Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ខ្សែប្រយុទ្ធ Leipzig, Xavi Simons ស្ថិតក្នុងគោលដៅរបស់ Liverpool និង Manchester United រដូវក្តៅខាងមុខ

2025/04/22 11:23:09 pm        296
ក្លិបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool ត្រូវបានគេដឹងថា បានកំណត់គោលដៅតែ មួយក្នុងការតាមប្រមាញ់ខ្សែប្រយុទ្ធហូឡង់ Xavi Simons របស់ក្លិបអាល្លឺម៉ង់​RB Leipzig នៅរដូវក្តៅខាងមុខ។សារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករវ័យ ២១ ឆ្នាំ Xavi Simons មានបំណងចង់ស្វែងរកទ្រនំថ្មីនៅរដូវក្តៅខាងមុខ ដើម្បីការប្រកួតប្រជែងថ្មីក្នុងអាជីព ដែលការលើកឡើងនេះ បានបើកផ្លូវឱ្យក្លិបនៅ Premier League ទាំងពីរក្នុងការចែចង់។ យ៉ាងណាក្តីសារព័ត៌មានដដែលបានបន្តថា Leipzig ត្រូវការប្រមាណ ៧០ លានផោន ប្រសិនក្លិបណាចង់បាន កីឡាករហូឡង់រូបនេះ។ Xavi Simons ធ្លាប់បាននិយាយក្នុងកិច្ចសម្ភាស៍ជាមួយសារព័ត៌មាន SkySports ថា ស្ថិតក្នុងវ័យត្រឹម ២១ ឆ្នាំ រូបនេះនៅមានក្តីសុបិន្តជាច្រើន តែគ្រាន់តែដឹងថាបច្ចុប្បន្នគឺផ្តោតអារម្មណ៍តែមួយមុខគត់ជាមួយ Leipzig ដែលរូបគេមានកិច្ចសន្យាដល់ឆ្នាំ ២០២៧។ រំលឹកថា Xavi Simons បានចាប់ផ្តើមអាជីពដំបូងជាមួយ Paris Saint Germain ក្រោយចាកចេញពីថ្នាលយុវជនរបស់ Barcelona។ បន្ទាប់ពី PSG, Simons បានបន្តដំណើរទៅ PSV មួយរដូវកាល ២០២២-២៣ បង្ហាញខ្លួនបាន ៣៤ ប្រកួតរកបាន ១៩ គ្រាប់មុនពេលត្រលប់មក PSG វិញ។ យ៉ាងណាក្តី ការវិលមកកាន់ PSG មិនជោគជ័យឡើយ ដោយបានត្រឹមអង្គុយកៅអីបម្រុង ហើយក៏បានចាកចេញទៅ Leipzig ក្នុងលក្ខខណ្ឌខ្ចីជើង មុនពេលទិញផ្តាច់៕ អត្ថបទ៖នាង សុភាវុធ 

Jelena Ostapenko ឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គ្រងជើងឯក Stuttgart Open

2025/04/22 11:06:09 pm        265
កីឡាការិនីវាយកូនបាល់សញ្ជាតិឡេតូនី Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខមួយពិភពលោក Aryna Sabalenka គួរឱ្យភ្ញាក់ផ្អើលនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីគ្រងជើងឯក Stuttgart Open នៅអាល្លឺម៉ង់។Ostapenko ដែលមិនដែលឈ្នះសោះបីប្រកួតកន្លងមកនៅពេលជួប Sabalenka ហាក់មិនមានការលំបាកក្នុងជំនួបលើកទីបួន តាមរយៈជ័យជំនះពីរសិតផ្ទួនៗ ៦-៤ និង ៦-១។ ចាញ់ឈ្នះនៅសិតដំបូងដោយពិន្ទុ Breakpoint មួយលើក តែសិតទីពី Sabalenka មានកំហុសច្រើន។ មុនឡើងមកវគ្គផ្តាច់ព្រ័ត្រនេះ កីឡាការិនីវ័យ ២៧ ឆ្នាំ Jelena Ostapenko បានយកឈ្នះកីឡាការិនីលេខពីរពិភពលោក Iga Swiatek ផងដែរនៅវគ្គ ៨ នាក់ចុងក្រោយ។ នេះជាជើងឯកទី ៩ ក្នុងអាជីពរបស់ Ostapenko និងជាជើងឯកដំបូងនៅលើទីលានដីក្រហម តាំងពីឈ្នះជើងឯក Grand Slam, French Open ចុងក្រោយនៅឆ្នាំ ២០១៧។ ចំណែកឯ Aryna Sabalenka នេះជាការឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Stuttgart Open នេះលើកទីបួន តែសុទ្ធតែបរាជ័យ ពោលគឺចាញ់ Ashleigh Barty នៅឆ្នាំ ២០២១ និងចាញ់ Iga Swiatek ពីរលើកនៅឆ្នាំ ២០២២ និង ២០២៣៕អត្ថបទ៖នាង សុភាវុធ 

Leeds United និង Burnley ធានាបានកៅអីត្រឡប់មកកាន់ Premier League វិញរដូវកាលក្រោយ

2025/04/22 10:53:16 pm        215
ក្លិបបាល់ទាត់ Leeds United និង Burnley ធានាបានកៅ​អីរៀងខ្លួន​ឡើងមក​កាន់ក្រប​ខណ្ឌ​កំពូលរបស់អង់គ្លេស Premier League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះរៀងខ្លួននៅសប្តាហ៍ទី ៤៤ នៃក្របខណ្ឌទីពីរអង់គ្លេស League Championship។Leeds បានយកឈ្នះ Stoke City ចាស់ដៃ ៦-០ ខណៈដែល Burnley យកឈ្នះ Sheffield United ២-១។ ក្រុមទាំងពីរ Leeds និង Burnley មាន ៩៤ ពិន្ទុស្មើគ្នា ដាច់ក្រុមលេខបី Sheffield United ៨ ពិន្ទុខណៈនៅសល់ពីរប្រកួតទៀតប៉ុណ្ណោះចប់រដូវកាល។ Leeds បានខកចិត្តកាលពីរដូវ​កាលមុនម្តងរួចមកហើយ ក្រោយបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខបីទោះបីមានដល់ ៩០ ពិន្ទុ មុនពេលចាញ់ Southampton នៅវគ្គ Play-Off ផ្តាច់ព្រ័ត្រនៅ Wembley។ ងាកមក Burnley មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនផងដែរ ក្រោយមិនចាញ់សោះ ៣១ ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់អ្នកចាត់ការ Scott Parker។ក្រុមទាំងពីរ Leeds និង Burnley ក្រៅពីមានកៅអីនៅ Premier League រដូវកាលក្រោយ ពួកគេត្រូវការឈ្នះរៀងខ្លួនពីរប្រកួតចុងក្រោយដើម្បីដណ្តើមជើងឯក។ ពីរប្រកួតចុងក្រោយ Leeds ត្រូវជួបជាមួយ Bristol City និង Plymouth ខណៈដែល Burnley ត្រូវជួប QPR និង Millwall។ចំណែកបួនក្រុមដែលត្រូវលេងវគ្គ Play-Off មានពីរក្រុមធានាកៅអី Play-Off រួមមាន Sheffield United និង Sunderland ខណៈពីរក្រុមទៀតមិនទាន់ប្រាកដនៅឡើយដោយសារពិន្ទុប្រកៀកគ្នារួមមាន Bristol City, Coventry City, Middlesbrough, Millwall និង Blackburn Rovers៕ អត្ថបទ៖នាង សុភាវុធ 

អ្នកចាំទី Barcelona, Ter Stegen ជាពីរបួសរយៈពេលវែងតែ Lewandowski ត្រូវអវត្តមានមួយរយៈ

2025/04/22 10:36:33 pm        249
អ្នកចាត់ការ FC Barcelona លោក Hansi Flick បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកចាំទីអាល្លឺម៉ង់ Marc-Andre ter Stegen ត្រៀមខ្លួនរួចរាល់សម្រាប់ការត្រលប់មកវិញ ក្រោយរយៈពេលវែងដោយសាររបួស។បន្ទាប់ពីរយៈពេលជិត ៧ ខែដោយសាររបួសជង្គង់ខាងស្តាំ លោក Flick បានឱ្យដឹងថា អ្នកចាំទីអាល្លឺម៉ង់រូបនេះ បានត្រលប់មកធ្វើការហ្វឹកហាត់ធម្មតា និងត្រៀមខ្លួនបង្ហាញមុខនៅលើទីលានឆាប់ៗនេះ។ នេះជាដំណឹងល្អសម្រាប់ Barcelona នៅផ្នែកការពារ តែក៏ព្រមគ្នានឹងដំណឹងអាក្រក់នៅតំបន់ប្រយុទ្ធ ដោយខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ត្រូវអវត្តមានប្រមាណបីសប្តាហ៍ដោយសាររបួស។ អំឡុងសន្និសីតសារព័ត៌មានត្រៀមការប្រកួតទល់នឹង Mallorca យប់ថ្ងៃអង្គារនេះ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បានបង្ហាញក្តីបារម្ភចំពោះអវត្តមានរបស់ Lewandowski ស្របពេល Barcelona កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃរដូវកាលដែលកំពុងប្រជែងពាន La Liga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan។អតីតខ្សែប្រយុទ្ធ Bayern Munich និង Dortmund រូបនេះ រកបាន ២៥ គ្រាប់ហើយរដូវកាលនេះនៅ La Liga នាំមុខគេដាច់បីគ្រាប់ពីខ្សែប្រយុទ្ធ Real Madrid, Kylian Mbappe។ Barcelona កំពុងឈរកំពូលតារាងនៅ La Liga បច្ចុប្បន្នមាន ៧៣ ពិន្ទុ នឹងត្រូវជួបជាមួយក្រុមលេខ ៧ Mallorca យប់នេះក្នុងទឹកដីខ្លួនឯង៕ អត្ថបទ៖នាង សុភាវុធ 

វគ្គ ១/២ ពានសម្ដេចតេជោ មានការប្រែប្រួលកាលបរិច្ចេទថ្មី ខណៈថ្ងៃទី២៣-មេសា មាន ១ប្រកួតប៉ុណ្ណោះ

2025/04/22 10:23:38 pm        280
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ នឹងឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងសប្ដាហ៍នេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមវិសាខា ចំនួន ២ជើង ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ។ទន្ទឹមជាមួយគ្នា ដោយមានសំណើរពីក្លិបពាក់ព័ន្ធមួយចំនួន បានជំរុញឲ្យកាលបរិច្ចេទនៃការប្រកួត មានការប្រែប្រួល ដើម្បីសម្រួលដល់ក្លិបសាមី ក្នុងនោះជំនួបជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ដែលគ្រោងជួបគ្នា នៅថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេលទៅប្រកួតនាថ្ងៃទី៣០ ខែមេសាវិញ គ្រាដែលជំនួបជើងទី១ រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត ដែលត្រូវជួបគ្នានៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាថ្ងៃទី២៣ ខែមេសា គឺរក្សានៅដដែល តែប្ដូរម៉ោងប្រកួតពីម៉ោង ៦ល្ងាច ទៅម៉ោង ៧យប់វិញ។ជុំវិញការលើកពេលប្រកួតជើងទី១ រវាងភ្នំពេញក្រោន និងវិសាខា ក្រោយអតីតក្រុមជើងឯក ៣សម័យ វិសាខា បានធ្វើការស្នើសុំលើកកាលបរិច្ចេទនៃការប្រកួត ដើម្បីចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់កីឡាករខ្លួន គឺខ្សែការពារ ទេស សម្បត្តិ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងទទួលមរណភាព កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។ ជាមួយសំណើរ អមនូវដំណឹងមរណភាពដ៏ក្ដុកក្ដួលនេះ ភាគីពាក់ព័ន្ធ ពិសេសក្លិបភ្នំពេញក្រោន ក៏បានឯកភាពលើកការប្រកួតនេះផងដែរ ។ដោយឡែកជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ សម្រាប់ជំនួបរវាងវិសាខា ដែលត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោនវិញម្ដង គឺរក្សាការប្រកួតនៅថ្ងៃទី៧ ខែឧសភាដដែល តែជំនួបរវាងព្រះខ័នរាជស្វាយរៀង និងក្រុមភ្ញៀវបឹងកេត ត្រូវលើកពេលការប្រកួតពីថ្ងៃទី៧ ទៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។ ការលើកពេលនេះ តបតាមសំណើររបស់ក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមលក្ខណៈធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024/25 ដែលក្រុមតំណាងកម្ពុជានេះ ត្រូវជួបក្រុម Arkadag របស់តួកម៉េនីស្ថាន នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ដោយមើលឃើញពីសារៈសំខាន់យ៉ាងខ្លាំង ចំពោះការប្រកួតនេះ ដែលជាឱកាសក្នុងការលើកកម្ពស់កេរ្ដិ៍ឈ្មោះសម្រាប់បាល់ទាត់កម្ពុជា និងមានពិន្ទុ AFC សំខាន់ៗ ដែលត្រូវការឈ្នះដើម្បីជួយបាល់ទាត់កម្ពុជាឲ្យទទួលបានចំណាត់ថ្នាក់ខ្ពស់ និងកាន់តែច្រើនសម្រាប់ក្លិបក្នុងការចូលរួមប្រកួតពានរង្វាន់ AFC ភាគីពាក់ព័ន្ធ ក៏ដូចជាក្លិបបឹងកេតផ្ទាល់ ក៏បានឯកភាព និងគាំទ្រចូលរួមការលើកពេលការប្រកួតជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត ផងដែរ៕ អត្ថបទ លី ឈុនឡា 

កីឡាករបាល់ទាត់ ទេស សម្បត្តិ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិត

2025/04/21 10:08:08 pm        893
កីឡាករបាល់ទាត់ ទេស សម្បត្តិ បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហើយត្រូវបានប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកំរៃ​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។សពកីឡាករ ទេស សម្បត្តិ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងម៉ូតូម៉ាក​ ADV​ មួយ​គ្រឿង​នៅ​ក្នុង​ប្រឡាយ​ទឹក​សាក់សំពៅ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រី នៃការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះ​មកពិនិត្យកោសល្យវិច័យទៅលើសព និងប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានឲ្យដឹងថា កីឡាករ ទេស សម្បត្តិ ពិតជាបាត់បានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន។បច្ចុប្បន្នកីឡាករ ទេស សម្បត្តិ លេងនៅក្រុមវីសាខា និងធ្លាប់ជាអតីតកីឡាករជម្រើសជាតិ ដែលមហាជនដាក់រហស្សនាមថា ជាកីឡាករ Ramos ស្រុកខ្មែរ។ តាមការបញ្ជាក់របស់លោក ខៀវ សាម៉េត, កីឡាករ ទេស សម្បត្តិ បានជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញនៅខណ្ឌដង្កោ៕ តារាវុទ្ធី

នៅពីក្រោយភាពជោគជ័យ ក្លឹបបាល់ទាត់អារកាដាហ្គ (Arkadag) មានឥស្សរជនកំពូលជាស្ថាបនិក

2025/04/21 05:23:13 pm        637
អេហ្វខេ អារកាដាហ្ក (FK Arkadag) ជាក្លឹបបាល់ទាត់ក្មេងខ្ចីជាងគេបំផុត បើប្រៀបធៀបទៅនឹងក្លឹបបាល់ទាត់៨ទៀតដែលមានក្នុងក្របខណ្ឌបាល់ទាត់លីគកំពូលប្រទេសតួកម៉េនីស្ថានដែលមានឈ្មោះផ្លូវការ យ៉ូការី លីហ្កា (Yokary Liga)។ដោយទើបតែបង្កើតឡើងបានជាង២ឆ្នាំបន្តិច និងប្រើតែកីឡាករជនជាតិតួកម៉េនីស្ថានសុទ្ធ អេហ្វខេ អារកាដាហ្ក ក្លាយជាជើងឯកលីគកំពូលពីររដូវកាលជាប់គ្នា ២០២៣ ដោយលេង២៤ប្រកួតគ្មានចាញ់ គ្មានស្មើនិងឆ្នាំ២០២៤ ៣០ប្រកួតឈ្នះទាំង៣០ប្រកួត។ ក្រៅពីនេះ នៅមានឈ្នះពានតួកម៉េនីស្ថានពីររដូវកាលជាប់គ្នា (២០២៣ និង២០២៤) ឈ្នះតួកម៉េនីស្ថានស៊ុបពើខាប់ ២០២៤ និងពានសហព័ន្ធបាល់ទាត់តួកម៉េនីស្ថាន ២០២៥។ក្នុងយ៉ូការី លីហ្កា រដូវកាល២០២៥នេះ(គិតត្រឹមថ្ងៃទី២០ ខែមេសា) អារកាដាហ្ក ទើបតែលេងបានបីប្រកួតទេ ហើយឈ្នះទាំងបីប្រកួត។ដោយជាជើងឯកលីហ្គកំពូលប្រចាំប្រទេស អារកាដាហ្ក បានកៅមកលេងវគ្គចែកពូលក្របខណ្ឌក្លឹបកំពូលលំដាប់ទី៣អាស៊ី (AFC Challenge League ) ២០២៤/២០២៥ ដោយស្វ័យប្រវត្តិ។ ៧ប្រកួតក្នុងវគ្គចែកពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងអារកាដាហ្ក ខេត្តអាហាលមួយនេះចាញ់តែពីរប្រកួតប៉ុណ្ណោះហើយក៏មិនមានស្មើដែរ។ នៅពីក្រោយភាពជោគជ័យក្នុងបរិបទបច្ចេកទេសនេះ មិនអាចខ្វះបាននូវការដឹកនាំ គ្រប់គ្រង និងរចនាសម្ព័ន្ធក្លឹបបាននោះទេ។ក្លឹបបាល់ទាត់ អារកាដាហ្ក (Arkadag) ត្រូវបានដាក់ឈ្មោះតាមទីក្រុងភាគខាងត្បូងប្រទេសតួកម៉េនីស្ថាន Arkadag ដែលបានក្លាយជាទីក្រុងដ៏សំខាន់របស់រដ្ឋ ក្នុងខេត្តអាហាល នៅខែធ្នូ ឆ្នាំ២០២២។ ក្លឹបនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលទីក្រុងអារកាដាហ្ក ដែលមានអតីតកីឡាករជម្រើសជាតិតួកម៉េនីស្ថាន អារស្លានមីរ៉ាត អាម៉ានូវ (Arslanmyrat Amanow) ជាប្រធានក្លឹប។ឥស្សរជនដែលមិនអាចខ្វះបានក្នុងក្លឹប និងជាស្ថាបនិកក្លឹប គឺលោក ហ្គួរបាន់ហ្គូលី ម៉ាលីកហ្គីល៊ីយ៉េវិច បឺរឌីមូហាម៉េដូវ (Gurbanguly Mälikgulyýewiç Berdimuhamedow ) អតីតប្រធានាធិបតី និងជាប្រធានាធិបតីទីពីរ របស់ប្រទេសតួកម៉េនីស្ថាន (២០០៧-២០២២) បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាប្រជាជនតួកម៉េនីស្ថាន។ លោកក៏ជាឳពុកបង្កើតរបស់ប្រធានាធីបតីបច្ចុប្បន្ន លោក សឺរដារ ហ្គួរបាន់ហ្គូលីយ៉េវិច បឺរឌីមូហាម៉េដូវ (Serdar Gurbangulyýewiç Berdimuhamedow )ផងដែរ។ពាក្យ Arkadag ដែលមានន័យថាអ្នកការពារត្រូវគេប្រើសម្ដៅហៅលោកប្រធានាធិបតីទីពីររូបនេះ ហើយពាក្យនេះក៏ត្រូវបានប្រើជាឈ្មោះទីក្រុងថ្មី និងក្លឹបបាល់ទាត់ដើម្បីការរំលឹក និងដឹងគុណដល់ការដឹកនាំ និងកេរដំណែលរបស់លោក។ហេតុដែលត្រូវជម្រាបជូនព័ត៌មានមួយជ្រុងនេះ ព្រោះក្លឹបសេះសអ្នកការពារ FK Arkadag នឹងត្រូវធ្វើដំណើរពីអាស៊ីកណ្ដាលមកកាន់ព្រះរាជាណាចក្រកម្ពុជា ជួបព្រះខ័នរាជស្វាយរៀង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វគ្គផ្ដាច់ព្រ័ត្រជើងឯកក្លឹបកំពូលលំដាប់ទី៣អាស៊ី (AFC Challenge League ) ២០២៤/២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕ ដោយៈ គង់ ហួន

AFC Challenge League៖ គ្រូព្រះខ័នរាជ ចង់រក្សាជ័យជម្នះក្រៅដី ខណៈគ្រូ Madura រំពឹងវាយបកតាមស្មើ

2025/04/11 10:37:39 pm        828
ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Madura United ដោយលទ្ធផល ៣-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកក្លិបកម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2024/2025 កាលពីរាត្រីថ្ងៃទី១០ ខែមេសាកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។ក្រោយជ័យជម្នះនេះ បានធ្វើឲ្យគ្រូបង្វឹកលោក Pep Munoz សម្ដែងសេចក្ដីរីករាយជាខ្លាំង ហើយប្ដេជ្ញារៀបចំផែនការ និងត្រៀមឲ្យបានកាន់តែប្រសើរ ដើម្បីរក្សាជ័យជម្នះជាថ្មី នៅជើងទី២ គ្រាដែលគ្រូបង្វឹកក្រុម Madura United លោក Angel Afredo Vera សង្ឃឹមការប្រកួតលើទឹកដីរបស់ខ្លួន កូនក្រុមនឹងធ្វើបានល្អ យ៉ាងហោចវាយបកតាមស្មើគ្រាប់វិញ ដើម្បីមានឱកាសប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។សម្រាប់ជំនួបដ៏ជក់ចិត្តលើទឹកដីកម្ពុជា ក្នុងជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ីនេះ ត្រឹមរយៈពេល ៦នាទី ព្រះខ័នរាជស្វាយរៀង បានស៊ុនបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ២គ្រាប់ ដោយកីឡាករ Breninho នៅនាទីទី៣ និងកីឡាករ Bounphachan Bounkong នៅនាទីទី៦ ហើយលទ្ធផលនេះ ក៏បានរក្សារហូតដល់ចុងម៉ោង ទើបកីឡាករ មិន រតនៈ បន្ថែមគ្រាប់ទី៣ នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ការប្រកួតនេះ កូនក្រុមខ្លួនពិតជាធ្វើបានយ៉ាងល្អ ទាំងកីឡាករខ្មែរ និងបរទេស ស្របតាមផែនការរៀបចំរបស់ក្រុម ។ នេះគឺជាផលចំណេញ សម្រាប់ការប្រកួតជើងទី២ ដ្បិតលោកទទួលស្គាល់ការប្រកួតនៅឥណ្ឌូនេស៊ី គឺមិនងាយស្រួលនោះទេ តែលោកនឹងព្យាយាម ដើម្បីរក្សាជ័យជម្នះជាថ្មី។ដោយឡែកលោក Angel Afredo Vera បានគូសបញ្ជាក់ថា នេះគឺជាការប្រកួតជាមួយក្រុមដ៏ល្អ តែសោកស្ដាយ ដែលក្រុមខ្លួនរបូត ២គ្រាប់លឿនពេក ។ ជារួមក្រុម Madura ធ្វើមិនបានល្អតាមផែនការនោះទេ ។ យ៉ាងណាលោកសង្ឃឹមថា ជើងទី២ ក្រុមរបស់ខ្លួន នឹងលេងបានល្អជាមួយអ្នកគាំទ្ររបស់ខ្លួន នៅឥណ្ឌូនេស៊ី ដោយលោករំពឹងនឹងអាចវាយបកតាមស្មើព្រះខ័នរាជស្វាយរៀងវិញទៀតផង។គួរដឹងថា ក្រោយយកឈ្នះក្រុមភ្ញៀវ ៣-០ ចំពោះមុខអ្នកគាំទ្រជាង ១ម៉ឺននាក់ ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅប្រកួតនៅឥណ្ឌូនេស៊ីវិញម្ដង ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Madura United នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ីនេះ៕ អត្ថបទ លី ឈុនឡា

កីឡាករកម្ពុជា ក៏ដូចជាកីឡាករប្រទេសអាស៊ានផ្សេងទៀតនឹងប្រកួតមិត្តភាពជាមួយ Man Utd

2025/04/10 11:37:19 pm        421
កីឡាករជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាកររបស់ប្រទេស១១ទៀតដែលជាសមាជិកសហព័ន្ធបាល់ទាត់អាស៊ាន នឹងត្រូវលេងមិត្តភាពអន្តរជាតិជាមួយក្លឹបបាល់ទាត់អង់គ្លេស Manchester United នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខ។យោងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលប្រសិទ្ធិនាមថាតារាបាល់ទាត់ចម្រុះអាស៊ាន (ASEAN All-Stars Team) ត្រូវដឹកនាំដោយគ្រូបង្វឹកជម្រើសជាតិវៀតណាម សញ្ជាតិកូរ៉េខាងត្បូង Kim Sang-sik ហើយនឹងប្រកួតពានរង្វាន់ Maybank Challenge Cup ដែលជាការប្រកួតមិត្តភាពអន្តរជាតិជាប្រវត្តិសាស្ត្រជាមួយក្លឹប Manchester United ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ Bukit Jalil ប្រទេសម៉ាឡេស៊ី។សេចក្តីប្រកាសព័ត៌មានឱ្យដឹងបន្ថែមថា កីឡាករក្នុងក្រុមតារាបាល់ទាត់ចម្រុះអាស៊ាន នឹងមានកីឡាករល្អៗជ្រើសរើសចេញពីប្រទេសសមាជិកសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដូចជា កម្ពុជា ព្រុយណេ សហភាពមីយ៉ាន់ម៉ា ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឡាវ និងអូស្ត្រាលី។ឯកឧត្ដម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រាប់ប៊ីធីវី ឱ្យដឹងថាកីឡាករក្នុងក្រុម ASEAN All-Stars គឺមកពីប្រទេសទាំង១២ គ្រាន់តែប្រទេសខ្លះតិច និងប្រទេសខ្លះច្រើន។ ឯកឧត្ដមបន្តថាការប្រកួតនេះបង្ហាញពីសាមគ្គីភាពក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អាស៊ាន ភាពខ្លាំងរបស់បាល់ទាត់អាស៊ានរហូតដល់ Man Utd ជ្រើសរើសប្រកួតជាមួយ និងធ្វើឡើងដើម្បីមនុស្សធម៌ដោយចំណូលពីការប្រកួតត្រូវឧបត្ថម្ភដល់អង្គការសប្បុរសធម៌ និងមួយចំណែកទៀតជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដីនៅភូមា។ក្នុងនាមគ្រួសារបាល់ទាត់អាស៊ាន ឯកឧត្ដមបានថ្លែងអំណរគុណដល់ ProEvents សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី និង Maybank ដែលបាននាំ រៀបចំ និងគាំទ្រឱ្យមានការប្រកួតនេះ។សូមជម្រាបជូនថា ក្នុងលីគកំពូលអង់គ្លេស Manchester United កំពុងឈរនៅចំណាត់ថ្នាក់លេខ១៣ក្នុងតារាងជើងឯក៕

នាយកដ្ឋានកីឡា ផ្ដល់សម្ភារ ១៧មុខ ដល់សាលាគំរូចំនួន ៣០ នៅខេត្តកំពត កែប និងព្រះសីហនុ

2025/04/10 09:10:44 pm        209
អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់សម្ភារកីឡាចំនួន ១៧មុខ ដល់សាលាគំរូ ៣០ នៅខេត្តជាប់មាត់សមុទ្រចំនួន ៣ រួមមានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ សម្រាប់បម្រើឲ្យសកម្មភាពកីឡាដល់សិស្សានុសិស្សរបស់ខ្លួន ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។ពិធីប្រគល់សម្ភារកីឡានេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ដែលដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។ ចំពោះសាលាគំរូ ដែលទទួលបានការឧបត្ថម្ភសម្ភារកីឡានេះដែរ រួមមានខេត្តកំពតត មានសាលារៀនគំរូចំនួន ២០ ក្នុងនោះមានសាលាបឋមសិក្សាចំនួន ១១ និងមធ្យមសិក្សាចំនួន ៩ គ្រាដែលខេត្តកែប មានសាលាមធ្យមសិក្សាចំនួន ១ ។ចំណែកនៅខេត្តព្រះសីហនុ មានសាលារៀនគំរូចំនួន ៩ ក្នុងនោះមានសាលាបឋមចំនួន ៦ និងវិទ្យាល័យចំនួន ៣ ហើយសម្ភារកីឡា ដែលអគ្គនាយកដ្ឋានកីឡាផ្ដល់ជូនមានចំនួន ១៧មុខដូចគ្នា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ សំណាញ់បាល់ទាត់ សំណាញ់បាល់ទះ សំណាញ់បាល់បោះ កញ្ច្រែងបាល់បោះ កោណធំ កោណតូច ក្រូណូម៉ែត្រ ខ្សែលោតអន្ទាក់ ស្នរ ប៉េតង់ ដុំដែក ធុងបាស់ រ៉ាកែតវាយកូនឃ្លីលើតុ និងតុវាយកូនឃ្លីលើតុ ជាដើម។តាមរយៈការផ្ដល់នូវសម្ភារកីឡាទាំងអស់នេះ ថ្នាក់ដឹកនាំនាយកដ្ឋានកីឡាជំនាញ រំពឹងថា នឹងក្លាយជាចំណែកមួយ សម្រាប់ផ្ដល់ភាពងាយស្រួល ក៏ដូចជាផ្ដល់នូវការលើកទឹកចិត្ដ និងជំរុញដល់សិស្សានុសិស្ស ក្នុងការចូលរួមលេងកីឡលា ដើម្បីសុខភាពល្អ បង្កើននូវស្មារតីមិត្តភាព សាមគ្គីភាព ហើយក៏ជាចលនាជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជាតិផងដែរ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM