AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង

ព័ត៌មានជាតិ

សហជីពសង្ឃឹមថា ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ឆ្នាំ​នេះ​បន្ត​ទទួល​សញ្ញាវិជ្ជមាន​ដូចឆ្នាំ​កន្លងទៅ

2025/07/11 01:58:50 pm        270
ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា កិច្ចប្រជុំចរចា​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យឧស្សាហកម្មកាត់ដេរ នឹងចាប់ផ្តើមបើកដំណើរពីខែកក្កដាតទៅ។ ជា​មួយ​នេះ ភាគីសហជីព សង្ឃឹមទុកថា ការចរចាឆ្នាំនេះ អាចនឹង​ទទួល​សញ្ញា​វិជ្ជមាន​ដូច​ជា​រៀង​រាល់​​ឆ្នាំ ដោយសារជំនឿទុកចិត្ត និងជឿជាក់ជានិច្ចចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​តែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីរោងចក្រ។នៅក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក គឹម ចាន់​សំណាង​ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់​កិច្ច​ប្រជុំ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា គឺមានយន្តការជាត្រីភាគី គឺ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល ក្នុងនោះភាគីរាជរដ្ឋាភិបាល ភាគីតំណាងនិយោជក និងភាគីសហជីព តំណាង​ឱ្យ​កម្មករ​និយោជិត​។ លោកបានបន្តថា ដូច្នេះកិច្ចប្រជុំនេះ នឹងធ្វើឡើងដោយ​ផ្អែក​ទៅ​តាម​លក្ខណ​វិនិច្ឆ័យ​បែប​សង្គម និងសេដ្ឋកិច្ចទាំង៧ចំណុច ក្នុងនោះលក្ខណវិនិច្ឆ័យបែបសង្គម គឺ​ផ្តោត​ទៅ​លើ​ស្ថាន​ភាព​គ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ ដោយឡែក លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺផ្តោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និង​កម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើ​ជាមូល​ដ្ឋាន​ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួលអ​ប្បបរមានៅកម្ពុជា។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែសង្ឃឹម​និង​ជឿ​ជាក់​ក្នុង​ការពិភាក្សា ហើយនឹងខិតខំ​ព្យាយាម​ប្រឹងប្រែង​ដើម្បី​ឱ្យ​ទឡ្ហីករណ៍​ណា​មួយ​ដើម្បី​ឱ្យ​មាន​ការ​កើន​ឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។យោងតាមតួលេខចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមរយៈពេល ៣​ខែ ដើមឆ្នាំ២០២៥ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និង​ការបូបរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបាន​កើន​ឡើង​២០.១% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះទីផ្សារអាស៊ាន មាន​កំណើន ​២៤% ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨% ដោយឡែក ទីផ្សារ​ប្រទេស​ជប៉ុន ក៏មានកំណើន ១៩,៩% និងទីផ្សារសហរដ្ឋអាមេរិក ក៏មានការកើនឡើងជិត ២៥,៧%។សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨​ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិត​ទទួល​បាន​បន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់​ឈ្នួលធ្វើ​ការ​ថែម​ម៉ោង​ជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផល​ប្រយោជន៍​ពី​កម្ម​វិធី​បេឡា​ជាតិ​សន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំ​សុខភាព និង​គ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ ឈិត បូរ៉ាវី

ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ

2025/07/11 01:05:11 pm        321
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ និង​កសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា(FTB) នៅទីស្តីការក្រសួង។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់កម្មវិធីនេះ បានឱ្យដឹងថា នៅ​ចំពោះ​មុខ​អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា នេះជាសមិទ្ធផល​ថ្មី​នៃ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រសួង​កសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានា​ឱ្យ​បាន​នូវ​សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មាន​ប្រើ​ មានបាន និងមានរហូត។បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​ជួយ​ដល់​ប្រជា​កសិករ​ទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ ធានាបាននូវ​ការ​ផ្គត់ផ្គង់​ទាំង​គុណ​ភាព​និង​បរិមាណ ទទួលបានការគាំទ្រជាច្រើនពីក្រសួង កាត់បន្ថយថ្លៃដើមផលិត មានហា​និភ័យ​ទាប​ពី​កត្តា​ទីផ្សារ និងកត្តាអាកាសធាតុ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ សំដៅ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ទទួលបានផលចំនេញ និងសេដ្ឋកិច្ចមាត្រដ្ឋាន។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ និងបានសង្កត់​ធ្ងន់​ថា​នេះ​ជា​ឆន្ទៈ​មួយ​ដ៏​ធំជួយដល់វិស័យកសិកម្មកម្ពុជា ស្តែងចេញជាការកសាងទំនុកចិត្តជាមួយគ្នា បង្កើន​ល្បឿន​នៃ​ការអនុវត្តន៍ គិតគូរបែបបុរេសកម្ម ដើម្បីសម្រេចនូវ​លទ្ធផល​ល្អឱ្យ​ទទួល​បាន​ជោគ​ជ័យ​ទាំង​អស់គ្នា និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ច្បាប់ស្តីពីការដកសញ្ជាតិធ្វើឡើង ដើម្បីបន្សុទ្ធស្មារតីជនជាតិខ្មែរឲ្យស្រលាញ់ជាតិ កាន់តែខ្លាំងក្លាបន្ថែមទៀត

2025/07/11 12:58:32 pm        254
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងយុត្តិធម៌កម្ពុជា ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការបង្កើតច្បាប់ ស្តីពីការដកសញ្ជាតិ គឺធ្វើឡើងដើម្បីបន្សុទ្ធសារតីជនជាតិខ្មែរឲ្យស្មោះស្ម័គ្រ និងស្រលាញ់ប្រ ទេសជាតិកាន់តែខ្លាំងក្លាបន្ថែមទៀត ពុំមែនធ្វើឡើងដើម្បីក្រោមលេសនយោបាយ ដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ។ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ការបង្កើតច្បាប់ស្តីពីការដកសញ្ជាតិនេះ គឺអនុវត្ត ចំពោះជនណាដែលគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិសាសន៍ឯងប៉ុណ្ណោះ ហើយ បើជនណាមិនក្បត់ជាតិសូមកុំព្រួយបារម្ភ និងភ័យខ្លាចឲ្យសោះ ខណៈច្បាប់នេះ នឹងលេចចេញជាធរមាននា ពេលឆាប់ៗខាងមុនេះ។ទាក់ទងនឹងច្បាប់ ស្តីពីការដកសញ្ជាតិនេះ ឯកឧត្តម គើត រិទ្ធ ក៏បានឲ្យដឹងផងដែរថា នៅបណ្ដាប្រទេសចំនួន១៥០ នៅលើពិភពលោក ក៏មានច្បាប់ស្តីពីការដកសញ្ជាតិនេះដែរ ដូចជាប្រទេសអាមេរិក បារាំង អូស្ត្រាលី អាលីម៉ង់ ការ៉េខាងត្បូង ឥណ្ឌា សិង្ហបូរី និងប្រទេសនៅក្នុងតំបន់អឺរ៉ុបជាច្រើនទៀត រួមទាំង ប្រទេសនៅក្នុងតំបន់អាស៊ាននេះផងដែរ ដោយសុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិជាដើមនោះ។ជាមួយគ្នានោះដែរ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានឆ្លើយតបចំ ពោះក្រុមអគតិមួយក្តាប់តូចថា ការបង្កើតច្បាប់ស្តីពីការដកសញ្ជាតិនេះឡើងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើន និងប្រៀបបានដូចជារបបប្រល័យពូជសាសន៍នោះ គឺមិនមែនជាការពិតនោះឡើយ ខណៈប្រទេសមហាអំណាច ហើយជាបិតាប្រជាធិបតេយ្យក៏មានច្បាប់នេះដែរ ហេតុអ្វីមិនចោទប្រកាន់គេថាជារបបប្រល័យពូជសាសន៍ដែរនោះ។យ៉ាងណាក៏ដោយឯកឧត្តម កើត រិទ្ធ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំមានការព្រួយ បារម្ភចំពោះច្បាប់នេះឲ្យសោះ ដោយការបង្កើតច្បាប់នេះឡើយ គឺដើម្បីលើកកម្ពស់ស្មារតីស្នេហាជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ប៉ុន្តែបុគ្គលណា ដែលឃុបឃិតជាមួយប្រទេស ជាពិសេសរឿងករណី ដែលកម្ពុជាកំពុងមានបញ្ហាជាមួយថៃនោះ នឹងត្រូវអនុវត្តភ្លាមៗដោយគ្មានការលើកលែងនោះឡើយ ក្រោយច្បាប់នេះចេញជាស្ថាពរហើយនោះ។សូមបញ្ជាក់ថា នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧ បានអនុម័តទាំងស្រុងក្នុងសំឡេង ១២៥លើ១២៥ សំឡេង ចំពោះសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជានោះ៕អត្ថបទបាន ចក់

រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌៖ ច្បាប់ដកសញ្ជាតិមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ

2025/07/11 12:49:58 pm        342
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បានបញ្ជាក់ទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះថា ច្បាប់ដកសញ្ជាតិនេះនឹងមិនអនុវត្តចំពោះពលរដ្ឋខ្មែរស្រឡាញ់ និងស្មោះត្រង់ចំពោះជាតិនោះទេ ប៉ុន្ដែនឹងនុវត្តចំពោះជនដែលក្បត់ជាតិ ឃុបឃិតជាមួយប្រទេសបំផ្លាញជាតិ និងប្រជាជនខ្មែរ។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បញ្ជាក់ថា ការដកសញ្ជាតិខ្មែរនេះ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស, ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្ដិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។ ដូច្នេះច្បាប់នេះមិនត្រឹមតែមិនអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ, ស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារនូវធ្វីដែលជាឧត្តមប្រយោជន៍ជាតិ និងមនសិកាស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិទៀតផង។ សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕

ឯកឧត្តម កើត រិទ្ធ៖ ប្រទេសលើពិភពលោកមានប្រទេសជាង១៥០មានច្បាប់ ដកសញ្ជាតិ ខណៈខ្មែរក៏ធ្លាប់មានដែរ

2025/07/11 12:23:56 pm        535
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បញ្ជាក់ថាច្បាប់ខ្មែរពីសម័យមុនក៏មានច្បាប់ដកសញ្ជាតិនេះរួចហើយគឺមិនមែនជារឿងថ្មីនោះទេ។ ខណនៅលើពិភពលោកមានប្រទេសជាង ១៥០ប្រទេសសុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពលរដ្ឋរបស់ខ្លួនជាពិសេសក្នុងករណីប្រព្រឹត្តអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬប៉ះពាល់ដល់វិស័យសន្ដិសុខជាតិ។ សូមជម្រាបថា ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប មានច្បាប់ដកសញ្ជាតិ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ៕

រដ្ឋសភាអនុម័តជាឯកច្ឆន្ទ ១២៥លើ១២៥សំឡេង លើសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

2025/07/11 12:17:58 pm        229
រដ្ឋសភានៃព្រះជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានដ្ឋសភា ដែលមានវត្តមានសមាជិករដ្ឋសភាចំនួន១២៥ អង្គ/រូប ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្មនេះ ក្នុងគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។ ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានពីរមាត្រា។ មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគំាពារ។ ការទទួលសញ្ជាតិខ្មែរនិងការបាត់សញ្ជាតិខ្មែរ ដោយរួមទំាងការដកសញ្ជាតិខ្មែរត្រូវបានកំណត់ក្នុងច្បាប់។ អង្គរដ្ឋសភាបានពិភាក្សា អនុម័ត សេចក្តីស្នើវិសោធនកម្ម តាមនីតិវិធីដោយបានពិភាក្សា ផ្តល់យោបល់យ៉ាងល្អិតល្អន់ ពីតំណាងរាស្រ្តហត្ថលេខី តំណាងរាជរដ្ឋាភិបាល គណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាពីសមាជិក សមាជិការដ្ឋសភា មុនអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទំាងមូលជាឯកច្ឆន្ទ ដោយសំឡេងគំាទ្រ ១២៥លើ១២៥ សំឡេង។សូមជម្រាបថា តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសជាង១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ អឺរ៉ុបដែលមាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ចំណែកនៅតំបន់អាស៊ាន មាន៩ប្រទេសហើយដែលមានច្បាប់ដកសញ្ជាតិ ។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អុីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នូវអត្ថបទនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ដើម្បី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជតម្រិះពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមមាត្រា១៤៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានផ្ញើព្រះរាជសារតបចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយភ្ជាប់នូវមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ផ្អែកតាមលិខិតចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា៖ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន និងសេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូប ចូលរួមប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា 

2025/07/11 09:25:40 am        279
រដ្ឋសភានៃព្រះរាជាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។សម័យប្រជុំរដ្ឋសភាបានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដោយមានវត្តមាន សមាជិករដ្ឋសភាចំនួន១២៥អង្គ/ រូប បានចូលរួម និងមានវត្តមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នេះ៕

រដ្ឋមន្រ្តីសុខាភិបាល៖ «ក្នុងនាមជាតួអង្គគន្លឹះ គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវបង្កើនកិច្ចសហការទាំងផ្នែកបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងរវាងគ្នានឹងគ្នា»

2025/07/11 09:04:19 am        329
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាលើកទី៣ ជាមួយគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ រួមមានគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់។ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំក្នុងគោលបំណង ១) ពិនិត្យ និងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តចំណុចគន្លឹះ ដែលបានពិភាក្សានាជំនួបទាំង២ លើកកន្លងមក និង ២) ពិភាក្សាលើបញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយជាក់ស្តែង រួមទាំងដាក់ចេញទិសដៅបន្តសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈ សុខាភិបាល ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សា គណៈវិជ្ជាជីវៈសុខាភិបាលជាតិ រាជធានី ខេត្ត និងភូមិភាគទាំង៥ សរុបចំនួន ប្រមាណជាង ១ ៣៤១ រូប។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគណៈវិជ្ជាជីវៈសុខាភិបាលទាំង៥ និងលើកទឹកចិត្តឱ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារស្នូលរបស់ខ្លួន ដើម្បីបុព្វហេតុអ្នកជំងឺ សាធារណៈជន និងសហគមន៍ ដោយប្រតិបត្តិការងារឱ្យស្របតាមយុទ្ធសាស្រ្ត អាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្មារតីវិជ្ជាជីវៈ ធានាក្រមសីលធម៌ ធានាគុណភាព និងសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកតម្កើងតម្លៃរបស់វិជ្ជាជីវៈ គោរពសិទ្ធិអ្នកជំងឺ ឬអតិថិជន ពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកាន់ខ្ជាប់នូវយុត្តិធម៌ បង្កើនការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ ទប់ស្កាត់ជាអតិបរមានូវបាតុភាពវិជ្ជាជីវៈ និងគ្រប់គ្រងវាជាលក្ខណៈបុរេសកម្ម និងឆ្លើយតបឱ្យបានរហ័ស បន្ថែមលើនេះត្រូវរៀបចំសូចនាករសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងកំណត់គោលដៅជាក់លាក់ និងខិតខំសម្រេចឱ្យបានតាមកាលវេលា។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈទាំងអស់ នូវចំណុចគន្លឹះមួយចំនួន រួមមាន៖១.ត្រូវពិនិត្យមើលឯកសារគតិយុទ្ធ និងច្បាប់ទាំងឡាយដែលចេញជាធរមាន និងអនុវត្តឱ្យមានអនុលោមភាព២.ត្រូវធ្វើសកម្មភាពឱ្យចេញជាលទ្ធផលជាក់ស្តែង ដោយចាប់ផ្តើមពីតម្រូវការ ដើម្បីឆ្ពោះទៅការកំណត់នូវគោលការណ៍រួមមួយក្នុងការអនុវត្តការងារនោះ។ ៣.ស្វែងរកធនធានផ្នែកទីប្រឹក្សាខាងក្រៅបន្ថែម មកជួយលើការងារបច្ចេកទេស រដ្ឋបាល និងទំនាក់ទំនងក្នុងការប្រឹក្សាយោបល់លើការងារគ្រប់គ្រង៤.សម្រេចឱ្យបាននូវសមិទ្ធផលថ្មីក្នុងអាណត្តិការងាររបស់ខ្លួន និងកាត់បន្ថយជាអតិបរមានូវភាពអសកម្ម ៥. ពិចារណាលើលក្ខខណ្ឌ និងតម្រូវការសម្រាប់ការចេញអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ទាន់ពេល និងច្បាស់លាស់ចំពោះអ្នកដែលប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងគោលបំណងជៀសវាងនូវការបង្កកំហុស នៅពេលបំពេញភារកិច្ច ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺ ៦. ត្រូវសហការគ្នាឱ្យបានល្អរវាងគណៈវិជ្ជាជីវៈមួយ ទៅគណៈវិជ្ជាជីវៈមួយ ដើម្បីពិនិត្យមើលកិច្ចការងារ ដែលមានការពាក់ព័ន្ធគ្នាឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ បន្ថែម៖ ក្នុងតួនាទីជាអាជ្ញាធរនិយ័តកម្មអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាក្តីសង្ឃឹមរបស់សុខាភិបាល និងសុខភាពសាធារណៈ ត្រូវមានមានការប្រជុំគ្នាជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងជាលក្ខណៈសកល និងសម្លឹងមើលការអនុវត្តឱ្យបានល្អ ដោយត្រូវធ្វើឲ្យប្រសើរឡើងតាមប្រព័ន្ធមួយដែលមានវិន័យ និងរដ្ឋបាលច្បាស់លាស់ ស្របនឹងប្រព័ន្ធកំណែទម្រង់សុខាភិបាលរបស់ក្រសួង និងត្រូវពិចារណាអំពីការងារកម្រិតសាមញ្ញ ទៅកម្រិតប្រទាក់ក្រឡា ដល់កម្រិតជំនាញ ដោយពិនិត្យលើគ្រប់ទិដ្ឋភាព រួមមាន កម្រិតម៉ាក្រូ គឺបច្ចេកទេស និងធនធាន ការទំនាក់ទំនង ភាពជាអ្នកដឹកនាំ មានប្រព័ន្ធការងាររស់រវើក ទាំងគោលគំនិតរបស់វិជ្ជាជីវៈ និងមានអនុលោមភាពតាមច្បាប់ជាធរមាន៕អត្ថបទ រដ្ឋា 

ព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកសញ្ជាតិ ចំពោះជនណាគប់គិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង

2025/07/11 06:47:27 am        304
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពិនិត្យសំណើរធ្វើវិសោធនកម្មមាត្រា៣៣រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដកសញ្ជាតិខ្មែរចំពោះបុគ្គលណាក្បត់ជាតិ និងគប់គិតជាមួយបរទេស ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋ សភានៃព្រះរាជាណាចក្រកម្ពុជា។កាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តទទួលយកសំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរ ដោយគប់គិតជាមួយបរទេស មកពិនិត្យសិក្សា៕

ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ

2025/07/10 08:40:38 pm        198
 ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) បានជ្រើសរើសក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចុះបញ្ជីនៅបារាំង VINCI (CAC 40: DG) ដើម្បីដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នាពេលខាងមុខរបស់រាជធានីភ្នំពេញ។  កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល CAIC និងលោក Nicolas Notebaert ប្រធានក្រុមហ៊ុន Cambodia Airports នៅរសៀលថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥នេះ នៅកោះពេជ្រ។ អាកាសយានដ្ឋានអន្តរជាតិតេជោកំពុងអភិវឌ្ឍដោយ CAIC ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍទីក្រុងដ៏ធំមួយរបស់កម្ពុជា និងរដ្ឋលេខាធិការ អាកាសចរស៊ីវិលកម្ពុជា (SSCA)។ គម្រោងនេះមានគោលបំណងបំពេញតម្រូវការកាន់តែខ្ពស់ក្នុងវិស័យអាកាសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងពីការស្តារឡើងវិញជាលំដាប់នៃចរាចរណ៍ផ្លូវអាកាសចាប់តាំងពី COVID-19 ហើយត្រូវបានរៀបចំឡើងជាមួយនឹងចក្ខុវិស័យរយៈពេលវែងសម្រាប់ ៥០ឆ្នាំខាងមុខ។លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ មានប្រសាសន៍ថា “តាមរយៈការជ្រើសរើស VINCI ឱ្យធ្វើប្រតិបត្តិការសេវាកម្មអាកាសយានដ្ឋានសំខាន់ៗ យើងប្តេជ្ញាបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា តាមរយៈគម្រោងដែលស្របតាមស្តង់ដារអន្តរជាតិ។ ចក្ខុវិស័យរបស់យើងគឺបន្តពង្រីក TIA ក្នុងទសវត្សរ៍ខាងមុខ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការតភ្ជាប់ក្នុងតំបន់។”ជាមួយនឹងតួនាទីស្នូលក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុមហ៊ុន OCIC កំពុងអនុវត្តគម្រោងនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីពង្រីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសក្តានុពលតភ្ជាប់របស់ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០២៥ នេះ OCIC អបអរសាទរខួបលើកទី ២៥ ដោយមានសមិទ្ធផលនានា ដែល OCIC បានសាងសង់លំនៅដ្ឋានជាង ១០,០០០ ខ្នង អភិវឌ្ឍសង្កាត់ទាំងមូល និងអនុវត្តគម្រោងសាធារណៈដ៏សំខាន់ជាច្រើន រួមមានស្ពាន ផ្លូវ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មដែលជាភស្តុតាងនៃការចូលរួមរឹងមាំក្នុងការរួមចំណែកបំរើសេដ្ឋកិច្ចជាតិ និងកសាងទីក្រុង។ អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។អាកាសយានដ្ឋានអន្តរជាតិតេជោតំណាងឱ្យជំហានបន្ទាប់ក្នុងគន្លងនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អូស៊ីអាយស៊ី និង «CAIC» ក្នុងការដាក់ប្រទេសកម្ពុជាជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការវិនិយោគ ការធ្វើដំណើរ និងពាណិជ្ជកម្ម។ ដោយមានវត្តមានជាង ៣ទសវត្សរ៍ក្នុងប្រទេសកម្ពុជា VINCI Airports ដែលបានចាប់ផ្តើមប្រតិបត្តិការព្រលានយន្តហោះក្នុងឆ្នាំ១៩៩៥ និងបច្ចុប្បន្នកំពុងដំណើរការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានជ្រើសរើសឱ្យបន្តតួនាទីរបស់ខ្លួននៅ អាកាសយានដ្ឋានអន្តរជាតិតេជោ គាំទ្រដោយផលប័ត្រព្រលានយន្តហោះជាង៧០ នៅក្នុង ១៣ប្រទេសផ្សេងៗ។ គិតត្រឹមឆ្នាំ ២០២៤ ស្ថាប័ននេះ បានគ្រប់គ្រងអ្នកដំណើរជាង ៣០០លាននាក់ នៅទូទាំងបណ្តាញសកលរបស់ខ្លួន។លោក Cyril Girot នាយកប្រតិបត្តិ នៃក្រុមហ៊ុន Cambodia Airports បានមានប្រសាសន៍ថា «យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀតជាមួយនឹងឧត្តមភាពនៃអាកាសយានដ្ឋាន និងដើម្បីអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ខ្ញុំទន្ទឹងរង់ចាំភាពជាដៃគូរបស់យើងជាមួយ CAIC នៅពេលដែលយើងទាំងពីរចែករំលែកចក្ខុវិស័យរួមក្នុងការបម្រើប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួនដោយបង្កើតតម្លៃ និងឱកាស ដូច្នេះហើយ យើងអាចពង្រីកជំហររបស់ប្រទេស។»អាកាសយានដ្ឋានអន្តរជាតិតេជោបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ខណៈពេលដែលការចូលរួមជាមួយដៃគូអន្តរជាតិ ដើម្បីនាំយកអ្នកជំនាញបន្ថែម និងកម្រិតស្តង់ដារពិភពលោក។ បន្ថែមពីលើ «VINCI Airports» ព្រលានយន្តហោះបាននាំមកនូវបណ្តាញដ៏ធំទូលាយនៃអ្នកប្រឹក្សាសកល និងអ្នកជំនាញផ្នែករចនា រួមទាំង «Foster + Partners » និង «Changi Airports International»។ក្រុមហ៊ុនធំៗពីរផ្សេងទៀតរបស់បារាំងគឺ «Lagardere Travel Retail» និង «Newrest» ត្រូវបានជ្រើសរើសឱ្យធ្វើប្រតិបត្តិការជាមួយហាងទំនិញឥតគិតពន្ធ និង ភោជនីយដ្ឋាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដោយឆ្លុះបញ្ចាំងពីទស្សនវិស័យអន្តរជាតិរបស់អាកាសយានដ្ឋាន និងអត្តសញ្ញាណកម្ពុជា ស្ថានីយដំណើរនេះនឹងមានទាំងម៉ាកយីហោរល្បីៗជាសកល និងកម្ពុជា រួមទាំង «Starbucks» និងក្រុមហ៊ុនកាហ្វេកម្ពុជា «Brown Coffee» ដែលផ្តល់ជូនអ្នកដំណើរនូវអាហារអន្តរជាតិ និងក្នុងស្រុកប្រកបដោយតុល្យភាព។គ្រោងនឹងបើកដំណើរការ និងស្វាគមន៍អ្នកដំណើរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងត្រូវបានរៀបចំឡើងជាមួយនឹងការគិតអំពីអ្នកធ្វើដំណើរ។ ស្ថានីយដំណើរនេះ នឹងមានកន្លែងបើកចំហធំទូលាយ និងសេវាកម្មជាច្រើន ដែលផ្តល់បទពិសោធន៍អាកាសយានដ្ឋានប្រកបដោយផាសុកភាព និងប្រសិទ្ធភាព។សូមជំរាបជូនថា ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) បានទទួលសិទ្ធិអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាច្រកទ្វារអាកាសថ្មីសម្រាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជា។ CAIC គឺជាក្រុមហ៊ុនរួមបណ្តាក់ទុន បង្កើតឡើងដោយសហការរវាងក្រុមហ៊ុន OCIC (កាន់កាប់ភាគហ៊ុន ៩០%) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) (កាន់កាប់ភាគហ៊ុន ១០%)។ ដោយឡែក ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេរបស់កម្ពុជាដោយផ្តោតទៅលើការអភិវឌ្ឍវិស័យជាច្រើនដូចជាវិស័យអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សុខាភិបាល ការអប់រំ ការលក់រាយ និងកសិកម្ម។ មានក្រុមការងារចំនួនជាង ១៧,៥០០ នាក់នៅទូទាំងប្រទេស ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍នានា ដែលមានសារៈសំខាន់ចំពោះការលូតលាស់រយៈពេលវែងនៃប្រទេសកម្ពុជា។ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០០០មក OCIC បានអនុវត្តគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន រួមមានការសាងសង់លំនៅដ្ឋានចំនួនជាង ១០,០០០ខ្នង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗដូចជា ស្ពាន ស្ពានអាកាស និងផ្លូវថ្នល់ ដែលភ្ជាប់សហគមន៍នៅគ្រប់តំបន់នៃប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM
មេបញ្ជាការទី ២របស់ក្រុម ISIS ត្រូវបានសម្លាប់ ដោយកងកម្លាំងរបស់អាមេរិក និងនីហ្សេរីយ៉ា
05/17/2026 11:05 AM