នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦២៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/06 12:13:46 pm        499
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦២៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៦៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៥២៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧៤ ០៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៨០ ៨១៣នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ផ្លូវទំនប់កប់ស្រូវ​មាន​រថយន្តដឹកដី​រាប់សិបគ្រឿង​​តែងតែ​បើកប្រដេញ​គ្នា​ ពលរដ្ឋ​អ្នកធ្វើដំណើរ​កំពុង​ប្រឈម​នឹងគ្រោះថ្នាក់​ចរាចរណ៍​

2021/08/05 11:05:48 am        882
ភ្នំពេញ៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហា តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសរក្សាចិញ្ជើមផ្លូវទុកសម្រាប់អ្នកថ្មើជើង ឬជនពិការភាពធ្វើដំណើរ និងការខូចខាតផ្លូវបណ្ដាលមកពីរថយន្តធន់ធំបើកបរលើសទម្ងន់ជាដើម។ ជាក់ស្ដែងនៅមហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ​ កំពុងតែប្រឈម​ នឹងគ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរជាយថាហេតុ បណ្ដាលមកពីរថយន្តដឹកដី​រាប់សិបគ្រឿង​តែងតែ​បើកប្រដេញ​បន្តកន្ទុយគ្នា​ជាខ្សែ និងដឹកដីមិនមានការគ្របឲ្យ​បានត្រឹមត្រូវ ធ្វើធ្លាក់ដីពេញផ្លូវ​ហុយ​​ស្ទើរតែមើលផ្លូវ​មិន​​ឃើញ​ទៅហើយ។សូមបញ្ជាក់ផងដែរកំណាត់ផ្លូវនេះ ត្រូវគេដឹងថា តភ្ជាប់ពីស្ពានព្រែកព្នៅ ទៅរណ្ដៅដីឧកញ៉ា ញឹក ផន ហៅតាកៅ នៅស្របនឹងបឹងតាមោក «ហៅបឹងកប់ស្រូវ»នៅជាប់ព្រំប្រទល់ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងមួយផ្នែកទៀតជាប់នឹងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។ប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ដោយសារតែរណ្ដៅដីរបស់លោកឧកញ៉ា ញឹក ផន ហៅតាកៅ ដែលកំពុងតែជីកលុងយ៉ាងជ្រៅ ជម្រៅរាប់សិបម៉ែត្រ ផ្នែកផ្ទៃដីប្រមាណមិនតិចជាង ២០ហិចតា នៅបឹងតាមោក នឹងមានការអភិវឌ្ឍចាក់លុបបឹងនៅតំបន់នោះ នៅក្នុងមួយថ្ងៃៗរថយន្ត រាប់រយគ្រឿងបានធ្វើដំណើររាប់ពាន់ជើង យ៉ាងប្រសាចនៅលើដងផ្លូវ ​មិនបានគោរពនូវការណែនាំ​របស់អាជ្ញាធរ ដែលមិនគ្របធ្វើឲ្យធ្លាក់ដីពេញផ្លូវហុយទ្រលោម នារដូវប្រាំង​ និងរអិលនារដូវវស្សា ដែលធ្វើឲ្យអ្នកដំណើរគ្រោះថ្នាក់ នៅពេលបើកបរជាបន្តបន្ទាប់។លើសពីនេះទៀត ដោយសារតែក្រុមអ្នកបើកបររថយន្តដឹកដីមិនគោរពច្បាប់​ចរាចរណ៍​ ក៏បានបើក​ប្រដេញ​វ៉ាជែងគ្នា ​ជាហេតុធ្វើឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស​ជាបន្ត​បន្ទាប់ផងដែរ។ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវនេះ ក៏ដូចប្រជាពលរដ្ឋ​រស់នៅ​អមសង​ខាងផ្លូវ បាន​សំណូម​ពរឲ្យអាជ្ញាធរគ្រប់លំដាក់​ថ្នាក់ជួយ​មានវិធានការណ៍​ចំពោះរថយន្ត​ដឹកដីទាំង​នេះផង៕អត្ថបទ ៖ កុម្ភះ

ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ផ្សារ​ស្នួល​ និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​កូវីដ-១៩

2021/08/05 08:03:37 am        504
ក្រចេះ៖ រដ្ឋបាល​ខេត្ត​ក្រចេះ​សម្រេច​បិទ​ខ្ទប់​ទីតាំង​ផ្សារ​ស្នួល និង​បរិវេណ​ជុំ​វិញ​ផ្សារ​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​អភិបាល​ខេត្ត​ក្រចេះ​ លោក វ៉ា ចន នៅ​ថ្ងៃ​នេះ។អភិបាល​ខេត្ត លោក វ៉ា ថន បាន​សម្រេច​ឱ្យ​បិទ​ផ្សារ​ស្នួល និង​ផ្លូវ​ជុំ​វិញ​ផ្សារ​មួយ​នេះ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ស្នួល ចាប់​ពី​ម៉ោង ២​រសៀល​ថ្ងៃ​នេះ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។បើ​តាម​សេចក្ដី​សម្រេច អាជ្ញាធរ​បាន​ហាម​ឃាត់​ការ​ចេញ-ចូល​ទីតាំង​ផ្សារ​មួយ​នេះ​ជា​បណ្ដោះ​អាសន្ន ហើយ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​សម្រាប់​យក​សំណាក និងធ្វើ​ចត្តាឡីស័ក៕

តួលេខ​អ្នក​ឆ្លង​កូវីដ-១៩​សរុប​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ

2021/08/05 01:39:24 pm        515
ភ្នំពេញ៖ តួលេខ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​កើន​ឡើង​លើស ៨​ម៉ឺន​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​តួលេខ​ថ្មី​ប្រចាំ​ថ្ងៃ​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ចំនួន ៥៩១​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស ៤០៨​នាក់ ត្រូវ​បាន​​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ដោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយមនុស្ស ១៨៣​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ក្រៅ​ប្រទេស។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​សរុប បាន​កើន​ឡើង​ដល់​ចំនួន ៨០,២២៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​ករណី​ឆ្លង​ចំនួន ១១,៥៣៥​ករណី ត្រូវ​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។ចំណែក​ឯ​ចំនួន​មនុស្ស​ស្លាប់​វិញ ក្រសួងសុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១,៥០៧​នាក់​ហើយ បន្ទាប់​ពី​មនុស្ស ១៩​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៣,៤២១​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ចំនួន ៦១៨​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារទួលសង្កែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី

2021/08/05 01:29:40 pm        669
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ផ្សារទួលសង្កែស្ថិតនៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីទីតាំងមួយនេះ ត្រូវបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា។ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានហាមឃាត់ការ​ចេញ-ចូលទីតាំងផ្សារទួលសង្កែរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃនេះរហូត​ដល់ថ្ងៃទី១៨ ខែសីហាខាងមុខនេះ។លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ សម្រេចបែបនេះ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនប្រភេទដែលតានៅក្នុងសហគមន៍។ក្រៅពីហាមឃាត់ការចេញ-ចូលហើយនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏តម្រូវឱ្យអាជីវករ អតិថិជន បុគ្គលិក កម្មករ និងសន្តិសុខផ្សារមួយនេះ ផ្ដល់សំណាកសម្រាប់ពិនិត្យរកមេរោគ និងតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។អាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ដែលមានទីតាំងស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នបែបនេះ បន្ទាប់ពីរកឃើញករណីផ្ទុះឡើង​នៃការឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី៕

មនុស្សចំនួន១៨នាក់ បានបញ្ជូនទៅតុលាការ ក្រោយពីពួកគេល្មើសនឹងបំរាមគោចររបស់អាជ្ញាធរ

2021/08/05 08:24:21 am        390
ភ្នំពេញ ៖ មនុស្សយ៉ាងតិចចំនួន១៨នាក់ ត្រូវបានកងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើ​សំណុំរឿងបញ្ជូនទៅកាន់តុលាការ និងយានយន្តចំនួន១៣២៦គ្រឿង បានឃាត់ទុក និងពិន័យ ក្រោយពីពួកគេបានល្មើសធ្ងន់ធ្ងរ ទៅនឹងបំរាម​គោចរ របស់រដ្ឋអាជ្ញាធររាជធានីភ្នំពេញ ចាប់​ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតដល់យប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។ នេះបើតាមអ្នកនាំពាក្យ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ។ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៥ ខែសីហានេះ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា រហូតមកដល់យប់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៦យប់ហើយ ដែលកងកម្លាំង​នគរបាលរាជធានភ្នំពេញ បានធ្វើការរឹតបន្តឹងបំរាមគោចរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវ​មេរោគ​កូវីដបំប្លែង​ថ្មី deltaនេះប៉ុន្តែរយៈពេល២យប់ចុងក្រោយនេះ គឺអាជ្ញាធរធ្វើការរឹតបន្តឹងខ្លាំង​ដោយ​ធ្វើការឃាត់ខ្លួនមនុស្សចំនួន៣៨នាក់ និងយានយន្តចំនួន១៣២៦នាក់ ដោយក្នុងនោះ​បានធ្វើការ​ពិន័យ​រួចរាល់​ចំនួន៣៥២គ្រឿង ខណៈនៅសល់ទៀតបានយកទៅរក្សាទុក​នៅតាមបណ្តា​ខណ្ឌ​នីមួយៗ ដែលបានរឹតបន្តឹងនោះ។លោក សាន សុខសីហា បញ្ជាក់ទៀតថា ចាប់ពី​ពេលនេះ តទៅសម្រាប់បុគ្គលដែលល្មើស​នឹង​បំរាម​គោលចរ ហើយមានការជួបជុំគ្នាសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះ​អនុវត្តទៅ​តាម​ផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ ខណៈវិធានការក្តៅរបស់​អាជ្ញាធរ​រាជធានីភ្នំពេញនេះ ធ្វើឡើងក្នុងន័យទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ជាពិសេស​ប្រភេទdeltaនេះ ដែលបានរកឃើញមានអ្នកវិជ្ជមានជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញនោះ។ជាមួយគ្នានោះដែរ លោកវរៈសេនីយ៍ឯក សាន សុខសីហា ក៏បានធ្វើការអំពាវនាវ​ដល់បងប្អូនទាំង​អស់បើមិនចាំបាច់ទេគប្បីកុំចេញក្រៅឲ្យសោះ ខណៈការអនុវត្តរបស់អាជ្ញាធរនេះ គឺ​ដើម្បី​សេចក្តី​​សុខ​របស់​បងប្អូន​ទាំងអស់គ្នាតែប៉ុណ្ណោះ ពុំមានការ​រឹតត្បិត​សិទ្ធិសេរីភាព​របស់​បងប្អូននោះទេ។ លោក ក៏បានអំពាវនាវដល់បងប្អូនទាំងអស់បើមិនអាណិតខ្លួនឯងទេ គប្បីអាណិតដល់ក្រុមគ្រូពេទ្យ និង​ជាអាជ្ញាធរ ដែលពួកគាត់ខិតខំទាំងយប់ទាំងថ្ងៃ ដោយមិនបានចូលផ្ទះជួបប្រពន្ធកូន ឱពុកម្តាយ​របស់​ពួកគាត់ ដើម្បីតែ​សុខុមាលភាព និង​អាយុជីវិតរបស់បងប្អូនទាំងអស់​គ្នាឲ្យរួចផុតពីជំងឺ​ដ៏កាច​សាហាវនេះ៕អត្ថបទ ៖ បាន ចក់

រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងបើកគេចពីរថយន្តដឹកដីធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង

2021/08/04 04:55:29 pm        503
ភ្នំពេញ៖ រថយន្តសណ្តោងកុងទ័រន័រមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្ន វ៉ាកជាមួយនិងរថយន្តដឹកដីមួយ គ្រឿងបើកខាងមុខរេចង្កូតធ្លាក់ ប្រឡាយទឹក ក្រឡាប់ផ្ងារជើងតែសំណាងល្អក្នុងហេតុការណ៍នោះមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ១០ នាទីរសៀលថ្ងៃទី ០៤ ខែសីហាឆ្នាំ ២០២១ តាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះនៅចំណុចមុខរណ្ដៅដី ភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសណ្តោងកុងទ័រន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 4A -1222 បានធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចកើតហេតុបានវ៉ាក នឹងរថយន្តដឹកដីមួយគ្រឿង ក៏បានរ៉េចង្កូតមកស្តាំដៃធ្លាក់ចូលប្រឡាយទឹកក្រឡាប់ផ្ងារជើងតែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅមិនបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសឡើយ។ ក្រោយកើតហេតុអ្នកបើកបររថយន្តកុងទ័រន័របានបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីកន្លែងកើតហេតុ ដោយសារតែរថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏ដូចជាទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចបាប្រគល់រថយន្តឲ្យទៅម្ចាស់ រួចស្ទូចយកទៅជួសជុលដោយខ្លួនឯង៕អត្ថបទ៖ កុម្ភះ

អាជ្ញាធរក្រុងខេរមភូមិន្ទ ​ឆ្មក់ចាប់​រថយន្តដឹកដីដែលមិនគោរពច្បាប់អាជីវកម្មរ៉ែសំណង់

2021/08/04 02:02:53 pm        706
កោះកុង ៖ ក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ និងមន្ទីរសាធារណការខេត្តកោះកុង បាន​ឆ្មក់ចុះចាប់ម្ចាស់រថយន្តដឹក​ជញ្ជូន​អាចម៍​ដី​ ដែលមិនគោរពតាមច្បាប់​អាជីវកម្មរ៉ែសំណង់​ ពុំ​ខ្វាយខ្វល់​នឹងការបង្កគ្រោះថ្នាក់ធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ខេត្តកោះកុង។នេះមិនមែនជាវិធានការលើកទី១ទេ ដែលចុះឃាត់ និងអប់រំណែនាំដល់​ក្រុមម្ចាស់អាជីវកម្ម​រថយន្ត​ដឹកអាចម៍ដី គ្រួស និងថ្មក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈពួកគេហាក់​មិនខ្វល់​នឹងអាចម៍ដី គ្រួស ថ្ម ជុះធ្លាក់រាយប៉ាយពេញផ្លូវគ្មានការទទួលខុសត្រូវ។លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ គូសបញ្ជាក់ព្រឹកថ្ងៃទី៤ ខែសីហានេះថា រូបលោក បានសហការជាមួយលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹក​ជញ្ជូន​ខេត្តកោះកុង ព្រមទាំង​សមត្ថកិច្ចនគរបាលក្រុងចុះ​ឆ្មក់​ឃាត់ម្ចាស់រថយន្តដឹកដីទាំងនោះ​បញ្ជូន​ទៅ​អធិការដ្ឋាន​ក្រុងខេមរភូមិន្ទអប់រំ ផាកពិន័យតាមច្បាប់ នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។លោក ឈេង សុវណ្ណដា អះអាងថា លោកពិតជាមិនចង់បង្កការរំខានដល់​ការប្រកប​អាជីវកម្ម​របស់អាជីករនោះទេ ពោលគឺបញ្ហានេះ អាជ្ញាធរបានអប់រំណែនាំផ្សព្វផ្សាយ​ជាច្រើនលើកច្រើន​សារ​មកហើយថា សុំឱ្យពួកគាត់ចូលរួមគោរពច្បាប់ ប៉ុន្តែពួកគេហាក់ភ្លេចត្រចៀកផ្គើនមិនខ្វាយខ្វល់ គ្រាអាជ្ញាធររវល់ដោះស្រាយទប់ស្កាត់រឿងកូវីដ១៩។ចំណែកឯលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លើកឡើងថា រថយន្តដឹកដីចំនួន១០គ្រឿង ត្រូវបានឃាត់យកទៅធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។ លោកនឹងបន្តសហការលើយុទ្ធនាការឆ្មក់ចាប់រថយន្តល្មើសទាំងនោះគ្រប់ពេលវេលា ដើម្បីឱ្យអាជីវករងាកមកគោរពច្បាប់ឡើងវិញ ជៀសវាងបង្កការគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ហើយផលប៉ះពាល់សោភណ្ឌភាពបរិស្ថាន។ក្រុមពលរដ្ឋក៏ចាត់ទុកថា ទង្វើរកស៊ីធ្វើអាជីវកម្មផ្ទុយនឹងច្បាប់នេះថា​នឹងកំពុងបង្កគ្រោះថ្នាក់​ចរាចរណ៍​យ៉ាងសម្បើមណាស់ ដល់អ្នកដំណើរទូទៅ លើកំណាត់ផ្លូវជាតិលេខ៤៨ ខណៈក្រុម​អ្នក​ដឹកដីខាងលើមួយថ្ងៃៗ ដឹងតែពីប្រមូលលុយចូលហៅប៉ៅខ្លួនឯង និងបក្សក្រុមមួយចំនួនតូច ប៉ុណ្ណោះ។ ដូច្នេះពលរដ្ឋស្នើសុំឱ្យលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងពិនិត្យ​ដកហូត​អាជ្ញាប័ណ្ណ​លើ​ម្ចាស់​អាជីវកម្មរ៉ែសំណង់ណា​ដែលតែងតែ​ល្មើសច្បាប់​ដោយទុកធ្វើជាគំរូ​អាក្រក់​ដល់​អាជីវករ​ដ៏ទៃ​ទៀត៕អត្ថបទ ឈឹម មករា

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៥៨៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/04 12:17:21 pm        497
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៥៨៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៥៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៥៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៤៨៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៧២ ៨០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៩ ៦៣៤នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ឃាត់ខ្លួនមនុស្សជាង៥០០នាក់​ ដើម្បីអប់រំ និងពិន័យពេលអនុវត្តបំរាមគោចរ​​ក្នុងរាជធានីភ្នំពេញ​នៅយប់ថ្ងៃទី៣នេះ

2021/08/04 11:17:03 am        541
ភ្នំពេញ ៖ កងកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនមនុស្សចំនួន៥៤៨នាក់ ដើម្បីយកមកអប់រំបន្ថែម និងធ្វើការផាកពិន័យបានល្មើស​នឹង​បំរាមគោចររបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩បំប្លែង​ថ្មី delta ។យោងតាមលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល ដែល ទូរទស្សន៍BTV ទទួលបាននាព្រឹកថ្ងៃទី៤ ខែសីហានេះ បានឲ្យដឹងថា​«លទ្ធផលអនុវត្តវិធានការច្បាប់​ចំពោះបុគ្គលដែលល្មើស នឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១​នេះ ៖ កាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី ក្នុងនោះ ដូចជា​ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់ ,ឃាត់យានយន្ត ចំនួន ២១៥គ្រឿង និងធ្វើការពិន័យ​ជាប្រាក់ ចំនួន ៣២លានរៀលផងដែរ»។សូមបញ្ជាក់ថា រាជធានីភ្នំពេញ​ ចាប់ផ្តើមនៃការអនុវត្តបំរាមគោចរមានរយៈពេល០៤យប់​កន្លងមក​នេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែ កក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេ​មើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរមួយចំនួនត្រូវបានផាកពិន័យ ក្នុងនោះ​ម៉ូតូ០១គ្រឿង ចំនួន២០ម៉ឺនរៀល និងរថយន្ត០១គ្រឿង០១លានរៀល ដើម្បីជាការព្រមាន។រាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។នៅក្នុងប្រតិបត្តិការបម្រាមគោចរនេះ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញដល់កម្លាំងនគរបាលរាជធានីភ្នំពេញ​​ទាំងអស់​គ្រប់ពេលប្រតិបត្តិការ ត្រូវបង្កើន និងចាត់វិធានការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានី​ភ្នំពេញ​ឱ្យបានតឹងរ៉ឹងបំផុតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែង​ថ្មី (delta) ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយមន្រ្តីខ្លួនឯងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារនោះ។ ជាងនេះទៅទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក បានព្រមានចាត់វិធានការក្តៅដោយ​នឹងចាប់វាយ​ខ្នោះភ្លាមៗ​ផងដែរ ចំពោះអ្នកល្មើសបម្រាបគោចរ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើមនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM