គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

ចំហេះព្រៃនៅប្រទេសក្រិក ឆាបឆេះតំបន់មួយមានទំហំធំជាងទីក្រុងញ៉ូវយ៉ក

2023/08/30 11:58:52 am        77
ក្រិក៖ យោងទៅតាមការិយាល័យបម្រែបម្រួលអាកាសធាតុ Copernicus គាំទ្រដោយសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី២៩ ខែសីហា បានឲ្យដឹងថាចំហេះព្រៃដែលកំពុងឆាបឆេះនៅប្រទេសក្រិកភាគឦសានរយៈពេល១៥ថ្ងៃ បានបំផ្លា្ញញតំបន់មួយធំជាងទីក្រុងញ៉ូវយ៉ក។ ដោយត្រូវបានបង្កឡើងដោយខ្យល់បោកបក់មានកម្លាំងសន្ទុះខ្លាំង និងអាកាសធាតុក្តៅ ចំហេះដែលបានចាប់ផ្តើមនៅជិតទីក្រុង អាឡិចសានដ្រូប៉ូលីស(Alexandroupolis) បានរាលដាលយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ Evros ។ ចំហេះនេះបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់កាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំហេះនេះឆក់យកជីវិតមនុស្សច្រើនបំផុតនៅអឺរ៉ុបក្នុងរដូវក្តៅនេះ។ អ្នកនាំពាក្យស្នងការអឺរ៉ុប បានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងផ្តល់ជំនួយបន្ទាន់របស់ស្ថាប័ននេះ។ គួឲ្យកត់សំគាល់ខ្លាំងបំផុតនៅក្នុងតំបន់ អាឡិចសានដ្រូប៉ូលីស(Alexandroupolis) ប្រទេសក្រិក ដែលយើងកំពុងប្រឈមមុខចំហេះព្រៃធំបំផុតមិនធ្លាប់មានដែលបានកត់ត្រានៅសហភាពអឺរ៉ុប។ នៅក្នុងបរិបទនេះ យើងបានដាក់ពង្រាយយន្តហោះ១២គ្រឿងមកពីកងក្រុមសង្គ្រោះរួមគ្នាដែលមានអ្នកពន្លត់អគ្គិភ័យជាង៤០០នាក់និងរថយន្ត៦០គ្រឿង។ យន្តហោះ និងក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់មកពីប្រទេសស៊ែរប៊ី ស្លូវ៉ាគី សាធារណរដ្ឋឆែក និងប្រទេសអាល់បានី កំពុងប្រយុទ្ធទប់ទល់នឹងអណ្តាតភ្លើង។ មេបញ្ជាការសាធារណៈរដ្ឋឆែក លោក Jiri Nemcik និយាយថា វាពិតជាលំបាកខ្លាំងដោយយោងទៅតាមសីតុណ្ហភាព ខ្យល់ និងទំហំ ឬកន្លែងចន្លោះនៅកន្លែងមានអគ្គិភ័យ។ ការិយាល័យគ្រប់គ្រងគ្រោះអាសន្ន Copernicus បាននិយាយថា អគ្គិភ័យបានបំផ្លាញលើផ្ទៃដីយ៉ាងហោចណាស់ ៣១០ម៉ាយស៍ក្រឡា។ ទីក្រុងញ៉ូវយ៉កមានទំហំ៣០០.៥ម៉ាយក្រឡា។ អ្នកស្លាប់ទាំងអស់លើកលែងតែម្នាក់ ត្រូវបានគេសន្និដ្ឋានថាជាជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសទួរគី។ អាជ្ញាធរព្រួយបារម្ភថាសាកសពបន្ថែមទៀត អាចត្រូវបានរកឃើញនៅពេលអណ្តាតភ្លើងត្រូវបានពន្លត់ ខណៈតំបន់ Evros ពេញនិយមក្នុងការឆ្លងកាត់ចូលទៅអឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍និងជនភៀសខ្លួនរាប់ពាន់នាក់ជារផងរាល់ឆ្នាំ។ ចំហេះព្រៃនៅរដូវក្តៅ គឺជារឿងធម្មតានៅក្នុងប្រទេសក្រិក ប៉ុន្តែរដ្ឋាភិបាល និយាយថា ស្ថានភាពអាកាសធាតុក្តៅខ្លាំង ដែលក្រុមអ្នកវិទ្យាសាស្ត្រពាក់ព័ន្ធទៅនឹងបម្រែបម្រួលអាកាសធាតុ និយាយថាវាកាន់តែធ្ងន់ធ្ងរនៅឆ្នាំនេះ៕

មេដឹកនាំគណបក្សប្រឆាំង៖ភាពឯកោរបស់ប្រទេសបេឡារុសប្រឈមនឹងធ្វើឲ្យពលរដ្ឋជាប់ក្នុងស្ថានភាពដ៏លំបាក

2023/08/30 11:20:26 am        368
បេឡារុស៖ គណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងនៅប្រទេសបេឡារុស ដែលកំពុងនិរទេសខ្លួន កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលវិបាកនៃភាពឯកោកាន់តែកើនឡើងរបស់ប្រទេសរបស់ពួកគេ ដោយ សារតែសម្ព័ន្ធភាពរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមលើអ៊ុយក្រែន។ពួកគេ បារម្ភថា រដ្ឋបាល់ទិកដែលកំពុងរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសបេឡារុស ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីសង្គ្រាមរបស់ទីក្រុងមូស្គូ នឹងធ្វើឲ្យប្រជាជនរបស់ខ្លួនជាប់នៅក្រោមរបបផ្តាច់ការរបស់ប្រធានាធិបតីបេឡារុស គឺលោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko)។ប្រទេសប៉ូឡូញ មានផែនការបញ្ជូនកងទ័ពចំនួន១០.000 នាក់ទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស ខណៈដែលប្រទេសលីទុយអានីកាលពីសប្តាហ៍មុន បានបិទច្រកព្រំដែនចំនួនពីរ។ សហរដ្ឋអាមេរិកក្នុងខែនេះ បានព្រមានពលរដ្ឋអាមេរិកនៅក្នុងប្រទេសបេឡារុសឲ្យចាកចេញពីប្រទេសជាបន្ទាន់ ដោយនិយាយថា ការបិទបន្ថែមទៀតនៅតាមព្រំដែនជាមួយប្រទេសលីទុយអានី ឡាតវី និងប៉ូឡូញ ដូចការរំពឹង   ទុក។លោកស្រី ស្វៀតថ្លាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) មេដឹកនាំប្រជាធិបតេយ្យបេឡារុសដែលកំពុងនិរទេសខ្លួននៅទីក្រុងវីលនីញូស (Vilnius) កំពុងព្រមានថា បេឡារុស មិនគួរត្រូវបានទុកជារង្វាន់លួងលោម»សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើអឺរ៉ុប និងប្រទេសលោកខាងលិច បិទប្រទេសនេះ ចំពេលការប្រយុទ្ធ ដើម្បីអ៊ុយក្រែន៕

ប្រទេសហ្វាំងឡង់បានរាប់ចំនួនជម្រកគ្រាប់បែករបស់ខ្លួន ហើយរកឃើញចំនួន៥០.៥០០

2023/08/30 11:07:18 am        326
ហ្វាំងឡង់៖ ក្រសួងមហាផ្ទៃ បាននិយាយថា ប្រទេសហ្វាំងឡង់ បានបញ្ចប់ការរាប់ចំនួនលេណដ្ឋានដែលមានស្រាប់របស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដែលជំរុញដោយការលុកលុយរបស់ប្រទេសជិតខាងគឺរុស្សីទៅលើអ៊ុយក្រែន កាលពីឆ្នាំមុន ហើយបានរកឃើញថាវាមានចំនួន ៥០.៥០០នៃចំនូនសរុប។ប្រទេសហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ ក្នុងខែមេសា ក្នុងការផ្លាស់ប្តូរគោលនយោបាយសន្តិសុខជាប្រវត្តិសាស្ត្រ ប៉ុន្តែ ប្រទេសនេះបានបន្តរៀបចំសម្រាប់លទ្ធភាពនៃជម្លោះជាមួយប្រទេសរុស្ស៊ីអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីបានប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងឈ្លានពានរបស់សហភាព សូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទី២។ប្រទេសអឺរុបខាងជើង (Nordic) ដែលមានការប្រុងប្រយ័ត្ន បានធ្វើការសាងសង់ជម្រកសង្គ្រោះបន្ទាន់ជា កាតព្វកិច្ច នៅក្រោមប្លុកផ្ទះល្វែង និងអគារការិយាល័យ នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលបញ្ជាក់ពីចំនួនខ្ពស់បច្ចុប្បន្នរបស់ពួកវាទាំងនោះ។ក្រសួងបាននិយាយថា ជំរឿនរបស់រដ្ឋាភិបាលបានសន្និដ្ឋានថា ប្រទេសខាងអឺរុបខាងជើងដែលមានប្រជាជនចំនួន ៥,៥លាននាក់មានលេណដ្ឋានចំនួន ៥០.៥០០ ដែលអាចដាក់ប្រជាជនចំនួន ៤.៨លាននាក់ នៅក្នុងនោះ ក្នុងករណីមានអាសន្ន ឬការវាយប្រហារកើតឡើង៕

UN៖មនុស្សយ៉ាងហោចណាស់១៨៣នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នាក្នុងតំបន់Amhara ប្រទេសអេត្យូពី

2023/08/30 11:01:08 am        358
UN៖អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់១៨៣នាក់ ត្រូវបានគេសម្លាប់ ចាប់តាំងពីខែកក្កដា នៅក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់អាមហារ៉ា ( Amhara)នៃប្រទេសអេត្យូពី ខណៈដែលខ្លួនបានអំពាវនាវឲ្យបញ្ចប់ការសម្លាប់មនុស្ស អំពើហិង្សា និងការរំលោភសិទ្ធិ។ភាពតានតឹងនៅក្នុងតំបន់ភាគខាងជើង បានកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការបញ្ចប់សង្គ្រាមបំផ្លិចបំផ្លាញនៅក្នុងតំបន់ជិតខាងគឺទីហ្គ្រេ (Tigray) ដែលបានទាក់ទាញក្រុមយុទ្ធជនពីតំបន់អាមហារ៉ាផងដែរ។អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្ស UN លោកស្រី ម៉ាតា ហ៊ូតាដូ (Marta Hurtado) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសិទ្ធិមនុស្សដែលកាន់តែយ៉ាប់យ៉ឺន នៅក្នុងតំបន់មួយចំនួននៃប្រទេសអេត្យូពី។«នៅក្នុងតំបន់អាមហារ៉ា បន្ទាប់ពីមានការផ្ទុះឡើងនៃការប៉ះទង្គិចគ្នារវាងយោធាអេត្យូពី និងកងជីវពលហ្វាណូ (Fano) ក្នុងតំបន់ និងការប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃទី៤ ខែសីហា ស្ថានភាពនោះ កាន់តែអាក្រក់ទៅៗ៕

ចិន៖ ភ្លើងខៀវ ពីប្រទេសមួយចំនួន មិនមែនមានន័យថា ជប៉ុនអាចបញ្ចេញទឹកសំណល់មានសារធាតុនុយក្លេអ៊ែរតាមអំពើចិត្តនោះទេ

2023/08/30 10:38:30 am        394
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វីនប៊ិន (Wang Wenbin) បាននិយាយកាលពីថ្ងៃអង្គារថាភ្លើងខៀវដែលផ្តល់ដល់ប្រទេសជប៉ុនដោយប្រទេសមួយចំនួន ចេញពីហេតុផលនយោបាយ មិនមែនមានន័យថា ប្រទេសជប៉ុនអាចដំណើរការដោយគ្មានឧបសគ្គចំពោះវិធីរបស់ខ្លួនក្នុងការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រនោះទេ។លោកWangធ្វើសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងប៉េកាំង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់ប្រទេសជប៉ុនដែលថាសហរដ្ឋអាមេរិកគាំទ្រការបង្ហូរសំណល់ទឹកមានសារធាតុវិទ្យុកម្មរបស់ខ្លួនចូលទៅមហាសមុទ្រដែលខ្លួននិយាយថាជា"សំឡេងរបស់សហគមន៍អន្តរជាតិ" ។លោក Wang និយាយថាមានប្រទេសជិត ២០០ នៅលើពិភពលោក។ យើងមើលមិនឃើញថាតើ   ជប៉ុនអាចដាក់ឈ្មោះប្រទេសណាក្រៅពីសហរដ្ឋអាមេរិកដែលគាំទ្រជាសាធារណៈចំពោះការបង្ហូរចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែររបស់ជប៉ុននោះទេ។ រដ្ឋាភិបាលជប៉ុនមិនគួរមើលរំលងចំពោះបញ្ហានេះឡើយ។ នៅតែបោកបញ្ឆោតខ្លួនឯង។  លោកWang សង្កត់ធ្ងន់ថា ប្រទេសមួយចំនួនកំពុងគាំទ្រដល់ចលនាអាត្មានិយមរបស់ជប៉ុន ចេញពីហេតុផលនយោបាយ ហើយទង្វើរបស់ជប៉ុនបានឆ្លុះបញ្ចាំងឲ្យឃើញថា ខ្លួនបានដាក់អំណាច និងផលប្រយោជន៍អាត្មានិយមរបស់ខ្លួន លើសពីផលប្រយោជន៍ទូលំទូលាយរបស់សហគមន៍អន្តរជាតិ។កាលពីឆ្នាំ ២០១១ ស្នូលនៃម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ នៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដៃអ៊ិឈិ ( Fukushima Daiichi) ក្នុងប្រទេសជប៉ុនបានរលាយបន្ទាប់ពីមានការរញ្ជួយដី និងរលកយក្សស៊ូណាមិ។ រហូតមកដល់ពេលនេះ ទឹកសំណល់នុយក្លេអ៊ែរចំនួន ១,៣ លានតោនត្រូវបានផ្ទុកនៅក្នុងរោងចក្រនេះ រួមទាំងទឹកផ្ដល់សីតុកម្មម៉ាស៊ីនរ៉េអាក់ទ័រ ទឹកក្រោមដី និងទឹកភ្លៀង ហើយបរិមាណទឹកនៅតែកើនឡើង៕

សពរបស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី លោក Prigozhin ត្រូវបានបញ្ជុះ ក្នុងពិធីបុណ្យសម្ងាត់មួយ

2023/08/30 10:31:40 am        204
រុស្ស៊ី៖ លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី ត្រូវបានគេបញ្ចុះនៅទីក្រុង St Petersburg ក្នុងពិធីបុណ្យសម្ងាត់មួយ កាលពីថ្ងៃអង្គារ (៣០សីហា) រយៈពេល៦ថ្ងៃបន្ទាប់ពីការធ្លាក់យន្តហោះឯកជនដែលមិនអាចពន្យល់បាន ដោយគេជឿថាហេតុការណ៍នោះបានធ្វើឲ្យលោក Prigozhin ស្លាប់ ។ហើយការសម្ងាត់ជុំវិញការរៀបចំពិធីបុណ្យសពដែលបិទជិតនោះ មានន័យថា មិនអាចមានការបង្ហាញទ្រង់ទ្រាយធំនៃការគាំទ្រសម្រាប់អ្នកធ្វើការបះបោររយៈពេលខ្លីដ៏ធំកាលពីខែមិថុនា ដែលជាការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានចំពោះការគ្រប់គ្រងរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នោះទេ។យោងតាមវិមានក្រឹមឡាំងបានឲ្យដឹងថា លោក ពូទីន មិនបានចូលរួមក្នុងពិធីនោះទេ។ ក្រុមអាជ្ញាធររុស្ស៊ីមិនបាននិយាយថា ហេតុអ្វីបានជាយន្តហោះធ្លាក់នោះទេ ហើយវិមានក្រឹមឡាំងបានច្រានចោលការរំពឹងទុកដែលថា លោកពូទីនបានបញ្ជាឱ្យសម្លាប់លោក Prigozhin ជុំវិញការបះបោរនេះថាជា «រឿងកុហកទាំងស្រុង»។អ្នកភូមិដែលរស់នៅក្បែរកន្លែងធ្លាក់យន្តហោះនោះ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា នៅពេលនោះថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំង មុនពេលឃើញយន្តហោះធ្លាក់។ ជាមួយគ្នានេះដែរ សេតវិមានរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ (២៩សីហា) បាននិយាយថា វិមានក្រឹមឡាំង របស់រុស្ស៊ី អាចជាអ្នកទទួលខុសត្រូវក្នុងការស្លាប់របស់លោក Prigozhin នេះ។ យន្តហោះឯកជន ដែលបានធ្លាក់នោះមានកំណត់ត្រាសុវត្ថិភាពល្អ ហើយមានឧបទ្ទវហេតុតែម្ដងគត់ក្នុងរយៈពេល២០ឆ្នាំនៃការហោះហើរ ដែលមិនទាក់ទងនឹងបញ្ហាមេកានិចនោះទេ៕

ប្រធានាធិបតីអ៊ីរ៉ង់ លោកRaisi អំពាវនាវឲ្យប្រទេសជប៉ុន បញ្ចេញមូលនិធិ ដែលត្រូវបានបង្កកនោះ មកវិញ បន្ទាប់មកធ្វើការផ្លាស់ប្តូរជំហរ

2023/08/30 10:24:50 am        86
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានអំពាវនាវដល់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដើម្បីបង្ហាញពីឯករាជ្យភាពរបស់ខ្លួនពីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ចេញទ្រព្យសម្បត្តិរបស់ទីក្រុងតេអេរ៉ង់ដែលត្រូវបានបង្កក ចំពេលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយបន្ទាប់មក បាននិយាយថា មូលនិធិអ៊ីរ៉ង់តែមួយគត់ដែលត្រូវបានរាំងខ្ទប់នោះ កំពុងត្រូវបានរក្សាទុកនៅក្នុងប្រទេសកូរ៉េខាងត្បូង។លោករ៉េស៊ី បាននិយាយនៅពេលអ្នកយកព័ត៌មានជប៉ុនសួរអំពីមូលនិធិដែលត្រូវបានបង្កកចំនួន១,៥ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនថា៖«ប្រទេសជប៉ុន គួរតែធ្វើសកម្មភាពដោយឯករាជ្យពីសហរដ្ឋអាមេរិក ដោយបញ្ចេញមូលនិធិដែលត្រូវបានរាំងខ្ទប់របស់យើង»។បន្ទាប់មក លោកហាក់ដូចនិយាយផ្លាស់ប្តូរជំហររបស់ខ្លួនវិញ។លោករ៉េស៊ី បានថ្លែងថា៖«ខ្ញុំត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ធនាគារកណ្តាលរបស់យើង បាននិយាយកាលពីដើមខែនេះថា យើងគ្រាន់តែមានមូលនិធិបង្កកដោយអយុត្តិធម៌នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិផ្សេងទៀតទាំងអស់នៅបរទេស គឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ធនាគារកណ្តាលរបស់អ៊ីរ៉ង់»។ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលពលរដ្ឋអាមេរិកចំនួន៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានដោះលែងជាថ្នូរនឹងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ចំនួន៦ ពាន់លានដុល្លារ ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូង៕

នគរបាលប្រេស៊ីល បានសម្លាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការសម្លាប់រង្គាលនៅក្នុងរដ្ឋ Bahia

2023/08/30 10:21:41 am        91
ប្រេស៊ីល៖ ការិយាល័យសន្តិសុខរដ្ឋបាននិយាយកាលពីថ្ងៃអង្គារ (២៩សីហា)ថា នគរបាលនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល បានសម្លាប់បុរសពីរនាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្ស ៩នាក់នៅក្នុងទីក្រុង Mata de Sao Joao ខណៈដែលជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួន។សពមនុស្សឆេះខ្លោច៩នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទ (២៨ សីហា) នៅក្នុងលំនៅឋាន២ខ្នងក្នុងទីក្រុង Mata de Sao Joao។ នគរបាលបាននិយាយថា ជនរងគ្រោះ៣នាក់ក្នុងចំនោមជនរងគ្រោះទាំងនោះជាកុមារ ហើយនគរបាលកំពុងបន្តស៊ើបអង្កេតពីមូលហេតុដែលបង្កឱ្យមានការសម្លាប់រង្គាលនេះ។លោក Christiane Inocencia Coelho នាយនគរបាលក្រុង Mara de Sao Joao បាននិយាយថា អំពើហិង្សា និងឧក្រិដ្ឋកម្មបានកើនឡើងនាពេលថ្មីៗនេះនៅក្នុងតំបន់ ដែលនាំឱ្យមានឧក្រិដ្ឋកម្មបែបនេះ។ ការិយាល័យសន្តិសុខបាននិយាយថា ជនដៃដល់ត្រូវបានកងកម្លាំងសន្តិសុខ កំណត់ទីតាំងបាននៅក្នុងតំបន់ព្រៃនៃទីក្រុងនេះ ជាទីដែលពួកគេកំពុងលាក់ខ្លួន។ ការបាញ់គ្នាមួយបានផ្ទុះឡើងនៅពេលនគរបាលបានរកឃើញពួកគេ ។សេចក្តីថ្លែងការណ៍នោះបាននិយាយថា ជនសង្ស័យទី៤ នៅតែមិនទាន់ចាប់បាននៅឡើយ ជាមួយនឹងការខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីស្វែងរក។ កាំភ្លើងខ្លី២ដើម គ្រាប់រំសេវ វិទ្យុទាក់ទង និងគ្រឿងញៀន ត្រូវបានដកហូតពីជនសង្ស័យ៕

មនុស្សយ៉ាងហោចណាស់៣នាក់ បានស្លាប់បន្ទាប់ពីលំហូរល្បប់នៅអណ្តូងរ៉ែ ប្រទេសបូលីវី

2023/08/30 10:18:57 am        86
បូលីវី៖ ក្រុមមន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពមនុស្ស៣នាក់ ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីនៅក្នុងអណ្តូងរ៉ែមួយក្នុងទីក្រុង Mapiri ប្រទេសបូលីវី កាលពីថ្ងៃអង្គារ (២៩ សីហា)។ កាលពីថ្ងៃអាទិត្យ (២៧ សីហា) បំណាក់ដីមួយបានធ្វើឲ្យកម្មកររ៉ែជាច្រើននាក់ជាប់នៅក្នុងដី។ យោងតាមអ្នករស់រានមានជីវិតដែលបានសម្ភាសនៅតំបន់គ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយអ្នករុករករ៉ែមិនអាចគេចខ្លួនបានឡើយ។ឮយោងតាមលោក Juan Carlos Calvimontes អនុរដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសបូលីវី បានឲ្យដឹងថា គេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅជាប់ក្រោមដីនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកនៅតែបន្តនៅទីតាំងកើតហេតុនោះ៕

UN ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មនៅនីហ្សេ ក្នុងពេលមានការបិទជំនួយ

2023/08/30 09:09:33 am        243
UN៖ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ កំពុងរារាំងជំនួយមនុស្សធម៌ដ៏សំខាន់ ដូចជាស្បៀងអាហារ និងថ្នាំពេទ្យ ដោយនិយាយថា សំណើសម្រាប់ការលើកលែងត្រូវបានផ្ញើទៅកាន់ប្លុកប្រចាំតំបន់សហគមន៍សេដ្ឋកិច្ចនៃតំបន់អាហ្រ្វិកខាងលិច«ECOWAS» ។ រថយនន្តដឹកទំនិញជាច្រើនគ្រឿងមានដឹកអាហារ និងជំនួយមនុស្សធម៌ បានមកកកុញនៅព្រំដែនដីគោកប្រទេសនីហ្សេ ចាប់តាំងពីរដ្ឋប្រហារយោធានៅថ្ងៃទី២៦ ខែកក្កដា ដែលបានជំរុញឲ្យតម្លៃអាហារហក់ឡើង ក្នុងសញ្ញាមួយនៃផលប៉ះពាល់ដោយសារទណ្ឌកម្ម។ ការបិទជំនួយ ត្រូវបានរៀបចំដើម្បីដាក់គំនាបលើរបបយោធាដើម្បីឲ្យប្រធានាធិបតីលោក Mohamed Bazoum ចូលកាន់តំណែងវិញ។ ជើងហោះហើរដឹកជំនួយរបស់អង្គការសហប្រជាជាតិបានជាប់គាំងព្រោះតែជើងហោះហើរទាំងនេះពុំអាចដំណើរការប្រេងឥន្ធនៈយន្តហោះព្រោះតែការដាក់ទណ្ឌកម្ម ដែលកំពុងធ្វើឲ្យស្មុគស្មាញកិច្ចប្រឹងប្រែងផ្តល់ជំនួយនៅក្នុងប្រទេសធំមួយនេះ។ លោក Emmanuel Gignac អ្នកតំណាងទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ប្រចាំប្រទេសនីហ្សេ ក៏បានសម្តែងការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជននីហ្សេ ជាពិសេសក្នុងចំណោមពលរដ្ឋភៀសខ្លួនដោយបង្ខំចំនួន៧សែននាក់ បន្ទាប់ពីការកើនឡើងខ្លាំងក្នុងការការពារឧបទ្ទវហេតុដូចជាការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទចាប់តាំងពីរដ្ឋប្រហារ។អ្នកនាំពាក្យទីភ្នាក់ងារកុមារអង្គការសហប្រជាជាតិ បាននិយាយថាទឹកដោះគោព្យាបាលមេរោគ និងមុខទំនិញអាហារផ្សេងទៀត បានជាប់គាំងនៅព្រំដែនប្រទេសនីហ្សេ ខណៈវ៉ាក់សាំងជំងឺគ្រុនលឿង និងវ៉ាក់សាំងបន្តក់ការពារវីរុសជាងមួយលានដូសពុំអាចត្រូវបានដឹកជញ្ជូនតាមយន្តហោះចូលមកបានពីសហភាពអឺរ៉ុប ដោយសារតែការបិទដែនអាកាស។ លោកបាននិយាយថា ទីភ្នាក់ងារមានការព្រួយបារម្ភអំពីដូសវ៉ាក់សាំងប្រមាណ២៨លានដូស ដែលស្តុកទុកនៅខាងក្នុងប្រទេសនេះ ដោយ៩៥ភាគរយនៃឃ្លាំងបច្ចុប្បន្ន រងការដាច់ចរន្តអគ្គិសនី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចកំណត់បានហើយក្រុមមនុស្សដែលវាយបំផ្លាញរថយន្តនៅខណ្ឌដូនពេញ បើមិនចូលខ្លួននឹងមានវិធានការច្បាប់
04/17/2026 09:04 PM
អ្នកវិទ្យាសាស្ត្របកស្រាយប្រវត្តិភូគព្ភសាស្ត្រនៃជ្រលងភ្នំ Grand Canyon
04/17/2026 08:04 PM
វិមានក្រឹមឡាំង៖ សហប្រតិបត្តិការយានដ្រូនរបស់អឺរ៉ុបជាមួយអ៊ុយក្រែន គឺជាការចូលរួមខ្លាំងឡើងៗ នៅក្នុងសង្គ្រាម
04/17/2026 08:04 PM
អតីតប្រធានាធិបតីមីយ៉ាន់ម៉ា មានសេរីភាព ក្រោយការលើកលែងទោស ពាក់ព័ន្ធការផ្ដន្ទាទោសក្រោយរដ្ឋប្រហារ
04/17/2026 08:04 PM
UN៖ ស្រ្តី និងក្មេងស្រី ៤៧នាក់ ត្រូវបានសម្លាប់ក្នុង ១ថ្ងៃ អំឡុងសង្រ្គាមហ្កាហ្សា
04/17/2026 08:04 PM
លោក Macron និងលោក Starmer រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិសុខច្រកសមុទ្រ Hormuz
04/17/2026 08:04 PM
ប្រធានាធិបតីលីបង់ បញ្ជាក់ថា កិច្ចចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល គឺ «សំខាន់ណាស់»
04/17/2026 07:04 PM
មនុស្ស ៦នាក់ ស្លាប់ និងមនុស្ស ៤៣នាក់ រងរបួសនៅអ៊ុយក្រែន ក្នុងការវាយប្រហាររបស់រុស្ស៊ី រយៈពេល ១ថ្ងៃកន្លងមកនេះ
04/17/2026 07:04 PM
រដ្ឋមន្រ្តីការពារជាតិ៖ អ៊ីស្រាអែលនឹងបន្តគ្រប់គ្រងទឹកដីដែលពួកគេដណ្តើមបាននៅភាគខាងត្បូងលីបង់
04/17/2026 07:04 PM
អាល្លឺម៉ង់មិនចូលរួមបេសកកម្មច្រកសមុទ្រ Hormuz នោះទេ រហូតដល់សន្តិភាពសម្រេចបាន
04/17/2026 07:04 PM