Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ណាហ្គាវើលដ៏ ដាក់គោលដៅខ្ពស់ជាងឆ្នាំមុន មុនជួបក្រសួងមហាផ្ទៃស្អែកនេះ

2025/01/21 05:47:43 pm        388
បន្ទាប់ពីភ្លាត់ធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ កាលពីរដូវកាលឆ្នាំ២០២៣/២៤ លោក ឃឹម បូរី គ្រូបង្វឹកក្រុមណាហ្គាវើលដ៏ បានដាក់គោលដៅខ្ពស់ជាងឆ្នាំមុន ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ទោះបីត្រូវប្រឈមជាមួយក្រុមមានកម្រិតកាន់តែខ្ពស់ក៏ដោយ ។ការលើកឡើងនេះ ស្របពេលក្រុមមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺនេះ នឹងត្រូវប្រកួតបើកទំព័រដូវកាលថ្មីរបស់ខ្លួន ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ដោយត្រូវជួបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ (ជើងទី១) នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក ។លោក ឃឹម បូរី បានលើកឡើងថា ឆ្នាំនេះ ក្រុមនីមួយៗ មានការអភិវឌ្ឍកាន់តែខ្លាំង។ យ៉ាងណាលោកបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ជាមួយគោលដៅធ្វើឲ្យបានល្អជាងឆ្នាំមុន ពោលគឺយ៉ាងហោចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះការបង្កើតក្រុមលេងពានថ្នាក់ខេត្ត មកលេងពានថ្នាក់ជាតិកាន់តែច្រើន លោកយល់ថា ក៏ជារឿងល្អមួយ ទោះបីមានកម្រិតទាបជាងក្រុមសមាជិកលីគកំពូលកម្ពុជាក៏ដោយ ។សូមរំឮកថា កាលពីរដូវកាលមុន ណាហ្គាវើលដ៏ បានធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួត ២ជើងចាញ់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ១០-១ ។ ចំពោះរដូវកាលថ្មីនេះ បន្ទាប់ពីត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ពួកគេនឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ទទួលអតីតក្រុមជើងឯកឆ្នាំ២០១៤ នេះវិញ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ៕អត្ថបទ លី ឈុនឡា

កីឡាករជឺជីតស៊ូ សុបញ្ញា ចេញទៅហាត់នៅអាមេរិក ៣ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀម​ការប្រកួតអន្ដរជាតិ

2025/01/17 08:06:23 pm        233
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកហើយ ដើម្បីធ្វើការហ្វឹកហាត់រយៈពេល ៣ខែ នៅ Art of Jiu-Jitsu (AOJ) ដែលជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដ៏ល្បីល្បាញនៅទីក្រុង Costa Mesa រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។យោងតាមការជូនដំណឹងរបស់សហព័ន្ធ ការបោះជំរំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិរបស់កីឡាករឆ្នើមកម្ពុជារូបនេះ ទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក ទូច សុភ័ក្រ និងភរិយា ដើម្បីផ្ដល់ឱកាសឲ្យ សុបញ្ញា បានហ្វឹកហាត់កម្រិតខ្ពស់ជាមួយគ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្រិតខ្ពស់នៅអាមេរិក ។ប្រភពដដែលបន្ដថា មឿនលីម សុបញ្ញា នឹងត្រឡប់មកកម្ពុជាវិញ កំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតប្រជែងជាច្រើន ដូចជាំការប្រកួតជើងឯកអាស៊ី នៅហ្សកដានី ការប្រកួតជើងឯកពិភពលោក នៅប្រទេសថៃ និងស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ព្រមទាំងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅហ្វីលីពីនជាដើម ។តាមរយៈការហ្វឹកហាត់រយៈពេល ៣ខែនៅអាមេរិកនេះ ថ្នាក់ដឹកនាំសហព័ន្ធ បានដាក់ក្ដីរំពឹងខ្ពស់ថា សុបញ្ញា នឹងអាចអភិវឌ្ឍន៍សមត្ថភាពបានកាន់តែប្រសើរ ដើម្បីត្រៀមការប្រកួតអន្ដរជាតិទាំងអស់នេះ ពិសេសដើម្បីដណ្ដើមនូវមេដាយកិត្តិយសជូនជាតិមាតុភូមិបន្ថែមទៀត ។គួរដឹងថា មជ្ឈមណ្ឌល Art of Jiu-Jitsu គឺជាកន្លែងប្រមូលផ្ដុំដោយគ្រូបង្វឹកលំដាប់ពិភពលោក ដែលបានបង្កើតនូវអត្តពលិកជើងឯកពិភពលោក និងគ្រូបង្វឹកជាច្រើន ក្នុងនោះក៏មានវត្តមានវីរកីឡាការិនីឆ្នើមកម្ពុជា ខាន់ ចេសា ផងដែរ៕ អត្ថបទ លី ឈុនឡា

អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ

2025/01/17 07:46:23 pm        196
អត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ព័ត៌មាននៃការចុះឈ្មោះចុងក្រោយ គឺលើសពីការរំពឹងទុក ដែលមានការកើនឡើងច្រើន បើធៀបពីឆ្នាំមុន ពិសេសអត្តពលិកបរទេស ហើយក្នុងចំណោមជាង ១,៨០០នាក់ គឺមានអ្នករត់ជនជាតិបារាំងច្រើនជាងគេ បន្ទាប់មកមកម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ រីឯការរៀបចំ គឺបានប្រព្រឹត្តទៅដោយរលូន ក្រោយមានការសហការគាំទ្រពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជដើម ។ឯកឧត្តមបានបន្ដថា អត្តពលិកដែលបានចុះឈ្មោះទាំងអស់ ពិសេសអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ គឺបានមកដល់ខេត្តសៀមរាប ២ថ្ងៃមុនព្រឹត្តិការណ៍ ដើម្បីត្រៀមលក្ខណៈរត់ផ្លូវការ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ លើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ នេះគឺជាផលចំណេញមួយ សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីការមកស្នាក់នៅយូរសម្រាប់អត្តពលិកអន្ដរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន Phoenix Voyages របស់ជនជាតិបារាំង ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ។តាមរយៈព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយកាត់ស្បៃរាត្រីលើទឹកដីអង្គរនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា អ្នកចូលរួម មិនមែនគ្រាន់តែរត់ដើម្បីសុខភាពនោះទេ តែមកដល់កម្ពុជា គឺអាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីកម្ពុជា ជាក់ស្ដែងការរៀបចំ និងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះ គឺល្អសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ មានន័យថា ស្រុកទេស ពោរពេញដោយសន្ដិភាព ពោរពេញដោយសន្ដិសុខ និងសុវត្ថិភាព មិនមានអ្វីត្រូវព្រួយបារម្ភ ទោះបីនៅចុងកាត់មាត់ញក ឬជនបទ ក៏គ្មានអ្វីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នករត់ដែរ ។គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ គឺមានវិញ្ញាសាសរុបចំនួន ៦ រួមមានរត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ។ សម្រាប់អ្នករត់ នឹងត្រូវជួបជុំគ្នានៅទីលានព្រះជល់ដំរី ប្រមាណម៉ោង ៣ ជិតភ្លឺ ដើម្បីចេញដំណើរវិញ្ញាសា ១០០គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត នៅតាមទីផ្សេងៗ លើទឹកដីដ៏ពិសិដ្ឋនៃប្រទេសកម្ពុជា តាមបណ្ដោយផ្លូវ កាត់តាមប្រាង្គប្រាសាទល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត ព្រមទាំងតំបន់បុរាណវិទ្យា ព្រៃភ្នំ វាលស្រែ និងភូមិបុរាណខ្មែរ នៅតំបន់ឧទ្យានអង្គរ  ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ៕ អត្ថបទ៖ លី ឈុនឡា

ភ្នំពេញក្រោន ជួបឡាយហ្វ ខណៈព្រះខ័នរាជស្វាយរៀង ត្រូវសម្រាកក្នុងលីគ សប្ដាហ៍ទី១៨

2025/01/17 05:31:44 pm        377
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៨ នាចុងសប្ដាហ៍នេះ ដោយមាន ៥គូ ក្នុងនោះក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន Smart RSN ស្របពេលក្រុមឈរលេខរៀងទី២ ព្រះខ័នរាជស្វាយរៀង ត្រូវសម្រាកពុំមានការប្រកួតឡើយ ។ក្នុងនាមក្រុមដែលរកបានគ្រាប់បាល់ជ័យជម្នះច្រើនជាងគេ ក៏ដូចជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ កាលពីជើងទី១ នឹងត្រឡប់មកជួបគ្នាជាថ្មី ពោលគឺជំនួបរវាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ។ កាលជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រៅដី រហូតដល់ ១០-០ ។ បន្ទាប់ពីលទ្ធផលមិនគាប់ប្រសើរនេះ អ្នកគាំទ្រកំពុងចាំអ៊ុតតើជើងទី២ ឡាយហ្វ អាចនឹងទប់ទល់ក្រុមខ្លាំងសិង្ហក្រហម បានកម្រិតណា ស្របពេលពួកគេកំពុងឡើងជើងដូចគ្នា?ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត ៤គូផ្សេងទៀតវិញ នៅថ្ងៃទី១៨ ខែមករា ក្រៅពីជំនួបរវាងក្រុមកំពូលតារាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ក៏នឹងមានការប្រកួតដ៏ធំ រវាងអង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ ផងដែរ ។ កាលពីជើងទី១ អង្គរថាយហ្គឺរ បានយកឈ្នះណាហ្គាវើលដ៏ ១-០ ក្រៅដី ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ ត្រូវបានក្លាយជាជំនួបដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រ តើក្រុមណា នឹងទទួលបាន ៣ពិន្ទុលើទឹកដីកីឡាអាគីហ៊ីរ៉ូ កាតូ?ដោយឡែកការប្រកួត ៣គូទៀត នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាដូចគ្នា រួមមានក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក និងគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះសងសឹកក្រុម អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីចាញ់ ០-២ ក្រៅដី កាលពីជើងទី១ ។ រីឯ ១គូទៀត គឺជំនួបជក់ចិត្តផងដែរ រវាងវិសាខា និងកងយោធពលខេមរភូមិន្ទ ដ្បិតវិសាខា បានយកឈ្នះ ៣-១ ក្នុងជំនួបដ៏ចម្រូវចម្រាសកាលពីជើងទី១ នៅកីឡដ្ឋានស្ដាតចាស់៕ អត្ថបទ លី ឈុនឡា

សហព័ន្ធគុនខ្មែរ អនុវត្ដវិធានការទី១ លើកីឡាករ ១៥រូប ក្រោយល្មើសបម្រាមប្រកួត​សម្រាកតិចជាង ២សប្ដាហ៍

2025/01/16 09:57:57 pm        905
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី១ ក្នុងការដាក់ពិន័យ លើកីឡាករ ១៥រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។កីឡាករដែលរងពិន័យ ជាការព្រមានជាលាយល័ក្ខអក្សរ និងប្រកាសជាសាធារណៈដល់កីឡាករ ដែលបានចាប់គូប្រកួត ដោយសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ រួមមានកីឡាករ ធន់ គឹមឡុង និង ធន់ អៀងឡុង សមាជិកក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ, កីឡាករ រិទ្ធី មាន់ព្រៃ មកពីក្លិបប្រដាល់គុនខ្មែរ Super Fight & Gym ។ កីឡាករ សោម ពិសិដ្ឋ និង ឡូញ វ៉ាន់ឌី មកពីក្លិបវិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ ។កីឡាករ ជុន រាត្រី មកពីក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ ។ កីឡាករ ម៉ន ភារម្យ មកពីក្លិបការិយាល័យទី៥ កងទ័បជើងគោក ។ កីឡាករ ម៉ាលី អគ្គីនេត្រ មកពីក្លិបអិនភីអិន សសុម៉ាលីគុនខ្មែរ ។ កីឡាករ សឹង្ហ ឡេង មកពីក្លិបអេភូថងគុនខ្មែរ ។ កីឡាករ ឆួន បួន មកពីក្លិបញ្ជាការដ្ឋានទ័ពពិសេស ។ កីឡាករ ខន ទិត្យវិច្ឆិកា មកពីក្លិបតាឡីដំរីមានរិទ្ធ ។ កីឡាករ សូត្រ ខេវិន និងកីឡាករ សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែក ។ កីឡាករ ហាប់ ខា មកពីក្លិបនាគរាជចតុមុខ និងកីឡាករ នី នរមហាអាគមន៍ មកពីក្លិបខ្លារខិនមានរិទ្ធ ។បន្ទាប់ពីអនុវត្តនូវវិធានការក្ដៅទី១ ដែលជាដំណាក់កាលដំបូង សហព័ន្ធបានបញ្ជាក់ក្នុងសេចក្ដីសម្រេចទៀតថា កីឡាករដែលរងពិន័យទាំង ១៥រូប ប្រសិនបើប្រព្រឹត្តខុសដោយចាប់គូប្រកួតសម្រាកមានរយៈពេលតិចជាង ២សប្ដាហ៍ជាលើកទី២ នឹងត្រូវដាក់ពិន័យមិនអនុញ្ញាតឲ្យចាប់គូប្រកួតរយៈពេល ៦សប្ដាហ៍ ។គួរដឹងថា កាលពីថ្មីៗ សហព័ន្ធបានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាកាដរិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។ការសម្រេចនេះ ក្រោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពផ្លូវការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បានស្នើដល់ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ ៩ចំណុច ។ក្រៅពីនេះ សម្រាប់កីឡាករ-កីឡាការិនីមិនអនុវត្តតាម សហព័ន្ធក៏មានវិធានការចំនួន ៥ សម្រាប់ណែនាំ និងដាក់វិន័យផងដែរ រួមមាន៖១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើសិនជាកំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា។២- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៣។៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី៤។៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ៕ អត្ថបទ លី ឈុនឡា

ក្រុមជំនុំស្រាវជ្រាវយុទ្ធគុនដូនតាខ្មែរ បន្ដបើកកិច្ចប្រជុំស្វែងរកធាតុចូលបន្ថែម ដើម្បីធានាការអនុវត្តបានរលូន

2025/01/16 09:42:56 pm        328
គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានបន្ដរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកធានចូលសំខាន់ៗបន្ថែម ដើម្បីធានាការចាប់ផ្ដើមសកម្មភាពការងារបានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងសមាជិកជាច្រើនទៀត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មការដដែល បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងស្វែងរកធាតុចូលសំខាន់ៗបន្ថែម សម្រាប់ការរៀបចំផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាព ដើម្បីត្រៀមធ្វើការរៀបចំដំណើរការ នៃការសិក្សាស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានប្រព្រឹត្តទៅដោយរលូន ។គួរដឹងថា គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកសរុបចំនួន ១៨នាក់ ហើយគណៈកម្មការនេះ មានអនុគណៈកម្មការប្រតិបត្តិមួយជាសេនាធិការសម្រាប់ដំណើរការងាររបស់ខ្លួន ដែលមានសមាជិកសរុបចំនួន ២៣នាក់ ដើម្បីអនុវត្តនូវការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសាររតនសម្បត្តិរបស់ជាតិ សម្រាប់ថ្ងៃអនាគត ៕ អត្ថបទ លី ឈុនឡា

បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle

2025/01/16 08:51:46 pm        264
កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ (Frenzy Freestyle) បានឈានដល់វគ្គ១៦នាក់ចុងក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គជម្រុះដំបូងកាលពីថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥។ក្រោយការដាក់ពិន្ទុយ៉ាងសុក្រិតយុត្ដិធម៍ពី គណៈកម្មការជំនាញ ទាំង៤រូបរួមមាន ៖ លោក ឃួន ឡាបូរ៉ាវី, លោក រៀម សុខភិរម្យ, លោក ឡុង គីមហេង និងកញ្ញា សុខ សុខា ក្នុងអំឡុងការប្រកួតវគ្គជម្រុះដំបូង កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្វ្រីស្តាយល៍ ឥឡូវនេះបានរកឃើញបេក្ខភាពទាំង១៦រូប ត្រៀមបង្ហាញសមត្ថភាពប្រកួតគ្នានៅវគ្គបន្ទាប់។បេក្ខភាពទាំង១៦រូបរួមមាន៖ បេក្ខនារី ឌី គឹមយាន និង យ៉ែម នារី ព្រម ទាំងបេក្ខជន នៅ ស៊ីងជូ, ផ្លម ធិញហួស, លន់ ឆៃយ៉ា, ញ៉ក ភារុន, ណាន ប៊ុននីន, ទ្រី ណាំចែវ, ឯក តុលា, ខុម ពៅ, ចាន់ណាក់ វរៈបុត្រ, ចៀម សីហា, នួន វណ្ណា, ចាន់ សាមីឌី , ស៊ុ សាន និង ខុន ខេមរៈបុត្ថ។អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺមានបេក្ខនារី ២ ដែលត្រូវប្រកួតប្រជែងជាមួយបេក្ខជន ១៤ រូបផ្សេងទៀត។ ការប្រកួតនេះមិនមែនផ្តោតសំខាន់លើជំនាញបាល់ទាត់ហ្រ្វីស្តាយល៍ តែម្យ៉ាងនោះទេ ប៉ុន្តែក៏មានទាំងក្បាច់រាំ Breakdance រួមបញ្ចូលផងដែរ។លក្ខន្តិកៈមួយចំនួន ក្នុងការប្រកួតវគ្គ១៦នាក់ចុងក្រោយ៖-ការប្រកួតមួយគូមានរយៈពេល ៣-៥នាទី ហើយបេក្ខជន ឬបេក្ខនារីម្នាក់នឹងត្រូវបង្ហាញចំនួន ៣ក្បាច់ (Freestyle) និង១ក្បាច់ (Break Dance) -ក្នុងមួយដងបេក្ខជន ឬបេក្ខនារីម្នាក់មានពេល ៣០-៤០ វិនាទី ក្នុងការបង្ហាញ និងចន្លោះពេល ៣០-៤០ វិនាទីនោះ គឺត្រូវមានបង្ហាញក្បាច់វិញ្ញាសារបស់ខ្លួន (Freestyle & Break Dance) បន្ទាប់មកដល់វិនាទីត្រូវឈប់ ដើម្បីឱ្យដៃគូម្ខាងទៀតចាប់ផ្តើមម្តង ដូច្នេះមានន័យថាបេក្ខជន ឬបេក្ខនារីម្នាក់អាចបង្ហាញបានចំនួន ៣លើក-មានតែបេក្ខជន ឬបេក្ខនារីម្នាក់ប៉ុណ្ណោះដែលត្រូវបង្ហាញក្បាច់ហ្វ្រីស្តាយល៍នៅចំកណ្តាលនៃឆាក (រូបរាងមូល) ហើយអំឡុងពេលការបង្ហាញ គឺបេក្ខជន ឬបេក្ខនារីម្នាក់ទៀត (គូប្រកួត) មិនអាចមានសកម្មភាពអ្វីដែលរំខានដល់បេក្ខជន ឬបេក្ខនារីកំពុងបង្ហាញនោះទេ-បេក្ខជន ឬបេក្ខនារី មិនត្រូវបានអនុញ្ញាតឱ្យដូរគ្រាប់បាល់ ឬស្បែកជើង អំឡុងពេលសម្តែង ឬប្រកួតឡើយ ក្នុងករណីលើកលែងណាមួយជាក់ស្តែង (រហែកស្បែកជើង ឬបែកបាល់)-បេក្ខជន ឬបេក្ខនារី ត្រូវតែព្យាយាមធ្វើយ៉ាងណាការបង្ហាញឱ្យបានល្អ-គណៈកម្មការវាយតម្លៃ នឹងផ្តល់មតិយោបល់ រួមទាំងផ្តល់ពិន្ទុដោយផ្អែកលើជំនាញ-អ្នកឈ្នះនឹងត្រូវបានប្រកាស ដោយផ្អែកលើលទ្ធផលដែលទទួលបានពីគណៈកម្មការវាយតម្លៃទាំង៤រូប-ក្នុងករណីគូប្រកួតពិន្ទុស្មើគ្នានឹងត្រូវបានថែមចំនួន ១នាទី ដើម្បីប្រកួតបន្ត-អ្នកចាញ់ក្នុងជុំនេះនឹងត្រូវជម្រុះចេញពីកម្មវិធី

សហព័ន្ធកីឡាទោចក្រយានប្រកាសរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីកុមារកម្ពុជា ពីភ្នំពេញទៅបាត់ដំបង

2025/01/16 07:16:48 pm        225
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសជូនដំណឹងដល់បណ្ដាសមាគម/ក្លិប និងអ្នកនិយមកីឡាជិះកង់ទូទាំងប្រទេសថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ក្រោមប្រធានបទ «ជិះកង់ផ្ដល់នូវសេចក្ដីស្រលាញ់ដល់កុមារកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ដោយចេញដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង ។យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ ព្រឹត្តិការណ៍ជិះកង់ដើម្បីសប្បុរសធម៌នេះ នឹងត្រូវធ្វើដំណើរពីភ្នំពេញ ពីមុខវិមានរដ្ឋធម្មនុញ្ញ (វិមានឯករាជ្យ) ឆ្ពោះទៅទីរួមខេត្តបាត់ដំបង ដែលត្រូវឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ជាដើម ក្នុងគោលបំណងដើម្បីកៀរគរថវិកា និងសម្ភារ ជួយដល់អង្គការមូលនិធិក្ដីសង្ឃឹមនៃកុមារកម្ពុជា (អង្គការ Hope) ដោយត្រូវធ្វើដំណើរលើចម្ងាយផ្លូវសរុបប្រមាណ ២៩២គីឡូមែត្រ ។លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា និងបំផុសចលនាកីឡា ដល់ក្រុមកីឡាករ-កីឡាការិនី ជិះកង់ទៅកាន់ខេត្តបាត់ដំបង។ ការទទួលពាក្យចាប់ទទួលរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកីឡាករ ឬកីឡាការិនីម្នាក់ ត្រូវបង់សិទ្ធិជិះកង់ក្នុងម្នាក់ៗ ២៥ដុល្លារអាមេរិក ដោយថវិកានេះ សល់ពីការចំណាយនឹងនាំយកទៅប្រគល់ជូនដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា។ក្នុងនាមសហព័ន្ធ លោករំពឹងថា ការជិះកង់ពីភ្នំពេញទៅបាត់ដំបង លើចម្ងាយផ្លូវជិត ៣០០គីឡូម៉ែត្រនេះ នឹងអាចទទួលបានកីឡាករ កីឡាការិនីចន្លោះ ២៥០ទៅ ៣០០នាក់។ ចំពោះសប្បុរសជន ឬបណ្តាក្រុមហ៊ុន ដែលមិនមានបំណងជិះកង់ ក៏អាចឧបត្ថម្ភគាំទ្រជាសម្ភារ ឬថវិកា ក្នុងព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នេះបានផងដែរ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ បឹងកេត និងវិសាខា ឈ្នះក្រុមឡើងពីថ្នាក់ខេត្តរៀងខ្លួន ក្នុងជើងទី១ នៃពានសម្ដេចតេជោ-ថ្នាក់ជាតិ

2025/01/16 06:23:43 pm        381
ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង រួមជាមួយក្រុមបឹងកេត និងវិសាខា បានទទួលជ័យជម្នះរៀងខ្លួន ក្នុងជំនួបជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) វគ្គ ១៦ក្រុមចុងក្រោយ លើក្រុមឡើងមកពីពានសម្ដេចតេជោ-ថ្នាក់ខេត្ត កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមលេខ៤ ថ្នាក់ខេត្ត សមាគមកីឡាបាល់ទាត់ខេត្តកែប ៩-០ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ៥សម័យនេះ ធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម ២គ្រាប់ និង ណារ៉ុង កក្កដា ៤គ្រាប់ រួមជាមួយកីឡាករ ញាណ សុស៊ីដាន, មីហ្ស៊ូណូ ហ៊ីការ៉ុ និង ស្ដើង បញ្ញាសុភត្រា ម្នាក់ ១គ្រាប់ ។ដោយឡែកក្រុមនាគខៀវបឹងកេត បានយកឈ្នះក្រុមជើងឯករងថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ៨-១ ។ សម្រាប់គ្រាប់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ ធ្វើសម្រេចដោយកីឡាករ ម៉ាត់ នូរុណ ២គ្រាប់, កីឡាករ Alexander Kevin Baker, ចាន់ វឌ្ឍនាកា, Ryohei Yoshihama, ជា វេសលី, Charlie Thomas Scott និង អ៊ាវ សុវណ្ណារ៉ា ម្នាក់ ១គ្រាប់ ។រីឯក្រុមវិសាខាវិញ គឺបានយកឈ្នះក្រុមលេខ៣ ថ្នាក់ខេត្ត ឡាយអ៊ិនឃីង ខេត្តសៀមរាប ទាំងតានតឹង ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ។ ៣គ្រាប់របស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើសម្រេចដោយកីឡាករ ផាន សុផេន, កាន់ ម៉ូ និង ភឿក ថាតថៃ ម្នាក់ ១គ្រាប់ ។ក្រោយទទួលបានជ័យជម្នះពីការប្រកួតក្រៅដី ក្រុមសមាជិកលីគកំពូលកម្ពុជាទាំង ៣ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមថ្នាក់ខេត្តទាំង ៣ វិញ នាខែកុម្ភៈខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គ ៨ក្រុមចុងក្រោយ៕ អត្ថបទ៖ លី ឈុនឡា

Liverpool បានត្រឹមស្មើនៅទឹកដីក្រុមប្រជែងជើងឯកថ្មី Nottingham Forest

2025/01/15 09:47:51 pm        551
ក្រុមកំពូលតារាងហង្សក្រហម Liverpool រកបានត្រឹមមួយពិន្ទុប៉ុណ្ណោះនៅសប្តាហ៍ទី ២០ របស់ខ្លួននៃក្របខណ្ឌ English Premier League ក្រោយស្មើ ១-១ នៅទឹកដីក្រុមប្រជែងជើងឯកថ្មីគួរឱ្យភ្ញាក់ផ្អើល Nottingham Forest។Forest ដែលស្វែងរកជ័យជំនះ ៩ ប្រកួតជាប់គ្នានៅក្នុងលីគជាលើកដំបូងតាំងពីឆ្នាំ ១៩២២ នោះ បានបើកការនាំមុខតាំងពីនាទីទី ៨ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធនូវែសេឡង់ Chris Wood។ក្រុមរបស់លោក Nuno Espirito Santo បានព្យាយាមរក្សាលំនឹងក្រុមដើម្បីយកឈ្នះ Liverpool លើកទីពីររដូវកាលនេះ បន្ទាប់ពីជើងទីមួយនៅទឹកដី Anfield ១-០។ យ៉ាងណាក្តី កីឡាករបម្រុង Diogo Jota គឺជាអ្នកតែតបញ្ចូលទីតាមស្មើបានសម្រេចនៅវគ្គទីពីរ ហើយក៏គ្មានក្រុមណាអាចរកគ្រាប់បាល់បានទៀតដែរ ទោះបីក្រុមរបស់លោក Arne Slot មានឱកាសច្រើនលើសលុបតែគ្មានសំណាង។ លទ្ធផលបែបនេះមានន័យថា Liverpool បន្តនាំមុខ ៦ ពិន្ទុពីក្រុមលេខពីរ Nottingham Forest ដដែល។ ចំណែកឯ Manchester City គ្រាប់បាល់នាំមុខពីរគ្រាប់មុនដោយ Phil Foden ត្រូវរលាយសាបសូន្យនៅចុងម៉ោងក្រោយម្ចាស់ផ្ទះ Brentford តាមស្មើវិញពីរគ្រាប់ដោយ Yoane Wissa នាទីទី ៨២ និង Christian Norgaard នាទីទី ៩០+២។ ក្រុមរបស់លោក Pep Guardiola បន្តឈរលេខ ៦ មាន ៣៥ ពិន្ទុស្មើគ្នាជាមួយក្រុមលេខប្រាំ​ Newcastle ដែលត្រូវទទួល Wolverhampton នៅ St. James Park រាត្រីនេះ។ រីឯ Chelsea បានបន្តស្ថិតិមិនឈ្នះនៅ Premier League ប្រាំប្រកួតជាប់គ្នាក្រោយស្មើ Bournemouth ២-២ ក្នុងទឹកដីរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM