ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់

សន្តិសុខ និង សង្គម

សហភាពអាហ្វ្រិក ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពីប្រទេសនីហ្សេ ខណៈរបបនេះបញ្ជូនសញ្ញាដ៏ច្របូកច្របល់

2023/08/15 12:51:55 pm        89
កាលពីថ្ងៃចន្ទ សហភាពអាហ្វ្រិក បានបើកកិច្ចពិភាក្សា ស្តីពីវិបត្តិនៅប្រទេសនីហ្សេ ខណៈអ្នកគ្រប់គ្រងក្រោយរដ្ឋប្រហាររបស់ប្រទេសនេះ បានបង្ហាញឥរិយាបថផ្គើនថែមទៀត ដោយចង្អុលបង្ហាញទៅរកផ្នែកការទូតសម្រាប់ដំណោះស្រាយជាសំខាន់។ ប៉ុន្តែកិច្ចពិភាក្សា នៅទីស្នាក់ការរបស់សហភាពអាហ្វ្រិក នៅក្នុងរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី គាប់ជួនគ្នា ជាមួយការកើនឡើងជុំវិញការំរាមធ្វើឡើងដោយរបបនេះដើម្បីកាត់ទោស ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីអាំណាចរបស់ប្រទេសនីហ្សេ។ ស្ថាប័នចលនាអាហ្វ្រិក បាននិយាយនៅក្នុងការបង្ហោះ ដែលគេស្គាល់ថាជាបណ្តាញTwitter ថា ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាពរបស់សហភាពអាហ្វ្រិក បានជួបប្រជុំគ្នាដើម្បីទទួលបានបច្ចុប្បន្នភាពលើការវិវឌ្ឍន៍នៃស្ថានភាពនៅក្នុងប្រទេសនីហ្សេ និងកិច្ចប្រឹងប្រែងដើម្បីដោះស្រាយ។អ្នកដែលចូលរួម រួមមាន ប្រធានគណៈកម្មាធិការសហភាពអាហ្វ្រិក លោក Moussa Faki Mahamat ព្រមទាំងអ្នកតំណាងមកពីប្រទេសនីហ្សេ និងប្លុកអាហ្វ្រិកខាងលិច ECOWAS។ប្រធានាធិបតីលោក Mohamed Bazoum ដែលការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងឆ្នាំ២០២១ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្រដែលជួបបញ្ហារបស់ប្រទេសនេះ ត្រូវបានផ្តួលរំលំ កាលពីថ្ងៃទី២៦ ខែកក្កដា ដោយសមាជិកកងអង្គរក្សប្រធានាធិបតី។

គណបក្សភឿថៃ មានការលំបាកក្នុងការមិនដាក់បញ្ចូលគណបក្សគាំទ្រយោធា ខណៈវិបត្តិនយោបាយឈានដល់រយៈពេល៣ខែ

2023/08/15 12:24:51 pm        113
ថៃ៖ ប្រទេសថៃនៅតែគ្មាននាយករដ្ឋមន្ត្រីថ្មី រយៈពេល៣ខែបន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ដោយគណបក្សភឿថៃ ដែលជាគណបក្សទទួលបានសំឡេងឆ្នោតគាំទ្រលំដាប់លេខពីរក្នុងការបោះឆ្នោត មានការលំបាកក្នុងការមិនដាក់បញ្ចូលឥទ្ធិពលរបស់គណបក្សយោធា ខណៈដែលខ្លួនព្យាយាមបង្កើតរដ្ឋាភិបាលថ្មី។ភាពជាប់គាំងនយោបាយចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងញត្តិមួយនៅមុនពេលតុលាការធម្មនុញ្ញរបស់ប្រទេសថៃ ដែលអះអាងថា ការបដិសេធរបស់សភាកាលពីខែមុនលើសំណើសុំតែងតាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ផ្ទុយនឹងរដ្ឋធម្មនុញ្ញឬយ៉ាងណានោះ។ប្រទេសមួយនេះ កំពុងស៊ូទ្រាំនឹងការរង់ចាំដ៏យូរបំផុតរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ សម្រាប់ការជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីការបោះឆ្នោតសកលមួយ ដោយមិនមានភាពច្បាស់លាស់ថា តើនៅពេលណាដែលការបោះឆ្នោតសភាបន្ទាប់ ក្នុងការជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីថ្មី នឹងត្រូវធ្វើឡើង។គណបក្សគាំទ្រយោធាកំពុងខិតចូលមកជិតបក្សភឿថៃ។ សមាជិកសភាគណបក្សគាំទ្រយោធា Palang Pracharath លោក Pai Leeke បាននិយាយថា សមាជិកសភាជាន់ទាបទាំង៤០រូបមកពីគណបក្សរបស់ខ្លួន នឹងបោះឆ្នោតឱ្យបេក្ខជនបក្សភឿថៃ ដោយគ្មានលក្ខខណ្ឌ ដោយបង្ហាញថាខ្លួនមានឆន្ទៈចូលរួមជាមួយក្រុមចម្រុះ ប្រសិនបើគណបក្ស ភឿថៃ ស្នើសុំ។ចំណុចអារម្មណ៍មួយសម្រាប់គណបក្សភឿថៃ ប្រសិនបើខ្លួនចូលរួមជាមួយបណ្ដាបក្សគាំទ្រយោធានោះ គឺការវិលត្រឡប់របស់អតីតនាយករដ្ឋមន្ត្រីដែលរស់នៅក្នុងនិរទេសភាពគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមេដឹកនាំគណបក្សនេះតាមជាក់ស្តែង ហើយការវិលត្រឡប់របស់លោក ថាក់ស៊ីន ត្រូវបានគេនិយាយថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយដើម្បីធ្វើការជាមួយក្រុមគាំទ្រយោធាផងដែរ៕

ជប៉ុនបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ស្តីពីសំណល់ទឹក ហ្វ៊គូស៊ីម៉ា

2023/08/15 12:21:44 pm        93
ជប៉ុន៖ តូក្យូ (១៥ សីហា)៖ ប្រទេសជប៉ុន បានបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់កូរ៉េខាងត្បូង អំពីឯកសារដែលត្រូវបានចោទប្រកាន់ថា ជាទូរលេខផ្លូវការរបស់ជប៉ុន ស្តីពីគម្រោងការបញ្ចេញសំណល់ទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានខូចខាតលេខ១ ចូលទៅក្នុងសមុទ្រ។ ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា របាយការណ៍នោះមិនមានមូលដ្ឋាននៅក្នុងការពិតទេ ហើយឯកសារនោះគឺជាការក្លែងបន្លំទាំងស្រុង។យោងតាមក្រសួងបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃចន្ទថា ទូរលេខដែលត្រូវបានចោទប្រកាន់ដោយក្រសួង បានបញ្ជាក់ថាការវាស់ស្ទង់សំណល់ទឹក ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ផ្ទុកទុកក្នុងអាងក្រោមដី កាលថ្ងៃទី៨ ខែកក្កដារបស់ក្រុមហ៊ុន TEPCO បានបង្ហាញពីកម្រិតវិទ្យុសកម្មលើសពីតួលេខស្ដង់ដារយ៉ាងច្រើន។ របាយការណ៍នោះក៏បាននិយាយផងដែរថា ប្រទេសជប៉ុន កំពុងពិចារណាលើការបំពេញតាមស្តង់ដារសុវត្ថិភាពដោយសម្លាប់មេរោគពីទឹកដែលបានធ្វើប្រព្រឹត្តកម្មរួចបន្ថែមទៀត។ក្រុហ៊ុន TEPCO គ្រោងនឹងបញ្ចេញសំណល់ទឹកពីរោងចក្រថាមពល ហ្វ៊ូគូស៊ីម៉ា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដែលបានរងការបំផ្លិចបំផ្លាញចំនួន៣ដងកាលពីខែមីនា ឆ្នាំ២០១១ ពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បន្ទាប់ពីបានធ្វើប្រព្រឹត្តកម្មតាមរយៈឧបករណ៍សម្អាត៕

ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសឥណ្ឌា កើនឡើងដល់ជិត៦០នាក់ហើយ

2023/08/15 12:19:06 pm        108
ឥណ្ឌា៖មនុស្សយ៉ាងហោចណាស់៥៨នាក់ បានបាត់បង់ជីវិត ដោយមនុស្ស៩នាក់ក្នុងចំណោមនោះបានស្លាប់នៅក្នុងការរលំវិហារសីវៈ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវគេបារម្ភថា បានបាត់ខ្លួនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌា នេះបើតាមក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ (១៤ សីហា) ។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានហូរនាំទៅនូវយានយន្ត បំផ្លាញអគារ និង ស្ពានជាច្រើន នៅភាគខាងជើងនៃរដ្ឋ Himachal Pradesh និងរដ្ឋ Uttarakhand ក្នុងប្រទេសឥណ្ឌា។ទឹកជំនន់ និងបំណាក់ដីជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយក្នុងអំឡុងរដូវមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុ កំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងររបស់គ្រោះធម្មជាតិទាំងនោះ។ នៅរដ្ឋ Himachal Pradesh មនុស្ស៥០នាក់ បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមានយ៉ាងហោចណាស់៩នាក់ បានស្លាប់នៅក្នុងការដួលរលំនៃវិហារសីវៈរបស់សាសនាហិណ្ឌូ ក្នុងរដ្ឋធានី Shimla នៃរដ្ឋនេះ។ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៨នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរចាប់តាំងពីថ្ងៃសុក្រនៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាងនោះ។ មនុស្សរាប់ពាន់នាក់ត្រូវបានជាប់គាំង ដោយផ្លូវសំខាន់ៗ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង ត្រូវបានរំខាន៕

អតិផរណាលក់រាយរបស់ឥណ្ឌា កើនឡើងលើតម្លៃម្ហូបអាហារ ដែលជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលលោក Modi

2023/08/15 12:14:27 pm        129
ឥណ្ឌា៖ អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា ក្នុងខែកក្កដា បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ខែ ដោយសារតម្លៃបន្លែ និងគ្រាប់ធញ្ញជាតិបានកើនឡើងយ៉ាងខ្លាំង ដែលលើសពីការរំពឹងទុករបស់ទីផ្សារទាំងអស់ និងបានដាក់សម្ពាធលើរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីកាត់បន្ថយតម្លៃ។អតិផរណាលក់រាយប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងដល់៧,៤៤% នៅក្នុងខែកក្កដា ពីអត្រា៤,៨៧% កាលពីខែមុន។ ការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ លើអ្នកសេដ្ឋវិទូចំនួន៥៣នាក់ បានព្យាករណ៍អត្រាអតិផរណាលក់រាយចំនួន៦,៤០%។ តួលេខនេះគឺខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២២មក។អតិផរណាម្ហូបអាហារ ដែលមានចំនួនជិតពាក់កណ្តាលនៃកញ្ចប់តម្លៃទំនិញប្រើប្រាស់ទាំងមូល បានឈានដល់កម្រិត១១,៥១% នៅក្នុងខែមិថុនា។ អតិផរណាម្ហូបអាហារលក់រាយ គឺស្ថិតនៅកម្រិតខ្ពស់បំផុតចាប់តាំងពីខែមករាឆ្នាំ២០២០មក។ កាលពីសប្តាហ៍មុន ធនាគារកណ្តាលនៃប្រទេសឥណ្ឌា (RBI) បានបង្កើនការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំនាពេលបច្ចុប្បន្ន ដល់៥,៤% ពីអត្រា៥,១% នៅរយៈពេលមុននោះ ដោយសំអាងដល់បញ្ហាតម្លៃម្ហូបអាហារ។រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រហែលជាត្រូវនាំចូលស្រូវសាលីក្នុងប៉ុន្មានខែខាងមុខ ដើម្បីកាត់បន្ថយតម្លៃអាហារក្នុងស្រុក នៅមុនការបោះឆ្នោតរដ្ឋសំខាន់ៗ និងការស្ទង់មតិថ្នាក់ជាតិនៅឆ្នាំ២០២៤ខាងមុខនេះ៕

៦ខែដើមឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ធៀបនឹងឆ្នាំមុន ដោយសារពលរដ្ឋយល់ដឹងច្រើនអំពីការបើកបរ

2023/08/15 12:09:41 pm        155
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ៦ខែនៃឆ្នាំ២០២៣ សម្រាប់ក្របខណ្ឌទូទាំងប្រទេស មានការថយ​ចុះគួរកត់សម្គាល់ បើធៀបទៅនឹង៦ខែ ​នៃឆ្នាំ២០២២កាលពីពេលកន្លង ​ហើយភាគច្រើន គ្រោះថ្នាក់​ចរាចរណ៍ ​គឺឧស្សាហ៍កើតមានឡើង​នៅពេលរាត្រី ។លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ​និងសណ្តាប់ធ្នាប់​សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ​បានប្រាប់ BTV ឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃដើម​ឆ្នាំ២០២៣នេះ ​គ្រោះថ្នាក់ចរាចរណ៍ ​បានកើតឡើងចំនួន​ ១៥៤៨លើក ដែលបណ្តាល​ឱ្យ​មាន​មនុស្សស្លាប់ ៧៥៦នាក់ ​និងរបួសមនុស្សចំនួន ២០៧២នាក់ ។ ក្នុងនោះដែរ ​បើគិតជាអាត្រាភាគរយ នៃគ្រោះថ្នាក់​ដែលបានកើតឡើង គឺ មាន៥៤ភាគរយ​ ដែលកើតឡើងនៅពេលរាត្រី ។ ទន្ទឹមនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ​នៅទូទាំងប្រទេសមានការថបថយចុះ លោកឧត្តមសេនីយ៍ត្រី​អនុប្រធាននាយកដ្ឋាន​ ក្នុងនាមនគរបាលជំនាញ​ ក៏សូមធ្វើការអំពាវនាវដល់ពលរដ្ឋអ្នកដំណើរ​ទូទៅទាំង​អស់មេត្តាបន្តនាំគ្នាគោរពច្បាប់​ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ​ដើម្បី​កាត់​បន្ថយគ្រោះថ្នាក់ ក៏ដូចជា​ការការពារដល់សុខសុវត្ថិភាពផ្ទាល់ខ្លួន ​និង ​សុវត្ថិភាពលើដងផ្លូវសាធារណៈផងដែរ ៕ អត្ថបទ » លីហេង 

ក្រុមទូកនេសាទកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងផែនការបង្ហូរទឹកសំណល់របស់ជប៉ុន

2023/08/15 12:08:30 pm        71
ជប៉ុន៖ ទូកនេសាទកូរ៉េខាងត្បូងមួយក្រុមកាលពីថ្ងៃចន្ទ បានធ្វើព្យុហយាត្រាតាមសមុទ្រនៅក្នុងដែនទឹកពីទីក្រុងកំពង់ផែ Incheon ភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានខែថ្មីៗនេះដោយអ្នកនេសាទក្នុងស្រុក ដើម្បីបង្ហាញពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ពួកគេ ចំពោះគម្រោងបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ទៅក្នុងមហាសមុទ្រ។ទូកនេសាទជាង៥០គ្រឿង បានចេញដំណើរពីផែក្នុងទីក្រុង Incheon ក្នុងការធ្វើដំណើរស្របគ្នា ដោយជិះជុំវិញប្រហែលមួយម៉ោងកន្លះ ជាមួយនឹងផ្ទាំងបដានៅលើនាវាដែលសរសេរថា «ប្រើទឹកសំណល់ ហ្វ៊ូគូស៊ីម៉ា ជាទឹកផឹកនៅក្នុងប្រទេសជប៉ុនទៅ» និង «មហាសមុទ្រមិនមែនជាកន្លែងសម្រាប់បង្ហូរទឹកសំណល់នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចោលនោះទេ»។ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននឹងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់ ដែលមានមេរោគនុយក្លេអ៊ែរ ចូលទៅក្នុងមហាសមុទ្រនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១។មុនពេលបាតុកម្មនោះ អ្នកនេសាទជាង១៥០នាក់ ក៏បានប្រមូលផ្តុំគ្នានៅលើដីគោក ប្រឆាំងនឹងផែនការបង្ហូរទឹករបស់ប្រទេសជប៉ុន នេះដែរ ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានរងគ្រោះពីការថយចុះនៃការប្រើប្រាស់អាហារសមុទ្រក្នុងស្រុក បណ្តាលមកពីការបង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលបានគ្រោងទុកពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា នេះ៕

សាកសពមនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក

2023/08/15 12:04:59 pm        113
ម៉ិកស៊ិក៖ ក្រុមអាជ្ញាធរក្នុងតំបន់ បាននិយាយ កាលពីថ្ងៃចន្ទថា នគរបាលបានរកឃើញសាកសពមនុស្សយ៉ាងហោចណាស់១៣នាក់ ដែលត្រូវបានរុំដាក់ក្នុងទូរទឹកកក នៅអគារមួយចំនួនក្នុងរដ្ឋ Veracruz របស់ប្រទេសម៉ិកស៊ិក ដោយបន្ថែមថារហូតមកដល់ពេលនេះ ជនសង្ស័យចំនួន៦នាក់នៅក្នុងឧក្រិដ្ឋកម្មដ៏សាហាវនេះ ត្រូវបានឃុំខ្លួន។អគ្គមេធាវីរបស់រដ្ឋ Veracruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តតាមទីតាំង និងមន្ទីរពិសោធន៍ កំពុងបន្តដើម្បីកំណត់ចំនួនអ្នកពាក់ព័ន្ធ និងអត្តសញ្ញាណរបស់ពួកគេ។រដ្ឋ Veracruz គឺជារដ្ឋសម្បូរប្រេងនៅតាមបណ្តោយឆ្នេរឈូងសមុទ្រម៉ិកស៊ិក ដែលធ្លាប់ជាមជ្ឈមណ្ឌលសម្រាប់ការជួញដូរមនុស្ស និងគ្រឿងញៀន ក៏ដូចជាសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា មនុស្សជាង៤០០នាក់ ត្រូវបានសម្លាប់ នៅក្នុងរដ្ឋ Veracruz ក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំនេះ៕

ជប៉ុន ប្រារព្ធខួបលើកទី៧៨ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២

2023/08/15 12:01:37 pm        117
ជប៉ុន៖ ប្រជាជននៅក្នុងប្រទេសជប៉ុនកំពុងប្រារព្ធខួបលើកទី៧៨ដ៏សំខាន់ នៅថ្អៃងង្គារនេះ។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ សេចក្តីថ្លែងការណ៍មួយមកពី ព្រះចៅអធិរាជ Showa ត្រូវបានផ្សព្វផ្សាយតាមវិទ្យុ ដែលប្រកាសថា ប្រទេសនេះ បានចុះចាញ់នៅក្នុងសង្គ្រាមលោកលើកទី២។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុន បានរៀបចំពិធីមួយនៅក្នុងទីក្រុងតូក្យូ ដើម្បីរំលឹកដល់ប្រជាជនប្រមាន៣,១ លាននាក់ ដែលបានស្លាប់នៅក្នុងសង្គ្រាម។  នាយករដ្ឋមន្ត្រី លោក Kishida Fumio នឹងថ្លែងសុន្ទរកថា ។ នៅពេលរសៀល ក្រុមអ្នកចូលរួម នឹងធ្វើពិធីស្មឹងស្មាធិ៍១នាទី។ ព្រះចៅអធិរាជ Naruhito នឹងថ្លែងព្រះរាជសុន្ទរកថា។ សាច់ញាតិជនរងគ្រោះមួយចំនួន ត្រូវបានអញ្ជើញឲ្យមកចូលរួមពិធីនៅឆ្នាំនេះជាពិធីធំបំផុត ចាប់តាំងពីវីរុសកូរ៉ូណា បានចាប់ផ្តើមរាលដាល។ ប្រជាជនមកពី ខេត្តចំនួន៤៧ ត្រូវបានកំណត់ពេលចូលរួមជាលើកដំបូង ក្នុងរយៈពេល៤ឆ្នាំមកនេះ។ប៉ុន្តែក្រសួងសុខាភិបាល និងសុខមាលភាព និយាយថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ សាច់ញាតិមកពីខេ្តចំនួន៩ បានសម្រេចចិត្តមិនចូលរួមដោយសារតែព្យុះទីហ្វុង Lan។ សាច់ញាតិអ្នកដែលបានស្លាប់ដោយសង្គ្រាមជាង៧៥ភាគរយ ដែលមានផែនការចូលរួមក្នុងពិធីនេះ គិតត្រឹមល្ងាចថ្ងៃអាទិត្យ មានអាយុ៧០ឆ្នាំឬចាស់ជាងនេះ។ ប្រទេសជប៉ុន ជួបនឹងបញ្ហាប្រឈមដ៏ធំដែលបានឆ្លងកាត់បទពិសោធន៍សង្គ្រាមរហូតដល់មនុស្សជំនាន់ក្រោយ ខណៈអ្នកនៅរស់រានមានជីវិត ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម មានចំនួនថយចុះ។ ព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត ដើម្បីឆ្លុះបញ្ចាំងពីសន្តិសភាព នឹងត្រូវធ្វើឡើងផងដែរ នៅទូទាំងប្រទេសនៅថ្ងៃនេះ៕

ប្រទេសឥណ្ឌាត្រៀមប្រារព្ធទិវាឯករាជ្យលើកទី៧៧

2023/08/15 11:55:09 am        89
ឥណ្ឌា៖ ខណៈប្រទេសឥណ្ឌាត្រៀមប្រារព្ធទិវាឯករាជ្យលើកទី៧៧ ដោយបានធ្វើការតុបតែងភ្លើងព័ណ៌នៅវិមានដែលមានរូបបដិមា នៅទូទាំងប្រទេស ភាគច្រើនមានព័ណ៌ចម្រុះនៃទង់ជាតិ។វិមានល្បីឈ្មោះ និងកន្លែងព្រឹត្តិការណ៍សំខាន់ៗរួមមាន វិមាន Qutb Minar ច្រកទ្វាចូលប្រទេសឥណ្ឌា ស្ពានHowrah Bridge និងទីកន្លែងជាច្រើនទៀតត្រូវបានគេមើលឃើញបំពាក់ភ្លើងមានពន្លឺចែចាំង នៅទូទាំងប្រទេស។នៅមុនថ្ងៃទិវាឯករាជ្យជាតិបុគ្គលិកសន្តិសុខ នៃកងកម្លាំងសន្តិសុខព្រំដែនប្រទេសឥណ្ឌា ត្រូវបានគេឃើញកំពុងល្បាតនៅព្រំដែន ដោយថ្មើរជើងនិងតាមទូក។ ប្រទេសឥណ្ឌា បានទទួលសេរីភាពពីការគ្រប់គ្រងអាណានិគម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧។ ការរៀបចំពេញលេញសម្រាប់ការប្រារព្ធទិវាឯករាជ្យនៅថ្ងៃអង្គារទី១៥ ខែសីហា នេះខណៈការរៀបចំសន្តិសុខត្រូវបានបង្កើននៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ និងមានការហាត់សមពេញលេញរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលធ្វើឡើងនៅវិមាន Red Fort ក្នុងទីក្រុងឌេលី កាលពីថ្ងៃអាទិត្យ។ភ្ញៀវពិសេសៗប្រមាណ១.៨០០នាក់ រួមមានមន្ត្រីតំបន់ បុគ្គលិក គ្រូបង្រៀន គិលាននុបដ្ឋាក ត្រូវបានអញ្ជើញមកចូលរួមក្នុងទីវានេះ។ការប្រារព្ធទិវាឯករាជ្យ នឹងត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Modi ដែលនឹងថ្លែងសុន្ទរកថា ពីវិមាន Red Fort។ លោកក៏ត្រូវបានគេរំពឹងថា នឹងត្រួតកងកិត្តិយស និងលាតត្រាដាងទង់ជាតិនៅវិមាន Red Fort ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការគ្រប់គ្រងច្រកសមុទ្រ Hormuz និងការស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង
04/12/2026 02:04 PM
លោក Netanyahu៖ អ៊ីស្រាអែលចង់បាន «កិច្ចព្រមព្រៀងសន្តិភាពពិត» ជាមួយលីបង់ មុនជួបគ្នានៅក្រុងវ៉ាស៊ីនតោន
04/12/2026 01:04 PM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ៩គីឡូម៉ែត្រ នៅទីតាំងដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/12/2026 12:04 PM
ប្រជាជនហុងគ្រីបោះឆ្នោតនៅក្នុងការបោះឆ្នោតដែលត្រូវបានតាមដានដោយ EU រុស្ស៊ី និងអាមេរិក
04/12/2026 12:04 PM
រុស្ស៊ី និងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានរំលោភបទឈប់បាញ់បុណ្យ Easter
04/12/2026 12:04 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយអ្នកធាក់ស៊ីក្លូ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
04/12/2026 12:04 PM
លីបង់៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងលើស ២.០០០នាក់
04/12/2026 12:04 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ សង្គ្រាមបានជោគជ័យ ក្នុងការកម្ទេចកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់
04/12/2026 12:04 PM
ក្រុមអ្នកចរចាអាមេរិកចាកចេញពីប៉ាគីស្ថាន ដោយមិនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
04/12/2026 11:04 AM
សមត្ថកិច្ចក្រសួងបរិស្ថានបន្តអន្តរាកមន៍ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ
04/12/2026 10:04 AM