​ដល់​ស្រុក​កំណើត​ដើម​វិញ សូមជ្រើសរើសការងារតាមចំណង់ចំណូលចិត្ត ជ្រើសរើសកន្លែងណាដែលនៅជិតផ្ទះ និង​កន្លែង​ដែលបងប្អូនប៉ងប្រាថ្នា។ ចំណែកអ្នកដែលមិនទាន់ត្រឡប់មកពីថៃ ឯកឧត្តម បាន​អំពាវ​នាវ​ឱ្យ​វិល​មកកាន់កម្ពុជាវិញ ពីព្រោះឱកាសការងារនៅកម្ពុជាគឺសំបូរ ហើយក៏ជា​ពេល​ដែល​យើង​មក​ចូលរួម​ក្នុងការកសាងសេដ្ឋកិច្ចជាតិវិញទាំងអស់គ្នា ខណៈប្រាក់ឈ្នួល រវាងប្រទេសកម្ពុជា និងថៃ ខុស​គ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែបើបងប្អូនងាកមកធ្វើការងារនៅក្នុងស្រុកកំណើត ឬនៅជិតផ្ទះ បង​ប្អូននឹងសន្សំបានប្រាក់ច្រើនជាងក៏ថាបាន។យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា​មាន​ការងារ​ចម្រុះ​សម្រាប់​ពលករ​ចំនួន​ជាង ២៥ម៉ឺននាក់។ ក្នុងនោះ មានផ្នែកឧស្សាហកម្មប្រមាណ ២២ម៉ឺនជាងកន្លែង ផ្នែក​កសិកម្ម​ប្រមាណ ២ម៉ឺនជាងកន្លែង និងផ្នែកសេវាកម្មមានប្រមាណ ៥ពាន់ជាងកន្លែង។ ក្រសួង​ការងារ បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរ មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពីការស្វែងរកការងារ គឺអាចទាក់ទងមកកាន់លេខទូរស័ព្ទ ១២៩៧ បានដោយ​ឥត​គិត​ថ្លៃ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ច

2025/07/14 03:02:29 pm        193
ប៉េកាំង៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មីដ៏មានសក្តានុពល ដែល​ឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ឆ្ពោះទៅ​ពន្លឿន​ការ​អភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ និង​ទស្សន​កិច្ច​សិក្សា នៅទីក្រុងធានជីង ប្រទេសចិន ដោយការរៀបចំវេទិកានេះ ឡើង គឺដើម្បីឱ្យ​តំណាង​ក្រសួង​-ស្ថាប័ន​មក​ពីប្រទេសជាសមាជិក-សមាជិកអង្កេតការណ៍ និងដៃគូសន្ទនាពាក់ព័ន្ធ ចូលរួម​ទស្សន​កិច្ច ​សិក្សាបច្ចេកវិទ្យាទំនើបថ្មីៗ និងពិគ្រោះយោបល់ជុំវិញបទពិសោធន៍ និងកិច្ច​សហប្រតិបត្តិ​ការ​លើ​អន្តរកម្ម តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិភាគសំយោគ និងចែករំលែកទិន្នន័យ ការប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិត បច្ចេកវិទ្យាសម្រាប់ទីក្រុងឆ្លាតវៃ និងកម្មវិធីបច្ចេកវិទ្យានវានុវត្ត ផ្សេងៗ។ឯកឧត្តមអគ្គលេខាធិការរង បានរម្លឹកអំពីវេទិកាខ្សែក្រវ៉ាត់ឮនិងផ្លូវ ដឹកនាំដោយឯកឧត្តម ប្រធានា​ធិបតី​ចិន កាលពីឆ្នាំ ២០២៣ ដោយក្នុងនោះសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ច ឌីជីថល​ជា​ប្រភព​នៃ​កំណើន​​ថ្មី ដ៏មានសក្តានុពល ដែលឆ្លុះបញ្ជាំងអំពីការតាំងចិត្តខ្ពស់ ក្នុងការលើកកម្ពស់ការធ្វើ ឌីជី​ថលូ​ប​នីយកម្ម ឆ្ពោះទៅពន្លឿនការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការរង ក៏បានជម្រាបជូនដោយសង្ខេបពីសមិទ្ធផល និងកិច្ចខិត​ខំ​ប្រឹង​ប្រែង​កំពុង​បន្ត​របស់រាជរដ្ឋាភិបាល កម្ពុជា លើការជំរុញការធ្វើទំនើបកម្មស្ថាប័ន និងការវិនិយោគ លើការ​កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ព្រមទាំងការកំណត់ចក្ខុវិស័យ ទិសដៅ និងផែនការ​សកម្មភាព​ដ៏រឹងមាំរបស់កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្របខណ្ឌ​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងបានគូសរំលេច នូវ​ការ​រៀបចំ​ដាក់​ឱ្យដំណើការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសំខាន់ៗ របស់កម្ពុជារួមមាន ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM និងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ជាដើម។សូមបញ្ជាក់ថា នៅក្នុងវេទិកាសេដ្ឋកិច្ចឌីជីថ២០២៥ បាន​លើក​ឡើង​នូវ​ប្រធាន​បទ​សំខាន់​ៗ​រួមមាន​៖ ប្រព័ន្ធស្ថាប័នគោលសម្រាប់គ្រប់ គ្រងធាតុទិន្នន័យ, នវានុវត្តន៍នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ, បរិវត្តកម្មឌីជីថលសម្រាប់ទីក្រុង និងឧស្សា- ហកម្ម, ការ​អភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត, និងបទ​ពិសោធ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថ​ល​នៅ​ប្រទេស​ចិន​៕ អត្ថបទ៖ សុន រ៉ាឌី

ការផ្គត់ផ្គង់រ៉ែសំណង់គ្រប់ប្រភេទនៅកម្ពុជា បានឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់

2025/07/14 02:50:34 pm        162
ការផ្គត់ផ្គង់រ៉ែសំណង់គ្រប់ប្រភេទនៅកម្ពុជា បាន​និង​កំពុង​ឆ្លើយ​តប​ និង​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​បាន​គ្រប់​គ្រាន់ ជាពិសេសការផ្គត់ផ្គង់ ស៊ីម៉ង់ត៍ ខណៈកម្ពុជាមានរោងចក្រកំពុងដំណើរការ និង​ការ​បង្កើតថ្មីៗបន្ថែមទៀត ដែលនឹងអាចធ្វើឱ្យកម្ពុជានាំពេញវិស័យនាពេលអនាគត់។ឯកឧត្តម យស់ មុនីរ៉ាត់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​ ស្តីពីធនធានរ៉ែ ការកែច្នៃ និងការផ្គត់ផ្គង់រ៉ែគ្រប់ប្រភេទនៅលើទីផ្សារ នេះថា ជុំវិញ​ធន​ធាន​រ៉ែ​នេះ​, ក្រសួងរ៉ែ និងថាមពល បានបង្កើតនូវគោលនយោបាយធនធានរ៉ែ ឆ្នាំ២០១៨-២០២៨ ដោយ​គោលនយោបាយនោះ បានជំរុញឱ្យមានការប្រើប្រាស់វត្ថុធាតុដើម ដែល​មាន​នៅ​ក្នុង​ស្រុក​ឱ្យ​អស់​លទ្ធភាព ដើម្បីជំនួសការនាំចូល ក្នុងនោះក្រៅពីថ្មអារ កម្ពុជានូវមាន​រ៉ែ​សំណង់​ជា​ច្រើន​ប្រភេទ​ដូចជា ខ្សាច់សំណង់ ថ្មសំណង់ និងស៊ីម៉ង់ត៍ជាដើម ដែលជាឆ្អឹងខ្នងយ៉ាងសំខាន់ ទ្រ​ទ្រង់​ដល់​ការ​អភិវឌ្ឍនៃប្រទេសជាតិយើង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និង​បម្រើ​សេចក្តី ត្រូវការផ្សេងៗនៅក្នុងទីផ្សារទូទៅ។ចំណែកវិស័យស៊ីម៉ងត៍, ឯកឧត្តម លើកឡើងឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​រោង​ចក្រ​ស៊ីម៉ង់​ត៍​កំពុង​ដំណើរ​ការ​ចំនួន ៥ កន្លែង ដែល អាចផលិតស៊ីម៉ង់ត៍បានចំនួនពី ៩ ទៅ ១០ លានតោន ក្នុងមួយ​ឆ្នាំ ​ហើយថ្មីៗនេះកម្ពុជាទទួលរោងចក្រស៊ីម៉ង់ត៍បង្កើតថ្មីមួយកន្លែងទៀត នៅក្នុងស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ។ នាពេលកន្លងមកនេះដែរ ក្រសួងរ៉ែ និងថាមពល បានផ្តល់​អាជ្ញា​បណ្ណ​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ង់មួយ កន្លែងទៀត នៅក្នុងខេត្តក្រចេះ ដែលរោងចក្រនោះ​មា​ន​សមត្ថ​ភាព​ផលិត​ក្នុង​រង្វង់ ២លានតោនក្នុងមួយឆ្នាំ។ ជាសរុប, បន្ទាប់ពីរោងចក្រ ថ្មីៗនេះដាក់ឱ្យដំណើរការ ផលិត​ផល​ស៊ីម៉ង់នៅកម្ពុជានឹងមានកំណើនកើនឡើងបន្ថែមទៀត អាចឆ្លើយតបដល់ការនាំចេញផងដែរ។ទាក់ទងការផ្គត់ផ្គង់វិញ, ឯកឧត្តម យស់ មុនីរ៉ាត់ បន្ថែមឱ្យដឹងថា ជុំវិញវិស័យស៊ីម៉ង់ត៍ ថ្មីៗ​នេះ​សមាគម​ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានស្នើមកក្រសួងរ៉ែ និងថាមពល ហើយនិងដាក់​ទៅ​ជូន​រាជ​រដ្ឋាភិបាល អំពីការធ្លាក់ចុះផលិតកម្មស៊ីម៉ង់ត៍ ក្នុងគោលបំណងដើម្បីជួយទប់ ស្កាត់​ការ​នាំ​ស៊ីម៉ង់ត៍​នាំ​ចូលពីក្រៅប្រទេស និងការផ្អាកផ្តល់អាជ្ញារបណ្ណដល់រោងចក្រស៊ីម៉ង់ត៍ថ្មីៗបន្ថែមទៀត ដើម្បី​ផ្តល់ឱកាសដល់កិច្ច ដំណើររោងចក្រក្នុងស្រុក ផលិតនិងផ្គត់​ផ្គង់​ឆ្លើយ​តប​ទៅ​និង​តម្រូ​វ​ការ​ទីផ្សារ​ក្នុង​ស្រុកជាក់ស្តែង៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី បន្តផ្ដល់លក្ខខណ្ឌចំនួន៣ដល់ថៃ ដើម្បីឈានទៅការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ

2025/07/14 01:57:54 pm        375
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តបើកផ្លូវផ្ដល់លក្ខខណ្ឌចំនួន៣ដល់ភាគីថៃ ដើម្បីឈានទៅការបើកព្រំដែនប្រទេសទាំងពីរឡើងវិញបាន។ ក្រោយមានការស្នើសុំក្រៅផ្លូវការជាបន្តបន្ទាប់មកកាន់កម្ពុជាពីមន្រ្ដីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចបានផ្តល់លក្ខខណ្ឌចំនួនបី សម្រាប់ការបើកព្រំដែនប្រទេសទាំងពីរឡើងវិញ គឺទី១ ថៃត្រូវប្រកាសបើកមុនច្រកព្រំដែនមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ទី២ ថៃត្រូវបើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, និងទីបី៣ ថៃត្រូវបើកច្រកព្រំដែនឡើងវិញឱ្យដូចកាលពីមុនថ្ងៃទី៧ ខែមិថុនា។សូមរម្លឹកថា ក្រោយពីយោធាថៃ បានបន្តបិទ-បើកច្រកព្រំដែនជាឯកតោភគីដោយមិនប្រាប់កម្ពុជា, កាលពីយប់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យបិទច្រកព្រំដែនកម្ពុជាជាអចិន្ត្រៃយ៍វិញ។ សម្ដេចបានបញ្ជាក់ថា កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃបានបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះគឺកម្ពុជាកំដរបានគ្រប់ពេលវេលា៕ 

សម្ដេចធិបតី៖ តំបន់វិវាទទាំង៤ ជាមួយថៃ មិនអាចដោះស្រាយទ្វេភាគីឡើយ ព្រោះថៃចង់យកទាំងបំពាន

2025/07/14 01:51:17 pm        359
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា តំបន់វិវាទទាំង៤ជាមួយថៃមិនអាចដោះស្រាយទ្វេភាគីបានឡើយ ពីព្រោះភាគីថៃចង់នៅតែចង់យកតំបន់នោះទាំងបំពានដោយបង្កើតផែនទីជាឯកតោភគី។ សម្តេចធិបតី បានថ្លែងថា ប្រវត្តិសាស្រ្ដកម្ពុជាធ្លាប់បានបាត់បង់ទឹកដីច្រើនណាស់មកហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស ដូច្នេះកម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សជានិរន្តរមិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី។សម្តេចធិបតី បញ្ជាក់ជាថ្មីថា ជុំវិការដោះស្រាយវិវាទព្រំដែនជាមួយថៃ, កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ គឺមិនអាចដោះស្រាយតាមយន្តការទ្វេភាគីទៀតនោះឡើយ ពីព្រោះភាគីថៃប្រកាន់ជំហរយកដីនៅតំបន់នោះទាំងបំពាន ដូច្នេះមានតែប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីភាពច្បាស់លាស់ កុំឱ្យបញ្ហានេះបន្តដល់កូនចៅជំនាន់ក្រោយ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញយ៉ាងច្បាស់លាស់ម្ដងហើយម្ដងទៀតជំហរចំពោះដំណោះស្រាយព្រំដែនជាមួយថៃតាមផ្លូវច្បាប់អន្តរជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ចំពោះចំណុចវិវាទទាំង៤ គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣, ប៉ុន្ដែចំណុចវិវាទដ៏ទៃទៀតក្រៅពីតំបន់ទាំង៤នេះ កម្ពុជានៅតែរក្សាការសន្ទនា និងដំណោះស្រាយការទូតជាមួយភាគីថៃដដែល៕

សម្ដេចធិបតី៖ កងរាជអាវុធហត្ថមានតួនាទីយ៉ាងសំខាន់ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ

2025/07/14 01:44:49 pm        503
សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កងរាជអាវុធហត្ថ គឺជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទដែលត្រូវបានធ្វើការអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថ និងជំនាញយោធា ដូច្នេះកងរាជអាវុធហត្ថមានតួនាទីយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាខឿនការពារជាតិ និងខឿនសន្តិសុខជាតិរបស់កម្ពុជា។សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)។ ក្នុងឱកាសនោះសម្ដេចធិបតី បញ្ជាក់ថា សម្ដេចមានជំនឿយ៉ាងមុតមាំ ចំពោះកងរាជអាវុធហត្ថនឹងបន្តប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ និងបន្តធ្វើការកែទម្រង់ និងទំនើបកម្មដើម្បីបង្កើតបាននូវសមិទ្ធផលស្នាដៃថ្មីៗថែមទៀត ជាមួយនឹងការពង្រឹង និងការពង្រីកគុណភាពសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិ។សូមជម្រាបថា កងរាជអាវុធហត្ថដែលគ្រប់គ្រងដោយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ ត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ កងរាជអាវុធហត្ថជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិសរដ្ឋបាល ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រងសកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ ៕ 

TOP STORY | ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ

2025/07/14 12:54:02 pm        587
ភ្នំពេញ៖ សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ អង្គប្រជុំដំណើរការដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប និងមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីស្នើច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៥រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ពីសំណាក់ឯកឧត្តម អង្គ វង្ស វឌ្ឍានា តំណាងក្រុមតំណាងរាស្រ្តហត្ថលេខី និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

សម្ដេចតេជោ អញ្ជើញដឹកនាំកិច្ចប្រជុំព្រឹទ្ធសភា ដើម្បីពិនិត្យ និងឱ្យយោបល់សេចក្តីស្នើច្បាប់ធម្មនុញ្ញ

2025/07/14 12:46:57 pm        294
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ និងឱ្យយោបល់សេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រាទី៣៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានវត្តមានសមាជិកសមាជិកា ១២៥ រូប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានសម្រេចអនុម័តជាឯកច្ឆន្ទដោយសំឡេងគាំ ទ្រ១២៥លើ១២៥សំឡេង នៃសមាជិករដ្ឋសភាទាំងអស់ លើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម មាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេសដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។សូមជម្រាបថា តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុបមកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់សំណើជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

វិវាទនៅរោងចក្រ ឡឺក្រោន ស៊ូ ត្រូវបានដោះស្រាយបញ្ចប់ដោយគ្រប់ភាគីសប្បាយចិត្ត និងស្រុះស្រួលគ្នា

2025/07/14 11:45:26 am        532
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្រេចដោយជោគជ័យក្នុងការសម្របសម្រួលវិវាទនៅរោងចក្រ ឡឺ ក្រោន ស៊ូ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមដោយគ្រប់ភាគីសប្បាយចិត្ត និងរីករាយជាមួយដំណោះស្រាយដោយកម្មករទទួលបានផ្អែកទៅតាមច្បាប់។ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា ៖ “កម្មករបានទទួលប្រាក់សំណងរួចរាល់ហើយតាំងពីថ្ងៃសៅរ៍មកម្លេះ ដោយបងប្អូនកម្មករទទួលយកសំណងយ៉ាងរីករាយ និងសប្បាយចិត្តក្រោមដំណោះស្រាយរបស់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ”។ អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា តាំងពីកើតវិវាទភ្លាមនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីជំនាញរបស់ក្រសួង ក៏ដូចជាមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម បានចុះដោះស្រាយភ្លាមដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងដើម្បីធានាពីអត្ថប្រយោជន៍របស់កម្មករ និងនិរន្តរភាពរបស់រោងចក្រសហគ្រាស។ បើតាមអ្នកនាំពាក្យដដែលរូបនេះ ក្រោមការសម្របសម្រួល និងដោះស្រាយប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងច្បាស់លាស់ពីមន្ត្រីជំនាញអធិការកិច្ច និងវិវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនកម្មករទទួលយកដោយពេញចិត្ត និងសប្បាយរីករាយ។ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលចង់បានឱកាសការងារថ្មី សូមទាក់ទងមជ្ឈមណ្ឌលការងារនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ស្ថិតនៅផ្លូវលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុង-ខេត្តកំពង់ចាម ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៤២ ២១០ ២៧៧/ ០១៦ ៦៥៦ ៦៥៥ ឬទាក់ទង១២៩៧ ខណៈដែលកម្ពុជាកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ២៥ ម៉ឺនកន្លែងនៅទូទាំងប្រទេស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការយោធា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
05/16/2026 06:05 PM
លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS
05/16/2026 06:05 PM
ប្រធានាធិបតី ទូល​ទៅ​កាន់​សម្តេច ប៉ាប ថា អ៊ីរ៉ង់ «នៅតែប្តេជ្ញាចិត្តចំពោះការទូត»
05/16/2026 06:05 PM
ប្រមុខថាមពលអាមេរិក និយាយថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញ នៅចុងរដូវក្តៅ
05/16/2026 04:05 PM
វិមានក្រឹមឡាំង៖ លោក Putin នឹងទៅទស្សនកិច្ច នៅចិន ដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោក Xi
05/16/2026 04:05 PM
គ្រូបង្រៀន នៅម៉ិកស៊ិក ជួប​ជុំ​តវ៉ាទាមទារប្រាក់ឈ្នួលខ្ពស់ និងកំណែទម្រង់ប្រាក់សោធននិវត្តន៍
05/16/2026 04:05 PM
កូរ៉េខាងត្បូងប្រឆាំងផែនការរបស់អ៊ីរ៉ង់ ក្នុង​ការ​គិតថ្លៃដឹកជញ្ជូន នៅ​ច្រក​សមុទ្រ​ Hormuz
05/16/2026 03:05 PM
នាយកប្រតិបត្តិក្រុមហ៊ុន Samsung ទៅជួបសហជីព ខណៈក្ដីបារម្ភពីការធ្វើកូដកម្មកើនឡើង
05/16/2026 03:05 PM
អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​
05/16/2026 03:05 PM
លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi
05/16/2026 03:05 PM