សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

កម្ពុជាប្រកាសដាក់ប្រើប្រាស់ជាផ្លូវការចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

2025/07/08 04:34:36 pm        441
ភ្នំពេញ៖ នៅថ្ងៃទី៨កក្កដានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំ ពិធី​ប្រកាស​ដាក់​ប្រើ​ប្រាស់​ជា​ផ្លូវការ នូវចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់​គន្លឹះ​នៃ​រាជ​រដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ។ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា៖ “សមិទ្ធផល និង បទពិសោធ ក្នុងរយៈ​ពេល​ជាង ២០ឆ្នាំកន្លងទៅ បានផ្តល់មេរៀនដ៏មានតម្លៃជាច្រើនអនេក និងបានធ្វើឱ្យយើងរឹត​តែជឿជាក់ លើភាពត្រឹមត្រូវ នៃទស្សនវិស័យរបស់យើង នោះគឺ៖ យើងត្រូវកែទម្រង់តាមសេចក្តី​ត្រូវ​ការ​របស់​កម្ពុជា​ ក្នុងបរិបទសង្គមសេដ្ឋកិច្ច ស្ថាប័ន និង រដ្ឋបាលរបស់កម្ពុជា, ក្នុងភាពជាម្ចាស់របស់កម្ពុជា, និងជាពិសេស ក្នុងការទទួលខុសត្រូវ របស់កម្ពុជា ចំពោះជោគវាសនាអនាគតជាតិយើង ដោយ ខ្លួន​ឯង ។ យើងទទួលស្គាល់ថា ការកែទម្រង់ ជាការងារដ៏លំបាកស្មុគស្មាញ, ដោយម្ខាង យើង​ត្រូវ​ជួប​ប្រទះ​បញ្ហាប្រឈមច្រើន, ទាំងផ្នែកផ្នត់គំនិត ឆន្ទៈ ភាពជាអ្នកដឹកនាំ ការប៉ះពាល់ ផល​ប្រយោជន៍​ សមត្ថភាព ធនធានមនុស្ស និង បញ្ហាបច្ចេកទេស ក៏ប៉ុន្តែម្ខាងទៀត យើង ត្រូវតែ​ចាប់​ផ្តើម​ធ្វើ​ដោយមិនបង្អង់រង់ចាំទាល់តែមានសមត្ថភាព, ធនធាន និង មធ្យោបាយ គ្រប់គ្រាន់​នោះ​ឡើយ​, ក្នុងស្មារតី «ធ្វើបណ្តើរ, រៀនបណ្តើរ, និង កែលម្អបណ្តើរ»។”រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីកែទម្រង់ រយៈពេលវែងជាច្រើនលើគ្រប់វិស័យ ជា​ពិសេស​កម្មវិធីកែទម្រង់ពាក់ព័ន្ធនឹងការបង្កើនគុណភាពអភិបាលកិច្ច ការកែទម្រង់លើរចនាសម្ព័ន្ធ និង​ការកែទម្រង់ដែលមាន លក្ខណៈជាប្រព័ន្ធដែលអាចចាត់ទុកជាកិច្ចការកែទម្រង់ គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​គឺ​៖ ១, កម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២, កម្មវិធី​កែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៣, កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ៤, កម្មវិធី​កែ​ទម្រង់ប្រព័ន្ធយុត្តិធម៌ និង៥, កម្មវិធីកែទម្រង់ច្បាប់៕

អាជ្ញាធរជាតិព្រះវិហារ ប្រារព្ធខួបលើកទី១៧ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥)

2025/07/08 04:19:46 pm        441
ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែល​អង្គការ​យូណេស្កូបានសម្រេចបញ្ចូល ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ជាអធិបតី​ក្នុងពិធីអបអរសាទរខួប ១៧ឆ្នាំនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានប្រារព្ធធ្វើឡើងយ៉ាង​អធិកអធម​នៅតំបន់បារាយណ៍​ខាងលិចជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ តំណាងអង្គការ​ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន​ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបាន​បង្ហាញយ៉ាងច្បាស់​ពី​ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់របស់គ្រប់ភាគី​ចំពោះ​តម្លៃនៃបេតិកភណ្ឌជាតិដ៏មានតម្លៃនេះ។ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង​កក់ក្តៅ​ចំពោះវត្តមានឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានឆ្លៀតពេល​វេលាដ៏មមាញឹក អញ្ជើញមកចូលរួមជាអធិបតីក្នុងពិធីដ៏មានអត្ថន័យនេះ។ ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីនេះគឺជាទិវាដ៏ឧត្តុង្គឧត្តមបំផុតសម្រាប់ប្រជាជនកម្ពុជាទាំងមូល ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួប ១៧ឆ្នាំ​នៃការចុះបញ្ជី​រមណីយដ្ឋានប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។​ឯកឧត្តមបានបន្តថា ខេត្តព្រះវិហារមានមោទកភាពយ៉ាងខ្លាំងដែលមានសម្បត្តិ​បេតិកភណ្ឌពិភព​លោកចំនួន ២ គឺប្រាសាទព្រះវិហារ ​ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ និងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះក្នុងបញ្ជី​បេតិកភណ្ឌពិភព​លោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ឯកឧត្តម បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះវិហារបាន និងកំពុងបន្តអភិវឌ្ឍន៍ និង​អភិរក្សតំបន់រមណីយដ្ឋានប្រាសាទនានា ​ទៅជាគោលដៅទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍​ដ៏មានសក្តានុពល។ ស្របគ្នានេះ ខេត្តក៏កំពុងបន្តលើកកម្ពស់​ការវិនិយោគលើវិស័យទេសចរណ៍ តាមរយៈការពង្រឹងសេវាកម្ម និងបដិសណ្ឋារកិច្ចលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្សាន្តនានា សំដៅលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពប្រជាជននៅមូលដ្ឋាន។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាពេលនេះពិតជា​មានសារៈសំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទាំងមូល ជាពិសេស​ចំពោះប្រជាពលរដ្ឋនៃខេត្តព្រះវិហារ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជី​រមណីយដ្ឋាន​ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាចាំបាច់ត្រូវរួមគ្នាថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍​​ដល់ប្រជាជនខ្មែររាប់តំណតទៅ។ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំព្រឹត្តិការណ៍វប្បធម៌អបអរសាទរនេះ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរស និងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃដ៏មហាសាល បន្សល់ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍វប្បធម៌នេះ ក៏ដើម្បីឧទ្ទិសចំពោះស្មារតីអង់អាចក្លាហាន ប្រកបដោយវីរភាព និងពលិកម្មសាច់ស្រស់ឈាមស្រស់របស់បុព្វបុរសខ្មែរ វីរយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ក៏ជាការក្រើនរំលឹក និងបំផុសស្មារតីស្រឡាញ់សម្បត្តិវប្បធម៌ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនបន្តវេន ដែលមានកាតព្វកិច្ចក្នុងការបន្តថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ជាតិឱ្យស្ថិតស្ថេរគង់វង្ស ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីស្ដីទីក៏បានថ្លែងកោតសរសើរយ៉ាងស្មោះអស់ពីចិត្តចំពោះអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សប្រាសាទព្រះវិហារដែលទទួល​បានជោគជ័យ​គួរឱ្យកត់សម្គាល់។ ជោគជ័យនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរជាតិព្រះវិហារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ហើយកិច្ចសហការ​ដ៏រឹងមាំនេះបានបង្កើតបាននូវតុល្យភាពដ៏ប្រសើររវាង ប្រាសាទ បរិស្ថាន និងមនុស្ស ដែលជា​មូលដ្ឋាន​គ្រឹះដ៏សំខាន់ក្នុងការគ្រប់គ្រងបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ឱ្យ​​​ប្រើប្រាស់អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

2025/07/08 04:15:57 pm        132
ស្វាយរៀង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនិងឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត និងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្រសួងយុត្តិធម៏ ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានសាលាដំបូង រាជធានី ខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងមន្ទីរ អង្គភាពស្ថាបន័ ជុំវិញសាលាខេត្ត ស្រុក ក្រុង ផងដែរ ។តាមរបាយការណ៏របស់គណ.កម្មការស្ថាបនាសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់អោយដឹងថាអគារសាលាដំបូង និងអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង ដែលក្រសួងប្រារព្វពិធីសម្ពោធបើកដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះមានទំហំ៦ពាន់២៧២ម៉ែត្រការ៉េ កំពស់៣ជាន់ មានសាលប្រជុំធំ សាលជំនុំជំរៈក្តី បន្ទាប់ការិយាលយ័ សរុប៤៣បន្ទប់ រួមនិងបំពាក់គ្រឿងសង្ហារឹម មានតុ ទូរសម្រាប់ដាក់ឯកសារ ផងដែរ ។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ បានសំដែងអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅក្នុង ក្រសួងយុត្តិធម៏ ប្រធាន​អនុប្រធាន សាលាដំបូងរាជធានីខេត្ត ពិសេសឯកឧត្តមអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីថ្នាក់ដឹកនាំនៅក្នុងរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង មន្ទីអង្គភាព ដែលបានអញ្ជើញមកចូលរួមអបអរសាទរពិធីសម្ពោធអគារសាលាដំបូង និងអយ្យការអមសាលាដំបូងនៅថ្ងៃនេះ ។ ឯកឧត្តមបានបញ្ជាក់ថា​អគារសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលសម្ពោធនេះគឺជាសមិទ្ធផលថ្មី ដែលបានក៏កើតឡើងនៅក្នុងអណត្តិដឹកនាំរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ផ្តល់អោយមន្ត្រីបំរើការងារលើវិសយ័ច្បាប់​ មានទីតាំងធ្វើការសមស្របតាមការអភិវឌ្ឍន៏របស់ប្រទេសជាតិនាបច្ចុប្បន្ន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះគណៈបញ្ជាការឯកភាពខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ពន្ធ័ ដែលកន្លងមកបានរួមចំណែកយ៉ាងធំធេងជាមួយស្ថាបន័តុលាការ អយ្យការ ក្នុងកិច្ចការកាត់ក្តី លើវិវាត់ផ្លូវច្បាប់ រវាងពលរដ្ឋ ក្រុមហ៊ុន សហគ្រាស ស្ថាបន័ពាក់ពន្ធ័បានល្អប្រសើរធ្វើអោយពលរដ្ឋ និងផ្នែកពាក់ពន្ធ័ អស់កង្វល់ដោយទទួលយកការសម្រេចកាត់ក្តីពីប្រពន្ធ័តុលាការ ។ទន្ទឹមនិងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ត្រីតុលាការនៅក្នុងខេត្តស្វាយរៀង ត្រូវបន្តសាមគ្គីភាពឯកភាពផ្ទៃក្នុង ពិសេសគោរពតាមការណែនាំចង្អុលទិសបន្ថែមពីគណៈបញ្ជាការឯកភាពខេត្ត និងអនុវត្តការងារជំនាញកាត់ក្តីជូនពលរដ្ឋ ដោយភាពសច្ចៈ មិនលំអៀង មិនរំលោភដែលនាំអោយពលរដ្ឋ​ក៏ដូចផ្នែកពាក់ពន្ធ័ អស់ជំនឿមកលើកការដឹកនាំរាជរដ្ឋាភិបាល៕ ដោយ ៖ ភា សារិទ្ធ

អភិបាលខេត្តប៉ៃលិនដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់អង្គភាពកងកម្លាំងជួរមុខការពារព្រំដែន

2025/07/08 04:07:04 pm        428
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៨ ខែកក្កដានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព​ការងារ​របស់​អង្គភាព​កង​កម្លាំង​ជួរ​មុខ​ដែល​កំពុង​ឈរ​ជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុង​ភូមិ​សាស្ត្រ​ខេត្តប៉ៃលិន។លោកជំទាវ បាន ស្រីមុំ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទាំង​អស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង​ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ជា​ពិសេស​ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់​រាល់ក​រណី​បទ​ល្មើស​នានា​ ដោយត្រូវ ដាក់កម្លាំងការពារល្បាតជាប្រចាំ និងចាំស្តាប់នូវបទបញ្ជា និ​ង​គោល​ការណ៍​ពី​មេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយត្រូវតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមាន​ករណី​ឈ្លាន​ពាន​ណាមួយ​លើ​បូរណ​ភាព​ទឹក​ដីប្រទេសកម្ពុជាយើង។លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផល​ទាំង​ឡាយដែលនាយទាហាន និងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុង​បុព្វហេតុ ការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះ​ត្រង់​ លះបង់សាច់ ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូន កងទ័ព និងគ្រួសារកងទ័ពឱ្យរស់រានមានជីវិតល្អប្រសើរ ស្រប​តាម​គោល​របប​របស់​រាជរដ្ឋាភិបាល និងការ កសាងនូវប្រព័ន្ធ​យុទ្ធសាស្រ្ត​ការពារ​ជាតិ​នានា​ជា​ច្រើន​ទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជា​កេរ​ប្រវត្តិ​សាស្រ្ត​ជូន​មនុស្ស​ជំនា​ន់ក្រោយ៕

អ្នកនាំពាក្យក្រសួងការងារ៖ “អ្វីដែលត្រូវបារម្ភគឺកង្វះកម្លាំងពលកម្មសម្រាប់រោងចក្រសហគ្រាស”

2025/07/08 03:55:06 pm        407
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា អ្វីដែលកម្ពុជាត្រូវបារម្ភ​គឺ​កង្វះ​កម្លាំង​ពលកម្ម​សម្រាប់​រោង​ចក្រ​សហ​គ្រាស​ដែល​កំពុងដំណើរការ និងគ្រោងដំណើរការរាប់រយបន្ថែមទៀត។ លោកបន្តថា អត្រាពន្ធរបស់អាម៉េរិកនេះគឺជារឿងសកល ដែលមិនមែនជា​រឿង​ដាច់​ដោយ​ឡែក​របស់​កម្ពុជា​នោះឡើយ ពោលគឺ ឡាវជាប់អត្រាពន្ធ ៤0% មីយ៉ាន់ម៉ា ៤0% ថៃ ៣៦% បង់​ក្លា​ដែស​ ៣៥% ឥណ្ឌូនេស៊ី ៣២% និងកម្ពុជា ៣៦%។ សម្រាប់កម្ពុជា ក្រោយពីការចរចាពន្ធ កម្ពុជា​ទទួល​បានការកាត់បន្ថយពន្ធច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីពី ៤៩%​មក​ត្រឹម​ ៣៦%។លោកកត់សម្គាល់ឃើញថា ពន្ធរបស់អាម៉េរិកនៅក្នុងអាណត្តិលោក ដូណាល់ ត្រាំ នឹង​បញ្ចប់​នៅ​ក្នុង​ឆ្នាំ២០២៧ ដែលមានរយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ ព្រោះអាមេរិ​កនឹង​បោះ​ឆ្នោត​ជ្រើសរើ​ស​ប្រធា​នាធិបតីថ្មីដែលនឹងធ្វើឱ្យរោងចក្រសហគ្រាសនៅតែបន្តរកស៊ីក្នុងប្រទេសកម្ពុជា។ ចំណែក​ឯរោងចក្រធំៗវិញ គឺមានទីផ្សារទូទាំងពិភពលោក ដូចនេះពួកគេអាច​បង្វែរ​ទីផ្សារ​ទៅ​កាន់​ប្រទេស​អឺរ៉ុប កាណាដា អូស្រ្តាលី ជប៉ុន អង់គ្លេស និងចិនជាដើម។ ប៉ុន្តែ រោងចក្រតូច​ៗ​ដែល​ទទួល​ការ​បញ្ជាទិញបន្តច្រើនតង់គ្មានទីផ្សារច្បាស់លាស់នឹងបាត់បង់ការប្រកួតប្រជែង។ លោកថា៖ “រោងចក្រខ្នាតអន្តរជាតិដូចជា H&M, GAP, PUMA និង NIKE ជាដើម នឹង​មិន​រើ​រោង​ចក្រ​ពី​ប្រទេសកម្ពុជានោះទេ ព្រោះរោងចក្រធំៗទាំងនេះ មានទីផ្សារច្រើនក្រៅពីអាម៉េរិកដូចជា ទីផ្សា​រ​អឺរ៉ុប អង់គ្លេស ជប៉ុន ចិន កាណាដា និងអូស្ត្រាលីជាដើម”។ បន្ថែមពីនេះ ក្រៅពីកម្លាំងពលកម្មរបស់កម្ពុជាមានផលិតភាពខ្ពស់ វិនិយោគិន​ក៏​ទទួល​បាន​នូវ​ការ​សម្រួល​យ៉ាង​ល្អ​ប្រសើរពីសំណាក់រដ្ឋាភិបាលកម្ពុជា ហើយសូម្បីក្រសួង​ការងារ​ក៏​បាន​កាត់​បន្ថយ​សេវា​ជា​ច្រើនដើម្បីសម្រួលដល់វិនិយោគដែរ។ អ្នកនាំពាក្យរូបនេះ មើលឃើញថា ការរើរោងចក្រត្រូវចំណាយពេលយូរ និងមាននីតិវិធីស្មុគស្មាញ ត្រូវចុះបញ្ជី ទិញ/ជួលទីតាំងដី និងសំណង់ និងត្រូវសាងសង់ រៀបចំប្រព័ន្ធគ្រប់គ្រងក្នុងរោងចក្រ ហើយ​ការរើសបុគ្គលិក និងការផ្តើម​ប្រតិបត្តិការ​គឺ​មិន​អាច​ធ្វើ​ឱ្យ​រោង​ចក្រ​ធំ​ៗ​ជ្រើស​រើស​ការ​រើ​ចេញ​នោះឡើ​យ។ ក្រៅពីបញ្ហាពន្ធអាមេរិកចំនួន ៣៦% កម្ពុជាកំពុងរីក​រាយ​នឹង​គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៣៧៣ ជាមួយនឹងទុនវិនិយោគ ៥,៨ ប៊ីលានដុល្លារអាម៉េរិក និងបង្កើត​ឱកាស​ការងារ​ប្រមាណជាង ២៥ម៉ឺនកន្លែងជូនប្រជាពលរដ្ឋកម្ពុជា។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរូបនេះ បាន​លើកឡើងថា ការសម្រេចចិត្តរបស់វិនិយោគបរទេសដែលមានទាំងក្រុមហ៊ុនអាម៉េរិកផង ក៏​បានដឹងពីពន្ធរបស់អាម៉េរិកដែរ ប៉ុន្តែនៅតែមកបោះទុនវិនិយោគ នោះមានន័យថា ពន្ធ​អាម៉េរិក​រយៈពេលខ្លីនេះ គឺប្រហែលជាមិនមែនជាការព្រួយបារម្ភធំដុំទេ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវ ដល់​សង្គម​ស៊ីវិល សហជីព និងអ្នកនយោបាយមួយចំនួនតូច កុំប្រើប្រាស់លេស ការ​តម្លើង​ពន្ធ​របស់​អាម៉េរិក​ម​ក​លើកម្ពុជា ជាឈ្នាន់នយោបាយ បំភិតបំភ័យកម្មករ និងពលរដ្ឋស្លូតត្រង់ ហើយគួរ​ប្រកាន់​យក​ប្រយោជន៍​ជាតិ​ដ៏ឧត្តុង្គឧត្តមជំនួសវិញ៕

សម្តេចធិបតី៖ មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត

2025/07/08 02:52:33 pm        761
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា, ផ្ទះគ្រូបង្រៀន, ទីចាត់ការ និងសមិទ្ធផលនានា នៅ តាមសាលាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ទី៨ កក្កដា ២០២៥ ថា “ការកសាង និងអភិវឌ្ឍធនធានមនុស្ស គឺសំខាន់ ដែលចាប់ពី ក្រោយរំដោះប្រទេសឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលបានផ្តោតលើការស្តារវិស័យ អប់រំ ជាអាទិភាព ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់បំផុត”។ មូលធនមនុស្សដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត ពីព្រោះការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវសមត្ថភាពប្រកួតប្រជែងប្រកបដោយជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុង បរិការណ៍តំបន់ និងសកលលោក។ស្របជាមួយនឹងសារសំខាន់នៃការបណ្តុះបណ្តាល, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការលើកកម្ពស់គុណភាព ដោយផ្តោតលើ៖ ១/ កសាងធនធាន មនុស្ស, ២/ កសាងប្រព័ន្ធអប់រំ និង៣/ កសាងសមត្ថភាព។ ភ្ជាប់ជាមួយនេះ, វិស័យអប់រំ យើងមិនត្រឹមតែយកចិត្តទុកដាក់លើបរិមាណនោះទេ យើងបានពង្រឹងទាំងគុណភាពផងដែរ តាមរយៈការដាក់ចេញការធ្វើទំនើបកម្មកម្មវិធីសិក្សា, ពង្រឹងគុណភាពគ្រូ និងអគារសិក្សា, ទំនើបកម្ម សម្ភារៈបម្រើដល់ការសិក្សា និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ឈរលើគោលការណ៍នេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិសយ៉ាងច្បាស់អំពីការជ្រើសរើសគ្រូពេញសិទ្ធិ និងគ្រូកិច្ចសន្យា ដាច់ខាតត្រូវធ្វើដោយស្របតាមនិយាមការកំណត់ច្បាស់លាស់ និងសុក្រឹត្យ សំដៅធានាបានគុណភាពក្នុងការបណ្តុះបណ្តាល។មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា “អាជីពគ្រូបង្រៀន មិនមែនជា អាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្តែអាជីពគ្រូបង្រៀនដែលទទួលបាននោះ គឺ កិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ ដែលអង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត”។ ភ្ជាប់នឹងគុណតម្លៃនេះ, វិស័យអប់រំត្រូវបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកបដោយបរិយាប័ន្ន សំដៅជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញបច្ចេកទេសច្បាស់លាស់, ជំនាញទន់សមស្រប និងមានសុខភាពល្អ សម្រាប់បំពេញតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ។

ក្រសួងកសិកម្មអំពាវនាវកសិករដាំទុរេនកុំប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់ទីផ្សារនាំចេញ

2025/07/08 02:19:03 pm        802
ខណៈដែលកម្ពុជាទទួលសញ្ញាភ្លើងខៀវ ដែលអនុញ្ញាត​ឱ្យ​នាំ​ចេញ​ផ្លែ​ទុរេន​ស្រស់​ទៅ​កាន់​ប្រទេស​ចិន​ជា​ផ្លូវការ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាថ្មីម្តងទៀត បាន​អំពាវ​នាវ​ដល់កសិករ ជាពិសេសម្ចាស់ចម្ការទុរេនទាំងអស់ កុំប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ ដែល​អាច​ក្លាយ​ជា​ឧបសគ្គក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី៨ ខែកក្កដានេះ បាន​ប្រាប់ព័ត៌មាន​ប៊ីធីវី​ឱ្យដឹងថា គិតមកដល់ពេលនេះ ផ្ទៃ​ដី​ដាំ​ដុះ​ទុរេន​នៅទូទាំងប្រទេសកម្ពុជាមានប្រហែល ១ម៉ឺនហិកតា។ ចំពោះ ទិន្នផល​ប្រមូល​បាន​មាន​ចំនួន​ចន្លោះ ១៧ ទៅ ១៨ម៉ឺនតោន ក្នុង១ឆ្នាំ។ពាក់ព័ន្ធការ​គ្រោង​នាំចេញទុរេនទៅប្រទេសចិននេះ ឯកឧត្តមអ្នកនាំពាក្យ បានឱ្យដឹងថា មាន​ចម្ការ​ទុរេន​ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ត្រូវបាន​អនុម័ត​ដោយ​អគ្គ​រដ្ឋបាល​គយ​ចិន (GACC) ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសចិន។ ឯកឧត្តម បានបន្តថា រាល់​ចម្ការ​ដែល​ចង់​ធ្វើ​ការ​នាំ​ចេញ ទាមទារឱ្យមានការចុះបញ្ជីជាមុនសិន ហើយ​មាន​ការ​វាយ​តម្លៃ​អនុម័ត​ជា​មុន​សិន​ផង​ដែរ ទើបអាចមានសិទ្ធិក្នុងការនាំចេញជាផ្លូវការបាន។ឯកឧត្តម ឃឹម ហ្វីណង់ បានលើកទឹកចិត្តដល់កសិករដាំដុះទុរេន ជាពិសេស​ម្ចាស់​ចម្ការ​ទាំង​អស់​សូម​ធ្វើ​ការ​ចូល​រួម​អនុវត្តនូវតាមគោលការណ៍កសិកម្មល្អ (GAP) និងជៀសវាង​នូវ​ការ​ប្រើប្រាស់​នូវ​សារធាតុ​ហាម​ឃាត់​មួយ​ចំនួន​ដែល​អាច​ក្លាយ​ជា​ឧបសគ្គ​នាំ​ចេញ​ទុរេន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ​ឯកឧត្តមសង្ឃឹមថា នឹងចូលរួម​ទាំងអស់​គ្នា​ដើម្បី​ភាព​រីក​ចម្រើន​នៅ​លើ​ដំណាំ​ដែល​មាន​សក្តានុពល​មួយ​នេះ។លោក ហេង បញ្ញា កសិករដាំដុះទុរេន ស្ថិតនៅខេត្តរតនគិរី បានឱ្យប៊ីធីវីដឹងថា លោក​គ្រោង​នឹង​ស្នើ​សុំ​ចុះ​បញ្ជី​នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រីកទីផ្សារនាំចេញទុរេន បន្ទាប់​ពី​ផ្គត់​ផ្គង់​លក់ក្នុងស្រុក។ លោកបន្តថា សព្វថ្ងៃនេះ លោកមានទុរេនប្រហែល៧០០ដើម លើ​ផ្ទៃ​ដីដាំដុះប្រហែល ៥ហិចតាប៉ុណ្ណោះ ខណៈនៅពេលអនាគតខាងមុខ លោកគ្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះទុរេន​ប្រហែល ២០ហិចតា បន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ។សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់ គឺជាកសិផលទី៩របស់កម្ពុជា ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិត​ដំឡូង​មី​ក្រៀម​ គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង។ នេះគឺ​ជា​សមិទ្ធ​ផល​ផ្លែ​ផ្កា​ដែល​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្ដេចធិបតី ណែនាំឱ្យជ្រើសរើសគ្រូបង្រៀនត្រូវពិនិត្យឱ្យបានច្បាស់លាស់យកដែលមានគុណវុឌ្ឍិ

2025/07/08 12:11:45 pm        230
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលស្រុក និងមន្ទីរអប់រំនានា ទាក់ទងនឹងការជ្រើសរើសគ្រូបង្រៀននៅតាមសាលារៀន គឺត្រូវពិនិត្យឱ្យបានច្បាស់លាស់ជ្រើសរើសយកដែលមានគុណវុឌ្ឍិ និងសមត្ថភាពគ្រប់គ្រាន់លើការបង្រៀនសិស្ស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀនទោះបីជានៅតាមសាលារៀនមានសម្ភារៈឧបទេសគ្រប់គ្រាន់សម្រាប់ការរៀន និងបង្រៀនក៏ដោយ ក៏ប៉ុន្ដែបើសាលារៀនមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំល្អ និងមានគុណភាពទៅដល់សិស្សបានដែរ។ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯងដើម្បីផ្ដល់ការអបរំដែលមានគុណភាពដល់សិស្ស។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញទៀតថា នៅក្នុងសាលាដែលមិនអាចជ្រើសរើសគ្រូជំនាញថ្មីមកបង្រៀនបានទេ គឺអាចយកគ្រូបង្រៀនចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំទាល់តែមានគ្រូថ្មីហើយសាលារៀនខ្វះខាតគ្រូបង្រៀនសិស្សនោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្សគ្រប់គ្នា៕

សម្ដេចធិបតី៖ តាមកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅអានាគតកម្ពុជា កំពុងមានតម្រូវការធនធានមនុស្សច្រើន

2025/07/08 12:04:44 pm        509
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគតកម្ពុជាកំពុងមានតម្រូវធនធានមនុស្ស និងកម្លាំងពលកម្មជំនាញច្រើនបន្ថែមទៀតដែលទាមទារឱ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើការបណ្ដុះបណ្ដាលមូល ធនមនុស្សនេះជាអាទិភាពចំបង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍នៅក្នុងឱកាសនោះថា តាមរយៈជំនួបជាមួយលោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីម្សិលមិញ សម្ដេចបានបញ្ជាក់ទៅលោកជំទាវថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែបើមិនមានចំណេះជំនាញ និងសមត្ថភាពទេនោះ គឺមិនអាចចូលរួមក្នុងកិច្ចអភិវឌ្ឍសង្គមជាតិបាននោះឡើយ។ សម្ដេចបន្តថា ដូច្នេះចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ គឺសំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព តាមរយៈការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស ការពង្រឹងការអប់រំចាប់ពីបឋមសិក្សាដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ដែរថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលលើកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥ លាននាក់ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំនៃវិស័យទាំងនេះផងដែរ៕ 

រដ្ឋសភាប្រជុំពិភាក្សាអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រទី១១ កក្កដា ចុងសប្តាហ៍នេះ

2025/07/08 11:11:07 am        458
រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិតជាមួយបរទេស។កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំពិនិត្យលើ  លទ្ធផល របស់គណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានពិនិត្យ សិក្សាលើសំណើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយបានអនុម័តបញ្ចូលសំណើសុំធ្វើវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤នីតិកាលទី៧។ តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់សំណើជូនរដ្ឋសភា ធ្វើវិសោធនកម្មមាត្រា៣៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពារ និងលើកកម្ពស់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់សកម្មភាពក្បត់ជាតិដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេស ហើយមកបំផ្លាញជាតិ និងបំផ្លាញពលរដ្ឋខ្លួនឯង។ យោងតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែកតាមស្មារតីនេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បីធ្វើសកម្មភាពទាំងនេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់ មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្ម ជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនឹងនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានធ្វើការបញ្ជាក់ជូនសាធារណជនដើម្បីជ្រាបអំពីករណីនេះឱ្យបានច្បាស់លាស់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចៀសវាងការយល់ច្រឡំ ដែលបង្កដោយព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ញុះញង់ បំភ្លៃការពិតរបស់ក្រុមប្រឆំាងជ្រុលនិយមក្រៅច្បាប់ ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM