គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​មនុស្ស​៣៥៨​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​ជំងឺ​នេះ​សម្លាប់​មនុស្ស​៥​នាក់​ផ្សេង​ទៀត

2021/05/14 12:27:57 pm        592
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៣៥៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី ៣៥០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ៨​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ-១៩​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ១៤៧​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៣​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។បើ​តាម​ក្រសួង​សុខាភិបាល តួលេខ​អ្នក​ឆ្លងសរុប​នៅ​ពេល​នេះ ​បាន​កើន​ឡើង​ដល់ ២១ ៤៩៩​នាក់ ខណៈ​អ្នក​ជា​សះ​ស្បើយ​បាន​កើន​ដល់ ៩ ៨៦៧​នាក់ ក្នុង​នោះ ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣៤៨​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

រដ្ឋលេខាធិការ​ម្នាក់ ​បម្រើ​ការ​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩​

2021/05/13 03:51:53 pm        44
ភ្នំពេញ​៖ ទីស្ដីការ​គណៈរដ្ឋ​មន្រ្ដី បាន​​​​​​ប្រកាស​​ថា ​រដ្ឋ​លេខាធិការ​ម្នាក់​បម្រើការ​នៅ​​ទីស្ដីការ​គណៈរដ្ឋ​មន្រ្ដី បាន​ឆ្លង​មេរោគ​​​​​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​​ បាន​​​​​បញ្ជាក់​ថា លោក​ជំទាវមួយ​រូប​ដែល​មាន​ឋានៈ​ជា​​រដ្ឋ​លេខាធិការ​បាន​ចាប់​ផ្ដើម​មិនស្រួល​ខ្លួននៅថ្ងៃទី៦-៧ ខែ​ឧសភា​ បន្ទាប់​ពីលោក​ជំទាវ​បាន​ទៅ​ចាក់​វ៉ាក់កូវីដ-១៩​លើក​ទី២ នៅមន្ទីរ​ពេទ្យកាល់​ម៉ែតនៅថ្ងៃទី៣ ខែ​ឧសភា។​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែលនេះ​​ បាន​ឱ្យដឹង​ថា លោក​ជំទាវ​​បាន​ធ្វើ​តេស្ដរក​មេរោគ​កូវីដ-១៩​នៅគេហដ្ឋាន​របស់​ខ្លួនដែលស្ថិត​នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន កាល​ពីម្សិលមិញ​នេះ​ និង​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ២១ ១៤១​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្ត​កំពង់ចាម ​រក​ឃើញ​មនុស្ស​១៣​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ក្នុង​នោះ​​មាន​ពលរដ្ឋ​៤​នាក់​មក​ពី​ខេត្តត្បូងឃ្មុំ

2021/05/13 08:15:42 am        26
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស១៣​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ នៅ​ក្នុង​ស្រុក​ចំនួន៣​ ក្នុង​នោះ​អ្នក​ឆ្លង៤​នាក់​ធ្វើ​ដំណើរមក​ពី​ខេត្ត​ត្បូងឃ្មុំ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង១៣​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ៣​នាក់ ​នៅ​ក្នុង​ស្រុក​កងមាស ពលរដ្ឋ៣​នាក់​ផ្សេង​ទៀត​នៅ​ស្រុក​ស្រីសន្ធរ ខណៈ​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន ៣​នាក់​ទៀត​ ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​បាធាយ។ចំណែក​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន ៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំពង់ចាម ​បញ្ជាក់​ថា ជា​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ពញាក្រែក ស្រុក​មេមត់ និង​ក្រុង​សួង នៃ​ខេត្ត​ត្បូងឃ្មុំ។រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា ពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ-១៩ ​ដែល​ទើប​រក​ឃើញ​ថ្មី​ចំនួន ១៣​នាក់​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ​ហើយ​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​ស្រាវ​ជ្រាវ​រក​អ្នក​ប៉ះពាល់​នឹង​អ្នក​ជំងឺ​កូវីដ-១៩​ទាំង ១៣​នាក់​នេះ៕

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ សម្រេច​បិទ​ខ្ទប់​ភូមិ​មួយ​ក្នុង​ក្រុង​ក្រោយ​មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩

2021/05/13 03:01:40 pm        26
កំពង់ឆ្នាំង ៖ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ​​នៅថ្ងៃនេះ​ បានសម្រេច​បិទ​ខ្ទប់​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ក្រោយពី​បាន​រក ឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ លើ​គ្រួសារ​អ្នកកាសែត​ចំនួន​៤​នាក់ និង​បាន​ឆ្លង​រាល​ដល់​មនុស្ស​២​នាក់ ​បន្ថែមទៀត​។លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយពី​បាន​រកឃើញ មនុស្ស​៤​នាក់​មាន​វិជ្ជមាន​កូ​វីដ​១៩ ​នៅក្នុង​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង​រួចមក ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ និង​អាជ្ញា​ធរមាន សមត្ថកិច្ច ​បាន​ខិតខំ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា ​និង​ទីតាំង​ភ្លាមៗ ក្នុងនោះ​ក្រុមការងារ បាន​បន្ត​រក​ឃើញ​មនុស្ស​២​នាក់ ​បន្ថែមទៀត មាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ម្នាក់​រស់នៅក្នុង​សង្កាត់​ប្អេ​រ និង​ម្នាក់ទៀត​រស់នៅក្នុង​សង្កាត់​កំពង់ឆ្នាំង​។ ចំណែក​ភូមិ កណ្តាល សង្កាត់​ផ្សារឆ្នាំង ដែល​ជា​កន្លែង​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩​ចំនួន​៤​នាក់​ ក្នុង​គ្រួសារ​តែ​១​នោះ ត្រូវបាន​បិទ​ខ្ទប់ ​ដោយ​មិន​អនុញាត​ឱ្យ​មាន​អ្នកចេញ​ចូល​ឡើយ ហើយ​ការបិទ​ខ្ទប់​នេះ​ត្រូវ​បន្ត​រហូត​មានការ​ជូនដំណឹង​ជាថ្មី​។ ចំណែក អ្នក​ជាប់ ពាក់ព័ន្ធ​ជិត​១០០​នាក់ ​កំពុង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅតាម​ផ្ទះ រង់ចាំ​ការ​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​១៩​។លោក​ បាន​បន្តថា ក្រៅពី​បិទ​ខ្ទប់​ភូមិ​កណ្តាល ​សង្កាត់​ផ្សារឆ្នាំង​ហើយ ក្រុមការងារ​ចម្រុះ​របស់​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង ​សហការ​ជាមួយ​កងកម្លាំង​នគរបាល​ និង​អាវុធហត្ថ កំពុង​បន្ត​ចុះ​ស្រាវជ្រាវ​រក​ទីតាំង ​និង​អ្នក​ពាក់ព័ន្ធ​នៅក្នុង​ផ្សារឆ្នាំង សង្កាត់ ផ្សារឆ្នាំង និង​ផ្សារលើ ​សង្កាត់​ផ្សារឆ្នាំង ​បន្តទៀត ព្រោះ​អ្នក​កើត​កូ​វីដ​១៩ ​បាន​ចេញ​ចូល​ផ្សា​រទាំង​២​នេះ មុន​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​។លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១១ ទី​១២ និង​ទី​១៣ ខែឧសភា​នេះ ​មន្ទីរ​សុខាភិបាល បាន​រក​ឃើញ​អ្នក​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​៨​នាក់​ ក្នុងនោះ​ មាន​កុមារ​ចំនួន​២​នាក់​ នៅក្នុង​ក្រុង​កំពង់ឆ្នាំង​។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​២០​កុម្ភៈ ​មកដល់​ថ្ងៃទី​១៣ ខែឧសភា​នេះ ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៣៧​នាក់​ ក្នុងនោះ​ស្លាប់​២​នាក់ ជាសះស្បើយ​ចំនួន​៤​នាក់ ​និង​កំពុង​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច និង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ​ចំនួន​៣១​នាក់​។ អាជ្ញាធរខេត្ត ​និង​មន្ទីរ​សុខាភិបាល បាន​ត្រៀម​រួចរាល់​ហើយ​នូវ​ទីតាំង ​សម្រាប់​ដាក់​ឱ្យ​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ដែល​មាននៅ​ស្រុក​កំពង់ត្រឡាច ស្រុក​ទឹកផុស និង​ស្រុក​បរិបូណ៌​ផងដែរ ព្រោះ​ ចំនួន​អ្នក​វិជ្ជមាន កាន់តែ​ច្រើនឡើង តែ​សុទ្ធតែជា​ករណី​នាំចូល​ពី​ភ្នំពេញ​ទាំងអស់​៕​អត្ថបទ​៖ ហុង វាស្នា

រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​រអិល​ធ្លាក់​ផ្លូវ​ នៅ​ស្រុក​សាមគ្គី​មានជ័យ​ របួស​កម្មករ៤៦​នាក់

2021/05/13 02:45:26 pm        111
កំពង់ឆ្នាំង ៖ រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ​ដោយសារតែ​អ្នកបើកបរ​ខ្វះ​ ការប្រុងប្រយ័ត្ន បាន​រអិល​ធ្លាក់​ផ្លូវ រង​របួស​កម្មការិនី​ចំនួន​៤៦​នាក់ ​ក្នុងនោះ​ ម្នាក់​រង​របួស​ធ្ងន់ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​នេះ កើតឡើង​នៅ​ប្រមាណ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​ លើផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៣៧ ស្ថិតក្នុងភូមិ​ក្រសាំង​ពុល ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ច ​មូលដ្ឋាន ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ករ​ម៉ាក HYU NDAI ពណ៌​ស ពាក់​ផ្លាកលេខ​ ភ្នំពេញ 3D-5860 អ្នកបើកបរ​ឈ្មោះ ​ឈឿន ឆុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​ក្ងោកពង់ ឃុំ​ស្វាយ​ជុក​ ស្រុក​សាមគ្គីមានជ័យ ​ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួន​ពី​កន្លែង​កើតហេតុ​) ​ដោយ​បាន​បើកបរ​ ក្នុង​ទិសដៅ​ពី​លិចទៅកើត ​លុះ​មកដល់​ចំណុច​ខាងលើ ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​ខាង​ឆ្វេង ​បណ្តាល​ឲ្យ​កម្មការិនី​រោងចក្រ​រង​របួស​ចំនួន ៤៦​នាក់ ​ក្នុងនោះ​១​នាក់ ​របួសធ្ងន់​។សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀតថា​ មធ្យោបាយ​បង្ករ​ត្រូវ​បាន​យក​មក​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​នគរបាល ​រដ្ឋបាល​ស្វាយ​ដើម្បី​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី ។ ចំណែក​កម្មការិនី​ម្នាក់ ​ដែល​រង​របួស​ធ្ងន់ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព ​ដើម្បី​សង្គ្រោះបន្ទាន់ ៕

តំណាង​អយ្យការ​សាលាដំបូង​ សម្រេច​ឲ្យ​ កញ្ញា មាន ពេជ្រ​រីតា​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​

2021/05/13 05:39:08 am        28
ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១​នេះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ឱ្យ​កញ្ញា មាន ពេជ្រ​រីតា​ នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ​តាម​ការស្នើសុំ​របស់​មេធាវី​ការពារ​សិទ្ធិ​។ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់ BTV​ឲ្យ​ដឹងថា បន្ទាប់ពី​ការសាកសួរ​តាំងពី​ម្សិលមិញ រហូតមកដល់​ព្រឹក​ថ្ងៃទី ​១៣ ឧសភា ឆ្នាំ​២០២១​នេះ​ ចៅ​ក្រុម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​អោយ កញ្ញា មាន ពេជ្រ​រីតា ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ជំនួស​មកវិញ​នូវ​ការ​ដាក់អោយ​ជនជាប់ចោទ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ ឯកឧត្តម​ បានបន្ថែមទៀត​ថា​ បន្ទាប់ពី​ចៅ​ក្រុម​ស៊ើបសួរ ​សម្រេច​បែបនេះ ​ មិន​មែនជា​ការ​បញ្ចប់​សំណុំរឿង​នោះទេ ​ប៉ុន្តែ​ភាគី​ពាក់​ព័ន្ធ​នឹង បន្ត​សិក្សា​ស្រាវជ្រាវ​អង្គហេតុ​បន្តទៀត​។សូមបញ្ជាក់ថា ការសាកសួរ​កញ្ញា មាន ពេជ្រ​រីតា បាន​ចាប់ផ្តើម​តាំងពី​ល្ងាច​ម្សិលមិញ បន្ទាប់ពី​មេធាវី​សម្តេច​តេ​ជោ​ ចេញមុខ​ស្រាវជ្រាវ​ករណី​បឋម​ ក្រោយពី​នាង ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ម​២ តាំងពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១ ​បន្ទាប់ពី​ចាប់​ខ្លួនបាន​២​ថ្ងៃ​។ ការឃុំខ្លួន កញ្ញា មាន ពេជ្រ​រីតា ធ្វើឡើង​បន្ទាប់ពី​មាន ​ពាក្យបណ្តឹង​ឧកញ៉ា ហេង សៀ កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ ដោយ​ចោទប្រកាន់​លើ កញ្ញា មាន ពេជ្រ​រីតា ​ថា​បាន​យក​កាំបិត​ចុង​ស្រួច ចាក់ទៅលើ​រូបលោក​ចំនួន​២​កំបិត​ ហើយ​យក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក iPhone 12 pro max នៅ​ចំណុច​ផ្លូវកែង​លេខ​១៣៨ កែង​នឹង​ផ្លូវ​២៥៩ ក្នុង​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១​។​ ប៉ុន្តែ​ករណី​ខាងលើនេះ​ ត្រូវបាន​កញ្ញា ​មាន ពេជ្រ​រីតា សម្រេច​ដាក់ពាក្យ​ប្តឹង​បក​វិញ​ ដោយ​ចោទប្រកាន់ថា ​ឧកញ៉ា​រូបនោះ​បាន​ប៉ុនប៉ង​រំលោភ​លើ​រូបនាង នៅក្នុង​រថយន្ត ​បន្ទាប់ពី​បាន​ខ​ល​ហៅ​នាង​ឱ្យ​ទៅ​យក​អំណោយ​ទុក​ចែក​ជូន​ជនរងគ្រោះ​ដោយសារ​កូ​វីដ​១៩ ​និង​ពិភាក្សា​ការងារ​។​ការដាក់​ពាក្យ​ប្តឹង​បក​ទៅកាន់​ឧកញ៉ា ហេង សៀ នេះ កញ្ញា ​មាន ពេជ្រ​រីតា បាន​ប្តឹង​ និង​ទាមទារ​សំណង​មួយ​ចំនួន​ដូច ​ដូចជា ១៖ ប្តឹង​ឧកញ៉ា ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ដោយមាន​ស្ថាន​ទម្ងន់​, ២៖ ទាមទារ​សំណង់​ជំងឺ​ចិត្ត ​ចំនួន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​ និង​៣៖ ទាមទារ​ការខាតបង់ និង​ខូចខាត​ពេលវេលា និង​សេវា​ផ្លូវច្បាប់​ចំនួន ១​ម៉ឺន​ដុល្លារ​៕​អត្ថបទ​៖ សូ​ដាវ​ណ្ណ

កម្ពុជា​រក​ឃើញ​មនុស្ស​៤៤៦​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​មេរោគ​នេះ​សម្លាប់​មនុស្ស​៦​នាក់​បន្ថែមទៀត

2021/05/13 06:34:34 am        333
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៦​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​មនុស្ស​ ៤៤៦​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ទៅ​ដល់ ១៤២​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ស្លាប់​ថ្មី ៦​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ព្រឹក​នេះ​ផង​ដែរ។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ៤៤៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ ៤៣១​នាក់ បាន​ឆ្លង​មេរោគ​នេះ​បន្ទាប់​ពី​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង​ថ្មី ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។គិត​ត្រឹម​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មាន​មនុស្ស​ដល់​ទៅ ២១ ១៤១​នាក់​ហើយ​​ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក នៅ​ពេល​ដែល​កម្ពុជា​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង។ចំណែក​ឯ​តួលេខ​អ្នក​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់ថា បាន​កើន​ឡើង​ដល់ ៩ ៥១៩​នាក់​ហើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​រហូត​ដល់ ៩៨០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

មនុស្ស​ជិត​៣ម៉ឺន​នាក់ ​នៅក្នុង​ខេត្តតាកែវ​ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​លើក

2021/05/12 03:19:36 pm        27
តាកែវ ៖ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ អតីតយុទ្ធជន ​និង​អ្នកពាក់ព័ន្ធ​នានា​ នៅ​ទូទាំង​ខេត្តតាកែវ​ ចាប់តាំងពី​ខែកុម្ភៈ ​រហូតមកដល់​ពេលនេះ គឺ​សម្រេច​បាន​ជិត​បី​ម៉ឺន​នាក់​ហើយ គឺ​បាន​ចាក់​ទាំង​ពីរលើក​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​សុខាភិបាល ​បានធ្វើ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ចំនួន​២​លើក ជូន​មន្ត្រីរាជការ​នៅក្នុង​ខេត្ត ​និង​អតីត​យុទ្ធជន ដោយ​សម្រេចបាន​លទ្ធផល​ចំនួន​២​ម៉ឺន​៨​ពាន់​នាក់ ​ដោយ​ក្នុងនោះ​ អ្នក​ចាក់​ចំនួន​២​លើក សម្រេច​បាន​៥០​ភាគរយ និង​លើក​ទី​១ បាន​៥០​ភាគរយ​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​បាន​បន្តថា មន្ត្រី​ជំនាញ​សុខាភិបាល កំពុង​តែបន្ត​សកម្ម ភាព​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ​លើក​ទី​២​ ជា​រៀងរាល់ថ្ងៃ ហើយ​បាន​ធ្វើ​សកម្មភាព​ក្នុង​ការ​យក​សំណាក ​និង​ព្យាបាល​កម្មករ ប្រជាពលរដ្ឋ​មួយចំនួន ​ដែល​ផ្ទុក​មេរោគ​កូ​វីដ​១៩ ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​មួយ​ចំនួន​ផងដែរ​។ដោយឡែក​ចំពោះ​កម្មករ​រោងចក្រ​មួយចំនួន ​នៅក្នុង​ខេត្តតាកែវ ​ដែល​កំពុងតែ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជាពិសេស​កម្មករ​ នៅក្នុង​ស្រុក​បាទី ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ​បាន​បញ្ជាក់ថា​ មិនទាន់​ដឹង​ច្បាស់​ថា ​នឹង​ចាក់​ជូន​កម្មករ នៅពេលណា​នៅឡើយ​នោះទេ ​ដោយ​បញ្ហា​នេះ ថ្នាក់លើ​កំពុង​តែធ្វើការ​ផ្ដោត​ចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ ដែល​មាន​ការឆ្លង​រីក​រាលដាល​ខ្លាំង​៕អត្ថបទ​៖ គុជ វិភាគ

អាជ្ញាធរខេត្ត​បាត់ដំបង​ បញ្ជូន​ក្រុម​មេខ្យល់​ជាង​៥០​នាក់​ ទៅ​តុលាការ

2021/05/12 02:59:54 pm        249
បាត់ដំបង​ ៖ នៅ​ដើមឆ្នាំ​២០២១​នេះ ​អាជ្ញាធរខេត្ត​បាត់ដំបង បាន​ឃាត់ខ្លួន​ពួក​មេខ្យល់​ ដែល​ប្រព្រឹត្ត​បទល្មើស លួច​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ជាង​៥០​នាក់​ ហើយ​បាន​បញ្ជូន​ពួកគេ​ទាំងនោះ​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។លោកស្រី រស់ ជីវី ស្នងការរង​នគ​បាល​ខេត្តបាត់ដំបង ទទួលបន្ទុក​ការងារ​ជួញដូរ​មនុស្ស ​បាន​ឲ្យ​ដឹងថា ​ចាប់តាំងពី​ដើមឆ្នាំ​២០២១ ដល់​ថ្ងៃទី​១១​ ខែឧសភា សមត្ថកិច្ច​ខេត្តបាត់ដំបង ​បាន​សហការ​បង្ក្រាប​ការ​នាំ​មនុស្ស​ឆ្លងដែន​ចេញ និង​ចូល​ រវាង​ប្រទេស​ថៃ និង​កម្ពុជា​ដោយ​ខុសច្បាប់ ចំនួន​៣៤​ករណី ​ឃាត់ខ្លួន​ពួក​មេខ្យល់​បាន​ចំនួន​៥៦​នាក់ (​ស្រី​៣​នាក់​) ​ហើយ​ពលករ​ចំនួន​១២៥​នាក់ (​ស្រី​៥៥​នាក់​) និង​អនីតិជន​៥​នាក់ ត្រូវ​បាន​អប់រំ និង​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​។លោកស្រី​ បាន​បន្តថា បើ​ប្រៀបធៀប​ចំនួន​ពលករ ដែល​មេខ្យល់​នាំ​ចេញចូល​ដោយ​ខុសច្បាប់ រវាង​ប្រទេស​ថៃ និង​កម្ពុជា​ ទាំង​៣៤​ករណីនេះ ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា ​ហើយ​នៅ​ដើមខែ​ឧសភា​នេះ ខណៈ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​១៩ ​ជា​បន្តបន្ទាប់​នោះ សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​តាម​បណ្តា​ច្រក​ជាប់​ព្រំដែន​ប្រទេស​ថៃ បាន​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្លាំង​ជាង​មុន​។លោកស្រី​ស្នងការរង បាន​បញ្ជាក់ថា អាជ្ញាធរ មិន​ឲ្យ​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ ​ចូល​សហគមន៍ ដោយ​មិនបាន​ត្រួតពិនិត្យ ​និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នោះឡើយ ​ហើយ​ក៏បាន​បង្ក្រាប​ក្រុម​មេខ្យល់​នាំ​ពលករ​លួច​នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ ​បញ្ជូន​ទៅកាន់​តុលាការ​ជា​បន្តបន្ទាប់ ។ពាក់ព័ន្ធ ​នឹង​ការបង្ក្រាប​បទល្មើស លួច​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅ​ប្រទេស​ថៃ​នោះ សមត្ថកិច្ច​ការពារ​ព្រំដែន កាលពី​យប់​ថ្ងៃទី​១០​ ខែឧសភា នេះ បាន​ឃាត់ខ្លួន​ពួក​មេខ្យល់​ចំនួន​៣​នាក់ ​ដែល​ប្រុង​នាំ​ពលករ​ចំនួន​១៤​នាក់ ​លួច​ឆ្លងដែន​ទៅ​ថៃ ​ហើយ​អាជ្ញាធរ បាន​បញ្ជូន​ខ្លួន​ពួក​មេខ្យល់​ទាំង​អស់នោះ​ទៅ​តុលាការ​ហើយ​ដែរ ។បើតាម​របាយការណ៍ របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ​ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន ​ប្រទេស​ថៃ គិត​ត្រឹម​ថ្ងៃទី​១១ ​ខែឧសភា​ ពលករ ​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​៕អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ក្រុង​តាខ្មៅ​ បាន​វិនិច្ឆ័យ​ជា​តំបន់​លឿង ​ខណៈ​តំបន់​ក្រហម​ ក្នុងភូមិ​តាខ្មៅ​២ ​ប្រែជា​តំបន់​លឿងទុំ​

2021/05/12 02:17:01 pm        368
តាខ្មៅ ​៖ រដ្ឋបាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​១២​ ខែឧសភា​នេះ នឹងធ្វើ​ការវិនិច្ឆ័យ​ភូមិ​តាខ្មៅ​២ ​ឬ​ហៅ​តំបន់​ភូមិ​វប្បធម៌​ នៅក្នុង​សង្កាត់​តាខ្មៅ ​ដែល​កន្លងមក​ បាន​ចាត់ជា​តំបន់​ក្រហម ​នឹងធ្វើ​ការវិនិច្ឆ័យ​ប្រែជា​តំបន់​លឿងទុំ​វិញ ​ហើយ​តាមរយៈ​ការវិនិច្ឆ័យ​ឡើងវិញ ​គឺ​បាន​ធ្វើអោយ​ក្រុង​តាខ្មៅ​ទាំងមូល​ក្លាយ​ជា​តំបន់​លឿង​ទាំងស្រុង​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងប្រាប់​BTV ថា នៅ​ទូទាំង​ក្រុង​តាខ្មៅ គិត​មកដល់​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ គឺ​មានតែ​ភូមិ​ចំនួន​មួយ​ប៉ុណ្ណោះ ​គឺ​ភូមិ​តាខ្មៅ​២ ​ឬ​ហៅ​ភូមិ​វប្បធម៌ ​កំពុងស្ថិត​ក្នុង​តំបន់​ក្រហម ​ហើយ​នៅថ្ងៃនេះ ​រដ្ឋបាល​ខេត្តកណ្តាល​ នឹងធ្វើ​ការវិនិច្ឆ័យ​ឡើងវិញ​កំណត់​ភូមិ​នេះ ​ទៅជា​តំបន់​លឿងទុំ​វិញ ​ខណៈ​នៅ​ថ្ងៃ​ចុង​ក្រោយនេះ​ តាមរយៈ​ឧបករណ៍ Rapid Test គឺ​យើង​បាន​យក​ទៅ​ធ្វើតេស្ត​ពិនិត្យ​សំណាក​រក​មេរោគ​កូ​វីដ​-១៩​ លើ​អ្នកភូមិ​ដែល​កំពុង​បិទ​ខ្ទប់​នោះ ​បាន​រក​ឃើញ​អ្នកភូមិ​នេះ ​មាន​ឆ្លង​ថ្មី​ចំនួន​តែ​៤​នាក់ ​បន្ថែមទៀត ​និង​បាន​បញ្ជូន​ទៅ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​។ឯកឧត្តម បញ្ជាក់ថា កាលពីមុន​នៅ​ក្រុង​តាខ្មៅ មាន​សង្កាត់​ចំនួន​៤ ក្នុងចំណោម​សង្កាត់​ចំនួន​១០ បាន​ចាត់​ជា​តំបន់​លឿងទុំ មកដល់​បច្ចុប្បន្ននេះ គឺ​បាន​ចាត់​ជា​តំបន់​លឿង​អស់ហើយ​។ ​ហើយ​បើ​យើង​ពិនិត្យ​ស្ថានភាព​ក្រុង​តាខ្មៅ​ជារួម​ នៅក្នុង​រយៈពេល​៦​ថ្ងៃ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ កត់សំគាល់​ឃើញថា ​ចរាចរណ៍​ធ្វើដំណើរ​នៃ​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ គឺមាន​ការពាក់​ម៉ាស់​ទាំងអស់គ្នា ​ហើយ ស្ទើរ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​តូចធំ ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​អាហារដ្ឋាន​នៅ​តាម​ទីសាធារណៈ​នានា ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា ​លើកលែងតែ​ផ្សារ​តាខ្មៅ​ថ្មី និង​ផ្សារ​តាខ្មៅ​ចាស់ គឺ​មិនទាន់​បាន​បើក​ដំណើរការ​ឡើងវិញ ហើយ​មូលដ្ឋាន​អាជីវកម្ម​នានា​ដែល​ច្បាប់​បាន​តម្រូវ​អោយ​បិទ​ជា​បណ្តោះអាសន្ន ​មានដូចជា​ ហាង​លក់​ស្រា​បៀរ ក្លឹប​បៀរហ្គាឌិន KTV​ ខារ៉ាអូខេ និង​មណ្ឌល​កម្សាន្ត​នានា​ទៀត​ គឺ​មិនទាន់​អនុញ្ញាត​អោយ​បើក​ឡើងវិញ​នោះទេ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា ដោយឡែក​គ្រប់​ស្រុក​នានា​ ដែល​នៅជាប់​នឹង​បណ្តា​ខណ្ឌ​នានា​របស់​រាជធានី​ភ្នំពេញ វា​អាច​ឈាន​ទៅរក​ការ​ធូរស្រាល​បាន គឺ​អាស្រ័យ​ទៅ​ស្ថានការណ៍​កូ​វីដ​១៩ នៅក្នុង​រាជធានី​ភ្នំពេញ ​ព្រោះ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ជាប់​រាជធានី​ភ្នំពេញ​ទាំងនោះ​ គឺមាន​ទំនាក់ទំនង​លំហូរ​ចេញចូល​ធ្វើ​ការងារ​ពី​គ្នា​ទៅវិញទៅមក​៕​អត្ថបទ ស៊ុម សុខ​ជា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្យុះខ្សាច់បានវាយប្រហារតំបន់ស៊ីនជាំងរបស់ប្រទេសចិន
04/18/2026 05:04 PM
ប្រធានាធិបតីបារាំង ស្វាគមន៍ការបើកច្រកសមុទ្រ Hormuz ឡើងវិញនៅក្នុងកិច្ចប្រជុំពហុភាគី
04/18/2026 05:04 PM
អូស្ត្រាលី និងជប៉ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីចាប់ផ្តើមកិច្ចព្រមព្រៀងនាវាចម្បាំងតម្លៃ៧ពាន់លានដុល្លារ
04/18/2026 05:04 PM
អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំថ្នាក់ដឹកនាំជាមួយរុស្ស៊ីក្រោមការសម្របសម្រួល
04/18/2026 05:04 PM
តម្លៃប្រេងឆៅធ្លាក់ចុះជាង ១០ ភាគរយ ខណៈច្រកសមុទ្រហ័រមូសបើកដំណើរការឡើងវិញ
04/18/2026 05:04 PM
ពលរដ្ឋលីបង់ភៀសខ្លួនពីសង្គ្រាមសម្រុកវិលត្រឡប់ទៅភាគខាងត្បូងវិញនៅថ្ងៃទីពីរនៃបទឈប់បាញ់ជាមួយអ៊ីស្រាអែល
04/18/2026 05:04 PM
អ្នកស្រុក Manipur របស់ឥណ្ឌាប្រមូលផ្ដុំដោយកាន់គប់ភ្លើង ជុំវិញការផ្ទុះដ៏សាហាវដែលបានសម្លាប់កុមារពីរនាក់
04/18/2026 05:04 PM
ពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន
04/18/2026 04:04 PM
អាមេរិកបន្តលើកលែងទណ្ឌកម្មប្រេងរុស្ស៊ី ក្រោយមានសម្ពាធពីប្រទេសដែលកំពុងដោះស្រាយវិបត្តិតម្លៃប្រេងក្នុងពេលមានសង្គ្រាមអ៊ីរ៉ង់
04/18/2026 03:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រហ័រមូស (Hormuz) ប្រសិនបើអាមេរិកនៅតែបន្តបិទកំពង់ផែរបស់ខ្លួន
04/18/2026 02:04 PM