Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ទោះគ្មាន Matheus និង Cristian ក៏លោក Pep មិនបារម្ភ ខណៈគ្រូ Madura រំពឹងក្រុមទាំងពីរ បង្កើនគុណភាពលេងល្អជាងមុន

2025/04/10 09:00:35 pm        330
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងជំនួបជើងទី១ សម្រាប់វគ្គ ៤ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025។ជាមួយការប្រកួតដ៏សំខាន់នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ភាគរយខ្ពស់នឹងត្រូវអវត្តមានខ្សែប្រយុទ្ធអន្ដរជាតិ ២រូប គឺកីឡាករ Matheus Moresche និងកីឡាករ Cristian Roque ។ នេះបើតាមការបង្ហើបរបស់គ្រូបង្វឹកលោក Pep Munoz នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត តែយ៉ាងណាលោកមិនបារម្ភឡើយ គ្រាដែលគ្រូបង្វឹកក្រុម Madura លោក Angel Afredo Vera រំពឹងការប្រកួតនេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពលេងល្អជាងកាលពីជួបគ្នា ក្នុងវគ្គចែកពូល នៅប្រទេសម៉ុងហ្គោលី។លោក Pep បានបញ្ជាក់ថា សម្រាប់កីឡាករ Matheus នឹងត្រូវសម្រាកយ៉ាងហោច ១ ទៅ ២សប្ដាហ៍ បន្ទាប់ពីរងរបួសមុនការប្រកួតលីគកំពូលកម្ពុជា គ្រាដែល Cristian បានរងរបួសកំឡុងការប្រកួតជាមួយភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានធ្វើការពិនិត្យនៅប្រទេសថៃ កាលពីដើមសប្ដាហ៍កន្លងទៅ ឃើញថា មិនមានបញ្ហាធ្ងន់ធ្ងរ តែយ៉ាងណារូបគេ ក៏មិនទាន់រួចរាល់សម្រាប់ការប្រកួតជាមួយ Madura ដែរ។យ៉ាងណាមិញ ទោះបីអវត្តមានខ្សែប្រយុទ្ធឆ្នើមទាំងពីរ ក៏លោក Pep មិនបារម្ភឡើយ ដ្បិតលោកមានកូនក្រុម ប្រកបដោយគុណភាពល្អជាច្រើន ដែលអាចជំនួសគ្នាបាន និងលេងទៅតាមការរៀបចំរបស់ក្រុម ពិសេសលោកសង្ឃឹមថា ការប្រកួតក៏នឹងទទួលបានលទ្ធផលល្អផងដែរ ប្រសិនបើព្រះខ័នរាជស្វាយរៀង អាចលេងដោយរក្សាបាល់បានល្អក្នុងជំនួបជាប្រវត្តិសាស្ដ្រសម្រាប់ក្លិប ក្នុងពានរង្វាន់អន្ដរជាតិមួយនេះ ។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដដែលបន្ថែមទៀតថា ការប្រកួតនេះ នឹងមានភាពតានតឹងខ្លាំង ព្រោះ Madura គឺជាក្រុមសម្បូរដោយធនធានកីឡាករមានគុណភាព ។ ម្យ៉ាងខុសប្លែកពីជួបគ្នាក្នុងវគ្គចែកពូល ដែលក្រុមឥណ្ឌូនេស៊ីនេះ បានផ្លាស់ប្ដូរគ្រូបង្វឹកថ្មី និងនាំចូលកីឡាករមួយចំនួន ក៏ដូចជាផ្លាស់ប្ដូររបៀបលេងជាដើម។ យ៉ាងការប្រកួតក្នុងដីនេះ លោកនឹងព្យាយាមជំរុញក្រុមធ្វើឲ្យបានល្អ ហើយបន្ដរក្សាផ្នត់គំនិត និងរបៀបលេងនៅជើងទី២ បន្ដទៀត ។ដោយឡែកគ្រូបង្វឹកក្រុម Madura វិញ បានលើកឡើងថា កាលក្រុមទាំងពីរ ជួបគ្នាក្នុងវគ្គចែកពូល នៅម៉ុងហ្គោលី លោកមិនទាន់ក្លាយជាគ្រូបង្វឹកទេ តែលោកសង្ឃឹមថា ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពិសេសជើងទី១ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រុមទាំងពីរ នឹងបង្កើនគុណភាពនៃការលេង បន្ទាប់ពីការនាំចូលកីឡាករថ្មីមួយចំនួន ។ ដូច្នេះលោកជឿជាក់ថា ការប្រកួតនេះ ក្រុមទាំងពីរ នឹងមានគុណភាពនៃការប្រកួតប្រជែងប្រសើរជាងមុន។ទន្ទឹមជាមួយគ្នាកីឡាករ Ryo Fujii សមាជិកក្រុមព្រះខ័នរាជស្វាយរៀង និងកីឡាករ Jordy Wehrmann របស់ Madura United បានចាត់ទុកជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គឺជាការប្រកួតដ៏ស្រស់ស្អាតនៅក្នុងបាល់ទាត់ ដែលក្រុមខ្លាំងទាំងពីរ បានឈានមកដល់វគ្គដ៏សំខាន់នេះ ។ ដួច្នេះពួកគេសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តច្រើនពីសំណាក់អ្នកគាំទ្ររៀងៗខ្លួន ដើម្បីជាកម្លាំងចិត្តក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

សហព័ន្ធប្រកាសទទួលចុះឈ្មោះជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យកុមារអង្គរ

2025/04/10 07:03:36 pm        267
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញឆ្ពោះទៅខេត្តសៀមរា ក្នុងចម្ងាយផ្លូវ ៣១០គីឡូម៉ែត្រជាថ្មី នាថ្ងៃទី៣១ ខែឧសភាខាងមុខ ដើម្បីកៀគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា សម្រាប់ការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ ចាប់ផ្ដើមទទួលហើយ ដោយកីឡាករ-កីឡាការិនីម្នាក់ៗ ត្រូវបង់ថវិកាចំនួន ២៥ដុល្លារ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសាខាងមុខ ។លោកបន្ដថា នេះជាឆ្នាំទី២ ហើយ ដែលសហព័ន្ធ បានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីសប្បុរសធម៌ ខណៈការរៀបចំលើកដំបូង កាលពីខែមិថុនា ឆ្នាំ២០២៤ មានអ្នកចូលរួមយ៉ាងច្រើនរហូតដល់ជាង ៤០០នាក់ ។ ដូច្នេះលោករំពឹងថា ឆ្នាំនេះ នឹងទទួលបានការចុះឈ្មោះកាន់តែច្រើនថែមទៀត ។អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជានេះ គឺធ្វើឡើង ដើម្បីកៀគរថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជូនដល់កីឡាករ-កីឡាការិនី និងមហាជនឲ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុភាព មិត្តភាព សាមគ្គីភាពឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ម្យ៉ាងក៏ជាការរួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។តាមរយៈនេះ លោក នូ ចំរើន បានអំពាវនាវដល់កីឡាករ-កីឡាការិនី យុវជន មហាជន ដែលនិយមជិះកង់ ចូលរួមចុះឈ្មោះឲ្យបានច្រើនកុះករ និងទាន់ពេលវេលា ដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ តាមរយៈការបង់ថវិកាសម្រាប់ការជិះកង់ ក៏ដូចជាលើកស្ទួយដល់វិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀតផងដែរ។ ចំពោះការចុះឈ្មោះ កីឡាករ-កីឡាការិនីម្នាក់ៗ នឹងទទួលបានអាវជិះកង់ ១ លិខិតថ្លែងអំណរគុណ និងអាហារសម្រន់តាមដងផ្លូវ ព្រមទាំងភេសជ្ជៈផងដែរ។សូមរំឮកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីផ្តល់សេចក្តីសង្ឃឹម និងក្តីស្រឡាញ់ដល់កុមារ ពីរាជធានីភ្នំពេញទៅកាន់ខេត្តបាត់ដំបង លើចម្ងាយផ្លូវ ២៩០គីឡូម៉ែត្រ ដោយទទួលបានការចូលរួមជិះកង់យ៉ាងផុសផុលផងដែរ៕ អត្ថបទ លី ឈុនឡា  

ស្ថាប័ន WKN បានទាក់ទងប្រធានសហព័ន្ធគុនខ្មែរភ្លាមៗ ក្រោមមានការបដិសេធរឿងកិច្ចសហការ

2025/04/09 09:43:07 pm        365
ថ្នាក់ដឹកនាំស្ថាប័នកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network ឬ WKN) បានទំនាក់ទំនងមកកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរភ្លាមៗ ដើម្បីពិភាក្សាពីអំពីកិច្ចសហការ ក្រោយពីសហព័ន្ធបានប្រកាសបដិសេធ ពុំធ្លាប់មានកិច្ចពិភាក្សាពីមុន ឬគម្រោងរៀបចំការប្រកួតផ្លូវការណាមួយឡើយ។ នេះបើយោងតាមការជូនដំណឹងបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តម ខូវ ឆាយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។សូមរំឮកថា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅថ្មី ស្ថាប័ន WKN បានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា កំពុងស្ថិតនៅលើផ្លូវរចាដើម្បីឆ្ពោះទៅចាប់ដៃគូជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។ យ៉ាងណា ១ថ្ងៃ ក្រោយមានការចែកចាយព័ត៌មាននេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានចេញសេចក្ដីប្រកាសខ្លីមួយថា សហព័ន្ធ ពុំធ្លាប់បានជួបពិភាក្សាពីការសហការណាមួយជាមួយស្ថាប័ន WKN នេះឡើយ ហើយសហព័ន្ធ ក៏ពុំទទួលស្គាល់ និងពុំអនុញ្ញាតិឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer ណាមួយក្នុងទឹកដីកម្ពុជា  ដោយពុំមានការព្រមព្រៀងជាមួយគ្នាឡើយ។បន្ទាប់ពីការចេញព័ត៌មានលក្ខណៈបដិសេធនេះ នៅថ្ងៃទី៨ ខែមេសាដដែល ថ្នាក់ដឹកនាំស្ថាប័ន WKN ក៏បានទំនាក់ទំនងទៅកាន់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ដែលកំពុងដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីគុនខ្មែរ ប្រកួតអន្ដរជាតិលើទឹកដីអាមេរិកភ្លាមៗ ដើម្បីពិភាក្សា និងឈានទៅរកកិច្ចសហការផ្លូវការរវាងស្ថាប័នទាំងពីរ។តាមការបញ្ជាក់របស់ឯកឧត្តម ខូវ ឆាយ គឺបានសូមអរគុណចំពោះស្ថាប័ន WKN ដែលបានធ្វើការទំនាក់ទំនងមកភ្លាមៗ ដើម្បីពិភាក្សាអំពីការសហការរវាងគុនខ្មែរ និងស្ថាប័ន WKN នាពេលអនាគត។ ក្នុងនាមប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយនឹងសហការជាមួយគ្រប់ស្ថាប័នអន្តរជាតិនានា ក្នុងគោលបំណងដើម្បីអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរអោយល្បីល្បាញទូទាំងសកលលោក។គួរដឹងថា ស្ថាប័ន WKN ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ហើយក៏ជាបុត្រសម្ព័ន្ធមួយរបស់ស្ថាប័ន ISKA (International Sport Kickboxing Association) ដែលបានទទួលស្គាល់ និងសហការរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនាពេលកន្លងមកដែរ ។ បច្ចុប្បន្ន WKN មានសមាជិកជាច្រើននៅទូទាំងពិភពលោក ។ ដូច្នេះការបើកភ្លើងខៀវឈានទៅរកកិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងក្លាយជាផលចំណេញមួយ ដើម្បីជំរុញការផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា  

ជំនួបព្រះខ័នរាជ ប៉ះ Madura បានពង្រីកច្រកចូលជាង ២០ និងលក្ខខណ្ឌងាយៗសម្រាប់អ្នកទស្សនា

2025/04/09 09:23:21 pm        465
ព្រះខ័នរាជស្វាយរៀង នឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ក្នុងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 នាយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ស្របពេលក្រុមការងារពាក់ព័ន្ធ បាននឹងកំពុងរៀបចំច្រកទ្វារចូលទស្សនា និងសម្រួលលក្ខខណ្ឌជាច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជនចូលរួមទស្សនាការប្រកួតដ៏ធំនេះ។យោងតាមការជូនដំណឹងរបស់ក្លិបកំពុងឈរកំពូលតារាង នៃលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ក្លិបបានបង្ហាញអំពីបច្ចុប្បន្នភាពនៃច្រកឆែកសំបុត្រ និងស្កេនសំបុត្រចំនួន ២៤ក្រុក ព្រមទាំងបើកច្រកទ្វារចូលវិមាននៃពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ២៣ ពិសេសគឺមិនត្រូវឲ្យមានការប្ដូរសំបុត្រទៀតឡើយ ដោយអ្នកទិញសំបុត្រ គ្រាន់តែបង្ហាញ QR Code សម្រាប់ស្កេនចូលតែម្ដង ។ សម្រាប់ប្រភេទសំបុត្រ  E-Ticket ពេលចាប់ឆ្នោត ក្រុមការងារបានព្រីនឈ្មោះនិងលេខទំនាក់ទំនងរបស់ទស្សនិកជន ដាក់ចូលធុងឆ្នោតរួចរាល់ ដើម្បីធ្វើការចាប់រង្វាន់ម៉ូតូ Honda Beat ចំនួន ៥គ្រឿងទៀតផង។គួរដឹងថា ក្រុម Madura United បានធ្វើដំណើរមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៨ ខែមេសា ដើម្បីត្រៀមលក្ខណៈជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ក្នុងជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ សម្រាប់ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី នាវេលាម៉ោង ៧យប់ថ្ងៃទី១០ ខែមេសាស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ មុនជំនួបកាត់សេចក្ដីជើងទី២ នៅទឹកដីក្រុមខ្លាំងរបស់ឥណ្ឌូនេស៊ីវិញម្ដង នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង នឹងពុំបានសម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះឡើយ ដោយពួកគេត្រូវបន្ដបេសកកម្មទៅប្រកួតក្រៅប្រទេស ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League 2024/2025៕ អត្ថបទ លី ឈុនឡា

បេក្ខភាព ៥ក្រុម បានកក់កៅអីវគ្គ Play-Offs នៃពានរង្វាន់ Queen Legends 2025

2025/04/08 07:01:04 pm        223
ក្រោយដំណើរការប្រកួតវគ្គ Regular season អស់រយៈពេល ៣សប្ដាហ៍ ការប្រកួតកម្រិតអាជីពផ្នែកនារីលើកដំបូង លើវិញ្ញាសា Mobile Legends: Bang Bang នៃពានរង្វាន់ Queen Legends ផ្នែកនារី ឆ្នាំ២០២៥ បានរកឃើញបេក្ខភាព ៥ក្រុមហើយ ដែលបានកក់កៅអីវគ្គ Play-Off រួមមានក្រុម CFU Serendipity, ក្រុម Duck Rice Athena, ក្រុម Team Flash Violet, ក្រុម Quality Women និងក្រុម Galaxy Phoenix។សម្រាប់បេក្ខភាពវគ្គ Regular season ដែលនៅសល់ការប្រកួតសន្សំពិន្ទុមួយសប្ដាហ៍ទៀតនេះ គឺមាន ៨ក្រុម ដែលបានឆ្លងកាត់ការប្រកួតជម្រុះ តាំងពីខែកុម្ភៈកន្លងទៅ ។ ដូច្នេះសប្ដាហ៍ចុងក្រោយ គឺជាការប្រកួតដ៏សំខាន់សម្រាប់បេក្ខភាព ៣ក្រុមផ្សេងទៀត ក្នុងការប្រជែងពិន្ទុបន្ថែម រវាងក្រុម Pro Majesty ដែលកំពុងឈរលេខ៦ មាន ៣ពិន្ទុ ព្រមទាំងក្រុម Evil Eye Serenity និងក្រុម Elimination Women ដែលទើបរកបាន ១ពិន្ទុស្មើគ្នា ដើម្បីស្វែងរកក្រុមមានពិន្ទុខ្ពស់ជាងគេឡើងទៅបង្គ្រប់កៅអីវគ្គ Play-Off។ឯកឧត្តម លន់ សាមឌឺ អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានឲ្យដឹងថា ពានរង្វាន់ Queen Legends នេះ ក្រៅពីផ្ដល់ឱកាសដល់ក្រុមកីឡាការិនីបានបង្ហាញសមត្ថភាពជាមួយការប្រកួតកម្រិតអាជីពលើកដំបូង សម្រាប់ក្រុមជ័យលាភី នឹងក្លាយជាក្រុមតំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៥ ខាងមុខផងដែរ បន្ទាប់ពីសហព័ន្ធ បានរកឃើញក្រុមជើងឯកផ្នែកបុរស ដើម្បីចូលរួមការប្រកួតជើងឯកពិភពលោកនេះ គឺក្រុម CFU Gaming ដែលបានគ្រងជើងឯកក្នុងការប្រកួតជម្រុះថ្នាក់ជាតិ កាលពីថ្មីៗ។គួរដឹងថា វគ្គ Play-Off នៃពានរង្វាន់ Queen Legends គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខ ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ២០លានរៀល គ្រាដែលជើងឯករង ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល, លេខ៤ ទទួលបាន ៦លានរៀល, លេខ៥ ទទួលបាន ៤លានរៀល, លេខ៦ ទទួលបាន ៣លានរៀល និងលេខ៧-៨ ទទួលបាន ២លានរៀលផងដែរ ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជស្វាយរៀង ឈរចាំបឹងកេត និង ISI ក្រោយទម្លាក់គិរីវង់ ត្រឹមវគ្គ ១/៤ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/04/03 08:23:15 pm        265
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ហើយ ក្រោយបន្ដយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-២ ក្នុងជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ។ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ កីឡាករ ឃាន់ សុបិន បានរកគ្រាប់នាំមុខឲ្យគិរីវង់ ១គ្រាប់មុន នៅនាទី៣១ មុនកីឡាករ Pablo Augusto រកបានគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះ នៅចុងវគ្គទី១ ។ បន្ទាប់មកខ្សែប្រយុទ្ធទើបជាសះស្បើយពីរបួសដដែល បានបន្ថែម ២គ្រាប់ទៀត ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៤៧ និងនាទី៥៩ ដែលគ្រាប់បាល់ Hat-Trick របស់ Pablo នេះ បានរក្សាការនាំមុខលើក្រុមភ្ញៀវ រហូតដល់ចុងវគ្គទី២ ទើបកីឡាករ Tenege Veville Mbanwei រកបានគ្រាប់ទី២ ឲ្យគិរីវង់ ពីការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៩០+៤។សរុបលទ្ធផលទាំង ២ជើង ព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៥-២ ដ្បិតកាលពីជើងទី១ ក្រុមជើងឯកឆ្នាំ២០២៣/២៤ គឺបានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក្នុងលទ្ធផល ២-០ ។ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ត្រូវឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺរង់ចាំក្រុមឈ្នះ រវាងក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ ដែលក្រុមទាំងពីរ នឹងត្រូវជួបគ្នា នាល្ងាចថ្ងៃទី៣ ខែមេសានេះ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីជើងទី២ បឹងកេត បានយកឈ្នះលើក្រុមដំរីជ័យ ក្នុងលទ្ធផល ២-០ ។ ចាំមើលតើបឹងកេត ឬ ISI នឹងត្រូវឡើងទៅជួបក្រុមការពារតំណែងជើងឯក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ?៕ អត្ថបទ លី ឈុនឡា

Hun Sen Cup៖ វិសាខា ឡើងជួបភ្នំពេញក្រោន ក្រោយទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤

2025/04/03 07:34:36 pm        242
ក្រុមបាល់ទាត់ វិសាខា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមភ្នំពេញក្រោន បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ៤-០ ក្នុងជំនួបជើងទី២ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥។ជំនួបក្រោមដំណក់ភ្លៀងនៅកីឡដ្ឋានព្រីនស៍ស្ទើរពេញម៉ោង កាលពីល្ងាចថ្ងៃទី២ ខែមេសានេះ ក្រុមទាំងពីរ បានវាយសម្រុកគ្នាខ្លាំង នៅវគ្គទី១ តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ។ ឈានចូលវគ្គទី២ ស៊ិន កក្កដា ក៏បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះវិសាខា ១គ្រាប់ នៅនាទី៦៧ ។ បន្ទាប់ពីទម្លាយភាពជាប់គាំង វិសាខា ក៏ចាប់ផ្ដើមមានឱកាសជាបន្ដបន្ទាប់ រហូតរកបាន ៣គ្រាប់ទៀត ដើម្បីបញ្ចប់ឱកាសក្រុមលោក ភា សុភ័ក្ដ្រា តែម្ដង ។ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ ភ្នំពេញក្រោន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីភ្នំពេញក្រោន បានយកឈ្នះក្រុមណាហ្គាវើលដ៏ ក្នុងវគ្គ ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗកន្លងទៅ។ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិនេះដែរ នឹងធ្វើឡើង ២ជើង ខណៈជើងទី១ បើគ្មានការប្រែប្រួលទេ នឹងធ្វើការប្រកួតនាថ្ងៃទី២៣ ខែមេសាខាងមុខ ៕អត្ថបទ លី ឈុនឡា 

WBC ទទួលស្គាល់ និងដាក់ពាក្យ Kun Khmer លើខ្សែក្រវាត់ អមទង់ជាតិកម្ពុជា និង​ប្រាសាទ​អង្គរវត្ត

2025/04/01 05:04:22 pm        549
ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) បានទទួលស្គាល់ និងដាក់​បញ្ចូល​ពាក្យ «​គុនខ្មែរ ឬ Kun Khmer» លើខ្សែក្រវាត់ជាផ្លូវការ ដែលមានឈ្មោះថា ខ្សែក្រវាត់ WBC Kun Khmer ដោយមានរំលេចនូវទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​ពិភព​លោក​នេះ​ទៀត​ផង។ខ្សែក្រវាត់ WBC Kun Khmer នេះ ត្រូវបានដង្ហែមកដល់កម្ពុជា កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៥ ដោយលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ(KKIF) និងជា​អនុ​ប្រធាន​សហព័ន្ធគុនខ្មែរអន្ដរជាតិ បន្ទាប់ពីលោកបានចំណាយពេល ១ឆ្នាំ ក្នុងការចរចា និង​សម្រប​សម្រួល ជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC ដើម្បីបំពេញលក្ខខណ្ឌផ្សេងៗ រហូតមានការ​ទទួល​ស្គាល់ ​និងដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់នេះ។លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហាញនូវមោទនភាព ក្នុងនាមកូនខ្មែរ ដែលបានសម្រេច​ក្ដី​ស្រម៉ៃ​ដាក់​ពាក្យ​គុនខ្មែរ ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត លើខ្សែក្រវាត់​កម្រិត​ពិភព​លោក​ដ៏​ល្បីល្បាញ​នេះ។ លោកថា នេះមិនមែនជាជោគជ័យសម្រាប់លោក ឬអ្នកណាម្នាក់ តែ​ជា​ជោគ​ជ័យ និងមោទនភាព សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការផ្សារភ្ជាប់គុនខ្មែរ ទៅនឹង​ស្ថាប័ន​ពិភពលោក ដើម្បីផ្សព្វផ្សាយគុនខ្មែរ ឲ្យកាន់តែល្បីល្បាញ់លើពិភពលោក។ក្រោយ​ទទួលបានជោគជ័យ ក្នុងការបញ្ចូលពាក្យ «Kun Khmer» ក្នុងខ្សែក្រវាត់ WBC ក៏​ដូច​ជា​ការ​ត្រៀម​រៀបចំព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ WBC Kun Khmer លើកដំបូង នាថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ លោកឧញ៉ា ស្រី ចាន់ថន ព្រមទាំងលោក ស្រី រាជបុត្រ នឹង​បន្ដកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន WBC បន្ថែមទៀត ដើម្បីកំណត់​លក្ខ​ខណ្ឌ​រៀបចំ​ការ​ប្រកួត ទាំងក្នុង និងក្រៅប្រទេសជាបន្ដបន្ទាប់ តើត្រូវរៀបចំប៉ុន្មានដងក្នុង ១ឆ្នាំ? ក៏​ដូច​ជា​កិច្ច​ពិភាក្សាដើម្បីរៀបចំនូវរចនាសម្ព័ន្ធអាជ្ញាកណ្ដាល-ចៅក្រមសម្រាប់កាត់សេចក្ដីការប្រកួត ដោយ​មានការចូលរួមពីក្រុមការងារសហព័ន្ធគុនខ្មែរផងដែរ៕

ស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី សហការរៀបចំកម្មវិធីប្រដាល់ «កំពូលអ្នកចម្បាំងអូដ្ឋ»

2025/03/28 04:31:50 pm        290
អគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ខបភើរេសិន ដើម្បីរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ «កំពូលអ្នកចម្បាំងអូដ្ឋ» ដែលនឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ។ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងនៅការិយាល័យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាផ្សារទំនើប Chip Mong Mega Mall 271 ដោយមានការអញ្ជើញចូលរួមពីលោក James Mu នាយកប្រតិបត្តិ(COO) តំណាងលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន និងអ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ។អ្នកឧកញ៉ា លាង ពៅ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងកិច្ចសហការជាមួយអគ្គនាយកវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីរៀបចំនូវព្រឹត្តិការណ៍ថ្មី នៃកម្មវិធីប្រដាល់កំពូលអ្នកចម្បាំងអូដ្ឋ នេះឡើង ។ ក្នុងនាមក្រុមហ៊ុនខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ អ្នកឧកញ៉ា បានចាត់ទុកនេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់បេសកកម្មរបស់ក្រុមហ៊ុន ក្នុងការចូលរួមផ្សព្វផ្សាយ លើកស្ទួយ និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ។អ្នកឧកញ៉ាបានគូសរំលេចថា ប្រដាល់គុនខ្មែរ មានប្រវត្តិយូរអង្វែងមកហើយ ដែលបន្សល់ទុករាប់ពាន់ឆ្នាំដោយបុព្វបុរសខ្មែរ ។ ដូច្នេះការចូលរួមអភិរក្ស និងអភិវឌ្ឍន៍កីឡាអត្តសញ្ញាណជាតិនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប ។ ដូច្នេះតាមរយៈកម្មវិធីថ្មីនេះ នឹងក្លាយជាវេទិកាមួយ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនី បានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយឈានទៅដណ្ដើមនូវសមិត្ធផល ក៏ដូចជាលើកមុខមាត់ប្រទេសជាតិ លើឆាកអន្ដរជាតិផងដែរ ។គួរបញ្ជាក់ថា សម្រាប់បើកទំព័រសង្វៀនថ្មី នៃការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់កំពូលអ្នកចម្បាំងអូដ្ឋ នាថ្ងៃទី២៩ ខែមីនាចុងសប្ដាហ៍នេះ នឹងមានការប្រកួតរវាងជើងខ្លាំងជាច្រើនរូប ក្នុងនោះក៏មានគូដណ្ដើមខ្សែក្រវាត់ផងដែរដ រួមមានកីឡាករ ឃួន ឡាំងកូស៊ីន ត្រូវជួបកីឡាករម៉ាឡេស៊ី Umar Red Wolves និងកីឡាករ ពេជ្រ អទិទេព ត្រូវជួបកីឡាករ Thongbang Seuaphom មកពីប្រទេសឡាវ ។ នេះគឺជាការប្រកួតសន្សំពិន្ទុវិលជុំ ដើម្បីឈានទៅរកបេក្ខភាពមានពិន្ទុខ្ពស់ជាងគេឡើងវគ្គបន្ដ ។ក្រៅពីបេក្ខភាពប្រកួតសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់នេះ ក៏នឹងមានគូប្រកួតមិត្តភាពអន្ដរជាតិដ៏ទាក់ទាញផងដែរ រវាងកីឡាករ ពេជ្រ សម្បត្តិ ត្រូវជួបកីឡាករអ៊ីរ៉ង់ Parsa Aminpour និងកីឡាករ រឿង សោភ័ណ្ឌ ត្រូវជួបកីឡាករ Yahya Ettaghi មកពីប្រទេសម៉ារ៉ុក ព្រមទាំងគូមិត្តភាពជាតិ រវាងកីឡាករវ័យក្មេង ពេជ្រ បញ្ញា កូនសិស្សលោក ពេជ្រ សុផាន់ ជាមួយកីឡាករ វណ្ណា បញ្ញាបុត្រ មកពីខេត្តកំពង់ធំទៀតផង៕ អត្ថបទ លី ឈុនឡា

វគ្គផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ នឹងប្រកួត​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ

2025/03/25 09:13:33 pm        581
ក្រោយដំណើរការប្រកួតអស់រយៈជាង ៣ខែកន្លះ ពានរង្វាន់បាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ រដូវកាលទី១ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលកីឡាសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន ២ប្រកួត រួមមានគូដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុម Lucky ជួបក្រុម The Peanut និងគូដណ្ដើមជើងឯករវាងក្រុម Mihel Soul Young Gun ជួបក្រុម C-Light Stars។ព្រឹត្តិការណ៍នេះ រៀបចំដោយកម្មវិធីកីឡា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ ដែលបានចាប់ផ្ដើមការប្រកួត តាំងពីដើមខែធ្នូ ឆ្នាំ២០២៤ ដោយមានបេក្ខភាព ១៦ក្រុមចូលរួម ដោយការប្រកួតជម្រុះតាមពូល រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានរៀបចំនៅអាគារខេមរានី ។ ប៉ុន្ដែដើម្បីជំរុញឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាន់តែទាក់ទាញ និងមានភាពអស្ចារ្យ ថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏សម្រេចរៀបចំការប្រកួតវគ្គដ៏ពិសេសនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកីឡាប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលទើបទទួលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ កន្លងទៅ។សម្រាប់ការប្រកួតថ្ងៃផ្ដាច់ព្រ័ត្រនេះដែរ ក្រៅពីគូប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដូចជាគូប្រកួតដណ្ដើមជើងឯក ក៏នឹងមានការប្រកួតគូកិត្តិយស រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលដឹកនាំដោយនាយ ពាក់មី ព្រមទាំងការសម្ដែងចម្រៀងពីតារាចម្រៀងល្បីៗជាច្រើនផងដែរ ។ អ្វីដែលពិសេស គឺវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ក្នុងសាលជើងឯករាជធានីភ្នំពេញ រដូវកាលទី១ នេះ នឹងបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង២រសៀលតទៅ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM