សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការវាយលុកកាន់តែខ្លាំងរបស់អ៊ីស្រាអែល នៅហ្កាហ្សាភាគកណ្ដាល ខណៈយោធាបើកការវាយប្រហារថ្មី

2023/12/28 10:54:53 am        170
មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា គ្រួសារប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនពីថ្ងៃពុធចេញពីការវាយលុកដ៏សន្ធាប់កាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅកាន់តំបន់ដែលនៅសេសសល់តិចតួចនៅហ្កាហ្សានោះ ដែលពេញណែនដោយជនភៀសខ្លួនដ៏តូចចង្អៀត ខណៈយោធាបានបើកការវាយប្រហារយ៉ាងខ្លាំងក្លានៅទូទាំងភាគកណ្តាល និងភាគខាងត្បូងនៃដែនដីរងការបំផ្លិចបំផ្លាញមួយនេះដោយបានសម្លាប់មនុស្សរាប់សិបនាក់។ ការរត់ភៀសខ្លួន ដោយថ្មើរជើង ឬជិះរទេះសត្វលា ផ្ទុកពេញដោយរបស់របរ លំហូរមនុស្សដ៏ច្រើន បានសម្រុកចូលទៅក្នុងតំបន់ ឌៀរ អាល់ បាឡា (Deir al-Balah) ជាទីប្រជុំមួយដែលជាធម្មតាមានប្រជាជនប្រហែល ៧៥.០០០នាក់ នាក់។ ទីតាំងនេះត្រូវបានគ្របដណ្ដប់ដោយមនុស្សរាប់សែននាក់ដែលត្រូវបានជំរុញចេញពីភាគខាងជើង ហ្កាហ្សា ស្របពេលដែលតំបន់នេះត្រូវបានរងការវាយប្រហារក្លាយជាគំនរកម្ទេចថ្ម។ដោយសារតែជម្រករបស់អង្គការសហប្រជាជាតិត្រូវបានផ្ទុកមនុស្សពេញលើសចំណុះច្រើនដង អ្នកទៅដល់ថ្មីៗបានដំឡើងតង់នៅតាមចិញ្ចើមផ្លូវដើម្បីស្នាក់នៅក្នុងពេលរដូវរងាដ៏ត្រជាក់។ មនុស្សបានប្រមូលផ្ដុំគ្នា បានសម្រុកទៅកាន់តាមដងផ្លូវនានានៅជុំវិញជុំវិញមន្ទីរពេទ្យដ៏សំខាន់ អាល់ អាកសា ម៉ា ល់ ធ័រ (Al-Aqsa Martyrs) ដោយសង្ឃឹមថានឹងមានសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែល។ ប៉ុន្តែ គ្មានកន្លែងណាមានសុវត្ថិភាពនោះឡើយនៅក្នុងហ្កាហ្សា។ ការវាយលុករបស់អ៊ីស្រាអែលកំពុងប្រមូលផ្តុំប្រជាជនភាគច្រើនចូលទៅក្នុងទីក្រុង Deir al-Balah និង Rafah នៅជាយខាងត្បូងដែនដីនេះព្រមទាំងតំបន់ជនបទតូចមួយនៅជាប់ឆ្នេរសមុទ្រភាគខាងត្បូង។ ប៉ុន្តែតំបន់ទាំងនោះនៅតែបន្តរងការវាយប្រហារពីអ៊ីស្រាអែល ដែលតែងតែបំផ្លាញផ្ទះសម្បែង ពោរពេញដោយមនុស្ស៕

មនុស្ស ៤០នាក់ បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេងនៅប្រទេសលីបេរីយ៉ា

2023/12/28 10:50:13 am        173
ប្រធានផ្នែកវេជ្ជសាស្រ្តរបស់ប្រទេសលីបេរីយ៉ា លោក ហ្រ្វង់ស៊ីស ខាតេហ្វ (Francis Kateh) បាននិយាយកាលពីថ្ងៃពុធ (២៧ ធ្នូ) ថាមនុស្សយ៉ាងហោចណាស់ ៤០នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះរថយន្តដឹកប្រេងឥន្ធនៈនៅភាគពាយ័ព្យនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះ។រថយន្តដឹកឥន្ធនៈនោះបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីល្ងាចថ្ងៃអង្គារនៅក្នុងទីក្រុង តូតូតា (Totota) តំបន់ ឡូវើ បង (Lower Bong) ហើយភ្លាមៗក៏បានផ្ទុះ ដែលបានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់ដែលបាននាំគ្នាទៅមើលកន្លែងកើតហេតុ។ លោក ខាតេហ្វ បានប្រាប់អ្នកយកព័ត៌មានថា មនុស្សរាប់សិបនាក់នៅតែស្ថិតក្នុងមន្ទីរពេទ្យដោយមានការរលាកធ្ងន់ធ្ងរ ហើយចំនួនអ្នកស្លាប់អាចកើនឡើងទៀត។សុវត្ថិភាពផ្លូវថ្នល់ទាប និងហេដ្ឋារចនាសម្ព័ន្ធមិនល្អបានធ្វើឱ្យអនុតំបន់សាហារ៉ាអាហ្រ្វិក ក្លាយជាតំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតរបស់ពិភពលោកសម្រាប់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងអត្រាអ្នកស្លាប់ខ្ពស់ជាងមធ្យមភាគរបស់អឺរ៉ុប ចំនួនបីដង នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ៕

ជនជាតិប៉ាឡេស្ទីនជាង ២១.១០០នាក់ បានស្លាប់នៅហ្កាហ្សា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា

2023/12/28 10:43:45 am        161
ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធថាប្រជាជនប៉ាឡេស្ទីនសរុបចំនួន ២១.១១០ នាក់បានស្លាប់ និង៥៥.២៤៣នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពី ក្រុមហាម៉ាស បានវាយសម្រុកចូលក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូងសម្លាប់មនុស្សជាង១ពាន់នាក់ កាលពីថ្ងៃទី ៧ខែតុលា មក ។ ក្រសួងនេះ បានបន្ថែមថា តួលេខនេះរួមមានជនជាតិប៉ាឡេស្ទីន ១៩៥ នាក់បានស្លាប់ និង ៣២៥ នាក់ បានរងរបួសក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកភាគកណ្តាលតំបន់ហ្កាហ្សាដោយថ្មើជើង តាមសមុទ្រ និងផ្លូវអាកាសកាលពីថ្ងៃពុធ ហើយការដាច់ប្រព័ន្ធទូរគមនាគមន៍នៅក្នុងតំបន់ជាច្រើនក្នុងដែនដីរងការឡោមព័ទ្ធនេះ បានប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បី ធ្វើដំណើរទៅឲ្យដល់ កន្លែងដែលមានប្រជាពលរដ្ឋប៉ាឡេស្ទីន ស្លាប់ និងរបួស។ ចាប់តាំងពីក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរ ចំនួន២៤០ នាក់កាលពីថ្ងៃទី ៧ ខែតុលា ក្នុងថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឆ្លើយតបដោយការវាយប្រហារ កម្ទេច មិនបង្អង់ដៃ លើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីការពារជនស៊ីវិល ហើយបានស្តីបន្ទោសក្រុមហាម៉ាស ថាជាដើមចមធ្វើឱ្យពួកគេមានគ្រោះថ្នាក់ដោយប្រតិបត្តិការក្នុងចំណោមពួកគេ ដែលក្រុមហាម៉ាស បានច្រានចោល ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលគួរតែធ្វើបន្ថែមទៀតដើម្បីកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ពីអ្វីដែលលោកប្រធានាធិបតី Joe Biden បានហៅថា ជាការទម្លាក់គ្រាប់បែកដោយមិនរើសមុខ៕

នាវិករុស្ស៊ី ៣៣នាក់ បានបាត់ខ្លួន បន្ទាប់ពីនាវាចម្បាំង ត្រូវបានវាយប្រហារនៅតំបន់គ្រីម៉េ

2023/12/28 10:38:20 am        206
ទាហានជើងទឹករុស្ស៊ីចំនួន ៣៣ នាក់បានបាត់ខ្លួន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន លើនាវាចម្បាំងនៅតំបន់គ្រីម៉េ (Crimea) ដែលគ្រប់គ្រងដោយរុស្ស៊ី នេះបើយោងតាមរបាយការណ៍។កងទ័ពអាកាសអ៊ុយក្រែនកាលពីម្សិលមិញ បានអះអាងថា ខ្លួនបាន «បំផ្លាញ» នាវា Novocherkasskដែលកំពុងចតនៅ កំពង់ផែ Feodosia ក្នុងការវាយប្រហារមួយ ដែលមានសញ្ញាសម្គាល់នៃមីស៊ីលតម្រង់គោលដៅរបស់ចក្រភពអង់គ្លេស Storm Shadow ។នាវិកប្រហែល ៨០នាក់ នៅលើនាវានោះ នៅពេលដែលមីស៊ីល បានវាយប្រហារ នេះបើយោងតាមសារព័ត៌មាន Astra ជាបណ្តាញព័ត៌មាន Telegram ដែលរាយការណ៍អំពីសង្គ្រាម នៅអ៊ុយក្រែន។សារព័ត៌មាន Astra បានរាយការណ៍ថា មនុស្ស ១៩នាក់ បានរងរបួស នៅក្នុងការវាយប្រហារ ហើយ ៣៣ នាក់ផ្សេងទៀត នៅបាត់ខ្លួន។សារព័ត៌មាននេះ បានបន្ថែមថា ជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ និង៤នាក់ផ្សេងទៀត បានរងរបួសក្នុងការការវាយប្រហារនោះ ។វិមានក្រឹមឡាំង បាននិយាយថា នាវា Novocherkassk ត្រូវបាន «ខូចខាត» ដោយមីស៊ីលតម្រង់គោលដៅពីលើអាកាស ប៉ុន្តែមិនបាននិយាយអំពីការស្លាប់ និងរបួសណាមួយឡើយ។

ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារនៅប្រទេសនីហ្ស៊េរីយ៉ា ភាគកណ្ដាលបានកើនឡើងដល់១៩៨នាក់

2023/12/28 10:34:14 am        189
ក្រុមអាជ្ញាធរក្នុងស្រុក បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីការវាយប្រហារជាបន្តបន្ទាប់លើភូមិនានាក្នុងប្រទេសនីហ្ស៊េរីយ៉ា ភាគកណ្ដាល បានកើនឡើងដល់ជិត២០០នាក់ ហើយ។ ក្រុមប្រដាប់អាវុធ បានបើកការវាយប្រហារនចន្លោះល្ងាចថ្ងៃសៅរ៍ និងព្រឹកថ្ងៃអង្គារ នៅក្នុងរដ្ឋផ្លាតូ (Plateau State) របស់ប្រទេសនីហ្ស៊េរីយ៉ា។ក្រុមអាជ្ញាធរបានដាក់ចំនួនអ្នកស្លាប់កាលពីថ្មីៗនេះ ក្នុងចំនួន១៦៣នាក់។ក្នុងអំឡុងជំនួបមួយជាមួយអនុប្រធានាធិបតីនីហ្ស៊េរីយ៉ា កាលពីថ្ងៃពុធ ប្រមុខរដ្ឋាភិបាលប្រចាំតំបន់ក្នុងទីក្រុងបូកូស (Bokkos )នៃរដ្ឋ ផ្លាតូ លោក ម៉ាន់ដេ កាសា (Monday Kassah) បាននិយាយថា អ្នកភូមិបូកូស ១៤៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហារទាំងនោះ។ យោងតាមលោក ឌីកស៊ុន កូឡូម (Dickson Chollom) សមាជិកសភាប្រចាំរដ្ឋ បាននិយាយថាមនុស្សយ៉ាងហោចណាស់៥០នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរនៅក្នុងភូមិមួយចំនួន ក្នុងតំបន់ បាគីន ឡាឌី(Barkin Ladi)៕

មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យយោធាពន្លឿនការត្រៀមខ្លួនធ្វើសង្រ្គាម

2023/12/28 10:23:25 am        265
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធា ឧស្សាហកម្មសព្វាវុធ និងវិស័យអាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យពន្លឿនការរៀបចំខ្លួនធ្វើសង្រ្គាមដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថាការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាមេរិក។ដោយថ្លែងអំពីទិសដៅគោលនយោបាយសម្រាប់ឆ្នាំថ្មីនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចរបស់ប្រទេសឯកោមួយនេះកាលពីថ្ងៃពុធ លោក គីម ក៏បាននិយាយផងដែរថា ទីក្រុងព្យុងយ៉ាង នឹងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយបណ្តាប្រទេស «ឯករាជ្យប្រឆាំងនឹងចក្រពត្តិនិយម» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍។ប្រព័ន្ធផ្សព្វផ្សាយនេះបាននិយាយថា «លោកគីម បានដាក់ចេញនូវភារកិច្ចសកម្មប្រយុទ្ធសម្រាប់កងទ័ពប្រជាជន និងឧស្សាហកម្មសព្វាវុធ អាវុធនុយក្លេអ៊ែរ និងផ្នែកការពារស៊ីវិល ដើម្បីពន្លឿនការត្រៀមរៀបចំខ្លួនធ្វើសង្រ្គាមបន្ថែមទៀត»។កូរ៉េខាងជើង បាននិងកំពុងពង្រីកទំនាក់ទំនងជាមួយរុស្ស៊ី ក្នុងចំណោមប្រទេសដទៃទៀត ខណៈដែលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងព្យុងយ៉ាង ថាបានផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ដល់ទីក្រុងមូស្គូ សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ខណៈដែលរុស្ស៊ី ផ្តល់ជំនួយបច្ចេកទេសដើម្បីជួយកូរ៉េខាងជើង បង្កើនសមត្ថភាពយោធារបស់ខ្លួន៕

មនុស្សជិត២០នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងព្យុះ នៅប្រទេសថៃ អូស្រ្តាលី និង ម៉ាឡេស៊ី

2023/12/28 08:44:09 am        244
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់១០ នាក់បានស្លាប់បន្ទាប់ពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសអូស្ត្រាលីក្នុងឱកាសបុណ្យណូអែល និងថ្ងៃទិវា Boxing Day ខណៈមនុស្ស ៦នាក់បានស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេសថៃផងដែរ។សារព័ត៌មាន ABC ដែលមានមូលដ្ឋាននៅទីក្រុង កងបេរ៉ា (Canberra ) បានរាយការណ៍ថា សាកសពមនុស្សទី ១០ ត្រូវបានរកឃើញនៅតំបន់ ហ្គីបស្លែន (Gippsland) ភាគខាងកើតខេត្ត វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធ។ ខេត្តឃ្វីនលែន (Queensland) វីកតូរីយ៉ា (Victoria) និង ខេត្ត ញូវស៍ សោតវេលស៍ (News South Wales) ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយព្យុះក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ដ៏គំហុកផងដែរ។ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ក៏បានប៉ះពាល់ដល់ប្រជាជន និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផងដែរក្នុងប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ក្នុងនោះមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ខ្លួន ទៅកាន់កន្លែងមានសុវត្ថិភាព។ នៅក្នុងប្រទេសថៃ មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់ខេត្តចំនួន៥ ប៉ះពាល់ដល់ ប្រជាពលរដ្ឋប្រហែល ៧០.០០០ គ្រួសារ ។ សារព័ត៌មាន Bangkok Post បានរាយការណ៍ថា មនុស្សម្នាក់នៅតែបាត់ខ្លួននៅឡើយ។ទោះជាយ៉ាងណាក៏ដោយ កម្រិតទឹកជំនន់កំពុងស្រកចុះបណ្ដើរៗ។ នៅប្រទេសជិតខាងម៉ាឡេស៊ី ភ្លៀងធ្លាក់ខ្លាំង បានឆក់យកជីវិតមនុស្សម្នាក់ និងបានប៉ះពាល់ដល់មនុស្សជាង ៤០.០០០នាក់ នាក់នៅទូទាំងប្រទេស។ សារព័ត៌មាន Free Malaysia Today ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ បានរាយការណ៍ថា ធនាគារម៉ាឡេស៊ីបាននិយាយថា ពួកគេនឹងផ្តល់ជំនួយហិរញ្ញវត្ថុ រួមទាំងការសងប្រាក់កម្ចី និងការលើកលែងការបង់ការប្រាក់ធនាគារ ដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ៕

មនុស្ស ៤០នាក់ទៀត បានស្លាប់នៅក្នុងទឹកជំនន់ និងបំណាក់ដីនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

2023/12/28 08:39:49 am        221
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤០ នាក់ទៀតបានស្លាប់នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់កាលពីថ្ងៃអង្គារ បង្កឲ្យមានទឹកជំនន់ និងបំណាក់ដី ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យក្រុមអ្នកស្រុកជីកកកកាយដីល្បប់ដើម្បីស្វែងរកសាកសព។ សារព័ត៌មាន Reuters បាននិយាយថា កាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៊ូកាវ៉ូ (Bukavu) បុរសមួយក្រុមបានទាញរថយន្តចេញពីល្បប់ ដើម្បីទាញយកសាកសពនារីម្នាក់ចេញពីក្រោមរថយន្តនោះ។ យោងតាមមន្រ្តីនៅកន្លែងកើតហេតុទាំងពីរ មនុស្សយ៉ាងហោចណាស់នាក់ នាក់បានស្លាប់នៅក្នុងទីក្រុងប៊ូកាវ៉ូ ហើយមនុស្សយ៉ាងហោចណាស់ ២០ នាក់ទៀតត្រូវបានសម្លាប់នៅក្នុងភូមិប៊ូរីនអ៊ី (Burinyi) ចម្ងាយ ៥០ គីឡូម៉ែត្រពី ទីក្រុង ប៊ូកាវ៉ូ (Bukavu)។ មន្ត្រីក្រុងប៊ូកាវ៉ូ លោក អេម៉ានូអែល ម៉ាជីវ៉ូណូ កាលីមបា (Emmanuel Majivuno Kalimba) បានប្រាប់សារព័ត៌មាន Reuters នៅកន្លែងកើតហេតុថា នៅពេលមានភ្លៀងធ្លាក់ ផ្លូវទឹកសំខាន់ត្រូវបានស្ទះ ពេលខ្លះដោយសារតែកាកសំណល់ ដូច្នេះទើបបណ្ដាលឲ្យទឹកជន់លិច ហើយបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនរបស់ប្រជាពលរដ្ឋ។ការបំផ្លិចបំផ្លាញពេញមួយយប់បន្ទាប់ពីការស្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់នៅក្នុងខេត្ត កាសៃ សែនត្រល(Kasai-Central)កាលពីថ្ងៃអង្គារ នៅពេលបំណាក់ដីបានបាក់ធ្លាក់គ្របសង្កត់ លំនៅឋាន ព្រះវិហារ និងផ្លូវថ្នល់ ជាច្រើន ដោយបានសម្លាប់មនុស្សមួយគ្រួសារទាំងមូល និងធ្វើឱ្យមនុស្សជាច្រើនទៀត គ្មានផ្ទះសម្បែង៕

រថយន្ដ Hammer បុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ សមត្ថកិច្ចរកឃើញរថយន្ដហើយ នៅឡើយម្ចាស់បន្តរត់គេច

2023/12/27 07:42:41 pm        217
ភ្នំពេញ៖ យោងតាមផេកហ្វេសបុកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ករណីរថយន្ដ Hammer បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញរកឃើញរថយន្ដហើយ។ ដូច្នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាក្នុងនាមស្នងការដ្ឋាន បញ្ជាឲ្យស្រាវជ្រាវដោយយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត។គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្តីប្រពន្ធនិងកូន ជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្តមិនចាំម៉ាក១គ្រឿង បើកបុកពេញទំហឹងបណ្តាលឲ្យស្លាប់ប្រពន្ធនៅកន្លែងកើតហេតុ រីឯប្តីនិងកូនស្លាប់បន្ទាប់ពី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ដែលហេតុការណ៍នេះបានកើតហេតុនៅនៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយវិថីព្រះសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះ គាត់បានឃើញរថយន្តបង្ក មានពណ៌ខ្មៅ មិនចាំម៉ាក និងមិនចាំស្លាកលេខនោះទេ បានបើកបរក្នុងល្បឿនលឿនពីក្រោយគាត់ ទិសដៅស្របទិសគ្នា ដោយសារសម្លេងលឺ និងល្បឿនលឿនខ្លាំង គាត់បានអែបម៉ូតូទៅកៀន ស្រាប់តែឃើញរថយន្តបង្ក បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ និងកូនក្មេងប្រុសវ័យប្រមាណជាង២ខួបម្នាក់ ត្រូវបានខ្ទាតជាមួយនិងម៉ូតូ១គ្រឿង ដែលអ្នកទាំង៣កំពុងតែជិះឌុបគ្នា៕អត្ថបទ៖ កុម្ភៈ

មេបញ្ជាការយោធាអ៊ុយក្រែន ទទួលស្គាល់ពីការដកកងទ័ពទៅជាយក្រុងសំខាន់ៗ

2023/12/27 02:38:21 pm        128
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសថា កងទ័ពអ៊ុយក្រែន បានដកខ្លួនទៅកាន់ជាយក្រុង Maryinka ជាទីក្រុងសំខាន់មួយនៅតំបន់ភាគខាងកើតតំបន់ Donetsk ។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្រាប់ ប្រធានាធិបតី លោក Vladimir Putin ថា កងកម្លាំងរបស់រុស្ស៊ី រំដោះបានទាំងស្រុងទីក្រុង Maryinka ។ លោក Putin បាននិយាយថា លោកផ្តល់ដំណើរការចូលរបស់យោធា ទៅដល់ «កន្លែងប្រតិបត្តិការកាន់តែទូលំទូលាយ» ។ទន្ទឹមនឹងនេះ កងកម្លាំងទ័ពអាកាសប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល ទៅលើកំពង់ផែ Feodosiia តំបន់គ្រីម៉េ ហើយបានបំផ្លាញនាវាធុនធំមួយគ្រឿងកំពុងចត ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកប្រចាំនៅសមុទ្រខ្មៅរបស់រុស្ស៊ី។ រុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់គ្រីម៉េជាឯកតោភាគី កាលពីឆ្នាំ ២០១៤។ អ្នកនាំពាក្យរបស់កងទ័ពកម្លាំងទ័ពអាកាស បាននិយាយថា នាវានោះនឹងមិនអាចជួសជុលបាន ហើយបាននិយាយថា លទ្ធផលនេះកើតមានបន្ទាប់ពីការបំផ្លាញនាវា Moskva ជានាវាចម្បាំងរបស់កងទ័ពជើងទឹកនៅសមុទ្រខ្មៅរបស់រុស្ស៊ី កាលពីខែមេសាឆ្នាំ ២០២២។ អ្នកនាំពាក្យបាននិយាយបន្ថែមថា ការវាយប្រហារ ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាផ្គត់ផ្គង់នៅក្បែរនោះផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Shoigu បានជម្រាបប្រាប់ លោក Putin អំពីការវាយប្រហាររបស់អ៊ុយក្រែន និងការខូចខាតនាវាដែលកំពុងចត។ រដ្ឋមន្ត្រីការពារជាតិ ចក្រភពអង់គ្លេស លោក ហ្គ្រាន់ ស្សាប(Grant Shapps) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ការបំផ្លាញចុងក្រោយនៃកងទ័ពជើងទឹករបស់លោក Putin បង្ហាញថា អ្នកទាំងឡាយណា ដែលជឿថា មានភាពជាប់គាំងក្នុងសង្គ្រាមអ៊ុយក្រែន គឺខុសហើយ»។លោកនិយាយថា ពួកគេមិនបានកត់សំគាល់នោះទេថា ក្នុងរយៈពេលជាង ៤ ខែកន្លងទៅនេះ ២០ភាគរយ នៃកងនាវានៅសមុទ្រខ្មៅរបស់រុស្ស៊ីត្រូវបានបំផ្លាញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2025 08:09 PM
រ៉្វាន់ដា៖ ការអំពាវនាវរបស់កុងហ្គោឲ្យ UN ទទួលស្គាល់មាន «អំពើប្រល័យពូជសាសន៍» គឺជាទង្វើ «ល្ងង់ខ្លៅ»
09/10/2025 08:09 PM
វិមានក្រឹមឡាំងបដិសេធមិនធ្វើអត្ថាធិប្បាយ ជុំវិញឧប្បត្តិហេតុយានដ្រូន នៅប៉ូឡូញ
09/10/2025 07:09 PM
ក្រុមបារាំងកៀរគរគ្នាដើម្បីបេតិកភណ្ឌកម្ពុជា
09/10/2025 07:09 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការរំលោភរបស់រុស្ស៊ីលើដែនអាកាសប៉ូឡូញ គឺជា «ធ្វេសប្រហែសខ្លាំងណាស់»
09/10/2025 07:09 PM
សមាជិកព្រឹទ្ធសភាអូស្ត្រាលីស្តាំនិយម ត្រូវបណ្តេញចេញពីក្រសួងស្រមោល ជុំវិញការអត្ថាធិប្បាយប្រឆាំងឥណ្ឌា
09/10/2025 06:09 PM
ក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ទទួលបាន ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”
09/10/2025 06:09 PM
ក្រុមហ៊ុនអាកាសចរណ៍ JAL រងការព្រមានជាលើកទី២ ពាក់ព័ន្ធនឹងអ្នកបើកបរយន្តហោះស្រវឹង
09/10/2025 06:09 PM
ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM