ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu

ព័ត៌មានកីឡា

ខ្សែបម្រើ Juventus, Paul Pogba ត្រូវព្យួរការប្រកួតបណ្តោះអាសន្ន​ក្រោយរកឃើញសារធាតុហាមឃាត់

2023/09/12 08:07:56 pm        534
ខ្សែបម្រើ Paul Pogba របស់ក្លឹប Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ក្រោយ​ធ្វើ​តេស្តរ​កឃើញសារធាតុហាមឃាត់ក្នុងខ្លួន។ភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិរបស់អ៊ីតាលី (Nado) បាននិយាយថា Pogba ត្រូវបានធ្វើតេស្ត និង​រកឃើញជាមួយនឹងកម្រិតអ័រម៉ូន Testosterone បន្ទាប់ពី Juventus ឈ្នះ ៣-០ នៅទឹកដី Udinese កាលពីថ្ងៃទី ២០ ខែសីហា កន្លងទៅ។កីឡាករវ័យ ៣០ ឆ្នាំ គឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើប្រាស់ឡើយ ប៉ុន្តែ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ចៃដន្យសម្រាប់ការធ្វើតេស្តរកសារធាតុហាមឃាត់ក្រោយការប្រកួត។ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់សារធាតុហាមឃាត់មែននោះ អតីត​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះអាច​ប្រឈម​មុខ​នឹង​ការ​ពិន័យ​មិន​ឱ្យ​ពាក់​ព័ន្ធ​នឹង​បាល់​ទាត់​ពី ២ ទៅ ៤ ឆ្នាំ។អ័រម៉ូន Testosterone គឺជាអរម៉ូនដែលបង្កើនកំលាំង និង ការស៊ូទ្រាំរបស់អត្តពលិក ខណៈ Pogba មានពេល ៣ ថ្ងៃដើម្បីធ្វើតេស្តឡើងវិញដើម្បីវិភាគបកស្រាយលទ្ធផលទៅកាន់ Nado វិញ។ រំលឹកថា Paul Pogba បានត្រលប់មកកាន់ Juventus វិញកាលពីខែកក្កដាឆ្នាំ ២០២២ ជាមួយ​នឹង​កិច្ច​សន្យា ៤ ឆ្នាំក្រោយចាកចេញពី Manchester United។តែការវិលវិញរបស់ Pogba មកកាន់ទីក្រុង Turin ត្រូវបានញាំញីដោយសាររបួសភ្លាមៗ និង​ឈាន​ដល់​អវត្តមានពីក្រុមជម្រើសជាតិបារាំងនៅ World Cup 2022 នៅឆ្នាំកាតាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

Lyon សម្រេចបណ្តេញអ្នកចាត់ការ Laurent Blanc ក្រោយធ្លាក់ដល់បាតតារាង

2023/09/12 07:56:09 pm        460
ក្លិបបាល់ទាត់បារាំង Olympique Lyon បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Laurent Blanc ហើយក្រោយក្រុមធ្លាក់ដុនដាបដល់បាតតារាងនៃក្របខណ្ឌលីគកំពូលបារាំង Ligue1។Lyon ចុងក្រោយបំផុតចាញ់អតីតក្លិបដែលលោក Blanc ធ្លាប់ដឹកនាំ Paris Saint Germain ៤-១ ក្នុងទឹកដីខ្លួនឯង គឺជាការប្រកួតចុងក្រោយរបស់លោក Blanc ខណៈក្លិបបានប្រកាសពីការចែកផ្លូវនៅថ្ងៃចន្ទម្សិលមិញ។ ផ្តើមរដូវកាលបាន ៤ ប្រកួត Lyon មានត្រឹម ១ ពិន្ទុប៉ុណ្ណោះ និងរបូតគ្រាប់បាល់ច្រើនជាង​គេក្នុង​ក្របខណ្ឌ។នាយកបច្ចេកទេសលោក Jean-Francois Vulliez នឹងឡើង​មក​កាន់​ការ​បណ្តោះ​អាសន្ន​ទំរាំ​ក្លិប​រក​បាន​អ្នកចាត់ការថ្មី។រំលឹកថាបុរសវ័យ ៥៧ ឆ្នាំ Laurent Blanc ត្រូវបានតែងតាំងឱ្យដឹកនាំ Lyon កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ និងបានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៧ ខកខាន​មិន​បាន​ប្រកួត​ក្របខណ្ឌ​អឺរ៉ុបរដូវកាលនេះឡើយ។អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United រូបនេះធ្លាប់ដឹកនាំ Paris Saint Germain និងបានចាកចេញនៅឆ្នាំ ២០១៦ មុនទទួលបានការងារដឹកនាំក្លិបកាតា Al Rayyan៕ អត្ថបទ៖នាង សុភាវុធ

រត់ម៉ារ៉ាតុង ២០០០ គីឡូម៉ែត្រ រៃអង្គាសប្រាក់ទិញរថយន្តសង្គ្រោះជួយអ៊ុយក្រែន​បញ្ចប់ដោយជោគជ័យ

2023/09/12 06:55:35 pm        605
អ្នករត់ប្រណាំងមកពីហូឡង់ម្នាក់ បានបញ្ចប់ដោយជោគជ័យក្នុងការរត់ម៉ារ៉ាតុងពីទីក្រុង Amsterdam ប្រទេសហូឡង់ទៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដើម្បី​រៃអង្គាស​ប្រាក់​បាន​ប្រមាណ​ ៦ ម៉ឺនអឺរ៉ូ ទិញរថយន្តសង្គ្រោះជូនភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែន។បុរសវ័យ ២៨ ឆ្នាំ Boas Kragtwijk បានចាកចេញពីទីក្រុង Amsterdam ដើម្បី​ចាប់​ផ្តើម​ដំណើរ​ផ្សង​ព្រេង​របស់ខ្លួននៅថ្ងៃទី ២២ ខែកក្កដា។ក្នុងការតស៊ូរយៈពេល ៥០ ថ្ងៃ Boas បានឆ្លងកាត់ទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ Warsaw ប្រទេសប៉ូឡូញ និងទីក្រុង Lviv ប្រទេសអ៊ុយក្រែន និងចុងក្រោយបំផុតមកដល់រដ្ឋធានី Kyiv ដែល​ជាគោលដៅចុងក្រោយ សរុបចំងាយផ្លូវ ២០០០ គីឡូម៉ែត្រ។និយាយប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Kyiv, Boas Kragtwijk បានឱ្យដឹងថា លោក​ចូល​រួម​ការ​ប្រកួត​នេះ​មាន​មូល​ហេតុ​សំខាន់​គឺ​ជួយ​សម្រាល​បន្ទុក​មួយ​ចំណែក​តូច​របស់​អ៊ុយក្រែន​ដែល​រង​គ្រោះ​ដោយ​សារសង្គ្រាម ការរត់ទៅកាន់ប្រទេស​ដែល​មាន​សង្គ្រាម​គឺ​ជា​រឿង​ដែល​គ្រប់គ្នា​នឹក​ស្មាន​មិន​ដល់​ តែយ៉ាង​ហោច​ណាស់​បេសកកម្ម​នេះ​អាច​ប្រមែ​ប្រមូល​ថវិកា​បាន​ដើម្បី​ទិញ​រថយន្ត​សង្គ្រោះ​បាន ២ គ្រឿង ដែលមួយគ្រឿងអាចជួយសង្រ្គោះជីវិតមនុស្សបានយ៉ាងហោចណាស់ ២៥ នាក់ក្នុងមួយថ្ងៃ៕ អត្ថបទ៖នាង សុភាវុធ

ពាន Svay Rieng Cup U18 រកឃើញបេក្ខភាពវគ្គបន្ដបណ្ដើរៗ ក្រោយចប់សប្ដាហ៍ទី៤

2023/09/12 06:36:10 pm        865
ការប្រកួតបាលទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម ១៨ឆ្នាំ(Svay Rieng Cup U18) លើកទី១ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជម្រុះក្នុងពូល សប្ដាហ៍ទី៤ ហើយ ហើយ​ក៏បាន​រកឃើញបេក្ខភាពវគ្គបន្ដជាបណ្ដើរៗផងដែរ ។ចំពោះលទ្ធផលការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៤ កាលពីចុងសប្ដាហ៍កន្លងទៅ នៅ​ក្នុង​ពូល​A ក្រុម​យុវជនសាមគ្គី បានបន្ដយកឈ្នះក្រុម Rainbow FC ដោយលទ្ធផល ៣-១ គ្រា​ដែល​ក្រុម​ត្រកួន​ទែក បានយកឈ្នះក្រុម ស.ស.យ.ក ឃុំស្វាយតាយាន ៣-០ ។ ជ័យជម្នះនេះ នាំ​ឲ្យ​ក្រុម​យុវជន​សាមគ្គី កក់កៅអីវគ្គបន្ដ ក្រោយឈ្នះ ៣ប្រកួតជាប់គ្នា រកបាន ៩ពិន្ទុពេញ ខណៈ​ក្រុម​យុវជន​ត្រកួន​ទែក ឈរលេខ២ រកបាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់ ១ ។ដោយឡែកពូល E វិញ ក្រុមយុវជនរមាសហែក បានបន្ដជ័យជម្នះលើក្រុមយុវជនគគីសោម ក្នុង​លទ្ធផល ៣-១ ខណៈក្រុមសាលាចំរើនសូនីតា ទទួលជ័យជម្នះដំបូង លើក្រុមយុវជនចុងព្រែង ដោយ​លទ្ធផល ៣-២ ។ លទ្ធផលនេះដែរ ធ្វើឲ្យក្រុមយុវជនរមាសហែក បន្ដឈរកំពូលតារាង ដោយ​រកបាន ៦ពិន្ទុពីជ័យជម្នះ ២ប្រកួតជាប់គ្នា គ្រាដែលក្រុមសាលាចំរើនសូនីតា មាន ៣ពិន្ទុ​ស្មើ​ក្រុមយុវជនគគីសោម ដែលឆ្លងកាត់ ២ប្រកួតឈ្នះ ១ និងចាញ់ ១ ដូចគ្នា ។ចំណែកពូលF ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ បានយកឈ្នះក្រុម ស.ស.យ.ក ស្រុក​ស្វាយទាប ​ដោយលទ្ធផល ៣-០ ។ នេះគឺជាជ័យជម្នះលើកទី២ ក្នុងពូល ដែលនាំឲ្យក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ ទទួលបានកៅអីវគ្គបន្ដ ខណៈក្រុម ស.ស.យ.ក ស្រុកស្វាយទាប ត្រូវ​ជួបក្រុមមិនទាន់ស្គាល់ជ័យជម្នះដូចគ្នា គឺក្រុមយុវជនបាទី ដើម្បីបញ្ចប់ពូលចុងសប្ដាហ៍ក្រោយ ៕ អត្ថបទ លី ឈុនឡា

Neymar និងក្រុមប្រេស៊ីលហ្វឹកហាត់ត្រៀមប្រកួតជម្រុះ World Cup ទល់នឹងម្ចាស់ផ្ទះពែរូព្រឹកស្អែក

2023/09/12 06:13:15 pm        211
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានជួបជុំគ្នាធ្វើការហ្វឹកហាត់នៅថ្ងៃចន្ទម្សិលមិញនេះ មុន​ការ​ប្រកួតទី ២ វគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីន​ទល់​នឹង​ម្ចាស់​ផ្ទះពែរូ​ព្រឹក​ស្អែក​នៅ​ទីក្រុង​ Lima។ប្រេស៊ីលបានបើកការប្រកួតជម្រុះ World Cup 2026 របស់ខ្លួន ជាមួយនឹងជ័យជំនះ ៥-១ ក្នុង​ទឹក​ដីរ​បស់ខ្លួនលើ បូលីវី។ ខ្សែប្រយុទ្ធចំនូលថ្មីរបស់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal, Neymar ក៏បាន​ចូលរួម​ការ​ហ្វឹកហា​ត់​នេះ​ដែរ​ បន្ទាប់ពីរកបាន ២ គ្រាប់ម្នាក់ឯងទល់នឹងបូលីវី បំបែកកំណត់ត្រារបស់ Pele ជា​កីឡាករ​ស៊ុត​បញ្ចូល​ទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលសរុប ៧៩ គ្រាប់។ ជុំវិញការប្រកួតស្អែកនេះ គ្រូបង្វឹកប្រេស៊ីលលោក Fernando Diniz បាន​ព្រមាន​កូន​ក្រុម​កុំ​មាន​ក្តី​រំពឹង​ខ្ពស់​ពេក ដោយលោកយល់ថាពែរូជាក្រុមរៀបចំបានល្អ ហើយ​ប្រេស៊ីល​នឹង​មាន​ការ​លំបាក​ស្អែក​នេះ។​ពែរូក៏បានធ្វើការហ្វឹកហាត់ផងដែរនៅថ្ងៃចន្ទម្សិលមិញ បន្ទាប់​ពី​ស្មើនៅ​ទឹ​ក​ដីប៉ារ៉ា​ហ្កាយ​ប្រកួ​ត​ដំបូង​៕ អត្ថបទ៖នាង សុភាវុធ

ពូលA នៃពាន Hun Sen Cup នឹងប្រកួតបង្គ្រប់កិច្ចស្អែក ឯបាត់ដំបង ត្រូវការឈ្នះ ដើម្បីអ៊ុតកៅអីវគ្គបន្ដ

2023/09/12 05:53:18 pm        439
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ នឹង​បន្ដការប្រកួតនាថ្ងៃទី១៣ ខែកញ្ញានេះ បន្ទាប់ពីសម្រាករយៈពេល ២សប្ដាហ៍ ។ ជាមួយ​ការ​ត្រឡប់​មក​វិញនេះ គឺមាន ៣ប្រកួត ខណៈពូលA មាន ២ប្រកួត ដែលជាជំនួបបង្គ្រប់កិច្ច បន្ទាប់​ពី​រក​ឃើញ​បេក្ខភាពវគ្គបន្ដ ស្របពេលពូលC មាន ១ប្រកួត ដោយក្រុមយុវជនខេត្តបាត់ដំបង ត្រូវ​ជួប​ក្រុម​សូហ្វីយ៉ាប៉ៃលិន ។សម្រាប់កម្មវិធីប្រកួតពូល A រួមមានក្រុមកំពតអេហ្វស៊ី ជួបខេត្តកំពង់ស្ពឺ បង្គ្រប់សប្ដាហ៍ទី១២ និង​ខេត្ត​ព្រះសីហនុ ជួបក្រុមភ្ញៀវភ្នំពេញហ្គាឡាក់ស៊ី បង្គ្រប់សប្ដាហ៍ទី១៦ ។ ជាការ​ពិត​ពូល​A ​បាន​រក​ឃើញ​ក្រុម​ឡើងវគ្គ ៨ក្រុមចុងក្រោយហើយ គឺក្រុមភ្នំពេញហ្គាឡាក់ស៊ី ឈរលេខ១ និង​ខេត្ត​ព្រះសីហនុ ​ឈរលេខ២ ។ ដូច្នេះទោះបីលទ្ធផលចុងក្រោយស្អែកនេះយ៉ាងណា ក៏គ្មាន​ការ​ប្រែប្រួល​នោះ​ដែរ លើកលែងជំនួបរវាងកំពតអេហ្វស៊ី និងខេត្តកំពង់ស្ពឺ ដែលក្រុមឈ្នះ នឹង​ត្រូវ​ឈរ​លេខ​៣ ក្នុងពូល ។ដោយឡែកជំនួបបង្គ្រប់សប្ដាហ៍ទី១៧ រវាងក្រុមយុវជនបាត់ដំបង និងក្រុមសូហ្វីយ៉ាប៉ៃលិន គឺ​ជា​ជំនួប​ដ៏​សំខាន់ ដែលក្រុមភ្ញៀវបាត់ដំបង ត្រូវការជ័យជម្នះ ដើម្បី​មាន​ឱកាស​ចាំ​អ៊ុត​ដំណើរ​ឆ្ពោះ​ទៅ​វគ្គ​បន្ដ​ ដ្បិតបច្ចុប្បន្នក្រុមយុវជនបាត់ដំបង មាន ១១ពិន្ទុ ប្រទាញប្រទុងជាមួយក្រុមឈើតុំ-ខេត្ត​ពោធិ៍សាត់ ដែលមាន ១២ពិន្ទុ និងនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។ ប៉ុន្ដែ​ករណី​បើការ​ប្រកួត​បញ្ចប់​ពូល បាត់ដំបង ធ្វើពុំបានល្អទេនោះ ពួកគេនឹងត្រូវប្រឈមរបូតឱកាសឡើងវគ្គ ៨ក្រុម​ចុង​ក្រោយ​តែ​ម្ដង។គួរដឹងថា ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំនេះ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះ​តាមពូល កាលពីចុងខែមីនា ឆ្នាំ២០២៣ មានបេក្ខភាព ២០ក្រុមចូលរួម និងបែងចែកជា ៤​ពូល ក្នុងមួយពូលមាន ៥ក្រុម ដើម្បីធ្វើការប្រកួតសន្សំពិន្ទុ និងចម្រាញ់បានក្រុមខ្លាំង ២​ក្រុម​ក្នុងមួយ​ពូលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីធ្វើការប្រកួតចំនួន ២ជុំ៕ អត្ថបទ លី ឈុនឡា  

Molly Carson បញ្ចប់ដំណើរឈ្នះជាប់គ្នារបស់ Rhiannan Iffland នៅការប្រកួត​លោតទឹក Cliff Diving

2023/09/12 05:24:54 pm        300
ការប៉ុនប៉ងចង់ឈ្នះការប្រកួតលោតទឹក Red Bull Cliff Diving ៧ ព្រឹត្តិការណ៍​ជាប់​គ្នា​របស់​កីឡាការិនី​អូស្រ្តាលី Rhiannan Iffland ត្រូវបានបញ្ចប់ហើយ ក្រោយកីឡាការិនីកាណាដា Molly Carson ​បានយកឈ្នះការប្រកួតនៅប្រទេសបូស្នៀ។ ព្រឹត្តិការណ៍ Cliff Diving World Series នៅប្រទេសបូស្នៀតែងតែត្រូវបានរៀបចំឡើងនៅទន្លេ Neretva ពោលគឺអ្នកចូលរួមប្រកួតទាំងអស់ត្រូវលោតពីលើស្ពានប្រវត្តិសាស្រ្ត Stari Most។ Molly Carson គឺជាអ្នកឈរលើគេនៅក្នុងតារាងការប្រកួតផ្នែកនារីក្រោយការលោតចំនួន ៤ លើក​ទទួលបានសរុប ៣៧៨.៦០ ពិន្ទុ តាមពីក្រោយដោយ Rhiannan Iffland មាន ៣៦១.៥ ពិន្ទុ ​និងលេខ ៣ កីឡាការិនីអាមេរិក Eleanor Smart។ យ៉ាងណាក្តីនៅក្នុងតារាងពិន្ទុរួមក្រោយប្រកួតបាន ៥ ព្រឹត្តិការណ៍រដូវកាលនេះ Rhiannan Iffland នៅឈរលើគេដដែលមានសរុប ៩៩០ ពិន្ទុ តាមពីក្រោយដោយ Molly Carson មាន ៨៦០ ពិន្ទុ និងលេខ ៣ កីឡាការិនីអូស្រ្តាលី Xantheia Pennisi។ ងាកមកការប្រកួតផ្នែកបុរសវិញ ជ័យជំនះបានទៅកីឡាករអេស្ប៉ាញ Carlos Gimeno ខណៈ​លេខ​ ២ បានទៅកីឡាកររ៉ូម៉ានី Catalin Preda និងលេខ ៣ កីឡាករអង់គ្លេស Aidan Hislop។ ក្នុងតារាងជើងឯកវិញ កីឡាកររ៉ូម៉ានី Constantine Popovici ដែលបានលេខ ៥ នៅបូស្នៀនេះ នៅ​តែឈរលើគេដដែលមានសរុប ៨៣២ ពិន្ទុ តាមពីក្រោយដោយ Aidan Hislop មាន ៦៩៩ និង លេខ ៣ Carlos Gimeno។ ជុំទី ៦ Red Bull Cliff Diving World Series នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​នូវែស៊ីឡង់​ដែ​ល​ជា​ជុំ​ចុង​ក្រោយ​៕​ អត្ថបទ៖នាង សុភាវុធ

កម្ពុជាបំបែកកំណត់ត្រាឈ្នះម៉ាកាវច្រើនគ្រាប់ និងជាជ័យជម្នះដំបូង ក្រោម​ការ​ដឹកនាំ​របស់ Felix

2023/09/12 04:56:59 pm        1830
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមភ្ញៀវម៉ាកាវ ដោយលទ្ធផល ៤-០ ក្នុង​ជំនួប​មិត្ត​ភាព​អន្ដរជាតិ កាលពីរាត្រីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។ ជ័យ​ជម្នះនេះដែរ បានចារនូវកំណត់ត្រាថ្មីមួយចំនួន ដូចជា​ការ​យក​ឈ្នះម៉ា​កាវ​ច្រើន​គ្រាប់​លើក​ដំបូង ក្នុងប្រវត្តិជួបគ្នា ៧លើកចុងក្រោយ ហើយក៏ជាជម្នះដំបូង បន្ទាប់ពីលោក Felix Dalmas​ ត្រឡប់​មក​ដឹកនាំក្រុមគោព្រៃវិញផងដែរ ។ជំនួបដ៏ជក់ចិត្តនេះ ក្រុមគោព្រៃកម្ពុជា បានបើកការនាំមុខ ៣-០ នៅវគ្គទី១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី១៩ និងនាទី២១ ក្រោយទទួល​ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួមក្រុម កាន់ ពិសាល និង ស៊ិន សុផាណាត់ និង ១គ្រាប់ទៀត រក​បាន​ដោយ​ខ្សែ​ការពារ​មក​ពី​ព្រះខ័​នរាជស្វាយរៀង សឿយ វិសាល នៅនាទី៤០ ។ ចូលវគ្គទី២ ទោះបីក្រុមម៉ាកាវ បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធលេងយ៉ាង ក៏មិនអាចទម្លាយសំណាញ់ទីក្រុមគោព្រៃ ផ្ទុយទៅវិញ កម្ពុជា​បាន​បន្ថែម​ ១គ្រាប់ទៀត នៅចុងម៉ោង ដោយកីឡាករ រ៉ឹង ប៊ុនហៀង ដើម្បី​ធានា​ជ័យ​ជម្នះ​របស់​ខ្លួន​តែម្ដង​។ជាមួយជ័យជម្នះនេះ បានក្លាយជាជ័យជម្នះដែលមានគ្រាប់បាល់ច្រើនជាងគេ ក្នុង​ប្រវត្តិ​ជួប​គ្នា​ចំនួន​ ៧លើកចុងក្រោយ ដែលកម្ពុជា ធ្លាប់ឈ្នះម៉ាកាវ ៤លើក ស្មើ ១លើក និងចាញ់ ១លើក ។ ​និយាយពីប្រវត្តិឈ្នះរបស់ក្រុមគោព្រៃ  កម្ពុជាបានយកឈ្នះម៉ាកាវ ៣-១ ក្នុងជំនួបមិត្តភាព ឆ្នាំ​២០០៨​ មុនបន្ដយកឈ្នះ ២-១ ក្នុងជំនួបមិត្តភាពឆ្នាំ២០០៩ ហើយបន្ដយកឈ្នះ ៣-១ ម្ដង​ទៀត​ ក្នុងជំនួបមិត្តភាព ឆ្នាំ២០១១ គ្រាដែលជ័យជម្នះចុងក្រោយ គឺកម្ពុជា បានយកឈ្នះម៉ាកាវ ៣-០ ក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ មុនកម្ពុជា បន្ដជ័យជម្នះ ៤-០ លើក្រុមម៉ាកាវ កាលពីយប់មិញ ។ម្យ៉ាងវិញទៀត នេះក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) ក្រោយ​ការ​វិល​ត្រឡប់​មកដឹកនាំក្រុមគោព្រៃជាលើកទី២ ក្នុងនាមគ្រូបង្គោលរបស់លោក Felix Dalmas ​ផង​ដែរ ​បន្ទាប់ពីការប្រកួតដំបូង កាលពីខែមិថុនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បាន​ចាញ់​ក្រុម​ភ្ញៀវ​បង់​ក្លាដែស ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ មុនប្រកួតស្មើក្រុមភ្ញៀវហុងកុង ១-១​ កាលពីថ្ងៃទី០៧ ខែកញ្ញាកន្លងទៅ នៅពហុកីឡដ្ឋានជាតិតែមួយគត់ ។សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិ កំឡុង FIFA Day របស់ក្រុមជម្រើសជាតិកម្ពុជា គឺ​ដើម្បី​ត្រៀម​ខ្លួន សម្រាប់ការប្រកួតជម្រុះបឋមពានរង្វាន់បាល់ទាត់ពិភពលោក (2026 FIFA World Cup Asian Qualifiers) ដែលកម្ពុជា ត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន នាខែក្រោយ ពោល​គឺជើងទី១ កម្ពុជា ត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ កម្ពុជា ត្រូវ​ជួបប៉ាគីស្ថាន ក្រៅដីវិញ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

LeBron James គ្រោងវិលមកជួយក្រុមអាមេរិកវិញនៅអូឡាំពិក ទីក្រុងប៉ារីសឆ្នាំក្រោយ

2023/09/12 04:37:38 pm        409
កំពូលកីឡាករបាល់បោះអាមេរិក LeBron James ត្រូវបានគេដឹងថា គ្រោង​ត្រលប់មកជួយ​ក្រុម​ជម្រើស​ជាតិអាមេរិកវិញ នៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំក្រោយ នេះ​បើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើននៅថ្ងៃចន្ទម្សិលមិញ។សារព័ត៌មាន ESPN បានចុះផ្សាយថា James ស្ថិតក្នុង​ចំណោម​កីឡាករ​កំពូលៗ​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុងការចូលរួមប្រកួតនៅទីក្រុងប៉ារីសឆ្នាំក្រោយ ខណៈដែលសារព័ត៌មាន The Athletic ឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុមបាល់បោះ LA Lakers រូបនេះ​បាន​កោះ​ហៅកី​ឡាករ​សំខាន់​ៗ​មួយចំនួនផ្សេងទៀតផងដែរ។រំលឹកថា LeBron James បាន​ខក​ខាន​មិន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​តាំង​ពី​ឈ្នះ​មេដាយ​មាស​អូឡាំពិកទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីឆ្នាំ ២០១២។កីឡាករវ័យ ៣៨ ឆ្នាំដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ២ លើកជាមួយអាមេរិករូបនេះ ក៏​បាន​កោះ​ហៅ ​Kevin Durant រួមជាមួយនឹង Stephen Curry និង Jayson Tatum ផងដែរ ដើម្បី​ប្រកួត​តំណាង​អាមេរិកមុនចូលនិវត្តន៍៕ អត្ថបទ៖នាង សុភាវុធ

Coco Gauff សម្រេចក្តីស្រមៃឈ្នះ Grand Slam លើកដំបូងក្នុងអាជីព​ក្រោយឈ្នះ​ជើងឯក US Open

2023/09/11 07:45:56 pm        161
កីឡាការិនីវាយកូនបាល់វ័យក្មេងអាមេរិក Coco Gauff បាន​សំរេច​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​ការ​ប៉ុន​ប៉ង​ចង់​ឈ្នះ Grand Slam លើកដំបូងក្នុងអាជីព បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនី Aryna Sabalenka នៅវគ្គផ្តាច់ព្រ័ត្រលើកពាន US Open។នៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន ក្នុងទឹកដីរបស់ខ្លួន Coco Gauff ចាប់​ផ្តើម​មិន​បាន​ល្អ​ឡើយ​ក្រោយ​ជើង​ឯក Australian Open កីឡាការិនីបេឡារុស Aryna Sabalenka យកឈ្នះ​សិត​ដំបូង​ ៦-២។ យ៉ាងណាក្តី កីឡាការិនីអាមេរិកដែលមានវ័យទើបតែ ១៩ ឆ្នាំ Coco Gauff បាន​កែប្រែ​ស្ថានការ​ដោយ​យក​ឈ្នះនៅសិតទីពីរ ៦-៣ ហើយក៏មានទំនុកចិត្តយកឈ្នះសិតកាត់សេចក្តី ៦-២។ជ័យជំនះ Grand Slam លើកដំបូងរបស់ Coco Gauff នឹង​ធ្វើ​ឱ្យ​នាង​ឡើង​ឈរ​ចំណាត់​ថ្នាក់​ពិភព​លោក​លេខ៣ ដែលជាចំណាត់ថ្នាក់ល្អបំផុតក្នុងអាជីព។ ចំណែកកីឡាការិនីវ័យ ២៥ ឆ្នាំបេឡារុស Aryna Sabalenka ត្រូវ​រង់ចាំ​បន្ត​ទៀត​ក្នុង​ការ​ប៉ុន​ប៉ង​ចង់​ឈ្នះ​ពាន Grand Slam លើកទី ២ ក្នុងអាជីព តែយ៉ាង​ហោចណាស់​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​មក​វិញ​ ដោយនាងនឹងក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកនៅថ្ងៃចន្ទនេះ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាប្រតិបត្តិការបង្រ្កាបនិងបោសសម្អាត Online Scams
07/29/2026 03:07 PM
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
07/29/2026 03:07 PM
តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
07/29/2026 02:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងប្រជាពលរដ្ឋលើវិស័យសុខុមាលភាព
07/29/2026 02:07 PM
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
07/29/2026 02:07 PM
ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសថា រដ្ឋនឹងចុះបញ្ជី និងផ្តល់ប័ណ្ណដីធ្លី ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងឆ្នាំ២០២៧
07/29/2026 02:07 PM
ក្រសួងការងារ ចែករំលែកបទពិសោធពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ជាមួយគណៈប្រតិភូនៃប្រទេសទីម័រឡេស្តេ
07/29/2026 02:07 PM
សម្តេចធិបតី ប្រកាសសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខ
07/29/2026 01:07 PM
ខ្សែបន្ទាត់ពណ៌លឿងរបស់អ៊ីស្រាអែលបន្តរំកិលទៅមុខ ជំរុញពលរដ្ឋហ្កាហ្សាឲ្យចាកចេញពីលំនៅឋាន
07/29/2026 01:07 PM