ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

៤រាជធានី-ខេត្ត ឈ្នះមេដាយមាសកីឡាការ៉ាតេ នៃកីឡាមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/07 06:16:51 pm        205
កីឡាការ៉ាតេ បានបញ្ចប់ការប្រកួតរបស់ខ្លួនមុនគេ ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែ​កញ្ញា ​នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈមានអត្តពលិកមកពី ៤​រាជ​ធានី​-ខេត្ត ដណ្ដើមបានមេដាយមាស ។សម្រាប់អត្តពលិកដណ្ដើមបានមេដាយច្រើនជាងគេ លើប្រភេទកីឡាការ៉ាតេនេះ គឺ​រាជ​ធានី​ភ្នំពេញ ​ដែលដណ្ដើមបានមេដាយសរុប ៨គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ២ ខណៈ​ខេត្តព្រះសីហនុ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣ និងសំរឹទ្ធ ២ សរុប ៥គ្រឿង ។ រី​ឯខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៣ សរុប ៧គ្រឿង និង​ខេត្ត​បាត់ដំបង ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៣ សរុប ៨គ្រឿង ។ថ្លែងក្នុងពិធីបិទការប្រកួតកីឡាដំបូង នៃកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរ និងអរគុណ ចំពោះ​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ត ដែលបានដឹកនាំកីឡាករ-កីឡាការិនី​ជា​សិស្សា​នុសិស្ស​ចូល​រួម​ការ​ប្រកួត​នេះ ​។ ឯកឧត្តមបានលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ទោះបីទទួលបានមេដាយ ឬ​អត់​ តែត្រូវខិតខំហ្វឹកហាត់បន្ថែម ពេលទំនេរពីការសិក្សា ព្រោះ​ការ​លេង​កីឡានាំ​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន ទាំងការសិក្សា និងសុខភាព ។មួយវិញទៀត ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញដល់សាលារៀន ក៏ដូចជាក្លិបតាមរាជធានី-ខេត្ត​ទាំង​អស់ បន្ដយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍន៍ជំនាញកម្រិតខ្ពស់ដល់សិស្សានុសិស្ស ដែល​មាន​ឧបនិស្ស័យ​ជាមួយ​វិស័យកីឡាបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ ស្រប​តាម​កំណែ​ទម្រង់​របស់ក្រសួង និងការយកចិត្តទុកដាក់ខ្ពស់ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​នេះ​រៀង​រាល់ឆ្នាំ សម្រាប់ផ្ដល់ឱកាសឲ្យសិស្សានុសិស្សបានចូលរួម ៕ អត្ថបទ៖ លី ឈុនឡា

គ្រូបង្វឹកឈ្នះពាន World Cup នារីអេស្ប៉ាញត្រូវដកតំណែង

2023/09/06 09:43:56 pm        621
លោក Jorge Vilda គ្រូ​បង្វឹកក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​អេស្ប៉ាញ​ដែល​ទើប​ឈ្នះ​ជើង​ឯក​ពិភពលោក​ថ្មី​នោះ ត្រូវបានដកតំណែងហើយ សង្ស័យពាក់ព័ន្ធ​រឿង​អាស្រូវ​ជា​មួយ​ប្រធាន​សហព័ន្ធ​បាល់ទាត់ Luis Rubiales។លោកស្រី Montse Tome ត្រូវបានជ្រើសរើសជាអ្នកបន្តតំណែង និង​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ជា​នារី​ដំបូង​ដឹកនាំក្រុមនារីជម្រើសជាតិអេស្ប៉ាញ។អេស្ប៉ាញគឺជាជើងឯកបាល់ទាត់ពិភពលោកថ្មីៗ តែមិនបានអបអរពេញដៃពេញជើងឡើយ ដោយ​សារ​ពពកខ្មៅ ជុំវិញរឿងប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញលោក Luis Rubiales ថើប​មាត់​កីឡាការិនីខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ លោក Luis Rubiales ក៏ត្រូវបានថ្កោលទោសដោយមហាជន ចំពោះទង្វើអសីលធម៌នេះ និង​ឈាន​ដល់​ការដកតំណែង និងបញ្ឈជើងមិនឱ្យពាក់ព័ន្ធបាល់ទាត់ពី FIFA ផងដែរ។ពាក់ព័ន្ធនឹងរឿងនេះ គ្រូបង្វឹកក្រុមនារីអេស្ប៉ាញលោក Jorge Vilda ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយ​ក្រុម​កីឡាការិនី​ដែរនោះ ត្រូវបានគេសង្ស័យថាមានពាក់ព័ន្ធនឹង Luis Rubiales ទោះ​បី​សេចក្តីថ្លែង​ការ​របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញពីការបញ្ចប់តំណែងនេះ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ក៏​ដោយ។​លោក Jorge Vilda ធ្លាប់មានបញ្ហាជាមួយកីឡាការិនីជម្រើសជាតិកាលពីដើមឆ្នាំ តែ​ក្រោយ​មក​ក៏​រក​បាន​ដំណោះស្រាយ តែនៅពេលនេះត្រូវបានគេដឹងថាក្រុមការងាររបស់លោក Vilda បាន​លា​ឈប់​ ខណៈកីឡាការិនី ៨១ នាក់ផ្សេង​ទៀត​បាន​បដិសេធ​មិន​លេង​ឱ្យ​ក្រុម​អេស្ប៉ាញ​ឡើយ​ប្រសិន​បើ​មាន​លោក Jorge Vilda ជាគ្រូបង្វឹក៕ អត្ថបទ៖នាង សុភាវុធ

Bukayo Saka ឈ្នះពានកីឡាករឆ្នើមរបស់អង់គ្លេស ២ ឆ្នាំជាប់គ្នា

2023/09/06 09:27:43 pm        192
ខ្សែប្រយុទ្ធស្លាប Arsenal, Bukayo Saka ត្រូវបានប្រកាសជាកីឡាករឆ្នើមបំផុតរបស់អង់គ្លេស ២ ឆ្នាំជាប់គ្នា។កីឡាករវ័យ ២២ ឆ្នាំរូបនេះ ទទួលបានសំលេងគាំទ្រច្រើនលើសលុបដើម្បីទទួលបានតំណែងនេះ ២ រដូវកាលជាប់គ្នា។ខ្សែបម្រើ Real Madrid, Jude Bellingham ឈរលេខ ២ ខណៈដែលប្រធានក្រុមជម្រើសជាតិ អ្នកស៊ុតបញ្ចូលទីច្រើនជាងគេឱ្យអង់គ្លេស Harry Kane ឈរលេខ ៣។Bukayo Saka បានស៊ុតបញ្ចូលទី ៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកឱ្យអង់គ្លេស បូករួមទាំង Hat-Trick ដំបូងក្នុងអាជីពក្នុងជ័យជំនះរបស់អង់គ្លេស ៧-០ លើ ម៉ាសេដ្វាន់ខាងជើងនៅ Old Trafford កាលពីខែមិថុនាក្នុងការប្រកួតជំរុះ Euro 2024។កាលពីនៅ World Cup 2022 ប្រទេសកាតា Saka រកបាន ៣ គ្រាប់​ខណៈ​អង់គ្លេស​ឡើង​ដល់​វគ្គ​ ៨ ក្រុមចុងក្រោយចាញ់បារាំង។ អង់គ្លេសនឹងត្រូវជួបអ៊ុយក្រែនថ្ងៃសៅរ៍នេះវគ្គជម្រុះ Euro 2024 មុន​បន្ត​ជួប​ជាមួយ​ស្កុត​ឡេន​នៅ​ថ្ងៃ​អង្គារ​លក្ខណៈមិត្តភាព៕ អត្ថបទ៖នាង សុភាវុធ

Mason Greenwood ទទួលការស្វាគមន៍ពីអ្នកគាំទ្រ Getafe នៅពេលហ្វឹកហាត់

2023/09/06 09:12:20 pm        521
ខ្សែប្រយុទ្ធចំនូលថ្មី Mason Greenwood បានទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុមថ្មី Getafe ក្នុងកិច្ចសន្យាខ្ចីជើងពី Manchester United។ កីឡាករវ័យ ២១ ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។កាលពីខែមុន Manchester United ធ្លាប់ឱ្យដឹងថា Mason Greenwood អាច​នឹង​ចាក​ចេញ​ពី​ក្លិប​ដោយ​កិច្ច​ព្រមព្រៀងមួយ បន្ទាប់ពីត្រូវបានលើកលែងទោសបាន ៦ ខែ។ បញ្ហារបស់ Greenwood នៅ Manchester United គឺជុំវិញរឿងអាស្រូវប៉ុនប៉ងរំលោភ និង​ប្រើ​ប្រាស់​ហឹង្សា​លើ នារីភេទ តែក៏ត្រូវបានលើកលែងនឹងឱ្យនៅក្រៅឃុំកាលពីខែកុម្ភៈ។ Greenwood មិនបានហ្វឹកហាត់ រឺចូលលេងជាមួយ Manchester United តាំង​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ខែមករាឆ្នាំ ២០២២។ បើតាមវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ Getafe គេឃើញ​មាន​អ្នក​គាំទ្រ​ស្រែ​ក​ហ៊ោរ ​រីករាយចំពោះវត្តមានរបស់ Greenwood ហ្វឹកហាត់នៅកីឡដ្ឋាន Coliseum Alfonso Perez របស់ Getafe មុនធ្វើពិធីបង្ហាញផ្លូវការនៅថ្ងៃអង្គារម្សិលមិញ។ Getafe ចាប់ផ្តើមរដូវកាលបាន ៤ ប្រកួតនៅ La Liga ឈ្នះ ១ ស្មើ ១ ចាញ់ ២ ឈរលេខ ១៤ ក្នុង​តារាង​ខណៈបរាជ័យចុងក្រោយបំផុតគឺនៅទឹកដី Real Madrid ២-១ ចុងសប្តាហ៍កន្លងទៅ៕ អត្ថបទ៖នាង សុភាវុធ

ចាប់ឆ្នោត FIFA Club World Cup, Man City រង់ចាំជួប Club Leon រឺ Urawa Red នៅវគ្គ ៤ ក្រុម

2023/09/06 08:49:57 pm        227
ក្រុមជើងឯកក្លិបកំពូលអឺរ៉ុប UEFA Champions League, Manchester United នឹង​ត្រូវ​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមឈ្នះរវាងជើងឯកអាមេរិកកណ្តាលក្លិបម៉ិកស៊ិក Club Leon រឺជើងឯកអាស៊ី AFC Champions League, Urawa Red Diamonds របស់ជប៉ុន បន្ទាប់​ពីការចាប់ឆ្នោតថ្ងៃអង្គារម្សិលមិញ។ការប្រកួតដែលនឹងរៀបចំនៅខែធ្នូនៅអារ៉ាប៊ីសាអ៊ូឌីត ក្រុមជើងឯកអាមេរិកខាងត្បូង Libertadores ដែលរកមិនទាន់ឃើញនៅឡើយ នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Al-Ittihad ជើង​ឯក​អូសេអានី Auckland City របស់នូវែស៊ីឡង់ រឺជើងឯកអាហ្វ្រិក Al Ahly របស់អេស៊ីប។ក្រុមម្ចាស់ផ្ទះ ដែលជាជើងឯកលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad នឹងបើកឆាកជួបជាមួយ Auckland City ហើយអ្នកឈ្នះនឹងឡើងជួបជាមួយ Al-Ahly។ Al-Ittihad ដែលចំណាយលុយច្រើនសន្ធឹកសន្ធាប់នាំយកកីឡាករល្បីៗពីអឺរ៉ុបដូចជា Karim Benzema ជាដើមនោះ សង្ឃឹមថានឹងអាចធ្វើបានដូច Al-Hilal ឆ្នាំមុន ដែល​ក្លាយ​ជា​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត​ដំបូង​ឡើងដល់វគ្គផ្តាច់ព្រ័ត្រមុនពេលចាញ់ Real Madrid ដែល​ជា​ក្លិប​ជោគ​ជ័យ​បំផុត​នៅ FIFA Club World Cup ធ្លាប់ឈ្នះជើងឯក ៥ ដង។ សម្រាប់ឆ្នាំនេះ ៦ ក្រុមដែលចូលរួមសុទ្ធតែជាន់ជាមួយក្រុមដែលចូលរួមឆ្នាំមុនទាំងអស់ប្រសិនបើ Boca Junior អាចយកឈ្នះ Flamengo នៅវគ្គផ្តាច់ព្រ័ត្រ Copa Libertadores បាន។FIFA Club World Cup នឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែធ្នូ ខណៈវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ២២​ ខែធ្នូនៅកីឡដ្ឋានចំនួនពីរក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕ អត្ថបទ៖នាង សុភាវុធ

ខ្សែការពារ​ Manchester United, Eric Bailly ផ្លាស់ទៅកាន់ទួកគី Besiktas ផ្លូវការ

2023/09/06 07:50:54 pm        212
ខ្សែការពារក្រុមបិសាចក្រហម Manchester United, Eric Bailly បាន​សំរេច​ក្នុង​ការ​ផ្លាស់​ផ្លូវ​ការ​ទៅ​កាន់​ក្លិប​ទួកគី Besiktas ហើយ។ កីឡាករជម្រើសជាតិកូឌីវ័រវ័យ ២៩ ឆ្នាំរូបនេះ មិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Erik ten Hag ឡើយ និងបានចំណាយពេលពេញមួយរដូវកាលមុននៅក្លិបបារាំង Olympique Marseille​។Eric Bailly ជាកីឡាករដែលផ្ទេរមកកាន់ Manchester United ដំបូង​បំផុត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​អ្នក​ចាត់ការ Jose Mourinho ផ្លាស់ពី Villarreal នៅឆ្នាំ ​២០១៦។មកដល់ពេលនេះ Bailly បង្ហាញខ្លួនសរុបបាន ១១៣ លើក រកបាន ១ គ្រាប់ តែញាំញីដោយសាររបួស។Eric Bailly ចូលលេងឱ្យ Man United ចុងក្រោយបំផុតក្នុងជ័យជំនះ ៣-១ លើ Burnley តាំងពី​ខែ​ធ្នូ​ឆ្នាំ ២០២១។Eric Bailly បានក្លាយជាកីឡាករ Man United ទីពីរដែលផ្លាស់ទៅកាន់ទឹកដីទួកគីរដូវក្តៅនេះ បន្ទាប់​ពី​ខ្សែបម្រើប្រេស៊ីល Fred ផ្លាស់ទៅ Fenerbahce។ លីគកំពូលទួកគីនៅសល់ពេលដល់ថ្ងៃទី ១៥ ខែកញ្ញានេះដើម្បីទិញកីឡាករបន្ថែម។ Besiktas ចាប់ផ្តើមរដូវកាលថ្មីលីគកំពូលទួកគីបាន ៣ ប្រកួតឈ្នះ ២ ស្មើ ១ មិនដែល​ចាញ់​ឈរ​លេខ ៤ ក្នុងតារាង៕ អត្ថបទ៖នាង សុភាវុធ

NOCC និងចាប់ដៃគ្នារៀបចំកម្មវិធីរត់អបអរជោគជ័យស៊ីហ្គេម និងជំរុញការយល់ដឹង​ជំងឺមហារីកសុដន់

2023/09/06 07:27:54 pm        205
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បាន​ប្រកាស​សហការ​គ្នា​រៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីអបអរសាទរភាពជោគជ័យ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ផង និងជំរុញ​ការយល់​ដឹង​ពី​ជំងឺ​មហារីក​សុដន់​ផង​ដែរ។ការប្រកាសនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេល ៣ឆ្នាំ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង​ជា​អគ្គលេខាធិការ CAMSOC-CAMAPGOC និងលោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ព្រមទាំងវត្តមានលោក សែម ផល្លា នាយក​ចាត់​ការ​ទូទៅ​នៃ​គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំងម៉ារ៉ាតុង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run​ គ្រោងនឹង​រៀប​ចំ​នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូ​ម៉ែត្រ និងការត់កម្សាន្ដចម្ងាយ ២,៥គីឡូម៉ែត្រ ។ កម្មវិធីនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ធំ​ៗ​ពីរ ទី១-ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ា​ហ្គេម​ ឆ្នាំ២០២៣ និងទី២-លើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែល​មាន​ជំងឺ​មហា​រីកសុដន់ ដែលកំពុងរីករាលដាលលើពិភពលោក។ឯកឧត្តមបន្ដថា ការរៀបចំព្រឹត្តិការណ៍ ដើម្បីអបអរ ក៏ដូចជារំឮកពីមរតកស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ដែលបញ្ចប់ដោយជោគជ័យ គឺជាផ្នែកមួយ នៃការ​ចងចាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​លើក​ដំបូង​នៅ​កម្ពុជានេះ ហើយការផ្សព្វផ្សាយ និងជំរុញការយល់ដឹងពីជំងឺមហារីកសុដន់ ក៏ជា​រឿង​សំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ផងដែរ ។ ហេតុនេះ ទើប​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រេចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីរត់លក្ខណៈកម្សាន្ដនេះឡើង ដើម្បី​លើក​កម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធសុខភាពរបស់ស្ដ្រីតែម្ដង ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ស្ដ្រីទាំងអស់ ត្រៀម​ខ្លួន​ចូល​រួម​ទទួល​នូវ​ការពិនិត្យ និងពិគ្រោះពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ ដែល​ក្រុម​ហ៊ុន ​AIA​ នឹង​មាន​រៀបចំ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ ដើម្បីពិនិត្យដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ មុនពិធីរត់ប្រណាំង AIA Pink Run​ ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលាខាងមុខ៕ អត្ថបទ៖ លី ឈុនឡា

Djokovic បំបែកកំណត់ត្រាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី ៤៧ ក្នុងអាជីព

2023/09/06 07:03:14 pm        172
គ្មាននរណាអាចបង្អាក់ភាពជោគជ័យរបស់ កំពូលកីឡាករវាយកូនបាល់ស៊ែប Novak Djokovic បាន​ឡើយបើទោះឈានដល់វ័យ ៣៦ ឆ្នាំក៏ដោយ បន្ទាប់ឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam លើកទី ៤២ ក្នុងអាជីព បំបែកកំណត់ត្រារបស់ Roger Federer។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះហាក់មិនលំបាកខ្លាំងឡើយដើម្បីយកឈ្នះគូប្រកួតម្ចាស់ទឹកដីអាមេរិក Taylor Fritz នៅវគ្គ ៨ នាក់ចុងក្រោយតាមរយៈជ័យជំនះ ៣​ សិតផ្ទួនៗ ៦-១ ៦-៤ និង ៦-៤ បន្តដំណើរស្វែងរកពាន Grand Slam លើកទី ២៤ ក្នុងអាជីពឱ្យស្មើកំណត់ត្រារបស់កីឡាការិនី Margaret Court។ជើងឯក US Open ៣ សម័យរូបនេះនឹងបន្តជួបជាមួយអ្នកឈ្នះរវាងកីឡាករអាមេរិកទាំងពីរ Frances Tiafoe រឺ Ben Shelton ដែលប្រកួតថ្ងៃនេះ។ ចំណែកការប្រកួតវគ្គ ៨ នាក់ចុងក្រោយពីរគូផ្សេងទៀតត្រូវប្រកួតយប់នេះ និងព្រឹកស្អែករួមមាន Daniil Medvedev ត្រូវជួបមិត្តរួមជាតិរុស្ស៊ី Ruben Rublev និងកីឡាករអេស្ប៉ាញ Carlos Alcaraz ជួបកីឡាករអាល្លឺម៉ង់ Alexander Zverev។ ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះអាមេរិក Coco Gauff មិនធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខកបំណងឡើយ បន្ទាប់ពីយកឈ្នះកីឡាការិនីមកពីឡេតូនី Jelena Ostapenko មិន​លំបាក​ ៦-០ និង ៦-២ ប្រើពេលត្រឹម ៦៧ នាទីដើម្បីឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។Coco Gauff ដែលមកដល់ US Open នេះជាមួយទំនុកចិត្តបន្ទាប់ពីទើបឈ្នះពីរកម្មវិធីជាប់គ្នានៅ Washington និង Cincinnati នោះ នឹងបន្តជួបជាមួយកីឡាការិនីឆេកលំដាប់លេខ ១០ ពិភពលោក Karolina Muchova ដែលបានយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea ៦-០ និង ៦-៣៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា ជួបលីបង់ បើកឆាកវគ្គជម្រុះ AFC U23 Asian Cup Qatar 2024 យប់នេះ

2023/09/06 06:52:06 pm        3616
ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 លីបង់ នា​វេលា​ម៉ោង​ ៨យប់នេះ(ម៉ោងនៅកម្ពុជា) ដែលជាជំនួបបើកឆាកវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ នៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។ការប្រកួតនេះ ធ្វើឡើង ២ថ្ងៃ បន្ទាប់ពីក្រុមគោព្រៃជំទង់កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អារ៉ាប់​ប៊ី​សាអូឌីត កាលពីថ្ងៃទី០៤ ខែកញ្ញាកន្លងទៅ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji ។គួរដឹងថា បេសកកម្ម នៃការប្រកួតជម្រុះជើងឯកយុវជនអាស៊ីនេះ ក្រុម U23 កម្ពុជា ស្ថិត​ក្នុង​ពូលJ ជាមួយគូប្រជែង ៣ក្រុមទៀត ខណៈក្រោយជួបលីបង់ ក្រុមគោព្រៃជំទង់កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា និងចុង​ក្រោយ​ជួប​ក្រុម​ម្ចាស់​ផ្ទះ ​U23 ​អារ៉ាប់ប៊ី​សាអូឌីត​ នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ។ចំពោះព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំទ្វីបអាស៊ីនេះដែរ គឺមាន ៤៣ក្រុម និងចែកចេញជា ១១​ពូល សម្រាប់ធ្វើការប្រកួតជម្រុះ ចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បី​ចម្រាញ់​រក​ក្រុម​កំពូល​តារាង​ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ៤ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែ​លគ្រោងធ្វើការប្រកួតពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅ​ប្រទេស​កាតា៕ អត្ថបទ៖ លី ឈុនឡា

Filippo Ganna ឈ្នះដំណាក់កាលទី ១០ Vuelta a Espana តែ Sepp Kuss បន្តនាំមុខ

2023/09/06 06:36:47 pm        159
កីឡាករប្រណាំងកង់អ៊ីតាលី Filippo Ganna បាន​ស្គាល់​ជ័យជំនះ​ដំបូង​ក្នុង​ដំណាក់​កាលនៅ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana បន្ទាប់ពីឈ្នះដំណាក់កាលទី ១០ ប្រណាំង​យកថេរវេលាផ្ទាល់ខ្លួន។ដំណាក់កាលទី ១០ ដែលមានចំងាយផ្លូវ ២៦ គីឡូម៉ែត្រនៅទីក្រុង Valladolid កីឡាករ​របស់​ក្រុម​ប្រណាំង​ Ineos Grenadiers, Filippo Ganna ប្រើពេល ២៧ នាទី ៣៩ វិនាទី ល្អជាងគេ ខណៈ​អ្នកលេខ ២ គឺកីឡាករប៊ែលហ្ស៊ិក ជើងឯកពិភពលោកថ្មីថ្មោង Remco Evenepoel យឺង​ជាង ១៦ វិនាទី និងអ្នកលេខ ៣ ជើងឯក Vuelta ៣ សម័យ Primoz Roglic យឺតជាង ២០ វិនាទី​។ ក្រោយ ១០ ដំណាក់កាលនេះ កីឡាករអាមេរិក Sepp Kuss នៅតែបន្តនាំមុខគេដដែល តែ​កាត់​បន្ថយ​ថេរវេលានាំមុខមកត្រឹម ២៦ វិនាទីបន្ទាប់ពីកីឡាកររបស់ក្រុម Jumbo-Visma រូប​នេះ​បញ្ចប់​នៅ​ដំណាក់កាលទី ១០ នេះនៅចំណាត់ថ្នាក់លេខ ១៣។ លេខ ២ ក្នុងតារាងរួមគឺកីឡាករអេស្ប៉ាញ Marc Soler ខណៈអ្នកលេខ ៣ Remco Evenepoel យឺងជាង ១ នាទី ៩ វិនាទី និងលេខ ៤ Primoz Roglic យឺងជាង ១ នាទី ៣៦ វិនាទី។ សម្រាប់ដំណាក់កាលទី ១១ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៦៣.៥ គីឡូម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការចាប់អារម្មណ៍ខ្លាំងដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លើ​គុយបា គឺជាផ្នែកនៃ​ក្តីស្រមៃអាមេរិករបស់លោក​
07/29/2026 05:07 PM
FT៖ កម្លាំងមីស៊ីលរបស់អ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ទោះបីរងការវាយប្រហារពីអាមេរិករយៈពេល ៥ ខែក៏ដោយ
07/29/2026 05:07 PM
របាយការណ៍៖ កងទ័ពលីបង់រកឃើញឃ្លាំងអាវុធរបស់ក្រុមហេសបូឡា នៅតំបន់សាកល្បង
07/29/2026 05:07 PM
បារាំងជម្លៀសមនុស្ស ៤ពាន់​នាក់បន្ថែម ខណៈចំហេះ​ព្រៃនាំ​ឱ្យជាង​ ៣០ម៉ឺន​នាក់ភៀសខ្លួន​​ នៅ​ភាគនិរតីទ្វីបអឺរ៉ុប
07/29/2026 05:07 PM
សម្ពាធកើនឡើងលើអធិការបតី​អាល្លឺម៉ង់ លោក Merz ក្រោយ​មាន​ការរុះរើគណៈរដ្ឋមន្ត្រីដ៏ចម្រូងចម្រាស
07/29/2026 05:07 PM
ចិនថ្កោលទោសវិធានការ​របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើស្ថាប័នស្រាវជ្រាវចិន
07/29/2026 05:07 PM
ទោះប្រឈមភាពមិនប្រាកដប្រជាសកល និងការឈ្លានពានពីថៃ កម្ពុជានៅតែទាក់ទាញ FDI កើន ១៨%
07/29/2026 05:07 PM
រដ្ឋបាលលោក Trump ហាម​ឃាត់​មនុស្ស​យន្ត​រូប​រាងដូចមនុស្សថ្មីរបស់ចិន ដើម្បីការពារ​ AI របស់អាមេរិក
07/29/2026 05:07 PM
Bloomberg៖ EU គ្រោងនឹងអនុម័តកញ្ចប់ទណ្ឌកម្មទី២២ នៅខែតុលា និងដាក់ក្រុមហ៊ុន ១.៦០០ ក្នុងបញ្ជីខ្មៅ
07/29/2026 05:07 PM
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា ២០២៦-២០២៧
07/29/2026 04:07 PM