Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង

ព័ត៌មានកីឡា

Tyson Fury និង Francis Ngannou តទល់គ្នាចុងក្រោយមុនឡើងសង្វៀនថ្ងៃសៅរ៍នេះ

2023/10/27 07:51:53 pm        209
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury និងអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC Francis Ngannou បានប្រឈមមុខដាក់គ្នាចុងក្រោយក្នុងសន្និសីទសារព័ត៌មាន មុន​ឡើង​សង្វៀន​ប្រកួត​នៅថ្ងៃទី ២៨ ខែតុលា ក្នុងការប្រកួតប្រើច្បាប់ប្រដាល់សកល។ កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើ​មិត្ត​រួមជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​បន្ទាប់​ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

AFC Cup៖ គ្រូ Macarthur ថា ភ្នំពេញក្រោនស័ក្ដិសមនឹងឈ្នះ ខណៈ Oleg មានមោទនភាពខ្លាំង ចំពោះកូនក្រុម

2023/10/27 07:36:28 pm        3023
ក្រុមបាល់ទាត់ភ្នំពេញក្រោន បានសាងប្រវត្តិសាស្ដ្រថ្មី បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Macarthur FC មកពីអូស្ដ្រាលី ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 កាលពីរាត្រីថ្ងៃទី២៦ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បី​ឡើង​ឈរ​កំពូល​តារាង​ពូល F បណ្ដោះអាសន្ន ។ ភ្នំពេញក្រោន បានក្លាជាក្លិបបាល់ទាត់កម្ពុជាដំបូងគេ ដែលឈ្នះ ៣ប្រកួត​ជាប់គ្នាក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។ក្រោយចប់ការប្រកួតលោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur FC ​បាន​ទទួល​ស្គាល់​ភ្នំពេញ​ក្រោន​ គឺជាក្រុមខ្លាំង ហើយស័ក្ដិសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីការរៀបចំ និង​លេង​បាន​យ៉ាង​ល្អក្នុ​ងការប្រកួតនេះ ។ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងការសប្បាយចិត្ត និង​មាន​មោទនភាពជាខ្លាំង ចំពោះកូនក្រុមដែលលេងដោយបេះដូង និងទំនុកចិត្ត ។ លោកថា ជ័យ​ជម្នះ​លើ​ក្រុមមកពីអូស្ដ្រាលីនេះ គឺជាជំហានថ្មីមួយ ដើម្បីបង្ហាញពីសក្ដានុពលបាល់ទាត់កម្ពុជា តែ​លោក​ក៏ត្រៀមយុទ្ធសាស្ដ្រ សម្រាប់ការប្រកួតជើងទី២ ជាមួយ Macarthur FC ក្រៅដី នាខែ​ក្រោយ​ផង​ដែរ ។សូមបញ្ជាក់ថា ក្នុងជំនួបបញ្ចប់ជើងទី១ ដ៏ជក់ចិត្តនេះ  ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ដោយ​បាន​ដាក់​សម្ពាធ​លើ Macathur FC ទាំងវគ្គទី១ និងវគ្គទី២ រហូតរកបាន ៣គ្រាប់នៅចុងម៉ោង ដោយ​កីឡាករ Shimizu Shintaro ២គ្រាប់ នៅនាទី៧៥ និងនាទី៨៦ មុនខ្សែការពារវ័យក្មេង ផាច សុជាវីឡា រកបានគ្រាប់ទី៣ នៅនាទី៩០+៤ ដើម្បីធានាជ័យជម្នះ អម​ជាមួយ​ការ​រក្សា​បាន​នូវ Clean Sheet ៣ប្រកួតជាប់គ្នាផងដែរ ។ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៩ពិន្ទុ​ពេញ ខណៈក្រុម Macarthur FC ធ្លាក់មកឈរលេខ២ មាន ៦ពិន្ទុ ។ ចំពោះការប្រកួតជើងទី២ ភ្នំពេញ​ក្រោន នឹងត្រូវហោះទៅជួបក្រុម Macarthur FC វិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនជួប​ក្រុម​ភ្ញៀវ ​Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា  

មន្ដ្រីសហព័ន្ធ អំពាវនាវអ្នកគាំទ្រចូលរួមទស្សនា​ការប្រកួតវាយសីជើងឯកយុវជនអាស៊ាន​ឲ្យបានច្រើនកុះករ

2023/10/27 07:05:58 pm        378
ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អ្នក​ស្នេហាវិស័យកីឡាវាយសី ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីគ្រប់រាជធានី-ខេត្ត ចូល​រួមទស្សនា និងអបអរ​សាទរការ​ប្រកួត​កីឡា​វាយ​សី​ជើង​ឯក​យុវជន​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​(BA Sea Regional Junior Championship) ឆ្នាំ២០២៣ ឲ្យបានច្រើនកុះករ នៅ​ទីលាន​វាយ​សី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការប្រកួតនៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ ។អគ្គលេខាធិការសហព័ន្ធដដែលថា នេះជាលើកដំបូងហើយ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ជើង​ឯកយុវជនថ្នាក់តំបន់នេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីសហព័ន្ធកីឡាវាយសីអាស៊ី និង​មានការគាំទ្រពីបណ្ដាប្រទេសអន្ដរជាតិ ក្រោយកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះ នៃ​ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីថ្មីៗ ។ តាមរយៈនេះ ឯកឧត្តម​សង្ឃឹម​ថា ​បងប្អូនប្រជាពលរដ្ឋនឹងចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើន និង​ពុំ​មាន​លក់​សំបុត្រ​ឡើយ ​ដើម្បីលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាបន្ថែមទៀត ។សម្រាប់ព្រឹត្តិការណ៍កីឡាវាយសីជើងឯកយុវជនអាស៊ាន ដែលផ្ដោតលើយុវជនអាយុក្រោម ១៥​ឆ្នាំ ​និងអាយុក្រោម ១៧ឆ្នាំនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់ មកពី ៥ប្រទេសចូលរួម រួមមាន​អត្តពលិក​ម្ចាស់​ផ្ទះ​កម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ។ សម្រាប់ម្ចាស់ផ្ទះកម្ពុជា គឺ​បាន​ត្រៀម​កីឡាករ-កីឡាការិនី ១០នាក់ ដើម្បីធ្វើការប្រកួតលើ ១២វិញ្ញាសា ហើយ​សហព័ន្ធ​ក៏​សង្ឃឹម​ថា ​នឹងទទួលបានមេដាយច្រើនពីការប្រកួតដ៏សំខាន់នេះផងដែរ ។អ្វីដែលពិសេស ក្នុងចំណោមកីឡាករ-កីឡការិនីទាំង ១០នាក់ សហព័ន្ធក៏បានបញ្ចូលកីឡាករ-កីឡាការិនីវ័យក្រោម ១៣ឆ្នាំមួយចំនួន ដើម្បីផ្ដល់ឱកាសឲ្យពួកគេបង្ហាញសមត្ថភាព ទេព​កោសល្យ ហើយពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទៀតផង៕ អត្ថបទ លី ឈុនឡា

Mitrovic រកបាន ៣ គ្រាប់ម្នាក់ឯងឱ្យ Al-Hilal ឈ្នះ Mumbai City FC នៅ AFC Champions League

2023/10/24 11:16:18 pm        216
ខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic នៅតែបន្តទំរង់លេងអស្ចារ្យរបស់ខ្លួន​បន្ទាប់ពីរក​បាន​បី​គ្រាប់​​ម្នាក់ឯងក្នុងជ័យជំនះ ៦-០ របស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Hilal លើក្រុមភ្ញៀវឥណ្ឌា Mumbai City FC នៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League។លេងបានត្រឹម ៥ នាទី អតីតខ្សែប្រយុទ្ធ Fulham រូបនេះរកបានគ្រាប់ដំបូងទៅហើយ និង​ជា​គ្រាប់​បាល់​តែមួយគត់ក្នុងវគ្គទី ១។ឈានដល់វគ្គទី ២ ការប្រកួតដែលមានការចូលរួមទស្សនាដោយប្រធាន​ FIFA លោក Gianni Infantino នោះ Aleksandar Mitrovic ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៦៧ មុនពេល​ដែល Sergej Milinkovic-Savic រកបានមួយគ្រាប់ដែរនៅនាទីទី ៧៣។គ្រាប់បាល់ Hat-Trick របស់ Mitrovic ក៏បានសំរេចនៅនាទីទី ៨០ ដែលជាការស៊ុត Bicycle Kick យ៉ាងអស្ចារ្យ។ មិនទាន់អស់នៅឡើយ Mohammed Al Burayk និង Abdulelah Al Malki រក​បាន​ម្នាក់​មួយ​គ្រាប់​ទៀត​ឱ្យ Al-Hilal យកឈ្នះ Mumbai City FC ៦-០ ឡើងឈរលេខ ១ ក្នុងពូល D មាន ៧ ពិន្ទុ​ស្មើគ្នាក្រុមអ៊ូសប៊ែគីស្ថាន Navbahor។ចំណែក Mumbai នៅតែមិនទាន់ស្គាល់ជ័យជំនះនៅឡើយ ខណៈដែ​ល​ប្រកួត​បន្ទាប់​នឹង​ត្រូវទ​ទួល​ Al-Hilal វិញម្តងនៅទឹកដីឥណ្ឌា ២ សប្តាហ៍បន្ទាប់។ នៅក្នុងពូល D នេះដែរក្រុមអ៊ូសប៊ែគីស្ថាន Navbahor ក៏រកបាន ៣ ពិន្ទុផង​ដែរ​ក្រោយ​យក​ឈ្នះ​ក្រុម​អ៊ីរ៉ង់ Nassaji ២-១។ ងាកមកការប្រកួតរបស់ក្លិបចាយលុយច្រើនរបស់អារ៉ាប៊ីសាអ៊ូឌីតមួយទៀត Al-Ittihad បន្ត​រក​បាន​ជ័យ​ជំនះ​លើកទី ២ របស់ខ្លួនក្រោយយកឈ្នះក្រុមភ្ញៀវអ៊ីរ៉ាក់ Air Force Club ១-០។ មួយគ្រាប់ជ័យជំនះរបស់ Al-Ittihad ត្រូវរង់ចាំដល់នាទីទី ៩០+៤ ទើបសំរេចបានដោយ Abderrazak Hamdallah ខណៈបីពិន្ទុនេះ Al-Ittihad បន្តនាំមុខគេក្នុងពូល C មាន ៦ ពីការប្រកួត ២ លើកខណៈលេខ ២ គឺក្រុមអ៊ីរ៉ង់​ Sepahan ដែល​រក​បាន​ជ័យ​ជំនះ​ដំបូង​របស់​ខ្លួន​នៅ​ទឹក​ដីអ៊ូសប៊ែគីស្ថាន AGMK ៣-១៕ អត្ថបទ៖នាង សុភាវុធ

វ៉ូវីណាម ចាប់ផ្ដើមពង្រឹងថ្នាល ដើម្បីត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

2023/10/24 10:42:15 pm        198
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមពង្រឹង និងបណ្ដុះបណ្ដាលថ្នាលយុវជន ដើម្បី​សម្រួច​សមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែល​កម្ពុជា​ធ្វើ​ជាម្ចាស់ផ្ទះ ។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់​ពី​សហព័ន្ធ​បាន​រៀបចំប្រឡងដំឡើងខ្សែក្រវាត់ដល់កីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន កាលពីចុង​សប្ដាហ៍​កន្លងទៅ នៅអគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។ឯកឧត្តមបន្ដថា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ពិសេសពង្រឹងធនធានថ្នាលបន្ដវេណ សហព័ន្ធ​មានគោលដៅបណ្ដុះបណ្ដាលកុមារ និងយុវជនថ្នាលជាច្រើន ជាក់ស្ដែង​បន្ទាប់​ពី​ការ​បង្ហាត់​បង្រៀន សហព័ន្ធតែងរៀបចំការប្រឡងឡើងខ្សែក្រវាត់ ដើម្បីជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ និងជំរុញឲ្យពួកគេកាន់តែមានទឹកចិត្តក្នុងការហ្វឹកហាត់បន្ថែម ។ម្យ៉ាងដោយសារកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សហព័ន្ធ​ក៏​បានចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំង លើការងារបណ្ដុះបណ្ដាលយុវជនថ្នាលនេះ ដើម្បី​ធានាបាននូវធនធានគ្រប់គ្រាន់ សម្រាប់ចូលរួមការប្រកួតនេះ ។ លើសពីនេះ សហព័ន្ធ​ក៏​សង្ឃឹម​ថា រាជរដ្ឋាភិបាល នឹងដាក់កីឡាវ៉ូវីណាម ក្នុងការប្រកួតកីឡាយុវជនអាស៊ីនេះផងដែរ៕ អត្ថបទ លី ឈុនឡា 

Spurs ចាប់ផ្តើមរដូវកាលល្អបំផុតក្នុងរយៈពេល ៦០ ឆ្នាំក្រោយឈ្នះ Fulham ឡើងលេខ ១ Premier League

2023/10/24 10:23:46 pm        325
ក្រុមបាល់ទាត់ Tottenham Hotspur បានចាប់ផ្តើមរដូវកាលល្អបំផុតក្នុងរយៈពេល ៦០ បន្ទាប់​ពី​ឡើង​មក​ឈរលេខ ១ នៅ English Premier League ក្រោយជ័យជំនះ ២-០ លើ Fulham យប់មិញ។ប្រធានក្រុម Son Heung-Min រកបានគ្រាប់នាំមុខឱ្យ Spurs នៅនាទីទី ៣៦ ដែលជា​គ្រាប់​បាល់​ទី៧ ក្នុងរដូវកាលនេះ មុនពេលដែលអតីតខ្សែបម្រើ Leicester City, James Maddison រក​បាន​គ្រាប់​ទីពីរ​នៅវគ្គទី ២។ ពីរគ្រាប់នេះបានធានឱ្យ Spurs រកបានជ័យជំនះទី ៧ ក្នុងចំណោម ៩ ប្រកួតរដូវកាលនេះនៅ Premier League។ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ange Postecoglou, Spurs មាន ២៣ ពិន្ទុ​មិន​ទាន់​ចាញ់​នៅ​ឡើយ ​ដោយនាំមុខ ២ ពិន្ទុពីក្រុមការពារជើងឯក Manchester City និង Arsenal។ Spurs បាត់បង់បីពិន្ទុតែពីរប្រកួតប៉ុណ្ណោះរដូវកាលនេះគឺស្មើ Arsenal និង Brentford។ប្រកួតបន្ទាប់របស់ Spurs គឺត្រូវជួបជាមួយ Crystal Palace នៅថ្ងៃសុក្រនេះ៕ អត្ថបទ៖នាង សុភាវុធ

AFC Cup៖ ភ្នំពេញក្រោន ដាក់លក់សំបុត្រ មុនជួបក្រុមអូស្ដ្រាលី Macarthur ថ្ងៃព្រហស្បតិ៍នេះ

2023/10/24 10:02:39 pm        444
ក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងបន្ដជួបក្រុម Macarthur FC មកពីអូស្ដ្រាលី ក្នុងជំនួប​ជើង​ទី១ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023/24 ពូល F នាល្ងាចថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួតត្រូវបានក្រុមសិង្ហក្រហម ប្រកាសដាក់លក់ ចាប់ពីព្រឹកថ្ងៃទី២៤ ខែតុលានេះតទៅ ។នេះគឺជាការប្រកួតបញ្ចប់ជើងទី១ ក្នុងវគ្គចែកពូល បន្ទាប់ពីក្រុមទាំងពីរ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Cebu FC របស់ហ្វីលីពីន រៀងៗខ្លួន កាលពីថ្មីៗ ។លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ធ្លាប់បានលើកឡើង បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​​Shan United ៤-០ កាលពីដើមខែតុលាកន្លងទៅថា បេក្ខភាព​ប្រកួត​ប្រជែង​ក្នុង​ពូល F​ គឺ​ប្រហាក់​ប្រហែល​គ្នា ។ ដូច្នេះគឺជាឱកាសមួយសម្រាប់ក្រុមខ្លួន ក្នុងការប្រជែងកៅអីវគ្គបន្ដ សម្រាប់​ពានរង្វាន់ AFC Cup 2023/24 ។គួរដឹងថា បន្ទាប់ពីជួបក្រុម Macarthur FC ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន គឺ​នៅ​សល់ ​៣ប្រកួតទៀត ក្នុងជើងទី២ ពោលគឺត្រូវធ្វើដំណើរទៅជួបក្រុមអូស្ដ្រាលីវិញម្ដង នាថ្ងៃទី០៩ ខែវិ​ច្ឆិកា មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា និង​ចុងក្រោយ ត្រូវជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ៕ អត្ថបទ លី ឈុនឡា

អាវ Barcelona នឹងមានរូបសញ្ញាក្រុមតន្ត្រី Rolling Stones សម្រាប់ជំនួប El Clasico សប្តាហ៍ក្រោយ

2023/10/20 09:45:37 pm        350
ក្លឹប Barcelona និង Rolling Stones បាន​ចូល​រួម​ជា​មួយ​គ្នា ហើយ​ឈុត​របស់​ក្លឹប​នឹង​មាន​រូប​សញ្ញា​​អណ្ដាត និង​បបូរមាត់​ដ៏​ល្បី​របស់​ក្រុមតន្រ្តីមួយនេះ ​សម្រាប់​ការ​ប្រកួត El Clasico នៅ​សប្ដាហ៍​​ក្រោយ​ទល់​នឹង Real Madrid។សេវាកម្មស្រាប់តន្ត្រីលើប្រព័ន្ធអនឡាញ Spotify បានឧបត្ថម្ភ Barcelona ចាប់តាំងពីរដូវកាល ២០២១​-២២ ហើយក្លឹបធ្លាប់មានយុទ្ធនាការដែលមានតារា Hip Hop, Drake និង​តារា​ចម្រៀង​អេស្ប៉ាញ ​Rosalia ប៉ុន្តែឥឡូវនេះក្លិបនឹងបំពេញបំណង អ្នកស្រលាញ់ក្រុមតន្រ្តីរ៉ុកវិញម្តង។អាល់ប៊ុមចុងក្រោយបង្អស់របស់ Rolling Stones ដែលមានចំណងជើងថា Hackney Diamonds​ ចេញលក់នៅថ្ងៃសុក្រនេះ ហើយអាវដែលមានរូបសញ្ញានេះ នឹងអាចរក​ទិញ​បាន​ចាប់​ពី​ថ្ងៃ​ទី២៣ ខែតុលា។ ក្រុមនារីរបស់ Barca ក៏នឹងពាក់អាវ​ដែល​មាន​រូប​សញ្ញា​នេះ​សម្រាប់​ការ​ប្រកួត​របស់​ពួកគេជាមួយនឹងក្រុម Sevilla នៅថ្ងៃទី ៥ ខែវិច្ឆិកាផងដែរ។សូមបញ្ជាក់ថាសម្រាប់ជំនួប El Clasico សប្តាហ៍ក្រោយនេះ រវាង Barcelona និង Real Madrid​ ជាជំនួបទី ១៨៧ នៅក្នុងក្របខណ្ឌអេស្ប៉ាញ La Liga ដែលកន្លង​មក​ក្រុម​ទាំង​ពីរ​មាន​ស្ថិតិ ​Barcelona ឈ្នះ ៧៤ Real Madrid ឈ្នះ ៧៧ ស្មើ ៣៥៕ អត្ថបទ៖នាង សុភាវុធ

បាល់បោះជិះរទេះនារីកម្ពុជា បើកយុទ្ធនាការអាស៊ីប៉ារ៉ាហ្គេម ជាមួយជ័យជម្នះ មុនជួបជប៉ុនរសៀលនេះ

2023/10/20 09:21:14 pm        396
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានបើកយុទ្ធនាការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅ​ទី​ក្រុង Hangzhou ប្រទេសចិន ហើយ ដោយទទួលបានជ័យជម្នះលើក្រុមឡាវ មុនបន្ដ​ជួប​ក្រុម​ខ្លាំង​ជប៉ុន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះ ។សម្រាប់ជំនួបបើកវគ្គជម្រុះវិលជុំ ផ្នែកបាល់បោះជិះរទេះនារី នៃព្រឹត្តិការណ៍​កីឡា​ជន​ពិការ​ប្រចាំ​ទ្វីប​អាស៊ី​ឆ្នាំនេះ ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ធ្វើបានយ៉ាងល្អ ដោយបាន​យក​ឈ្នះក្រុ​មបា​ល់​បោះ​ជិះរ​ទេះនារីឡាវ ដោយលទ្ធផល ៦៥-៣៥ពិន្ទុ ។ចំណែកលទ្ធផលដំបូងរបស់គូប្រជែងក្រុមបាល់បោះជិះរទេះនារីកម្ពុជាផ្សេងទៀត គឺក្រុម​ម្ចាស់​ផ្ទះ​ចិន បានយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧២-២៣ពិន្ទុ និងក្រុមបាល់បោះជិះរទេះនារីជប៉ុន បាន​យក​ឈ្នះក្រុមបាល់បោះជិះរទេះនារីអ៊ីរ៉ង់ ដោយលទ្ធផល ៨៤-១៦ពិន្ទុ ។សម្រាប់កម្មវិធីបន្ដបន្ទាប់របស់ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមឡាវ កម្ពុជា នឹង​បន្ដជួបក្រុមខ្លាំងជប៉ុន នារសៀលថ្ងៃទី២០ ខែតុលានេះ មុនបន្ដជួបក្រុមម្ចាស់ផ្ទះចិន នា​ថ្ងៃ​ទី​២១-តុលា និងជួបក្រុមអ៊ីរ៉ង់ នាថ្ងៃទី២៤-តុលា ខណៈចុងក្រោយ ត្រូវជួបក្រុមថៃ នាថ្ងៃទី២៥ ខែ​តុលា ដើម្បីកំណត់ជោគវាសនាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Hangzhou កម្ពុជា បាន​បញ្ជូនអត្តពលិក ៦ប្រភេទកីឡាចូលរួមប្រកួត ក្នុងនោះ​មាន​អត្តពលិក​ជន​ពិការ​ផ្នែក​កីឡា​អត្ត​ពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់បោះជិះរទេះ និងកីឡាវាយសី ។ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ គ្រោងនឹងប្រារព្ធពិធីបើកការប្រកួតនាថ្ងៃទី២២ និង​ពិធីបិទ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ៕អត្ថបទ លី ឈុនឡា

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជានឹង​បន្ដ​ការ​ប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ ខណៈក្រុមមិនទាន់ស្គាល់ចាញ់ ត្រូវជួបក្រុមមិនទាន់ស្គាល់ឈ្នះ

2023/10/20 06:22:44 pm        603
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា(Cambodian Premier League) ឆ្នាំ២០២៣/២៤ នឹង​បន្ដ​ការ​ប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ នៃជុំទី១ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាក ២សប្ដាហ៍ អំឡុង​ពេល FIFA Day ប្រចាំខែតុលា ។សម្រាប់កម្មវិធីប្រកួតសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា នៅថ្ងៃទី២១ ខែតុលាស្អែកនេះ គឺមាន ១គូ​ប៉ុណ្ណោះ ដែលជាការជួបគ្នារបស់ក្រុមភ្នំពេញក្រោន និងក្រុមព្រៃវែងអេហ្វស៊ី ។ចំណែកនៅថ្ងៃទី២២ ខែតុលា គឺមាន ៤គូ ក្នុងនោះក្រុមវិសាខា ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ, ក្រុម​ ISI​ ដង្កោសែនជ័យ ជួបក្រុមនាគខៀវបឹងកេត និងក្រុមណាហ្គាវើលដ៏ ជួប​ក្រុម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ។ អ្វីដែលពិសេស គឺជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់ ឬស្មើ ព្រះខ័នរាជស្វាយរៀង ជា​មួយក្រុមមិនទាន់ស្គាល់ឈ្នះ គិរីវង់សុខសែនជ័យ ដែលនឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។គួរដឹងថា គិតត្រឹមសប្ដាហ៍ទី៧ មុនលីគសម្រាកការប្រកួត ២សប្ដាហ៍កន្លងទៅ ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង គឺជាក្រុមតែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់គ្នា និងកំពុង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ ដោយរកបាន ២១ពិន្ទុពេញ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន រកបាន ១៨ពិន្ទុ ខណៈ​ក្រុមបឹងកេត ឈរលេខ៣ មាន ១៣ពិន្ទុ និងក្រុមវិសាខា ឈរលេខ៤ មាន ១២ពិន្ទុ នាំ​មុខ​ក្រុម​កងយោធពលខេមរភូមិន្ទ និងព្រៃវែង ដែលមាន ១០ពិន្ទុស្មើគ្នា៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM