Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង

ព័ត៌មានកីឡា

ឯកឧត្តម គីម រិទ្ធី អញ្ជើញបិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦ នៃថ្ងៃជ័យជំនះ ៧មករា

2025/01/06 09:09:00 pm        324
នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ នៃវិទ្យាល័យចំនេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ មានរៀបចំពិធីបិទ និងប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករ កីឡាការនី ទទួលបានជ័យលាភី នៃការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២៥ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ៧មករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពក្នុងពិធី ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ នឹងកីឡាករ កីឡាការនី ជាច្រើនរូបទៀត។ឯកឧត្តម គីម រិទ្ធី បាថ្លែងថា ការរៀបចំការប្រកួតកីឡានាពេលនេះ ប្រកបដោយជោគជ័យ មានលក្ខណៈជាមិត្តភាព សាមគ្គីភាព យោគយល់គ្នានិងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក បានល្អយ៉ាងប្រសើរក្នុងរយៈពេល ០៧ថ្ងៃកន្លងមកនេះ។ ឯកឧត្តមបានបន្តថា លទ្ធផលនេះ បានមកពីការខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្ត និងបច្ចេកទេសរបស់ក្រុមកីឡានីមួយៗ រួមជាមួយភាពយុត្តិធម៌ មិនលម្អៀង របស់អាជ្ញាកណ្តាល ចៅក្រមតាមប្រភេទកីឡានីមួយៗ អនុវត្តបានល្អទៅតាមបទបញ្ជាបច្ចេកទេស របស់មន្ទីរអប់រំយុវជន និងកីឡាដែលបានដាក់ចេញ និងដោយមានការសហការល្អពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ត្រីអប់រំ យុវជន និងកីឡាខេត្ត ដែលបានខិតខំយ៉ាងសកម្មបង្កលក្ខណៈងាយស្រួល​ដល់ដំណើរការរៀបចំការប្រកួតនេះឱ្យបានជោគជ័យ។ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រកួតកីឡានេះ គឺមិនត្រឹមតែជាឱកាសដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យផ្នែកកីឡាច្រើនប្រភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបញ្ជាក់ពីការរីក​ចម្រើន​នៃប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរកតនយោបាយដឹកនាំ​ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នៃការអនុវត្តគោល នយោបាយ ឈ្នះ ឈ្នះ នាំមកនូវការ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍរីកច្រើន លើគ្រប់វិស័យនៅកម្ពុជា។ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវទៅដល់បណ្ដាថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំង មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូររៀបចំ​ឱ្យមានទីកន្លែងសម្រាប់ហាត់ប្រាណ កន្លែងលេងកីឡា និងរៀបចំឱ្យមានព្រឹត្តិការណ៍​ប្រកួតកីឡាផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការនី និងយុវជនទាំងអស់ ត្រូវបន្ដយកចិត្ត ទុកដាក់រៀនសូត្រ ខិតខំស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយ​ជាសរសរទ្រូងនៃប្រទេសជាតិ, ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសចេញឆ្ងាយពី​គ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ, រួមគ្នាលើកទឹកចិត្ត ជម្រុញ និងពង្រីកឱ្យមានការលេង និងការប្រកួតកីឡាឱ្យបានច្រើនប្រភេទបន្ថែមទៀត ដើម្បីទាក់ទាញការគាំទ្រពីមហាជន និងត្រូវ​យកចិត្តទុកដាក់ ថែរក្សាបរិស្ថាន សម្អាតអនាម័យជុំវិញទីលានកីឡារបស់យើង ដើម្បីឱ្យកាន់​តែមានសោភ័ណភាព និងភាពទាក់ទាញបន្ថែមទៀត។សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥នេះ មាន ៣វិញ្ញាសា មានក្រុមកីឡាចូលរួមចំនួន ៥៤ក្រុម ស្មើនឹង ៩៧៦នាក់ ដែលមកពីបណ្ដាស្រុក-ក្រុង និងអង្គភាព ស្ថាប័នជុំវិញខេត្ត។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល ០៧ថ្ងៃកន្លងមកនេះ និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ជាលទ្ធផល ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់ទាត់បុរស បានទៅលើក្រុម ព្រះវិហារស៊ីធី, បាល់ទាត់​នារីបានទៅលើក្រុម បញ្ញាវ័ន្តក្មេងវត្ត ស្រុកឆែប, វិញ្ញាសារបាល់ទះបុរសបានទៅលើក្រុម ស ស យ ក ស្រុកគូលែន , និងបាល់ទះនារី បានទៅ លើក្រុម ស ស យ ក ស្រុកត្បែងមានជ័យ៕

សហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិអបអរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា

2025/01/06 06:37:57 pm        126
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលរៀបចំ ពីថ្ងៃទី២-៦ ខែមករា ឆ្នាំ២០២៥ នៅស្តាតអូឡាំពិក សហព័ន្ធបានរៀបចំលើ ៧វិញ្ញាសាទាំងក្របខណ្ឌក១ និងក២។បើតាមរបាយការណ៍ប្រកួតសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឱ្យដឹងថា ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។ក្នុងការចូលរួមការប្រកួតនេះដែរ សហព័ន្ធបានរៀបចំការប្រកួតរួមមានទាំង ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលលើកទី៣ ព្រមទាំង ការប្រកួតអបអរសាទរថ្ងៃ៧មករា សម្រាប់បច្ចេកទេសការប្រកួតក្នុងក្របខណ្ឌក១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរប ៥៦នាក់ ខណៈក្របខណ្ឌក២ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៤៦នាក់។ ការប្រកួតនេះមាន៧វិញ្ញាសា ដូចជា វិញ្ញាសាក្រុមបុរស ក១, គូបុរស ក១, ឯកត្តជនបុរស ក១, ឯកត្តជននារី, ក្រុមយុវជន ក២, គូយុវជន ក២ និងវិញ្ញាសាឯកត្តជនយុវជន ក២ ដោយការប្រកួតលើវិញ្ញាសាកម្រិតយុវជនត្រូវបានកំណត់អាយុក្រោម១៨ឆ្នាំ។ កីឡាករ កីឡាការិនីចូលរួម សរុប ២១ក្រុម មកពី២១សមាគម-ក្លឹប ក្នុងនោះប្រភេទក្របខណ្ឌក១ មាន១១ក្រុម និងក២ មាន១០ក្រុម ហើយការប្រកួតមានរហូតដល់ ១៨៦ប្រកួត នឹងបញ្ចប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ៕

ព្រះខ័នរាជស្វាយរៀង កក់កៅអី Top-6 ផ្លូវការ ខណៈ ISI បន្ដឱកាស ក្រោយឈ្នះកង​យោធពលខេមរភូមិន្ទ

2025/01/06 06:20:47 pm        555
បន្ទាប់ពីក្រុមកំពូលតារាងភ្នំពេញក្រោន ខណៈនេះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជ​ស្វាយ​រៀង ក៏បានកក់កៅអី ៦ក្រុមកំពូលតារាង(Top-6) ដើម្បីប្រជែងឯកលីគកំពូលកម្ពុជា ឆ្នាំ​២០២៤/​២៥ ជាផ្លូវការផងដែរ ក្រោយរកបាន ៣ពិន្ទុបន្ថែម ក្នុងសប្ដាហ៍ទី១៦ កាលពីចុង​សប្ដាហ៍​កន្លងទៅ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធ​ពលខេម​រភូមិន្ទ ២-១ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6 ។សម្រាប់ជំនួបជើងទី២ បើកឆាកដើមឆ្នាំថ្មី ២០២៥ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ណាហ្គាវើលដ៏ ២-០ ដូចកាលពីជើងទី១ ដែរ ដែលរកបាន​គ្រាប់​បាល់​ជ័យ​ជម្នះ​ដោយ​ខ្សែ​បម្រើ​ការ​ពារសញ្ជាតិខ្មែរ មីហ្ស៊ូណូ ហ៊ីការ៉ុ និងកីឡាករ Gabriel Silva Costa ។ ជ័យជម្នះនេះ នាំ​ឲ្យ​ក្រុម​មានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ដឈរលេខ២ ដោយរកបាន ៣៧ពិន្ទុ ហើយបាន​កក់​កៅ​អីវគ្គ Top-6 ជាផ្លូវការ បើធៀបនឹងក្រុមលេខរៀងទី៧ បច្ចុប្បន្ន ទោះបីនៅសល់ ៥ប្រកួត​ក្នុង​ដៃទៀត​ក៏ដោយ ។ដោយ​ឡែកក្រុម ISI ដង្កោសែនជ័យវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ២-១ នៅកីឡដ្ឋានស្ដាតចាស់ បន្ទាប់ពីស្មើគ្នា ២-២ កាលពីជើងទី១ ។ គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ដំរី​មានជ័យ ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ សួន មករា និងមិត្តរួមក្រុម Louis Willy ។ ជ័យជម្នះនេះដែរ នាំឲ្យ ISI បន្ដឈរលេខ៧ ដោយរក ១៨ពិន្ទុ ដើម្បីរក្សា​ឱកាស​ប្រជែង​កៅ​អី Top-6 ដ្បិតបច្ចុប្បន្នពួកគេ ចាញ់ប្រៀបក្រុមណាហ្គាវើលដ៏ ដែលឈរលេខ៦ ចំនួន ៤ពិន្ទុ និង​ចាញ់​ប្រៀបក្រុមបឹងកេត ដែលឈរលេខ៥ ចំនួន ៥ពិន្ទុ ។រីឯលទ្ធផលការ​ប្រកួតជើងទី២ ក្នុងសប្ដាហ៍ទី១៦ ចំនួន ៣គូផ្សេងទៀត គឺក្រុមអង្គរថាយហ្គឺរ បាន​យក​ឈ្នះក្រុ​មគិរីវង់សុខសែនជ័យ ៦-០ ស្របពេលក្រុមវិសាខា យកឈ្នះក្រុមក្រសួងមហាផ្ទៃ ៤-១ និងក្រុមបឹងកេត យកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ៤-១ ដូចគ្នា ។ លទ្ធផល​នេះ​ដែរ​ ធ្វើឲ្យវិសាខា បន្ដឈរលេខ៣ មាន ៣២ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ស្រប​ពេល​ក្រុមភ្នំពេញក្រោន ដែលសម្រាកការប្រកួត នៅតែរក្សាតំណែងកំពូលតារាង ដោយ​រក​បាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះ ១៣ និងស្មើ ១ ៕ អត្ថបទ លី ឈុនឡា

ពានបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ដើម្បីអបអរទិវាជ័យជម្នះ ៧មករា បញ្ចប់ដោយជោគជ័យ

2025/01/06 05:51:50 pm        172
ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះ ៧មករា បានបញ្ចប់ដោយជោគជ័យ បន្ទាប់​ពី​ដំណើរ​ការ​ប្រកួតដ៏ស្វិតស្វាញចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយទទួល​បាន​ការ​ចូល​រួមទស្សនា និងអបអរសាទរយ៉ាងច្រើនកុះករ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជ​ធានី​ភ្នំពេញ ។ពិធីបិទការប្រកួតកីឡាបាល់ទះដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្ដ្រនេះ បានប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន​កិត្តិយស​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ តំណាងក្រុមចូលរួមទាំងអស់ផងដែរ។សម្រាប់​លទ្ធផលផ្លូវការ នៃការប្រកួតរយៈពេល ៤ថ្ងៃកន្លងមក ចំពោះផ្នែកបុរស គឺក្រុម​សមាគម​កីឡា​បាល់​ទះវិសាខា បានលើកពាន បន្ទាប់ពីវាយបកឈ្នះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-២ សិត និងលេខ៣ បានទៅក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ រីឯផ្នែកនារី គឺក្រុម​បាល់​ទះ​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានលើកពាន ក្រោយយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៣-១ សិត និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា​រាជ​ធានីភ្នំពេញ ទទួលបានលេខ៣ ៕ អត្ថបទ លី ឈុនឡា

ក្រុមបាល់ទាត់ ស.ស.យ.ក បុរស-នារី ទទួលបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតមិត្តភាព អបអរ​ទិវាជ័យជម្នះ ៧មករា

2025/01/06 05:33:30 pm        174
ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទាំងផ្នែកបុរស និងនារី បាន​ទទួល​ជ័យ​ជម្នះ​រៀងៗខ្លួន ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរ​សាទរ​ «ខួប​អនុស្សាវរីយ៍​លើក​ទី៤៦ នៃទិវាជ័យជម្នះ ៧មករា» ក្រោមប្រធានបទ ៧មករា នៃការចងចាំ នៅពហុកីឡដ្ឋាន​ជាតិ​(អូឡាំពិក) រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។សម្រាប់ក្រុមបាល់ទាត់ ស.ស.យ.ក ផ្នែកបុរស ដែលមានការ​អញ្ជើញ​ចូល​រួម​ប្រកួត​ផ្ទាល់​ពី​សំណាក់​ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម ហើយ​មាន​ការចូលរួមពីថ្នាក់ដឹកនាំ និងអតីតកីឡាករជាច្រើនរូប គឺបានយកឈ្នះក្រុមផ្ការីកគ្រប់រដូវ ដឹកនាំ​ដោយ​តារាកំប្លែងនាយពាក់មី ដោយលទ្ធផល ៦-២ ស្របពេលក្រុម ស.ស.យ.ក ផ្នែកនារី បាន​យកឈ្នះក្រុម ខេមបូឌាអលស្ដារ ដោយលទ្ធផល ២-១ ។ការប្រកួត​មិត្ត​ភាពអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ផ្ដួចផ្ដើមគំនិត​រៀបចំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំ​ឡើងដើ​ម្បី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ផង និងជំរុញការ​គាំទ្រ​ក្នុង​វិស័យ​កីឡាបាល់ទាត់កម្ពុជាផង ជាក់ស្ដែងក្រៅពីការប្រកួត ក្នុងស្មារតីកីឡា ប្រកបដោយ​ភារតភាព សាមគ្គីភាព និងស្នាមញញឹម សម្រាប់អ្នក​ទស្សនា​ក៏​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ពេញ​ទំហឹង ប្រកបដោយទឹកមុខរីករាយ កំឡុងការប្រកួតមិត្តភាពនេះផងដែរ ។សូមបញ្ជាក់ថា នៅថ្ងៃជាមួយគ្នា នៃការប្រកួតបាល់ទាត់មិត្តភាពនេះ ឯកឧត្តម ហ៊ុន ម៉ានី បាន​បង្ហាញ​​នូវគុណបំណាច់នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលជា​ថ្ងៃ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចង​ចាំមិនភ្លេច ហើយថែមទាំងប្រសិទ្ធនាមថា «ជាថ្លៃកំណើតទី២» របស់ពួកគាត់ ដែល​បាន​រួច​ផុតពីរបបដ៏ខ្មៅងងិតរបស់ខ្មែរក្រហមទៀតផង ។តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម បានអបអរសាទរ ខួបទី៤៦ ទិវាជ័យជំនះ ៧ មករា ហើយឯកឧត្តមបានបន្ថែមថា ៧ មករា គឺជាថ្ងៃដែល​ប្រជាជាតិ​រស់រា​ន​មាន​ជីវិត​ឡើង​វិញ​ពី​ជ្រោះ​មរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិ​ន​អាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង​២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មាន​រណសិរ្ស​សាមគ្គីសង្រ្គោះជា​តិ​កម្ពុ​ជាដែ​រ​។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិន​អាច​ប្រកែក​បាន ហើយក្នុងនាមយុវជនជំនាន់ក្រោយចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូត​មក​ដល់​យើង​មាន​អ្វីៗដូចបច្ចុប្បន្ននេះ ។គួរដឹងថា រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទី តែងអបអរសាទរ​ទិវា​មហាជ័យ​ជម្នះ​របស់​ប្រជាជ​នកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរូបភាពផ្សេងៗ ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះ ៧មករា ហើយក៏ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ក្រោ​ម​ម្លប់​សន្ដិភាព ប្រកបដោយភាពសប្បាយរីករាយផងដែរ ៕ អត្ថបទ លី ឈុនឡា

សម្ដេចធិបតី៖ ជោគជ័យព្រឹត្តិការណ៍ធំៗ និងការជួបជុំលេង-ទស្សនាកីឡា អាស្រ័យកត្ដាចម្បងបំផុត គឺសន្ដិភាព

2024/12/30 08:56:07 pm        135
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹក​នូវ​មហា​ជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការរៀប​ចំ​នូវ​ព្រឹត្តិការណ៍កីឡាធំៗជាបន្ដបន្ទាប់ គឺមិនមែនកើតឡើងដោយចៃដន្យឡើយ តែអាស្រ័យ​កត្ដា​ចម្បង​បំផុត គឺកត្ដាប្រទេសកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ ។ប្រសាសន៍របស់សម្ដេចបរធិបតី ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរ​សាទរ «ទិវាសន្ដិភាពនៅកម្ពុជា» កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែល​មាន​ការ​ប្រកួត​មិត្ត​ភាព​ចំនួន ២គូ និងមានប្រជាពលរដ្ឋ និងយុវជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាពេញ នៅវិមាន​ពហុ​កីឡដ្ឋានជាតិមរតកតេជោ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំលេងកីឡា និងទស្សនា​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីស្រលាញ់កីឡា និងការ​ចូល​រួម​ថែ​រក្សា​សន្ដិភាព ដែលបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្ដិភាព» ហើយព្រឹត្តិការណ៍នេះ ក៏បាន​ទាញសម្ដេចឲ្យរំលឹកដល់អនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៃជោគជ័យ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងបានកោតស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ។សម្ដេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ទាំងអស់នេះ ពុំមែន​កើត​ឡើង​ដោយ​ចៃដន្យ តែដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ ដោយផ្ដើមចេញ​ពី​ការ​លះបង់​សាច់​ស្រស់ ឈាមស្រស់ របស់យុវជនសម័យមុន និងឥស្សរជន ជាក់ស្ដែងសម្ដេចបាន​រំម្លឹក​នូវ​ប្រសាសន៍​របស់ឯកឧត្តមនាយឧត្តមនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែល​បានលើកឡើងថា យុវជនកម្ពុជាសម័យនេះ មានសំណាង ដ្បិត​ស្រប​ពេល​កំពុង​ទស្សនា​បាល់​ទាត់​ដោយ​រីករាយនៅពហុកីឡដ្ឋានជាតិ ផ្ទុយពីបណ្ដាប្រទេសកំពុងមានសង្គ្រាម ដែលយុវជន​កំពុ​ង​តែ​ត្រូវស្លាប់ ភ័យខ្លាច វេទនាបែកបាក់គ្រួសារជាដើម ។បន្ទាប់ពីមានប្រសាសន៍ថ្លែងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវា​សន្ដិភាព​នៅ​កម្ពុជា​» ថ្ងៃទី ២៩ ខែធ្នូ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងកូនប្រុស បាន​អញ្ជើញ​ទស្សនា​ការ​ប្រកួត រហូតដល់ចប់ ក្នុងនោះដែរ សម្រាប់គូពិសេស រវាងក្រុមបាល់ទាត់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលមានវត្តមានកីឡាករជាថ្នាក់ដឹកនាំកំពូលៗក្នុងជួរាជរដ្ឋាភិបាល អតីត​កីឡាករ និងយុវជន មកពីគ្រប់មជ្ឈដ្ឋាន បានយកឈ្នះយកឈ្នះក្រុមបាល់ទាត់តារាកម្ពុជា(A) ដោយ​លទ្ធផល ១-០ នៅចុងម៉ោង គ្រាដែល ១គូទៀត គឺក្រុមបាល់ទាត់គុនខ្មែរអលស្ដារ ប្រកួត​ស្មើ​ក្រុម​បាល់ទាត់តារាកម្ពុជា(B) ដោយលទ្ធផល ១-១ ៕ អត្ថបទ លី ឈុនឡា

វៀតណាម និងឥណ្ឌូណេស៊ី បើកការប្រកួតពានរង្វាន់អាស៊ាន២០២៤ សុទ្ធតែឈ្នះរៀងៗខ្លួន

2024/12/10 07:55:47 pm        403
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងពូលB ដោយបានយកឈ្នះសហភាពមីយ៉ាន់ម៉ា ១ទល់នឹង០ នៅពហុកីឡដ្ឋាន Thuwunna ទីក្រុង​យ៉ាងហ្គួន យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ពីមុខអ្នកគាទ្រ១២ ៥០០នាក់។វគ្គទី​មួយ​ក្រុមទាំងពីរគ្មានក្រុមណាមួយទាត់បញ្ចូលទីគ្នាបាននោះទេ។ តែកីឡាករ​ម្ចាស់​ផ្ទះ​បី​រូប​ត្រូវ​ពិន័យ​កាតលឿង ក្រោយបង្ករកំហុស។វគ្គទី២ទាំងម្ចាស់ផ្ទះ និងភ្ញៀវ បង្កើនការដាក់សម្ពាធទៅវិញទៅមក។ រហូតដល់នាទីទី៧៧ ទើប​មាន​គ្រាប់​បាល់កើតឡើងពេលដែលកីឡាករ Asnawi Mangkualam Bahar ទាត់បញ្ចូល​ទី​បាន​សម្រេច​ឱ្យក្រុម។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងបន្ថែមទៀតទេ។ ចប់ការប្រកួត ឥណ្ឌូណេស៊ី​ទទួលបានបីពិន្ទុ ពីការប្រកួតនេះ។ប្រកួតបន្ទាប់ថ្ងៃ​ទី១២ ខែធ្នូ គ្រុឌឥណ្ឌូណេស៊ី ទទួលឡាវ នៅពហុកីឡដ្ឋាន ម៉ាណាហាន ខេត្តជ្វា​កណ្តាល ឥណ្ឌូណេស៊ី វេលាម៉ោង២០និង០០នាទី។ ឯសហភាព​មីយ៉ាន់​ម៉ា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ហ្វីលីពីន​នៅ​ទីក្រុងម៉ានីល។ថ្ងៃជាមួយគ្នា ក្នុងពូលជាមួយគ្នា ជើងឯកពីរដងវៀតណាម បានយកឈ្នះម្ចាស់ផ្ទះឡាវ ៤ទល់​នឹង១ នៅពហុកីឡដ្ឋានជាតិឡាវ ទីក្រុងវៀងចន្ទន៍ ដោយមានអ្នកគាំទ្រចូលរួម១០៦៨៥នាក់។ វគ្គទី១ គ្មានគ្រាប់បាល់កើតឡើងនោះទេ។លេងវគ្គទី២បាន១៣នាទី វៀតណាមបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Nguyễn Hai Long ពេលដែលកីឡាករ Bui Tiem Dung បញ្ជួនបាល់ឱ្យ។ ១៥នាទីក្រោយមក វៀតណាម​បន្ថែម​មួយ​គ្រាប់ទៀត ធ្វើបានសម្រេចដោយកីឡាករ Nguyễn Tien Linh បន្ទាប់ពីបញ្ជួន​បាល់​ចេញ​ពី​កីឡាករ Nguyen Quang Hai។ ការប្រកួតដំណើរការដល់នាទីទី៦៩ កីឡាករ Nguyen Van Toan ដោយសហការពីកីឡាករ Nguyen Quang Hai ក៏បានទាត់​បញ្ចូល​ទីគ្រាប់​ទី៣​ឱ្យ​វៀតណាម មុនពេលដែលកីឡាករ Van Vi Nguyen បន្ថែមគ្រាប់ទី៤ឱ្យក្រុមនៅនាទីទី៨២។ ជិតចប់ការប្រកួតឡាវ វាយបកបានមួយគ្រាប់វិញដោយកីឡាករក្លឹបព្រះខ័នរាជស្វាយរៀង Bounphachan Bounkong ទាត់បាល់ពិន័យ១១ម៉ែត្រ។ ប្រកួតបន្ទាប់ថ្ងៃទី១២ ខែធ្នូ ឡាវ ជួបឥណ្ឌូណេស៊ី និងវៀតណាមត្រូវសម្រាកត្រៀមជួបឥណ្ឌូណេស៊ីថ្ងៃទី១៥ ខែធ្នូខាងមុខ៕ 

ពានរង្វាន់បាល់ទាត់អាស៊ាន៖ គោព្រៃកម្ពុជាបើកការប្រកួតស្មើខ្លាលឿងម៉ាឡេស៊ី ២ទល់នឹង២

2024/12/09 05:25:12 pm        484
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកការប្រកួតបាល់ទាត់ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍២០២៤ ពូល A ស្មើក្រុមខ្លាំង និងជាម្ចាស់ជើងឯកឆ្នាំ២០១០ ម៉ាឡេស៊ី ២ទល់នឹង២ នៅពហុកីឡដ្ឋាន រាជធានីភ្នំពេញ ពីមុខអ្នកគាំទ្រជាង២០ ០០០នាក់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ជំនួបនេះ១០នាទីមុនចប់វគ្គទី១ ភ្ញៀវ ម៉ាឡេស៊ី ផ្តើមនាំមុខដោយការតែតបញ្ចូលទីរបស់កីឡាករ Stuart John Wilkin ពេលដែលកីឡាករ Daniel Ting បញ្ជួនបាល់ឱ្យ។ ចប់វគ្គទី១ ខ្លាលឿងម៉ាឡេស៊ីនាំមុខ គោព្រៃកម្ពុជា ១ទល់០។លេងវគ្គទី២បានត្រឹម៧នាទី កម្ពុជា វាយបកតាមស្មើវិញ ពេលដែលកីឡាករ Abdel Kader Coulibaly របស់ក្លឹបអាយ អេស អាយដង្កោសែនជ័យ ទាត់បញ្ចូលទី បន្ទាប់ពីកីឡាករវ័យក្មេងព្រះខ័នរាជស្វាយរៀង គឹម សុខយុទ្ធបញ្ជួនបាល់ទៅឱ្យ។ ៨នាទីបន្ទាប់កីឡាករដូរចូល សា ទី បន្ថែមគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ ពេលដែលសឿយ វិសាល បញ្ជួនបាល់ឱ្យ។ តែនៅនាទីទី៧៤ ម៉ាឡេស៊ីតាមស្មើដោយគ្រាប់បាល់របស់កីឡាករ Fergus Tierney។ នាទីនៅសេសសល់គ្មានគ្រាប់បាល់បន្ថែមទេ ទោះបីក្រុមទាំងពីរដាក់សម្ពាធគ្នាទៅវិញទៅមកដ៌ដោយ។ក្រោយចប់ការប្រកួតគ្រូបង្វឹកម៉ាឡេស៊ី Pau Marti ប្រាប់អ្នកសារព័ត៌មានថានេះការប្រកួតដ៌លំបាកមួយ ជាមួយម្ចាស់ផ្ទះដែលមានអ្នកគាំទ្រច្រើន ហើយមិនបន្ទោសកីឡាករនោះទេ ។ លោកសម្តែងការខកចិត្តពេលដែលនាំមុខហើយ ត្រូវគូប្រកួតវាយបក និងរបូតគ្រាប់បាល់។ តែនេះជាការប្រកួតទី១ យើងនៅសល់ប្រកួតច្រើនទៀត។ចំនែកគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Koji Gyotoku បានលើកឡើងដែរថាការប្រកួតដំបូងនេះជាការប្រកួតដ៏តានតឹង។ ដូចយើងដឹងហើយម៉ាឡេស៊ីជាក្រុមល្អ ហើយយើងធ្វើបានលទ្ធផលបែបនេះ ពិតជាល្អសម្រាប់យើង។ការប្រកួតបន្ទាប់នឹងធ្វើឱ្យបានល្អជាងនេះ។កីឡាករ គឹម សុខយុទ្ធ បង្ហាញក្តីរីករាយដោយសារក្រុមប្រឹងប្រែងទាំងអស់គ្នា តែយ៉ាងណាក៏មិនសប្បាយចិត្តនោះដែរដោយសារមិនបានឈ្នះការប្រកួតនេះ។ ក្រោយចប់ការប្រកួតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក៏បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីប្រកួតជាមួយជម្រើសជាតិសិង្ហបុរី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ការប្រកួតនេះ និងប្រកួតផ្សេងទៀត BTV News ផ្សាយផ្ទាល់៕

កីឡាករអាមេរិក និងរុស្ស៊ី ស្រឡាញ់គុនខ្មែរកាន់តែខ្លាំងក្រោយចូលរួមប្រកួតជើងឯកពិភពលោកនៅអង្គរ

2024/12/08 06:41:20 pm        192
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០២៤ (The 5th World Kun Khmer Championship 2024) ថ្ងៃទី២ ត្រូវនឹងល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំង តាំងពីក្បាលព្រលប់ រហូតដល់យប់រំលងអាធ្រាត្យ ជាមួយការប្រកួតរហូតដល់ ២៤គូ ដោយមានអ្នកទស្សនាផ្ទាល់យ៉ាងច្រើនកុះករ នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប ។​ទន្ទឹមជាមួយការប្រកួតដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនេះដែរ បានធ្វើឲ្យអត្តពលិកជាតិ និងអន្ដរជាតិ មានការសប្បាយរីករាយ និងកម្លាំងចិត្តប្រកួតប្រជែងកាន់តែខ្លាំង ពិសេសកីឡាករគុនខ្មែរ មកពីសហរដ្ឋអាមេរិក និងកីឡាករគុនខ្មែរមកពីរុស្ស៊ី ដែលបានបង្ហាញនូវការស្រលាញ់ចូលចិត្តគុនខ្មែរ ហើយនឹងបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាមួយក្បាច់គុនដ៏អស្ចារ្យនេះ ។សម្រាប់កីឡាករអាមេរិក Andrew Connor Arruda Livereira បានសម្ដែងក្ដីរីករាយ ក្រោយយកឈ្នះកីឡាករកម្ពុជា សេក គឹមថុល ក្នុងវិញ្ញាសាស្ម័គ្រចិត្ដបុរសទម្ងន់ ៧៥គីឡូក្រាម ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៨ ខែធ្នូនេះ ។ អ្វីដែលសំខាន់ គឺគេបានទទួលនូវការស្រលាញ់ និងរាក់ទាក់ពីប្រជាពលរដ្ឋខ្មែរ ។ សិស្សគុន នៃក្លិបប្រដាល់របស់កូនខ្មែរ ដែលបានបង្កើតលើទឹកដីអាមេរិកដដែល បន្ដថា គុនខ្មែរ ពិតជាអស្ចារ្យដែលអាចប្រើប្រាស់ពេញមួយដងខ្លួន ហើយគេនឹងបន្ដហ្វឹកហាត់បន្ថែមទៀត ទាំងនៅអាមេរិក ឬអាចមកហាត់ផ្ទាល់នៅកម្ពុជា បន្ទាប់ពីចប់បេសកកម្មនេះ ។ចំណែកកីឡាកររុស្ស៊ី Peregudov Ilya ក្រោយយកឈ្នះកីឡាករអាហ្វហ្គានីស្ថានឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងទម្ងន់ ៧១គីឡូក្រាម គឺពិតជារីករាយជាមួយការប្រកួត និងជាការគាំទ្រ ។ អ្វីដែលពិសេស គឺបានហ្វឹកហាត់ និងស្គាល់កាន់តែច្បាស់ពីគុនខ្មែរ ដូចដែលប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន បានចាប់ផ្ដើមស្គាល់ពីភាពល្បីល្បាញរបស់ក្បាច់គុនអត្តសញ្ញាណជាតិខ្មែរនេះដែរ ។គួរដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី គឺជាសមាជិកថ្មី នៃសហព័ន្ធគុនខ្មែរអន្ដរជាតិ ដែលទើបចូលជាសមាជិក ហើយក៏ជាលើកដំបូង ដែលប្រទេសទាំងពីរ បានចូលរួមការប្រកួតគុនខ្មែរជើងឯកពិភពលោកលើទឹកដីកម្ពុជាផងដែរ ។សម្រាប់លទ្ធផលការប្រកួតថ្ងៃទី២ នេះដែរ ក្នុងចំណោម ២៤គូ មានការប្រកួតរបស់អត្តពលិកកម្ពុជា ១៥គូ ក្នុងនោះទទួលបានជ័យជម្នះ ៧រូប និងបរាជ័យ ៨រូប ដោយវិញ្ញាសាស្ម័គ្រចិត្តកម្រិតយុវជន និងពេញវ័យ កីឡាករ-កីឡាការិនីកម្ពុជា ឈ្នះ ៣ និងចាញ់, វិញ្ញាសារពាក់កណ្ដាលអាជីព ឈ្នះ ១ និងចាញ់ ២ និងវិញ្ញាសាអាជីព កីឡាករកម្ពុជា ៣រូបទទួលបានជ័យជម្នះទាំងអស់គ្នា ហើយមានអត្តពលិកមួយចំនួន ដែលត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នេះ ៕អត្ថបទ លី ឈុនឡា

ក្រុមការងារចុះជួយស្រុកបាកានរៀបចំព្រឹត្តិការណ៍កីឡាមហាជនអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា

2024/12/01 05:06:50 pm        640
ពោធិ៍សាត់៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ។ ព្រឹត្តិការណ៍កីឡាមហាជននេះ មានការប្រកួតលើវិញ្ញាសារបាល់ទាត់ និងបាលទះ ដោយមានកីឡាករចំនួន៣៧ក្រុមចូលរួមប្រកួតដណ្តើមពានរង្វាន់ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន ។ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាមហាជននេះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ការរៀបចំការព្រឹត្តិការណ៍កីឡា ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា គឺជាការរំឭកទៅដល់កម្លាំងរួបរួមសាមគ្គីរបស់អ្នកសេ្នហាជាតិ ក្នុងបុព្វហេតុប្រយុទ្ធវាយរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងនៅក្នុងរបបវាលពិឃាត ប៉ុល ពត ជាពិសេសដើម្បីបន្តផ្សព្វផ្សាយដល់ យុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ របបវាលពិឃាតនេះ បានយល់ដឹងកាន់តែច្បាស់ នូវអនុស្សាវរីយ៍ដ៏ជូរចត់ ដែលប្រជាជនកម្ពុជាពិតជាមិនអាចបំភ្លេចបាន នូវស្នាមអតីតកាល ក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ដ៏ឃោរឃៅយង់ឃ្នងបំផុត ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាននេះមានគោលបំណង បង្កភាពសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ ពិសេសយុវជន និងបង្ហាញពីមិត្តភាព សាមគ្គីភាព ភាតរភាព សុខភាព ចាក់ឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងស្របតាមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” “ កីឡានាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព និងភាតរភាព” ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។គួរជម្រាបជូនដែរថា នេះជាលើកទីពីរហើយ ដែលក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនប្រចាំស្រុកបាកាន ដើម្បីអបអរសាទរទិវាជ័យជម្នះ៧មករា ដោយក្នុងឆ្នាំនេះ មានក្រុមកីឡាចូលរួមប្រកួតសរុបចំនួន៣៧ក្រុម មានកីឡាករសរុបចំនួន៧៥២នាក់ (ស្រី២១២នាក់) ដែលមកពីបណ្តាឃុំទាំង៩ និង៤អង្គភាពក្នុងស្រុកបាកាន ក្នុងនោះវិញ្ញាសាបាល់ទាត់មានចំនួន ២៣ក្រុម ដោយបាល់ទាត់មហាជនបុរស១៥ក្រុម បាល់ទាត់មហាជននារី០៦ក្រុម និងមានបាល់ទាត់គូកិត្តិយស០២ក្រុម សម្រាប់វិញ្ញាសាបាល់ទះមាន១៤ក្រុម ក្នុងនោះបាល់ទះបុរស១១ក្រុម និងបាល់ទះនារី០៣ក្រុម ៕ ភិរុណ ពៅ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើច្បាប់ការពារបរិស្ថាន
07/28/2026 08:07 AM
ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM