សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំដល់គ្រូបង្រៀន និងអាណាព្យាបាលបង្កើតទំនាក់ទំនងជាក្រុម ដើម្បីតាមដានសកម្មភាពសិស្ស និងកូនចៅ

2025/07/08 10:39:34 am        242
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃកម្ពុជា បានលើកទឹកចិត្ត និងណែនាំដល់លោកគ្រូ អ្នកគ្រូ នៅតាមបណ្តាលាលារៀនឲ្យបង្កើតទំនាក់ទំនងជាក្រុមនៅក្នុងបណ្តាញសង្គម ជាមួយឪពុកម្តាយរបស់សិស្សានុសិស្ស ដើម្បីធ្វើការតាមដានសកម្មភាពរបស់សិស្ស និងកូនចៅរបស់ខ្លួនដើម្បី ជៀសវាងការគេចសាលា និងធ្វើកំហុសឆ្គង់ក្នុងសង្គម។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គម៉ែជ័យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមលើកទឹកចិត្តឱ្យគ្រូបង្រៀន និងអាណាព្យាបាលបង្កើតទំនាក់ទំនងជាក្រុម តាមបណ្ដាញសង្គម ដូចជាបណ្តាញតេលេក្រាម និងហ្វេសបុកជាដើម ដើម្បីតាមឱ្យទាន់ពីសកម្មភាពរបស់កូនចៅខ្លួន ក្នុងករណីសិស្សអវត្តមាន គប្បីត្រូវធ្វើការរាយការណ៍ដល់ឪពុកម្តាយ ឬអាណាព្យាបាល របស់ពួកគេភ្លាមៗទើបជាការល្អ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់គប្បីខិតខំរៀនសូត្រផងដែរ ខណៈឪពុកម្តាយបានខិតខំគ្រប់បែបយ៉ាងដើម្បីភាពរីកចម្រើនរបស់កូន និងឲ្យកូនបានសិក្សាខ្ពង់ខ្ពស់នោះ។ សម្ដេចធិបតីក៏បង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គង់នៅក្នុងសង្គម។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ហើយបើក្នុងសង្គម កន្លែងការងារវិញប្រហែលគេមិនខ្វល់ជាមួយយើងដូចលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយរបស់យើងនោះទេ៕អត្ថបទ៖ បានចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ

2025/07/08 10:12:40 am        334
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះស្នាក់នៅគ្រូ ទីចាត់ការ និងសមិទ្ធផលនានា នៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គម៉ែជ័យ នាពេលនេះ គឺជាការយកចិត្តទុកដាក់ពីរដ្ឋាភិបាលលើកកម្ពស់នូវសុខភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រួមទាំងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតផងដែរ។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា មូលធនមនុស្សបានដើរតួនាទីសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចំបងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញមោទនភាពដែលខេត្តកំពង់ស្ពឺ បានប្រែក្លាយពីខេត្តដែលឋិតនៅតំបន់គ្មានការអភិវឌ្ឍ លំបាកក្នុងការទាក់ទាញវិនិយោគ ប៉ុន្ដែពេលនេះក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង និងមានរោងចក្រសហគ្រាសជាង ១.៤៤២កន្លែង មានកម្មករនិយោជិតសរុប ២៥៣.៩៤៦ នាក់ និងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាយើងមានសម្ភារៈឧបទេសគ្រប់គ្រាន់នៅក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀនក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ ដូច្នេះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិនេះបានបន្តវិនិយោគលើការបណ្ដុះបណ្ដាលគុណវុឌ្ឍិគ្រូបង្រៀននេះឯង។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ម្ដងហើយម្ដងទៀតថា នៅក្នុងសាលាដែលមិនអាចរកគ្រូជំនាញថ្មីមកបង្រៀនបាន គឺយើងអាចយកគ្រូចាស់ (គ្រូដែលចូលនិវត្តន៍) មកបង្រៀនបាន ក្នុងក្របខណ្ឌគ្រូកិច្ចសន្យា ដោយមិនត្រូវរងចាំគ្រូថ្មីហើយសាលាមានកង្វះខាតគ្រូបង្រៀននោះទេ ពីព្រោះសាលារៀនត្រូវធានាការអប់រំដល់សិស្ស។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ណែនាំដល់ថ្នាក់ក្រោមជាតិត្រូវពិនិត្យឱ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀន ហើយត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះធនធានគ្រូបង្រៀននោះទេ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បង្ហាញការ អាណិតអាសូរ ខណៈមានឪពុកម្ដាយមួយចំនួនបានសំពះកូនកុំឱ្យធ្វើអំពើខុសឆ្គង់នៅក្នុងសង្គម កុំខូចខិល។ សម្ដេចបន្តថា មានតែឪពុកម្ដាយ និងគ្រូបង្រៀនទេ ដែលខ្វល់ខ្វាយចង់ឱ្យកូន និងសិស្សចេះ ចំណែកបើក្នុងសង្គម កន្លែងការងារគេមិនខ្វល់ជាមួយយើងនោះទេ។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឥឡូវនេះតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានតម្រូវការពឹងផ្អែកលើធនធានមនុស្សច្រើន។ សម្ដេចបានជំរុញក្រសួងអប់រំ ត្រូវពង្រឹងលើការបណ្ដុះបណ្ដាលសិស្សនៅកម្រិតបឋមនិងអនុវិទ្យាល័យឱ្យបានច្រើន ដើម្បីទទួលបានបរិមាណ និងគុណភាពធនធានមនុស្សគ្រប់គ្រាន់របស់កម្ពុជា។- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុម (Group) តេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ជាពិសេសលទ្ធផលការសិក្សារបស់ពួកគេ។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឥរិយាបថ សមត្ថភាព ចំណេះដឹង គឺជាអ្វីដែលសិស្សត្រូវទទួលបានពីគុណភាពអប់រំនៅតាមសាលារៀន ហើយសិស្សអាចយកលទ្ធផលទាំងនេះទៅអនុវត្តនៅក្នុងសង្គម។- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖«ដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម» រៀនថ្ងៃនេះសិស្សនឹងបង្ហាញលទ្ធផលដល់សង្គមនៅពេលមួយទសវត្សរ៍ក្រោយ។

កម្ពុជា -បារាំង វាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងការសហប្រតិបត្តិការទ្វេភាគី

2025/07/07 10:55:51 pm        122
នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ខណៈដែលឯកឧត្ដមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ឯកឧត្តមពិតជាមានសេចក្តីសប្បាយរីករាយ ដែលបានធ្វើជាតំណាងនៃសាធារណរដ្ឋបារាំង មកបំពេញបេសកកម្មការទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលកាន់តែពិសេសនោះ គឺថា កម្ពុជា ជាប្រទេសដំបូងបំផុតដែលឯកឧត្តមបានចាប់ផ្តើមការងារការទូត និងជាប្រទេសចុងក្រោយដែលឯកឧត្តមបានបញ្ចប់ការងារការទូតនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណជូនចំពោះសម្ដេចបវរធិបតី ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា កន្លងនេះ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនរវាងបារាំង និងកម្ពុជា ដែលនេះបង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ព្រមទាំងបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសន្តិសុខ និងការពារជាតិ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ធនធានទឹក, ការផ្គត់ផ្គង់ទឹកស្អាត, វប្បធម៌, អប់រំ, និងសុខាភិបាល។ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំពីរ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានអរគុណចំពោះការគាំទ្ររបស់បារាំងក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នាពេលកន្លងមក និងបានគូសបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

សម្តេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ

2025/07/07 09:55:58 pm        101
ភ្នំពេញ ÷ នារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានសន្ដិភាព។នៅក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធីបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបឯកឧត្តម ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រចាំកម្ពុជា។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឆែក-កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីយន្តការកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអាណត្តិការងាររបស់ឯកឧត្តម នៅកម្ពុជា នាពេលកន្លងមក ដែលឈានទៅសម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើន។ ព្រមជាមួយគ្នានោះ, ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋឆែកនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ ជាពិសេស នៅក្នុងវិស័យអប់រំ, សុខាភិបាល, និងកសិកម្ម។ ឯកឧត្តមក៏បានសន្យាជួយជំរុញវិនិយោគិនឆែក ពិចារណាវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ដែលបានបញ្ចប់បេសកកម្មការទូត នៅកម្ពុជា ប្រកបដោយជោគជ័យ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ឆែក។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងឆែកមានទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែង និងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ រហូតមកដល់ពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឆែក ដែលបានរួមចំណែកគាំទ្រដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅអតីតសាធារណរដ្ឋឆេកូស្លូវ៉ាគី និងសាធារណរដ្ឋឆែកនាពេលបច្ចុប្បន្ន។ ការណ៍នេះបានរួមចំណែកជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ឱ្យកាន់តែរឹងមាំ បន្ថែមទៀត៕

តំណាងសាខាកាកបាទក្រហមខេត្តកណ្ដាល ចាត់ទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមាតាមនុស្សធម៌ជួយប្រជាពលរដ្ឋដែលរងគ្រោះ

2025/07/07 08:20:10 pm        75
ភ្នំពេញ ៖ តំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចាត់ទុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមាតាមនុស្សធម៌ ដ៏សំខាន់នៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះទីណាមានការលំបាក និងរងគ្រោះ ទីនោះគឺមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយដល់បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពូជសាសន៍អ្វីនោះឡើយ។​ឯកឧត្តម តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការអញ្ជើញសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះ បំផុត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា នៅក្នុងពិធីសំណោះសំណាលនោះ សម្តេចបានបង្ហាញនូវក្តីនឹករលឹក ស្រឡាញ់ និងអាណិតអាសូរដល់បងប្អូន ប្រជាពលរដ្ឋ ព្រមទាំងបានសង្កត់ធ្ងន់អំពីអង្គការកាកបាទក្រហម ដែលជាអង្គការក្រៅរាជរដ្ឋាភិបាលមួយ ដែលទទួលអំណោយពី សប្បុរសជនសុទ្ធសាធ ទាំងក្នុងនិងក្រៅប្រទេស ដោយអំណោយទាំងអស់នោះ យកមកចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា គ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយជាដើម ដោយមិនរើសអើងពីនិន្នាការនយោបាយនោះឡើយ។ ឯកឧត្តម បន្ថែមឱ្យដឹងថា អ្វីដែលសម្តេចបានយកចិត្តទុកខ្លាំងបន្ថែមទៀតនោះដូចជា ស្រ្តីមានផ្ទៃពោះ គឺសូមឱ្យទៅពិនិត្យ សុខភាពឱ្យបានទៀងទាត់។ ក្រៅពីនេះសម្តេចបានចាប់អារម្ភណ៍លើអ្នកផ្ទុកជំងឺអេដស៍ ដោយសូមឱ្យអ្នកដែលផ្ទុកជំងឺអេដស៍ ត្រូវហ៊ានបង្ហាញពីការពិនិត្យ ដើម្បីទទួលបានសេវាព្យាបាលឱ្យបានទាន់ពេលវេលា។ ចំណែកទាក់ទិនគ្រឿងញៀនវិញ សម្តេចក៏អំពាវ នាវដល់អាព្យាបាលផងដែរ ប្រសិនមានកូនចៅដែលសេពគ្រឿងញៀន ត្រូវរាយការណ៍ទៅអាជ្ញាធរឱ្យបានទាន់ពេលវេលា ដើម្បីមាន វិធានការជួយពួកគាត់ឱ្យបានទាន់ពេលវេលា។ ដោយឡែកចំណុចសំខាន់មួយទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសង្កត់ធ្ងន់ថា អ្នកផ្ទុក ជំងឺអេដស៍ គឺយើងមានថ្នាំពន្យា ប៉ុន្តែជំងឺមហារីក គឺពិបាករកថ្នាំទប់ស្កាត់ណាស់ ដូច្នេះតាមរយៈនេះ, សម្តេចក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវបង្កើននូវការដាំដុះបន្លែបង្កាជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ការហូបចុកនៅក្នុងគ្រួសារ ដើម្បី ចៀសពីជំងឺមហារីក ពោលគឺបង្កាទប់ស្កាត់ប្រសើរជាងការព្យាបាល។ឯកឧត្តម តាំង សុខឃី លើកឡើងឱ្យដឹងថា ទាក់ទង់ការជួយប្រជាពលរដ្ឋដែលជួបការលំបាកនេះ ចំពោះសកម្មភាពរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលមាន ឯកឧត្តម គួច ចំរើន ជាប្រធាន គឺបានបំពេញនូវភារកិច្ចគិតគូរ ជួយប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរដូចជា ប្រជាពលរដ្ឋងាយរងគ្រោះ ងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយកិច្ចការទាំងនេះសាខាកាកបាទ ក្រហមកម្ពុជាខេត្តកណ្ដាល គឺបានចុះជួយទាន់ពេលវេលា។ តាមរយៈនេះដែរ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅទូទាំងខេត្ត ប្រសិនមានករណីឃើញប្រជាពលរដ្ឋរងទុកលំបាកដោយប្រការណាមួយ សូមរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ ដែល មានគ្រប់លំដាប់ថ្នាក់ ដើម្បីជួយដោះស្រាយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា ពោលគឺ អង្គការកាកបាទក្រហម គឺនៅជិតប្រជាពលរដ្ឋជានិច្ច៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពន្យល់ដល់ពល​ករខ្មែរ​ដែលត្រឡប់ពីថៃថា កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ច្រើនជាងថៃ

2025/07/07 07:52:01 pm        106
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើបមកពីប្រទេសថៃ​ប្រមាណ ១០០០នាក់ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និងការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភនានា​ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ​នោះទេ ហើយបើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក​លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង​ប្អូនចាស់ទៅ គឺមិនមានលុយសង​ត្រឡប់មកឱ្យបង​ប្អូនយើងវិញទេ ព្រោះយើង​គ្មានប្រាក់​សន្សំនៅទីនោះ...ជាពិសេស បងប្អូនស្រី្ត​ដែល​សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង​ប្អូនគិតពិចារណា​ក្នុងការងាកមក​ធ្វើការងារនៅ​ក្នុង​ស្រុកយើងវិញ»។ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវ​នាវសារជា​ថ្មីម្តងទៀត​​ទៅដល់ពលករ​ដែលបានវិលត្រឡប់​មកពីប្រទេសថៃ និងអ្នកដែលមានគោល​បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅ​កម្ពុជាវិញ ព្រោះជាការកាត់​ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មក​ពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕

វិស័យអាណាចក្រនិងពុទ្ធចក្រកំពុងមានការវិវត្តរីកចម្រើន នៅក្រោមម្លប់នៃសន្តិភាព

2025/07/07 07:46:04 pm        110
ភ្នំពេញ ៖ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍនៅលើគ្រប់វិស័យ មិនថាវិស័យពុទ្ធចក្រនិងអាណាចក្រ ជាក់ស្តែងវិស័យ ព្រះពុទ្ធសាសនានៅកម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា និងបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការឯកភាពជាតិ និងការសិក្សាអប់រំផ្លូវ ចិត្តដល់បុគ្គលគ្រប់រូបដើរតាមផ្លូវល្អ។​ឯកឧត្តម តាំង សុខឃី ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Khy Chenda Development នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥  បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកទេយ្យទាន ទេយ្យវត្ថុ និងទៀនព្រះវស្សា ព្រមទាំងថវិកាសម្រាប់កសាងវត្ត ចំនួន ៨ លានរៀល ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបុប្ផានារាម ហៅវត្តកាឡាន់ញ៉ៃ និងបានចូលរួមកសាងសសរព្រះវិហារចំនួន ១២ ដើម គិតជាថវិកាចំនួន ៥ ៤០០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីចូលរួមអភិវឌ្ឍន៍ក្នុងវិស័យពុទ្ធចក្រ។ឯកឧត្តម លើកឡើងបន្តថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិងកំពុងបន្តអនុវត្តកម្មវិធីគោលនយោបាយជាច្រើន ដោយសម្រេចបានសមិទ្ធផលថ្មីៗជូនជាតិ និង ប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជន រស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុក ស្រុកវើនសៃ លើកឡើងឱ្យដឹងថា ទាក់ទងការអភិវឌ្ឍន៍នៅក្នុងស្រុក ឃើញថា ក្រៅវិស័យអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រក៏កំពុងមានការររីកចម្រើនគួកត់សម្គាល់ផងដែរ ជាក់ស្តែងវត្តបុប្ផានារាម ដែល ជាវត្តដែលមានចំណាស់ជាងគេ ត្រូវបានសប្បុរសជនមកពីជិតឆ្ងាយ ចូលបច្ច័យកសាងជាបន្តបន្ទាប់ ពោលគឺវិស័យពុទ្ធចក្រនិងអាណា ចក្របាននិងកំពុងដើរទន្ទឹមគ្នា នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ជុំវិញការអភិវឌ្ឍនេះ, សមិទ្ធផលដែលកើតឡើងជាហូរនៅទូទាំងប្រទេស គឺបានកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មិនថាវិស័យអាណាចក្រឬពុទ្ធចក្រនោះឡើយ ព្រោះវិស័យទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ទើបជម្រុញឲ្យប្រទេសជាតិមានការរីកចម្រើន។ ជាក់ស្តែងការចូលរួមក្នុងវិស័យពុទ្ធបរិស័ទរបស់សប្បុរសជន គឺជាការបង្ហាញនូវកាយវិការជ្រះថ្លាបំផុត ខណៈដែលសមិទ្ធផលនានា កំពុងកើតឡើងហូរហែរ ដែលប្រការនេះក៏ត្រូវការចូលរួមពីសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយបន្ថែមទៀត ដើម្បីរួមកសាងសម្រាប់ជា ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ៕អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រចាំឆមាសទី០១ ឆ្នាំ២០២៥

2025/07/07 06:32:28 pm        123
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាគណអធិបតី​ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រចាំឆមាសទី០១ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាប្រធានក្រុមការងារ បានអានរបាយការណ៍សង្ខេបជូនអង្គប្រជុំអោយដឹងថា គិតចាប់ពីខែមករា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះក្រុមការងារបានទទួលមតិយោបល់ និងសំណើសំណូមពររបស់មហាជន សរុបចំនួន ២០២ គណនី ក្នុងនោះគោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ជ្រាប ចំនួន ៣៨ គណនី បានដោះស្រាយ និងឆ្លើយតប ចំនួន ៨៤ គណនី និង កំពុងដោះស្រាយ ចំនួន ៨១ គណនី ស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អាត់ បូនី បានបញ្ជាក់ថា នៅក្នុងដំណើរការសកម្មភាពរបស់ខ្លួនក្រុមការងារតែងតែបានយកចិត្តទុកដាក់អនុវត្តភារកិច្ចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យ៉ាងខ្ចាប់ខ្ជួនជាប្រចាំ និងបានបែងចែកសមាសភាពក្នុងក្រុមការងារ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភានានា ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីទទួលខុសត្រូវតាមដានដំណោះស្រាយតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាផ្ទាល់ ក៏ដូចជាក្រុមការងារទទួលភារកិច្ចសម្របសម្រួល និងជម្រុញការតាមដានការដោះស្រាយឆ្លើយតបជាដើម។បន្ទាប់ពីបានស្ដាប់របាយការណ៍ និងមតិយោបល់របស់សមាជិកប្រជុំរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគ្ធនា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារគ្រប់បណ្តាអគ្គ និងអគ្គនាយកនានា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ និងឆ្លើយតប មតិយោបល់ និងសំណូមពររបស់មហាជន ដែលបានផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត និងសម្តេចក្រឡាហោម និងអគ្គ អគ្គនាយកចំណុះក្រសួងមហាផ្ទៃផងដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់ក្រុមការងារតាមដានដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទំព័រហ្វេសប៊ុកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបណ្តាអគ្គ អគ្គនាយកនានា ត្រូវបន្តយកចិត្តទុកដាក់ដកស្រង់ សំណើ សំណូមពរ និងមតិយោបល់របស់មហាជន ឆ្លើយតប ទៅម្ចាស់គណនី និងធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត សុ សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួមហាផ្ទៃ៕ កុម្ភៈ

​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

2025/07/07 06:23:58 pm        305
ស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញតួលេខនៃការធ្លាក់ចុះខ្លាំងនូវបទល្មើស នានារយៈពេលចុងក្រោយនេះ ដោយសារការខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបរបស់កងកម្លាំងនគរ បាលស្រុកនេះ ។​វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបង្ហាញអំពីការងារការ ពារសន្តិសុខសង្គម បង្ក្រាបបទល្មើសផ្សេងៗ ដើម្បីថែរក្សាស្ថេរភាពសន្តិសុខសង្គមជូនពលរដ្ឋ ក្នុងរយៈ ពេល៦ខែ ឆ្នាំនេះ គឺកម្លាំងអធិការនគរបាលស្រុកស្វាយជ្រំ បានធ្វើការបង្ក្រាបបទល្មើសបានចំនួន២០ ករណី។លោកបានបញ្ជាក់ថា ក្នុងចំណោមបទល្មើសចំនួន២០ករណី រួមមានបទល្មើសមជ្ឈិមចំនួន១៥ ករណី និងបទល្មើសឧក្រិដ្ឋ ចំនួន៥ករណី ឃាត់ខ្លួនមនុស្សបានចំនួន២៤នាក់ បើប្រៀបធៀបនឹងរយៈ ពេល៦ខែ ក្នុងឆ្នាំ២០២៤ បទល្មើសនៅក្នុងស្រុក បានថយចុះចំនួន៧៥ភាគរយ ។វរសេនីយ៍ឯក សោម សុភ័ណ្ឌ បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងបន្តទៀត ដើម្បីធ្វើឱ្យមូលដ្ឋាន ស្រុកស្វាយជ្រំមានសុវត្ថិភាព មានសន្តិសុខល្អ បង្កលក្ខណៈល្អប្រសើរដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕ អត្ថបទ៖ ភា សារិទ្ធ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនឯកអគ្គរដ្ឋទូតទីម័រឡេស្តេជួបសម្តែងការគួរសម និងជម្រាបលា

2025/07/07 04:22:04 pm        73
នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM