រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
ក្រុមភ្លេងកាយរឹទ្ធិខេត្តប៉ៃលិនត្រៀមប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
អ្នកវិនិយោគទុនចិននៅជុំវិញពិភពលោកនាំគ្នាមកបើកប្រជុំត្រៀមរៀបចំមហាសន្និបាតធុរកិច្ចនៅកម្ពុជាចុងឆ្នាំនេះ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»

2025/07/22 07:55:12 pm        153
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសមិទ្ធផលការងារ និងផ្តល់យោបល់ អំពីអភិបាលកិច្ច ផែនការយុទ្ធសាស្រ្តវឌ្ឍនភាពវិស័យសុខាភិបាល, នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនដល់អង្គប្រជុំអំពីចំនុចសំខាន់ៗ ចំពោះអភិបាលកិច្ច និងផែនការយុទ្ធសាស្រ្តវឌ្ឍនភាពនៃវិស័យសុខាភិបាលរួមមាន ស្ថានភាពសុខភាពស្មុគស្មាញថ្មី កត្តាប្រឈម យុទ្ធសាស្រ្តនៃការសម្របសម្រួលលើការឆ្លើយតប ការស្ម័គ្រចិត្ត និងបុរេសកម្ម វិធីសាស្រ្ត គោលដៅសំខាន់ៗ លទ្ធផលសង្គមដែលចង់បាន និងសេចក្តីសន្និដ្ឋាន។  កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម រៀល ខេមរិន្រ្ទ ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់៕អត្ថបទ រដ្ឋា

ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍

2025/07/22 07:51:54 pm        135
ភ្នំពេញ ៖ស្ថិតក្នុងជំនូបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០(AMS) កាលពីរសៀលថ្ងៃទី២២ខែកក្កដានេះ, ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានកម្ពុជា ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។ ក្រៅពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕ជាការកត់សំគាល់ នៅក្នុងកិច្ចជំនូបរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានពិភាក្សាពីសេចក្តីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ហើយការចុះMOU នេះគ្រោងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥៕ អត្ថបទ៖ទូច សោភ័ណ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារត្រីមាសទី៣

2025/07/22 06:41:49 pm        143
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ព្រមទាំងឯកឧត្តម លោក លោកស្រីជាអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន បានជួបប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣ នៅសាលប្រជុំរដ្ឋបាលស្រុកព្រះនេត្រព្រះ។ នៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ ដែលរួមសាមគ្គីគ្នាជាធ្លុងមួយ និងសម្រេចបានសមិទ្ធផលការងារជាច្រើនក្នុងរយ:ពេល៣ខែកន្លងទៅ ជាពិសេសការធ្វើវេទិកាសាធារណ:, ការដោះស្រាយបញ្ហាប្រឈមនានា, ការកែតម្រូវឯកសារអត្រានុកូលដ្ឋានជូនបងប្អូនប្រជាពលដ្ឋ, ការធ្វើសកម្មភាពផ្សារភ្ជាប់នឹងមូលដ្ឋាន និងការពង្រឹងសេវាសាធារណ:កាន់តែល្អប្រសើរ។ មុននឹងបញ្ចប់ ឯកឧត្តម គង់ ច័ន្ទវាសនា បានកំណត់ទិសដៅការងារមួយចំនួនសម្រាប់ការអនុវត្តក្នុងត្រីមាសទី៣នេះ និងបានលើកទឹកចិត្តក្រុមការងារ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋាន សហការអនុវត្តឱ្យសម្រេចបានជោគជ័យ។ សូមបញ្ជាក់ជូនថា កិច្ចប្រជុំខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ៕

អភិបាលខេត្តប៉ៃលិន ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់សេវាកម្មស្នាក់នៅចូលរួមយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2025/07/22 06:24:10 pm        29
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើឱ្យអាជ្ញាធរ កងកម្លាំង និងម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការផ្តល់ទិន្ន័យ និង វត្តមាន ចេញ-ចូល ស្នាក់នៅរបស់ភ្ញៀវជនបរទេស ដល់ អាជ្ញាធរដែនដី និង មន្រ្តីជំនាញ ក្នុងការគ្រប់គ្រងវត្តមាន ជនបរទេស ឱ្យបានច្បាស់លាស់ ដោយធានាអ្នកទាំងនោះមកស្នាក់នៅក្នុងខេត្តប៉ៃលិន ស្របច្បាប់ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រឹដ្ឋ និងមកជ្រកកោនប្រកបរបរឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និង ទីតាំងចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ការស្នើបែបនេះរបស់លោកជំទាវបណ្ឌិតអភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការងារគ្រប់គ្រងវត្តមានជនបរទេស និងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ដល់ម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តប៉ៃលិន។លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ បងប្អូនដែលជាម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ដែលមកប្រជុំនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយពីខ្លឹមសារនៃការគ្រប់គ្រង វត្តមានជនបរទេស ដើម្បីធានាបានថា ជនបរទេសដែលស្នាក់នៅទីតាំងអាជីវកម្មរបស់បងប្អូន គឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស មិនរត់គេចមកលាក់ខ្លួន មិនពាក់ព័ន្ធបទល្មើសឧក្រឹត និងលួចលាក់ធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយត្រូវជៀសវាងការផ្សំគំនិតបិទបាំងបទល្មើស ឬលាក់បាំងជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសខុសច្បាប់ នៅទីតាំងដែលខ្លួនបានជួល។លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ សម្រាប់អាជ្ញាធរខេត្តប៉ៃលិន ពិតជាគាំទ្រចំពោះការបើកអាជីវកម្ម វិនិយោគទុនបរទេស និង ប្រជាពលរដ្ឋខ្មែរ ស្របច្បាប់គ្រប់ប្រភេទ តែក៏មិនចង់ឃើញ មានការអនុវត្តខុសច្បាប់ ដូចជាការជួលទីតាំងអាជីវកម្ម បើកជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ទីតាំងចែកចាយគ្រឿងញៀន ឬលាក់បាំងជនបរទេសខុសច្បាប់នោះទេ ហើយដើម្បីឱ្យម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលរួចផុតទោសទណ្ឌនៃផ្លូវច្បាប់ ខណៈមានជនបរទេសមកជួលស្នាក់នៅ ត្រូវរាយការណ៍តាមប្រព័ន្ឋ FPCS ដែលជាប្រព័ន្ឋគ្រប់គ្រងទិន្នន័យស្នាក់នៅរបស់ជនបរទេស «ទាំងអ្នកស្នាក់នៅចាស់ និងអ្នកចំណូលថ្មី» ត្រូវគ្រប់គ្រងឯកសាររដ្ឋបាល ប្រវត្តអ្នកស្នាក់នៅ ហើយផ្តល់ទិន្ន័យដល់ជំនាញអាជ្ញាធរជំនាញ ជៀសវាងមានករណីខុសច្បាប់ ឬ មានបទល្មើសកើតឡើង គឺម្ចាស់អាជីវកម្មជួល នឹងអាចប្រឈមមុខចំពោះផ្លូវច្បាប់៕

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន និង សាធារណរដ្ឋអាស៊ែបៃហ្សង់ បង្កើតទំនាក់ទំនងកាន់តែរឹងមាំ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌

2025/07/22 06:20:00 pm        175
(ភ្នំពេញ) ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2025 - នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ក្នុងសកម្មភាពមីនមនុស្សធម៌ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) បានទទួលស្វាគមន៍ ឯកឧត្តម Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធា រណរដ្ឋ Azerbaijan អមដំណើរដោយឯកឧត្តម Shovgi Kamal Oglu Mehdizade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា ឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម . ឯកអគ្គរដ្ឋទូត Jalal Mirzayev ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ី ហ្វិក នៃក្រសួងការបរទេស នៅទីស្នាក់ការ ARMAC ក្នុងរាជធានីភ្នំពេញ ។   ការចូលរួមកម្រិតខ្ពស់បានកត់សម្គាល់ការបន្តនៃសន្ទុះវិជ្ជមានដែលបានផ្តួចផ្តើមក្នុងអំឡុងដំណើរទស្សនកិច្ចសិក្សាឆ្នាំ 2024 ដែលរៀបចំដោយ ARMAC ដែលជាកន្លែងដែលទីភ្នាក់ងារជាតិអាស៊ែបៃហ្សង់សម្រាប់សកម្ម ភាពមីន (ANAMA) បានទៅទស្សនកិច្ចរដ្ឋសមាជិកអាស៊ានដើម្បីសង្កេតមើលការអនុវត្តល្អបំផុតក្នុងការ គ្រប់គ្រងអាវុធជាតិផ្ទុះ (EO) ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ ARMAC ចំពោះកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដោយជំរុញការ រៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសដែលមានបញ្ហាប្រឈមក្រោយជម្លោះ។  ការពិភាក្សាបានអះអាងសារជាថ្មីអំពីបេសកកម្មរបស់ ARMAC ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្ម ភាពមីនក្នុងតំបន់ និងពិភពលោក ស្របតាមផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ 2025 ។ ភាគីទាំងពីរបានផ្លាស់ប្តូរការយល់ដឹងអំពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍ ការច្នៃប្រឌិត និង ការរួម បញ្ចូលនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីកែលម្អប្រសិទ្ធភាព និង សុវត្ថិភាពនៃប្រតិបត្តិការបោសសម្អាតមីន។ លោកស្រី ប៊ុត រ័ត្នណា នាយកប្រតិបត្តិនៃ ARMAC មានប្រសាសន៍ថា ARMAC បញ្ជាក់ជាថ្មីនូវការយក ចិត្តទុកដាក់ក្នុងការជំរុញភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ ដែលមិនត្រឹមតែលើកកំពស់សមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញសន្ទុះកើនឡើងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរទ្វីប ហើយយើងទន្ទឹងរង់ចាំបន្តការចូលរួមជាមួយអាស៊ែបៃហ្សង់ ក្នុងនាមជាដៃគូដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹង ប្រែងនេះ។  ក្នុងឱកាសនោះ ឯកឧត្តម Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាពជាអ្នក ដឹកនាំរបស់ ARMAC ក្នុងសកម្មភាពមីន និងការ សម្របសម្រួលដ៏សប្បុរសរបស់ពួកគេនៃវេទិកាចែក រំលែកចំណេះដឹង។ ឯកឧត្តមបញ្ជាក់ថា អាស៊ែបៃហ្សង់ ប្តេជ្ញាចិត្តក្នុងការវិនិយោគលើការពង្រឹងស្ថាប័ននៃសមត្ថ ភាពសកម្មភាពមីនរបស់ខ្លួន ហើយបានចាត់ទុក ARMAC ជាដៃគូសំខាន់ក្នុងដំណើរនេះ។ព្រោះបទ ពិសោធន៍ចែករំលែកនៃប្រទេសអាស៊ានផ្តល់នូវមេរៀនដែលមិនអាចកាត់ថ្លៃបានសម្រាប់អាស៊ែបៃហ្សង់ ។   សូមជម្រាបជូនថា កិច្ចប្រជុំក៏បានលើកឡើងពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ការបង្កើតកិច្ចសន្ទនាបច្ចេកទេស និងការលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងពីតំបន់ទៅតំបន់។ជាមួយគ្នា ក្នុងនាមជាមជ្ឈមណ្ឌលនៃឧត្តមភាព ARMAC បានប្រកាសបន្តបម្រើជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកបទពិសោធន និង ការ សន្ទនា ដោយពង្រឹងតួនាទីរបស់ខ្លួនក្នុងការជំរុញសន្តិភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ ហើយការចូលរួមនេះគឺបានគូសបញ្ជាក់ពីចក្ខុវិស័យរួមគ្នារវាងអាស៊ាន និងអាស៊ែបៃហ្សង់ ដើម្បីសហការគ្នាឆ្លងព្រំដែន និង បង្កើនជំនាញរួមក្នុងការ ស្វែងរកអនាគតដែលគ្មានមីន៕ (អត្ថបទ៖ភារម្យ)

​ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញបើកលំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥

2025/07/22 05:16:36 pm        392
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ។ពិធីបើកលំហាត់សមយុទ្ធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គីមហ៊ួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥, ឯកឧត្តម ស៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតបេសកកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក លី យ៉ាំមីង នាយកប្រតិបត្តិមជ្ឈមណ្ឌលអាហា, ឯកឧត្តម លោកជំទាវ ក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា។ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី អាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមានដ៏ថ្លៃថ្លារបស់ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូសន្ទនាអាស៊ាន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ក្នុងនាមជាប្រទេសមួយដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ ធម្មជាតិ កម្ពុជាយល់ច្បាស់ពីសារៈសំខាន់នៃការត្រៀមបង្ការ និងការឆ្លើយតបប្រកបដោយបរិយាបន្ន ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការប្រកាសឱ្យដឹងមុន សម្រាប់ទាំងអស់គ្នា ផែនការយុទ្ធសាស្ត្រ និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពជាតិក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ លំហាត់សមយុទ្ធនេះនឹងរួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មដល់សសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា តំបន់អាស៊ានគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតដោយសារគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ រាំងស្ងួត រញ្ជួយដី រលកយក្សស៊ូណាមិ ឬព្យុះផ្សេងៗទេ គ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ អាយុជីវិត ការរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដូច្នេះបញ្ហាប្រឈមទាំងនេះទាមទារនូវវិធីសាស្តរួមគ្នា និងទូលំទូលាយ ដែលលើសពីសមត្ថភាពរបស់ប្រទេសណាមួយតែឯង។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការតំបន់គឺជាកត្តាចាំបាច់ ហើយកិច្ចព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (អ៊ែតម៉ែ) ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០០៥ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់យើងក្នុង តំបន់។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា អ៊ែតម៉ែ បានផ្ដល់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើការរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រៀមបង្ការ និងឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ដោយបានបញ្ជាក់ច្បាស់ពីចក្ខុវិស័យរួមរបស់យើងក្នុងការកសាងសហគមន៍អាស៊ានមួយដែលមិនគ្រាន់តែរីកចម្រើនខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានសុវត្ថិភាព និងធន់នឹងគ្រោះមហន្តរាយផងដែរ។ក្នុងពិធីនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ក្នុងការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre) ដែលជាអង្គភាពប្រតិបត្តិការសំខាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរបស់អាស៊ាន និងការសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងទៀតថា លំហាត់សមយុទ្ធ ARDEX-25 ដែលកម្ពុជារៀបចំឡើងនាពេលនេះ មិនមែនគ្រាន់តែជាលំហាត់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្ត អ៊ែតម៉ែ ឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែង។ លើសពីនេះ លំហាត់សមយុទ្ធនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ទាំងអស់គ្នា ក្នុងការសាកល្បងនូវប្រសិទ្ធភាពនៃនីតិវិធីប្រតិបត្តិការស្ដង់ដារអាស៊ានសម្រាប់ការត្រៀមរៀបចំក្នុងតំបន់ និងការសម្របសម្រួលសម្រាប់ការ សង្គ្រោះគ្រោះមហន្តរាយរួមគ្នា និងប្រតិបត្តិការឆ្លើយតបគ្រោះអាសន្ន (SASOP)។ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តថា នេះជាឱកាសមួយ ដើម្បីវាយតម្លៃយន្តការសម្របសម្រួលទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់តំបន់ ក្នុងការ ដោះស្រាយស្ថានការណ៍ជាក់ស្ដែង។ ក្នុងនោះ តាមរយៈលំហាត់សមយុទ្ធនេះ អាស៊ាននឹងអាចកំណត់បាននូវ ចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដែលតម្រូវឱ្យមានការកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាការឆ្លើយតបរបស់ឱ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងសម្របសម្រួលបានល្អបំផុត ស្របតាមទស្សនៈវិស័យ អាស៊ានមួយ ការឆ្លើយតបមួយ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សង្ឃឹមយ៉ាងមុតមាំថា លំហាត់សមយុទ្ធនេះ នឹងផ្ដល់នូវមេរៀនដ៏មានតម្លៃ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កែលម្អបន្ថែមនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ផ្លាស់ប្តូរបទពិសោធន៍ បង្កើនការយល់ដឹង និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ាន និង ដៃគូអន្តរជាតិ គឺជាគន្លឹះឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានភាពធន់ ដើម្បីធានាថាធនធាន សមត្ថភាព និងនីតិវិធីទាំងអស់មានលក្ខណៈគ្រប់គ្រាន់ និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់នៅពេលមានគ្រោះមហន្តរាយកើតឡើង រួមបញ្ចូលទាំងការអភិវឌ្ឍសមត្ថភាពរុករក និងសង្គ្រោះ ការផ្តល់ជំនួយមនុស្សធម៌ ការវាយតម្លៃរួមគ្នា និងការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព៕

ក្រុមការងារចម្រុះចុះធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តនៅខេត្តព្រះវិហារ ដើម្បី​លើក​កម្ពស់​ការ​អនុវត្តច្បាប់

2025/07/22 04:36:33 pm        657
ក្នុងរយៈពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួម​ជា​មួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួម​មាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និង​ធ្វើ​បច្ចុប្បន្ន​ភាព​យាន​ដ្ឋាន​ជួសជុលរថយន្តចំនួន ១១ ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក សំ លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។គោលបំណងសំខាន់នៃការចុះអនុវត្តនេះ ត្រូវបានលោក សំ លាងទ្រី បញ្ជាក់ថា ដើម្បី​ជំរុញ​ម្ចាស់​យាន​ដ្ឋាន​ដែល​ទើបនឹងបង្កើតថ្មីឱ្យមកស្នើសុំចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងណែនាំដល់​យាន​ដ្ឋាន​ដែល​លិខិតអនុញ្ញាតបានផុតសុពលភាព ឱ្យ​រួស​រាន់​មក​បន្ត​លិខិ​ត​អនុញ្ញាត​នៅ​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​រដ្ឋបាលខេត្តព្រះវិហារ។លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវយ៉ាង​ទទូច​ដល់​បងប្អូនម្ចាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តទាំងអស់ក្នុងខេត្ត សូមចូល​រួម​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន។ សូមម្ចាស់យានដ្ឋាន កុំកែ​ច្នៃ​រថយន្ត​ខុសលក្ខណៈបច្ចេកទេស ដែលអាចផ្ទុយនឹងច្បាប់ និងបង្កហានិភ័យ​ខ្ពស់​ដល់​សុវត្ថិភាព​អ្នក​ប្រើ​ប្រាស់ផ្លូវ។ ជាពិសេស សូមមេត្តាណែនាំអ្នកបើកបរ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែល​ជា​មូល​ហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបង្ក​ឱ្យ​មាន​គ្រោះថ្នា​ក់​ចរាចរណ៍​ជាយ​ថា​ហេតុ​។ ការគោរពច្បាប់ទាំងអស់គ្នា គឺជាកាតព្វកិច្ច​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ៕

ឯកឧត្ដម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញបើកសិក្ខាសាលា ស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ រយៈពេល៣ថ្ងៃ នៅខេត្តបាត់ដំបង

2025/07/22 04:25:58 pm        417
បាត់ដំបង៖ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ (Open and Big Data) ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ (Big Data and Data Science) សម្រាប់ស្ថិតិផ្លូវការ​ ដែលមានលក្ខណៈឌីជីថល ឬ តាមប្រព័ន្ធបណ្តាញអ៊ិនធឺណិត ហើយសិក្ខាកាមនឹងយល់ដឹងអំពីការវិវត្តន៍នៃប្រមូលទិន្នន័យស្ថិតិ ដែលមានការរីកចម្រើននាពេលបច្ចុប្បន្ន ឱកាសនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ និយមន័យទិន្នន័យធំ និងបានអនុវត្តនៃការប្រើប្រាស់ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ស្ថិតិទេសចរណ៍ និងសម្រាប់ ស្ថិតិសន្ទស្សន៍ថ្លៃទំនិញ (CPI) ស្ថិតិផ្លូវការផ្សេងៗទៀត ដែលធ្វើបទបង្ហាញដោយក្រុមការងារបច្ចេកទេសរបស់ វិទ្យាស្ថានជាតិស្ថិតិ និងការប្រើប្រាស់ទិន្នន័យបើកចំហ សម្រាប់ជាធាតុចូលក្នុងការធ្វើសេចក្តីសម្រេចចិត្ត និង រៀបចំគោលនយោបាយផ្សេងៗផងដែរ។តាមរយៈសិក្ខាសាលានេះឯកឧត្តម រិន វីរៈ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នក នាងកញ្ញាទាំងអស់ដែលជាតំណាងមន្ទីរស្ថាប័ន នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំងយល់ដឹងកាន់តែទូលំទូលាយអំពីការប្រើប្រាស់ ប្រភពទិន្នន័យធំ និងវិទ្យាសាស្ត្រ សម្រាប់ស្ថិតិផ្លូវការ ក៏ដូចជាទិន្នន័យបើកចំហផងដែរ។ជាទីបញ្ចប់ឯកឧត្តម បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចូលរួម ពិភាក្សាផ្តល់យោបល់ និងសូមឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅតាមកម្មវិធី ប្រកបដោយជោគជ័យ។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជអំណោយទឹកបរិសុទ្ធ ៣២៦កេស ដល់កាកបាទក្រហមកម្ពុជា

2025/07/22 04:25:47 pm        143
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញទទួលទឹកបរិសុទ្ធ ប្រូវីដា ចំណុះ ៥០០ ml ចំនួន ៣២៦កេស ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ ឯកឧត្ដម ម៉ី សុខារត្ន័ន៍ និងឯកឧត្ដម ឃៀង ចំរើន ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ ពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទូលថ្វាយថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដ៏ឧត្តុង្គឧត្តម គង់ប្រថាប់ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ទឹកបរិសុទ្ធ ប្រូវីដា ចំណុះ ៥០០ ml ចំនួន ៣២៦កេស ដល់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះលោកជំទាវ សូមលំឱនកាយឧទ្ទិសបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះសព្ទសាធុការ ពរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ សំ ងីម

ក្រសួងការងារនាំយកឱកាសការងារជាង ១ម៉ឺន៣ពាន់កន្លែងជូនពលរដ្ឋ និងពលករខ្មែរ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែលទើបត្រឡប់មកពីប្រទេសថៃ

2025/07/22 04:13:24 pm        363
កំពង់ឆ្នាំង៖ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ដើម្បីសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន សហគ្រាស និងរោងចក្រ ចំនួន ៤ ដែលបានចុះមកផ្ទាល់ និងមានឱកាសការងារចំនួនជាង ១ម៉ឺន៣ពាន់កន្លែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM