Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

Kylian Mbappe ចុះហត្ថលេខាលើកិច្ចសន្យាចូលរួមជាមួយ Real Madrid

2024/06/03 11:07:11 pm        186
ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចុះហត្ថលេខាលើកិច្ចសន្យាចូលរួមជាមួយ Real Madrid ហើយដោយគ្មានតម្លៃផ្ទេរ នៅពេលកិច្ចសន្យារបស់គេនឹងអស់សុពលភាពផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនាខាងជាមួយ Paris Saint Germain។កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់មាត់ក្នុងការផ្លាស់ទៅកីឡដ្ឋាន Santiago Bernabeu កាលពីខែកុម្ភៈកន្លងទៅ និងបានប្រកាសផងដែរពីការចាកចេញពី PSG នៅដំណាច់រដូវកាល។ Mbappe នៅពេលនេះបានចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងមួយផ្លាស់ទៅកាន់ La Liga នៅពេលទីផ្សារដោះដូរកីឡាករបើកចំហរនៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Madrid របស់អេស្ប៉ាញមួយនេះ គ្រោងនឹងប្រកាសពីកិច្ចសន្យារបស់ខ្លួនក្នុងសប្តាហ៍នេះ ហើយនឹងបង្ហាញខ្លួន Kylian Mbappe ក្នុងសន្និសីទសារព័ត៌មានផ្លូវការមុន Euro 2024។ Mbappe បេក្ខភាពជើងឯកបាល់ទាត់ពិភពលោកជាមួយបារាំងឆ្នាំ ២០១៨ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Paris Saint Germain សរុប ២៥៦ គ្រាប់ តាំងពីផ្លាស់ពី Monaco នៅឆ្នាំ ២០១៧។កិច្ចសន្យាជាមួយ Real Madrid នៅពេលនេះ មានសុពលភាពដល់ឆ្នាំ ២០២៩ ដោយគេនឹងទទួលបានប្រាក់ឈ្នួល ១៥ លានអឺរ៉ូក្នុងមួយរដូវកាល បូកនឹងប្រាក់រង្វាន់ផ្សេងទៀតដល់ទៅ ១៥០ លានអឺរ៉ូក្នុងរយៈពេល ៥ ឆ្នាំ៕​ អត្ថបទ៖នាង សុភាវុធ

Real Madrid អបអរជើងឯកអឺរ៉ុបលើកទី១៥ នៅកីឡដ្ឋានរបស់ខ្លួន

2024/06/03 10:47:44 pm        159
ក្រុមបាល់ទាត់ Real Madrid បានជួបជុំអបអរសាទរពានរង្វាន់ក្លិបកំពូលអឺរ៉ុបលើកទី ១៥ របស់ខ្លួននៅចំពោះមុខ អ្នកគាំទ្ររបស់ខ្លួននៅក្នុងកីឡដ្ឋាន ​Santiago Bernabeu។ក្រុមអធិរាជស Real Madrid នៅតែជាក្លិបដែលឈ្នះជើងឯកអឺរ៉ុបច្រើនជាងគេដដែល ក្រោយយកឈ្នះ Borussia Dortmund ២-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍នៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។Dani Carvajal គឺជាអ្នកតែតបញ្ចូលទីគ្រាប់ទីមួយ មុនពេលដែលកំហុសរបស់ខ្សែការពារ Dortmund ធ្វើឱ្យ Vinicius Junior ស៊ុតបញ្ចូលទីគ្រាប់ទីពីរធានាជ័យជំនះ។ ក្រៅពីការបង្ហាញពាន Champions League នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនក្នុងកីឡដ្ឋាន Real Madrid ក៏បានដង្ហែពាននៅតាមដងវិថីនៅទីក្រុង Madrid ផងដែរ។ Toni Kroos និង Luka Modric នៅពេលនេះឈ្នះជើងឯក Champions League សរុប ៦ លើកហើយជាមួយ Real Madrid តែ កីឡាករអាល្លឺម៉ង់ Toni Kroos នឹងចាកចេញ ខណៈ Luka Modric ទទួលបានកិច្ចសន្យាបន្តស្នាក់នៅជាមួយ Madrid មួយរដូវកាលទៀត។ រីឯខ្សែបម្រើអង់គ្លេស Jude Bellingham គឺជាកីឡាករដែលជោគជ័យម្នាក់ក្នុងរដូវកាល​ដំបូងរបស់ខ្លួនជាមួយ Real Madrid តាមរយៈការឈ្នះជើងឯក La Liga និង Champions League នេះក្រោយផ្លាស់ពី Dortmund​ ខណៈគេ នឹងរួមអាជីពជាមួយ Kylian Mbappe ដែលនឹងផ្លាស់មកកាន់ Real Madrid រដូវកាលថ្មីខាងមុខ៕ អត្ថបទ៖នាង សុភាវុធ         

ពាន Soccer League លើកទី៧ ចាប់ពូលរួចរាល់ មុនបើកការប្រកួតផ្លូវការ ចុងសប្ដាហ៍នេះ

2024/06/03 10:35:34 pm        272
គណៈកម្មការរៀបចំការប្រកួត បានរៀបចំពិធីចាប់ឆ្នោតបែងចែកពូលប្រកួត នៃពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ រួចហើយ ក្នុងចំណោមបេក្ខភាពក្រុមបាល់ទាត់បុរស-នារី ទាំង ៦១ក្រុម ដែលបានចុះឈ្មោះចូលរួម មុនពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ ។ពិធីចាប់ឆ្នោតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវ ភារិទ្ធ សមាជិកអចិន្រ្តៃយ៍គណ:កម្មធិការកណ្ដាល ស.ស.យ.ក និងជាប្រធានគណៈកម្មការប្រតិបត្តិ កាលពីចុងសប្ដាហ៍កន្លងទៅ នៅអគារ The Kampus ហើយក៏មានការចូលរួមជាសក្ខីភាពពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។ឯកឧត្តម ខៀវ ភារិទ្ធ មានប្រសាសន៍ថា Soccer League មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូប មកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនជុំវិញរាជធានី-ខេត្ត បានបញ្ចេញសមត្ថភាពលើទីលានប្រកបដោយតម្លាភាពនោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ គឺបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ «ស្មារតីសាមគ្គីភាព» ។ទន្ទឹមជាមួយគ្នាដែរ ឆ្នាំនេះ គឺជាជោគជ័យថ្មីមួយទៀត ដែលក្រុមបាល់ទាត់នារី បានចូលរួមប្រកួតកាន់តែច្រើនជាងមុន ដែលជាបទពិសោធន៍ថ្មីមួយ ក្នុងការប្រកួត និងឆ្នាំក្រោយៗទៀត ឯកឧត្តមសង្ឃឹមថា នឹងមានកំណើនកាន់តែច្រើន ដើម្បីលើកស្ទួយ និងជំរុញការអភិវឌ្ឍបាល់ទាត់នារីកម្ពុជាកាន់តែរីកចម្រើន តាមរយៈការប្រកួតបាល់ទាត់នារី នៃពានរង្វាន់ Soccer League ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។គួរដឹងថា ក្នុងចំណោមបេក្ខភាពចុះឈ្មោះចូលរួមប្រកួតពានរង្វាន់ Soccer League ឆ្នាំនេះ គឺមានក្រុមបាល់ទាត់បុរស ៤៨ក្រុម និងនាទី ១៣ក្រុម ។ សម្រាប់ក្រុមបាល់ទាត់បុរស បែងចែកជា ១៦ពូល ក្នុងមួយពូលមាន ៣ក្រុម ដើម្បីប្រកួតចាញ់រកក្រុមខ្លាំងប្រចាំពូលនីមួយៗឡើងវគ្គបន្ដ ។ រីឯផ្នែកនារី បែងចែកជា ៤ពូល ដោយពូល A មាន ៤ក្រុម ខណៈ ៣ពូលទៀត មាន ៣ក្រុមដូចៗគ្នា ។ចំពោះការប្រកួត នៃពានរង្វាន់មិនអាជីពនេះដែរ នឹងប្រើប្រាស់ទីលានសរុប ៦ ក្នុងនោះក្រុមបាល់ទាត់បុរស នឹងប្រកួតនៅទីលានវិទ្យាល័យបឹង ត្របែក, ទីលាន AUPP, កីឡដ្ឋាន Smart RSN, កីឡាដ្ឋាន AIA Stadium, KMH Park, ពហុកីដ្ឋានជាតិអូឡាំពិក និងក្រុមបាល់ទាត់នារី ត្រូវប្រកួតនៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ អត្ថបទ លី ឈុនឡា 

ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រ លើកទី៣ មានអ្នកចូលរួមជិត ១៥០០នាក់

2024/06/03 08:49:57 pm        157
ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រលើកទី ៣ ឆ្នាំនេះ ដែលធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ ទទួលបានអ្នករត់សប្បុរសធម៌ ជាតិ និងអន្តរជាតិ ព្រម​ទាំង​បណ្តាក្រុមហ៊ុនឯកជននានា ជិត១៥០០នាក់ រត់ដើម្បីប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់​​កុមារា-កុមារីក្រីក្រ ៧០០នាក់របស់អង្គការផ្កាយសមុទ្រ។អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រ រៀប​ចំ​ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ គឺគោលបំណងធំដើម្បីគាំទ្រដល់កុមារា-កុមារី ដែល​កំពុងទទួលការឧបត្ថម្ភ ពីអង្គការផ្កាយសមុទ្រ ហើយការ រត់ដើម្បីសុខមាលភាពលើកទី ៣ នេះ ​មានអ្នកចូលរួមច្រើនជាងលើកមុន ។ លោកស្រីបន្តថា អង្គការ​តែងតែ​បង្កើន​ភាព​សប្បាយ​រីករាយ​ជូន​ដល់អ្នកចូលចិត្តរត់ ដើម្បីលើកកម្ពស់សុខភាព ហើយលើកទឹកចិត្តដល់អ្នកចូលចិត្តរត់ និង​អ្នកហាត់កីឡាផ្សេងៗ ដើម្បីឲ្យពួកគាត់មានឳកាសចូលរួមហាត់ប្រាណ និងជួបជុំគ្រួសារ មិត្តភ័ក្ក នៅចុងសប្តាហ៍។ជាមួយនេះដែរអ្នកចូលរួមព្រឹត្តិការណ៍រត់ ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បី​ប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់កុមារា-កុមារីក្រីក្រ ៧០០នាក់នេះ បាន​សម្តែង​នៅ​ភាព​សប្បាយរីករាយដែលបានចូលរួមរត់សម្បុរសធម៌ រៃអង្គាសថវិការ ជូនដល់កុមារក្រីក្រ ហើយ​ព្រម​ទាំងទទួលបាន សុខភាពផងដែរ។សូមបញ្ជាក់ផងដែលថា ព្រឹត្តិការណ៍នេះមានការសហការរៀបចំ ដោយសហព័ន្ធខ្មែរ អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត និងចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន KPMG ខេមបូឌា។ ហើយថវិកាដែលប្រមូលពី សប្បុរសធម៌ និងអ្នករត់មួយចំនួននោះ គឺដើម្បីទិញ សម្ភារៈ សិក្សាសម្រាប់ក្មេងៗ សម្រាប់​ចូល​សិក្សាឆ្នាំថ្មីជិតចាប់ផ្តើមដូច្នេះពួកគាត់ត្រូវការប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ៕

Barcelona ប្រកាសតែងតាំងអ្នកចាត់ការថ្មីលោក Hansi Flick

2024/05/30 10:32:23 pm        178
ក្លិបបាល់ទាត់អេស្ប៉ាញ FC Barcelona បានប្រកាសតែងតាំងអ្នកចាត់ការថ្មីអតីតអ្នកចាត់ការ Bayern Munich លោក Hansi Flick ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ។ លោក Hansi Flick ដែលត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំ ២០២៣ បានមកបន្តតំណែងលោគ Xavi Hernandez ដែលត្រូវបានបណ្តេញចេញពី Barcelona សប្តាហ៍មុន។ ការទទួលបានតំណែងដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់របស់លោក ​Hansi Flick គឺបន្ទាប់ពីអាជីពដ៏ជោគជ័យដឹកនាំ Bayern Munich លើកពានបីក្នុងមួយរដូវកាលនៅឆ្នាំ ២០២០ រួមមាន Bundesliga, German Cup និង UEFA Champions League។ខ្សែប្រយុទ្ធ Barcelona បច្ចុប្បន្ន Robert Lewandowski ក៏ធ្លាប់ជាកីឡាកររបស់ Bayern Munich ក្រោមការដឹកនាំរបស់ Hansi Flick ផងដែរ។ ការមកដល់របស់ Hansi Flick នៅ Barcelona គឺបន្ទាប់ពីរឿងចម្រូងចម្រាសមួយខែពេញរវាងក្លិប និងអ្នកចាត់ការ Xavi Hernandez ជាមួយប្រធានក្លិប Joan Laporta។ Xavi ដែលកាលពីដើមឆ្នាំបានប្រកាសពីការចាកចេញនៅដំណាច់រដូវកាលនោះ បានផ្លាស់ប្តូរចិត្តវិញបន្តដឹកនាំក្រុមមួយរដូវកាលទៀតកាលពីខែមេសា។យ៉ាងណាក្តីថ្មីៗ ចុងក្រោយបំផុតបែជាត្រូវបានក្លិបបញ្ចប់តំណែង ខណៈបុរសសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា អ្នកចាត់ការបន្ទាប់របស់ Barcelona នឹងរងការឈឺចាប់។ រំលឹកថា Xavi Hernandez បានមកកាន់ Barcelona ជាអ្នកចាត់ការដឹកនាំក្រុមឈ្នះជើងឯក La Liga និង Spanish Super Cup ក្នុងរដូវកាលដំបូង តែរដូវកាលនេះមិនមានពានអ្វីទាំងអស់ និងចាញ់ក្រុមលេខមួយ Real Madrid ដល់ទៅ ១០ ពិន្ទុ៕ អត្ថបទ៖នាង​ សុភាវុធ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ក្រើនរម្លឹកអត្តពលិកកម្ពុជា ត្រូវមានមហិច្ឆតាខ្ពស់ ក្នុងកីឡាសិស្ស-និស្សិតអាស៊ាន នាខែក្រោយ

2024/05/30 10:22:12 pm        83
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរម្លឹក និង​លើកទឹក​ចិត្ត​ដល់​កីឡាករ-កីឡាការិនីកម្ពុជាទាំងអស់ ដែលត្រៀមចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើក​ទី១៣ នៅវៀតណាម និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅ​ឥណ្ឌូនេស៊ី នាខែមិថុនាខាងមុខ ត្រូវមានមហិច្ឆតាខ្ពស់ ក្នុងការប្រជែងមេដាយជូនជាតិ។ការក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ផ្ដាំផ្ញើ និងលើកទឹកចិត្ត​ដល់​ប្រតិភូ​កីឡា​សិស្ស និងនិស្សិតទាំងអស់ ដែលត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ ២ផ្សេងគ្នា នាខែក្រោយ នៅ​មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុង​នោះ​ក៏​មាន​ការ​អញ្ជើញចូលរួមពីឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ តំណាងឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ និងជាប្រធានប្រតិភូដឹកនាំផ្ទាល់ ឯកឧត្តម កែ ប៊ុនខៀង បានចាត់​ទុក​បេសកកម្មនាពេលឆាប់ៗខាងមុខ គឺជាមោទនភាពដ៏ធំធេងមួយ ក្នុងនាមប្រតិភូ និងអត្ត​ពលិក​តំណាង​ជាតិ។ តាមរយៈនេះ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ត្រូវមានសង្ឃឹម និង​ជឿជាក់ថា ការចូលរួមប្រកួតនេះ គឺដើម្បីដណ្ដើមនូវអ្វីដែលខ្លួនចង់បាន ។ ទោះបីកីឡាលេង ដើម្បី​សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព តែការដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ ក៏ជា​រឿង​សំខាន់ ដែលត្រូវខំប្រឹងទាំងអស់គ្នាផងដែរ ។ជាមួយគ្នាដែរ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ក៏បានដាស់តឿនដល់កីឡាករ-កីឡាការិនីគ្រប់រូប ត្រូវ​ប្រកាន់​ភ្ជាប់​ឲ្យបានដាច់ខាតនូវវិន័យ ក្រមសីលធម៌ និងសុជីវធម៌ ទាំងនៅកន្លែងស្នាក់នៅ ពេល​ធ្វើ​ដំណើរ ក៏ដូចជាកន្លែងប្រកួត ក្នុងមានជាអត្តពលិកតំណាងប្រទេសកម្ពុជា ពិសេស​ត្រូវ​ចៀស​វាង​ដាច់​ខាត​នូវការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា ។ នេះគឺជាផ្នែកមួយដ៏សំខាន់ បន្ថែម​លើការប្រកួតប្រជែង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងល្អ រវាងសិស្ស-និស្សិត នៃបណ្ដា​ប្រទេស​នីមួយៗ ស្របតាមគោលបំណងរួមរបស់អាស៊ាន ដែលរៀបចំព្រឹត្តិការណ៍នេះឡើង ។ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សិស្ស-និសិ្សត កម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ នឹង​ចាប់​ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ដោយ​កម្ពុជា បានសម្រេចបញ្ជូនប្រតិភូកីឡាចំនួន ៤០នាក់ លើ ៤ប្រភេទកីឡាចូលរួមប្រកួត រួមមាន​កីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ដែលដឹកនាំដោយឯកឧត្តម កែ ប៊ុនខៀង ជាប្រធានប្រតិភូ ។ចំណែកការប្រកួតកីឡានិសិ្សតសាកលវិទ្យាល័យអាស៊ាន លើកទី២១ នឹងប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី ដោយ​កម្ពុជា​សម្រេច​បញ្ជូន​ប្រតិភូ​កីឡាសរុប ៤៥នាក់ចូលរួម លើ ៦ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែល​ទឹក, ប៉េតង់, តេក្វាន់ដូ WT, ការ៉ាតេ និងកីឡាយូដូ ៕ អត្ថបទ លី ឈុនឡា

គោព្រៃកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំ ខណៈសំបុត្រទស្សនាការប្រកួតជាមួយម៉ុងហ្គោលី នឹងលក់ចុងសប្ដាហ៍នេះ

2024/05/30 10:12:25 pm        115
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ បន្ទាប់​ពីកោះហៅ​កីឡាករ ២៦រូប មកពី ៧ក្លិបផ្សេងគ្នា ក្រោមការដឹកនាំរបស់លោក Felix Dalmas ​ដើម្បីបើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ បានធ្វើឡើងនៅកីឡដ្ឋាន AIA Stadium, KMH Park ​កាលពីល្ងាច​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ខណៈការប្រកួតមិត្តភាពអន្ដរជាតិ រវាង​ក្រុម​គោព្រៃកម្ពុជា និងក្រុមភ្ញៀវម៉ុងហ្គោលី នៅសល់រយៈពេល ១០ថ្ងៃទៀត ។ទន្ទឹមជាមួយការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានេះដែរ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ក៏បានប្រកាសពីកាលបរិច្ចេទ នៃការលក់សំបុត្រចូលទស្សនាការប្រកួតផងដែរ ដោយក្រៅ​ពីអាច​ទិញតាមអនឡាញបាន អ្នកគាំទ្រអាចរកទិញផ្ទាល់បាននៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃ​ទី០១ ខែមិថុនាតទៅ ដោយសំបុត្រតំបន់ A ឬ Zone A តម្លៃ ៣០,០០០រៀល និង​សំបុត្រ​តំបន់ B ឬ Zone B មានតម្លៃ ១៥,០០០រៀល ។គួរដឹងថា ការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គឺបានរងបរាជ័យ ២ប្រកួតជាប់គ្នា ក្នុង​ការប្រកួតមិត្តភាពអន្ដរជាតិ FIFA Series កាលពីចុងខែមីនាកន្លងទៅ ពោលគឺ​ចាញ់​ក្រុម​ជម្រើស​ជាតិ​ហ្គីណេអេក្វាទ័រ មកពីទ្វីបអាហ្វ្រិក ២-០ និងចាញ់ក្រុមជម្រើសជាតិហ្គីយ៉ាន មកពី​ទ្វីប​អាមេរិក​ខាងត្បូង ៤-១ ។ រីឯម៉ុងហ្គោលី ក៏បានរងបរាជ័យ ២ប្រកួតដូចគ្នា ក្នុងការប្រកួត​មិត្តភាព​អន្ដរជាតិ FIFA Series គឺចាញ់ក្រុមជម្រើសជាតិតង់ហ្សានី មកពីអាហ្វ្រិកខាងកើត ១-០ និងចាញ់​ក្រុម​ជម្រើសជាតិអាស៊ែបៃហ្សង់ ដែលជាប្រទេស​មួយស្ថិត​នៅ​ចំចំណុច​កណ្តាល​រវាង​តំបន់​អឺរ៉ុប​ខាងកើត និងតំបន់អាស៊ីខាងលិច ដោយលទ្ធផល ៣-០ ។ដូច្នេះចាំមើលតើជំនួបមិត្តភាព រវាងក្រុមទាំងពីរ នាដើមខែក្រោយ កម្ពុជា ឬម៉ុងហ្គោលី នឹង​ទទួល​បានជ័យជម្នះ? អត្ថបទ លី ឈុនឡា 

កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាកាបាឌីពិភពលោក ឆ្នាំ២០២៤ នាខែសីហាខាងមុខ

2024/05/30 10:04:33 pm        82
ដោយទទួលបានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាកាបាឌីពិភពលោក ក្រោមកិច្ច​សហការ​ជាមួយ​អង្គភាពកីឡាក្រសួងមហាផ្ទៃ ក្រុមកាងារកីឡាកាបាឌីកម្ពុជា បានសម្រេច​ទទួល​រៀបចំ​ការ​ប្រកួត​កីឡាកាបាឌីពានរង្វាន់ពិភពលោក World Cup Kabaddi ឆ្នាំ២០២៤ នាខែសីហាខាងមុខ ដោយ​មានអត្តពលិកប្រមាណ ៤០០នាក់ មកពី ១៨ប្រទេសចូលរួម។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​ការងារ​កីឡាកាបាឌីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួត World Cup Kabaddi នៅ វ័នផាក មជ្ឈមណ្ឌលទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះ​ក៏​មាន​ការ​ចូល​រួម​ជាសក្ខីភាពពីលោក S.T. Arasu អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាបាឌី​ពិភពលោក​ផង​ដែរ​។កីឡាកាបាឌី គឺជាប្រភេទកីឡាប្រពៃណីដ៏ចំណាស់មួយរបស់ប្រទេសឥណ្ឌា ដែលដើម​កំណើត​ជាង ៥ពាន់ឆ្នាំមុន ។ ចំពោះរបៀបលេងកីឡានេះ គឺស្រដៀងនឹងល្បែងប្រជាប្រិយកម្ពុជា ១ប្រភេទ ដែលប្រជាពលរដ្ឋ ពិសេសក្មេងៗ និងយុវជននិយមលេងតាមជនបទ ដែលគេឲ្យឈ្មោះ «ល្បែងអ៊ូ ឬលេងអ៊ូ» ។ ដោយពិនិត្យសើរៗលើទម្រង់នៃការលេងនេះ ថ្នាក់ដឹក​នាំកីឡា​​កាបាឌី​កម្ពុជា ​បានសន្និដ្ឋានដោយប្រហែលៗថា ប្រភេទកីឡាទាំងពីរ ក៏ទំនាក់ទំនងនឹងគ្នា ដូចទំនាក់​ទំនង​ប្រពៃណី វប្បធម៌ រវាងកម្ពុជា និងឥណ្ឌាដែរ ។ឯកឧត្តម ជិន សំណាង បានបញ្ជាក់ថា នេះគឺជាការបើកទំព័រថ្មី ក្នុងការ​នាំ​យក​កីឡា​កាបាឌី​មក​កាន់​ប្រទេស​កម្ពុជា ។ ទោះបីមិនទាន់រៀបចំមហាសន្និបាតបង្កើតជាសហព័ន្ធផ្លូវការ តែដោយ​សារ​មរតក​ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាមហាជោគជ័យព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ធ្វើឲ្យថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡាកាបាឌីពិភពលោក ចាប់អារម្មណ៍ និងអនុញ្ញាតឲ្យកម្ពុជា រៀបចំការ​ប្រកួត​ពាន​រង្វាន់ World Cup Kabaddi 2024 ចាប់ពីថ្ងៃទី២០-២៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅរាជ​ធានីភ្នំពេញ ។ប្រធានក្រុមការងារកីឡាកាបាឌីកម្ពុជាដដែលបន្ដថា នេះគឺជាការចាប់ផ្ដើម តែ​មិនមែន​ជា​ការ​បញ្ចប់​នោះ​ទេ ពោលគឺក្រោយរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងនេះ ក្រុមការងារ​ខ្លួន​នឹង​ព្យាយាម​អភិវឌ្ឍន៍បន្ថែម ដើម្បីបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឆ្ពោះ​ទៅរកការ​ប្រកួត​អន្ដរជាតិ​ផ្សេងៗ​នា​ថ្ងៃ​អនាគត ដូចប្រភេទកីឡាដទៃទៀតដែរ។ទន្ទឹមជាមួយគ្នា ក្នុងនាមដៃគូសហការរៀបចំក្រុមកីឡាករ-កីឡាការិនី ត្រៀមការប្រកួត World Cup Kabaddi  នាខែសីហាខាងមុខ ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ បានសម្ដែងការគាំទ្រពេញ ចំពោះការនាំ​យក​ប្រភេទ​កីឡា​ប្រពៃណី​មួយរ​បស់​ប្រទេស​ឥណ្ឌា មកកាន់ទឹកដីកម្ពុជា ដើម្បីផ្ដល់លទ្ធភាពឲ្យយុវជនបានលេងកីឡាថ្មីមួយទៀត ហើយ​ក៏​ជា​ការ​បំផុស​នូវការលេង «ល្បែងអ៊ូ» របស់ខ្មែរ ដែលមានរបៀបរបបលេងស្រដៀងគ្នាផងដែរ ។តាមការបញ្ជាក់របស់លោក Arasu អគ្គលេខាធិការសហព័ន្ធកីឡាកាបាឌីពិភពលោក បាន​ឲ្យ​ដឹង​ថា ការប្រកួត World Cup Kabaddi 2024 នៅកម្ពុជា នឹងមានអត្តពលិកយ៉ាងហោច ១៨​ប្រទេស មកពី ៥ទ្វីប ក្នុងនោះមានប្រតិភូ និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ចូលរួម ។ ក្នុង​នាមសហព័ន្ធពិភពលោក លោកបានប្ដេជ្ញាផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ពិសេស​លើ​ការងារ​បច្ចេកទេស ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យបានរលូន និងជោគជ័យ ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣ នៅ​កម្ពុជាដែរ ៕ អត្ថបទ លី ឈុនឡា  

ព្រះខ័នរាជ ចែកផ្លូវម្ចាស់ស្បែកជើងមាស ខណៈ សុក សំណាង ចូលនិវត្តន៍ ក្រោយបង្កើតកំណត់ត្រាថ្មីជូនក្លិប

2024/05/24 08:39:06 pm        572
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ២រូប ក្នុងនោះមានម្ចាស់ស្បែកជើងមាស Marcus Haber និងកីឡាករសញ្ជាតិប្រេស៊ីល Iago Bento ស្របពេលសមាជិកដ៏ចាស់វស្សា សុក សំណាង បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីពួកគេ បានរួមចំណែកបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជូនក្លិប ដោយគ្រងជើងឯកពាន ២ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ កន្លងទៅ ។ការចែកផ្លូវជាមួយម្ចាស់ស្បែកជើងមាសរូបនេះនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិប ក៏ដូចជាអ្នកនិយាមតាមដានវិស័យបាល់ទាត់ជាតិ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការមិនខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ដែលតែងរកបានគ្រាប់បាល់គ្រាប់ការប្រកួត រហូតក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេសរុបចំនួន ៣១គ្រាប់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាតិ ឆ្នាំ២០២៣/២៤ ។Marcus Haber ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមកីឡាករបរទេសផ្សេងទៀត រួមកីឡាករ Iago Bento ផងដែរ ដែលបានរួមចំណែកជួយក្រុមគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ សម្ដែងការសោកស្ដាយ ទោះបីក្លិបមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ជុំវិញការចែកផ្លូវនេះក៏ដោយ ។ចំណែកកីឡាករ សុក សំណាង ដែលបានរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១០ ត្រូវបានក្លិបប្រកាសនៅថ្ងៃជាមួយគ្នា នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ហើយ បន្ទាប់ពីធ្លាប់បានរួមចំណែកជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាចំនួន ៣លើក និងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ចំនួន ៥លើក បើគិតត្រឹមរដូវកាលឆ្នាំ២០២៣/២៤ ដែលរូបគេក៏បានរួមចំណែកជួយក្រុមគ្រងជើងឯកពាន ២ ក្នុងមួយរដូវកាលផងដែរ ។មិនទាន់អស់នៅឡើយ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានប្រកាសពីការចាកចេញរបស់អ្នកចាំទី អោម ឧត្តម ហួយ ផល្លីន និង សំអឿន ពិដោរ ផងដែរ។ ទន្ទឹមជាមួយការចូលនិវត្តន៍នេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ចំពោះស្នាដៃ នៃការលះបង់ និងខិតខំប្រឹងប្រែជួយក្លិបជាង ១០ឆ្នាំកន្លងមក  ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានសម្រេចផ្ដល់ឱកាសការងារជាមួយក្រុមការងារគ្រូ ដើម្បីបន្តជាផ្នែកមួយរបស់ក្លិប នៅក្នុងការអភិវឌ្ឍន៍យុវជនផងដែរ។គួរដឹងថា ក្រោយបញ្ចប់បេសកកម្មធំៗក្នុងស្រុក ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship (Shopee Cup) ឆ្នាំ២០២៤/២៥ ដែលពួកគេ ត្រូវជួបក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ហើយក្រុមជើងឯកពានសម្ដេចតេជោ ៥សម័យនេះ ក៏នឹងត្រូវបន្ដចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League 2024/25 នាពេលខាងមុខផងដែរ ៕ អត្ថបទ លី ឈុនឡា

ប្រជាពលរដ្ឋច្រើនកុះករ ចូលរួមសាទរពិធីដង្ហែពានពីរ របស់ក្លិបព្រះខ័នរាជស្វាយរៀង

2024/05/18 01:46:17 am        29
ស្វាយរៀង ៖ នៅចថ្ងៃទី១៧ ខែឧសភានេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានរៀបចំពិធីដង្ហែពានទាំងពីរ ដែលក្រុមខ្លួនទើបគ្រងជើងឯកទាំងពីរ ក្នុងមួយរដូវកាល រួមមានពានរង្វាន់ Cambodian Premier League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនយ៉ាងច្រើនកុះករ បានចូលរួមដង្ហែ និងអបរសាទរជាមួយសមិទ្ធផលជាប្រវត្តិសាស្ដ្ររបស់ក្លិបឆ្នាំនេះ ។ផ្ដើមក្បួនដង្ហែចេញពីកីឡដ្ឋានស្វាយរៀង នាម៉ោង ៣រសៀល ដោយដង្ហែឆ្លងកាត់ទីតាំងសម្ងាន់ៗ ជាច្រើន ក្នុងក្រុង មុនបញ្ចប់នៅទីចុងក្រោយ វិមានឯករាជ្យក្រុងស្វាយរៀង គេឃើញមានអ្នកគាំទ្រយ៉ាងច្រើនបានចូលរួមដង្ហែតាំងពីកន្លែងចាប់ផ្ដើម រហូតដល់ទីតាំងបញ្ចប់ ហើយគ្រប់ផ្លូវនីមួយៗ ក៏មានប្រជាពលរដ្ឋចេញមកសាទរយ៉ាងឈូឆរផងដែរ ដែលបង្កឲ្យបរិយាកាសកាន់តែអធិកអធមថែមទៀត ក្នុងកម្មវិធីដង្ហែពានរង្វាន់សម្ដេចតេចោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ របស់ក្លិបព្រះខ័នរាជស្វាយរៀងនេះ ។ទន្ទឹមជាមួយការដង្ហែពានពីរ ក្នុងមួយរដូវកាលនេះដែរ ក្រៅពីអញ្ជើញប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង គ្រប់មជ្ឈដ្ឋានចូលរួម ក្លិបក៏មាននូវកម្មវិធីថតរូបអនុស្សាវរីយ៍ជាមួយពាន ការចុះហត្ថលេខាផ្ទាល់ពីកីឡាករ ក៏ដូចជាកម្មវិធីកម្សាន្ដជាច្រើនទៀត ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ពីកម្មវិធី ។ អ្វីដែលពិសេសទៀតនោះ ក្លិបក៏បានរៀបចំនូវការប្រគុំតន្រ្តីដ៏ធំ ដោយមានការចូលរួមសម្តែងពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដូចជាលោក G-Devith លោក នីកូ ពូឃ្លាំង និងកញ្ញា កាម៉ុនរ័ត្ន ដើម្បីបង្កភាពសប្បាយរីករាយជូនអ្នកគាំទ្ររបស់ខ្លួនផងដែរ ។គួរដឹងថា ព្រះខ័នរាជស្វាយរៀង គឺជាក្លិបដំបូង ក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដែលបានគ្រងជើងឯកពាន ២ ក្នុងមួយរដូវកាល ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២៤ បន្ទាប់ពីក្លិបភ្នំពេញក្រោន ដែលធ្លាប់ធ្វើបានកំណត់ត្រានេះ កាលពីឆ្នាំ២០០៨ ។ ជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្រមានការសាទរ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះការធ្វើបានយ៉ាងល្អរបស់ក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ ហើយក៏សង្ឃឹមថា ព្រះខ័នរាជស្វាយរៀង នឹងបន្ដធ្វើបានកាន់តែល្អនារដូវកាលថ្មី ពិសេសការត្រៀមចូលរួមប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍ AFF Club Championship និងជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League សម្រាប់រដូវកាលឆ្នាំ២០២៤/២៥ តែម្ដង ៕អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM
[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
07/28/2026 06:07 PM
ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
07/28/2026 05:07 PM