រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ

ព័ត៌មានជាតិ

លេខាធិការដ្ឋាន គ.វ.រ. បើកកិច្ចប្រជុំ ពិភាក្សាសេចក្តីព្រាងអនុក្រឹត្យ ពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០

2025/07/23 11:45:00 am        372
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នទាំង៣១ តំណាងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស សរុបប្រមាណ២០០ រូប។ កិច្ចប្រជុំលេខាធិការដ្ឋានគ.វ.រ. លើកទី៧ នេះ ជាកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន១០ រួមមាន៖ (១)ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២)ក្រសួងព័ត៌មាន (៣)ក្រសួងសុខាភិបាល (៤)ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (៥)ក្រសួងបរិស្ថាន (៦)ក្រសួងពាណិជ្ជកម្ម (៧) ក្រសួងអភិវឌ្ឍន៍ជនបទ (៨)ក្រសួងកិច្ចការនារី (៩)ក្រសួងរ៉ែ និងថាមពល និង (១០)អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា គណៈកម្មាធិការវិនិយោគកម្ពុជា និងអង្គភាពសវនកម្មផ្ទៃក្នុង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគ.វ.រ. បានរំលឹកពីសមិទ្ធផលដែលចូលរួមលើកកម្ពស់ការកែទម្រង់រដ្ឋបាលសាធារណៈ ដែលលេខាធិការដ្ឋានសម្រេចបានតាមរយៈកិច្ចប្រជុំ ៦ដងកន្លងមក។ ទន្ទឹមគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “សេចក្តីព្រាងអនុក្រឹត្យទាំង១០ ដែលនឹងពិភាក្សានាព្រឹកនេះ បានឆ្លងកាត់ពិភាក្សាយ៉ាងហ្មត់ចត់ ការប្រមូលធាតុចូល និងមតិយោបល់ជាច្រើនលើក ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាល ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «ពង្រឹង ជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» ព្រមទាំងមានភាពប្រទាក់ក្រឡាគ្នាក្នុង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។”សូមជម្រាបថា កិច្ចប្រជុំនាព្រឹកនេះ នឹងពិនិត្យ ពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យទាំង១០ ម្តងមួយៗ ដើម្បីធានាដល់ការចូលរួមមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្តទាំងនេះមានខ្លឹមសារគ្របដណ្តប់គ្រប់ជ្រុងជ្រោយ ស្របតាមអភិក្រមរបស់ក្រសួងមុខងារសាធារណៈគឺ «ពិគ្រោះយោបល់ឱ្យបានច្រើន ហើយស្តាប់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»៕ អត្ថបទ៖ គឹមហុក

ក្រសួងកសិកម្ម ប្រមូលទិញបន្លែពីសហគមន៍កសិកម្ម ទៅផ្គត់ផ្គង់​កងកម្លាំង​ជួរមុខ​នៅ​តំបន់​ព្រំដែន

2025/07/23 11:31:01 am        166
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញបន្លែចំនួន ៨តោន ពី​សហគមន៍​កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ដើម្បីយកទៅផ្គត់​ផ្គង់​កង​កម្លាំង​ប្រចាំ​ជួរ​មុខ​នៅតំបន់ព្រំដែនស្ថិតនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។បើតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែ​កក្កដា​នេះ បានឱ្យដឹងថា នេះគឺជាជើងទីមួយ ដែលក្រសួងប្រមូលទិញ ក្នុងគោលបំណង ក្រោមស្មារតី «ខ្មែរ​ជួយខ្មែរ»។ ការផ្គត់ផ្គង់នេះ នឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់កងកម្លាំងជួរមុខ ដែល​បាន​ពលី​ជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីលើនេះ ការ​ប្រមូលទិញ ក៏បានផ្ដល់ចំណូលបន្ថែមដល់ប្រជាកសិករ ទាំងក្នុង​សហគមន៍​កសិកម្ម​ទំនើប​បន្លែ​ផ្ទះ​សំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងក្នុងខ្លឹមនេះទៀតថា នឹងបន្តប្រមូលទិញ និង​ដឹក​ជញ្ជូ​នផ្គត់ផ្គង់បន្លែចំនួន ៧តោនបន្ថែមទៀត នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥​ខាង​មុខ​៕

សម្ដេចធិបតីស្ញប់ស្ញែងលោក Scott Neeson លះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយកុមារកម្ពុជា

2025/07/23 11:20:12 am        1037
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកណ្ដាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងស្ញប់ស្ញែងលោក Scott Neeson លះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយកុមារកម្ពុជាដោយធ្វើការងារចេញពីបេះដូង។សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Scott Neeson ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និង ស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត។សម្ដេចធិបតីថ្លែងថា លោក Scott Neeson បានលះបង់ប្រាក់ខែរាប់សែនដុល្លារមកជួយដល់កុមារកម្ពុជាដោយគ្មានប្រពន្ធ ឬកូនបង្កើតទេ ប៉ុន្ដែមានកុមារកម្ពុជារាប់ពាន់នាក់ហៅលោកថាលោកប៉ា។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធ ដែលបានជួយជ្រោមជ្រែងដល់អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។ ប្រសិនគ្មានការជួយជ្រោមជ្រែងទាំងនេះទេ, ពិតណាស់អង្គការមូលនិធិកុមារកម្ពុជា ក៏នឹងមិនអាចសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដូចសព្វថ្ងៃនេះនោះទេ៕

កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តលើការអភិវឌ្ឍវិស័យសំខាន់ៗ បម្រើដល់សេដ្ឋកិច្ច​ទៅកាន់អន្តរជាតិ

2025/07/23 11:16:07 am        199
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តទៅកាន់អង្គការសហប្រជាជាតិ ក្នុងការ​ចូល​រួម​សម្រេច​របៀប​វារៈ​សកល​ តាមរយៈការដាក់ចេញនូវគំនិតផ្តួតផ្តើម សម្រាប់ពង្រឹងភាពអង់អាចស្ត្រី, ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ​និងឌីជីថលនវានុវត្តន៍, ការពង្រឹងអភិបាលកិច្ចជលផល, និងការ លើកកម្ពស់​នៃ​ការ​សម្រេច​ចិត្ត​ប្រកបដោយបរិយាប័ន្ន។ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បាន អញ្ជើញចូលរួម និងថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃវេទិកា​នយោបាយ​ជាន់​ខ្ពស់​ឆ្នាំ​២០២៥ ដែលជាវេទិកាដ៏សំខាន់មួយរបស់អង្គការសហ ប្រជាជាតិ សម្រាប់តាមដាន និង​ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដែលបានរៀបចំឡើង នៅថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។វេទិកាដ៏សំខាន់នេះ បានលើកឡើងក្រោមមូលបទ ស្តីពីការ​ជំរុញ​ដំណោះ​ស្រាយ​ផ្អែក​លើ​សក្ខី​សកម្ម​ និងវិទ្យាសាស្ត្រប្រកប ដោយចីរភាព និងបរិយាប័ន្ន ចំពោះរបៀបវារៈឆ្នាំ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​។ តំណាងជាន់ខ្ពស់នៃប្រទេសជាសមាជិក និងតំណាងរបស់​ប្រព័ន្ធ​អង្គការ​សហ​ប្រជា​ជាតិ​ ក៏ដូចជាតួអង្គពាក់ព័ន្ធរួមមាន៖ អង្គការសង្គមស៊ីវិល និងវិស័យឯកជន បាន​ប្រជុំ​ពិភាក្សា​លើ​គោល​នយោបាយ សម្រាប់ពន្លឿនការ អនុវត្តរបៀបវារៈឆ្នាំ២០៣០ ដោយត្រួតពិនិត្យ​លម្អិត​លើ​គោល​ដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាពសំខាន់ៗមួយចំនួន ដែលមានភាព ប្រទាក់ក្រឡាគ្នា ជា​មួយ​គោល​ដៅដទៃទៀតរួមមាន សុខភាពល្អ និងសុខុមាលភាព (គោលដៅទី៣), សមភាព​យេនឌ័រ (គោលដៅទី ៥), ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (គោលដៅទី៨), ជីវិតក្រោម​ទឹក​ (គោលដៅទី១៤) និងភាពជាដៃគូ (គោលដៅទី១៧)។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈៀង យ៉ាណារ៉ា បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ងាក​រេ​របស់​រាជ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋកម្ពុជា ក្នុងការអភិវឌ្ឍ ផ្លាស់ប្តូរមុខ​មាត់​ប្រទេស​ធ្លាប់​ឆ្លង​កាត់​នូវ​សង្គ្រាម​រ៉ាំរៃ ទៅជាប្រទេសមានសន្តិភាព និងសេចក្តីថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត ជា​ពិសេស​របស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព, ការគោរពច្បាប់អន្តរជាតិ និងការឈានទៅ សម្រេច​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសរំលេចអំពីអភិក្រម និងការប្តេជ្ញា​ចិត្ត​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​របស់​កម្ពុជា ដែលឆ្លើយតបទៅ នឹងការចូលរួមសម្រេចរបៀបវារៈសកលរួមមាន៖ ការប្តេជ្ញា​ចិត្ត​លុប​បំបាត់​មេរោគ/ជំងឺអេដស៍ (គាំទ្រដល់គោលដៅទី៣), ការដាក់ចេញ នូវគំនិតផ្តួត​ផ្តើម​សម្រាប់​ពង្រឹង​ភាពអង់អាចស្ត្រី (គោលដៅទី៤), ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងឌីជីថលនវានុវត្តន៍ (គោល​ដៅទី៨), ការពង្រឹងអភិបាលកិច្ចជលផល (គោលដៅទី១៤), និងការលើក​កម្ពស់​ការ​សម្រេច​ចិត្ត​ប្រកបដោយបរិយាប័ន្ន (គោលដៅទី១៧)៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ចូលរួម​សំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ​ដែល​មាន​មជ្ឈ​មណ្ឌល​បច្ចេកវិទ្យាសហគមន៍ ១៨ទីតាំង ក្នុងខេត្តតាកែវ ប្រមាណ ៤០០០នាក់ តាមប្រព័ន្ធវីដេអូ ZOOM

2025/07/23 10:24:52 am        254
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៅ​វិ​ទ្យាល័យ​ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ចំនួន ១៨ ទីតាំង ក្នុង​ខេត្ត​តាកែវ ប្រមាណ ៤ ០០០ នាក់ តាមប្រព័ន្ធវីដេអូ ZOOM។ នៅក្នុងពិធីនេះ ក៏មានការ​អញ្ជើញ​ចូល​រួម​ពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញនៃ ក.ប.ទ. មន្ទីរ ប.ទ. ខេត្ត មន្ទីរ​អប់រំ យុវជន និងកីឡាខេត្ត នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូប្រចាំ ម.ប.ស. ផងដែរ។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើង​អំពី​សមិទ្ធ​ផល​ធំ​ៗ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​ពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាការចូលរួមចំណែករបស់ ក.ប.ទ. ក្នុងជួយ​លើក​ការ​អប់រំ​ជំនាញបច្ចេកទេសក្នុងវិស័យឌីជីថល ដែលជាវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ ក.ប.ទ. ដើម្បី​សម្រេចបាននូវការកសាងពលរដ្ឋឌីជីថល ដូចជា ១) ការផ្តល់​អាហា​រូបករណ៍​ជំនាញ​ឌីជីថល​ប្រមាណ ៦០០ កន្លែងក្នុងមួយឆ្នាំ និងការផ្តល់ជំនួយហិរញ្ញវត្ថុ​ដោយ​គ្មាន​ការ​ប្រាក់​ដល់​សិស្ស​ដែល​ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A, B ឬ C ២) ការដាក់ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ verify.gov.kh លើសញ្ញាបត្រ-វិញ្ញាបនបត្រពាក់ព័ន្ធ​នឹង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ និង ៣) ការដាក់ចេញនូវប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (UMS) ជាអាទិ៍ ដែល​សកម្មភាពទាំងនេះ គាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ និង​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​សម្តេចធិបតីនាយករដ្ឋមន្ត្រី។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំ និងដំ​បូន្មាន​មួយ​ចំនួ​នប​ន្ថែម​ទៅ​កាន់​សិស្សា​នុសិស្សថ្នាក់ទី១២ ឱ្យខិតខំប្រឹងប្រែងសិក្សា​ខ្ជាប់​ខ្ជួន​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នៅ​ក្នុង​ខែសីហា ខាងមុខ ហើយក៏ត្រូវមានក្តីសង្ឃឹមនៅក្នុងជីវិត ប្រឹងប្រែងស្វែងរក​ចំណេះ​ដឹង​ ចំណេះធ្វើ និងកំណត់អំពីទិសដៅនៃជីវិតឱ្យបានច្បាស់លាស់ ទើបអាច​ទទួល​ជោគ​ជ័យ​នា​ពេល​អនាគត។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា ជាពុទ្ធិសំខាន់នៅ​ក្នុង​ជីវិត​ដែល​អាច​ធ្វើ​ឱ្យ​សិស្សនីមួយៗអាចទទួលបានភាពជោគជ័យបាន ឈរលើកត្តា ៥ គឺ ភាពស្មោះត្រង់ ការ​ខិត​ខំ​ព្យាយាម សីលធម៌ ការធ្វើការងារជាក្រុម និងការចាប់យកឱកាស។នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​សួរ​សំណួរ​ដោយ​ផ្ទាល់​មក​ ដើម្បីឯកឧត្តមរដ្ឋមន្ត្រី អាចបកស្រាយជូនម្ចាស់សំណួរផង ក៏ដូចជាផ្តល់ជាព័ត៌មាន​ជូន​ទៅ​សិស្សា​នុសិស្ស​ទាំងអស់ដែលបានចូលរួមក្នុងជំនួបនេះផងដែរ។សូមជម្រាបជូនថា គម្រោង ម.ប.ស. នៅតាមវិទ្យាល័យសាធារណៈ គឺចក្ខុវិស័យវែងឆ្ងាយរបស់ ក.ប.ទ. លើការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈ​ការ​រៀបចំ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​បម្រើដ​ល់​ការ​បណ្តុះ​បណ្តាលធនធានមនុស្សឌីជីថលនៅថ្នាក់មូលដ្ឋាន ទាំងក្នុងសាលារៀន និង​សហគមន៍​ទូទៅ​ ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយដែលរឹងមាំ និងមានភាពរីកចម្រើន។ ដោយ​មាន​ការ​គាំទ្រ និងការសហការពីក្រសួងអប់រំ យុវជន និងកីឡា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យ​អនុវត្ត​សាក​ល្បងនៅខេត្តតាកែវ ដោយមានមុខងារស្នូលចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ សម្រាប់​បណ្តុះ​បណ្តាល​ជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ និង​ធ្វើ​ជា​សាល​ប្រជុំ​ពី​ចម្ងាយ ២) បន្ទប់បណ្តុះបណ្តាល សម្រាប់ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល​ដល់​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ៣) ប៉ុស្តិ៍ប្រៃសណីយ៍ សម្រាប់​ផ្តល់​សេវា​ទទួលនិងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និង​ប្រជាជន​នៅសហគមន៍ និង ៤) សាលសាធារណៈ សម្រាប់ប្រជាជន​នៅ​សហគមន៍​អាច​ចូល​ប្រើ​ប្រាស់​ដើម្បី​ស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀត៕ 

កម្ពុជារៀបចំពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូចូលរួមសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០

2025/07/23 10:14:16 am        172
ក្រសួងព័ត៌មាននៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធី​ជប់​លៀង​ជា​ផ្លូវ​ការ​ជូន​គណៈ​ប្រតិភូ​ជាតិ និងអន្តរជាតិ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សពផ្សាយ អាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅខេត្តសៀមរាប ដោយមានការអញ្ជើជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធាន​កិត្តិយស​សាខា​សមាគម​នារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន។នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា ក្នុងនាម​រាជ​រដ្ឋាភិបាល​កម្ពុជា​ និងក្រសួងព័ត៌មាន ឯកឧត្តមបាន​សំដែង​ការ​អបអរសា​ទរ​ចំពោះ​វិទ្យាស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក​ដើ​​ម្បី​ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ( AIBD) ក្នុងខួបលើកទី 20 នៃការរៀប​ចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអាស៊ី(AMS)។ ក្នុងរយៈពេលពីរទស្សវត្សរ៍ AMS បានបង្កើតជាព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់ការសន្ទនា ការសហការ និងការច្នៃប្រឌិតក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ មិន​ត្រឹម​តែ​នៅ​ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាសកលផងដែរ។ ឯកឧត្តមបន្តថា ពេញមួយថ្ងៃនេះ ការ​ចែក​រំលែកចំណេះដឹង ជាពិសេសទាក់ទងនឹងឧបករណ៍ឌីជីថលថ្មី យន្តការផ្ទៀងផ្ទាត់ និងយុទ្ធ​សាស្ត្រ​អក្ខ​រកម្មប្រព័ន្ធផ្សព្វផ្សាយ បានផ្តល់ឱ្យយើងនូវការយល់ដឹងថ្មីៗ និងវិធីសាស្រ្តជាក់ស្តែង ដើម្បី​កសាងការយល់ដឹងជាសាធារណៈ និងពង្រឹងភាពធន់នឹងព័ត៌មានមិនពិត។ នៅក្នុងពិធីជប់លៀងនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​គណៈ​ប្រតិភូ និងភ្ញៀវកិត្តិយសសំខាន់ៗ និងពិធីប្រគល់ពានរង្វាន់កម្មវិធីឆ្នើម សម្រាប់ស្ថានីយ​ទូរ​ទស្សន៍ និងស្ថានីយវិទ្យុ។គួរបញ្ជាក់​ដែរថា ចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​រៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) និងកិច្ចប្រជុំពាក់ព័ន្ធ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នក​សារព័ត៌មាន​ចូល​រួម​មក​ពី​ប្រទេស​ជា​សមាជិកចំនួន ២៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រម​ទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

សម្តេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារកម្ពុជា

2025/07/23 09:43:12 am        224
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានគ្រប់ទម្រង់ដល់កុមារកម្ពុជា ខណៈការណ៍នេះរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បី គាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កុមារគឺជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក ហើយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងបានដាក់ចេញនូវផែនការណ៍សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ហើយនៅក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានកំពុងដើរតួនាទី, ការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទង់ និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ ដោយធានាឲ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែកនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធចូលរួម និងគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទះក្រឡាគ្នាជាដើម។ទាក់ទងនឹងកិច្ចគាំពារដល់កុមារនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្លែងអំណរ គុណចំពោះភាគីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការនេះនាពេលកន្លងមកក៏ដូចជា បច្ចុប្បន្ន និងទៅអនាគត ហើយសម្តេចក៏បានប្រកាសត្រូវការអង្គការសង្គមស៊ីវិល ដែលជួយកម្ពុជាដោយបេះដូងពិតប្រាកដ ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រ និងកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ ដើម្បីកុមារកម្ពុជានោះ៕អត្ថបទ៖ បាន ចក់

ជិត១ខែសមត្ថកិច្ចបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១៣៨ទីតាំង ឃាត់​ជន​សង្ស័យ​ជាង​៣​ពាន់នាក់

2025/07/23 09:41:50 am        220
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផល​ប្រតិបត្តិការប​ង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖-បន្ទាប់ពីកិច្ច​ប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និង​ការ​ដាក់​ចេញ​បទ​បញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតីមហាបវរធិបតី នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ បា​ន​ចាត់​វិធាន​ការ​ចុះត្រួ​​តពិនិត្យឆែកឆេរ ធ្វើរដ្ឋបាល និងបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) នៅក្នុងភូមិសាស្ត្ររាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ៖១-.បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ១៣៨​ទីតាំង, ជួយសង្គ្រោះជនរងគ្រោះ ១ទីតាំង(ខេត្តពោធិ៍សាត់) សង្គ្រោះជនជាតិវៀតណាមសរុប ១៥​៣​នាក់(ស្រី១៨នាក់) និងប្រតិបត្តិការបង្ក្រាបសរុបបាន ៥៨ទីតាំង/ករណី ក្នុងនោះ​ឃាត់​ឡាន​ដឹក​ជនបរទេស ១៩ករណី និង ១ករណី ពុំរកឃើញជនសង្ស័យ(ខេត្តតាកែវ) មាន ១៧ រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង មណ្ឌលគីរី ប៉ៃលិន តាកែវស្វាយរៀង សៀមរាប និងត្បូងឃ្មុំ) ។២-.ឃាត់ខ្លួនជនសង្ស័យសរុប ៣.០៧៥នាក់ (ស្រី ៦០៦នាក់) ក្នុងនោះជនជាតិចិន ១,០២៨នាក់(ស្រី ៨៩នាក់), វៀតណាម ៦៩៣នាក់(ស្រី ១៩០នាក់), ជនជាតិឥណ្ឌូនេស៊ី ៣៦៦នាក់(ស្រី ៧០), ឥណ្ឌា ១០៥នាក់(ស្រី ៩នាក់), បង់ក្លាដេស ១០១នាក់(ស្រី ២៧នាក់), ថៃ ៨២នាក់(ស្រី ១៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់), ប៉ាគីស្ថាន ៨១នាក់(ស្រី ៣នាក់), នេប៉ាល់ ១៣នាក់ ម៉ាឡេស៊ី ៤នាក់ និងជនជាតិផ្សេងៗទៀត ហ្វីលីពីន ឡាវ កាមេរ៉ូន នីហ្សេរីយ៉ា យូហ្គាន់ដា សេរ៉ាលីអូន ម៉ុងហ្គោលីរុស្ស៊ី មីយ៉ាន់ម៉ា ជាដើម។៣-.ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជា កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹងគ្រឿងញៀន-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន សារធាតុញៀន សម្ភារឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ ក្នុងនោះ តុលាការបានចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នមេក្លោងចំនួន ៨នាក់) បញ្ជូនជនជាតិចិនចំនួន ១៧នាក់(ស្រី ២នាក់) ទៅស្នាក់ការត្រៀមបណ្ដេញចេញប្រចាំខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅប្រទេសសាមី។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»

2025/07/23 12:03:19 am        260
ភ្នំពេញ : នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៩១នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកយកជំនួបរវាងក្រសួងសុខាភិបាល និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញពីភាពជាវិជ្ជមាននៃការងារសុខាភិបាល បានបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយភាពជាវិជ្ជមាននោះ កើតចេញពីការរួបរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់រូប នាពេលកន្លងមកនេះ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ អនុញ្ញាតឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានដឹងពីការព្រួយបារម្ភ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់ធ្វើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ សំដៅការរិះរកវិធីសាស្រ្ត កែលម្អ និងបង្ការកុំឱ្យមានបញ្ហាកើតឡើងនៅតាមបណ្តាអង្គភាពសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជំហរគាំទ្រ និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ខិតខំប្រឹងប្រែងធ្វើបន្តទៀត។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល មានគោលបំណងច្បាស់លាស់ មានសកម្មភាពជាអាទិភាព និងសមហេតុផល។ ការមានយុទ្ធសាស្រ្តបែបនេះ នឹងបង្កើនលទ្ធភាពនៃការទទួលជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យដែលបានកំណត់។ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ការគ្រប់គ្រងជំងឺគ្រុនឈាម និងមានការពិភាក្សាស្វែងរកគន្លឹះសម្រាប់កាត់បន្ថយការរាលដាលនៃជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២៥នេះ៕អត្ថបទ រដ្ឋា

ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន

2025/07/22 11:43:28 pm        166
ភ្នំពេញ ÷ ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់នៃការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។ លោកជំទាវ ខៀវ ខេមរី នាយកគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរ នេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមាន រយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះ មានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើ ទីផ្សារជំរុញឱ្យពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បីពង្រីកទីផ្សារផលិតឱ្យកាន់តែធំ គាំទ្រដល់ កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។លោកជំទាវ បន្តថា ទាក់ទិនការលក់ដូរវិញ ចាប់តាំងពីការបើកផ្សារសមាគមខ្មែរ មកដល់បច្ចុប្បន្នឃើញថា បងប្អូនប្រជាពល- រដ្ឋបានងាកមកប្រើប្រាស់ផលិតផលខ្មែរច្រើន ស្របពេលដែលផ្សារសមាគមខ្មែរបានកំពុងស្រូបយកផលិតផលកែច្នៃថ្មីៗជាបន្តបន្ទាប់។ បញ្ហានេះ លោកជំទាវបានអំពាវដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុកបន្ថែម ទៀត, ការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។ជុំវិញការលក់ដូរនេះ សហគ្រិនជាច្រើន ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំផ្សារសមាគមខ្មែរ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ប្រមូលផ្តុំម្ចាស់អាជីវកម្ម ជួយផ្សព្វផ្សាយ និងការដាក់លក់ផលិតផល ដែលតាមរយៈនេះ គឺជាការចូលរួមចំណែក លើកកម្ពស់ផលិតភាព និងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ឈានទៅប្រកួតប្រជែងផលិតផលលើទីផ្សារ និងការនាំចេញ។ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លងមក បានថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅតាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិន ក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគមក៏មានផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតដូចជា៖ ការបង្កើតសហគមន៍អ្នកដាំដុះ, សហគមន៍អ្នកផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM