ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu

ព័ត៌មានកីឡា

Novak Djokovic ឈ្នះពាន Grand Slam តាមស្មើកំណត់ត្រា ២៤ លើករបស់ Margaret Court

2023/09/11 07:38:46 pm        163
ទីបំផុតការប៉ុនប៉ងចង់ឈ្នះពាន Grand Slam ឱ្យតាមស្មើកំណត់ត្រារបស់អតីតកីឡាការិនី Margaret Court របស់ Novak Djokovic បានសម្រេចហើយ ក្រោយយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev នៅវគ្គផ្តាច់ព្រ័ត្រ US Openនៅទីក្រុងញូយ៉កសហរដ្ឋអាមេរិក។ កីឡាករវ័យ ៣៦ ឆ្នាំសញ្ជាតិស៊ែបរូបនេះឈ្នះដោយលទ្ធផលមិនតានតឹងពេកទេ ៣ សិតផ្ទួនៗ ៦-៣ ៧-៦(៧-៥) និង ៦-៣ តែនៅក្នុងសិតទី ២ នោះត្រូវចំណាយពេលដល់ទៅ ១ ម៉ោង ៤៤ នាទី។ថ្វីបើឈានដល់វ័យ ៣៦ ឆ្នាំក្តី Novak Djokovic ហាក់មិន​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​សមត្ថភាព​រាង​កាយ​របស់ខ្លួនឡើយ បន្ទាប់ពីឆ្នាំ ២០២៣ នេះគេបានឈ្នះជើងឯក Grand Slam សរុប ៣ ក្នុង​ចំណោម ៤ លើក។Djokovic បានបំបែកកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះជើងឯកសរុប ២២ Grand Slam តាមរយៈការឈ្នះជើងឯក Australian Open កាលពីដើមឆ្នាំ។Djokovic នឹងមិនទាន់គិតពីការចាកចេញពីអាជីពកីឡាករវាយកូនបាល់ឡើយ ស្រប​ពេល​បេសកកម្ម​បន្ត​គឺការបំបែកកំណត់ត្រារបស់អតីតកីឡាការិនីរុស្ស៊ី Margaret Court តែម្តង នៅពេលចូលរួមការប្រកួត Australian Open នៅខែមករាដើមឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជាទទួលបានការសរសើរ ក្នុងការរៀបចំព្រឹត្តិការណ៍វាយកូនបាល់យុវជនអាស៊ី-២០២៣

2023/09/11 07:30:58 pm        227
ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ​ឆ្នាំ២០២៣ ​ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រ បានបញ្ចប់ហើយ ក្រោយ​ដំណើរ​ការ​ប្រកួត​រយៈពេល ៥ថ្ងៃ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាល​ពី​ចុង​សប្ដាហ៍​កន្ល​ងទៅ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យ រហូតទទួល​បាន​ការ​កោត​សរសើរ​ពី​សំណាក់ប្រតិភូកីឡា នៃបណ្ដាប្រទេសចូលរួមទៀតផង ។លោក ទេព រិទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការ​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ីនេះ មានសុទ្ធតែកីឡាករ-កីឡាការិនី​ឆ្នើមៗចូលរួមសរុប ៤៦នាក់ ដែលត្រូវបាន​ចម្រាញ់​ឲ្យ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​ទាត់​អាស៊ី ក្នុងនោះកម្ពុជា ក៏ទទួលបានសិទ្ធពិសេស ក្នុងនាមម្ចាស់ផ្ទះ ដោយដាក់សមាសភាពកីឡាករ ២​រូបចូលរួមប្រកួតផងដែរ ។លោកថា ទោះបីការចូលរួមរបស់កីឡាករកម្ពុជា ពុំទទួលបានមេដាយ តែលោករីករាយ ជាមួយ​ភារកិច្ច​នៃការទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនេះ រហូតទទួល​បាន​ការ​កោត​សរសើរ​ពី​បណ្តា​​ប្រទេសចូលរួមថា ការរៀបចំមានលក្ខណៈស្តង់ដារ និងការ​ទទួល​បដិសណ្ឋាកិច្ច​ល្អ​ចំពោះ​ភ្ញៀវ​យ៉ាង​កក់ក្ដៅ ។ នេះគឺជាមុខមាត់មួយ សម្រាប់សហព័ន្ធ ហើយក៏ជាទំនុកចិត្ត ដើម្បីកម្ពុជា ក្នុង​ការមានឱកាសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ទៀត ។អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ព្រឹត្តិការណ៍នេះ ប្រមូលផ្ដុំដោយកីឡាករ-កីឡាការិ​នី​ខ្លាំង​ៗ នៅក្នុងទ្វីបអាស៊ី ។ ដូច្នេះនេះគឺជាឱកាសនៃការផ្តល់នូវបទពិសោធន៍ និង​បច្ចេក​ទេស​ពី​ការ​ប្រកួត​កម្រិតអន្តរជាតិដល់យុវជនបន្តវេនកម្ពុជា អភិវឌ្ឍខ្លួន​ក្លាយ​ជា​កីឡាករ​វាយកូនបាល់​មាន​សក្តានុពល​ប្រចាំ​ទ្វីអាស៊ីនាថ្ងៃអនាគត ពិសេសសម្រាប់យុវជនអាយុក្រោម ១៤ឆ្នាំ ដើម្បីត្រៀម​ការ​ប្រកួត​ប្រជែងកីឡាយុវជនអាស៊ី លើកទី៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ខាងមុខ ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់យុវជនអាស៊ី ITF Asian 14U Junior Championships ​ឆ្នាំ២០២៣ ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះលទ្ធផល​បច្ចេក​ទេស​លើ​វិញ្ញាសាទាំង ៤ សម្រាប់វិញ្ញាសាប្រកួតឯកក្តជននារី មេដាយមាស បាន​ទៅ​កីឡាការិនី​កូរ៉េ Yeri Hong ។ វិញ្ញាសាប្រកួតវាយគូ នារី មេដាយមាស បានទៅក្រុម​កីឡាការិនី​ឥណ្ឌូនេស៊ី ​។ វិញ្ញាសាប្រកួតឯកក្តជនបុរស មេដាយមាស បានទៅកីឡាករហុងកុង Sin Hang Tam និងវិញ្ញសាប្រកួតវាយគូបុរស មេដាយមាស បានទៅក្រុមកីឡាករមកពីហុងកុងដូចគ្នា ៕ អត្ថបទ លី ឈុនឡា

Vincent Norrman ឈ្នះជើងឯក Irish Open ខណៈកីឡាការិនី Minjee Lee ឈ្នះកម្មវិធី Kroger Queen City

2023/09/11 07:13:24 pm        177
កីឡាករវាយកូនគោលស៊ុយអែត Vincent Norrman បានគ្រងជើងឯកការប្រកួតកម្មវិធី Irish Open ខណៈកីឡាករម្ចាស់ផ្ទះ Rory McIlroy មិនមានសំណាងឡើយ។កីឡាករលំដាប់លេខ ២ Rory McIlroy ស្ថិត​ក្នុង​ចំណោម​កីឡាករ​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​សំណាង​ក្នុង​ថ្ងៃ​ចុងក្រោយពោលគឺ McIlroy ដែលនាំមុខគេ ១៣ អាន់ឌើផាមុន​ចាប់​ផ្តើម​ថ្ងៃ​ចុង​ក្រោយ​នោះ ​វាយចូលទឹក ៤ លើក និងបញ្ចប់ការប្រកួតជាមួយនឹង ៩ អាន់ឌើផា។ចំណែកឯកីឡាករវ័យ ២៥ ឆ្នាំ Vincent Norrman តាមពីក្រោយ ៦ ស្រ្តូក ដើម្បី​គ្រង​ជើង​ឯក​តាម​រយៈ​ការ​ធ្វើបាន ៧ Birdies ក្នុង ១២ ឡូនៃថ្ងៃចុងក្រោយដើម្បីបញ្ចប់ការប្រកួតជាមួយនឹង ១៤ ​អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាករអាល្លឺម៉ង់ Hurly Long ១ ស្រ្តូក និងលេខ ៣ កីឡាករ​ស្កុត​ឡេន Grant Forrest មាន ១២ អាន់ឌើផា។Irish Open ដែលមានកញ្ចប់ប្រាក់រង្វាន់ ៦ លានដុល្លារអាមេរិក Vincent Norrman ក្នុង​នាម​ជា​ជើង​ឯក​ទទួលបានប្រាក់រង្វាន់ ១.០២ លានដុល្លារ។ ងាកមកការប្រកួតផ្នែកនារីក្របខណ្ឌ LPGA Tour កម្មវិធី Kroger Queen City Championship ដែល​រៀបចំនៅ Cincinnati សហរដ្ឋអាមេរិក កីឡាការិនីអូស្រ្តាលី Minjee Lee បាន​ក្លាយ​ជា​ជើង​ឯក​តាមរយៈជ័យជំនះនៅវគ្គ Play-Off បន្ថែមឡូកាត់សេចក្តីលើកីឡាការិនីអង់គ្លេស Charley Hull​។Minjee Lee និង Charley Hull បានបញ្ចប់ការប្រកួតថ្ងៃចុងក្រោយជាមួយនឹង ១៦ អាន់​ឌើផា​ដូច​គ្នា ​មុនពេលដែល Minjee Lee យកឈ្នះនៅវគ្គ Play-Off ដើម្បីគ្រង​ជើងឯក​នៅ​ក្នុង​ក្រប​ខណ្ឌ ​LPGA Tour លើកដំបូងរាប់ពីឆ្នាំ ២០២២ ដែលនាងឈ្នះកម្មវិធី US Open៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម កែវ រ៉េមី ប្រកាសបន្ដដឹកនាំសហព័ន្ធតេក្វាន់ដូ ITF និងស្នើក្រសួងអប់រំ បន្ដយកចិត្តទុកដាក់

2023/09/11 07:01:50 pm        188
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ប្រកាស​បន្ដ​ធ្វើ​ជា​ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អមជាមួយការស្នើឲ្យក្រសួងអប់រំ យុវជន និង​កីឡា បន្ដយកចិត្តទុកដាក់ ដើម្បីជំរុញការអភិវឌ្ឍកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត ។ការប្រកាសបន្ដដឹកនាំសហព័ន្ធនេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​តេក្វាន់ដូ​ ITF ​នៃ​ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​ថ្ងៃ​ទី​១០ ខែកញ្ញានេះ បន្ទាប់​ពី​ឯកឧត្តម​ធ្លាប់​បាន​លើក​ឡើង​ពី​គម្រោង​លាលែង​ពី​តំណែង​ប្រធាន​សហព័ន្ធ​ កាលពីពេលកន្លងទៅ ។ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី បានសម្ដែងការសប្បាយចិត្ត ក្នុងបន្ដដឹកនាំសហព័ន្ធ ទោះ​បី​ឯកឧត្តម​មមាញឹកជាមួយការងាររដ្ឋយ៉ាងណាក៏ដោយ ដើម្បីឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​ថ្នាក់​ដឹកនាំ ​និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ ក៏ដូចជាគ្រូបង្វឹក និងកីឡាករ-កីឡា​ការិនី​តេក្វាន់ដូ ITF ។អ្វីដែលពិសេស គឺឯកឧត្តមកាន់តែរីករាយ ក្នុងការបន្ដតំណែងជាប្រធានសហព័ន្ធ បន្ទាប់​ពី​មើល​ឃើញ​ធន​ធាន​បន្ដវេនប្រកបដោយសក្ដានុពល គ្រប់កម្រិត តាំងពីកម្រិតថ្នាល រហូតដល់ពេញវ័យ តាម​រយៈការប្រកួតកីឡាសិស្សបឋមសិក្សា រហូតដល់កីឡាមធ្យមសិក្សា ប្រកបដោយបច្ចេកទេស ទាំង​ក្បាច់គុន និងវិន័យ ។ឆ្លៀតឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានអរគុណក្រសួងអប់រំ យុវជន និងកីឡា ដែល​តែង​យក​ចិត្ត​ទុកដាក់ ចំពោះកីឡាតេក្វាន់ដូ ITF ហើយឯកឧត្តមក៏បានសំណូមពរឲ្យក្រសួង បន្ដ​យក​ចិត្ត​ទុក​ដាក់ និងគាំទ្របន្ដទៀត សម្រាប់ធនធានកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដែល​មាន​ស្រាប់​។ឯកឧត្តម កែវ រ៉េមី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា កីឡា​តេក្វាន់ដូ​ ITF ​នឹង​នាំ​មក​នូវ​កិត្តិយស​ជូន​ជាតិ​ តាមរយៈការប្រកួតអន្ដរជាតិនានា ទាំងក្នុង និងក្រៅប្រទេស ដោយ​ផ្អែក​លើ​ភាព​រីក​ចម្រើន​របស់​កីឡាករ-កីឡាការិនីគ្រប់កម្រិត ដ្បិតកីឡា​តេក្វាន់​ដូ​ ITF​ មិន​បាន​ចូល​រួមការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើកទី៣២ កាលពីថ្មីៗក៏ដោយ ៕ អត្ថបទ លី ឈុនឡា

កីឡាករព័រទុយហ្កាល់ Rui Costa ឈ្នះដំណាក់កាលទី ១៥ Vuelta a Espana តែ Sepp Kuss ពន្លាតការនាំមុខ

2023/09/11 06:53:46 pm        162
កីឡាករប្រណាំងកង់សញ្ជាតិព័រទុយហ្កាល់ Rui Costa បានប្រជែងឈ្នះដំណាក់កាលទី ១៥ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់ Grand Tour, Vuelta a Espana នៅប្រទេសអេស្ប៉ាញ តែកីឡាករ​អាមេរិក​ Sepp Kuss ពន្លាតការនាំមុខក្នុងតារាងវេលារួម។ ដំណាក់កាលទី ១៥ ដែលមានចំងាយផ្លូវ ១៥៩ គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Intermarche-​Circus-Wanty, Rui Costa បានចំណាយពេល ៣ ម៉ោង ៣០ នាទី ៥៦ វិនាទី​ដើម្បី​មក​ដល់ទីព្រ័ត្រមុនគេតាមពីក្រោយដោយកីឡាករអាល្លឺម៉ង់ Lennard Kemna និងកីឡាករ​កូឡុំប៊ី Santiago Buitrago ស្ថិតក្នុងថេរវេលាដូចគ្នា ស្របពេលដែលអ្នកការពារតំណែងជើងឯក កីឡាករ​ប៊ែលហ្ស៊ិក Remco Evenepoel លេខ ៤ យឺងជាង ២ វិនាទី។ យ៉ាងណាក្តីក្រោយ ១៥ ដំណាក់កាលនេះ កីឡាករអាមេរិក Sepp Kuss ជិះឱ្យក្រុម Jumbo-Visma នៅតែបន្តនាំមុខគេដដែល ដោយកាន់វេលាចំណេញ ១ នាទី ៣៧ វិនាទី ពីកីឡាករស្លូវេនី Primoz Roglic និង ១ នាទី ៤៤ វិនាទីពី អ្នកលេខ ៣ កីឡាករដាណឺម៉ាក Jonas Vingegaard។ សម្រាប់ថ្ងៃចន្ទនេះមិនមានការប្រកួតឡើយ ខណៈថ្ងៃអង្គារស្អែកនេះដំណាក់កាលទី ១៦ មាន​ចំងាយ​ផ្លូវ​ ១២១ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

អាល្លឺម៉ង់ឈ្នះស៊ែប វគ្គផ្តាច់ព្រ័ត្រគ្រងជើងឯកបាល់បោះពិភពលោកលើកដំបូង

2023/09/11 06:46:58 pm        377
ក្រុមបាល់បោះជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាជើងឯក នៃការប្រកួតបាល់បោះ​ពានរង្វាន់​ពិភព​លោក​លើក​ដំបូង ក្រោយយកឈ្នះស៊ែបនៅវគ្គផ្តាច់ព្រ័ត្រ ៨៣-៧៧ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន​។ Dennis Schroder កីឡាកររបស់ក្លិប Toronto Raptors គឺជាអ្នកបោះបាន ២៨ ពិន្ទុ​ច្រើន​ជាង​គេ​សម្រាប់​ក្រុម​អាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រនេះ ខណៈ Franz Wagner បោះបាន ១៩ ពិន្ទុ។ ស៊ែបដែលមិនមានវត្តមានកីឡាករកំពូល Nikola Jokic ដែលជួយ Denver Nuggets លើកពាន NBA ​រដូវកាលមុនបានដេញពិន្ទុប្រផិតប្រផើយដែរទល់នឹងអាល្លឺម៉ង់ ពោលគឺ​ចប់​ពាក់​កណ្តាល​ផ្លូវ​ក្រុម​ទាំង​ពីរ​ស្មើគ្នា ៤៧-៤៧ មុនពេលអាល្លឺម៉ង់គ្រប់គ្រងស្ថានការបាន។ អាល្លឺម៉ង់មកដល់វគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈជ័យជំនះប្រផិតប្រផើយ ១១៣-១១១ ក្រុមជើងឯក ៥ សម័យអាមេរិក ខណៈស៊ែបឈ្នះកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ កាណាដាក្រោយមកក៏បានយកឈ្នះអាមេរិក ១២៧-១១៨ នៅម៉ោង​បន្ថែម​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣៕ អត្ថបទ៖នាង សុភាវុធ

AFC U23៖ ក្រុមកម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតស្អែក ដើម្បីធានាកៅអីវគ្គបន្ត

2023/09/11 06:34:14 pm        1487
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុម​ជម្រើស​ជាតិ​ U23 ​អារ៉ាប់ប៊ីសាអូឌីត នារាត្រីថ្ងៃទី១២ ខែកញ្ញាស្អែកនេះ ដើម្បី​កំណត់​ជោគ​វាសនា​ក្រុម​ត្រូវ​ឡើង​វគ្គ​បន្ដ​ នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Qatar 2024 ។ជំនួបកាត់សេចក្ដី នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត ។ នេះ​គឺ​ជា​ការ​ប្រកួត​ដ៏សំខាន់ ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះ ដើម្បី​ធានា​កៅ​អី​វគ្គ​បន្ដ​។គួរដឹងថា មុនឈានដល់ជំនួបបញ្ចប់ពូល J ក្រុមជម្រើសជាតិ U23 កម្ពុជា គឺ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ម៉ុងហ្គោលី ដោយលទ្ធផល ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ដែល ២​គ្រាប់​របស់​ក្រុម​គោព្រៃជំទង់ ធ្វើសម្រេចក្នុងវគ្គទី១ ដោយកីឡាករ ស រតនា និង សារ ទី មុនម៉ុងហ្គោលី វាយ​បកបាន ១គ្រាប់វិញ នៅវគ្គទី២ ។ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា មាន ៤ពិន្ទុ និងឈរលេខ២ បណ្ដោះ​អាសន្ន តាមពីក្រោយក្រុមក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតដែលមាន ៦ពិន្ទុពេញ ក្រោយឈ្នះ ២​ប្រកួត​ជាប់គ្នា ។ ដូច្នេះជំនួបចុងក្រោយ ជាមួយអារ៉ាប់ប៊ីសាអូឌីតស្អែក ប្រសិនបើកកម្ពុជា ឈ្នះ​នឹង​ទទួល​បាន​កៅអីវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ។ប៉ុន្ដែករណីបើការប្រកួតចុងក្រោយស្អែកនេះ ស្មើគ្នា ឬកម្ពុជាចាញ់ កម្ពុជា​ប្រឈម​នឹង​ការ​បាត់​បង់​ឱកាស​ឡើង​វគ្គបន្ដ ដ្បិតបច្ចុប្បន្ន បើគិតពីចំណាត់ថ្នាក់លេខ២ ល្អជាងគេ កម្ពុជាទើបមាន ១ពិន្ទុ​ប៉ុណ្ណោះ ​ពីការប្រកួតស្មើក្រុម U23 លីបង់ ខណៈជ័យជម្នះលើម៉ុងហ្គោលី មិនត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ ​ដោយសារពូលខ្លះ មាន ៣ក្រុម និងពូលខ្លះមាន ៤ពិន្ទុ ។គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 គឺមាន ៤៣ក្រុមចូលរួម និង​ចែក​ចេញ​ជា ១១ពូល ដើម្បីធ្វើការប្រកួត និងចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រម​ទាំង​ក្រុម​លេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែល​គ្រោង​ធ្វើ​ការ​ប្រកួត​ពី​ថ្ងៃ​ទី​១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសកាតា ៕ អត្ថបទ លី ឈុនឡា

កីឡាករដាណឺម៉ាក Viktor Axelsen គ្រងជើងឯកវាយសី China Open

2023/09/11 05:59:33 pm        212
កីឡាករវាយសីដាណឺម៉ាកលំដាប់កំពូលពិភពលោក Viktor Axelsen បាន​គ្រង​ជើងឯក​វាយ​សី​ពានរង្វាន់ China Open ក្រោយវាយបកយកឈ្នះកីឡាករម្ចាស់ផ្ទះចិន Lu Guangzu នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្ងៃ​អាទិត្យម្សិលមិញ។ ជាការប្រកួតដ៏ជក់ចិត្តរវាងកីឡាករទាំងពីរ តាមរយៈការវាយយកពិន្ទុពេញដោយកំលាំងដូចគ្នា។ Lu Guangzu ក្រោមសំឡេងហ៊ោពីអ្នកគាំទ្រម្ចាស់ផ្ទះក៏បានបង្ករការលំបាកខ្លាំងសម្រាប់ Axelsen​ ដែលត្រូវផ្តោតលើគ្រប់គ្រាប់សីទាំងអស់។ យ៉ាង​ណាក្តីការប្រកួតបញ្ចប់ទៅដោយ Axelsen យកឈ្នះ ២១-១៦ និង ២១-១៩ ដើម្បី​ក្រសោប​យក​ពាន Grand Slam Super 1000 ទាំងអស់ប្រចាំឆ្នាំរួមមាន All England Open Indonesian Open Malaysian Open និង China Open នេះ។ ងាកទៅការប្រកួតវាយគូបុរសវិញ ជើងឯកបានទៅដៃគូកីឡាករចិន Liang Wei Keng និង Wang Chang ដែលបានយកឈ្នះដៃគូ Aaron Chia និង Soh Wooi Yik របស់​ម៉ាឡេស៊ី ដើម្បី​ទទួល​បាន​មេដាយទី ២ សម្រាប់ម្ចាស់ផ្ទះចិននៅ ព្រឹត្តិការណ៍វាយសី China Open នេះ៕  អត្ថបទ៖នាង សុភាវុធ

២៥រាជធានី-ខេត្ត សុទ្ធតែដណ្ដើមបានមេដាយកីឡាមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/11 05:44:56 pm        1679
ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរហើយ ក្រោយ​ដំណើរ​ការ​ប្រកួតជាង ១សប្ដាហ៍ ដែលទើបបិទបញ្ចប់ការពីថ្ងៃទី១០ ខែកញ្ញាម្សិលមិញ នៅ​វិមាន​ពហុកីឡដ្ឋានជាតិ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ស្រប​ពេលប្រតិភូកីឡាទាំង ២៥រាជធានី-ខេត្ត ដែលបញ្ជូនអត្តពលិកចូលរួមប្រកួត សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ។យោងតាមលទ្ធផលបច្ចេកទេសសរុបការប្រកួតទាំង ១២ប្រភេទកីឡា នៃ​ព្រឹត្តិការណ៍​កីឡា​មធ្យម​សិក្សា​ឆ្នាំនេះ​ រួមមាន៖- រាជធានីភ្នំពេញ ឈរលេខ១ ឈ្នះមេដាយសរុប ៥៨គ្រឿង (មាស២៨ ប្រាក់១៥ និងសំរឹទ្ធ១៥)- ខេត្តកណ្ដាល ឈរលេខ២ ឈ្នះមេដាយសរុប ៣២គ្រឿង (មាស១០ ប្រាក់១៤ និងសំរឹទ្ធ៨) - ខេត្តបាត់ដំបង ឈរលេខ៣ ឈ្នះមេដាយសរុប ៣៩គ្រឿង (មាស១០ ប្រាក់១២ និងសំរឹទ្ធ១៧)- ខេត្តសៀមរាប ឈរលេខ៤ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៩ ប្រាក់៧ និងសំរឹទ្ធ១២)- ខេត្តកំពង់ចាម ឈរលេខ៥ ឈ្នះមេដាយសរុប ២៨គ្រឿង (មាស៦ ប្រាក់១០ និងសំរឹទ្ធ១២)- ខេត្តកំពង់ស្ពឺ ឈរលេខ៦ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស៦ ប្រាក់៣ និងសំរឹទ្ធ៥)- ខេត្តព្រះសីហនុ ឈរលេខ៧ ឈ្នះមេដាយសរុប ៩គ្រឿង (មាស៦ ប្រាក់១ និងសំរឹទ្ធ២)- ខេត្តពោធិ៍សាត់ ឈរលេខ៨ ឈ្នះមេដាយសរុប ១១គ្រឿង (មាស៥ ប្រាក់៤ និងសំរឹទ្ធ២)- ខេត្តតាកែវ ឈរលេខ៩ ឈ្នះមេដាយសរុប ១១គ្រឿង (មាស៥ ប្រាក់១ និងសំរឹទ្ធ៥)- ខេត្តកំពង់ឆ្នាំង ឈរលេខ១០ ឈ្នះមេដាយសរុប ១៨គ្រឿង (មាស៤ ប្រាក់៨ និងសំរឹទ្ធ៦)- ខេត្តស្វាយរៀង ឈរលេខ១១ ឈ្នះមេដាយសរុប ៧គ្រឿង (មាស៣ ប្រាក់៣ និងសំរឹទ្ធ១)- ខេត្ដព្រៃវែង ឈរលេខ១២ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស២ ប្រាក់៥ និងសំរឹទ្ធ៦)- ខេត្តត្បូងឃ្មុំ ឈរលេខ១៣ ឈ្នះមេដាយសរុប ១២គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ៨)- ខេត្តស្ទឹងត្រែង ឈរលេខ១៤ ឈ្នះមេដាយសរុប ៦គ្រឿង (មាស២ ប្រាក់២ និងសំរឹទ្ធ២)- ខេត្តកោះកុង ឈរលេខ១៥ ឈ្នះមេដាយសរុប ៥គ្រឿង (មាស២ ប្រាក់១ និងសំរឹទ្ធ២)- ខេត្តកំពង់ធំ ឈរលេខ១៦ ឈ្នះមេដាយសរុប ១០គ្រឿង (មាស១ ប្រាក់៦ និងសំរឹទ្ធ៣)- ខេត្តប៉ៃលិន ឈរលេខ១៧ ឈ្នះមេដាយសរុប ១២គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៧)-   ខេត្តកំពត ឈរលេខ១៨ ឈ្នះមេដាយសរុប ៩គ្រឿង (មាស១ ប្រាក់៤ និងសំរឹទ្ធ៤)- ខេត្តបន្ទាយមានជ័យ ឈរលេខ១៩ ឈ្នះមេដាយសរុប ៤គ្រឿង (មាស១ ប្រាក់២ និងសំរឹទ្ធ១)- ខេត្តរតនៈគិរី ឈរលេខ២០ ឈ្នះមេដាយសរុប ៥គ្រឿង (មាស១ ប្រាក់១ និងសំរឹទ្ធ៣)- ខេត្តព្រះវិហារ ឈរលេខ២១ ឈ្នះមេដាយប្រាក់ ១- ខេត្តឧត្ដរមានជ័យ ឈរលេខ២២ ឈ្នះមេដាយសំរឹទ្ធ ២- ខេត្តក្រចេះ ឈរលេខ២ ឈ្នះមេដាយសំរឹទ្ធ ២- ខេត្តមណ្ឌលគិរី ឈរលេខ២៤ ឈ្នះមេដាយសំរឹទ្ធ ១- ខេត្តកែប ឈរលេខ២៤ ឈ្នះមេដាយសំរឹទ្ធ ១ ។ ក្រោយបញ្ចប់ការប្រកួត ឯកឧត្តម វ៉ាត់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​រាជធានី-​ខេត្ត ដែលបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី​ជា​សិស្សានុសិស្ស​ចូលរួម​ប្រកួត​កីឡា​សិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ប្រកបដោយភាពជោគជ័យ ។ ឯកឧត្តមសង្កត់ធ្ងន់ថា កីឡា​មាន​ឈ្នះ-ចាញ់ តែកីឡាសិស្សនេះ ផ្ដោតសំខាន់គឺការចូលរួមលេង និងការចូលរួមប្រកួត ដើម្បី​លើកកម្ពស់សុខភាពផង និងបញ្ញាស្មារតីផង។ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត បន្ដជំរុញ និង​យក​ចិត្ត​ទុក​ដាក់លើការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា តាមមូលដ្ឋានរៀងៗខ្លួន ឲ្យស្រប​តាម​កំណែ​ទម្រង់​របស់​ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់សុខដុនីយកម្មវិស័យអប់រំកាយ និង​កីឡា ក៏ដូចជារួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាជំនាញកម្រិតខ្ពស់ ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​លើ​ឆាកអន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

Saudi Pro League បិទបញ្ចប់ទីផ្សារទិញកីឡាករចូលតែមិនអាចយក Salah ពី Liverpool បាន

2023/09/08 07:31:14 pm        512
ខ្សែប្រយុទ្ធអេស៊ីប Mohamed Salah នៅតែជាកីឡាកររបស់ហង្សក្រហម Liverpool ដដែល ស្រប​ពេលដែលទីផ្សារទិញកីឡាករចូលនៅក្របខណ្ឌលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បាន​បិទបញ្ចប់។ Liverpool ធ្លាប់បានបដិសេធសំណើ ១៥០ លានផោនចប់បានកីឡាករវ័យ ៣១ ឆ្នាំរូបនេះពី Al-Itthad កាលពីសប្តាហ៍មុន ស្របពេលដែលមានដំណឹងមួយទៀតថា Al-Ittihad Al-Ittihad ហ៊ាន​ឱ្យ​ប្រាក់​ឈ្នួល Salah ច្រើនជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅ​ទៀត​។ជុំវិញរឿងផ្ទេរនេះដែរអ្នកចាត់ការ Liverpool លោក Jurgen Klopp ធ្លាប់​បាន​និយាយ​ក្នុង​សន្និសីទ​​សារព័ត៌មានក្រោយឈ្នះ Aston Villa ៣-០ សប្តាហ៍មុនថា ទំរង់លេងរបស់ Mohamed Salah​ បាន​បញ្ជាក់ច្បាស់ថា គេប្តេជ្ញាចិត្តស្ម័គ្រស្មោះជាមួយ Liverpool។ កីឡាករវ័យ ៣១ ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ ២០១៧ ផ្ទេរពី Roma នៅសល់កិច្ចសន្យា ២ ឆ្នាំទៀតជាមួយ Liverpool បន្ទាប់​ពី​ទើប​ចុះ​កិច្ច​សន្យា​ថ្មី​រដូវកាល​មុន​។គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី ១៨៨​ គ្រាប់ហើយ បូកនឹង ៧៦ បាល់​បញ្ជូន​ក្នុង​ការ​បង្ហាញ​ខ្លួន ៣០៩ ប្រកួតឱ្យ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup។Liverpool រដូវកាលនេះបាត់បង់កីឡាករជាច្រើនដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។ ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះបាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ពី Celtic៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមសហគ្រិនស្ត្រីកម្ពុជា លើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម
07/29/2026 03:07 PM
កូរ៉េខាងត្បូងព្រមានប្រឆាំងនឹងសកម្មភាពដែលបង្កភាពរំខានដល់ទីផ្សារ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកំពុងបន្ត
07/29/2026 03:07 PM
ជនស៊ីវិលអាហ្វហ្គានីស្ថានជិត ៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធនៅប៉ាគីស្ថាន ចាប់តាំងពីខែតុលាមក
07/29/2026 03:07 PM
គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត
07/29/2026 03:07 PM
អ៊ីស្រាអែលអះអាងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកប្រើមូលដ្ឋានរបស់ខ្លួនក្នុងការវាយប្រហារលើ អ៊ីរ៉ង់
07/29/2026 03:07 PM
សហភាពអឺរ៉ុបថ្កោលទោសសកម្មភាពឈ្លានពានរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ្នកការទូតបារាំង
07/29/2026 03:07 PM
UN ព្រមានអំពីការយកបញ្ហាជនភៀសខ្លួន និងអ្នកសុំសិទ្ធិជ្រកកោនមកធ្វើជារឿងនយោបាយកាន់តែខ្លាំងឡើង
07/29/2026 03:07 PM
អ៊ីរ៉ង់ អូម៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត អំពាវនាវឲ្យបង្កើនកិច្ចប្រឹងប្រែងការទូត ដើម្បីធានាសន្តិសុខច្រកសមុទ្រ ហ័រមូស
07/29/2026 03:07 PM
អ៊ីរ៉ាក់នាំចេញប្រេងឆៅជាង ៣២ លានបារ៉ែល ក្នុងខែឧសភា និងមិថុនា ខណៈវិបត្តិក្នុងតំបន់កំពុងបន្ត
07/29/2026 03:07 PM
ក្រុមហាម៉ាសថ្កោលទោសបទបញ្ជារបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលឲ្យបំផ្លាញជំរំជនភៀសខ្លួននៅ តំបន់វេសបែង
07/29/2026 03:07 PM