Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

មន្ដ្រីជាន់ខ្ពស់កីឡាជឺជីតស៊ូថា ការឈ្នះមេដាយមាស មឿនលីម សុបញ្ញា លើទឹកដីអាមេរិកជាសញ្ញាណដ៏ល្អ

2025/02/10 09:18:57 pm        226
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាស ក្នុងការប្រកួត Jiu-Jitsu World League California X នៅសហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានចាត់ទុកជ័យជម្នះនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់ការបោះជំរុំហ្វឹកហាត់នៅទីនោះ។នេះគឺជាការប្រកួតលក្ខណៈអន្ដរជាតិលើកដំបូង បន្ទាប់ពី មឿនលីម សុបញ្ញា បានចេញទៅហ្វឹកហាត់រយៈពេល ២៥ថ្ងៃ ក្នុងបេសកកម្មបោះជំរុំហ្វឹកហាត់រយៈពេល ៣ខែរបស់ខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួល និងរៀបចំរបស់សហព័ន្ធ និងទទួលបានការឧបត្ថម្ភគាំទ្រពីលោក ទូច សុភ័ក្រ និងភរិយា។ចំពោះការប្រកួតក្នុងកម្មវិធី Jiu-Jitsu World League California X នេះដែរ បញ្ញា បានប្រកួតលើវិញ្ញាសា Gi ឯកត្តជនបុរស កម្រិតខ្សែខៀវ ប្រភេទទម្ងន់ក្រោម ៨២.៥គីឡូក្រាម  ដែលមានបេក្ខភាពចុះឈ្មោះចូលរួមប្រកួតចំនួន ២២នាក់ ។ ជាលទ្ធផល បញ្ញា ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះ ៤ប្រកួតជាប់គ្នា ក្នុងនោះបានផ្ដួលដៃគូឲ្យចុះចាញ់ ៣ប្រកួតឯណោះលោក Jasper Paas អនុប្រធានសហព័ន្ធ និងជាគ្រូបង្វឹកក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា បានចាត់ទុកនេះគឺជាជ័យជម្នះដ៏អស្ចារ្យ សម្រាប់ មឿនលីម សុបញ្ញា ដែលសម្រេចបាននូវសមិទ្ធផលគួរឲ្យភ្ញាក់ផ្អើល ដូចអ្វីដែលសហព័ន្ធជឿជាក់លើរូបគេ ។ នេះគឺជាមូលហេតុ ដែលសហព័ន្ធបានបញ្ជូនរូបគេទៅបោះជំរុំហ្វឹកហាត់ ៣ខែនៅអាមេរិក ហើយជ័យជម្នះនេះ បានបង្ហាញឲ្យឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ បញ្ញា ដើម្បីត្រៀមការប្រកួតធំៗជាច្រើន ក្នុងឆ្នាំ២០២៥ ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំនេះ។គួរដឹងថា មឿនលីម សុបញ្ញា បានចេញទៅបោះជំរុំហ្វឹកហាត់ នៅមជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ជាដើម ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ បញ្ញា បានចាកចេញពីកម្ពុជា កាលពីពាក់កណ្ដាលខែមករា ហើយគ្រោងនឹងត្រឡប់មកមាតុភូមិវិញ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ៕ អត្ថបទ លី ឈុនឡា

ព្រះខ័នរាជ ឈរកំពូលតារាង ក្រោយក្រោនស្មើថាយហ្គឺរ ខណៈបឹងកេតឡើងបង្គ្រប់ Top-6

2025/02/10 09:04:05 pm        219
ក្រុមព្រះខ័នរាជស្វាយរៀង បានឡើងឈរកំពូលតារាងពិន្ទុ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ វិញហើយ ក្រោយខកខានជាច្រើនសប្ដាហ៍ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ គ្រាដែលក្រុមបឹងកេត បានឡើងបង្គ្រប់កៅអី ៦ក្រុមកំពូលតារាង(Top-6) បន្ទាប់ពីយកឈ្នះលើក្រុមគូប្រជែង ISI ដង្កោសែនជ័យ ៨-១ កាលពីចុងសប្ដាហ៍កន្លងទៅ។សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមឡាយហ្វខេត្តព្រះសីហនុ ៣-១ កាលពីរាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋានឡាយហ្វ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ ធ្វើសម្រេចដោយកីឡាករ Bounphachan Bounkong ២គ្រាប់ នៅនាទី១៣ និងនាទី៤៨ និង ញាណ សុស៊ីដាន ១គ្រាប់ នៅនាទី៨២ ក្រោយកីឡាករ អ៊ុក ដេវីន រកបាន ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ តាំងពីនាទី១៦។ការបន្ថែម ៣ពិន្ទុពេញនេះ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងឈរកំពូលតារាង ដោយរកបាន ៤៩ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលធ្លាក់មកឈរលេខរៀងទី២ ក្រោយគ្រងតំណែងកំពូលតារាងជាច្រើនសប្ដាហ៍កន្លងមក ។ ការរបូតកៅអីកំពូលតារាងនេះ បន្ទាប់ពីក្រុមសិង្ហក្រហម ទទួលបាន ១ពិន្ទុដ៏តានតឹងពីក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្រោយជំនួបដ៏កក្រើកកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីរាត្រីថ្ងៃទី០៩ ខែកុម្ភៈ។ជំនួបដ៏ស្វិតស្វាញនេះ ភ្នំពេញក្រោន បានបើកការនាំមុខតាំងពីនាទី១៩ ដោយកីឡាករ Jelle Goselink មុនអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦០ ពីការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Nagashima Kodai បន្ទាប់ពីអ្នកចាំទី សាវែង សំណាង បង្កកំហុសលើខ្សែប្រយុទ្ធ គី រីណា ក្នុងប្រអប់គ្រោះថ្នាក់ ។ បន្ទាប់មកក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ទោះបីម្ចាស់ផ្ទះ សល់គ្នាត្រឹម ១០នាក់ ក្រោយកីឡាករ សុខគ្រី សូហ្វាន រងពិន័យកាតក្រហម នៅនាទី៨៥ ក៏ក្រុមទាំងពីរ ព្យាយាមសម្រុក និងមានឱកាសស៊ុតជាច្រើនលើក តែពុំមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផល ១-១ ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។ក្រឡេកទៅចាប់អារម្មណ៍ជំនួបដណ្ដើមកៅអី Top-6 វិញ ក្រុមបឹងកេត បានបញ្ចប់ក្ដីសង្ឃឹមក្រុម ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៨-១ គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីជើងទី១ ក្រុមទាំងពីរ បានប្រកួតស្មើគ្នា ៤-៤ ប៉ុណ្ណោះ ។ គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមបឹងកេត ធានាកៅអី Top-6 នេះ ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ៣គ្រាប់, ម៉ាត់ ណូរុណ ២គ្រាប់, អាវ សុវណ្ណារ៉ា, Golubovic Stefan និង Yoshihama Ryohei ម្នាក់ ១គ្រាប់ ។ រីឯ ១គ្រាប់របស់ ISI ដង្កោសែនជ័យ ធ្វើសម្រេចដោយកីឡាករ ហាវ សុខនេត្រ ។ជាមួយជ័យជម្នះនៅពហុកីឡដ្ឋានជាតិនេះដែរ នាំឲ្យក្រុមបឹងកេត ក្លាយជាបេក្ខភាពកូនពៅ ដែលទទួលបានកៅអី Top-6 ដើម្បីបន្ដការប្រកួតដំណាក់កាលទី២ ក្រោយរកបាន ៣០ពិន្ទុ តាមពីក្រោយក្រុមណាហ្គាវើលដ៏ ដែលរកបាន ៣៣ពិន្ទុ បន្ទាប់ពីយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ២-១៕ អត្ថបទ លី ឈុនឡា

ពានរង្វាន់ T.Y Academy រកឃើញបេក្ខភាពវគ្គ Group Stage

2025/02/10 06:53:44 pm        199
បន្ទាប់ពីដំណើរការប្រកួតជម្រុះតាម Online អស់រយៈពេលជិត ១សប្ដាហ៍ ការប្រកួតកីឡាអេឡិចត្រូនិកដណ្ដើមពានរង្វាន់ T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ បានរកឃើញបេក្ខភាពបេក្ខភាព ១៦ក្រុម ឡើងវគ្គចែកពូលហើយ ក្នុងចំណោមបេក្ខភាព ៣៥១ក្រុម ដែលបានចុះឈ្មោះចូលរួមការប្រកួតជម្រុះដំបូង កាលពីសប្ដាហ៍កន្លងទៅ ។សម្រាប់បេក្ខភាព ១៦ក្រុម ដែលបានឆ្លងផុតវគ្គជម្រុះដំបូង រួមមានក្រុម Team TDN, ក្រុម JRS E-Sports, ក្រុម WukongX, ក្រុម Revenge, ក្រុម Ferakout Eclipse, ក្រុម Team POY, ក្រុម Raffle E-Sports, ក្រុម  Leader Girl JM, ក្រុម 404 Gaming, ក្រុម Oris E-Sports, ក្រុម Ort Dg Gae, ក្រុម Helheim Legend, ក្រុម Wings E-Sports, ក្រុម Greter Oschank, ក្រុម Evil Eye Legend និងក្រុម 5Mans is Back ។ក្រោយរកឃើញបេក្ខភាពឡើងវគ្គបន្ដ គណៈកម្មការនឹងរៀបចំចាប់ឆ្នោតបែងចែកពូលប្រកួតនាពេលឆាប់ៗខាងមុខ សម្រាប់បន្ដការប្រកួតវគ្គចែកពូល ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីចម្រាញ់រកក្រុមខ្លាំងៗ ៨ក្រុមឡើងទៅវគ្គ Play-Off ហើយនឹងបន្ដការប្រកួតជុំចុងក្រោយនេះ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ដើម្បីកំណត់ក្រុមជ័យលាភី ។ចំពោះប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់ក្រុមដណ្ដើមបានជ័យលាភីវិញ រួមមានក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ក្រុមលេខ៣ ទទួលបាន ១លាន ៥០ម៉ឺនរៀល, ក្រុមលេខ៤ ទទួលបាន ៨០ម៉ឺនរៀល ខណៈក្រុមលេខ៥ និងលេខ៦ ទទួលបាន ៥០ម៉ឺនរៀនស្មើគ្នា គ្រាដែលក្រុមលេខ៧ និងលេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣៥ម៉ឺនរៀលផងដែរ ។គួរដឹងថា ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy នេះ រៀបចំដោយក្រុមហ៊ុន T.Y Media និងមានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដែលរៀបចំឡើង ក្នុងគោលបំណងរួមចំណែកលើកស្ទួកការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករចង់ក្លាយជាកីឡាករអេឡិចត្រូនិកអាជីព បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ហើយឈានទៅរកការប្រកួតប្រជែងថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា

ក្រុមបាតតារាងលីគទីពីរអង់គ្លេស Plymouth ទម្លាក់ក្រុមកំពូលតារាង Premier League, Liverpool ពី FA Cup

2025/02/10 06:20:50 pm        195
ក្រុមបាល់ទាត់ Plymouth Argyle ដែលបច្ចុប្បន្នកំពុងឈរនៅបាតតារាងនៃក្របខណ្ឌទីពីរអង់គ្លេស បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយទម្លាក់ក្រុមកំពូលតារាងក្របខណ្ឌកំពូល Premier League ហង្សក្រហម Liverpool ត្រឹមជុំទីបួន FA Cup។អ្នកចាត់ការ Liverpool លោក Arne Slot បានផ្លាស់ប្តូរជម្រើសដំបូង ១០ នាក់ពីការប្រកួតយកឈ្នះ Spurs កាលពីពាក់កណ្តាលសប្តាហ៍វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup តែការផ្លាស់ប្តូរនេះធ្វើឱ្យ Liverpool បាត់បង់ពានក្នុងស្រុកមួយ។ គ្រាប់បាល់ជ័យជំនះរបស់ម្ចាស់ផ្ទះ​ Plymouth សម្រេចបានដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Ryan Hardie ក្រោយកំហុសបាល់ប៉ះដៃរបស់ Harvey Elliott។ ទោះបី Liverpool ព្យាយាមសម្រុកយ៉ាងណាក្តី Plymouth ក៏ព្យាយាមទប់ស្កាត់ និងរក្សាគ្រាប់បាល់ជ័យជំនះរបស់ខ្លួនរហូតដល់ចប់ ៩០ នាទី។ នេះជាជ័យជំនះដ៏អស្ចារ្យ និងភ្ញាក់ផ្អើលមួយនៅ FA Cup រដូវកាលនេះ និងជាការភ្ញាក់ផ្អើលមួយដែរក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Miron Muslic ដែលមកជំនួសតំណែងអតីតខ្សែប្រយុទ្ធ Manchester United, Wayne Rooney កាលពីខែមុន។ សម្រាប់ Liverpool នេះគឺជាបរាជ័យដែលមិនបានរំពឹងទុក ខណៈដែលពួកគេមានរដូវកាលដ៏អស្ចារ្យក្រោមការដឹកនាំរបស់អ្នកចាត់ការ Arne Slot ដែលកំពុងដឹកនាំក្រុមកាន់កាប់កំពូលតារាង Premier League កក់កៅអីផ្តាច់ព្រ័ត្រ Carabao Cup និងឡើងវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។ក្រុមនៅ Premier League ដែលមានជោគវាសនាធ្លាក់ត្រឹមជុំទីបួន FA Cup ដូច Liverpool ដែរនោះរួមមាន Chelsea ចាញ់ Brighton, Spurs ចាញ់នៅផ្ទះ Aston Villa, Everton ចាញ់ Bournemouth និង Southampton ចាញ់ Burnley៕ អត្ថបទ៖នាង សុភាវុធ

ពាន Svay Rieng Cup លើកទី៧ ចាប់ផ្ដើមប្រកួតចុងខែនេះ ដោយមាន ៣៣ក្រុមចូលរួម

2025/02/10 05:49:37 pm        238
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ នឹងចាប់ផ្ដើមការប្រកួតជម្រុះតាមពូល នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ក្រោយបិទបញ្ចប់ការទទួលពាក្យ និងចាប់ឆ្នោតបែងចែកពូលរួចរាល់ កាលពីចុងសប្ដាហ៍កន្លងទៅ ។យោងតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួត សម្រាប់រដូវកាលថ្មី នៃពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំខេត្តស្វាយរៀង ឆ្នាំនេះ គឺមានបេក្ខភាព ៣៣ក្រុម តំណាងក្រុង-ស្រុកទាំង ៨ ទូទាំងខេត្ត បានចុះឈ្មោះចូលរួមការប្រកួត ពោលគឺមានការថយចុះ ៧ក្រុម បើធៀបកាលពីឆ្នាំមុន ។ក្នុងចំណោមបេក្ខភាពចូលរួមនេះដែរ ត្រូវបានគណៈកម្មការសម្រេចបែងចែកជ ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ ក្នុងនោះមានពូលA មានក្រុមកាំភ្លើងធំ, ក្រុមភូមិហ៊ីង, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រុមក្របីព្រៃកោះក្បាន ។ ពូលB មានក្រុមឆ្មាបុងបុង, ក្រុម TEAM យើង, ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ និងក្រុមភូមិកណ្ដាលខាងលិច ។ ពូលC មានក្រុមគោពព្រៃភូមិស្វាយធំ, ក្រុមយុវជនចុងព្រែក, ក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀង ។ចំណែកពូលD មានក្រុមសាកលវិទ្យាល័យខេត្តស្វាយរៀង, ក្រុមយុវជនសាមគ្គី, ក្រុម United SEZ និងក្រុមពពែកអេហ្វស៊ី ។ ពូលE មានក្រុម ស.ស.យ.ក ស្រុកចន្ទ្រា, ក្រុមយុវជនគគីសោម, ក្រុមសាមគ្គីកីឡា និងក្រុមស្វាយទាបអេហ្វស៊ី ។ ពូលF មានក្រុមបក្សីស្វាយរៀង, ក្រុមសំរោងចេកអេហ្វស៊ី, ក្រុមខ្ញីចាស់ជីភូ និងក្រុមលីងគួយអេហ្វស៊ី ។ ពូលG មានក្រុមសាលចំរើនសូនីតា, ក្រុមស៊ាំម៉ូរ៉ៃភូមិតាកឹង, ក្រុម CRS Sports និងក្រុមយុវជនខ្មែរខេមរា និងពូលH មានក្រុមមេសរថ្ងកអេហ្វស៊ី, ក្រុម ស.ស.យ.ក ឃុំត្នោត, ក្រុមភូមិយើងអេហ្វស៊ី, ក្រុមហនុមានពោធិ៍ថ្មី និងក្រុមយុវជនជីភូ ។សម្រាប់ការប្រកួតជម្រុះតាមពូលនីមួយៗ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ នឹងប្រព្រឹត្តទៅ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ក្នុងនោះ ១ថ្ងៃមាន ៣ប្រកួត ។ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីបន្ដការប្រកួតចម្រាញ់រកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមជើងឯកតែម្ដង ។គួរដឹងថា ពានរង្វាន់ Svay Rieng Cup គឺជាពានដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង មុនឯកឧត្តមបន្ដពង្រីកការរៀបចំព្រឹត្តិការណ៍បាល់ទាត់លក្ខណៈមហាជន នារី និងយុវជនជាច្រើនទៀត ។ កាលពីរដូវកាលមុន ពានរង្វាន់ Svay Rieng Cup គឺមាន ៤០ក្រុមចូលរួម ខណៈក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុម ស.ស.យ.ក ក្រុងបាវិត ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា

តេជោលីគ៖ ស្វាយរៀង និងមហាផ្ទៃ កក់កៅអីវគ្គ ១/២ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា ក្នុងជុំទី២

2025/02/10 05:38:28 pm        164
ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង និងក្រុមបាល់ទះក្រសួងមហាផ្ទៃ បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) នៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំ២០២៤/២៥ ហើយ ក្រោយធ្វើបានយ៉ាងល្អ ក្នុងសប្ដាហ៍ទី១ នៃជុំទី២ ដោយបានយកឈ្នះគូប្រកួត ៣ប្រកួតជាប់គ្នារៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។សម្រាប់ជ័យជម្នះ ៣ប្រកួតដំបូង ក្នុងជុំទី២ របស់ក្រុមស្នងការដ្ឋាននគរបាលខេត្ដស្វាយរៀង សុទ្ធតែបានយកឈ្នះដៃគូ ក្នុងលទ្ធផល ៣-០សិត ពោលគឺឈ្នះក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស, ក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមវិសាខា ។ ជ័យជម្នះនេះ នាំឲ្យក្រុមជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នេះ ឈរកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញ ។រីឯក្រុមក្រសួងមហាផ្ទៃ រកបាន ៩ពិន្ទុស្មើគ្នា ឈរលេខរៀងទី២ បន្ទាប់ពីប្រកួតទី១ ឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ៣-១សិត មុនឈ្នះក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៣-០សិត និងបន្ដឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត ។ លទ្ធផលនេះ នាំឲ្យក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ ទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ទោះសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។ចំណែកបេក្ខភាព ៤ក្រុមផ្សេងទៀត សុទ្ធនៅតែមានឱកាស គ្រាន់តែក្រុមខ្លះ មានឱកាសច្រើន ជាក់ស្ដែងក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងឈរលេខ៣ និងរកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ។ ដូច្នេះពួកគេត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីធានាកៅអីវគ្គ ១/២ ផ្ដាច់ព្រ័ត្រ ។ ឯក្រុមបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៤ រកបាន ៣ពិន្ទុ ។ ការណ៍នេះ ពួកគេត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ជោគវាសនារបស់ខ្លួន ។ដោយឡែក ២ក្រុមទៀត រួមមានក្រុមវិសាខា និងកងពលធំអន្ដរាគមន៍លេខ៣ កំពុងស្ថិតក្នុងតំបន់គ្រោះថ្នាក់ ដ្បិតមិនទាន់មានពិន្ទុរាប់ឡើយ ។ ដូច្នេះក្រុមទាំងពីរ ត្រូវការជ័យជម្នះដាច់ខាតពីការប្រកួត ២ប្រកួតចុងក្រោយ ដើម្បីមានឱកាសអ៊ុតកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។គួរដឹងថា ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលថ្មីនេះ គឺមានបេក្ខភាព ៨ក្រុមចូលរួមប្រកួត ដែលបានធ្វើការប្រកួតជម្រុះជុំទី១ កាលពីថ្មីៗ ហើយរកឃើញក្រុមឈរលេខ១ ដល់លេខ៦ ដើម្បីបន្ដការប្រកួតជុំទី២ ដែលជាការប្រកួតសន្សំពិន្ទុឡើយវិញ ។ បន្ទាប់មកក្រុមឈរលេខ១ ដល់លេខ៤ នៃជុំទី២ នឹងឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលជាវគ្គខ្វែង សម្រាប់ក្រុមលេខ១ ត្រូវជួបក្រុមលេខ៤ និងក្រុមលេខ២ ត្រូវជួបក្រុមលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងជួបគ្នា ប្រកួតដណ្ដើមជើងឯក នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

កម្ពុជា ចាប់ផ្ដើមប្រកួតកីឡារដូវរងារអាស៊ីព្រឹកនេះ

2025/02/08 03:12:59 pm        142
កីឡាករកម្ពុជា៤រូបរួមមាន កីឡាករ ភីន ម៉េងជ័ង ពីសី បញ្ញាសិទ្ធិ ឌួង ច័ន្ទសុវណ្ណរតនៈ និងរី ប៊ុនហាក់ ត្រូវប្រកួតនៅម៉ោង៩និង៤៥នាទីព្រឹកនេះ ក្នុងវិញ្ញាសា Snowboard Slopestyle បុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងារ២០២៥នៅទីក្រុងហាពីង ប្រទេសចិន។កីឡាករកម្ពុជា ត្រូវប្រជែងជាមួយកីឡាករម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង ជប៉ុន កាតា លីបង់ អាហ្វហ្កានីស្ថាន អេមីរ៉ាត់អារ៉ាប់រួម និងថៃ។វិញ្ញាសានេះមានកីឡាករ១៨រូបប្រកួតប្រជែងគ្នា ហើយកីឡាករ៨រូបដែលមានពិន្ទុច្រើនជាងគេ ឡើងវគ្គបន្ត។កីឡាអាស៊ីរដូវរងារ២០២៥នេះ ដំណើរការពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា៕

យុទ្ធក្រមខមត្រៀមយុទ្ធសាស្ដ្រថ្មី ដើម្បីចម្រាញ់កីឡាករឆ្នើមៗ ចូលរួមប្រកួតពពានរង្វាន់សម្ដេចបវរធិបតី លើកទី២

2025/02/07 10:47:33 pm        252
សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានត្រៀមរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដោយគ្រោងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈឯកឧត្តម បានទទួលសេចក្ដីទុកចិត្ត និងការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីផងដែរ ។ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មី សហព័ន្ធមានផែនការសកម្មភាពជាច្រើន ដែលត្រូវបន្ដអនុវត្ត ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ចំពោះមុខសហព័ន្ធនឹងមានរៀបចំការប្រកួតក្របខណ្ឌទូទាំងប្រទេសមួយ ដើម្បីសម្រិតសម្រាំងកីឡាករឆ្នើមៗមកបំប៉នបន្ថែម ត្រៀមការប្រកួតពានរង្វាន់សម្ដេចបវរធិបតី  លើកទី២ ដែលគ្រោងរៀបចំនាខែវិច្ឆិកា ចៀសវាងការចាប់ដាក់ នាំឲ្យប៉ះពាល់ដល់កម្មវិធី និងខូចកីឡា ។ជាមួយគ្នា ឯកឧត្តម យូ ស៊ីណែត បានគូសរំលេចបន្ថែមទៀតថា ក្បាច់គុនបុរាណខ្មែរ ប្រៀបដូចជា កែវចរណៃមួយ ដែលបានបែកទៅហើយ តែគ្រប់ផ្នែក គ្រប់បំណែកសុទ្ធតែសំខាន់ ក្នុងការផ្គុំចូលគ្នាមកវិញ ដើម្បីឲ្យកើតចេញជារូបរាងពេញលេញឡើងវិញ។ ការណ៍នេះ ឯកឧត្តមបានស្នើឲ្យគ្រូគុន និងសិស្សគុនទាំងអស់ បន្ដរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្បាច់គុនបុរាណខ្មែរទាំងអស់ ក្នុងការចូលរួមអភរិក្ស និងអភិវឌ្ឍន៍រាល់ក្បាច់គុនគ្រប់ទម្រង់ ដែលបន្សល់ទុកពីបុព្វបុរស ដើម្បីរក្សាទុកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាជាជំរុញឲ្យកាន់តែល្បីល្បាញ ទាំងលើឆាកជាតិ និងអន្ដរជាតិផងដែរ ។គួរដឹងថា សម្រាប់អាណត្តិថ្មី នៃសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២១រូប ត្រូវបានបោះឆ្នោតគាំទ្រ ដែលនឹងត្រូវដាក់ស្នើសុំទទួលស្គាល់សមាជិកភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះមានឯកឧត្តម យូ ស៊ីណែត ជាប្រធាន ប្រមទាំងអនុប្រធាន ៤រូប អគ្គលេខាធិការ និងអគ្គលេខាធិការរង ៥រូប, អគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៥រូប និងសមាជិកចំនួន ៦រូបផងដែរ ៕អត្ថបទ លី ឈុនឡា 

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ វិសាខា ឡើងជួបទ័ព វគ្គ ១/៤ ក្រោយបន្ដឈ្នះខេត្តសៀមរាប ៥-០

2025/02/07 09:38:00 pm        175
ក្លិបកីឡាបាល់ទាត់ វិសាខា បានក្លាយជាបេក្ខភាពទី៤ ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រោយបន្ដយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៥-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានព្រីនស៍ វគ្គទី១ វិសាខា បានបើកការនាំមុខក្រុមភ្ញៀវ ៤គ្រាប់មុន ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធចំណូលថ្មី Karasausks Arturs ២គ្រាប់ និងកីឡាករ កែន ច័ន្ទសុភ័ក្ត្រ និង ផាន សុផេន ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ក្រុមទាំងពីរ ធ្វើបានល្អរៀងខ្លួន ដោយស្ទើរគ្មានការស៊ុតបញ្ចូលទីគ្នា រហូតដល់នាទីបន្ថែម ទើបកីឡាករវ័យក្មេង សន ច័ន្ទរស្មី បន្ថែមគ្រាប់ទី៥ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៩០+៤ ។សរុបទាំង ២ជើង វិសាខាបានយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៨-០ បន្ទាប់ពីជើងទី១ ពួកគេ បានយកឈ្នះក្រៅដី ៣-០ ។ ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ខណៈបើគ្មានការប្រែប្រួលទេ ជើងទី១ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រនេះ នឹងត្រូវប្រកួតនាថ្ងៃទី២៦-២៧ ខែកុម្ភៈខាងមុខ ។គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៤ក្រុមហើយ ដោយក្រៅពីវិសាខា និង Tiffy Army គឺមានក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន៕ អត្ថបទ លី ឈុនឡា 

បឹងកេត អាចបញ្ចប់ក្ដីសង្ឃឹម ISI ចុងសប្ដាហ៍នេះ ឬចាំអ៊ុតសប្ដាហ៍ក្រោយ?

2025/02/07 09:03:34 pm        258
លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានខិតជិតនឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ គ្រាដែលមានបេក្ខភាព ៥ក្រុម បានកក់កៅអី Top-6 រួមមានភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ គ្រាដែលនៅ ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។ស្របពេលក្រុមទាំងពីរ កំពុងប្រទាញប្រទុងកៅអី Top-6 នៅថ្ងៃទី០៨ ខែកុម្ភៈស្អែកនេះ បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុម ISI ដង្កោសែនជ័យ ដែលជាការប្រកួតដ៏សំខាន់ និងកំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រថា តើបឹងកេត អាចបញ្ចប់ក្ដីសង្ឃឹមក្រុមដំរីជ័យ ត្រឹមចុងសប្ដាហ៍នេះ ឬត្រូវរង់ចាំអ៊ុតដល់ការប្រកួតបញ្ចប់ជុំទី២ នាសប្ដាហ៍ក្រោយ?បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៦ និងមាន ២៧ពិន្ទុក្នុងដៃ គ្រាដែល ISI ដង្កោសែនជ័យ មាន ២៤ពិន្ទុ ឈរលេខ៧ ។ ជាមួយគម្លាត ៣ពិន្ទុពីគ្នានេះ ប្រសិនបើបឹងកេត ទទួលបានជ័យជម្នះនៅថ្ងៃសៅរ៍នេះ ពួកគេនឹងក្លាយជាបេក្ខភាពកូនពៅ Top-6 ដោយស្វ័យប្រវត្តិ តែបើស្មើ ក៏ក្រុមនាគខៀវ នៅតែមានភាគរយខ្ពស់ផងដែរ ។ ប៉ុន្ដែបើក្រុម ISI ឈ្នះវិញ ឱកាសឈរកៅអី Top-6 នឹងត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ដែលសុទ្ធតែត្រូវប្រឈមជាមួយក្រុមខ្លាំង ដោយបឹងកេត ត្រូវជួបវិសាខា ឯ ISI ត្រូវជួបភ្នំពេញក្រោន ។ក្រៅពីជំនួបដ៏ទាក់ទាញ រវាងបេក្ខភាពដណ្ដើមកៅអី Top-6 ក៏នឹងមានមានការប្រកួតសប្ដាហ៍ទី២១ ចំនួន ៤គូផ្សេងទៀតផងដែរ ក្នុងនោះក្រុមកងយោធពលខេមរភូមិន្ទុ នឹងត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមគិរីវង់សុខសែនជ័យ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈជាមួយគ្នា គ្រាដែលនៅថ្ងៃអាទិត្យ គឺមាន ៣គូ ដោយក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមអង្គរថាយហ្គឺរវិញម្ដង បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងដី ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ និងក្រុមណាហ្គាវើលដ៏ ជួបក្រុមក្រសួងមហាផ្ទៃ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM