Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

Cristiano Ronaldo ប្រហែលនៅបន្តជាមួយ Al-Nassr ក្នុងកិច្ចសន្យាថ្មីក្លាយជាកីឡាករ​មានប្រាក់ឈ្នួលខ្ពស់បំផុត

2025/01/15 09:09:20 pm        575
Cristiano Ronaldo ត្រូវបានគេដឹងថាគ្រោងបន្តរួមរស់ជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-NAssr ខណៈដែលសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា កិច្ចសន្យាថ្មីនឹងធ្វើឱ្យកីឡាករជម្រើសជាតិព័រទុយហ្កាល់រូបនេះក្លាយជាកីឡាករបាល់ទាត់ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតលើលោក។Ronaldo បានមកដល់ក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីខែមករាឆ្នាំ ២០២៣ ហើយក៏ជាការនាំមុខ បើកផ្លូវឱ្យកីឡាករកំពូលៗពីអឺរ៉ុបផ្លាស់ទៅទឹកដីមជ្ឈឹមបូព៌ានេះ។ បើតាមប្រភពព័ត៌មាននៅអារ៉ាប៊ីសាអ៊ូឌីតឱ្យដឹងថា កិច្ចសន្យាថ្មីដើម្បីរក្សា Ronaldo នៅជាមួយ Al-Nassr នោះ គឺអតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United រូបនេះនឹងទទួលបានប្រាក់ឈ្នួល ២១០ លានដុល្លារក្នុងមួយរដូវកាល។ កិច្ចសន្យាចាស់របស់ Ronaldo នៅ Al-Nassr នឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ 

ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក

2025/01/15 08:52:13 pm        552
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ជាតិ) នឹងចាប់ផ្ដើមការប្រកួតវគ្គ ៦ក្រុមចុងក្រោយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ។លោក ខេង សុបញ្ញា អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ទោះបីក្លិបមមាញឹកច្រើន ទាំងពានក្នុងស្រុក និងអន្ដរជាតិ តែក្រុមខ្លួន បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនីមួយៗ ដូចការលើកឡើងរបស់លោក Pep Munoz ថា ការប្រកួតកាន់តែច្រើន កីឡាករកាន់តែច្រើន ។ ដូច្នេះក្លិបនៅតែមានគោលដៅខ្ពស់ សម្រាប់ការប្រជែងពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិឆ្នាំនេះ ។សម្រាប់ការបើកទំព័រថ្មី នៃយុទ្ធនាការការពារតំណែងជើងឯកនេះដែរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបសមាគមកីឡាបាល់ទាត់ខេត្តកែប មុនគេ នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈជំនួបជើងទី១ រវាងក្រុមទាំងពីរ ត្រូវផ្លាស់ប្ដូរពីកីឡដ្ឋានខេត្តកែប ទៅប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន ចំការដូង នាវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ ។ដំណាលគ្នាផងដែរ នៅរសៀលថ្ងៃពុធនេះ ក៏នឹងមានការប្រកួត ២គូផ្សេងទៀត សម្រាប់ជំនួបជើងទី១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ ដោយក្រុមបឹងកេត ត្រូវជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នៅទីលានវិទ្យាល័យព្រះសីហនុ និងក្រុមវិសាខា ត្រូវជួបក្រុមឡាយអ៊ិនឃីង ខេត្តសៀមរាប នៅកីឡដ្ឋាន SRU ខេត្តសៀមរាប៕ អត្ថបទ លី ឈុនឡា 

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះ រំពឹងចៅសម្ដេចតេជោ ឌីសែន វិចិត្រ ក្លាយជា​អ្នកប៉ះសេ​បន្ដ​វេន​ដ៏​មាន​សក្ដានុពល

2025/01/15 08:37:12 pm        219
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹង​ចៅបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺ​កីឡាករ ឌីសែន វិចិត្រ ដែលជាកូនប្រុសរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នឹ​ង​ក្លាយ​ជា​ធនធានអ្នកប៉ះសេ ឬអ្នកលើកបាល់បន្ដវេនដ៏មានសក្ដានុពល សម្រាប់ក្រុម​ជម្រើស​ជាតិ​នា​ថ្ងៃ​អនាគត ។ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ចូលកីឡាករ ឌីសែន វិចិត្រ ជាសមាជិក​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​អាយុក្រោម ១៨ឆ្នាំកម្ពុជា កាលពីថ្មីៗ ដើម្បីប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ថ្នាក់​ជាតិ និងអន្ដរជាតិនានា ។បន្ទាប់​ពី​បានបញ្ចូលចៅសម្ដេចតេជោ ជាកីឡាករជម្រើសជាតិ U18 កម្ពុជា លោកបណ្ឌិត អាំង សិរី​ពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗថា កៅអីជម្រើសជាតិ មិនប្រកាន់វណ្ណៈ ត្រូវតែជាចៅសម្ដេច ឬ​កូន​អ្នក​ធំ​ទេ គឺផ្ដោតលើសមត្ថភាពពិតប្រាកដ ដូចដែលលោកតែងក្រើនរំឮកដល់កីឡាករគ្រប់រូបថា កៅ​អី​ជម្រើសជាតិមិនមែនជាកេរ្ដិ៍របស់នរណាម្នាក់ តែអ្នកមានសមត្ថភាពខ្ពស់ និងខិតខំប្រឹងប្រែង នឹង​ទទួលបានកៅអីតំណាងជាតិនេះ ។ចំពោះកីឡាករ ឌីសែន វិចិត្រ ស្របពេល​សហព័ន្ធ​បានរៀប​ចំ​ក្រុម​ជម្រើស​ជាតិ​ U18 ​ហើយ​គាប់​ជួន​ឃើញ​បុរសសង្ហារវ័យក្មេង ទើបអាយុ ១៥ឆ្នាំរូបនេះ មានសមត្ថភាពមិនធម្មតា ពោលគឺកម្រិត​អាយុ​ប្រហាក់​ប្រហែលគ្នា គ្មានអ្នកណាលើសគេ ជាមួយកម្រិតកដៃ និងម្រាមដៃដ៏អស្ចារ្យ ទើប​សហព័ន្ធ​សម្រេច​កោះហៅ វិចិត្រ ចូលជំរុំក្រុមជម្រើសជាតិយុវជន U18 តែម្ដង ។មន្ដ្រីជាន់​ខ្ពស់​សហព័ន្ធដដែល បានបង្ហាញសុទិដ្ឋិនិយមថា ប្រសិនបើ ឌីសែន វិចិត្រ ដាក់ចិត្ត​ខិតខំ​ប្រឹងប្រែងហ្វឹកហាត់បន្ថែម លោកជឿជាក់ រូបគេនឹងក្លាយជា ស៊ុន ចាន់ណារ៉ូ ដែល​ជា​អតីត​អ្នក​លើក​បាល់ឆ្នើមក្រុមជម្រើសជាតិកម្ពុជា ទី២ ដោយសារភាពវៃឆ្លាត និងភាពក្លាហាន​លើ​ទីលាន​របស់​គេ។ ដូច្នេះសហព័ន្ធនឹងប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ U18 ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និង​លក្ខណៈអន្ដរជាតិនាពេលខាងមុខ ។លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ បន្ថែមទៀតថា បញ្ហារបស់សហព័ន្ធបច្ចុប្បន្ន គឺអ្នកលើកបាល់ ។ ដូច្នេះ​សហព័ន្ធបានដាក់ទិសដៅដល់ក្រុមទាំងអស់ ត្រូវផលិតអ្នកលើកបាល់ដោយខ្លួនឯង ហើយ ២ឆ្នាំទៀត លោកជឿជាក់ថា នឹងមានធនធានអ្នកលើកបាល់ច្រើន ។ មិនតែប៉ុណ្ណោះ សម្រាប់រដូវកាលថ្មីខាងមុខ សម្រាប់ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និង តេជោលីគ សហព័ន្ធក៏នឹងរៀបចំក្រុមយុវជន U18 ដែលមានវត្តមានអ្នកលើកបាល់វ័យក្មេង ឌីសែន វិចិត្រ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងន័យពង្រឹងសមត្ថភាព និងបទពិសោធន៍ពួកគេ ហើយក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពលត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ ៕ អត្ថបទ លី ឈុនឡា 

Manchester United ដាក់ស្លាកតម្លៃ ៦០ លានផោនលើ Alejandro Garnacho ស្របពេលលឺថា Napoli ចង់បាន

2025/01/14 09:31:27 pm        156
ក្លិបបិសាចក្រហម Manchester United ត្រូវបានគេដឹងថា នឹងយល់ព្រមលក់ខ្សែប្រយុទ្ធស្លាបអាហ្សង់ទីន Alejandro Garnacho ក្នុងតម្លៃមិនក្រោម ៦០ លានផោនឡើយ ស្របពេលដែលមានដំណឹងថា Napoli កំពុងចង់បាន។ Napoli ដែលកំពុងនាំមុខគេនៅលីគកំពូលអ៊ីតាលីកំពុងរកអ្នកជំនួសតំណែងកីឡាករនាំលេងរបស់ហ្សកហ្ស៊ី Kvaratskhelia ដែលគ្រោងចាកចេញទៅកាន់ក្លិបបារាំង Paris Saint Germain ក្នុងខែមករានេះ។ បើតាមសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Napoli ត្រៀមលុយប្រមាណ ៤០ លានផោនជាទុនចរចាជាមួយ Manchester United តែក្លិបនៅ Old Trafford មួយនេះ ប្រហែលជានឹងបដិសេធរាល់សំណើចង់បាន Garnacho ដែលក្រោម ៦០ លានផោន។ ស្ថិតនៅក្នុងតម្លៃខ្ពស់បែបនេះ Napoli ក៏ត្រូវរង់ចាំការផ្លាស់ផ្លូវការរបស់ Kvaratskhelia ទៅ PSG ដែលត្រូវបានគេដឹងថាមានតម្លៃប្រមាណ ៨០ លានអឺរ៉ូ។ រំលឹកថា Alejandro Garnacho ដំបូងជាកីឡាករយុវជនថ្នាលរបស់ Getafe មុនពេលចាកចេញទៅ Atletico Madrid នៅឆ្នាំ ២០១៥។       ជាកីឡាករយុវជនរបស់ Atletico Madrid បានប្រាំឆ្នាំ Garnacho បានផ្លាស់មកកាន់ Manchester United នៅឆ្នាំ ២០២០ នៅក្នុងវ័យ ១៥ ឆ្នាំ មុនពេលទទួលបានឱកាសលេងឱ្យក្រុមធំនៅឆ្នាំ ២០២២ ក្នុងវ័យ ១៧ ឆ្នាំ ដោយបង្ហាញខ្លួនផ្លូវការតាំងពីពេលនោះមកសរុបបាន ៧៦ ប្រកួតរកបាន ១៣ គ្រាប់៕ អត្ថបទ៖នាង សុភាវុធ 

តារាពហុជំនាញ ពេជ្រ ចរណៃ ត្រៀមប្រកួតចំបាប់បុរាណលើកដំបូង ដើម្បីលើកស្ទួយ​ក្បាច់គុនខ្មែរ

2025/01/14 06:23:23 pm        159
តារាសម្ដែង និងជាគ្រូបង្វឹកគុនល្បុក្កតោដ៏មានប្រជាប្រិយភាព កញ្ញា អ៊ិត កន្និកា ដែល​បង​ប្អូន​ស្គាល់​ថា កញ្ញា ពេជ្រ ចរណៃ បានងាកមកចាប់អារម្មណ៍ចំបាប់បុរាណខ្មែរ និងត្រៀមហ្វឹកហាត់ ក៏​ដូច​ជាការប្រកួតការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពាន​រង្វាន់​សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីចូលរួមលើកស្ទួយ និង​ផ្សព្វផ្សាយ​ពី​ប្រភេទក្បាច់គុនដ៏ចំណាស់របស់កម្ពុជាមួយនេះ ។ពេជ្រ ចរណៃ បានឲ្យដឹងថា កញ្ញាបានចាប់អារម្មណ៍ចំបាប់បុរាណនេះ បន្ទាប់ពី​បាន​ចូល​រួម​វ​គ្គ​សិក្ខា​សាលា​បច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ កាលពីថ្មីៗ ។ ក្រោយបានជួប​ជាមួយ​គ្រូ​គុន​ចម្រុះមកពីគ្រប់ទិសទី គួបផ្សំការបង្ហាត់បង្ហាញពីអ្នកជំនាញ បានធ្វើឲ្យ​កញ្ញា​ចាប់​ចិត្ត​ចំបាប់​បុរាណ ហើយប្ដេជ្ញាខិតខំហ្វឹកហាត់ និងត្រៀមការប្រកួតលើកដំបូង លើវិញ្ញាសាប្រយុទ្ធ ដើម្បី​លើក​ស្ទួយ​ក្បាច់គុនអត្តសញ្ញាណជាតិ ហើយកញ្ញាក៏សង្ឃឹមថា នឹងទទួល​បាន​ការ​សណ្ដោស​ពី​ម្ដាយ​ ដើម្បីសម្រេចក្ដីស្រម៉ៃប្រកួតលើវិញ្ញាសាប្រយុទ្ធនេះផងដែរ ។គួរដឹងថា កញ្ញា ពេជ្រ ចរណៃ ក្នុងនាមតារាសម្ដែងដ៏មានប្រជាប្រិយ តែនាង​មិន​ខ្លាច​លះ​បង់​នូវ​សម្រស់ ក៏ដូចជាការនឿយហត់ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើយ ។ ជាក់ស្ដែង​ទោះ​បី​មានការរារាំងពីម្ដាយយ៉ាងណា កញ្ញានៅតែជម្នះចូលរួមហ្វឹកហាត់គុនល្បុក្កតោ និងប្រកួត រហូត​បានក្លាយជាគ្រូបង្វឹកថែមទៀត ដើម្បីផ្សព្វផ្សាយពីក្បាច់គុណអត្តសញ្ញាណជាតិខ្មែរនេះ ហើយ​ឥលូវកញ្ញា ក៏បានដាក់គោលដៅបន្ដហ្វឹកហាត់នូវចំបាប់បុរាណខ្មែរ ដើម្បីត្រៀម​ការ​ប្រកួត​កីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលគ្រោងប្រព្រឹត្តទៅ នាថ្ងៃ​ទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា

ការប្រកួតកីឡាលើកទម្ងន់ ជើងឯកជាតិស្វែងរកធនធានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩

2025/01/14 05:24:15 pm        124
ឆ្លងកាត់រយៈពេល៤ថ្ងៃការប្រកួតកីឡាលើកទម្ងន់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលបំណង ស្វែងរកធនធានឆ្នើមៗប្រចាំឆ្នាំ ជាពិសេសសម្រួចដល់ការស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងផងដែរ ក្នុងដំណើរការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ នេះបើតាមការគូសបញ្ជាក់របស់លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ។ លោក ផាត់ បញ្ញាសុជាតក៍ បន្ថែមថា ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយមកពីបណ្តាក្លឹបនានា។អនុប្រធានរូបនេះសង្កត់ធ្ងន់ថា បច្ចុប្បន្ន កីឡាករ កីឡាការិនីលើកទម្ងន់ជម្រើសជាតិកម្ពុជាមានចំនួន១០នាក់ ហើយសហព័ន្ធកំពុងពិនិត្យមើលលទ្ធភាព និងស្នើសុំក្រសួងអប់រំ យុវជន និងកីឡាថាតើត្រូវជ្រើសរើសជម្រើសជាតិប៉ុន្មាននាក់ទៀត ដាក់បញ្ជូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក៏ដូចជាត្រៀមឆ្ពោះទៅប្រជែងមេដាយ ក្នុងនាមជាម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។បើតាមរបាយការណ៍បិទការប្រកួត លោក ផេង ប៉ាក អគ្គលេខាធិការស្តីទី បានជម្រាបជូនថា ការប្រកួតកីឡាលើកទម្ងន់ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ បានដំណើរការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី១០ដល់ទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមពីមន្ត្រី បច្ចេកទេស ៣៩នាក់ ស្រី១១នាក់ (ITO ៣នាក់ NTO ១៩នាក់) និងមន្ត្រីជំនាញរួមចំណែកមួយចំនួន។ការប្រកួតនេះមានការចូលរួមពីរាជធានី-ខេត្ត និងស្ថាប័ន-ក្រសួង សរុបចំនួន៨ ដែលមានអត្តពលិកចូលរួមចំនួន ៣៣នាក់ ស្រី ៩នាក់ផងដែរ។ជាលទ្ធផលបច្ចេកទេស ក្នុងចំណោមវិញ្ញាសាចំនួន៨ គឺក្រសួងការពារជាតិ ដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះបានមេដាយមាស៧, ចំណាត់ថ្នាក់លេខ២ ខេត្តសៀមរាប ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ ខណៈខេត្តកណ្តាល ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១។ ចំពោះក្លឹបចំនួន៥ផ្សេងទៀត ទទួលបានមេដាយប្រាក់៕

អ្នកជំនាញរត់ចម្ងាយឆ្ងាយ៖ ការរត់ដើម្បីសុខភាព មិនគិតឆ្ងាយជិត សំខាន់ត្រូវស្គាល់ពីខ្លួនឯង

2025/01/13 09:25:58 pm        224
កីឡាអត្តពលកម្ម ឬកីឡារត់ បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្ន តែក៏មានប្រជាពលរដ្ឋខ្លះ នៅស្ទាក់ស្ទើរក្នុងការចាប់យកកីឡានេះ ដ្បិតមិនទាន់ស្វែងយល់ច្បាស់ និងមានក្ដីបារម្ភផ្សេងៗ ស្របពេលអ្នកជំនាញរត់ចម្ងាយឆ្ងាយ បានលើកទឹកចិត្ត និងជំរុញក្នុងការលេងកីឡា មិនថាកីឡារត់ ឬកីឡាផ្សេងៗ អ្វីដែលសំខាន់ ត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ ថាខ្លួនអាចធ្វើបានកម្រិតណា?នេះបើតាមការលើកឡើងរបស់លោក ជុំ សុជាតិ និងលោក គីម សារឿន ហៅ គីម កុក ក្រោយចែករំលែកបទពិសោធន៍ ក្នុងវេទិការស្ដីពីការធ្វើលំហាត់ប្រាណដោយមានផែនការច្បាស់លាស់ ក្រោមប្រធានបទ «ការត្រៀមខ្លួនរត់កម្សាន្ដដើម្បីសុខភាព រត់ម៉ារ៉ាតុង និងរត់ចម្ងាយឆ្ងាយ ដែលរៀបចំដោយ Novum Pharma (ណូវាំ ហ្វាម៉ា) ដែលជានាំចូលផលិតផល STARBALM នៅវិទ្យាស្ថានអន្ដរទ្វីបអាមេរិកាំង កាលពីចុងសប្ដាហ៍កន្លងទៅ ។លោក ជុំ សុជាតិ ដែលមានបទពិសោធន៍រត់ចម្ងាយឆ្ងាយជិត ១០ឆ្នាំ ទាំងក្នុង និងក្រៅប្រទេស បានចែករំលែកនូវការត្រៀមខ្លួន និងកម្មវិធីហ្វឹកហាត់សំខាន់ៗ ដើម្បីឲ្យការរត់ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសុវត្ថិភាព និងទទួលបានសុខភាពល្អ ។ លោកថា ការរត់ដើម្បីសុខភាព មិនអាស្រ័យរត់ជិត ឬឆ្ងាយទេ សំខាន់ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ គួបផ្សំជាមួយការព្យាយាមហ្វឹកហាត់ តាមសមត្ថភាព ឆ្ពោះទៅរកគោលដៅខ្លួនឯងកំណត់ នោះនឹងទទួលលទ្ធផលជាក់ពុំខាន ។ដោយឡែកបុរសវ័យ ៥៦ឆ្នាំលោក គីម កុក សហស្ថាបនិកក្លិប KKRC ដែលជាអ្នកជំនាញរត់រាប់រយគីឡូម៉ែត្រ ក៏បានចែករំលែកអំពីការរៀបចំផែនការ និងការត្រៀមលក្ខណៈផ្សេងៗ សម្រាប់អ្នកចង់លេងកីឡារត់ផងដែរ ។ អ្វីដែលសំខាន់ លោកបានផ្ដាំដល់អ្នករត់ទាំងអស់ថា «កុំលឺគេថា» ត្រូវស្គាល់ពីខ្លួនឯង និងអនុវត្តដោយខ្លួនឯង ដើម្បីស្វែងរកអ្វីដែលជាខ្លួនឯង ។ នេះគឺជាចំណុចសំខាន់ ដែលអ្នករត់គ្រប់រូបត្រូវដឹង និងត្រៀមខ្លួន គួបផ្សំជាមួយចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ ។នៅក្នុងវេទិការ ដែលមានអ្នករត់ដើម្បីសុខភាពចូលរួមជាច្រើននោះដែរ លោក Dirk van Tintelen ថ្នាក់ដឹកនាំជាន់ខ្ពស់ STARBALM ក៏បានពន្យល់អំពីគោលគំនិតនៃការធ្វើលំហាត់ប្រាណដោយមានផែនការ ឬ Exercise with a Plan ដែលមានបំណងជម្រុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកឲ្យនាំគ្នាលេងកីឡា និងហាត់ប្រាណឲ្យបានគ្រប់គ្នា ព្រោះថា ការលេងកីឡា និងហាត់ប្រាណ បានទៀងទាត់ នាំមកនូវសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត សម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ ៕ អត្ថបទ លី ឈុនឡា 

ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង

2025/01/13 08:13:13 pm        614
ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានបន្ថយគម្លាតពិន្ទុពីក្រុមកំពូលតារាងភ្នំពេញក្រោន ត្រឹម ១ពិន្ទុប៉ុណ្ណោះ គិតត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ក្រោយយកឈ្នះក្រុមបឹងកេត ២-០ ស្របពេលភ្នំពេញក្រោន ស្មើក្រុមណាហ្គាវើលដ៏ ០-០ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ។ រីឯក្រុមអង្គរថាយហ្គឺរ បានស្គាល់បរាជ័យក្នុងដីលើកដំបូង ក្រោយចាញ់ក្រុមភ្ញៀវវិសាខា ០-២ ។សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបានប្រើពេល ៣នាទី ដើម្បីបើកការនាំមុខបឹងកេត តាមរយៈការតែតបញ្ចប់ទីដោយកីឡាករ មិន រតនៈ ។ បន្ទាប់មកក្រុមទាំងពីរ បានបើកការវាយសម្រុកគ្នាកាន់តែស្វិតស្វាញ រហូតដល់នាទីបង្គ្រប់បន្ថែម នៃវគ្គទី២ ទើបព្រះខ័នរាជស្វាយរៀង រកបានគ្រាប់ទី២ ដោយកីឡាករ Cristian Dos Santos នៅនាទី៩០+៥ ដើម្បីធានា ៣ពិន្ទុបន្ថែម ស្របពេលក្រុមនាគខៀវ មិនអាចបំបែករបាំងការពារក្រុមម្ចាស់ផ្ទះបានឡើយ ។រីឯក្រុមភ្នំពេញក្រោនវិញ បានត្រឹមចែកគ្នា ១ពិន្ទុ ជាមួយក្រុមភ្ញៀវណាហ្គាវើលដ៏ ក្នុងជំនួបជើងទី២ ក្រោយឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តពេញ ៩០នាទី ពុំមានក្រុមណាអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ នេះគឺជាលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់ក្រុមទាំងពីរ ដែលអាចរក្សា Clean Sheet បាន ផ្ទុយពីជំនួបជើងទី១ ដែលភ្នំពេញក្រោន បានយកឈ្នះណាហ្គាវើដ៏ រហូតដល់ ៦-២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ក្រឡេកទៅចាប់អារម្មណ៍ជំនួបលើទឹកដីខេត្តសៀមរាបវិញ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ មិនអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់នៅកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ បានឡើយ ក្រោយត្រូវក្រុមភ្ញៀវវិសាខា ស៊ុតបំប៉ោងសំណាញ់ទី ២គ្រាប់ ត្រឹមរយៈពេល ២នាទី ដោយកីឡាករ ស រតនា នៅនាទី៦២ និងនាទី៦៤ ។ នេះគឺជាការបរាជ័យលើកដំបូង ក្នុងចំណោម ៤ប្រកួតនៅកីឡដ្ឋានថ្មីរបស់ខ្លួន ដែលឈ្នះ ២ ស្មើ ១ និងចាញ់ ១ ។ក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ ដែលគេឃើញបេក្ខភាព Top-6 បណ្ដោះអាសន្នជួបគ្នានេះ ក្រុមភ្នំពេញក្រោន ដែលបន្ដឈរកំពូលតារាង គឺរកបាន ៤១ពិន្ទុ ហើយបន្ថយគម្លាតពិន្ទុពីក្រុមឈរលេខ២ ត្រឹម ១ពិន្ទុប៉ុណ្ណោះ ដោយព្រះខ័នរាជស្វាយរៀង រកបាន ៤០ពិន្ទុ ប៉ុន្ដែភ្នំពេញក្រោន មានប្រៀបដ្បិតចំណេញ ១ប្រកួតក្នុងដៃ ។ រីឯវិសាខា បន្ដឈរលេខ៣ រកបាន ៣៥ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ខណៈបឹងកេត និងណាហ្គាវើលដ៏ ឈរលេខ៥ និងលេខ៦ រកបាន ២៣ពិន្ទុស្មើគ្នា ។ដោយឡែកការប្រកួត ២គូទៀត ក្រុមកងយោធពលខេមរភូមិន្ទ បានស្គាល់ជ័យជម្នះជាថ្មី ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-០ ស្របពេលក្រុមគិរីវង់សុខសែន រកបាន ១ពិន្ទុទៀត ក្រោយប្រកួតស្មើក្រុកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ ១-១៕ អត្ថបទ លី ឈុនឡា

គ្រូគុនចម្រុះខ្មែរបុរាណទូទាំងប្រទេស ជួបជុំគ្នាពង្រឹងបច្ចេកទេសត្រៀមប្រកួតពាន​សម្ដេចបវរធិបតី លើកទី២

2025/01/10 10:13:44 pm        469
គ្រូបង្វឹកយុទ្ធគុនខ្មែរបុរាណចំនួន ៧០នាក់ មកពីទូទាំងប្រទេស បានជួបជុំគ្នារៀន និងពង្រឹងនូវបច្ចេកទេសត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ក្នុងពិធីបើកវគ្គសិក្ខាសាលាបច្ចេកទេសគុនចម្រុះខ្មែរបុរាណ លើកទី១ នៅថ្ងៃទី៩ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលាកីឡាគុណធម៌ ។ឯកឧត្តមមានប្រសាសន៍ថា វគ្គនេះ រៀបចំឡើង យោងតាមការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបំប៉នបច្ចេកទេស ស្មារតី និងក្រមសីលធម៌ របស់គ្រូបង្វឹកកីឡាយុទ្ធគុនខ្មែរ  ដល់គ្រូបង្វឹកមកពីគ្រប់យុទ្ធគុនខ្មែរបុរាណទូទាំងប្រទេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» ឆ្នាំ២០២៥ នាពេលខាងមុខ ។តាមរយៈការរៀបចំវគ្គប្រកបដោយគុណតម្លៃ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីនេះ ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា នឹងអាចអភិវឌ្ឍន៍បាននូវធនធានមនុស្សកាន់តែប្រសើរ ហើយជំរុញឲ្យការៀបចំការប្រកួតពីមួយលើកទៅមួយលើក កាន់តែមានគុណភាព និងបរិមាណ ក៏ដូចជាការទាក់ទាញ ពិសេសសម្រាប់ការប្រកួតយុទ្ធគុនខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការត្រៀមខ្លួនរៀបចំ នឹងអាចពង្រួញគម្លាយសមត្ថភាពរវាងកីឡាករកម្រិតខ្ពស់ និងកម្រិតទាប ឲ្យមកនៅកម្រិតប្រហាក់ប្រហែលគ្នា ។ឯកឧត្តមបន្ថែមថា នេះគឺជាអ្វីដែលគ្រប់ភាគីពាក់ព័ន្ធ បានខិតខំប្រឹងប្រែង ដ្បិតមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំ ហើយឯកឧត្តមសង្ឃឹមថា ការរៀបចំលើកទី២ ធ្វើឲ្យកាន់តែមានគុណភាពផ្នែកបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ហើយការប្រកួតកាន់តែទាក់ទាញ ហើយស្វែងរកកីឡាករដែលមានទេពកោសល្យខ្ពស់ និងមាន​សមត្ថភាពល្អបានត្រឹមត្រូវ ហើយកាន់តែធ្វើឲ្យគុណតម្លៃនៃការប្រកួត​កីឡាយុទ្ធគុន​ចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី កាន់តែមានភាពល្បីល្បាញថែមទៀត៕ អត្ថបទ លី ឈុនឡា 

ស.ស.យ.ក ប្រកាសរៀបចំពានមិត្តភាពយុវជនអន្ដរក្រសួង លើកទី១០ ខណៈមន្ដ្រីពេញសិទ្ធិទើបអាចចូលរួមបាន

2025/01/10 09:44:37 pm        609
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានប្រកាសរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ដែលគ្រោងប្រព្រឹត្តទៅ ពីថ្ងៃទី០២ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្ដាតចាស់) រាជធានីភ្នំពេញ ។យោងតាមសេចក្ដីជូនដំណឹងចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈអចិន្ដ្រយ៍គណៈកម្មាធិការកណ្ដាល នៅថ្ងៃទី០៩ ខែមករា បានឲ្យដឹងថា ការចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខ នៅអគារ The Kampus ។ចំពោះលក្ខខណ្ឌកីឡាករមានសិទ្ធលេងបាន លុះត្រាតែមានលក្ខណៈសម្បត្តិ ដូចជា៖ ១-មន្ត្រីរាជការស៊ីវិល និងមានក្របខណ្ឌពេញសិទ្ធិ ។ ២-កីឡាករដែលទទួលបានការអនុញ្ញាតពីគណៈកម្មាធិការ ។ ៣-កីឡាករមានអាយុចាប់ពី ២៣ឆ្នាំឡើងទៅ ។ ៤- ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងបណ្ណសម្គាល់ការងារ ។ ៥-ត្រូវមានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសតាំងស៊ប់ ឬឯកសារដែលមានតម្លៃស្មើ និង ៦-ចំពោះមេធាវី គឺត្រូវជាមេធាវីពេញសិទ្ធិ និងបានចុះឈ្មោះក្នុងបញ្ជីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាដើម ។ចំពោះលក្ខខណ្ឌកីឡាករ មិនអាចចូលរួមប្រកួតបាន មានដូចជា៖ កីឡាករ ឬអតីតកីឡាករជម្រើសជាតិ និងអាជីពគ្រប់រូបភាព ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត និងមន្ត្រីកម្មសិក្សា គឺមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត នោះឡើយ ។ សម្រាប់គ្រូបង្វឹក និងកីឡាករម្នាក់ គឺមានសិទ្ធលេង ឬដឹកនាំក្រុមបានតែ ១ក្រុមប៉ុណ្ណោះ ។ រាល់ការចុះឈ្មោះ ក្រុមនីមួយៗ ត្រូវបង់វិភាគទានចំនួន ១លាន ៥សែនរៀល សម្រាប់ទ្រទ្រង់ការប្រកួត ។គួរដឹងថា ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ត្រូវបានរៀបចំឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ។ កាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ មានក្រុមតំណាងក្រសួង-ស្ថាប័នចំនួន ៣៤ក្រុមចូលរួម ខណៈក្រសួងអប់រំ យុវជន និងកីឡា បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM