ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ

2026/05/03 12:30:00 pm        135
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការអភិវឌ្ឍរបស់កកម្ពុជាលើគ្រប់វិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃក្ដី។ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខដោយជានិច្ចដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។  ឯកឧត្តមបានបន្តថា សម្តេចធិបតីបន្តថា ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យានិងសម្ភារ:,បុគ្គលិកនិងមន្ត្រីទាំងអស់ដែលបម្រើការក្នុងវិស័យកំពង់ផែក៏ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំដែរដើម្បីជួយដល់ការពង្រឹងគុណភាពនៃកំពង់ផែ និងសេដ្ឋកិច្ចជាតិ ពិសេសការទទួលបាននូវការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំនិងទុកដាក់ក៏ដូចជាការដឹកជញ្ជូនទូកុងតឺន័រចេញពីកម្ពុជា។អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ វិស័យផ្សេងៗទៀតដែលមាននៅក្នុងមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមទាំងអាទិភាពន្លឹះ និងវិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីជាកម្ពុជា ជួបប្រទះនឹងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននិងបើទោះបីជាពិពភលោកកំពុងជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។ នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ខ្លាំងឡើងជាលំដាប់៕

ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា

2026/05/03 12:22:42 pm        115
យោងតាមសេចក្តីប្រកាសព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានបង្ហាញថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ សេចក្ដីប្រកាសព័ត៌មាន មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា មន្ត្រីជាន់ខ្ពស់នៃ ព្រឹទ្ធសភា-រដ្ឋសភា ប្រមាណ១១០រូប តំណាងអង្គទូតនៃបណ្តាប្រទេសប្រើភាសាបារាំងប្រចាំនៅកម្ពុជា គណៈប្រតិភូសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie - APF) មកពី ១៧ប្រទេស និងវាគ្មិនជំនាញជាតិ និងអន្តរជាតិផងដែរ។ សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័នសភា ដោយផ្តោតលើប្រធានចំនួន៤ រួមមាន ១-ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត ៖ ស្ថានភាព និងកាលានុវត្តភាព,២-តួនាទីសមាជិក សភានៅក្នុងក្របខ័ណ្ឌនៃបញ្ញាសិប្បនិម្មិត,៣-បទប្បញ្ញត្តិនិងក្របខ័ណ្ឌនីតិកម្មនៃបញ្ញាសិប្បនិម្មិត, និង ៤-ការទាញយកអត្ថប្រយោជន៍ពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់កិច្ចការសភា។ទន្ទឹមនេះដែរ កិច្ចប្រជុំគណៈកម្មការនយោបាយ APF ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «តួនាទីរបស់សភាប្រើភាសាបារាំងក្នុងការចូលរួមពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក»។ កិច្ចប្រជុំនឹងផ្តោតលើរបៀបវារៈសំខាន់ៗ ដូចជា ការអនុម័ត សេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំគណៈកម្មការនយោបាយ ខែកក្កដា ឆ្នាំ២០២៥ នៅ ទីក្រុងប៉ារីស, ការពិនិត្យមើលស្ថានភាពនយោបាយក្នុងប្រទេសប្រើភាសាបារាំង, បច្ចុប្បន្នភាពរបស់ ក្រុមសភាជាតិនីមួយៗ, ការពិភាក្សាអំពីតួនាទីរបស់សភាប្រើភាសាបារាំងក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងសកលលោក និងអនុសាសន៍នានា ដើម្បីប្រែក្លាយសន្តិភាពជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព។ ដោយឡែក កិច្ចប្រជុំការងារសើរើលក្ខន្តិកៈនៃសភាប្រើភាសាបារាំងដែលជាផ្នែកមួយ នៃកិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា គណៈប្រតិភូនៃសភាប្រើភាសាបារាំង នឹងធ្វើទស្សនកិច្ចវប្បធម៌ និង ប្រវត្តិសាស្ត្រ នៅប្រាសាទអង្គរវត្ត និងសារមន្ទីរតេជោសន្តិភាព នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប៕

គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ

2026/05/03 11:44:16 am        196
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បាន ទទួលសមាជិកថ្មីជិត ១ ០០០នាក់ ពីសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ភ្ជាប់ជាមួយការទទួលសមាជិកថ្មីនេះ ក៏មានការសម្ពោធស្នាក់ការគណបក្ស ដែលធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេច ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។ឯកឧត្តម បានអរគុណទៅសមាជិកថ្មីទាំងអស់ ដែលសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម ក៏បានកោតសសើរដល់កិច្ចប្រឹងប្រែងរបស់ក្រុមការងារគណបក្ស នៅសង្កាត់រការធំ ក្រុងច្បារមន។ ក្នុងការទទួលសមាជិកថ្មីនេះដែរ ឯកឧត្តម បានលើកឡើង ៣ចំណុច ធំ ពីអ្វីដែលគណបក្សសម្រេចបានសម្រាប់ប្រជាពលរដ្ឋ។ ចំណុចទី ១ ជាការរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បញ្ចប់របប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និងនាំមកជីវិតថ្មីសម្រាប់ប្រជាពលរដ្ឋដែលឆ្លងកាត់សម័យនោះ។ចំណុចទី ២ ជាការនាំមកសន្តិភាព និងឯកភាពជាតិពេញលេញ ដែលផ្ដើមចេញពីនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយរយ:ពេលជាច្រើនឆ្នាំ។ ចំណុចទី ៣ ជាការកសាងជាតិ ដែលត្រូវចាប់ផ្ដើមពីបាតដៃទទេ ចាប់ផ្ដើមពីចំណុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍បានបំផ្លាញគ្រប់យ៉ាង។ សម្រាប់ការចូលរួមជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ពួកគាត់ម្នាក់ៗ ចូលរួមដោយពេញចិត្ត។ ពេញចិត្តចំពោះ សកម្មភាពរបស់គណបក្ស ដែលបានធ្វើសម្រាប់ជាតិ និងប្រជាពលរដ្ឋ។ ពួកគេមើលឃើញពីការការអភិវឌ្ឍ ទាំងថ្នាក់ជាតិ ក៏ដូចជាការអភិវឌ្ឍថ្នាក់មូលដ្ឋាន ហើយក៏មើលឃើញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះសមាជិកថ្មីដែរថា គណបក្សប្រជាជនកម្ពុជា មិនទៅណាចោលប្រជាជនកម្ពុជានោះទេ។ ប្រជាពលរដ្ឋអាចពឹងពាក់បានគ្រប់ពេលវេលា។អត្ថបទ.គឹមហុក 

ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

2026/05/03 10:44:06 am        113
ក្រសួងទេសចរណ៍ ដោយមានការចូលរួមពីវិស័យឯកជនលើវិស័យទេសចរណ៍ និងសាលារាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៦នេះ បានប្រកាសបើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦។ យុទ្ធនាការនេះ មានគោលដៅសំខាន់ គឺប្រែក្លាយរដូវដែលមានភ្ញៀវទេសចរតិច ទៅជាពេលវេលាសាកសមសម្រាប់ទស្សនាកម្ពុជា ជំរុញការដើរលេងក្នុងស្រុក និងជំរុញការស្រូបទាញភ្ញៀវទេសចរអន្តរជាតិក្នុងរដូវកាលនេះ។ឆ្នាំ ២០២៦នេះ ក្រសួងទេសចរណ៍ បានរៀបចំយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតង ជាថ្មី ក្រោយសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធនាការនៅឆ្នាំ ២០២៥កន្លងទៅ។ យុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦ នេះ ធ្វើឡើងក្នុងរដូវកាលភ្ញៀវទេសចរតិច ក្នុងរដូវវស្សា ដែលចាប់ផ្ដើមពីខែឧសភា ដល់ខែតុលា។គោលដៅសំខាន់ គឺក្រសួងទេសចរណ៍ធ្វើយុទ្ធនាការនេះ ដោយនឹងភ្ជាប់សកម្មភាពជាច្រើន ក្នុងគោលដៅសំខាន់មួយ គឺជំរុញការធ្វើដំណើរទេសចរណ៍របស់ប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាជំរុញការផ្សព្វផ្សាយ បង្កើតភាពទាក់ទាញនានា ស្រូបទាញភ្ញៀវទេសចរបរទេសមកកម្ពុជា ឱ្យកាន់តែច្រើន។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងក្នុងពិធីបើកយុទ្ធនាការថា រដូវកាលបៃតង ជាពាក្យជំនួសឱ្យពាក្យថា រដូវភ្ញៀវទេសចរតិច។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជារដូវកាលដែលបង្ហាញពីសម្រស់ពិតរបស់កម្ពុជា ជាមួយនឹងភាពស្រស់បំព្រងនៃធម្មជាតិ ពណ៌បៃតងខ្ចី និងបរិយាកាសបរិសុទ្ធដែលសាកសមបំផុតសម្រាប់ទេសចរណ៍បែបធម្មជាតិ លើការលំហែរកាយដើម្បីសុខុមាលភាព។ ឯកឧត្តមថា រដូវវស្សាពុំមែនជារដូវមិនធ្វើដំណើរ ហើយសម្ងំនៅតែក្នុងផ្ទះនោះទេ។ ប្រែក្លាយពេលវេលានេះ ទៅជាឱកាសធ្វើដំណើរកំសាន្ត ទូទាំងប្រទេសដើម្បីផ្តិតយករូបភាពស្រស់ស្អាត ប្លែកភ្នែកដែលមិនអាចរកបាននៅរដូវប្រាំង។ក្នុងការបើកយុទ្ធនាការនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជន អ្នកស្រឡាញការថតរូប អ្នកផលិតមាតិការ ចូលរួមធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ជាតិ។ សូមជួយផ្តិតយករូបភាព វីដេអូ ពីដំណក់ទឹកភ្លៀង លើប្រាង្គប្រាសាទ សមុទ្រ ពពក តាមជួរភ្នំនិងទឹកដីសម្បូរបែបរបស់កម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡលលើងឱ្យមានការចែករំលែកក្នុងបណ្ដាញសង្គម ដើម្បីពិភពលោកបានឃើញពីភាពទាក់ទាញរបស់កម្ពុជាឥតព្រំដែន នៃរដូវកាលបៃតង របស់កម្ពុជា។ទន្ទឹមគ្នានេះដែរ ឯកឧត្តមបានស្នើរទៅកាន់ ម្ចាស់សណ្ឋាគារ ភោជណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិការទេសចរណ៍ទាំងអស់ រួមគ្នារៀបចំកញ្ចប់សេវាដោយភ្ជាប់ជាមួយប្រម៉ូសិននានា ដើម្បីជាភាពទាក់ទាញទៅភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ឯកឧត្តម រដ្ឋមន្ត្រីបានផ្ដាំឱ្យបន្តរក្សាស្នាមញញឹម ផ្តល់សេវាកម្មប្រកបដោយគុណភាព ការធានាអនាម័យខ្ពស់ ជាពិសេសរក្សាតម្លៃឱ្យបានសមរម្យ ដើម្បីរក្សាឱ្យបាន ទំនុកចិត្ត ទាក់ទាញភ្ញៀវឱ្យមកម្ដងហើយចង់មកម្ដងទៀត។ លើលពីនេះធានាជូនសុវត្ថិភាព និងផ្ដល់ជាការចងចាំល្អៗពីកម្ពុជាដែលមិនអាចបំភ្លេចបាន។អត្ថបទ៖គឹមហុក 

ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១

2026/05/03 10:37:44 am        93
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ ព្រមទាំង ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជូនជាតិ និងចូលរួមការអភិរក្ស វប្បធម៌ ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ ២៤ម៉ឺននាក់ បានឈរនៅលេខរៀងទី១ ដែលមកទស្សនាប្រទេសកម្ពុជា ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប។ ផ្អែកតាមស្ថិតិនេះ វិស័យទេសចរណ៍កម្ពុជានៅតែបង្ហាញភាពធន់នឹងវិបត្តិ ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ទាំងផ្នែករដ្ឋ និងផ្នែកឯកជន រួមគ្នាដាក់ចេញនូវវិធានការគន្លឹះបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែងបានទាន់ពេលវេលា។ ជាពិសេស ការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) និងការដាក់ចេញយុទ្ធនាការរដូវកាលសាមគ្គីភាព ដែលធ្វើឱ្យយើងនៅតែអាចសម្រេចបានតាមផែនការ។ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះថា៖ «ជាការពិត មិនអាចប្រកែកបានអនាគតនៃវិស័យទេសចរណ៍របស់កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃរំហូរ ភ្ញៀវទេសចរចិន និងវិនិយោគិនចិន បានឡើយ។ កម្ពុជា ក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍កាលវិលត្រឡប់មកវិញនូវភ្ញៀវទេសចរចិន និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាស ទទួលបដិសណ្ឋាកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ដែលនឹងធ្វើដំណើរមកកាន់កម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦។ការលើកលែងទិដ្ឋាការនេះ រៀបចំឡើង ស្របពេលរដូវកាលបៃតងដ៏ស្រស់ស្អាតនៅកម្ពុជា»។សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ ១លាន២ សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំមុនទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕អត្ថបទ៖ ធូ វិរៈ

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មាន មានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ

2026/05/03 09:38:42 am        98
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានពិនិត្យឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញនូវសកម្មភាពមិនរៀបរយមួយចំនួន ដែលអ្នកសារព័ត៌មាន ការរាយការណ៍ព័ត៌មាន រាប់ទាំងការយកព័ត៌មាន និងផ្សាយផ្ទាល់ នៅតាមទីសាធារណៈ ក៏ដូចជាទីតាំងដែលមានសមត្ថកិច្ចធ្វើប្រតិបត្តិការ។លោក ទេព អស្នារិទ្ធ បានបន្តថា សកម្មភាពអសណ្តាប់ធ្នាប់ ដែលរួមមានការដណ្តើមគ្នាថត សម្ភាសន៍ បង្កភាពវឹកវរ ការប្រើប្រាស់សម្តីមិនសមរម្យ និងការរំខានដល់ការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បានបង្កើតជារូបភាពអវិជ្ជមាន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃ និងកិត្យានុភាព នៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។អ្នកនាំពាក្យក្រសួងព័ត៌មានសូមធ្វើការអំពាវនាវដូចខាងក្រោម៖១. អ្នកសារព័ត៌មានត្រូវគោរពដែនកំណត់នៃតួនាទី និងភារកិច្ចជាអ្នកសារព័ត៌មាន៖ អ្នកសារព័ត៌មានមានតួនាទីជាអ្នកប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ ឬហេតុការណ៍ណាមួយ អ្នកសារព័ត៌មានមិនត្រូវធ្វើការវិនិច្ឆ័យ ឬកាត់សេចក្តីលើសាច់រឿងជំនួសសមត្ថកិច្ចឡើយ។មិនត្រូវប្រើតួនាទីជាអ្នកសារព័ត៌មានជ្រៀតជ្រែកក្នុងកិច្ចការរបស់អាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ពោលគឺមិនត្រូវអនុវត្តហួសដែននៃតួនាទីសារព័ត៌មានឡើយ។ការប្រើប្រាស់វេទិកាសារព័ត៌មានដើម្បីចោទប្រកាន់បុគ្គលណាម្នាក់ដោយពុំមានការវិនិច្ឆ័យពីសមត្ថកិច្ច ឬតុលាការត្រឹមត្រូវច្បាស់លាស់គឺជាការរំលោភលើសិទ្ធិបុគ្គល និងជាការអនុវត្តប្រាសចាកពីតួនាទីស្នូលរបស់ខ្លួន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។២. អ្នកសារព័ត៌មានត្រូវផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានគុណភាព៖ ព័ត៌មានដែលមានគុណភាព គឺជាព័ត៌មានពិត មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដោយផ្តល់សំឡេងដល់អ្នកពាក់ព័ន្ធក្នុងសាច់រឿង។ អ្នកសារព័ត៌មានត្រូវរាយការណ៍ទាំងអង្គហេតុ និងអង្គច្បាប់ ដោយជៀសវាងការផ្សាយតែមួយជ្រុងដែលនាំឱ្យមានការភាន់ច្រឡំ និងការបកស្រាយខុសៗគ្នាលើរឿងតែមួយ។ ព័ត៌មានដែលត្រឹមត្រូវ នឹងក្លាយជាបច្ច័យដ៏សំខាន់សម្រាប់ជួយដល់ការអនុវត្តការងាររបស់សមត្ថកិច្ច និងជួយឱ្យសាធារណជនទទួលបានព័ត៌មានពិតប្រាកដ ទុកចិត្តបាន និងលើកកម្ពស់ការយល់ដឹងពីសច្ចភាពសង្គម។៣. ការរាយការណ៍ព័ត៌មានត្រូវគោរពសិទ្ធិបុគ្គល និងសេចក្តីថ្លៃថ្នូរអ្នកដទៃ៖ ការរាយការណ៍ព័ត៌មានមិនត្រូវរំលោភលើសិទ្ធិឯកជនភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់បុគ្គលឡើយ។ ការដេញជម្រៀតគ្នាដើម្បីសម្ភាសន៍ ឬការប្រើសម្តីបង្ខិតបង្ខំចំពោះប្រភពព័ត៌មាន ដែលមិនទាន់ផ្តល់ការអនុញ្ញាតឱ្យសម្ភាសន៍ នៅតាមទីសាធារណៈ គឺជាទង្វើមិនសមរម្យ ធ្វើឱ្យបាត់បង់តម្លៃសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។៤. ការរាយការណ៍ព័ត៌មានភ្ជាប់ការទទួលខុសត្រូវ និងករណីយកិច្ចចំពោះសង្គម៖ អ្នកសារព័ត៌មានត្រូវចងចាំថា រាល់ការផ្សាយរបស់ខ្លួនមានឥទ្ធិពលដល់ការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អ្នកសារព័ត៌មានមានករណីយកិច្ចធានាការប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ជៀសវាងការធ្វើសកម្មភាពហួសតួនាទី ដែលអាចបង្កការរំខានដល់ការរស់នៅដោយប្រក្រតីរបស់ប្រជាពលរដ្ឋទូទៅ ឬរារាំងដល់ការងាររបស់អាជ្ញាធរដែលត្រូវបំពេញភារកិច្ច។អ្នកនាំពាក្យក្រសួងព័ត៌មានសង្ឃឹមថា អ្នកសារព័ត៌មាននឹងយកចិត្តទុកដាក់ខ្ពស់លើការកែលម្អឥរិយាបថ និងពង្រឹងការអនុវត្តការងារឱ្យស្របតាមនិយាមវិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់គុណតម្លៃសារព័ត៌មាន និងថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ៕

អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams

2026/05/03 09:29:51 am        135
ក្នុងរយៈពេល១០ថ្ងៃពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជាបាន ចាប់ខ្លួនជនបរទេសជាងពីរពាន់ប្រាំមួយរយនាក់ទៀត ដោយជាប់ពាក់ព័ន្ធនឹងល្បែង Online Scams ហើយក្រោយពីចាប់បាននោះ ក៏បានបណ្តេញពួកគេចេញពីប្រទេសកម្ពុជាតាមច្រកដាច់ដោយឡែកពីគ្នាផងដែរ។ យោងតាមឆាណែលតេលេក្រាមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានចេញកាលពីថ្ងៃទី ២ ខែឧសភាម្សិលមិញនេះ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន២,៦៧១នាក់ ដោយក្នុងនោះស្រីចំនួន៥៨៥នាក់ មកពី២៩សញ្ជាតិ ដោយក្នុងនោះរួមមានជនជាតិ អាមេរិក ចិន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អា្វហ្វ្រិកខាងត្បួង កាមេរូន ហ្គាណា ចិនតៃវ៉ាន់ ឡាវ មីយ៉ាន់ម៉ា នីហ្សេរីយ៉ា ឥណ្ឌា ប៊ូរុនឌី បង់ក្លាដេស ស្រីលង្កា សេរ៉ាឡេអូន លីបេរីយ៉ា ប៉ានីហ្សេរីយ៉ា កូរ៉េ កេនយ៉ា បេនីន រុស្សី តូហ្គោល នេប៉ាល់ អាល្លឺម៉ង់ ថៃ ម៉ាឡេស៊ីជាដើម។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ពួកគេទាំងនោះបានជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធករណីលួចឆ្លងដែនដោយខុសច្បាប់ បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតជាដើម។ សូមបញ្ជាក់ថាការបណ្ដេញចេញជនជាតិបរទេសជាបន្តបន្ទាប់កន្លងមកនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយខ្នងរបស់ពួកគេ តែម្តង៕

សម្តេចធិបតី៖ ការធានាសុវត្ថិភាពព័ត៌មាន រក្សាព័ត៌មានសម្ងាត់របស់ជាតិ ក្នុងកាលៈទេសៈនៃវិបត្តិមិនមែនជាការរឹតត្បិតសេរីភាពខាងសារព័ត៌មាននោះទេ

2026/05/03 09:21:57 am        112
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធានាសុវត្ថិភាពព័ត៌មាន ការរក្សាព័ត៌មានសម្ងាត់ របស់ជាតិក្នុងកាលៈទេសៈនៃវិបត្តិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន មិនមែនជាការរឹតត្បិត សេរីភាពខាងសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនោះទេ ប៉ុន្តែ គឺជាការធានានូវទី១. ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ, ទី២៖ ការធានាបាននូវសន្តិសុខព័ត៌មាន ដែលរួមមានសិទ្ធិទទួលបានព័ត៌មាន ប្រភពច្បាស់លាស់នៃព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋ និងទី៣៖ ការធានាបាននូវការការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ជាតិ និងប្រជាជន។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែ ជាសមត្ថភាពយុទ្ធសាស្ត្រមួយក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន និងត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងសូមវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងបែបទំនើបទាំងអស់ ដែលបាននឹងកំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។ សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅក្នុងការកសាងសង្គមព័ត៌មានពិត ត្រឹមត្រូវបង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានកំណត់យ៉ាងច្បាស់ថាវិស័យព័ត៌មាន ទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយជាវិស័យស្នូលដែលជួយគាំទ្រដល់អភិបាលកិច្ចល្អសម្រាប់ពង្រឹងទំនុកចិត្តរវាងរដ្ឋ និងប្រជាពលរដ្ឋ និងសម្រាប់ការពារអធិបតេយ្យភាពព័ត៌មានរបស់ជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ជាអាទិភាពលើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃ ការបោះពុម្ពផ្សាយនៅកម្ពុជា។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាត្រូវបន្តកសាងនូវប្រព័ន្ធព័ត៌មានជាតិមួយប្រកបដោយ វិជ្ជាជីវៈ មានក្រមសីលធម៌ គុណភាព ត្រឹមត្រូវ ជឿទុកចិត្ត និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះកម្ពុជាត្រូវជំរុញការងារកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយបន្តលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីធានាគុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ស្របតាមអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»៕

សម្តេចធិបតី៖ការស្ទង់មតិឆ្លុះបញ្ចាំងឱ្យឃើញថាកម្ពុជាកំពុងពង្រឹងវិស័យព័ត៌មាន សេរីព័ត៌មាន និងការអភិវឌ្ឍវិជ្ជាជីវៈ

2026/05/03 09:10:20 am        90
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខលើការពង្រឹងវិស័យសារព័ត៌មាន ដោយផ្តោត លើការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន។ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា​ ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ។ ការណ៍នេះបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិ​ និងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថាកម្ពុជាកំពុងរក្សាតុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ ទន្ទឹមនេះ ការអភិវឌ្ឍលើវិស័យព័ត៌មាន ត្រូវការការចូលរួមបន្ថែមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាសេរីភាពសារព័ត៌មានត្រូវបាន អនុវត្តជាក់ស្តែង និងមានតុល្យភាពជាមួយនឹងការគោរពច្បាប់ និងសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈដែលកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោក លើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព» នេះ រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះវិស័យសារព័ត៌មានដែលបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ការលើកកម្ពស់យុត្តិធម៌ និងការកសាងសង្គមសន្តិភាព។ សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមានទំនួលខុសត្រូវ គឺជាគ្រឹះដ៏រឹងមាំនៃសង្គមប្រជាធិបតេយ្យ។ ការណ៍នេះនាំដល់កិច្ចប្រតិបត្តិសេរីភាពសារព័ត៌មាន ដើម្បីបុព្វហេតុសន្តិភាព បូរណភាពទឹកដី និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្តែងនៅអំឡុងពេលនៃសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិត (ព័ត៌មានត្រឹមត្រូវ មិនលម្អៀង មិនបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹងក្នុងសង្គម) ដែលមានប្រភពផ្លូវការ និងច្បាស់លាស់ ដើម្បីជួយបង្កើនការយល់ដឹងរបស់សាធារណជនពីស្ថានការណ៍ពិតប្រាកដនៅតំបន់ព្រំដែន។នៅក្នុងឱកាសនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអ្នកបង្កើតមាតិកា និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងការការពារការពិត ជឿលើព័ត៌មានផ្លូវការ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសកម្មភាព នៃការរំលោភបំពានរបស់យោធាថៃ ឱ្យពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិបានដឹងច្បាស់។យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ដែលចេញដោយក្រសួងព័ត៌មាន បានបញ្ជាក់ថា ៨០,៨% ក្នុងចំណោមអ្នកស្ទង់មតិចំនួន ៥៧០នាក់ ដែលតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស ដែលត្រូវបានសម្ភាសនិយាយថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ផ្អែកលើលទ្ធផលនៃការស្ទង់មតិ ការសិក្សាស្រាវជ្រាវបានកត់ត្រាទុកថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិ មានមនុស្សចំនួន ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ដែលក្នុងនោះ ៩៣% បានវាយតម្លៃថា ការយកវិជ្ជាជីវៈសារព័ត៌មានទៅកំហែងទារប្រាក់ ឬគំរាមកំហែងនរណាម្នាក់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាទង្វើដែលប៉ះពាល់ដល់សេរីភាពសារព័ត៌មាន, ៩៧,៥% បានឆ្លើយថាការគោរពក្រមសីលធម៌វិជ្ជាជីវៈ ពិតជាមានសារៈសំខាន់ចំពោះអ្នកសារព័ត៌មាន ក្នុងនោះ ៧៨,៩% ឆ្លើយថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈមាន «សារៈសំខាន់ខ្លាំងណាស់»។ផ្អែកតាមលទ្ធផលនៃការស្ទង់មតិនេះ មនុស្សចំនួន ៨៥,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានអះអាងថា ពួកគេមានសេរីភាពពេញលេញក្នុងការប្រមូលប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន ខណៈអ្នកចូលរួមចំនួនជាង ៩៦% បានទទួលស្គាល់ថា ការមានប្រព័ន្ធផ្សព្វផ្សាយសំបូរបែប បានចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ហើយមនុស្សចំនួ ៩៧% បានឯកភាពថា ការអនុវត្តសកម្មភាពអាជីពវិជ្ជាជីវៈដោយឯករាជ្យក្នុងក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ព្រមទាំងប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវដោយទទួលខុសត្រូវសង្គម និងចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺជាសិទ្ធិ និងករណីកិច្ចរបស់អ្នកសារព័ត៌មាន៕

សម្តេចបវរធិបតីផ្តល់អនុសាសន៍ ៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មាន

2026/05/03 08:57:50 am        83
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៦ចំណុច ដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។អនុសាសន៍សំខាន់ៗទាំង ៦ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» ដោយបន្តយកចិត្តទុកដាក់អនុវត្តមានដូចជា៖ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត សំដៅរក្សាឱ្យបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យព័ត៌មានប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។ ក្នុងន័យនេះ ស្ថាប័នសារព័ត៌មានទាំងអស់ ត្រូវមានយន្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតចំពោះរាល់មាតិកា ដែលផលិតដោយបញ្ញាសិប្បនិម្មិត (AI) ដើម្បីចៀសវាងបច្ចេកវិទ្យាបំផ្លាញសច្ចធម៌ និងបូរណភាពនៃព័ត៌មាន។ទី៣. សូមកុំផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេសស្ត្រី និងកុមារ។ ត្រូវរួមគ្នាការពារ និងលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ទី៤. សូមក្រើនរំលឹកចំពោះការយកស្លាកអ្នកសារព័ត៌មាន ទៅបិទបាំងសកម្មភាពល្មើសច្បាប់ ឬបម្រើឱ្យរបៀបវារៈរបស់ក្រុមអមិត្តដែលមានបំណងបង្កអន្តរាយជាតិ។ នេះជាការក្បត់ មនសិការវិជ្ជាជីវៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីបំផ្លាញជាតិ ដែលជាទង្វើមិនអាចអត់ឱនបានឡើយ។ទី៥. បន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។និងទី៦. សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជានឹងត្រូវបានបន្តការពារ និងលើកកម្ពស់តាមគោលការណ៍នៃច្បាប់ សុចរិតភាព និងការទទួលខុសត្រូវ ដើម្បីបម្រើប្រជាជន ការពារជាតិ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់ និងពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM