Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ

2025/01/10 09:28:30 pm        978
ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជុំទី២ នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ ស្របពេលក្រុមកំពុងឈរលេខរៀងទី១ ដល់លេខ៦ (Top-6) នឹងត្រូវជួបគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ ត្រូវសម្រាកក្នុងការប្រកួតសប្ដាហ៍នេះ។សម្រាប់បេក្ខភាពក្រុម Top-6 ដែលត្រូវជួបគ្នា រួមមាននៅថ្ងៃទី១១ ខែមករា គឺក្រុមកំពុងឈរលេខ៣ វិសាខា ត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដែលកំពុងឈរលេខ៤ បណ្ដោះអាសន្ន ។ កាលពីជើងទី១ អង្គរថាយហ្គឺរ បានរងបរាជ័យក្រៅដី ២-១ ។ យ៉ាងណាជំនួបជើងទី២ នេះ ប្រធានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះ បានដាក់គោលដៅដណ្ដើមជ័យជម្នះក្នុងដីវិញឲ្យបាន ។ រីឯការប្រកួតនៅថ្ងៃសៅរ៍ដដែល នឹងមាន ១គូទៀត រវាងក្រសួងមហាផ្ទៃ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវជួបគ្នានៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក។ដោយឡែកនៅថ្ងៃទី១២ ខែមករាវិញ ក្រុមកំពូលតារាង ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមឈរលេខ៦ ណាហ្គាវើលដ៏ បន្ទាប់ពីយកឈ្នះក្រៅដីយ៉ាងជោគជ័យក្នុងលទ្ធផល ៦-២ កាលពីជើងទី១ ។ រីឯក្រុមឈរលេខ២ ព្រះខ័នរាជស្វាយរៀង វិញ នឹងត្រូវជួបក្រុមភ្ញៀវបឹងកេត ដែលកំពុងឈរលេខរៀងទី៥ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីយកឈ្នះក្រុមនាគខៀវ ២-១ ក្រៅដី កាលពីជើងទី១ ។ ដំណាលគ្នា នៅថ្ងៃអាទិត្យដដែល ក៏នឹងមានការប្រកួត ១គូទៀត រវាងក្រុមកំពុងឡើងជើង ឡាយហ្វខេត្តព្រះសីហនុ និងគិរីវង់សុខសែនជ័យ ផងដែរ។គួរដឹងថា ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី១៧ លីគកំពូលកម្ពុជា នៅសល់ការប្រកួតសន្សំពិន្ទុ ៥សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ជុំទី២ ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ ស្របពេលបច្ចុប្បន្នមានបេក្ខភាព ២ក្រុម ដែលបានកក់កៅអីវគ្គ ៦ក្រុមចុងក្រោយជាផ្លូវការ រួមមានក្រុមកំពូលតារាងភ្នំពេញក្រោន និងក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ៕ អត្ថបទ លី ឈុនឡា 

សហព័ន្ធបាល់ទះពិភពលោក ទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ លើកទី២ មុនចាប់ផ្ដើមការប្រកួតថ្ងៃនេះ

2025/01/10 09:10:32 pm        663
សហព័ន្ធកីឡាបាល់ទះពិភពលោក(FIVB) បានទទួលស្គាល់ព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី២ ជាផ្លូវការ ស្របពេលព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងត្រូវចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១០ ខែមករានេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមរយៈការឆ្លើយតបរបស់លោក Mehdi Mhidi អ្នកសម្របសម្រួលអន្ដរជាតិ និងប្រឹក្សាច្បាប់របស់សហព័ន្ធកីឡាបាល់ទះពិភពលោក ។ក្រោយអនុម័តទទួលស្គាល់ព្រឹត្តិការណ៍ តេជោលីគ ក្នុងនាមសហព័ន្ធកីឡាបាល់ទះពិភពលោក លោក Mehdi Mhidi ក៏បានបើកភ្លើងខៀវសម្រាប់កម្ពុជា ក្នុងការផ្ដល់នូវជំនួយបច្ចេកទេសផ្សេងៗ ប្រសិនបើសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវការកំឡុងការប្រកួត តេជោលីគ ឆ្នាំ២០២៥ នេះទៀតផង ។គួរដឹងថា ការប្រកួតបាល់ទះជើងឯក «តេជោលីគ» លើកទី២ គឺមានបេក្ខភាពក្រុមខ្លាំងៗ ៨ក្រុមចូលរួម ដែលត្រូវចាប់ផ្ដើមការប្រកួតពីថ្ងៃទី១០ ខែមករានេះតទៅ ជាមួយរូបមន្ដប្រកួតថ្មី  ដែលសហព័ន្ធសម្រេចកែប្រែ ដោយត្រូវប្រកួតសន្សំពិន្ទុ ២ជុំ ក្នុងនោះជុំទី១ ក្រោយការប្រកួតសន្សំពិន្ទុ ក្រុមឈរ៧ និងលេខ៨ នឹងត្រូវកាត់ចោល ខណៈក្រុមលេខ១ ដល់លេខ៦ នឹងឡើងទៅប្រកួតជុំទី២ ហើយត្រូវប្រកួតសន្សំពិន្ទុឡើងវិញ ដើម្បីស្វែងរកក្រុមខ្លាំង ដែលឈរលេខ១ ដល់លេខ៤ ឡើងប្រកួតវគ្គខ្វែង (លេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣) បន្ទាប់មកក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។សម្រាប់កម្មវិធីប្រកួតថ្ងៃដំបូងនេះដែរ គឺមាន ៤គូ ដោយក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវជួបក្រុមវិសាខា ។ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវជួបក្រុមកងពលធំអន្ដរាគមន៍លេខ៣ និងក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុមស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ ៕ 

ក្រសួងអប់រំ ណែនាំសហព័ន្ធគុនខ្មែរ ពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការធ្វើសន្និបាត​បញ្ចប់អាណត្តិ

2025/01/09 06:07:36 pm        183
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បី​រក្សាបាននូវសុពលភាព នៃសមាជិកភាពរបស់ខ្លួន ដែលទទួលស្គាល់ដោយក្រសួងអប់រំ និង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិ និងព្រលឹងជាតិ​មួយ​នេះ​។ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បាន​កោះប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ និង​លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាល​ពីថ្ងៃ​ទី​០៨ ខែមករា ដើម្បីពិនិត្យយន្ដការសំខាន់ៗចំនួន ២ ទី១-ការរៀបចំ​នីតិវិធី​គ្រប់​គ្រង​មូល​និធិអ​ភិវឌ្ឍន៍​គុនខ្មែរ និងទី២-ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ដែលត្រូវផុសសុពលភាព នា​ថ្ងៃ​ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។ទន្ទឹមជាមួយគ្នា បន្ទាប់ពីទទួលបានព័ត៌មាន​ពីការមិន​ឯកភាព​គ្នា​ក្នុង​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ឯកឧត្តមក៏បានណែនាំឲ្យសហព័ន្ធ ពិនិត្យ និងពង្រឹងសាមគ្គីផ្ទៃក្នុងឡើងវិញ ដើម្បី​ឈាន​ទៅ​ការរៀបចំហាសន្និបាត និងសម្រេចបាននូវសិទ្ធអំណាចចុងក្រោយ ក្នុងការដឹកនាំ​គ្រ​ប់​គ្រង​សហព័ន្ធ ប្រកបដោយអភិបាលកិច្ចល្អ ស្របតាមបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវចន និង​កីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាលក្ខន្ដិកៈ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​ផងដែរ ។សូមបញ្ជាក់ថា បន្ទាប់ពីជួបប្រជុំជាមួយមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ថ្នាក់ដឹកនាំសហព័ន្ធ ដែល​កំពុង​ដឹកនាំ​ដោយឯកឧត្តម ខូវ ឆាយ បានរាយការណ៍ថ្នាក់ដឹកនាំក្រសួងអប់រំថា ខ្លួននឹងរៀបចំ​មហា​សន្និបាត​បញ្ចប់អាណត្តិទី៧ នាថ្ងៃទី២២ ខែមករាខាងមុខ ស្របពេលឯកឧត្តម វ៉ាត់ ចំរើន ក៏បាន​ណែនាំ​ឲ្យ​គ្រប់ភាគីពាក់ព័ន្ធ ដែលជាសមាជិកសហព័ន្ធ ទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាង​សមាគម/ក្លិប ដែលមានសិទ្ធបោះឆ្នោតចូលរួម ដើម្បី​ធានា​ការ​បោះឆ្នោត​ប្រកបដោ​យ​តម្លាភាព និងយុត្តិធម៌ ក្នុងការស្វែងរកក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងសហព័ន្ធ ក្នុងអាណត្តិថ្មី ឆ្នាំ​២០២៥-២០២៩ ខាងមុខ ៕ អត្ថបទ លី ឈុនឡា 

ជើងឯកក្លិបបាល់ទាត់អាស៊ាន៖ លោក Pep ពេញចិត្តទម្រង់លេងកូនក្រុម ទោះចាញ់ PSM Makasar ១-០

2025/01/09 05:30:21 pm        305
ក្រុមព្រះខ័នរាជស្វាយរៀង បានរបូត ៣ពិន្ទុជាថ្មី ក្នុងយុទ្ធនាការ​ប្រកួត​ជើង​ឯក​ក្លិបបាល់​ទាត់​អាស៊ាន ឆ្នាំ២០២៤/២៥ ពូលA ក្រោយចាញ់ក្រុមភ្ញៀវ PSM Makasar របស់ឥណ្ឌូនេស៊ី ដោយ​លទ្ធផល ១-០ ក្នុងជំនួបក្នុងដីលើកដំបូង កាលពីរាត្រីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។ ទោះបរាជ័យក្ដី តែលោក Pep Munoz គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែ​ពេញ​ចិត្ត​ទម្រង់​លេង​កូនក្រុម ដែលខំប្រឹង និងធ្វើបានយ៉ាងល្អ ជាមួយការគ្រប់គ្រងការប្រកួតស្ទើរទាំងស្រុង ។ជំនួបដ៏ជក់ចិត្ត ចំពោះមុខអ្នកគាំទ្រជិត ១ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ​នេះ Makasar បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាំងពី ៣៨វិនាទីដំបូង ។ បន្ទាប់​ពី​មក​ព្រះខ័​នរាជស្វាយរៀង ក៏បានព្យាយាមវាយសម្រុក និងដាក់សម្ពាធ រហូតចប់ការ​ប្រកួត​ពេញ​ម៉ោង ទោះបីក្រុមអវត្តមានកីឡាករសំខាន់ៗជាច្រើនរូប ដោយសារបញ្ហារបួស ហើយ​ត្រូវ​ប្រឈម​ជាមួ​យ​ក្រុមសម្បូរកីឡាករមានកាយសម្បទាធំៗក្ដី តែសោកស្ដាយព្រះខ័នរាជ មិនអាច​ទម្លាយ​របាំង​ការពារក្រុមភ្ញៀវបានឡើយ ។ក្រោយចប់ការប្រកួតលោក Pep បានលើកឡើងថា ការប្រកួតនេះ កូនក្រុមលោក​ពិត​ជា​ធ្វើ​បាន​ល្អ ដោយការគ្រប់គ្រងបាល់ស្ទើរទាំងមូល ពិសេសកូនក្រុមរបស់ខ្លួន ដែលខំ​ប្រឹង​លេង​យ៉ាង​អស្ចារ្យ ស្ទើរដូចការរៀបចំ ១០០% ។ បែបនេះក្ដីលោកមានការសោកស្ដាយ ដែលការ​បញ្ចប់​ទី​ចុង​ក្រោយ មិនទាន់បានល្អ ។ ប៉ុន្ដែលោកនៅតែសរសើរកូនក្រុម ទោះបីអវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន ដែលពួកគេបានខំប្រឹងលេងស្ទើរអាចទទួលបានជ័យជម្នះ ឬស្មើក្រុមខ្លាំងឥណ្ឌូនេស៊ី ។ដោយឡែកលោក Bernardo Tavares គ្រូបង្វឹកក្រុម PSM Makasar​ បាន​ទទួល​ស្គាល់​ការ​ទទួល​បាន​ ៣ពិន្ទុនេះ មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតក្រុមត្រូវលេងការជាមួយក្រុមដ៏ល្អ និង​កីឡាករដ៏ល្អរបស់ព្រះខ័នរាជស្វាយរៀង ដែលព្យាយាមដាក់សម្ពាធលើក្រុមខ្លួន ។ យ៉ាង​ណា​លោក​ក៏​បានកោតសរសើរកូនក្រុមខ្លួន ដែលព្យាយាមលេងរហូតដល់ចប់ ៩០នាទី​ជាមួយ​បរិយាកាស​ដ៏​ល្អក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។គួរដឹងថា ក្រោយរបូត ៣ពិន្ទុដំបូងក្នុងដី ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៥ បណ្ដោះ​អាសន្ន ដោយរក្សា ៣ពិន្ទុក្នុងដៃ និងសល់ ២ប្រកួត ដែលត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម នាថ្ងៃទី២២ ខែមករា និងជួបក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នា​ថ្ងៃ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។បច្ចុប្បន្នក្រុម PSM Makasar បានបន្ដឈរកំពូលតារាង ដោយមាន ៧ពិន្ទុ នាំមុខក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា បន្ទាប់​ពី​ក្រុម​ទាំង​ពីរ បញ្ចប់ការប្រកួតកាលពីយប់មិញ ដោយលទ្ធផលស្មើគ្នា ១-១ ស្របពេល​ក្រុម ​Terengganu FC របស់ម៉ាឡេស៊ី បានរំកិលមកឈរលេខ៤ បន្ទាប់ពីក្រុម Shan United ៥-០ ៕ អត្ថបទ លី ឈុនឡា 

រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងរៀបចំប្រគួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ថ្ងៃបង្កើតថ្ងៃរំដោះ៧មករា

2025/01/09 12:36:01 am        129
ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំពិធីប្រកួតកីឡាបាល់ទាត់អបអរសាទរខួបលើកទី៤៦ ថ្ងៃមហាជ័យជំនះ៧មករាឆ្នាំ១៩៧៩ ឆ្នាំ ២០២៥ ដែលពិធីនេះមានការចូលរួមពីក្រុមកីឡាមហាជននៅក្នុងឃុំមួយចំនួននៃស្រុកស្វាយជ្រំ ។បន្ទាប់ពីក្រុមកីឡាករមហាជនធ្វើការប្រកួតដណ្ដើមពានរង្វាន់៧ មករារបស់ស្រុក រួចមកលោកហែមសារិទ្ធ អភិបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានមានប្រសាសន៍សំណេះសំណាល ដោយសំដែងអបអរសាទរចំពោះក្រុមកីឡាករ ទាំងអស់ដែលបានមកចូលរួមប្រគួត អបអរសាទរខួបលើកទី ៤៦ ថ្ងៃមហាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ឆ្នាំ២០២៥ ក្នុងបរិយាកាសសប្បាយរីករាយស្និតស្នាលរវាងក្រុមនិងក្រុម ក្រោមការរួមគាំទ្រពីស្រទាប់យុវជន និងពលរដ្ឋយ៉ាងច្រើនកុះករ ។ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមរដ្ឋបាលស្រុក លោកហែម សារិទ្ធ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន បន្តគោរពច្បាប់ចរាចរណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិត បញ្ជៀសការប្រើប្រាស់គ្រឿងញៀន បញ្ជៀសហិង្សា គ្រួសារ និងសង្គមជាតិ ទប់ស្កាត់ក្មេងទំនើង ពិសេសធ្វើការវាយបកគ្រប់សកម្មភាពដែលគណបក្សនិងអង្គការសង្គមស៊ីវិលបង្កឡើងក្នុងភាពញុះញង់ ដើម្បីរក្សាសុវត្ថិភាពសន្តិសុខមូលដ្ឋាន។ជាមួយគ្នានោះដែរលោកហែមសារិទ្ធក៏បានណែនាំដល់ក្រុមកីឡាករកីឡាការិនីពេលវិលត្រឡប់ទៅមូលដ្ឋានត្រូវ បន្តហ្វឹកហាត់ដើម្បីធ្វើការប្រកួតដណ្ដើមពានរង្វាន់នៅលើកក្រៅក្រោយៗ ពិសេសបើកបរគ្មានជាតិស្រវឹងដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងក្រុម៕ ដោយ ភា សារឹត

ខ្សែប្រយុទ្ធ Bournemouth, Evanilson ត្រូវសម្រាកមួយរយៈធំក្រោយវះកាត់ជើង

2025/01/08 08:53:48 pm        123
ខ្សែប្រយុទ្ធ Bournemouth, Evanilson នឹងត្រូវអវត្តមានមួយរយៈធំបន្ទាប់ពីទទួលការវះកាត់របួសជើង។ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ បានទទួលរងរបួស និងផ្លាស់ប្តូរចេញនៅនាទីទី ៨២ នៃការប្រកួតកាលពីថ្ងៃសៅរ៍នៅពេល Bournemouth យកឈ្នះ Everton ១-០។ ក្លិបបានបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យ តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការសម្រាកព្យាបាលរបួសរបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះឡើយ។Evanilson បានស៊ុតបញ្ចូលទី ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១៩ ប្រកួត បន្ទាប់ពីផ្លាស់មកកាន់ Bournemouth ផ្ទេរពី Porto កាលពីខែសីហាឆ្នាំមុនក្នុងតម្លៃ ៤០ លានផោន។ ជ័យជំនះលើ Everton កាលពីថ្ងៃសៅរ៍ ធ្វើឱ្យ Bournemouth ស្ថិតក្នុងកំណត់ត្រាថ្មីរបស់ក្លិប ដោយមិនចាញ់សោះនៅ Premier League ៨ ប្រកួតជាប់គ្នា។ ក្រុមរបស់លោក​ Iraola កំពុងឈរលេខ ៧ ក្នុងតារាង បីពិន្ទុតាមពីក្រោយ Top4៕ អត្ថបទ៖នាង សុភាវុធ

គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង Didier Deschamps នឹងចាកចេញពីតំណែងក្រោយចប់ World Cup 2026

2025/01/08 08:45:21 pm        139
លោក Didier Deschamps ដែលជាគ្រូបង្វឹកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងយូរបំផុត នឹងមិនបន្តកិច្ចសន្យាដែលនឹងផុតសុពលភាពនៅឆ្នាំ ២០២៦ នោះឡើយ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់បារាំង។កិច្ចសន្យារបស់បុរសវ័យ ៥៦ ឆ្នាំរូបនេះនឹងដំណើរការដល់ចប់ World Cup 2026 ដែលមិនទាន់ធ្វើការប្រកួតជម្រុះនៅឡើយ។ លោក Didier Deschamps បានមកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិបារាំងនៅឆ្នាំ ២០១២ បន្តពីមិត្តរួមអាជីពដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាគឺលោក Laurent Blanc និងបានដឹកនាំក្រុមឈ្នះជើងឯក World Cup 2018 លើទឹកដីរុស្ស៊ី ពីរឆ្នាំបន្ទាប់ពីឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro 2016 លើទឹកដីរបស់ខ្លួនដែលចាញ់ព័រទុយហ្កាល់។ អតីតប្រធានក្រុមបារាំងរូបនេះ ជាមនុស្សម្នាក់ក្នុងចំណោមបីនាក់ប៉ុណ្ណោះដែលឈ្នះជើងឯក World Cup ទាំងពេលជាកីឡាករ និងជាអ្នកគ្រូបង្វឹក ហើយលោកក៏បានដឹកនាំក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ World Cup ម្តងទៀតនៅឆ្នាំ ២០២២ លើទឹកដីកាតានៅពេលចាញ់អាហ្សង់ទីនដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ លោក Didier Deschamps នឹងប្រកាសផ្លូវការពីអនាគតរបស់លោកនៅថ្ងៃពុធនេះ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង L’Equipe៕ អត្ថបទ៖នាង សុភាវុធ

ក្លិបចិន Guangzhou នឹងមិនមានមុខនៅលីគកំពូលចិនរដូវកាលក្រោយឡើយ ដោយសារបញ្ហាបំណុល

2025/01/08 08:36:16 pm        198
Guangzhou FC ក្លិបបាល់ទាត់ដែលជោគជ័យបំផុតនៅទឹកដីចិន នឹងមិនមានមុខនៅក្របខណ្ឌបាល់ទាត់ចិនឡើយនៅរដូវកាលក្រោយ ដោយសារតែមិនអាចសងបំណុលដែលជំពាក់ជាច្រើន ខណៈជើងឯកលីគចិន ៨ សម័យមួយនេះ ត្រូវបានសមាគមបាល់ទាត់ចិន CFA ដកសិទ្ធិពីគ្រប់ការប្រកួតក្នុងស្រុកទាំងអស់នៅពេលរដូវកាលថ្មីចាប់ផ្តើម។ ក្នុងរជ្ជកាលជោគជ័យគេឃើញ Guangzhou FC បញ្ចប់លេខបួននៅ FIFA Club World Cup និងធ្លាប់បានចុះកិច្ចព្រមព្រៀងសហការជាមួយ Real Madrid ក្នុងបញ្ជូនកីឡាករយុវជនទៅហ្វឹកហាត់នៅទឹកដីអេស្ប៉ាញ រួមជាមួយនឹងការបញ្ចេញគម្រោងសាងសង់កីឡដ្ឋានថ្មីដែលអាចផ្ទុកទស្សនិកជនបាន ១០​ ម៉ឺននាក់ផងដែរ។ ការរីកចំរើនយ៉ាងឆាប់រហ័សរបស់ Guangzhou បានចាប់ផ្តើមនៅពេលដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande បានទិញក្លឹបនេះក្នុងឆ្នាំ ២០១០ និងបានប្តូរឈ្មោះក្រុមទៅជា Guangzhou Evergrande ហើយបានបណ្តាក់ទុនយ៉ាងច្រើន ស្របតាមមហិច្ឆតារបស់ប្រធានាធិបតីចិន Xi Jinping ក្នុងការប្រែក្លាយប្រទេសទៅជាមហាអំណាចបាល់ទាត់ដែលអាចធ្វើជាម្ចាស់ផ្ទះ និងឈ្នះការប្រកួត World Cup។លោក Marcelo Lippi ដែលធ្លាប់ដឹកនាំអ៊ីតាលីឈ្នះ World Cup 2006 ត្រូវបានតែងតាំងឱ្យដឹកនាំ Guangzhou នៅឆ្នាំ ២០១២ ហើយលោកក៏នាំក្រុមឈ្នះជើងឯកលីគចិនបីលើក Chinese Cup មួយលើក និង AFC Champions League មួយលើក។ មិនតែប៉ុណ្ណោះលោក Luiz Felipe Scolari ដែលដឹកនាំក្រុមប្រេស៊ីលឈ្នះ World Cup 2002 នោះ ក៏ត្រូវបានតែងតាំងផងដែរ និងបានដឹកនាំក្រុមឈ្នះជើងឯកសរុប ៧ ក្នុងរយៈពេល ២ ឆ្នាំកន្លះ។ អំឡុងពេលនោះក្លិបបាននាំយកកីឡាករល្បីៗពីអឺរ៉ុបដូចជាអតីតខ្សែបម្រើ Spurs និង Barcelona, Paulinho អតីតខ្សែប្រយុទ្ធអ៊ីតាលី Alberto Gilardino និងខ្សែប្រយុទ្ធកូឡុំប៊ី Jackson Martinez ស្របពេលដែលក្លិបចិនផ្សេងទៀតក៏បានចំណាយលុយសន្ធឹកសន្ធាប់ក្នុងការប្រកួតប្រជែងផងដែរ។ ខ្សែប្រយុទ្ធប្រេស៊ីល Hulk បានចូលរួមជាមួយ Shanghai SIPG ក្នុងតម្លៃផ្ទេរ ៤៦ លានផោន ខណៈដែលខ្សែបម្រើ Chelsea, Oscar ផ្លាស់មកកាន់ Shanghai Shenhua តម្លៃ ៦០ លានផោន តមកដោយ Carlos Tevez ៤០ លានផោន។ យ៉ាងណាក្តី វិបត្តិហិរញ្ញវត្ថុសម្រាប់បាល់ទាត់ចិនចាប់ផ្តើមកើតឡើងអំឡុងពេលជំងឺរាតត្បាតសកល Covid-19 ខណៈដែលក្រុមហ៊ុនអចលនាទ្រព្យកំពូលរបស់ចិន Evergrande ប្រកាសក្ស័យធននៅឆ្នាំ ២០២២ ធ្វើឱ្យ Guangzhou ធ្លាក់ក្នុងវិបត្តិដែរ ដោយគម្រោងសាងសង់កីឡដ្ឋានថ្មីត្រូវលុបចោល ការលក់កីឡាករចេញ និងធ្លាក់ទៅក្របខណ្ឌទីពីរ។ ថ្វីបើក្លិបបានប្រឹងប្រែងងើបឡើងមកកាន់ក្របខណ្ឌកំពូលចិនវិញ បញ្ហហិរញ្ញវត្ថុមិនត្រូវបានដោះស្រាយស្រាច់បាច់នៅឡើយ មុននឹងឈានដល់ចំណាត់ការដោយសមាគមបាល់ទាត់ចិនបែបនេះ៕ អត្ថបទ៖នាង សុភាវុធ

Heung min-Son បន្តកិច្ចសន្យាជាមួយ Spurs ដល់ឆ្នាំ ២០២៦

2025/01/08 08:23:10 pm        121
ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តស្នាក់នៅជាមួយ Tottenham Hotspur ដល់ឆ្នាំ ២០២៦។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះនៅឆ្នាំ ២០១៥ ផ្ទេរពី Bayer Leverkusen និងបានស៊ុតបញ្ចូលទីសរុប ១៦៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣១ ប្រកួតឱ្យ Spurs។ គិតតែនៅ Premier League កីឡាករជម្រើសជាតិកូរ៉េរូបនេះបង្ហាញខ្លួនសរុប ៣២០ ប្រកួតរកបាន ១២៥ គ្រាប់ និង ៦៨ គ្រាប់បាល់បញ្ជូន។ រយៈពេល ៩ ឆ្នាំនៅទីក្រុងឡុងដ៍ Son មិនដែលឈ្នះពានអ្វីមួយឡើយ តែបានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ ២០១៩ និងបញ្ចប់លេខ ៥ នៅ Premier League រដូវកាលមុន។បច្ចុប្បន្ន Spurs កំពុងឈរលេខ ១២ ខណៈ Son ស៊ុតបញ្ចូលទីបាន ៥ គ្រាប់និង ៦ បាល់បញ្ជូនក្នុងចំណោមការបង្ហាញខ្លួន ១៧ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ

សហព័ន្ធគុនខ្មែរ កំណត់លក្ខខណ្ឌចាប់គូ ៩ចំណុច ខណៈអ្នកល្មើសប្រឈមអស់សិទ្ធប្រកួត​រៀងរហូត

2025/01/08 07:43:11 pm        417
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដឹកនាំដោយឯកឧត្តម ខូវ ឆាយ ជាប្រធាន កាលពីថ្មីៗ បាន​សម្រេច​ជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនី​ប្រកួត​ប្រចាំ​សប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរព​តាម​បទ​បញ្ជា​បច្ចេក​ទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាការិនី​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។យោងតាមលិខិត ដែលបានចម្លងជូនក្រសួងអប់រំ យុវជន និងកីឡា និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនី​តាម​ស្ថានីយ​ទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយ​សម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដើម្បីរក្សាបា​ន​នូវ​សុខភាព​ផ្លូវ​ការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បាន​ស្នើ​ដល់​ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយ​កំណត់​លក្ខខណ្ឌ ៩ចំណុច រួមមាន៖១- កីឡាករ កីឡាការិនី បន្ទាប់ពីប្រកួតហើយ ត្រូវសម្រាករយៈពេលយ៉ាងតិចពីរសប្តាហ៍ ទើប​អាច​ចាប់គូ ប្រកួតទៀតបាន លើកលែងតែការប្រកួតម៉ារ៉ាតុង និងមានការអនុញ្ញាតពីសហព័ន្ធ.២- កីឡាករ កីឡាការិនីមុនចាប់គូឱ្យប្រកួត ត្រូវបានត្រួតពិនិត្យកាយសម្បទា សុខភាព​ពី​គ្រូពេទ្យ​របស់​សហព័ន្ធជាមុន។៣- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរ ត្រូវសម្រាក​ចាប់គូប្រ​កួត​យ៉ាង​តិចរយៈ ពេល ៣សប្តាហ៍។៤- ករណីកីឡាករ កីឡាការិនី ត្រូវបានគូប្រកួតវាយត្រូវក្បាលធ្ងន់ធ្ងរលើកទី២ ត្រូវសម្រាក​ចាប់​គូ​ប្រកួត យ៉ាងតិចរយៈពេល ៦សប្តាហ៍ និងត្រូវធ្វើការពិនិត្យខួរក្បាល ព្រមទាំងមាន​ការ​បញ្ជាក់​ពី​គ្រូពេទ្យ ទើបអាចបន្តចាប់គូប្រកួតបានទៀត។៥- ការកំណត់តម្លៃខ្លួនកីឡាករ កីឡាការិនី តម្លៃក្លឹបជាសមត្ថកិច្ចរបស់ស្ថានីយទូរទស្សន៍ ដៃគូ​អភិវឌ្ឍ ឬម្ចាស់កម្មវិធី។៦- ការចាប់គូកីឡាករ កីឡាការិនីប្រកួតនៅតាមស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬកម្មវិធីផ្សេងៗ ត្រូវ​មានការឯកភាពពីសហព័ន្ធជាមុន។៧- កីឡាករ កីឡាការិនីណា ដែលស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬម្ចាស់កម្មវិធី បានចាប់គូ​រួច​ហើយមានការឯកភាពពីសហព័ន្ធ មិនអនុញ្ញាតឱ្យចាប់គូប្រកួតនៅស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ ឬ​កម្មវិធីផ្សេងត្រួតគ្នាក្នុងសប្តាហ៍តែមួយឡើយ។៨- សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតជាក្រុមការងារពិនិត្យលើការចាប់គូប្រកួតប្រចាំសប្តាហ៍។៩-គ្រប់ស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងម្ចាស់កម្មវិធីត្រូវតែសហការល្អជាមួយសហព័ន្ធ ដើម្បី​ធានា​និរន្តរភាព នៃការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ។ទន្ទឹមជាមួយការកំណត់​លក្ខខណ្ឌចាប់គូនេះ សហព័ន្ធក៏ត្រៀមវិធានាការមួយចំនួន សម្រាប់​ធ្វើ​ការ​ណែនាំ និងដាក់វិន័យ ចំពោះកីឡាករ-កីឡាការិនី ដែលមិនព្រមអនុវត្តផងដែរ រួមមាន៖១- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើ​សិន​ជា​កំហុស លើកទី១ ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនី​ធម្មតា​។២- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល ៦សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី២ ។៣- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៣ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនី​ណាដែលប្រព្រឹត្តកំហុសលើកទី៣។៤- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល ៦ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនី​ណាដែលប្រព្រឹត្តកំហុសលើកទី៤។៥- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះ​កីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន ៥លើកឡើងទៅ ។គួរ​ដឹងថា កាលពីពេលថ្មីៗកន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗជាច្រើន ដល់ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុងការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ក៏ដូចជា​ការ​អភិវឌ្ឍន៍​នូវ​ធនធាន​បន្ដ​វេន​ ដើម្បីធានាបាន​នូវនិរន្ដរភាព​សម្រាប់​ការ​ប្រកួតវិស័យ​កីឡា​ក្បាច់គុន​ខ្មែរ​បុរាណ​ដ៏​ពេញ​និយ​ម​នេះ ក្នុងនោះសម្ដេចបានផ្ដល់ការណែនាំដល់អ្នកគ្រប់គ្រងកីឡាគុនខ្មែរ ទី១- ត្រូវពិនិត្យ​មើល​ចាប់​ផ្គូរផ្គង​កីឡាករឲ្យឡើងប្រកួត បន្ទាប់ពីសម្ដេចសង្កេតឃើញមានការប្រកួតញឹកញាប់ពេក ធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់គុណភាព ឬខូចកីឡាករ ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កីឡាគុនខ្មែរកំពុងរីកចម្រើន ហើយកីឡាករ-កីឡាការិនី​បានចាប់ផ្ដើមពង្រឹងខ្លួនកាន់តែខ្លាំងក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ យ៉ាង​ណាការចាប់គូប្រកួតញឹកញាប់ពេក ដោយ ១សប្ដាហ៍ប្រកួតម្ដង គឺមិនអាចទៅរួចទេ ធ្វើ​ឲ្យ​ខូច​កីឡាករ ព្រោះកីឡាករខ្លះមានរបួសមិនទាន់ជាសះស្បើយផង ត្រូវឡើងប្រកួតម្ដងទៀត ។ ហេតុ​នេះ ថ្នាក់ដឹកនាំកីឡាគុនខ្មែរ ត្រូវយកចិត្តទុកដាល់លើបញ្ហាការផ្គូរផ្គងកីឡាករឲ្យប្រកួត ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM