សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ព័ត៌មានជាតិ

សម្តេចតេជោស្នើវិនិយោគិនឥណ្ឌាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មនៅកម្ពុជា

2025/07/07 02:02:32 pm        106
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។ នាឱកាសជំនួបនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម។ ឯកឧត្តមអនុរដ្ឋមន្រ្តីបានបន្តលើកឡើងថា ឯកឧត្តមមានមោទនភាពដែលបានជួបសម្តេច ដែលជារដ្ឋបុរសមួយរូប នៅក្នុងចំណោមប្រទេស Global South និងជាសរសរស្តម្ភនៃទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា ដោយឯកឧត្តមអនុរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សម្តេច គឺជាថ្នាក់ដឹកនាំដែលបានធ្វើការ និងមានទំនាក់ទំនងល្អជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ចំនួន៦រូប។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានអាយុកាលរាប់សតវត្ស មានកេរដំណែលដូចគ្នា វប្បធម៌ផ្សាភ្ជាប់គ្នា និងឈរជាមួយគ្នា។ នៅក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី មានក្តីសង្ឃឹមខ្ពស់ដែលទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា នឹងកើនដល់កម្រិតមួយថ្មីទៀត ជាពិសេស តាមរយៈគម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ូឌី នៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមអនុរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌា លើវិស័យនានាចាប់តាំងពីវិស័យការពារជាតិ ការអភិវឌ្ឍនិងបណ្តុះបណ្តាលធនធានមនុស្ស, ការដោះមីន ហើយនិងការអភិរក្សនិងការជួសជុលឡើងវិញនូវប្រាសាទនានា។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទាំងនេះ និងបានថ្លែងអំណរគុណសម្តេច ដែលតែងបានជួយគាំទ្រ និងជំរុញឱ្យឥណ្ឌាបានក្លាយជាដៃគូរបស់អាស៊ាន។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងបានរំលឹកឡើងវិញអំពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌា ដល់កម្ពុជាក្នុងគ្រាដ៏លំបាកបំផុត ទាំងនយោបាយ និងសេដ្ឋកិច្ច។ ជាក់ស្តែងសម្តេចបានគូសបញ្ជាក់ថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យទី១ ដែលបានទទួលស្គាល់កម្ពុជាមុនគេ នៅឆ្នាំ១៩៨១ ហើយឥណ្ឌាក៏បានផ្តល់ជំនួយឧបត្ថម្ភនានា រួមទាំងស្បៀងអាហារ នៅពេលកម្ពុជាជួបប្រទះការខ្វះខាតនៅដំណាក់កាលនោះ និងការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ រួមទាំងការជួយអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលនានា និងការបញ្ជូនអ្នកបច្ចេកទេសមកជួយជួសជុលប្រាសាទ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ សម្តេចបានលើកបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានសក្តានុពលជាច្រើនទៀត។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។ នៅក្នុងបរិបទនេះ សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ។ សម្តេចបានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ សម្តេចបានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕

សាធារណរដ្ឋឆែកកោតសរសើរ និងបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា

2025/07/07 01:13:49 pm        154
ភ្នំពេញ៖ ជាប្រទេស​មួយស្ថិតនៅក្នុងសហភាពអឺរ៉ុប សាធារណរដ្ឋឆែក បាន​ប្រកាស​បន្ត​គំាទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់​អាណត្តិ​ការ​ទូត​ពី​កម្ពុជា​ បានចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅ​វិមា​ន​រដ្ឋសភា។ នៅ​ក្នុងឱកាសនោះ ឯកឧត្តម​បាន​វាយ​តម្លៃខ្ព​ស់ចំ​ពោះកា​រ​រីក​ចម្រើន​របស់​កម្ពុជា និង​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជានៅលើឆាកអន្តរជាតិ។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា បានលើកឡើងថា ឆែក​បន្ត​គំាទ្រ​ដល់​ការ​អភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងនោះ​ឆែក​នឹង​ពង្រីក​ការ​ផ្តល់​អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សានៅប្រទេសឆែក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ សុខាភិបាល ពាណិជ្ជ​កម្ម និងទេសចរណ៍ ឱ្យកាន់តែរឹងមាំរីកចម្រើនឡើង។ ជាមួយគ្នានេះ ឯកឧត្តម​មាន​ជំនឿ​មុត​មាំ​ថា កម្ពុជានឹងសម្រេចបាននូវគោលដៅឆ្នាំ២០៣០និងឆ្នាំ២០៥០ ខាងមុខជា​មិន​ខាន​ឡើយ​។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយត​ម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធ​ផល និងជោគជ័យនានា ដែលឯកអគ្គរដ្ឋទូត និងសហការី ក៏ដូចជាឯក​អគ្គ​រដ្ឋ​ទូត​ឆែក​មុន​ៗ​ បានសម្រេចនៅក្នុងបេស​កកម្មការទូតរបស់ខ្លួន ថាពិតជាបាន​ចូលរួម​វិភាគ​ទាន​ដ៏​មាន​តម្លៃ​ដល់​ចំណង​ទំនាក់​ទំនង និងមិត្ដភាពជាប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ កាន់តែមានរឹងមាំ បន្ត​លូត​លាស់ ស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ សម្តេច​ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋាភិបាល និងប្រជាជន​នៃ​សាធារណ​រដ្ឋ​ឆែក​បាន​ផ្តល់​ជំនួយ​គាំទ្រ​ដល់​កម្ពុជា​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជា​ទើប​បាន​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍ខ្មែរក្រហមនា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩មកម៉្លេះ។ ជំនួយឧបត្ថម្ភ​នេះ​ពិតជា​មាន​តម្លៃ និងមិនអាចកាត់ថ្លៃបានឡើយ ព្រោះបានជួយដល់កម្ពុជាក្នុងពេលវេលាដ៏លំបាកបំផុត។ សា​ធារណ​រដ្ឋ​ឆែកជាមិត្តល្អព្រោះ “មិត្តល្អ តែងជួយគ្នាក្នុងគ្រាក្រ ។   សម្តេច​រដ្ឋ​សភាធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឆែក ដែលបាន​បង្វែរ​បំណុល​ពី​អតីតកាលរបស់កម្ពុជា មកជាជំនួយសង្គម ជួយដល់ពលរដ្ឋខ្មែរ​លើ​វិស័យ​សង្គម​កិច្ច សុខភាព អប់រំ ជាដើម។ កម្ពុជាចង់ឃើញប្រទេសផ្សេងទៀតយកគំរូតាមសាធារណរដ្ឋឆែក ក្នុង​ការ​លុបចោល ឬបង្វែរបំណុលដែលកម្ពុជាជំពាក់ មកជាជំនួយអភិវឌ្ឍន៍ ដែលនេះ​ចាត់​ទុក​ជា​មូល​ដ្ឋាន ​ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើក​ស្ទួយ​ជីវភាព​របស់​ប្រជា​ជន​កម្ពុជា​ផងដែរ។ ការគំាទ្ររបស់ប្រទេសឆែក បានឆ្លើយតបនូវ គោលនយោបាយ​ដ៏​ត្រឹម​ត្រូវ​របស់​រាជរ​ដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​ផ្តោត​អាទិភាព​លើ​មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តម ម៉ាទីន វ៉ាវរ៉ា និងសម្តេចប្រធានរដ្ឋសភា បានយល់ស្រប​ដូច​គ្នា​ពី​សារៈ​សំខាន់​នៅ​ក្នុង​ការ​លើក​កម្ពស់ វប្បធម៌សន្ទនា គោលការណ៍ពហុនិយម នៅក្នុងបរិបទដែល​សកល​លោក​កំពុង​ប្រឈម​បញ្ហា​ស្មុគស្មាញដែលមានលក្ខណៈផុយស្រួយប្រែប្រួលឆាប់រហ័ស និងបានបង្កផល​ប៉ះពាល់​ដល់​ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ សម្តេចប្រធាន​រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសស្រឡាញ់សន្តិភាព។ សន្តិភាព​ដែល​កម្ពុជា​ទទួល​បាននាពេលបច្ចុប្បន្ននេះ បានមកដោយលំបាកណាស់។ សម្តេចតេជោ ហ៊ុន សែន ជា​អគ្គ​មគ្គុសក៍សន្តិភាព ដែលសម្តេចយកអាយុជីវិតជាដើមទុន។ ជាមួយគ្នានេះ ឯកឧត្តម​ពិត​ជា​បាន​ដឹង​ខ្លះៗហើយ អំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះ បាន​កើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ កម្ពុជា​តែង​តែ​ចង់​រួម​រស់​ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបាន​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ។ នៅពេលប្រទេសថៃផ្តើមឈ្លានពាននៅលើកម្ពុជាជាថ្មី កម្ពុជាស​ម្រេច​ចិត្ត​នាំ​យក​បញ្ហា​ប្រាសាទ​តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គឺដើម្បីស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នៅ​តំបន់​ទាំង​នោះ​ដោយ​សន្តិ​វិធី​ឱ្យ​បានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែល​អាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មីក៏ប៉ុន្តែភាគីថៃមិនទទួលយក និងពង្រីក​បញ្ហា ដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច បង្ករផលប៉ះពាល់ដល់ជីវភាព សុខសុវត្ថិភាព ពលរដ្ឋ​ទំាង​សង​ខាង​ទៅវិញ។ ជាចុងងក្រោយសម្តេចរដ្ឋសភាធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតឆែក មានសុទិដ្ឋិនិយមថា កម្ពុជា និង​ឆែក​នឹងស្វែងរកសក្តានុពលផ្សេងទៀត ដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច​ជាមួ​យ​គ្នា ជាពិសេសការបង្កើនតុល្យភាពពាណិជ្ជកម្ម នៃប្រទេសទាំ​ង​ពីរ​ឱ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែខ្លំា​ងឡើ​ង៕

នគរបាលចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងទីតាំងបង្កបល្បែងស៊ីសង នៅខណ្ឌឫស្សីកែវ

2025/07/07 01:03:51 pm        177
ភ្នំពេញ៖ កម្លាំងនគរបាលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរង សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងមួយកន្លែង ដែលបង្កប់​ល្បែង​ស៊ីសង និង​ផ្ដល់​ទីតាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន។ ប្រតិបត្តិការនេះបានធ្វើ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវ​បេតុ​ង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ក្នុង​រង្វង់ប្រតិបត្តិការ កម្លាំងអាជ្ញាធរបានស្រាវជ្រាវ និងកំណត់​មុខ​សញ្ញាដែ​ល​តែង​តែ​ធ្វើ​សកម្ម​ភាព​ ប្រើប្រាស់គ្រឿងញៀន និងអុកឡុងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន បានធ្វើការបង្ក្រាបជាក់ស្តែងករណី “ជួញដូរ ប្រើប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” ដោយឃាត់ខ្លួនមនុស្សចំនួន០៨នាក់ និង​ដកហូតវត្ថុតាង សារធាតុញៀនប្រភេទក្រាមសរថ្លា , ទូលេងហ្គេម ម្រាប់បាញ់ត្រី, ដាវ​ដែក​កែ​ច្នៃ,​ ពូថៅ និងញញួរ សរុបចំនួន១២ដើម។បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃ​ស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភះ

ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅស្រុកកោះធំ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

2025/07/07 12:45:17 pm        259
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្ស​ធម៌​ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ មកពីក្រុង/ស្រុកចំនួន៣ (ស្មើនឹង ១៨៦​ភូមិ​, ២៣ឃុំ/សង្កាត់) ក្នុងខេត្តកណ្តាល ពិធីនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន ស្រុកកោះធំ ស្ថិត​ក្នុង​ភូមិ​ព្រែក​ថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ក្នុងឱកាសនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ព្រះរា​ជ​បន្ទូល​សាក​សួរ​សុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក ក្ដីអាណិតស្រឡាញ់ ពីព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះ​ប្រធានកិត្តិយស​កាកបាទក្រហមកម្ពុជា ជាទីគោគោរពដ៏ដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់​ប្រជា​ពលរដ្ឋ​។ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត។ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានមានប្រសាសន៍សម្តែងនូវក្តីនឹករលឹក ស្រឡាញ់ និង​អាណិត​អាសូរ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកទទួលអំណោយនៅពេលនេះ ព្រម​ទាំង​បាន​សូម​ឱ្យ​បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់​នៅ​​ស្អាត និងត្រូវខិតខំដាំដំណាំ បន្លែបង្កាជុំវិញផ្ទះ បង្កបង្កើនផល ចិញ្ចឹមសត្វ និង​ប្រកបរបរ​ផ្សេង​ៗ ​ដើម្បីលើកកម្ពស់ ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា កាកបាទក្រហមកម្ពុជា តែងតែគិតគូរ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជួប​ការ​លំបាក ជាពិសេសចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរ៉ាំរៃ ស្ត្រីមេម៉ាយ និង​គ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗទៀត ដោយ​មិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វី ឡើយ គ្រប់កាលៈទេសៈ និងគ្រប់​ទី​កន្លែង​ សម្រាប់គ្រប់ៗគ្នា ដោយមិនទុកឱ្យនរណាម្នាក់ចោលនោះឡើយ។ លើស​ពី​នោះ​ទៀត​ក្រៅ​ពី​ផ្តល់​អំណោយជូនប្រជាពលរដ្ឋទីទាល់ក្រនៅតាមសហគមន៍នានា សម្ដេចក៏បានគិតគូរ ឧបត្ថម្ភ​គាំទ្រ ​ជាស្បៀងអាហារសម្ភារៈប្រើប្រាស់ ទៅដល់កងទ័ពជួរមុខ ដែលកំពុង​ឈរជើ​ង​ការ​ពារ​ទឹក​ដី​ក្រោម​ការ​ឈ្លាន​ពាន​របស់ប្រទេសជិតខាង នៅតាមតំបន់ព្រំដែន ដែល​ជា​កម្លាំង​ជួរ​មុខ​ក្នុង​ការ​ការ​ពារ​បូរណ​ភាពទឹកដីជូនជាតិមាតុភូមិ។ សម្ដេចក៏សូម​កោត​សរសើរ​នៅ​ទឹក​ចិត្ត​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេសកម្ពុជាទាំងអស់ ដែលបានចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​កងទ័​ព​ជួរមុខ​ដែល​ជា​កម្លាំងចិត្តមួយ។ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល​ខេត្តកណ្ដាល និង​ជា​ប្រធា​ន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្ដាល សូមសម្តែងនូវការ គោរពស្វាគមន៍យ៉ាងកក់​ក្តៅ​ប្រកប​ដោយ​គាវរភក្តី​ដ៏​ស្មោះស្ម័គ្រ​បំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែល សម្តេច​បានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ អញ្ជើញចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្ស​ធម៌មកចែកជូន ដោយផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦២១គ្រួសារ នៅទីតាំងកីឡដ្ឋាន ស្រុកកោះធំ នាឱកាសដ៏វិសេសវិសាលនេះ។វត្តមាន​ដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែបានញ៉ាំងឱ្យពិធីនេះ កាន់តែ​មាន​ភាព​អធិក​អធម និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងក្តីសណ្តោសមេត្តាប៉ុណ្ណោះ ទេ ថែម​ទាំង​បាន​ផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម និងបានបង្ហាញអំពី ការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេច ចំពោះ​មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដោយកន្លងមកសម្តេច​តែងតែយកចិត្តទុកដាក់ និង​ឧបត្ថម្ភ​គាំទ្រ ទាំងផ្នែកសម្ភារៈ ស្មារតី និងធនធានយ៉ាងច្រើនឥតគណនា លើការងារមនុស្ស​ធម៌​នៅ​ទូទាំង​ប្រទេស។សូមជម្រាបថា ទាក់ទិននឹងការងារមនុស្សធម៌នេះដែរសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិតប្រធាន កាក​បាទ​ក្រហម​កម្ពុជា​ ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនអ្នកសារព័ត៌មាននានា ពិសេស​អន​ឡាញ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ​បើជួបប្រទះបងប្អូនដែលមានជីវភាពខ្វះខាត ជនងាយរង​សូមជួយផ្សព្វផ្សាយ និង​ផ្ដល់​អាសយដ្ឋាន​ពិតប្រាកដរបស់ពួកទាំងនោះមក កាកបាទក្រហមកម្ពុជា ដើម្បីក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជីវភាពជាក់ស្ដែង និងផ្ដល់ជាជំនួយជួយទៅដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានចូលរួមទាំងអស់សូម​ថែ​រក្សា​សុខភាពឱ្យបានល្អ ជាពិសេសការពារនូវជំងឺមិនឆ្លងនានា ដែល​កំពុង​តែ​ប្រឈម​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើសពីនោះទៀតក៏សូមផ្ដាំផ្ញើទៅដល់ក្មួយៗដែលជាយុវជន សិស្សា​នុ​សិស្ស​ដែល​កំពុងស្ថិតក្នុងវ័យសិក្សាសូមចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដូចជាគ្រឿងញៀន ល្បែងស៊ីសងនានា ដែលទាំងអស់នេះអាចបង្កឲ្យមានជាអំពើហិង្សានៅក្នុងសង្គម ក៏ដូច​ជា​គ្រួសារ​ផង​ដែរ​។សូមបញ្ជាក់ថាគ្រួសារទាំង៦២១គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០​គីឡូក្រាម​ មី​១​កេស​ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ភេសជ្ជៈបាកាស១យួរ ឃីត​១​កញ្ចប់​(សារុង ក្រមាមុង ភួយ) សាប៊ូក្លិន២ដប នំប៉័ងផ្អែមមួយដើមទឹកបរិសុទ្ធ១ដប និង​ថវិកា​៥​ម៉ឺន​រៀល​៕ អត្ថបទ៖ សំ ងីម / រូបភាព : សៅ យ៉ាម៉ង 

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទៅបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី និងត្រៀមចុះ MOU ស្ដីពីការបង្ការ និង​ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

2025/07/07 12:05:28 pm        164
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី៧​ ខែ​កក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅ​បំពេញ​ទស្សន​កិច្ច​នៅ​សាធារណរដ្ឋ​សិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា តបតាមការអញ្ជើញរបស់ ឯកឧត្តម K. Shan Mugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ។លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម K.Shanmugam ព្រមទាំង​ចុះហ​ត្ថ​លេខាលើអនុស្សារណៈ នៃការយោគយល់ (MOU) ស្ដីពីការបង្ការ និងប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាង​កង​កម្លាំង​អនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ។លោកបានបន្តថា នៅប្រទេសសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ក៏នឹងមាន​ជំនួប​សម្ដែង​ការ​គួរ​សម​ជាមួយ​នាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម ឡរ៉េន វ៉ុង ព្រមទាំងបន្តដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​ស្វែង​យល់ តាមបណ្ដាទីតាំងសំខាន់ៗ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធ​ប្រឆាំង​បទ​ល្មើសឆបោកអនឡាញ ។សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។លោក រ៉េន រតនៈ សង្កត់ធ្ងន់ថា អនុស្សារណៈត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសកំពុងតែប្រឈម នៅពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយម ទាំងកម្រិតទ្វេភាគី និងពហុភាគី ។គួរបញ្ជាក់ថា សម្រាប់គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ៕ អត្ថបទ បាន សុខរិទ្ធិ 

អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាថា សម្ដេចតេជោជាមេដឹកនាំដ៏កម្រនៅលើពិភពលោក និងជាមេដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ

2025/07/07 11:31:09 am        145
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចឯកឧត្តម ប៉ាប៊ីត្រា ម៉ាហ្គីរីតា (Pabitra Margherita) អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា និងចាត់ទុកដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អនុរដ្ឋមន្រ្ដី ឥណ្ឌា មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាផ្នែកមួយនាំឱ្យទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានរំលេចថា ក្នុងពេលដែលអញ្ជើញទស្សនកិច្ចនៅកម្ពុជានឹងបានឃើញនូវសមិទ្ធផលនានាដែលឥណ្ឌាបានជួយមកកាន់កម្ពុជាកន្លងមក ជាពិសេសគឺការជួយជួសជុលប្រាង្គប្រាសាទរបស់កម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ ឯកឧត្តមបានបង្ហាញក្ដីមោទនភាពដែលបានអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជាដែលជាទឹកដីអច្ឆរិយ ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត តាមរយៈការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ឯកឧត្តមបានចាត់ទុកសម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែរីកចម្រើនមកដល់ពេលបច្ចុប្បន្ន, ឯកឧត្តមសង្ឃឹមថា ការរីកចម្រើននេះនឹងបន្តទៅមុខទៀតជាពិសេសចំពោះការដើរតួនាទីដ៏សំខាន់របស់សម្ដេចតេជោក្នុងការជួយសម្របសម្រួលឱ្យឥណ្ឌក្នុងការចូលរួមជាដៃគូសន្ទនាជាមួយអាស៊ានកាលពីឆ្នាំ២០០២ ពោលគឺកាលពីកម្ពុជានៅជាប្រធានអាស៊ាន ដោយសម្ដេចតេជោ បានសម្របសម្រួលជួយឱ្យឥណ្ឌាបានក្លាយជាដៃគូសន្ទនារបស់អាស៊ានចាប់តាំងពីពេលនោះមក។ ក្នុងឱកាសនោះ សម្ដេចតេជោ បានរម្លឹកសាវតាមួយចំនួនដោយបានរំលេចអំពីការនាំឱ្យឥណ្ឌាក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ជាពិសេសការណ៍ដែលសម្ដេចបានជជែកជាមួយមេដឹកនាំអាស៊ានទាំងឡាយដើម្បីឱ្យឥណ្ឌាអាចចូលជាដៃគូសន្ទនាចាប់តាំងពីឆ្នាំ២០០២មក។នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា សម្ដេចតេជោក៏បានអរគុណចំពោះឥណ្ឌដែលបានជួយជួសជុលប្រាង្គប្រាសាទកម្ពុជាចាប់តាំងពីឆ្នាំ១៩៨៨មកម្លេះ ទោះបីនាអំឡុងពេលនោះកម្ពុជាឋិតនៅក្រោមការហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយជាដើម ក៏ប៉ុន្ដែឥណ្ឌានៅតែជួយគាំទ្រដល់ការជួសជុលប្រាសាទរបស់កម្ពុជាចាប់តាំងពីពេលនោះមក ជាពិសេសថែមទៀតនោះ ក្នុងអំឡុងពេលនោះ ដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាខ្វះខាតស្បៀងឥណ្ឌាបានជួយស្បៀងដល់កម្ពុជាយ៉ាងច្រើនដែលនេះបង្ហាញពីទំនាក់ទំនងល្អ និងសកម្មភាពមនុស្សធម៌របស់ឥណ្ឌាចំពោះកម្ពុជា។ សម្ដេចតេជោបន្តលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងដ៏ល្អជាមួយគ្នានាពេលបច្ចុប្បន្ន ក៏ប៉ុន្ដែសម្ដេចតេជោបន្តជំរុញឱ្យភាគទីទាំងពីរបន្តពង្រឹង ពង្រីកទំនាក់ទំនងបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងមានសក្ដានុពលឱ្យស្របទៅនឹងទំនាក់ទំនងនៃប្រទេសទាំងពីរដែលមានជាមួយគ្នា។ សម្ដេចតេជោបានបញ្ជាក់ថា នៅពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកាន់តែរីកចម្រើន នោះការរុញច្រើនទំនាក់ទំនងលើផ្នែកនយោបាយក៏កាន់តែរីកចម្រើនផងដែរ។ ក្នុងឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន ដោយសម្ដេចបានបញ្ជាក់អំពីសាវតានៃជម្លោះគឺកើតឡើងដោយសារយោធាថៃលបបាញ់ប្រហារសម្លាប់យោធិនកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការគូផែនទីជាឯកតោភាគីរបស់ភាគីថៃ ការបិទព្រំដែនជាឯកតោភាគី និងថៃបន្តបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់ព្រំដែនកម្ពុជាដែលនេះជាទម្លាប់របស់ថៃ និងជាបញ្ហាដែលកម្ពុជាមិនអាចទទួលយកបានឡើយ។ សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនមែនជាអ្នកនយោបាយឥតគុណធម៌នោះទេ ក៏ប៉ុន្ដែអ្វីដែលសម្ដេចធ្វើ គឺដើម្បីការពារនូវបូរណភាពទឹកដី និងមិនឱ្យគេប្រមាថចំពោះទឹកដី និងប្រជាជនកម្ពុជាឡើយ ដូច្នេះសកម្មភាពដែលថៃបង្វែបញ្ហាផ្ទៃក្នុងរបស់ខ្លួនមកកាន់កម្ពុជា សម្ដេចគ្រាន់តែបោះដុំភ្លើងដែលថៃបោះមកកម្ពុជាត្រលប់ទៅវិញប៉ុណ្ណោះ ដើម្បីកុំឱ្យជះឥទ្ធិពលអវិជ្ជមានមកកាន់កម្ពុជា។សម្ដេចតេជោបានបញ្ជាក់ទៅកាន់ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌាថា កម្ពុជា មិនចង់ឃើញនូវបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់យន្តការការចរចាដោយសន្ដិវិធី ជាពិសេសការដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ ពោលគឺយកបញ្ហានេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ក្នុងឱកាសនោះ ឯកឧត្តម អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌា បានអរគុណសម្ដេចតេជោ ដែលបានលើកឡើងអំពីបច្ចុប្បន្នភាពស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតមាន ហើយឯកឧត្តមចាត់ទុកការដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមក និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី ធ្វើឱ្យកម្ពុជាមានស្ថិរភាព។

រដ្ឋសភាអនុម័តទទួលយកសំណើតំណាងរាស្រ្តហត្ថលេខី១២៥រូប ស្មើនឹង ១០០% ស្នើ​សុំ​ធ្វើ​វិសោធន​កម្ម​មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវរៀបចំក្របខ័ណ្ឌច្បាប់ដកសញ្ជាតិខ្មែរ ចំពោះ​ពលរដ្ឋ​ក្បត់​ជាតិ និងក្បត់ពលរដ្ឋខ្លួន

2025/07/07 11:30:18 am        164
នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត​ទទួល​យក​សំណើរបស់តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃ​តំណាង​រាស្រ្ត​សរុបមកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា ដែលបាន​ស្នើ​សុំ​រដ្ឋសភា​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​ក្រប​ខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ឬការ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍​នៃ​ព្រះរា​ជា​​ណា​ចក្រ​កម្ពុជា និង​ប្រជា​ពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស មកពិនិត្យសិក្សា។គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ច​នេះ​ជូន​គណៈកម្ម​ការជំនាញ​គឺ​គណៈក​ម្មកា​រ​នីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាហើយ​ធ្វើរបាយ​ការណ៍​ជូន​គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋសភាវិញ។ តាមគម្រោង គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធផល​នៃការ​ពិ​និត្យសិក្សារបស់គណៈកម្មការជំនាញនៅថ្ងៃទី៨ ខែកក្កដា ស្អែកនេះ ហើយ​សំណើ​សុំ​ធ្វើ​វិសោធ​ន​កម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា របស់តំណាង​រាស្រ្ត​ហត្ថ​លេខី​ទំាង១២៥​រូប នេះនឹងដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៤  នីតិកាលទី៧ ពិភាក្សា និង​អនុម័ត​នៅ​ព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ការ​ធ្វើ​វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានា​ការពារ និង​លើក​កម្ពស់​ផល​ប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងប្រឆំាងរាល់​សកម្ម​ភាព​ក្បត់​ជាតិ​ដោយបុគ្គលណា ដែលបានឃុបឃិតជាមួយបរទេសហើយមកបំផ្លាញជាតិ និង​បំផ្លាញ​ពលរដ្ឋ​ខ្លួន​ឯង។ យោងតាមមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះ​ដោយ​ផ្ទាល់ក្តី ឬដោយប្រយោលក្តី នាំឱ្យប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​និងប្រជាពលរដ្ឋខ្មែរឡើយ។ ជាមួយគ្នានេះ មាត្រានេះក៏បញ្ជាក់យ៉ាងច្បាស់ដែរថា ប្រជាព​ល​រដ្ឋ​ខ្មែរ​គ្រប់រូបមានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ផ្អែក​តាម​ស្មារ​តី​នេះ ការប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្ម​ភាព​ណាមួ​យ​ដែល​បំផ្លាញ​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និងប្រជាជនកម្ពុជា ពិសេស ការឃុបឃិតគ្នាជាមួយបរទេស ដើម្បី​ធ្វើ​សកម្ម​ភាព​ទាំង​នេះ គឺជាការប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ព្រមទាំងប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ការដកសញ្ជាតិខ្មែរពីប្រជាពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ។ សម្រាប់កម្ពុជា កាល​ពី​សម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរ ដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្ដីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរា​ជក្រមលេខ ៣៧៧/៦៨-ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម។ ទន្ទឹមនេះ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០នៅលើ ពិភពលោក ទំាងនៅអាស៊ី និង​អឺរ៉ុប​(មាន​២៨​ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេស​ទាំង​នេះ​ជា​បិតា​ប្រជាធិ​បតេយ្យ)​។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមាន ដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែ​មាន​ច្បាប់​កំណត់​អំពី​ការ​ដក​សញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើ​ឱ្យប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ការធ្វើវិសោធន​កម្ម​មាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាង​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពីខា​ង​ក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និង​អំពើ​ឃុប​ឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដី​សុខ​សាន្ត​របស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានទួលថ្វាយ​ព្រះករុណា​ជា​អម្ចា​ស់​ជីវិត​លើ​ត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាថា សេចក្ដីស្នើសុំ​ធ្វើ​វិសោធន​កម្ម​មាត្រា​៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះ មិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេ​រី​ពហុ​បក្ស និងរបបរាជានិយមឡើយ។ សេចក្ដីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រកម្ពុជានេះ អាចធ្វើទៅបាន៕

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារ​អបអរសាទរ​ខួប​ជា​ប្រវត្តិ​សាស្ត្រ​១៧​ឆ្នាំ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2025/07/07 11:06:19 am        393
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ក្នុង​ឱកាស​អបអរ​សាទរខួបជាប្រវត្តិសាស្ត្រ១៧ឆ្នាំ នៃការចុះប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក ដោយអង្គការយូណេស្កូ (UNESCO) (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។ ក្នុង​ឱកាសខួបជាប្រវត្តិសាស្ត្រ ១៧ ឆ្នាំនៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ ព្រះករុណាព្រះមហាក្សត្រ បានសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា ដោយ​ព្រះ​អង្គ​មាន​ព្រះរា​ជបន្ទូល កោតសរសើរដ៏ស្មោះចំពោះការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិក​ភណ្ឌ​ពិភព​លោក​ជាសម្បត្តិវប្បធម៌ជាតិផង និងជាបេតិកភណ្ឌពិភពលោកផង ពីព្រោះការ​ចុះបញ្ជី​នេះ​ជួយ​ថែរ​ក្សា និងអភិរក្សប្រាសាទព្រះវិហារឱ្យបានស្ថិតស្ថេរគង់វង្ស និងប្រកបដោ​យចី​រ​ភាព​នៅ​លើ​ទឹក​ដី​កម្ពុជា​។ ព្រះករុណាព្រះមហាក្សត្របានសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ​តម្រិះ​ព្រះ​ករុណា​ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ​បាន​យក​ព្រះទ័យ​ទុក​ដាក់​ជានិច្ច​កាល​ក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ។ ព្រះករុណា ព្រះមហាក្សត្រ បានកោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំង​អស់​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបន្តមកបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងមានការចូលរួមរៀបចំសម្របសម្រួលពីសម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការអភិរក្សនេះ។ កន្លងមក​ការ​ចុះ​បញ្ជី​នេះ​បាន​ធ្វើ​ឱ្យ​ព្រះរា​ជា​ណាចក្រកម្ពុជា​​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ដែល​ពិភព​លោក​ព្រម​ទទួល​ស្គាល់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌ ប្រវត្តិសាស្ត្រជាកេរ​ដំណែល​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​សម្រាប់​មនុស្ស​ជាតិ​ជំនាន់ក្រោយដើម្បីថែរក្សាបន្ត។ព្រះករុណា​ព្រះមហាក្សត្របានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង​ចំពោះ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រប្រាសាទព្រះវិហារ ICC/PREAHVIHEAR និងការថែទាំបន្តដែល​ដឹក​នាំ​ដោយ​សហ​ប្រធាន​ជា​តំណាង​នៃសាធារណរដ្ឋឥណ្ឌា និងសាធារណរដ្ឋប្រជាមានិត​ចិន​ព្រម​ទាំង​ដៃ​គូ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំងអស់៕

ឯកឧត្តម ហ៊ុន ម៉ានី រម្លឹកពីការបង្កភាពតានតឹងរបស់ថៃ ក្រោយ​ប្រាសាទ​ព្រះវិហារ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌពិភពលោក

2025/07/07 10:53:12 am        118
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ក្នុងឱកាសគម្រប់ខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក បានបង្ហោះជាខ្លឹមសារលើទំព័រហ្វេសប៊ុក ដោយ​រម្លឹក​ពី​ការ​បង្ក​ភាពតានតឹងរបស់ភាគី ថៃ នៅក្នុងតំបន់ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅថ្ងៃនេះ បាន​បង្ហោះនូ​វ​សំណេរ​ដោយ​រម្លឹក​ពី​អ្វី​ដែល​បាន​កើតឡើងកាលពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១១ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ និង​តំបន់​នៅ​តាម​ព្រំដែន​។ ឯកឧត្តម បញ្ជាក់ថា បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោកនៅ​ឆ្នាំ២០០៨ ភាគីថៃបានបង្កភាពតានតឹង និងប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​កង​ទ័ព​នៅ​ក្នុង​តំបន់​ប្រាសាទព្រះវិហារ និងនៅតាមបន្ទាត់ព្រំដែន។ ការប៉ះ​ទង្គិច​គ្នារ​វាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បាន​នាំឱ្យមានការខូចខាតដល់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក និង​បាន​បំផ្លាញ​ទាំង​ស្រុង​នូវ​ផ្សារ​ឈ្មោះ "ផ្សារជើងប្រាសាទ" ឬ "ផ្សារមុខប្រាសាទ" ដែល​មាន​ទីតាំង​នៅ​ជើង​ភ្នំ​ព្រះវិហារ​ដែលមានចំនួន ២៦២តូប ដោយមានប្រជាពលរដ្ឋអាស្រ័យផល ចំនួន ៣១​គ្រួសារ​។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាបានឈរលើគោលការណ៍ដោះស្រាយដោយសន្ដិវិធី និ​ង​ច្បាប់អន្ដរជាតិ។ ជាក់ស្ដែងការប៉ះទង្គិចគ្នានាពេលនោះ បានធូរស្រាល​ទៅ​វិញ​បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​ទៅ​កាន់តុលាការអន្ដរជាតិ (ICJ) បកស្រាយឡើង​វិញ​នូវ​សាលក្រម​នៃ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។ ប្រជាជនកម្ពុជាបានហែលឆ្លងនូវទុក្ខលំបាកវេទនាច្រើនរាប់មិនអស់ដែលកើតឡើងដោយសារសង្គ្រាម​ក្នុងអតីតកាល ដែលធ្វើឱ្យប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់នូវតម្លៃនៃសុខសន្ដិភាព។ ការ​ប៉ះ​ទង្គិច​គ្នាចន្លោះឆ្នាំ២០០៨ ដល់ ២០១១ បានបង្កជា​ផល់​ប៉ះពាល់​ជា​ច្រើន​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ដូចជា ដោយ​ការ​ជម្លៀស​ខ្លួន​ទៅកាន់ទីសុវត្ថិភាព និងអាក់ខាននូវការប្រកបរបរទទួលទានប្រចាំថ្ងៃ ក៏​ដូច​ជា​ប៉ះ​ពាល់​ដល់​ការសិក្សារៀនសូត្ររបស់សិស្សានុសិស្សផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ស្មារតី​រួម​គ្នា​ជា​ធ្លុង​មួយ​ឧបត្ថម្ភ​គាំទ្ររ​បស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​សម​រភូមិ​ក្រោយ​បាន​ក្លាយ​កម្លាំង​គាំទ្រ​ដល់​កង​ទ័ព​ដែលឈរជើងនៅជួរមុខ។ ជាពិសេស ការគាំទ្រនេះបាន​ក្លាយ​ជា​កម្លាំង​រួម​ដ៏​ខ្លាំង​ក្លាដែ​ល​ខ្មាំង​សត្រូវមិនអាចយកឈ្នះបាន។មិនថា​ការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០០៨ ដល់ ២០១១ ឬភាពតាន​តឹង​ប្រឈ​ម​មុខ​ដាក់​គ្នា​ក្នុង​ពេល​នេះ ​កម្លាំងគាំទ្ររបស់ ប្រជាពលរដ្ឋដែលជាសមរភូមិក្រោយគឺជាខឿនការពារជាតិដ៏រឹងមាំ ជា​កម្លាំង​ជំរុញទឹកចិត្តនិងស្មារតីកងទ័ពដែលឈរជើងនៅខ្សែត្រៀមជួរមុខ។ ក្នុងនាមជាប្រជាពលរដ្ឋ យើង​ជឿជាក់ និងគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ត្រៀម​ខ្លួន​រួ​ច​ជា​ស្រេច​ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ ក៏​ដូ​​ច​ជា​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​នានា​ដោយ​បោះជំ​ហាន​យ៉ាង​ស្វាហាប់​ប្រកប​ដោយ​ភាព​ជឿជា​ក់៕ អត្ថបទ៖ គឹម ហុក

ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់ថៃ ថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន

2025/07/07 10:45:27 am        300
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន។លោកជំទាវឧត្តមសេនីយ៍ឯក បានលើកឡើង ៦ចំណុច ឆ្លើយតបទៅនឹងការបំភ្លៃរបស់សារព័ត៌មានថៃ នាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដូចខាងក្រោម៖«ទី១. កម្ពុជាសូមបដិសេធដាច់អហង្ការចំពោះការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។ ទី២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់។បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា ភាគីថៃត្រូវចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ទី៣. ទាហានថៃបានហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់។ ទង្វើនេះជាការបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។ទី៤. ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ។ទី៥. អ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា ដែលកំពុងពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។ទី៦. កម្ពុជានៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាមិត្តជិតខាងល្អ។ ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រកាសទទួលរ៉ាប់រងក្នុង ជួយព្យាបាលទាំងស្រុងអ្នកគ្រូបង្រៀនម្នាក់ដែលមានជំងឺតម្រង់នោមដំណាក់កាលចុងក្រោយ
05/17/2026 10:05 PM
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់
05/17/2026 03:05 PM
លោក Zelenskiy ៖ រុស្ស៊ីពិចារណាផែនការវាយប្រហារប្រទេសសមាជិកអង្គការណាតូ ចេញពីបេឡារុស
05/17/2026 02:05 PM
សហគមន៍អេកូទេសចរណ៍កោះផ្តៅ ក្នុងខេត្តក្រចេះ ជាតំបន់គួរទៅកម្សាន្ត
05/17/2026 01:05 PM
រដ្ឋបាលខេត្តកែបទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
05/17/2026 01:05 PM
ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការបក្សស្រុកស្ទោង
05/17/2026 01:05 PM
ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០០គ្រួសារ ទទួលបានអំណោយពីយុវជនគណបក្សខេត្តបាត់ដំបង
05/17/2026 01:05 PM
មន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងតម្រង់ទិសជំរុញផលិតកម្មដំណាំស្រូវខេត្តត្បូងឃ្មុំ
05/17/2026 12:05 PM
កម្ពុជាចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
05/17/2026 12:05 PM
ព្រឹត្តិការណ៍​ដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026»​ កណ្តាលទីក្រុងសេអ៊ូល​ សាធារណរដ្ឋ​កូរ៉េ​
05/17/2026 12:05 PM