ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

Georginio Wijnaldum ចាកចេញពី PSG ទៅចូលរួមមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq

2023/09/04 09:05:14 pm        694
ខ្សែបម្រើហូឡង់ Georginio Wijnaldum បានសំរេចក្នុងការផ្លាស់ចាកចេញពីក្លិបបារាំង Paris Saint Germain ទៅចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq នៅក្របខណ្ឌ Saudi Pro League ដែលកំពុងដឹកនាំដោយអតីតខ្សែបម្រើ Liverpool, Steven Gerrard។កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងចូលរួមជាមួយអតីតមិត្តរួមក្រុមនៅ Liverpool, Jordan Henderson ដែលផ្លាស់ទៅទីនោះកាលពីខែកក្កដា។ក្លិបទាំងពីរមិនបានបង្ហាញពីតម្លៃលំអិតនៃកិច្ចសន្យាផ្ទេរនេះឡើយ។Wijnaldum បានចំណាយពេលពេញមួយរដូវកាលមុននៅក្លិបអ៊ីតាលី AS Roma តែ​របួស​បាក់​ជើង​ដែល​ធ្វើ​ឱ្យអវត្តមានពីក្រុមជម្រើសជាតិហូឡង់នៅ World Cup ឆ្នាំមុន និងអវត្តមានពី Roma ៦ ខែនៃក្របខណ្ឌ Serie A។កីឡាករវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ឈ្នះជើងឯក UEFA Champions League នៅឆ្នាំ ២០១៩ និង English Premier League នៅឆ្នាំ ២០២០ ជាមួយហង្សក្រហម Liverpool ក្នុងរយៈពេល ៥ ឆ្នាំ​នៃ​អាជីពនៅ Anfield។អតីតខ្សែបម្រើ Newcastle រូបនេះធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ៩០ លើក តែ​មិន​ជោគ​ជ័យ​ឡើយជាមួយ PSG ដោយបង្ហាញខ្លួនបានត្រឹម ៣៨ លើកប៉ុណ្ណោះ។Al-Ettifaq ដែលកំពុងដឹកនាំដោយ Steven Gerrard កំពុងឈរលេខ ៥ ក្នុងតារាងនៃក្របខណ្ឌ Saudi Pro League ក្រោយចាប់រដូវកាលបាន ៥ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ

អតីតខ្សែបម្រើអេស្ប៉ាញ Juan Mata ផ្លាស់ទៅក្លិបជប៉ុន Vissel Kobe

2023/09/04 08:40:48 pm        628
អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Juan Mata បានសំរេចក្នុងផ្លាស់ទៅកាន់ក្លិបជប៉ុន Vissel Kobe នៃក្របខណ្ឌលីគកំពូលជប៉ុន។ កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់ចំណាយពេលនៃអាជីពរបស់ខ្លួនជាមួយ Chelsea និង Manchester United នៅទឹកដីអង់គ្លេសរូបនេះ នៅទំនេរ​ពី​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​តាំង​ពី​ចាក​ចេញពីក្លិបទួកគី Galatasaray កាលពីថ្ងៃទី ១ ខែកក្កដា។ មុននឹងចាកចេញនោះ Mata បានជួយ Galatasaray ឈ្នះជើងឯកលីគកំពូលទួកគី តែពេល​វេលា​លេង​បាល់ ១១ នាក់ដំបូងមានកំរិត។ សមិទ្ធផលធំបំផុតរបស់ Juan Mata នៅក្នុងអាជីពគឺឈ្នះជើងឯក World Cup 2010 នៅ​អាហ្វ្រិក​ខាង​ត្បូង​ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ មុននឹងបន្តឈ្នះជើងឯក UEFA Champions League ជាមួយតោខៀវ Chelsea នៅឆ្នាំ ២០១៣ ក្រោយផ្លាស់ពី Valencia ក៏​ដូចជាឈ្នះជើងឯក Europa League និង FA Cup ជាមួយ Chelsea និង Manchester United៕ អត្ថបទ៖នាង សុភាវុធ

Aleix Espargaro ឈ្នះការប្រណាំងម៉ូតូ GP នៅទីលាន Catalunya ប្រទេសអេស្ប៉ាញ

2023/09/04 08:22:36 pm        715
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Aleix Espargaro បានប្រជែងឈ្នះការប្រណាំងម៉ូតូ GP ពិភព​លោក​នៅទីលាន Catalunya ទឹកដីកំណើតអេស្ប៉ាញនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។ ការប្រកួតចាប់ផ្តើមបានត្រឹមផ្លូវបត់ទី ២ ប៉ុណ្ណោះ កីឡាករអ៊ីតាលី Francesco Bagnaia របស់​ក្រុម Ducati ដែលចេញដំណើរមុខគេនោះ ក្រឡាច់ចង្កូចដួលម្នាក់ឯង ខណៈ​ដែល​ការ​ប្រកួត​ត្រូវ​ផ្អាក​មួយ​អន្លើ។ ការប្រកួតចាប់ផ្តើមសាជាថ្មី Maverick Vinales ជាអ្នកនាំមុខគេ មុនពេលដែល Brad Binder របស់ក្រុម KTM ត្រូវដើរចេញពីការប្រកួត។ Aleix Espargaro ជិះម៉ូតូលេខ ៤១ ក៏បានវ៉ាជែងផុត Maverick Vinales មុន​បន្ត​មក​ដល់​ទី​ព្រ័ត្រ​មុន​គេ​នៅចំពោះមុខមិត្តរួមជាតិអេស្ប៉ាញ Maverick Vinales និងកីឡាករ​អេស្ប៉ាញ​មួយ​រូប​ទៀត Jorge Martin ទទួលបានចំណាត់ថ្នាក់លេខ ៣ ពោលគឺ​នៅ​លើ​វេទិកា​កិត្តិយស​សុទ្ធ​តែ​ជា​កីឡាករ​អេស្ប៉ាញ។ យ៉ាងណាក្តីក្រោយ ១១ ទីលានរដូវកាលនេះ កីឡាករអ៊ីតាលី Francesco Bagnaia នៅតែ​បន្ត​នាំ​មុខ​គេ​ដដែលមានសរុប ២៦០ ពិន្ទុ តាមពីក្រោយដោយ Jorge Martin មាន ២១០ ពិន្ទុ និង​លេខ ៣ កីឡាករអ៊ីតាលី Matteo Bezzecchi។ ទីលានទី ១២ រដូវកាលនេះ ម៉ូតូ GP នឹងបន្តដំណើរទៅប្រទេសឥណ្ឌាចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ   

កីឡាករស៊ុយអែត Ludvig Aberg គ្រងជើងឯកវាយកូនគោល DP World Tour លើកដំបូង

2023/09/04 06:32:00 pm        132
កីឡាករវាយកូនគោលស៊ុយអែត Ludvig Aberg បានដណ្តើមយកជើងឯក DP World Tour ជា​លើក​ដំបូងក្នុងអាជីព បន្ទាប់ពីឈ្នះការប្រកួត European Masters ដែលរៀបចំនៅ Crans-Montana​ ប្រទេសស្វ៊ីស។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះធ្វើបាន ៤ Birdies ជាប់គ្នានៅឡូទី ១៤ ដើម្បីបញ្ចប់ការប្រកួតជាមួយ ៦ អាន់ឌើផា និងសរុបរួម ១៩ អាន់ឌើផា ឈ្នះអ្នកលេខ ២ មិត្តរួមជាតិស៊ុយអែត Alexander Bjork ​ដែលមាន ១៧ អាន់ឌើផា។ ចំណែកឯកីឡាករអង់គ្លេស Matt Fitzpatrick បានក្រឡាប់ចាកនៅថ្ងៃចុងក្រោយ បន្ទាប់​ពី​ចាប់​ផ្តើម​​ថ្ងៃ​ចុងក្រោយជាមួយនឹងការនាំមុខ ២ ស្ត្រូក តែធ្វើមិនបានល្អដោយបញ្ចប់ថ្ងៃចុងក្រោយត្រឹម ១ អាន់ឌើផា និងសរុបរួម ១៦ អាន់ឌើផា ធ្លាក់ទៅឈរលេខ ៣ រួមជាមួយកីឡាករស្កុតឡេន Connor Syme។ យ៉ាងណាក្តី Matt Fitzpatrick ធ្វើបានគ្រប់គ្រាន់ហើយដើម្បីកៅអី Ryder Cup រួម​ជាមួយ​កីឡាករ​ស្កុតឡេន Robert MacIntyre៕ អត្ថបទ៖នាង សុភាវុធ

Max Verstappen បំបែកកំណត់ត្រាកីឡាករ F1 ដំបូងឈ្នះការប្រកួត ១០ ទីលានជាប់គ្នា

2023/09/04 06:20:35 pm        223
ជើងឯក Formula One ពិភពលោក ២ សម័យ Max Verstappen បាន​សរសេរ​ទំព័រថ្មី​នៃ​ប្រវត្តិ​សាស្រ្ត ​F1 ក្លាយជាកីឡាករទី ១ ឈ្នះការប្រកួត ១០ ទីលានជាប់គ្នា ក្រោយឈ្នះកា​រប្រ​កួត​នៅ​ទី​លាន​ Monza ប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលមិញ។ កីឡាកររហូឡង់របស់ក្រុម Red Bull រូបនេះចេញដំណើរពីក្រោយ Carlos Sainz របស់ Ferrari ដែល​ជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសៅរ៍ និងបាន​វ៉ា​ជែង​ផុត​កីឡាករ​អេស្ប៉ាញរូបនេះនៅជុំទី ១៤ នៅពេលកំហុសរបស់ Sainz ដែលរងសំពាធពីការ​ប្រដេញ​ប្រកៀក​ប្រកិត​ដោយ Verstappen។Carlos Sainz ក្រោយមកក៏បាត់បង់តំណែងលេខ ២ ទៀតដោយកីឡាកររបស់ Red Bull មួយ​រូប​ទៀត Sergio Perez ហើយក៏ត្រូវការពារតំណែងលេខ ៣ របស់ខ្លួន​ដ៏តានតឹង​ជាមួយ​មិត្ត​រួម​ក្រុម​ Ferrari, Charles Leclerc ផងដែរ។ ជ័យជំនះរបស់ Max Verstappen នៅពេលនេះគឺជាជ័យជំនះ ១០ ទីលានជាប់គ្នា បំបែក​កំណត់​ត្រា​របស់​កីឡាករអាល្លឺម៉ង់ជើងឯកពិភពលោក ៤ សម័យ Sebastian Vettel ដែលធ្លាប់ឈ្នះ ៩ ទីលាន​ជាប់គ្នាអំឡុងពេលប្រកបអាជីពជាមួយ Red Bull ផងដែរកាលពីឆ្នាំ ២០១៣។គិតមកដល់ពេលនេះ រដូវកាលនេះ Red Bull ឈ្នះការប្រកួតទាំង ១៤ ទីលាន ខណៈ Max Verstappen កាន់ ៣៦៤ ពិន្ទុ ដាច់ពីមិត្តរួមក្រុម Sergio Perez ដែលមាន ២១៩ ពិន្ទុ ខណៈ Fernando Alonso លេខ ៣ មាន ១៧០ ពិន្ទុ។ សម្រាប់ទីលានបន្ទាប់ Formula One ពិភពលោក​នឹង​ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​លើ​ទឹកដី​សិង្ហបុរីនៅថ្ងៃអាទិត្យទី ១៧ ខែកញ្ញានេះ៕ អត្ថបទ៖នាង សុភាវុធ

ឯកឧត្តម វ៉ាត់ ចំរើន៖ កីឡាមធ្យមសិក្សា មិនមែនជាសមរភូមិប្រកួត ដើម្បីតែឈ្នះ-ចាញ់ឡើយ

2023/09/04 05:56:52 pm        279
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ការ​ប្រកួត​កីឡា​មធ្យម​សិក្សា មិនមែនជាជាវេទិការ ឬសមរភូមិ សម្រាប់ប្រកួតស្លាប់-រស់ ឬដើម្បីតែឈ្នះ-ចាញ់​នោះ​ទេ តែជាកន្លែងប្រកួត ដើម្បីរឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើនបញ្ញាស្មារតី ក៏​ដូច​ជា​សុខភាព ទាំងផ្លូវការ និងផ្លូវចិត្ដ ។ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ កាល​ពីល្ងាចថ្ងៃទី០៣ ខែកញ្ញា នៅវិមានពហុកីឡដ្ឋានជាតិ គ្រាដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មាន​ប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមប្រកួតសរុបចំនួន ៣,២៥៧នាក់ មកពី ២៥រាជធានី-ខេត្ត ។ ការប្រកួតនេះ គឺធ្វើឡើងពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ នៅ​រាជ​ធានី​ភ្នំពេញ ។ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណប្រតិភូ និងកីឡាករ-កីឡាការិនី​ទាំង​អស់​ ដែលបានចូលរួមការប្រកួតកីឡាមធ្យមសិក្សាឆ្នាំនេះ ដើម្បី​បង្ហាញ​​ពី​ការ​គាំទ្រ​នូវ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នៃវិស័យអប់រំកាយ និងកីឡា ដើម្បីជំរុញវិស័យមួយនេះឲ្យកាន់តែរីកចម្រើន ស្រប​តាម​យុទ្ធ​សាស្ដ្រ​របស់​រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ដ្រី​ នៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ដ្រជាច្រើន ក្នុងនោះ​ក៏​មាន​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​យុវជន និងកីឡា ឲ្យកាន់តែស៊ីជម្រៅផងដែរ ។ឯកឧត្តមរដ្ឋលេខាធិការបន្ដថា ការប្រកួតនេះ គឺជាឱកាសបង្ហាញសមត្ថភាព និងជំនាញ តែក្រៅ​ពី​នេះ ការប្រកួតនេះ ក៏ផ្ដល់ឱកាសឲ្យសិស្សានុសិស្សទូទាំងប្រទេសបានជួបជុំគ្នា ដើម្បី​កសាង​មិត្តភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងរង្វង់គ្រួសារកីឡាជាតិ នៃក្រប​ខណ្ឌ​កីឡា​មធ្យម​សិក្សា​ទូទាំង​ប្រទេស ។ ដូច្នេះការប្រកួតមិនមែនផ្ដោយតែលើលទ្ធផលឈ្នះ-ចាញ់នោះទេ សំខាន់​បំផុត ត្រូវគោរពវិន័យ និងរក្សាឲ្យបាននូវស្មារតីកីឡា ដើម្បីចំណងសាមគ្គីភាព និងមិត្តភាព បង្កើន​បញ្ញា​ស្មារតី ស្របតាមពាក្យស្លោក នៃព្រឹត្តិការណ៍កីឡាសិស្សមធ្យមសិក្សាឆ្នាំនេះគឺ «កីឡា​អភិវឌ្ឍន៍​​មនុស្ស មនុស្សអភិវឌ្ឍន៍សង្គម» ។សូមបញ្ជាក់ថា កីឡាមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ មានកីឡា ១២ប្រភេទ ស្មើនឹង ១០៥វិញ្ញាសា ។ ចំពោះកីឡាទាំង ១២ប្រភេទ ដែលត្រូវបានក្រសួងអប់រំកំណត់ដាក់ក្នុងការប្រកួតឆ្នាំនេះ រួម​មាន​កីឡា​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ ​WT​ តេក្វាន់​ IT​F ប៉េតង់ ល្បុក្កតោ ហែលទឹក និងកីឡាការ៉ាតេ៕ អត្ថបទ៖ លី ឈុនឡា

កីឡាករអាល្លឺម៉ង់ Lennard Kamna ឈ្នះដំណាក់កាលទី ៩ Vuelta a Espana ខណៈ Sepp Kuss បន្តនាំមុខ

2023/09/04 05:36:53 pm        348
កីឡាករប្រណាំងកង់អាល្លឺម៉ង់ Lennard Kemna បានប្រជែងឈ្នះដំណាក់កាលទី ៩ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour, Vuelta a Espana តែអ្នកនាំមុខរួម​នៅ​តែ​ជា​កីឡាករ​អាមេរិក​ Sepp Kuss ពីរដំណាក់កាលជាប់គ្នា។ដំណាក់កាលទី ៩ ដែលមានចំងាយផ្លូវ ១៨៤.៥ គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង Bora-Hansgrohe, Lennard Kemna បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៨ នាទី ៥៩ វិនាទី តាមពីក្រោយ ១៣ វិនាទីដោយកីឡាករអ៊ីតាលី Matteo Sobrero និងលេខ ៣ កីឡាករ​អូស្រ្តាលី ​Chris Hamilton យឺតជាង ១ នាទី ១២ វិនាទី។ យ៉ាងណាក្តី កីឡាករអាមេរិក Sepp Kuss របស់ក្រុម Jumbo-Visma ដែលបា​ន​ឡើង​មក​នាំ​មុខ​គេ​ក្នុង​តារាង​រួមនៅដំណាក់កាលទី ៨ នោះ នៅតែបន្តនាំមុខដដែលក្រោយដំណាក់កាលទី ៩ នេះ​ដោយវេលាចំណេញពីអ្នកលេខ ២ កីឡាករអេស្ប៉ាញ Marc Soler ៤៣ វិនាទី និងលេខ ៣ កីឡាករ​បារាំង Lenny Martinez យឺតជាង ១ នាទី ២ វិនាទី។ មិនមានការប្រកួតឡើយនៅថ្ងៃចន្ទនេះ ជាថ្ងៃសម្រាប់ ខណៈដំណាក់កាលទី ១០ នឹង​បន្ត​នៅ​ថ្ងៃ​អង្គារ​លើ​ចំងាយផ្លូវ ២៥.៨ គីឡូម៉ែត្រ ដែលជាដំ​ណាក់​កាល​ប្រណាំង​យក​ថេរ​វេលា​ផ្ទាល់​ខ្លួន​នៅ​ទីក្រុង Valladolid៕ អត្ថបទ៖នាង សុភាវុធ

Henderson និង Maguire នៅតែត្រូវកោះហៅជួយក្រុមជម្រើសជាតិអង់គ្លេស​នៅវគ្គជម្រុះ Euro 2024

2023/09/01 09:25:42 pm        368
អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានសំរេចកោះហៅ Jordan Henderson និង Harry Maguire ចូលរួ​ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ត្រៀម​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ Euro 2024 ទល់នឹងអ៊ុយក្រែន និងស្កុតឡេនលក្ខណៈមិត្តភាពក្នុងខែកញ្ញានេះ។ខ្សែបម្រើវ័យ ៣៣ ឆ្នាំ Jordan Henderson បានចាកចេញពី Liverpool នៅទីកាន់ក្លិប​អារ៉ាប៊ីសា​អ៊ូឌីត​ Al-Ettifaq កាលពីខែកក្កដា ខណៈខ្សែការពារកណ្តាល Harry Maguire មិន​ទាន់​បាន​ចូល​លេង​នៅ​ឡើយ​នៅ Manchester United រដូវកាលថ្មីនេះ។ខ្សែប្រយុទ្ធ Arsenal, Eddie Nketiah និងខ្សែការពារកណ្តាល Chelsea, Levi Colwill ត្រូវ​បាន​កោះ​ហៅ​ជា​លើកដំបូង ខណៈខ្សែបម្រើ Man City, Kalvin Phillipe ក៏មានវត្តមាន​ដែរ​ទោះ​មិន​ទាន់​ចូល​លេង​រដូវកាលថ្មីនេះក្តី តែខ្សែប្រយុទ្ធ Chelsea, Raheem Sterling បែជា​អវត្តមាន​ទៅ​វិញ​។ខ្សែការពារ Tyrone Mings, Luke Shaw និង John Stones សុទ្ធតែរបួស ជំនួសដោយ Ben Chilwell និង Fikayo Tomori។ អង់គ្លេសនឹងត្រូវជួបអ៊ុយក្រែននៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនៃវគ្គជម្រុះ Euro 2024 មុន​បន្ត​ជួប​ស្កុត​ឡេន​លក្ខណៈមិត្តភាពនៅថ្ងៃទី ១២ ខែដដែល៕ អត្ថបទ៖នាង សុភាវុធ

Arsenal លក់ខ្សែប្រយុទ្ធ Folarin Balogun ឱ្យ Monaco បានតម្លៃ ៣៥ លានផោន

2023/09/01 08:42:57 pm        203
ក្លិបនៅលីគបារាំង AS Monaco បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធអាមេរិក Folarin Balogun ពី​កាំភ្លើងធំ Arsenal ក្នុងតម្លៃ ៣៥ លានផោន កិច្ចសន្យា ៥ ឆ្នាំ។កីឡាករវ័យ ២២ ឆ្នាំរូបនេះ​បាន​ត្រលប់​មក​ពី​លីគ​កំពូល​បារាំង​ក្រោយ​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ជា​កីឡាករខ្ចីជើងនៅក្លិបបាល់ទាត់ Reims ដែលគេស៊ុតបញ្ចូលទីបាន ២២ គ្រាប់​រដូវកាលមុន។ Folarin Balogun មិនទាន់បានបង្ហាញខ្លួននៅឡើយជាមួយ Arsenal រដូវកាលថ្មីនេះ បើ​ទោះ​ជា​ខ្សែ​ប្រយុទ្ធជួរមុខ Gabriel Jesus កំពុងមានរបួសក៏ដោយ។ Balogun បង្ហាញខ្លួនជាមួយក្រុមធំ Arsenal ត្រឹម ២ ប្រកួតប៉ុណ្ណោះនៅ Premier League តាំង​ពី​ឡើង​មកពីក្រុមយុវជននៅវ័យ ១៧ ឆ្នាំ។ កើតនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក Folarin Balogun បានផ្លាស់​មក​រស់​នៅ​ទី​ក្រុង​ឡុងដ៍​ចក្រ​ភព​អង់គ្លេស តាំងពីក្មេង និងបានចូលហាត់ និងលេងឱ្យថ្នាលយុវជនរបស់ Arsenal តាំងពី​នៅ​តូច​។មុន Arsenal ព្រមទទួលសំណើទិញពី Monaco, Folarin Balogun ធ្លាប់​ចំណាយ​ពេល​ជា​កីឡាករ​ខ្ចី​ជើងនៅ Middlesbrough និង Reims និងធ្លាប់មានការទាក់ទងពី Chelsea ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

Lewis Hamilton និង George Russell បន្តកិច្ចសន្យាជាមួយក្រុម F1 Mercedes

2023/09/01 08:26:29 pm        58
កីឡាករប្រណាំង F1 អង់គ្លេសទាំងពីរនាក់ Lewis Hamilton និង George Russell នឹង​បន្ត​បើកបរ​ឱ្យក្រុមប្រណាំង Mercedes យ៉ាងហោចណាស់ ២ ឆ្នាំទៀត។ កីឡាករវ័យ ៣៨ ឆ្នាំជើងឯកពិភពលោក ៧ សម័យ Lewis Hamilton បាន​ចុះ​ហត្ថលេខា​បន្ត​កិច្ច​សន្យា​ថ្មី​ជាមួយ Mercedes រយៈពេល ២ ឆ្នាំទៀត ស្របពេលដែល George Russell ក៏​ដូច្នោះ​ដែរ​ ដោយនឹងបន្តបើកបរឱ្យ Mercedes ដល់ឆ្នាំដំណាច់រដូវកាលថ្មី ២០២៥។សម្រាប់ Hamilton ការបន្ត​កិច្ច​សន្យា​នេះ​នឹ​ង​ធ្វើ​ឱ្យ​គេ​បន្ត​ស្វែង​រក​ជើង​ឯក​ពិភព​លោក​ជា​កំណត់​ត្រា​លើក​ទី ៨ តែទន្ទឹមនឹងគ្នាដែរ Mercedes ត្រូវរងការប្រកួតប្រជែងខ្លាំងពី Red Bull។Hamilton និង Mercedes បានចោទប្រកាន់ថា ជើងឯកពិភពលោករបស់ Hamilton ត្រូវ​បាន​គេ​ឆក់​យក​នៅទីលានចុងក្រោយទីក្រុង Abu Dhabi អារ៉ាប់រួមកាលពីឆ្នាំ ២០២១ ហើយ​តាំង​ពី​ពេល​នោះ​មក Red Bull ដែលមាន Max Verstappen ស្ថិតនៅជួរមុខជានិច្ច។រំលឹកថា Lewis Hamilton បានឈ្នះជើងឯកពិភពលោកជាមួយ Mercedes ចំនួន ៦ លើក ខណៈ​មួយ​លើកដំបូងឈ្នះជាមួយ McLaren ដែលនៅពេលនោះ McLaren ក៏ប្រើប្រាស់ម៉ាស៊ីន Mercedes ផងដែរ។F1 ពិភពលោករដូវកាល ២០២៣ នេះ Lewis Hamilton កំពុងឈរលេខ ៤ ក្នុងតារាងជើងឯក ខណៈ George Russell ឈរលេខ ៧៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
07/29/2026 07:07 PM
ក្រុម​ហ៊ុន BMW នឹងបញ្ឈប់បុគ្គលិកចំនួន ៨.០០០នាក់ ភាគច្រើន នៅអាល្លឺម៉ង់​
07/29/2026 07:07 PM
ចិនជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម
07/29/2026 07:07 PM
រដ្ឋមន្ត្រីករបរទេសជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
07/29/2026 07:07 PM
អ៊ីរ៉ង់បដិសេធការគ្រប់គ្រងរួម​​របស់​​តំបន់​ លើ​ច្រកសមុទ្រ Hormuz ដោយ​បំផ្លាញ​​ក្តីសង្ឃឹមទម្លាយ​ភាព​ទាល់​ច្រក​​
07/29/2026 07:07 PM
អ៊ីរ៉ាក់ និងទួរគីមានគោលបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ៣០ ពាន់លានដុល្លារ ខណៈភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ
07/29/2026 07:07 PM
អំពើហិង្សាកាន់តែខ្លាំងនៅវេសបែង បានគ្របដណ្ដប់លើផែនការស្តារតំបន់ហ្កាហ្សាឡើងវិញ នៅជំនួប ក្រុមប្រឹក្សាសន្តិសុខ UN
07/29/2026 07:07 PM
អ្នកជំនាញ UN៖ យន្តហោះ Boeing ដែល Reuters កំណត់អត្តសញ្ញាណ​ ​ បានដឹកអាវុធឱ្យ​ក្រុម RSF នៅ​ស៊ូដង់
07/29/2026 06:07 PM
GCC ប្រកាសគាំទ្រទាំងស្រុងចំពោះវិធានការរបស់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
07/29/2026 06:07 PM
អ្នករាយការណ៍ពិសេស UN បង្ហាញពីចំណាប់អារម្មណ៍ពាក់ព័ន្ធលទ្ធផលនៃការបោសសម្អាត Online Scams
07/29/2026 06:07 PM