Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ក្រុមកីឡាអេឡិចត្រូនិក ៣៥១ក្រុម ចូលរួមប្រកួតពានរង្វាន់ T.Y Academy លើកទី៣

2025/02/07 08:35:37 pm        262
ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមហ៊ុន T.Y Media និងគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាប់ផ្ដើមការប្រកួតជម្រុះហើយ ដោយមានក្រុមពាក់កណ្ដាលអាជីពរហូតដល់ ៣៥១ក្រុមបានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។តាមការបញ្ជាក់របស់គណៈកម្មការរៀបចំកម្មវិធី បានឲ្យដឹងថា ក្រុមចុះឈ្មោះចូលរួមការប្រកួតរដូវកាលទី៣ នេះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះតាម Online ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ដើម្បីចម្រាញ់ក្រុមខ្លាំងៗឡើងទៅប្រកួតវគ្គចែកពូល(Group Stage) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងរកបេក្ខភាពក្រុមខ្លាំង ៨ក្រុមចុងក្រោយប្រកួតវគ្គ Play-Off ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដើម្បីកំណត់ក្រុមជ័យលាភីតែម្ដង ។សម្រាប់ប្រាករង្វាន់ជ័យលាភីវិញ ចំពោះក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ក្រុមលេខ៣ ទទួលបាន ១លាន ៥០ម៉ឺនរៀល, ក្រុមលេខ៤ ទទួលបាន ៨០ម៉ឺនរៀល ខណៈក្រុមលេខ៥ និងលេខ៦ ទទួលបាន ៥០ម៉ឺនរៀនស្មើគ្នា គ្រាដែលក្រុមលេខ៧ និងលេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣៥ម៉ឺនរៀលផងដែរ ។សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy គឺជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើង ដើម្បីរួមចំណែកលើកស្ទួកការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករចង់ក្លាយជាកីឡាករអេឡិចត្រូនិកអាជីព បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ជាក់ស្ដែងក្នុងការប្រកួតរដូវកាលទី៣ ឆ្នាំ២០២៥ នេះ ក្នុងចំណោមបេក្ខភាព ៣៥១ក្រុម ដែលបានចុះឈ្មោះចូលរួម ក៏មានកីឡាករ-កីឡាការិនី និងក្រុមថ្មីៗចូលរួមជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា 

រូបសំណាក Cristiano Ronaldo ត្រូវដាក់បង្ហាញនៅទីក្រុងញូយ៉ក

2025/02/06 08:30:44 pm        451
អ្នកគាំទ្ររបស់ Cristiano Ronaldo បានជួបជុំគ្នានៅ Times Square ទីក្រុងញូយ៉កសហរដ្ឋអាមេរិកថ្ងៃពុធម្សិលមិញនេះ ដើម្បីអបអរការដាក់បង្ហាញរូបសំណាកតារាបាល់ទាត់ព័រទុយហ្កាល់ដែលមានកំពស់ជិត ៤ ម៉ែត្រ។ រូបសំណាកនេះត្រូវបានរចនាដោយលោក Sergio Furnari ធ្វើឡើងពីសំរិទ្ធ តែមិនមានទីតាំងច្បាស់លាស់ដើម្បីដាក់នៅទីក្រុងញូយ៉កឡើយ ខណៈរូបនេះសំណាកនេះត្រូវបានដឹកចល័តតាមរយៈរថយន្ត Jeep។ លោក Sergio Furnari បានឱ្យដឹងថា ការរចនារូបសំណាកនេះឡើង គឺដើម្បីអបអរថ្ងៃកំណើត Cristiano Ronaldo ថ្ងៃពុធទី ៥ ម្សិលមិញឈានចូលវ័យ ៤០ ឆ្នាំ។ បើតាមការបញ្ជាក់របស់លោក​ Furnari រូបសំណាកកីឡាករបាល់ទាត់កំពូលលើលោករូបនេះ នឹងធ្វើដំណើរជុំវិញពិភពលោកដូចជាទីក្រុង Manchester, Madrid, Lisbon ក៏ដូចជាប្រទេសអ៊ីតាលី និងអូស្ត្រាលីជាដើម។Cristiano Ronaldo មានគ្រាប់បាល់ជាមួយ Real Madrid ៤៥០ គ្រាប់ ជាមួយ Manchester United ១៤៥ គ្រាប់ ជាមួយ Juventus ១០១ គ្រាប់ ជាមួយក្លិបបច្ចុប្បន្ន Al-Nassr ៨១ គ្រាប់ និងជាមួយក្លិបដំបូងនៃអាជីព Sporting Lisbon ៥ គ្រាប់។ ម្ចាស់ជយលាភី Ballon d’Or ៥ លើករូបនេះមានគ្រាប់បាល់បញ្ចូលទីនៅក្នុងអាជីពសរុប ៩២៣ គ្រាប់ ជាមួយនឹងគម្រោងចង់បាន ១០០០ គ្រាប់ និងមិនទាន់គិតគូពីរឿងចូលនិវត្តន៍ឡើយ៕ អត្ថបទ៖នាង សុភាវុធ  

ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ភ្នំពេញក្រោន និងទ័ព ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ខណៈថាយហ្គឺរ បានត្រឹមខកចិត្ត

2025/02/06 05:30:54 pm        131
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមទៀត រួមមានក្រុមភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army) គ្រាដែលអង្គរថាយហ្គឺរ បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គជម្រុះដំបូង ។សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមឈើតុំខេត្តពោធ៍សាត់ ៧-០ លើទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រៅដី ២-០ កាលពីជើងទី១ ។ សម្រាប់គ្រាប់បាល់ជ័យជម្នះ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន ស្មាត អរអេសអ៊ិន កាលពីរាត្រីថ្ងៃទី០៥ ខែកុម្ភៈនេះ ធ្វើសម្រេចដោយកីឡាករ Andres Nieto ៣គ្រាប់ និងមិត្ដរួមក្រុម ឡុង ភារ៉ាត់, Yudai Ogawa, ឈិន វីននីន និង Jelle Goselink ម្នាក់ ១គ្រាប់ ។ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយឈរចាំក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលគ្រោងធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីជើងទី១ ណាហ្គាវើលដ៏ បានទទួលជ័យជម្នះក្រៅដី ១-០ ។ចំណែកក្រុមកងយោធពលខេមរភូមិន្ទ គឺបានផ្ដល់ការខកចិត្តដល់ក្រុមអង្គរថាយហ្គឺរ ក្រោយបញ្ចប់ការប្រកួតជើងទី២ ស្មើគ្នា ៣-៣ នៅកីឡដ្ឋានស្ដាតចាស់ កាលពីរាត្រីថ្ងៃពុធជាមួយគ្នា ។ ជំនួបរវាងក្រុមសមាជិកលីគកំពូលនេះ ពិតជាមានភាពស្វិតស្វាញខ្លាំង បន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ជុង សាណាត និង ខន ណារ៉ង់ អង្គរថាយហ្គឺរ ក៏បានព្យាយាមវាយបកជាខ្លាំង នៅវគ្គទី២ រហូតរកបាន ៣គ្រាប់វិញ ដោយកីឡាករ Pedro Joao ម្នាក់ឯង នៅនាទី៥០, ៥១ និងនាទី៧៧ ។ដោយសារផសគ្រាប់បាល់ នៅតែចាញ់កងយោធពលខេមរភូមិន្ទ បន្ទាប់ពីបរាជ័យក្នុងដី ៣-០ កាលពីជើងទី១ អង្គរថាយហ្គឺរ នៅតែបន្ដវាយសម្រុករកគ្រាប់បាល់បន្ថែម តែធ្វើមិនបានសម្រេច ផ្ទុយទៅវិញ ត្រូវបានកីឡាករ ជុង សាណាត បន្ថែមគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះតាមស្មើ នៅនាទី៩០+៤ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។ សរុបទាំង ២ជើង កងយោធពលខេមរភូមិន្ទ ឈ្នះអង្គរថាយហ្គឺរ ៦-៣ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ។សម្រាប់វគ្គបន្ដ អតីតក្រុមជើងឯក ៣សម័យ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដែលនឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ បន្ទាប់ពីជើងទី១ វិសាខា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ៣-០ ក្រៅដី ។ រីឯអង្គរថាយហ្គឺរ ដែលបានដាក់គោលដៅដណ្ដើមកៅអី Top-4 លើកដំបូង ធ្វើមិនបានសម្រេចឡើយ ដោយបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ។គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ គឺបានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៣ក្រុមហើយ គ្រាដែល ១ក្រុមទៀត គឺក្រុមបឹងកេត ដែលបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៦-១ ៕អត្ថបទ លី ឈុនឡា

ឃឹម បូរ៉ា៖ គុនខ្មែរ ជួយឪពុកម្ដាយខ្លួន ស្គាល់ទឹកដីអឺរ៉ុប និងប្ដេជ្ញាចិត្តខ្ពស់ ដើម្បីតតាំងជាមួយម្ចាស់ផ្ទះអេស្ប៉ាញ

2025/02/05 11:30:09 pm        357
កីឡាករ ឃឹម បូរ៉ា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្នុងដំណើរឆ្ពោះទៅប្រទេសអេស្ប៉ាញ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួត «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ» ដែលជាបេសកកម្មដ៏កក់ក្ដៅ ដ្បិតមានឪពុកម្ដាយ និងបងប្អូនបង្កើតទៅជាមួយ ហើយបានប្ដេជ្ញាចិត្តខ្ពស់ នឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីគុនខ្មែរ និងអ្នកគាំទ្រ ។នេះបើតាមការលើកឡើង មុនប្រតិភូ គ្រូបង្វឹក និងកីឡាករគុនខ្មែរ បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃអង្គារ ត្រៀមការប្រកួតនាយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។ បេសកកម្មនេះ ដឹកនាំដោយលោក គង់ វិសាល តំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ជាប្រធានប្រតិភូ ។បូរ៉ា បន្ដថា នេះជាលើកទី២ ហើយ ដែលខ្លួនបានចេញទៅប្រកួតលើទឹកដីអឺរ៉ុប ។ ប៉ុន្ដែបេសកកម្មនេះ គឺកាន់តែមានអត្ថន័យសម្រាប់អាជីព ដ្បិតដោយសារ គុនខ្មែរ បានផ្ដល់ឱកាសឲ្យខ្លួន ធ្វើដំណើររួមគ្នាលើកដំបូង ជាមួយគ្រួសារ ដែលមានឪពុកម្ដាយ និងប្អូនប្រុស ។ រីឯប្អូនប្រុសកីឡាករ ឃីម ឌីម៉ី ក៏បានចាត់ទុកនេះ គឺជាឱកាសដ៏ល្អ ដើម្បីបង្ហាញសមត្ថភាព និងចាប់យកឱកាសចេញទៅប្រកួតក្រោយៗទៀតផងដែរ ។ជាមួយគ្នា លោក គង់ វិសាល បានសម្ដែងនូវក្ដីរីករាយ ក្នុងនាមតំណាងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន  ដែលបានបន្ដរួមចំណែកផ្សព្វផ្សាយ និងគាំទ្របេសកកម្មគុនខ្មែរ ទៅកាន់ទឹកដីអឺរ៉ុបជាបន្ដបន្ទាប់ ហើយលោកក៏សង្ឃឹមថា ការរួមចំណែកនេះ នឹងជំរុញឲ្យវិស័យកីឡាប្រដាល់គុនខ្មែរ ដែលជាកីឡាអត្តសញ្ញាណជាតិកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត ពិសេសបេសកកម្មទៅកាន់ទឹកដីអេស្ប៉ាញពេលនេះ ។បើតាមការបញ្ជាក់របស់លោក សឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight បានឲ្យដឹងថា បេសកកម្មគុនខ្មែរ ក្នុងព្រឹត្តិការណ៍ «Ganzberg គុនខ្មែរ ស៊ុបពើរហ្វៃត៍-អេស្ប៉ាញ»  សហព័ន្ធបានបញ្ជូនកីឡាករគុនខ្មែរ ៥រូបទៅប្រកួត ក្នុងនោះកីឡាករ ឃឹម បូរ៉ា ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦១គីឡូក្រាម ជាមួយជើងខ្លាំងអេស្ប៉ាញ ម៉ារីអូ អាល់វ៉ារេស ។ រីឯកីឡាករ គឿម សុវណ្ណឃីម និង ប៊ុន សុវណ្ណ បេក្ខភាពប្រកួតម៉ារ៉ាតុង ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ទម្ងន់ស្រាល ជាមួយកីឡាករអេស្ប៉ាញ និងអង់គ្លេស ព្រមទាំងកីឡាករវ័យក្មេង ឃីម ឌីម៉ី និង ហុង សុវណ្ណចាន់សុធី ដែលនឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយកីឡាករម្ចាស់ផ្ទះអេស្ប៉ាញដូចគ្នា ។បន្ទាប់ពីធ្វើដំណើរដល់ទីក្រុងម៉ាឌ្រីដ អ្នកលេងគុនខ្មែរទាំង ៥រូប គឺមានពេលវេលា ៣ថ្ងៃ ដើម្បីហ្វឹកហាត់ និងត្រៀមខ្លួនការប្រកួត ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ ត្រូវនឹងពេលវេលានៅកម្ពុជា ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ នៅតែរក្សាជំហរចាស់ ខណៈគ្រូ Shan United ថាអាចរបូតច្រើនគ្រាប់ បើក្រុមខ្លួនធ្វេសប្រហែស

2025/02/05 10:52:58 pm        598
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Shan United របស់មីយ៉ាន់ម៉ា បញ្ចប់ពូលA នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤/២៥ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ខណៈគ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីដណ្ដើមលទ្ធផលល្អ បើទោះបីជាការប្រកួតបង្គ្រប់កិច្ចក៏ដោយ ។លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការប្រកួតចុងក្រោយនេះ កឺជាជំនួបដ៏សំខាន់ ខណៈលោកនៅតែរក្សាគោលជំហរចាស់ ក្រៅពីគោលដៅស្វែងរកជ័យជម្នះ គឺលោកចង់បង្ហាញពីកម្រិតលេងរបស់ក្រុមក្នុងព្រឹត្តិការណ៍អន្ដរជាតិ ។ យ៉ាងណាមិញលោកថា មានកីឡាករយ៉ាងហោច ១៣ ទៅ ១៤នាក់ នឹងអវត្តមានក្នុងការប្រកួតនេះ ដែលភាគច្រើន គឺដោយសារបញ្ហារបួស ។ចំណែកលោក Ono Hiroki គ្រូបង្វឹកក្រុម Shan United បានទទួលស្គាល់ព្រះខ័នរាជស្វាយរៀង គឺជាក្រុមខ្លាំង និងសម្បូរកីឡាករល្អៗ ។ ដូច្នេះលោកសង្កត់ធ្ងន់ថា បើក្រុមខ្លួនមិនខំប្រឹងធ្វើការងារខ្លាំងក្នុងការប្រកួតនេះទេ ពួកគេអាចនឹងរបូតគ្រាប់បាល់ច្រើន ។ លើសពីនេះ លោកក៏បានកោតសរសើរពីការអភិវឌ្ឍ នៃបណ្ដាក្លិបលីគកំពូលកម្ពុជា ដែលមានស្ថានភាពល្អប្រសើរជាងលីគមីយ៉ាន់ម៉ា ពិសេសការបណ្ដុះបណ្ដាលធនធានបន្ដវេនតែម្ដង ។គួរដឹងថា ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ ក្នុងពូលA ដោយរកបាន ៤ពិន្ទុ ក្រោយឆ្លងកាត់ ៤ប្រកួតឈ្នះ ១ ស្មើ ១ និងចាញ់ ២ គ្រាដែល Shan United ឈរបាតតារាង ពុំទាន់រកបានពិន្ទុឡើយ ។ យ៉ាងណាក្រុមទាំងពីរ បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ សម្រាប់បេក្ខភាពត្រូវឡើងវគ្គ ៤ក្រុមចុងក្រោយ នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំនេះ ក៏នឹងត្រូវប្រកួតកាត់សេចក្ដី នារាត្រីនេះដែរ ដោយក្រុម BG Pathum United របស់ថៃ ត្រូវជួបក្រុមភ្ញៀវម៉ាឡេស៊ី Terengganu FC និងក្រុមម្ចាស់ផ្ទះ PSM Makassar របស់ឥណ្ឌូនេស៊ី ត្រូវជួបក្រុមវៀតណាម Dong A Thanh Hoa ។បច្ចុប្បក្រុម BG Pathum United កំពុងឈរកំពូលតារាងមាន ៨ពិន្ទុ តាមពីក្រោយដោយក្រុម Terengganu FC និងក្រុម PSM Makassar ដែលរកបាន ៧ពិន្ទុស្មើគ្នា ព្រមទាំងក្រុម Dong A Thanh Hoa ដែលរកបាន ៦ពិន្ទុ ។ ដូច្នេះជោគវាសនាក្រុមត្រូវឡើងទៅវគ្គបន្ដ នឹងត្រូវកាត់សេចក្ដីនៅរាត្រីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ៕ អត្ថបទ លី ឈុនឡា

ប្រតិភូកីឡារដូវរងារកម្ពុជាធ្វើដំណើរដល់ទីក្រុងហាពីង ប្រទេសចិនភាគខាងជើងដោយសុវត្ថិភាព

2025/02/04 05:32:26 pm        285
ប្រតិភូកីឡាអាស៊ីរដូវរងារកម្ពុជាដឹកនាំដោយឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្ម បានចាកចេញពីប្រទេសកម្ពុជាយប់ថ្ងៃទី៣ ខែកុម្ភៈ និងធ្វើដល់ទីក្រុងហាពីង ខេត្តហឺឡុងជាង សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះដោយសុវត្ថិភាព ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីរដូវរងារលើកទី៩ ឆ្នាំ២០២៥។ នេះជាលើកដំបូងបង្អស់ដែលកម្ពុជាបញ្ចួនកីឡាករទៅចូលរួមការប្រកួតកីឡាអាស៊ីរដូវរងារ។ កីឡាករកម្ពុជា៤រូបដែលចូលរួមប្រកួតរួមមានកីឡាករ ភីន ម៉េងជ័ង ពីសី បញ្ញាសិទ្ធិ ឌួង ច័ន្ទសុវណ្ណរតនៈ និងរី ប៊ុនហាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹក កុសល ពីសី។ ឯកឧត្តម ញ៉ាន សុខវិសាល បានបញ្ជាក់ថាពេលនេះក្រុមការងារបានធ្វើដំណើរដល់ទីក្រុងហាពីងដោយសុវត្ថិភាពហើយ។ តែអាកាសធាតុត្រជាក់ណាស់ ដល់-២០អង្សាសេ។កីឡាអាស៊ីរដូវរងារ២០២៥នេះ ដំណើរការពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា៕

ឯកឧត្តម វ៉ាត់ ចំរើន៖ ប្រធាន IOC ថ្មី ត្រូវប្រឈមមុខជាមួយ ត្រាំ និងដោះស្រាយសមីការជាច្រើន

2025/02/03 11:11:14 pm        684
គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) នឹងរៀបចំមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ខាងមុខ នៅប្រទេសក្រិក ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូល បន្ទាប់ពីប្រធាន IOC អាណត្ដិចាស់ លោក Thomas Bach បានបញ្ចប់អាណត្តិ ៨ឆ្នាំ + ៤ឆ្នាំរបស់ខ្លួន ស្របពេលមានឥស្សរជនជាន់ខ្ពស់ ៧រូប បានឈរឈ្មោះប្រជែងតំណែងប្រធានថ្មី ទោះបីត្រូវប្រឈរមុខបញ្ហាធំៗ និងត្រូវដោះស្រាយសមីការជាច្រើន ពិសេសប្រឈមមុខជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កំឡុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ ក៏ដោយ ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការចាប់អារម្មណ៍ ចំពោះការផ្លាស់ប្ដូរក្បាលម៉ាស៊ីនចលនាអូឡាំពិកពិភពលោកលើកនេះ ដែលមានឥស្សរជនជាន់ខ្ពស់ច្រើនជាប្រវត្តិសាស្ដ្រ បានឈរឈ្មោះ ។ ក្នុងនាមប្រទេសសមាជិក ឯកឧត្តមបានអបអរសាទរ និងបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតចលនាអូឡាំពិក បន្ទាប់ពីការរៀបចំមហាសន្និបាតនាពេលឆាប់ៗខាងមុខ ។យ៉ាងណាមិញ អ្វីដែលបណ្ដាប្រទេសសមាជិក IOC កំពុងរង់ចាំមើលពេលនេះ បន្ទាប់ពីការជ្រើសរើសបានប្រធានចលនាអូឡាំពិកពិភពលោក អាណត្តិថ្មី គឺប្រធានថ្មីនេះ ត្រូវត្រៀមដោះស្រាយនូវសមីការជាច្រើន ជាក់ស្ដែងការត្រៀមប្រឈមមុខជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៨ ការប្រកួតប្រជែងលើការស្វែងរកថវិកាទ្រទ្រង់ចលនាអូឡាំពិក និងការស្វែងរកសុខសន្ដិភាពរបស់ពិភពលោក តាមទ្រឹស្ដីអូឡាំពិក «កីឡានាំមកនូវសន្ដិភាព» ក៏ដូចជាការទាញប្រទេសធំៗចូលរួមប្រកួតកីឡាអូឡាំពិកវិញ ពិសេសរុស្ស៊ីតែម្ដង ។គួរដឹងថា បេក្ខភាព ៧រូប ដែលបានរឈរឈ្មោះប្រជែងកៅអីប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) បន្ដពីលោក Thomas Bach ក្នុងមហាសន្និបាត IOC លើកទី១៤៤ នាខែក្រោយ រួមមាន៖១-ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី និងសមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី។២- លោក Juan Antonio Samaranch Jr. វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ លោក Juan Antonio Samaranch។៣-លោក Morinari Watanabe ជនជាតិជប៉ុន វ័យ ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ។៤- លោក David Lappartient វ័យ ៥១ឆ្នាំ ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក និងកីឡាបារាំង។៥- លោកស្រី Kirsty Coventry ជនជាតិស៊ីមបាវ៉េ វ័យ ៤១ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ រដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍ និងជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក។៦- លោកJohan Eliasch កូនកាត់ស៊ុយអែត-ចក្រភពអង់គ្លេស វ័យ ៦២ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ។៧- លោក Sebastian Coe ជនជាតិអង់គ្លេស វ័យ ៦៩ឆ្នាំ សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាប្រធានកីឡាអត្តពលកម្មពិភពលោក។មុនឈានដល់ការបោះឆ្នោតជ្រើសរើសប្រធាន IOC អាណត្ដិថ្មី នាថ្ងៃទី២០ ខែមីនាខាងមុខ កាលពីចុងសប្ដាហ៍កន្លងទៅ ឥស្សរជនទាំង ៧រូប ក៏បានធ្វើបទបង្ហាញ ក៏ដូចជាគោលជំហររៀងៗខ្លួន ដើម្បីដឹកនាំចលនាអូឡាំពិកពិភពលោក បន្ទាប់ពីខ្លួនបានជាប់ជាប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផងដែរ ៕ អត្ថបទ លី ឈុនឡា  

កំណើនទ្វេដងអ្នកចូលរួម ភ្នំពេញអន្ដរជាតិអាគ័រត្លុង ចំណេញដល់ការអភិវឌ្ឍកីឡាទ្រីយ៉ាត្លុង

2025/02/03 10:03:22 pm        404
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ចប់ការរៀបចំព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ ដោយជោគជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយកំណើនអ្នកចូលរួមដ៏ច្រើនទ្វេដង ខណៈមន្ដ្រីសហព័ន្ធ បានចាត់ទុកជាសញ្ញាណដ៏ល្អ ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាទ្រីយ៉ាត្លុងនៅកម្ពុជា ។លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធ បានសម្ដែងការភ្ញាក់ផ្អើល ដែលការប្រកួតលក្ខណៈអន្ដរជាតិ សម្រាប់មហាជន និងសិស្សានុសិស្សឆ្នាំនេះ បានទាក់អ្នកចូលរួមរហូតដល់ជាង ៤០០នាក់ ច្រើនជាងឆ្នាំមុន មានអ្នកចូលរួមត្រឹមជាង ២០០នាក់ ។ កំណើនអ្នកចូលរួមដ៏ច្រើននេះ សបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើន សម្រាប់វិញ្ញាសាអាគ័រត្លុង ដែលជាផ្នែកមួយនៃវិញ្ញាសាទ្រីយ៉ាត្លុង ។អគ្គលេខាធិការដដែលបន្ដថា សម្រាប់កំណើនអ្នកចូលរួមការប្រកួតអាគ័រត្លុងនេះ គឺជាផលចំណេញក្នុងការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ព្រោះមុនកីឡាករម្នាក់ អាចឈានដល់កម្រិតទ្រីយ៉ាត្លុង ដែលផ្ដោតលើ ៣ប្រភេទកីឡាបញ្ចូលគ្នា (មានហែលទឹក ជិះកង់ និងរត់)បាន គឺត្រូវឆ្លងកាត់ការហ្វឹកហាត់ឲ្យបានខ្លាំងជាមួយវិញ្ញាសាអាគ័រត្លុង(មានហែលទឹក និងរត់)សិន ។ ដូច្នេះអ្នកអាចលេងកីឡានេះបាន គឺជាមនុស្សខ្លាំងពូកែ ដែលមានសុខភាពល្អ និងមានកាយសម្បទាមាំមួនផងដែរ ។លោកបន្ថែមថា ដើម្បីឆ្លើយតបភាពរីកចម្រើននេះ សហព័ន្ធបានដាក់គោលដៅ នឹងបន្ដរៀបចំព្រឹត្តិការណ៍ជារៀងរាល់ឆ្នាំ ជាមួយគោលដៅពង្រីកការរៀបចំឲ្យកាន់តែធំ និងពង្រីកថ្ងៃប្រកួតឲ្យកាន់តែច្រើន ដើម្បីទាក់ទាញការចូលរួមកាន់តែច្រើន ។ លើសពីនេះ សហព័ន្ធក៏នឹងពិចារណាពង្រីកការរៀបចំព្រឹត្តិការណ៍នេះ ទៅកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្រៅពីការរៀបចំនៅរាជធានីភ្នំពេញទៀតផង ៕អត្ថបទ លី ឈុនឡា  

ក្រោន និងស្វាយរៀងបន្ថែម ៣ពិន្ទុ ខណៈណាហ្គា បង្អាក់ដំណើរ ISI ស្របពេល Tiffy Army អស់ឱកាស

2025/02/03 08:25:11 pm        228
ក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ដរក្សាគម្លាត ១ពិន្ទុពីគ្នា ក្រោយរកបាន ៣ពិន្ទុបន្ថែមរៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០ គ្រាដែលក្រុមណាហ្គាវើលដ៍ បានបង្អាក់ដំណើរក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះ ៣-១ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ(Tiffy Army) បានអស់ឱកាសប្រជែងកៅអី Top-6 ក្រោយស្មើក្រុមបឹងកេត ១-១ ។សម្រាប់ក្រុមភ្នំពេញក្រោន គឺបានយកឈ្នះសមាគមកីឡាក្រសួងមហាផ្ទៃ ២-០ នៅកីឡដ្ឋានអេអាយអេ ខេអឹមអេចផាក ដែលធ្វើសម្រេចដោយកីឡាករ Jelle Joost Goselink នៅនាទី៣២ និង អ៊ន ចាន់ប៊ូលីន នៅនាទី៥៣ ។ ជ័យជម្នះនេះ នាំឲ្យក្រុមសិង្ហក្រហម បន្ដឈរកំពូលតារាង ដោយរកបាន ៤៧ពិន្ទុ នាំមុខក្រុមព្រះខ័នរាជស្វាយរៀង ដែលរកបាន ៤៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-២ នៅថ្ងៃជាមួយគ្នា ។សម្រាប់ជំនួបជើងទី២ នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ កីឡាករ ញាណ សុស៊ីដាន បានស៊ុតគ្រាប់បាល់នាំមុខដ៏ល្អឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី៥០ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១ មុនខ្សែការពារ Takashi Odawara ភ្លាត់ទាត់ចូលទីខ្លួនឯង នាំឲ្យអង្គរថាយហ្គឺរ តាមស្មើ នៅនាទី៦៤ ។យ៉ាងណាមិញ នៅនាទី៧៩ កីឡាករអន្ដរជាតិ Bounphachan Bounkong បានរកគ្រាប់បាល់នាំមុខជាថ្មីសម្រាប់ក្រុមភ្ញៀវ មុនខ្សែការពារ Odawara តែតបន្ថែមគ្រាប់ទី៣ ឲ្យក្រុមព្រះខ័នរាជស្វាយរៀងវិញ នៅនាទី៨៨ ។ បន្ទាប់មកទើបកីឡាករ Nagashima Kodai វាយបកបានគ្រាប់ទី២ ឲ្យអង្គរថាយហ្គឺរ នៅនាទី៨៩ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣-២ បន្ទាប់ពីជើងទី១ ពួកគេក៏បានយកឈ្នះ ៤-២ លើក្រុមអង្គរថាយហ្គឺរផងដែរ ។ដោយឡែកក្រុមណាហ្គាវើលដ៍វិញ ស្ថិតក្នុងតំបន់សុវត្ថិភាព នៃកៅអី Top-6 បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ៣-១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរហស្សនាម នាគមាស បន្ដឈរលេខ៣ និងមាន ៣០ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរលេខ៧ ដោយរក្សា ២៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមបឹងកេត ៣ពិន្ទុ បន្ទាប់ពីក្រុមនាគខៀវនេះ បានត្រឹមប្រកួតស្មើក្រុមភ្ញៀវ Tiffy Army ១-១ កាលពីចុងសប្ដាហ៍កន្លងទៅ ។ចំពោះក្រុមបឹងកេត ទោះបីបន្ដឈរលេខ៦ តែមិនទាន់សុវត្ថិភាពឡើយ ដ្បិតពួកគេ នៅសល់ ២ប្រកួត ដូចក្រុម ISI ដង្កោសែនជ័យដែរ ខណៈក្នុងចំណោម ២ប្រកួតចុងក្រោយ ក្រុមទាំងពីរ ក៏ត្រូវជួបគ្នា នាចុងសប្ដាហ៍នេះ មុនបឹងកេត ជួបវិសាខា ខណៈ ISI ត្រូវជួបភ្នំពេញក្រោន នាថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវទទួលបានកៅអី Top-6 ជាមួយក្រុមភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា និងណាហ្គាវើលដ៏ ដែលមានភាគខ្ពស់ទៅហើយនោះ?អត្ថបទ លី ឈុនឡា

យុវជនសាមគ្គីគ្រងជើងឯក Svay Reing Cup U13 លើកទី១ ក្រោយឈ្នះថ្នាលព្រះខ័នរាជ ៣-១

2025/02/03 06:57:56 pm        239
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម ១៣ឆ្នាំ (Svay Rieng Cup U13) លើកទី១ ឆ្នាំ២០២៤/២៥ បានបញ្ចប់ដោយជោគជ័យ ដោយក្រុម​យុវជន​សាមគ្គី​អាយុ​ក្រោម ១៣ឆ្នាំ បានគ្រងតំណែងជើងឯក បន្ទាប់ពីយក​ឈ្នះ​ក្រុម​យុវជន​ U13​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីចុងសប្ដាហ៍កន្លងទៅ ។ពិធីបិទការប្រកួតបាល់ទាត់ក្របខណ្ឌយុវជនប្រចាំខេត្តស្វាយរៀងនេះ បានធ្វើឡើង​ក្រោម​វត្ត​មាន​ឯកឧត្តម​ ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តស្វាយរៀង និងជា​ប្រធាន​ក្លិប​ព្រះខ័នរាជស្វាយរៀង ដែលបានផ្ដួចផ្ដើមគំនិតរៀបចំការប្រកួតនេះឡើង ហើយ​ក៏​មាន​ការ​ចូលរួមពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។ក្រោយឆ្លងកាត់ការប្រកួតជិត ៣ខែ ក្រុមយុវជនសាមគ្គីអាយុក្រោម ១៣ឆ្នាំ ដែលបញ្ចប់ត្រឹម​លេខ​៣ ​ក្នុងវគ្គសន្សំពិន្ទុ បានសាងភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះក្រុមឈរលេខ២ ធូប្រាឌឺបាវិត ក្នុង​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(វគ្គខ្វែង) មុនឡើងជួបក្រុមយុវជន U13 ព្រះខ័នរាជស្វាយរៀង នៅ​វគ្គផ្ដាច់ព្រ័ត្រ ដ្បិតក្រុមយុវជនថ្នាលក្លិបអាជីពនេះ គឺបានយកឈ្នះក្រុមកំពូលតារាង ស.ស.យ.ក ស្រុកកំពង់រោទិ៍ ក្នុងវគ្គខ្វែងដូចគ្នា ។នៅក្នុងវគ្គផ្ដាច់ព្រ័ត្រក្រុមយុវជនសាមគ្គី បន្ដធ្វើបានយ៉ាងល្អ ដោយស៊ុតនាំមុខ ១គ្រាប់មុន ត្រឹម​រយៈ​ពេល ២នាទី ដោយកីឡាករ វ៉ាត់ ភារ្យម មុនក្រុមយុវជនព្រះខ័នរាជស្វាយរៀង តាម​ស្មើ​នៅ​នាទី២៧ ដែលរកបានដោយកីឡាករ មាស វណ្ណៈ ។ ប៉ុន្ដែប៉ុន្មាននាទីក្រោយមក ក្រុមយុវជ​ន​សាមគ្គី បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ សាង រក្សា និង ញាញ់ សាវន នៅនាទី៣២ និង​នាទី៣៥ ដើម្បីធានាជ័យជម្នះ និងគ្រងជើងឯកតែម្ដង ។ដោយឡែកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Svay Rieng Cup U13 លើកដំបូងនេះ គឺបាន​ទៅ​ក្រុម​យុវជន U13 ធូប្រាឌឺ បន្ទាប់ពីយកឈ្នះក្រុមយុវជន U13 ស.ស.យ.ក ស្រុកកំពង់រោទិ៍ ដោ​យ​លទ្ធ​ផល ២-០ ។ ដូច្នេះក្រុមដែលឈរកំពូលតារាងក្នុងវគ្គសន្សំពិន្ទុ គឺក្រុមយុវជន ស.ស.យ.ក ស្រុក​កំពង់រោទិ៍ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ ប៉ុណ្ណោះ ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM