Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

ពានបាល់ទះ ៤ស្មើ បញ្ចប់ដោយជោគជ័យ ជាមួយគំរូដ៏ល្អ សម្រាប់កីឡាករទូទាំងប្រទេស

2024/04/29 05:12:30 pm        264
ការប្រកួតកីឡាបាល់ទះ ៤ស្មើទូទាំងប្រទេស ដណ្ដើមពានរង្វាន់ Wurkz Special Volleyball Cup 4x4 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ចប់ហើយ ដោយ​សមាគម​កីឡាបាល់ទាត់ វិសាខា (A) បានគ្រងជើងឯក អមប្រាក់រង្វាន់ ៥០លានរៀល បន្ទាប់​ពី​យក​ឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-១សិត ជាមួយពិន្ទុ ២៥-២២, ២៥-២០, ២៥-២៧ និង ២៥-១៨ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះ​ដំណើរការប្រកួតពានបាល់ទះ ៤ស្មើរយៈពេល ២ខែកន្លងមក តាំងពីវគ្គជម្រុះតាមភូមិភាគ រហូត​ដល់ជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ដែលការប្រកួតមានភាពស្វិតស្វាញខ្លាំង កាត់​បន្ថយ​គម្លាត​សមត្ថភាពរវាងក្រុមនៅរាជធានី និងតាមបណ្ដាលខេត្ត ពិសេសបាន​កែ​ទម្លាប់​លេង​ក្រៅ​ប្រព័ន្ធ​ មកលេងបាល់ទះតាមស្ដង់ដារ ដែលជាគំរូដ៏ល្អសម្រាប់កីឡាករទូទាំងប្រទេស ។ជាមួយគ្នាកីឡាករ ប៊ន ណារិទ្ធ សមាជិកក្រុមក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ ចំពោះ​ការ​រៀបចំ​ពាន​បាល់ទះ ៤ស្មើទូទាំងប្រទេសរបសសហព័ន្ធ ។ ទោះបីមិនអាចជួយក្រុមឈ្នះពាន តែ​ការ​ចូលរួមពីបណ្ដាលក្រុមរាជធានី-ខេត្តយ៉ាងផុសផុល បានធ្វើឲ្យខ្លួនរីករាយ ចំពោះសញ្ញាណ​ដ៏​ល្អ​នៃ​ភាពរីកចម្រើនវិស័យបាល់ទះកម្ពុជា ហើយគេក៏សង្ឃឹមថា នឹងមានការប្រកួតស្ដង់ដារ ៦ស្មើ និងបន្ដរៀបចំពាន ៤ស្មើជាហូរហែលបន្ថែមទៀតផងដែរ ។សូមរំឮកថា ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ៤ស្មើទ្រង់ទ្រាយធំទូទាំងប្រទេសនេះ បាន​ចាប់​ផ្ដើម​ការ​ប្រកួតជម្រុះ កាលពីចុងខែកុម្ភៈ រហូតដល់ចុងខែមីនា ដោយបែងចែកជា ៥មណ្ឌល និង​មាន ៥២ក្រុមចូលរួម ដើម្បីចម្រាញ់យកក្រុមលេខ១ និងលេខ២ ប្រចាំមណ្ឌលនីមួយៗ ឡើង​ជុំ​ផ្ដាច់​ព្រ័ត្រ ជាមួយបេក្ខភាព ៦ក្រុមទៀត នៃជើងឯក «តេជោលីគ» ។ជាលទ្ធផលក្រោយបញ្ចប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Wurkz Special Volleyball Cup 4x4 2024 ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា សម្រាប់ក្រុមលេខ១ បាន​ទៅ​ក្រុម​បាល់​ទះ​វិសាខា ទទួលបានពាន អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ក្រុមក្រសួងមហាផ្ទៃ ទទួល​បាន​ប្រាក់​រង្វាន់ ២០លានរៀល និងលេខ៣ ក្រុមកងពលធំអន្ដរាគមន៍លេខ៣ ទទួលបាន​ប្រាក់​រង្វាន់ ១២លានរៀល ៕ អត្ថបទ លី ឈុនឡា  

ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលើកទី៥ ពានសម្ដេចតេជោ ហ៊ុន សែន ក្រោយខកខាន ៥រដូវកាល

2024/04/29 04:35:18 pm        666
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់​សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣/២៤ ជាផ្លូវការហើយ ក្រោយ​យក​ឈ្នះ​ក្រុម​ភ្នំពេញ​ក្រោន ដោយលទ្ធផល ១-០ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង នៃជំនួបវគ្គផ្ដាច់ព្រ័ត្រ កាល​ពី​រាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ជំនួបដ៏ជក់ចិត្ត ដែលមានទស្សនិកជនចូលទស្សនាផ្ទាល់ខ្ទង់ ៣ម៉ឺននាក់នេះ ក្រុមទាំងពីរ បាន​បង្ក​ទស្សនីយ​ភាពស្ទើរគ្រប់រស់ជាតិលើទីលាន គួបផ្សំការដឹកនាំដ៏ច្បាស់លាស់របស់អាជ្ញាកណ្ដាល បាន​ធ្វើ​ឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ។ យ៉ាងណាក្ដី ៩០នាទីពេញ នៃការប្រកួត ក្រុម​ទាំង​ពីរ មិនអាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ឈានដល់ការបន្ថែមម៉ោង ១៥នាទី ២ដង ក្រុមទាំងពីរ នៅតែធ្វើបានល្អរៀងខ្លួន រហូត​ដល់​នាទី​១០៩​ ទើបកីឡាករ Marcus Haber ស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្នំពេញក្រោន ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នាំមុខ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើស្លាប់ឆ្វេង Gabriel Silva ហើយក៏ជាគ្រាប់បាល់បញ្ចប់ការរង់ចាំអស់រយៈពេល ១៤ឆ្នាំរបស់ក្រុមសិង្ហក្រហម ដើម្បី​ជួយ​ឲ្យក្រុមព្រះខ័នរាជស្វាយរៀង លើកពានជាលើកទី៥ បន្ទាប់ពីខកខានអស់រយៈពេល ៥​រដូវកាលផងដែរ ។ក្រោយបញ្ចប់ការប្រកួតលោក កែវ សុខង៉ន អ្នកចាត់ការទូទៅក្រុមភ្នំពេញក្រោន បាន​សម្ដែង​ការ​សោក​ស្ដាយ ដែលខ្លួនមិនអាចដឹកនាំក្រុមលើកពាន ដូចកាលខ្លួននៅជាកីឡាករ ។ តែ​យ៉ាង​ណា​លោ​​ក​ទទួលស្គាល់ ពីការប្រកួតប្រជែងដ៏ស្វិតស្វាញលើទីលានរវាងក្រុមទាំងពីរ ពិសេស​គឺ​ចំនួន​ទស្សនិក​ជន​ដ៏ច្រើនមិនធ្លាប់មាន ដែលបានទស្សនាផ្ទាល់ការប្រកួតរវាងក្លិប និងក្លិប ដែល​ជា​សញ្ញាណ​ដ៏​ល្អនៃភាពរីកចម្រើនវិស័យបាល់ទាត់កម្ពុជា ។ក្រៅពីជំនួបដណ្ដើមជើងឯកដ៏កក្រើកពហុកីឡដ្ឋានជាតិហើយនោះ សម្រាប់​ជំនួប​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ ក៏បានបញ្ចប់ដោយភាពតានតឹងផងដែរ រវាងក្រុមបឹងកេត និងវិសាខា ដែល​ក្រុមទាំងពីរ បានបញ្ចប់ការប្រកួត ៩០នាទី ដោយលទ្ធផលស្មើគ្នា ០-០ ដូចគ្នា តែ​មិន​មាន​ការ​បន្ថែម​ម៉ោង ១៥នាទី ២ដងនោះទេ ពោលគឺឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយ​ក្រុមវិសាខា បានយកឈ្នះ ៤-៣ ដើម្បីគ្រងចំណាត់ថ្នាក់លេខ៣ ប្រចាំ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន តែម្ដង ។គួរដឹងថា ពិធីបិទការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឯក​ឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ឌី វិជ្ជា សមាជិកសហព័ន្ធ និងជា​ប្រធាន​គណៈកម្មការ​នាយកនៃគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។ពាក់ព័ន្ធនឹងរង្វាន់ជ័យលាភី សម្រាប់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយមាស ៤៥​គ្រឿង និងពានរចនាបថថ្មីដ៏ស្រស់ស្អាត ១ អមប្រាក់រង្វាន់ ១៥០លានរៀល ។ លេខ២ ក្រុម​ភ្នំ​ពេញ​ក្រោន ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងប្រាក់រង្វាន់ ១០០លានរៀល និងលេខ៣ ក្រុម​វិសាខា ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង និងប្រាក់រង្វាន់ ៧០លានរៀល ។ រីឯ​ពាន​រង្វាន់​ក្រុម​ Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ ១០លានរៀល ។ចំណែកពានរង្វាន់ឯកត្ដជនវិញ រួមមានលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ​ពាន​គ្រូ​បង្វឹកល្អជាងគេ អមប្រាក់រង្វាន់ ៥លានរៀល, កីឡាករ វីរៈ ដារ៉ា របស់ព្រះខ័ន​រាជ​ស្វាយ​រៀង​ ឈ្នះពានអ្នកចាំទីល្អជាងគេ អមប្រាក់រង្វាន់ ៥លានរៀល, កីឡាករ Bastos របស់វិសាខា ឈ្នះពានកីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ( ៦គ្រាប់) អមប្រាក់​រង្វាន់ ៥លានរៀល និងកីឡាករ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​ប្រចាំពានរង្វាន់ អមប្រាក់រង្វាន់ ៥លានរៀល ដូចគ្នា៕ អត្ថបទ លី ឈុនឡា

អបអរសាទរ! កម្ពុជា ឈ្នះមេដាយ ៧គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

2024/04/28 03:38:16 pm        650
ក្រុមកីឡាករ-កីឡាការិនី កីឡាការ៉ាតេកម្ពុជា រកបានមេដាយសរុប ០៧គ្រឿង ក្នុង​នោះ​មេដាយ​ប្រាក់០១ និងសំរឹទ្ធ០៦ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ​២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតសរុបចំនួន៣៩នាក់ ដែលព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤៕

អបអរសាទរក្រសួងអប់រំ យុវជន និងកីឡា ក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៩ ឆ្នាំ២០២៤

2024/04/07 04:50:02 pm        224
បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករក្នុងក្រុមនីមួយៗ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នលើកទី៩ បានរកឃើញម្ចាស់តំណែងជើងឯកហើយ ដែលបានទៅលើក្រុមយុវជនក្រសួងអប់រំយុវជន និងកីឡា បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមយុវជនក្រសួងសុខភិបាល នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនឹងលទ្ធផល ២-១។សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន" គឺជាវេទិកាកីឡា ដែលរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ។ ដោយឡែក នៅក្នុងឆ្នាំនេះការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន" មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន៣៤ ៕

គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 10:12:30 pm        219
គណៈកម្មាធិការម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ជូន​ដំណឹង​ស្ដីអំ​ពី​ការ​បង្កើត​កម្ម​វិធី​ថ្មីមួយ ដែលមានឈ្មោះថា ស៊េរីម៉ារ៉ាតុងខ្មែរដ៏មហិមា ឬ The Great Khmer Marathon Series ដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីខ្មែរទាំងអស់ ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​រត់​ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅកម្ពុជា ។លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការម៉ារ៉ាតុង បានឲ្យដឹងថា កម្មវិធីថ្មីនេះ រៀប​ចំ​ឡើង​ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Checkpiont Sport របស់ប្រទេសម៉ាឡេស៊ី ដោយ​ត្រូវ​រួម​បញ្ចូល​គ្នា​នូវព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងធំៗទាំង ៤ នៅកម្ពុជា រួមមានទិវារត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង ខេត្តព្រះសីហនុ, ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ, ទិវា​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរ និងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅ​អង្គរវត្ត។ដំណើរការប្រកួត លោកបានពន្យល់ថា រាល់កីឡាករ-កីឡាការិនីខ្មែរ ដែល​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នីមួយៗ នឹងទទួលបានពិន្ទុ ហើយការផ្ដល់ពិន្ទុ អាស្រ័យលើចម្ងាយរត់ និងថេរវេលា ។ បន្ទាប់​មកនៅចុងឆ្នាំ២០២៤ នឹងមានការបូកបញ្ចូលពិន្ទុគ្នា ដើម្បី​យក​ទៅ​ប្រឡង​ប្រជែង​កាត់​សេចក្ដី​ក្នុង​កម្មវិធី “ស៊េរីម៉ារ៉ាតុងខ្មែរដ៏មហិមា” នេះតែម្ដង ។ ចំពោះអត្ថប្រយោជន៍ កីឡាករ-កីឡាការិនីទទួលបានលេខ១ នឹងទទួល​បាន​សំបុត្រ​យន្ដ​ហោះ​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរជាតិ នៅម៉ាឡេស៊ី ព្រមទាំងចំណាយផ្សេងៗ ដែលជាបន្ទុករបស់គណៈកម្មាធិការម៉ារ៉ាតុង គ្រា​ដែល​អត្តពលិកពីលេខ១ ដល់លេខ៥០០ ទាំងបុរស-នារី ក៏នឹងមានទទួលបានវត្ថុអនុស្សាវរីយ៍ ក៏​ដូចជាលិខិតសើរពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។ដូច្នេះតាមរយៈកម្មវិធីថ្មី ដើម្បីលើកទឹកចិត្តដល់អ្នករត់ប្រុស-ស្រី ដែលជាជនជាតិខ្មែរនេះ គណៈក​ម្មាធិការ​ម៉ារ៉ា​តុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសំណូម​ពរ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ព្រឹត្តិការណ៍​កីឡាម៉ារ៉ាតុងទាំង ៤ ឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នៅ​កម្ពុជា​ផង និងបន្សល់នូវអនុស្សាវរីយ៍ល្អៗ តាមរយៈការចូលរួមរត់ ដើម្បីសុខភាព និង​សប្បុរសធម៌នេះផង ។ចំពោះកម្មវិធីរត់ទាំង ៤ព្រឹត្តិការណ៍ ក្នុងឆ្នាំ២០២៤ នេះ រួម​មាន​ទិវា​រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង ខេត្តព្រះសីហនុ រៀបចំនៅថ្ងៃទី០៧-មេសា, ទិវារត់ប្រណាំង​ភ្នំពេញ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អន្ដរជាតិ រៀបចំនៅថ្ងៃទី១៦-មិថុនា, ទិវារត់ប្រណាំង​ម៉ារ៉ា​តុង​អន្ដរជាតិ​ចក្រ​ភព​ខ្មែរ​ រៀបចំនៅថ្ងៃទី៤-សីហា និងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត រៀប​ចំ​នា​ថ្ងៃ​ទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន និងរូបពាក់ព័ន្ធ ៕  

វិសាខា ត្រឡប់ចូលលេងលីគវិញ ក្រោយចាញ់ស្វ័យប្រវត្តិ ១ប្រកួត

2024/03/27 05:43:41 pm        533
ការប្រកួតបាល់ទាត់ជម្រើសជើងឯកលីគកំពូលកម្ពុជា នឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ បន្ទាប់​ពីសម្រាក ២សប្ដាហ៍ កំឡុង FIFA Day ខណៈក្រុមវិសាខា ក៏នឹងត្រឡប់មកលេងវិញដែរ ក្រោយ​ប្រកាសដកខ្លួនពីគ្រប់ការប្រកួតដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) រហូត​ត្រូវបានគណៈកម្មការវិន័យ និងសីលធម៌ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេច​ពិន័យ​ឲ្យ​ចាញ់ស្វ័យប្រវត្តិ ១ប្រកួត ទល់នឹងក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-០ ទៀតផង ។ទោះបីវិសាខា មិនបានប្រកាសផ្លូវការអំពីការត្រឡប់មកវិញក្ដី តែយោង​តាម​ការ​ជូន​ដំណឹង​អំពី​កម្ម​វិធី​ប្រកួត​លីគកំពូលកម្ពុជា សប្ដាហ៍ទី២៥ កាលពីដើមសប្ដាហ៍កន្លងទៅ ខណៈពួកគេ ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់ នាថ្ងៃទី៣១ ខែមីនា​ចុង​សប្ដាហ៍​នេះ សបញ្ជាក់ឲ្យឃើញថា វិសាខា ពិតជានឹងត្រឡប់មកចូលរួមប្រកួតលីគធម្មតាឡើងវិញ បន្ទាប់​ពី​មា​ន​ការជួបពិភាក្សា និងធ្វើសន្និសីទរួមពាក់ព័ន្ធនឹងការដកខ្លួនរបស់វិសាខា និង​មាន​ការ​ដាក់​ពិន័យ​រួចរាល់កាលពីថ្មីៗ។សម្រាប់កម្មវិធីប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២៥ ដែលនឹងត្រឡប់មកវិញ នាចុងសប្ដាហ៍នេះ រួម​មាន​នៅថ្ងៃទី៣០ ខែមីនា ក្រុមបឹងកេត ត្រូវជួបក្រុមណាហ្គាវើលដ៏ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក និងក្រុម ISI ដង្កោសែនជ័យ ត្រូវជួបក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ នៅខេត្តតាកែវ ។ ការប្រកួតទាំង ២គូនេះ គឺជាជំនួបដ៏ជក់ចិត្ត ដ្បិតក្រុមបឹងកេត និងក្រុម ISI ដង្កោសែនជ័យ សុទ្ធ​តែ​ត្រូវ​ការឈ្នះ ដើម្បីរក្សាឱកាស និងប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ។រីឯការប្រកួតនៅថ្ងៃទី៣១ ខែមីនា គឺមាន ៣គូ ក្នុងនោះក្រុមវិសាខា ជួប​ក្រុម​ម្ចាស់​ផ្ទះ​កង​យោធ​ពល​ខេមរភូមិន្ទ គឺមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី និង​ក្រុម​អង្គរ​ថាយហ្គឺរ ត្រូវជួបក្រុមភ្នំពេញក្រោន នាវេលាម៉ោង ៣៖៤៥នាទីរសៀលដូចគ្នា៕ អត្ថបទ លី ឈុនឡា

ជម្រើសជាតិកម្ពុជាបញ្ចប់ការប្រកួតមិត្តភាព FIFA Series ដោយចុងក្រោយចាញ់​ហ្គីយ៉ាន ១ទល់នឹង៤

2024/03/27 04:45:59 pm        503
បាល់ទាត់មិត្តភាពអន្តរជាតិ ដែលជាផ្នែកមួយនៃទិវាប្រកួតរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA Day) FIFA Series បានបញ្ចប់ហើយ ដោយក្នុងនោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវលេងនៅអារ៉ាប៊ីសាអូឌីត ប្រកួតចុងក្រោយចាញ់ប្រទេសហ្គីយ៉ានមកពីអាមេរិកខាងជើង ១ទល់នឹង៤ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។ជំនួបចុងក្រោយ លេងបានត្រឹម២០នាទី ហ្គីយ៉ាននាំមុខ ក្រុមជម្រើសជាតិកម្ពុជា ១ទល់នឹង០ មុនដោយគ្រាប់បាល់របស់កីឡាករ Omari Glasgow។ តែចូលវគ្គទី២ នាទីទី៥៣ កីឡាករ សៀង ចន្ធា ក៏បានរកគ្រាប់តាមស្មើឱ្យគោព្រៃ ១ទល់នឹង១ ពេលដែលកីឡាករ ផាន សុផេន បញ្ជួនបាល់ឱ្យ។៦នាទីបន្ទាប់ ហ្គីយ៉ាន នាំមុខជាថ្មីដោយបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Omari Glasgow ដដែល។ នាទីដែលនៅសេសសល់ ក្រុមបាល់ទាត់ដែលមកពីសហព័ន្ធ CONCACAF មួយនេះ បន្ថែមពីរគ្រាប់ទៀតដោយកីឡាករ Leo Lovell នាទីទី៨០ និងកីឡាករ Ryan Khedoo នាទី​ទី៩០​បូក២។ការប្រកួត FIFA Series ក្នុងពូលជាមួយកម្ពុជានេះ ជម្រើសជាតិ កាប់វែរ ឈ្នះទាំងពីរប្រកួត ខណៈដែលក្រុម ហ្គីណេអេក្វាទ័រ និងហ្គីយ៉ាន ឈ្នះមួយប្រកួតម្នាក់។ក្រុមបាល់ទាត់កម្ពុជា នឹងមកដល់មាតុប្រទេសយប់ថ្ងៃទី២៨ ខែមីនានេះ ខណៈបេសកកម្មបន្ទាប់ ក្រុមគោព្រៃកម្ពុជា ត្រូវត្រៀមលេងពានរង្វាន់បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ ២០២៤ (ASEAN Mitsubishi Electric Cup) នៅចុងឆ្នាំ៕

រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា

2024/03/25 07:06:01 pm        218
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្ដីពីការសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែល​មាន​អក្សរ​កាត់​ថា ទ.ក.ប.ដ ឬ CADA ដើម្បីធានា និងរក្សាបាននូវភាពស្អាតស្អាតស្អំក្នុងវិស័យកីឡា ដោយ​គោរពតាមច្បាប់អន្ដរជាតិ ។យោងតាមអនុក្រឹត្យ ដោយផ្អែកលើសំណើររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវបទប្បញ្ញត្ដិទូទៅ ដើម្បី​ចូល​រួម​អនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និង​លិខិ​ត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ ។សម្រាប់តួនាទី និងភារកិច្ចរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើការ​អនុវត្ត​អនុសញ្ញា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ដូប៉ា​ក្នុង​វិស័យកីឡា គឺមានភារកិច្ចដូចជា៖- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព បទប្បញ្ញត្ដិផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា- ផ្សព្វផ្សាយបទប្បញ្ញត្ដិដទៃទៀត និងអនុម័តលក្ខន្ដិកៈប្រឆាំងដូប៉ាក្នុងវិស័យកីឡា- ស្រាវជ្រាវសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់- ផ្សព្វផ្សាយបញ្ជីសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់- ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងក្រមប្រឆាំងដូប៉ាពិភពលោក- រៀបចំរបាយការណ៍ ស្ដីពីការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំង​នឹងការប្រើប្រាស់​សារធាតុ​ដូប៉ា​ក្នុង​វិស័យកីឡា ជូនអង្គការយូណេស្កូ និងអង្គការអន្ដរជាតិដែលពាក់ព័ន្ធ- ត្រួតពិនិត្យការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់សហព័ន្ធកីឡាជាតិ និងសហព័ន្ធកីឡាដទៃទៀត-លើកទឹកចិត្តក្រសួង ស្ថាប័នពា់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡា- ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ- ចូលរួមប្រជុំពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡាកម្រិតជាតិ តំបន់ និងអន្ដរជាតិ ។ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយ​មាន​ការ​ចង្អុល​បង្ហាញ ណែនាំ និងជំរុញការរៀបចំរបស់អ្នកជំនាញពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានសម្រេចចុងក្រោយ ហើយត្រូវបានគណៈរដ្ឋមន្ដ្រី និងក្រុមប្រឹក្សាអ្នកច្បាប់ ឯក​ភាពលើការងារនេះ មុនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចចេញនូវអនុក្រឹត្យដ៏មានតម្លៃបំផុត សម្រាប់កសាងកីឡាស្អាតស្អំនៅកម្ពុជា ដោយ​អនុលោម​ភាព​ទៅនឹងច្បាប់នៃការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ានៅលើឆាកអន្ដរជាតិ ។ក្នុងនាមប្រតិបត្តិករកីឡាឆ្នើមកម្ពុជាមួយរូប ឯកឧត្តមបានសម្ដែងការគាំទ្រពេញទំហឹង និង​បង្ហាញ​នូវ​សុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្កើតឲ្យមានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាជាតិនេះឡើង ។ ឯកឧត្តម​សង្ឃឹមជឿជាក់យ៉ាងមុតមាំទៀតថា ការបង្កើតច្បាប់នេះ នឹងទទួល​បាន​ការ​អបអរ​សាទរ​ពី​សំណាក់​ស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីធ្វើឲ្យវិស័យកីឡាកម្ពុជា កាន់តែមានភាពរឹងមាំ ហើយ​ធ្វើ​ឲ្យកម្ពុជា ក្លាយជាប្រទេស ដែលមានកីឡាករ-កីឡាការិនី និងអ្នកលេងកីឡាទាំងអស់ ដែល​មិនប៉ះពាល់នូវសារធាតុហាមឃាត់ ស្របតាមច្បាប់អន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា  

ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា

2024/03/25 06:45:06 pm        179
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជំរុញ និង​លើកទឹកចិត្តដល់ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការ​ប្រកួត​តេក្វាន់​ដូ ​ITF​ ជ្រើស​រើស​ជើង​ឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ។ការជំរុញនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពីថ្ងៃទី២៤ ខែមីនា ស្របពេលឯកឧត្តមទេសរដ្ឋមន្ដ្រី ត្រូវបាន​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្ដិថ្មីបន្ដទៀត ។ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា បច្ចុប្បន្នសហព័ន្ធបានត្រៀមកញ្ចប់ថវិកាគ្រប់គ្រាន់ សម្រាប់​ចំណាយ​លើការបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ី នៅឥណ្ឌា នា​ខែ​សីហាខាងមុខ ដោយប្រមូលបានប្រមាណ ២ម៉ឺនដុល្លារ ពីសមាជិកសហព័ន្ធ ។ ដូច្នេះ​ដើម្បី​តប​ស្នង​ជាមួយការលះបង់របស់ម្ចាស់ឧបត្ថម្ភគាំទ្រនេះ ឯកឧត្តមបាន​ជំរុ​ញឲ្យ​ក្រុម​ជម្រើស​ជាតិ​គប្បី​ត្រូវខំប្រឹងហាត់ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំទ្វីបនេះ ។ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធដដែលបន្ដថា តេក្វាន់ដូ​ ITF​ កម្ពុជា​ គឺបានឈរលេខ២ ក្នុងទ្វីបអាស៊ី កាលពីប្រកួតជើងឯកអាស៊ី ឆ្នាំ២០១៨ នៅ​ប្រទេស​ម៉ុងហ្គោលី និងឈរលេខ១៣ ពិភពលោក ដែលមានសមាជិកជិត ៩០ប្រទេស សម្រាប់​ការ​ប្រកួត​តេក្វាន់ដូ ITF ជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី ។ ដូច្នេះនេះ​គឺ​ជាមោទនភាព​ជាតិ​មួយ ដែលគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបន្ដខំប្រឹង ដើម្បីរក្សា និងដណ្ដើម​សមិទ្ធ​ផល​ថ្មីៗ​ជូន​ប្រទេសជាតិបន្ថែមទៀត ។ឆ្លៀតឱកាសនៃមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្ដិថ្មីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលខិតខំ​ហ្វឹក​ហាត់​បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ មិនធ្លាប់​បង្ក​ផល​ប៉ះពាល់​អ្វីសង្គមជាតិ ហើយអ្វីដែលពិសេស កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ទាំងអស់ តែង​សាងនូវភាពជាគំរូ តាមរយៈការខិតខំហ្វឹកហាត់ និងប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុ​ភូមិ​ជា​បន្ដ​បន្ទាប់ គ្រាដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏បានលះបង់​ខ្ពស់​ក្នុង​ស្មារតី​សាមគ្គី​ភាព​ផ្ទៃក្នុងដី ដើម្បីជំរុញការអភិវឌ្ឍន៍កីឡានេះផងដែរ៕ អត្ថបទ លី ឈុនឡា

ពាន Svay Reing Cup ផ្នែកនារី លើកទី១ ចាប់ផ្ដើមប្រកួតថ្ងៃនេះ

2024/03/07 05:53:45 pm        201
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Svay Reing Cup ផ្នែកនារី លើកទី១ នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ផ្លូវការនៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នេះ ដោយមាន ២ប្រកួត ត្រូវជួប​គ្នា​បើក​ឆាក​ពូលA នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ។សម្រាប់កម្មវិធីប្រកួតដំបូង នៃព្រឹត្តិការណ៍បាល់ទាត់ថ្មី លើទឹកដីខេត្តស្វាយរៀងនេះ រួមមានក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវជួបក្រុម ស.ស.យ.ក ស្រុកស្វាយជ្រំ និងក្រុម ស.ស.យ.ក ស្រុក​រំដួល ត្រូវជួបក្រុមស្ដ្រីដើម្បីកីឡា ។គួរដឹងថា ពានរង្វាន់ Svay Reing Cup ផ្នែកនារី លើកទី១ គ្រោង​ចំណាយ​ពេល​ប្រកួត​រយៈពេល​ជាង ២ខែ ដើម្បីស្វែងរកក្រុមជើងឯក ពោលគឺចាប់ផ្ដើមដើមខែមីនា រហូតដល់ខែឧសភា ឆ្នាំ​២០២៤ ខាងមុខ ដោយមានបេក្ខភាព ៩ក្រុមចូលរួម និងបែងចែកជា ២ពូល ។សម្រាប់ពូល A គឺមាន ៥ក្រុម រួមមានក្រុម សសយក ក្រុងស្វាយរៀង, ក្រុមស្ត្រីដើម្បីកីឡា, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម សសយក ស្រុករំដួល និងក្រុម សសយក ស្រុកស្វាយជ្រំ ។ រីឯពូល B មាន ៤ក្រុម រួមមានក្រុម សសយក ស្រុកចន្ទ្រា, ក្រុម វិទ្យាល័យព្រះពន្លា, ក្រុម សសយក ស្រុករមាសហែក និងក្រុម សសយក ស្រុកកំពង់រោទិ៍ ។សូមរំឭកថា ការបង្កើតពាន Svay Rieng Cup ផ្នែកនារី នេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ឌី វិជ្ជា បាន​ប្រកាសស្ទង់មតិប្រជាពលរដ្ឋក្នុងខេត្ត ក្នុងគោលបំណងស្វែងរកការគាំទ្ររៀបចំពាន Svay Rieng Super Cup តែជាលទ្ធផល មិនត្រឹមតែ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ផុសផុល​ឲ្យ​មាន​ការ​រៀបចំ​ពាន​នេះទេ ថែមទាំងមានសំណូមពរឲ្យរៀបចំពាន Svay Rieng Cup ផ្នែកនារី និង​យុវជនថែ​មទៀត ។ការណ៍នេះ នាំឲ្យឯកឧត្តម បានប្រកាសសម្រេចរៀបចំការប្រកួតពានរង្វាន់ Svay Rieng Super Cup បន្ទាប់ពីចប់ការប្រកួតបាល់ទាត់ Svay Rieng Cup លើកទី៦ ផ្នែកបុរស និងរៀប​ចំ​ពាន​រង្វាន់ Svay Rieng Cup ផ្នែកនារី ជាផ្លូវការ ។ រីឯសំណើររៀបចំពានកុមារវិញ ឯកឧត្តម​ក៏​កំពុង​ធ្វើ​សិក្សា​ពីគម្រោងរៀបចំ ក្នុងឆ្នាំ២០២៤ នេះផងដែរ ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM