ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

កីឡាករអាមេរិក Sepp Kuss ឈ្នះដំណាក់កាលទី ៦ Vuelta a Espana ខណៈ​Lenny Martinez ឡើងនាំមុខរួម

2023/09/01 07:43:41 pm        176
កីឡាករប្រណាំងកង់អាមេរិក Sepp Kuss បានប្រជែងឈ្នះដំណាក់កាលទី ៦ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Grand Tour ចុងក្រោយប្រចាំឆ្នាំ Vuelta a Espana តែអ្នកនាំ​មុខ​រួម​ត្រូវ​បាន​ផ្លាស់​ប្តូរ​។ ដំណាក់កាលទី ៦ ដែលមានចំងាយផ្លូវ ១៨១.៣ គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma, Sepp Kuss បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ ម៉ោង ២៧ នាទី ២៩ វិនាទី រួម​ជា​មួយ​មិត្ត​រួម​ក្រុម​ Jonas Vingegaard និង Primoz Roglic ដើម្បីចំណេញពេលវេលា ៣២ វិនាទី​ពី​អតីត​អ្នក​នាំ​មុខ​រួម Remco Evenepoel។ សម្រាប់លេខ ២ ក្នុងដំណាក់កាលទី ៦ នេះបានទៅកីឡាករបារាំង Lenny Martinez យឺត​ជាង​អ្នក​ឈ្នះ ២៦ វិនាទី និងលេខ ៣ ក៏ជាកីឡាករបារាំងដែរ Romain Bardet យឺតជាងអ្នកឈ្នះ ៣១ ​វិនាទី។ ក្រោយបញ្ចប់ទីនៅចំណាត់ថ្នាក់លេខ ២ ក្នុងដំណាក់កាល កីឡាកររបស់ក្រុម Groupama-FDJ, Lenny Martinez បានក្លាយជាអ្នកនាំមុខថ្មីដោយមានវេលាចំណេញ ៨ វិនាទី ពីអ្នក​ឈ្នះ​ក្នុង​ដំណាក់​កាល Sepp Kuss និងលេខ ៣ Marc Soler សញ្ជាតិអេស្ប៉ាញ យឺតជាង ៥១ វិនាទី។ សម្រាប់ដំណាក់កាលទី ៧ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១៨៨.៨ គីឡម៉ែត្រ៕ អត្ថបទ៖នាង សុភាវុធ

គោព្រៃកម្ពុជា ចាប់ផ្ដើមហាត់ ត្រៀមប្រកួតមិត្តភាព ខណៈសំបុត្រជួបហុងកុងមានលក់ថ្ងៃនេះ

2023/09/01 07:31:31 pm        688
ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ហើយ កាលពីថ្ងៃទី៣១ ខែ​សីហា​ម្សិល​មិញ​ នៅទីលានហ្វឹកហាត់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការដឹកនាំរបស់លោក Felix Dalmas បន្ទាប់ពីគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះ បានកោះហៅកីឡាករចំនួន ២៦​រូប​ចូល​ជំរំ​ហ្វឹក​ហាត់​កាលពីថ្មីៗ ។ការប្រមូលផ្ដុំហ្វឹកហាត់នេះ ធ្វើឡើង ១សប្ដាហ៍ មុនការប្រកួតមិត្តភាពអន្ដរជាតិ រវា​ង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងក្រុមហុងកុង នាថ្ងៃទី០៧ ខែកញ្ញា និងបន្ដ​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​(ស្ដាត​អូឡាំពិក​) ស្វាគមន៍ក្រុមម៉ាកាវ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ចំពោះកីឡាករ ដែលត្រូវបានកោះហៅត្រៀមការប្រកួតមិត្តភាពអន្ដរជាតិទាំង ២ប្រកួតនេះដែរ ត្រូវ​បាន​អ្នកតាមដានកីឡាជាតិ មានការចាប់អារម្មណ៍ ដ្បិតកីឡាករមួយចំនួន ដែល​ខក​ខាន​ជាប់​ជម្រើស​ជាតិ​យូរ ហើយអ្នកខ្លះ មិនសូវបានលេងលីគ និងកីឡាករវ័យក្មេងមួយចំនួន ដែល​ត្រូវ​បាន​លោក Filex Dalmas កោះហៅ ។គួរដឹងថា ក្រោយការហ្វឹកហាត់ ១ថ្ងៃ ពោលគឺនៅថ្ងៃទី០១ ខែកញ្ញានេះ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ បានប្រកាសធ្វើការលក់សំបុត្រចូលទស្សនាការប្រកួត រវាងកម្ពុជា និងហុងកុង នៅ​ពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ ១ម៉ឺន ៥ពាន់រៀល ដល់ ៣ម៉ឺនរៀល ខណៈប្រកួតមិត្តភាពទី២ រវាង​កម្ពុជា និងម៉ាកាវ គឺគ្រោងលក់សំបុត្រ នាថ្ងៃទី០៨ ខែកញ្ញាខាងមុខ ។សូមបញ្ជាក់ថា ការប្រកួតមិត្តភាពអន្ដរជាតិនេះ គឺជាការ​ត្រៀមខ្លួ​ន​មួយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​សម្រាប់ត្រៀមការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៣ ជុំទី១ ដែល​កម្ពុជា បានចាប់ត្រូវប្រកួតជម្រុះបឋម ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដែលជើងទី១ កម្ពុជា នឹង​ត្រូវបើកទ្វារផ្ទះទទួលប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងជើងទី២ ត្រូវ​ប្រកួត​នៅ​ទឹក​ដីប៉ាគីស្ថានវិញ នៅ ៥ថ្ងៃបន្ទាប់៕ អត្ថបទ៖ លី ឈុនឡា  

បន្ទាយមានជ័យ ឡើងវគ្គ ១/៤ ខណៈឈើតុំ, បាត់ដំបង និងរតនគិរី ត្រូវអ៊ុត​ប្រកួតចុងក្រោយ

2023/08/31 08:33:01 pm        1832
ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ បានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២០២៤ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​ឈើតុំ-ខេត្តពោធិ៍សាត់ ៣-១ ដែលនាំឲ្យក្រុមឈើតុំ រួមជាមួយក្រុមយុវជនខេត្តបាត់ដំបង និង​ក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ខ្លួន ដើម្បី​កំណត់​ជោគ​វាសនាបានឡើងវគ្គបន្ដ ឬក៏អត់?សម្រាប់ការប្រកួតបញ្ចប់ពូលC របស់ខេត្តបន្ទាយមានជ័យ គឺបាន​បន្ដ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ឈើ​តុំ-​ខេត្តពោធិ៍សាត់ ៣-១ បន្ទាប់ពីឈ្នះ ៣-២ លើទឹកដីខ្លួន កាលពីជើងទី១ ។ ជ័យជម្នះនេះ បាន​ធ្វើ​ឲ្យខេត្តបន្ទាយមានជ័យ ធានាកៅអីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់ ៨ប្រកួត ឈ្នះ ៥ និង​ចាញ់ ៣ប្រកួតរកបាន ១៥ពិន្ទុ ។ រីឯក្រុមឈើតុំ-ខេត្តពោធិ៍សាត់ បន្ដឈរលេខ២ មាន ១២​ពិន្ទុ នាំមុខគូប្រជែង ខេត្តបាត់ដំបង ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីយុវជនខេត្តបាត់ដំបង ប្រកួត​ស្មើ​ខេត្ត​ឧត្ដរមានជ័យ ១-១ កាលពីម្សិលមិញ ។បច្ចុប្បន្នយុវជនខេត្តបាត់ដំបង មាន ១១ពិន្ទុឈរលេខរៀងទី៣ តែនៅសល់ ១ប្រកួតក្នុងដៃ ដូច​ក្រុម​ឈើតុំ-ខេត្តពោធិ៍សាត់ដែរ ។ តាមរយៈនេះ ក្រុមទាំងពីរ ត្រូវរង់ចាំ​អ៊ុតល​ទ្ធផល​ការ​ប្រកួត​បញ្ចប់​ពូលរៀងៗខ្លួនសប្ដាហ៍ក្រោយ ដើម្បីកំណត់ថា តើក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាមួយខេត្តបន្ទាយមានជ័យ ។ដោយឡែកក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ក៏មិនខុសពីក្រុមឈើតុំ-ខេត្តពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង​ដែរ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះវិហារ ២-១ កាលពីល្ងាចថ្ងៃទី៣០ ខែ​សីហា​ម្សិលមិញ បានធ្វើឲ្យពួកគេ មានក្ដីសង្ឃឹមក្នុងការប្រជែងកៅអីវគ្គបន្ដ ។ ជ័យជម្នះនេះ ធ្វើឲ្យ​អធិរាជ​ដំរីឦសាន ខេត្តរតនគិរី បន្ដឈរលេខ៣ បណ្ដោះអាសន្នក្នុងពូល D តែមាន ១៣ពិន្ទុ​ស្មើ​ក្រុម​សៀមរាប ដែលឈរលេខរៀងទី២ ។ប៉ុន្ដែខេត្តសៀមរាប បានអស់ការប្រកួតទៅហើយ នៅឡើយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែល​នៅសល់ ១ប្រកួតទៀត ។ ដូច្នេះការប្រកួតចុងក្រោយ ពួកគេត្រូវការតែ ១ពិន្ទុប៉ុណ្ណោះ ដើម្បី​ទម្លាក់ខេត្តសៀមរាប ហើយឡើងទៅវគ្គបន្ដ ។ ចាំមើលតើខេត្តសៀមរាប និង អធិរាជដំរីឦសាន ខេត្ត​រតនគិរី ត្រូវក្រុមណា នឹងត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ខេត្ត ជា​មួយ​ក្រុម​កំពូលតារាងខេត្តកំពង់ធំ? អត្ថបទ លី ឈុនឡា

Iga Swiatek និង Coco Gauff បន្តឡើងជុំទី US Open តែ Azarenka បញ្ចប់បេសកកម្ម

2023/08/31 08:20:45 pm        181
កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក និងកីឡាការិនីម្ចាស់ផ្ទះអាមេរិក Coco Gauff បាន​បង្ហាញពីសមត្ថភាពសក្តិសមនឹងជាបេក្ខភាពប្រជែងជើងឯកឆ្នាំនេះ បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រកួត​រៀងខ្លួន ដើម្បី​ឡើងជុំទី ៣ នៃព្រឹត្តិការណ៍ Grand Slam, US Open។កីឡាការិនីប៉ូឡូញ Iga Swiatek ដែលជាអ្នកការពារតំណែងជើងឯក ហាក់មិន​បង្ហាញ​ពីការធ្លាក់​ចុះ​ នៃ​ទំរង់លេងរបស់ខ្លួនឡើយតាមរយៈជ័យជំនះលើកីឡាការិនីអូស្រ្តាលី Daria Saville ដោយ​លទ្ធផល ៦-៣ និង ៦-៤។Iga Switek កំពុងចង់ក្លាយជាកីឡាការិនីដំបូងដែលអាចការពារជើងឯក US Open នេះ​បាន​បន្ទាប់​ពី Serena Williams ដែលឈ្នះជើងឯក ៣ ឆ្នាំជាប់គ្នាត្រឹមឆ្នាំ ២០១២។ គូប្រកួតបន្ទាប់ Swiatek នឹងត្រូវជួបជាមួយកីឡាការិនីស្លូវេនី Kaja Juvan ដើម្បីកៅអីវគ្គ ១៦ នាក់ចុងក្រោយ។ងាកមកកីឡាការិនីអាមេរិក ដែលជាក្តីសង្ឃឹមរបស់ម្ចាស់ផ្ទះ Coco Gauff ក៏មិន​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខកចិត្ត​ដែរ​ក្រោយ​យកឈ្នះកីឡាការិនីរុស្ស៊ី Mirra Andreeva ដោយលទ្ធផល ៦-៣ និង ៦-២។ កីឡាការិនីវ័យ ១៩ ឆ្នាំរូបនេះប្រឈមជួបជាមួយ Iga Swiatek នៅវគ្គ ៨ នាក់​ចុង​ក្រោយ​ប្រសិន​បន្ត​ឈ្នះ​គូប្រកួតរៀងខ្លួន។ ងាកមកអតីតជើងឯក Grand Slam ពីរលើក Victoria Azarenka បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្រោមស្នាដៃកីឡាការិនីចិន Lin Zhu ៦-៣ និង ៦-៣។ កីឡាការិនីលំដាប់លេខ ៤៤ ពិភពលោក Lin Zhu នឹងបន្តជួបជាមួយកីឡាការិនីលំដាប់លេខ ១៥​ ស្វ៊ីស Belinda Bencic ដែលយកឈ្នះកីឡាការិនី Lily Miyazaki៕ អត្ថបទ៖នាង សុភាវុធ

Stefanos Tsitsipas ធ្លាក់ពី US Open ត្រឹមជុំទី ២ ក្រោយចាញ់កីឡាករលេខ ១២៨ ពិភពលោក

2023/08/31 07:53:46 pm        175
កីឡាករវាយកូនបាល់ក្រិកលំដាប់លេខ ៧ Stefanos Tsitsipas បានធ្លាក់ចេញពីព្រឹត្តិការណ៍ Grand Slam, US Open គួរឱ្យភ្ញាក់ផ្អើលត្រឹមជុំទី ២ ក្រោយ​រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​លំដាប់​លេខ ១២៨ ពិភពលោក Dominic Stricker។កីឡាករស្វ៊ីស Dominic Stricker ជាកីឡាករដែលឡើងមកកាន់ US Open នេះ តាមរយៈ​វគ្គ​ជម្រុះ តែពិតជាបានធ្វើឱ្យ Tsitsipas ស្គាល់ការងារធ្ងន់ តាមរយៈ​ជ័យជំនះ​ក្នុង​ការ​ប្រកួត​ដែល​ប្រើ​ពេល​ជាង ៤ ម៉ោងបញ្ចប់ដោយលទ្ធផល ៧-៥ ៦-៧(២-៧) ៦-៧(៥-៧) ៧-៦(៨-៦) និង ៦-៣។ Tsitsipas គឺជាអ្នកចេញសេវាដែលគួរតែអាចឈ្នះការប្រកួតនៅសិតទី ៤ ទៅហើយ​ផ្ទុយ​ទៅ​វិញ​មិន​អាច​ឈ្នះក្នុងសេវារបស់ខ្លួន និងឱ្យ Stricker យកឈ្នះតាមស្មើ ២-២ មុនបន្ត​ឈ្នះ​នៅ​សិត​កាត់​សេចក្តី​។ដោយឡែកកីឡាករលេខ ១ ពិភពលោក Novak Djokovic មិន​មាន​ឧបសគ្គ​ឡើយ​ក្រោយ​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Bernabe Zapata Miralles ៣ សិតផ្ទួនៗ ៦-៤ ៦-១ និង ៦-១ ដើម្បី​បន្ត​ការស្វែង​រក​ជើងឯក Grand Slam លើកទី ២៤ តាមស្មើកំណត់ត្រារបស់ Margaret Court៕ អត្ថបទ៖នាង សុភាវុធ

Benjamin Pavard ចាកចេញពី Bayern Munich ទៅកាន់ Inter Milan តម្លៃ ៣២ លានអឺរ៉ូ

2023/08/31 07:35:11 pm        203
ក្លិបបាល់ទាត់អ៊ីតាលី Inter Milan បានសំរេចក្នុងការនាំយកខ្សែការពារបារាំង Benjamin Pavard ពី Bayern Munich ហើយ នេះបើតាមការប្រកាសពីក្លិបទាំងពីរនៅថ្ងៃពុធម្សិលមិញ។ មិនមានការបង្ហាញលំអិតពីកិច្ចព្រមព្រៀងផ្ទេរឡើយ តែសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា កីឡាករវ័យ ២៧ ឆ្នាំរូបនេះផ្លាស់មកកាន់ក្រុមរបស់លោក Simone Inzaghi ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៣២ លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំនៅកីឡដ្ឋាន San Siro។Benjamin Pavard ដែលចូលរួមជាមួយ Bayern Munich នៅឆ្នាំ ២០១៩ ផ្លាស់ពី Stuttgart នោះ ធ្លាប់ឈ្នះជើងឯកអាល្លឺម៉ង់ Bundesliga ៤ លើក និងជើងឯកពិភពលោក FIFA World Cup 2018 នៅរុស្ស៊ីជាមួយក្រុមជម្រើសជាតិបារាំង។ការមកដល់របស់ Benjamin Pavard គឺដើម្បីជំនួសតំណែងនៃការចាកចេញរបស់ Milan Skriniar ទៅកាន់ Paris Saint Germain។Inter Milan ចាប់ផ្តើមរដូវកាលថ្មី Italia Serie A រដូវកាលថ្មីនេះ​បានល្អ​ដោយ​ឈ្នះ​ទាំង​ពីរ​ប្រកួត​៕អត្ថបទ៖នាង សុភាវុធ

Chelsea ខិតជិតកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធវ័យក្មេង Man City, Cole Palmer

2023/08/31 07:19:17 pm        173
ក្លិបបាល់ទាត់តោខៀវ Chelsea នៅមិន​ទាន់​បិទ​បញ្ចប់​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ឡើយ​នៅ​រដូវក្តៅ​នេះ ខណៈដែលពេលនេះខិតជិតកិច្ចព្រមព្រៀងមួយទៀត ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​អង់​គ្លេស​អាយុ​ក្រោម២១ ឆ្នាំ Cole Palmer ពី Manchester City។អ្នកចាត់ការ Chelsea លោក Mauricio Pochettino ធ្លាប់បាននិយាយថា Chelsea នៅត្រូ​វ​ការ​កីឡាករ​បន្ថែមទៀតនៅតំបន់ប្រយុទ្ធមុនទីផ្សារដោះដូរកីឡាករបិទបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។កីឡាករវ័យ ២១ ឆ្នាំរូបនេះអាចលេងបានទាំងតំបន់ប្រយុទ្ធ និងបម្រើ។អ្នកចាត់ការ City លោក Pep Guardiola ក៏ធ្លាប់បាននិយាយដែរថា Cole Palmer បើចាក​ចេញ​មិន​អាចក្នុ​ងលក្ខខណ្ឌខ្ចីជើងឡើយ បន្ទាប់ពីក្លិបធ្លាប់បដិសេធសំណើខ្ចីពី​ West Ham ផងដែរ។ Cole Palmer គឺជាសមាជិករបស់ក្រុម U21 អង់គ្លេសដែលឈ្នះជើងឯកអឺរ៉ុបអាយុក្រោម ២១ ឆ្នាំ​។ Cole Palmer ចាប់ផ្តើមរដូវកាលថ្មីនេះជាមួយ Manchester City ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​ក្នុង​ជ័យជំនះលើ Sevilla លើកពាន UEFA Super Cup និងវគ្គផ្តាច់ព្រ័ត្រ Community Shield ដែលចាញ់ Arsenal៕ អត្ថបទ៖នាង សុភាវុធ

Man City ព្រមព្រៀងតម្លៃ ៤៧.៣ លានផោនទិញ Matheus Nunes ពី Wolves

2023/08/31 07:01:26 pm        176
ទីបំផុតការផ្លាស់របស់ខ្សែបម្រើព័រទុយហ្កាល់ Matheus Nunes ជិតចេញជារូបរាងហើយក្រោយ Manchester City ព្រមព្រៀងតម្លៃផ្ទេរ ៤៧.៣ លានផោនជាមួយ Wolverhampton។កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបដិសេធមិនធ្វើការហ្វឹកហាត់ជាមួយ Wolves ឡើយបន្ទាប់ពី Man City ដាក់សំណើមកកាន់ Wolves កាលពីសប្តាហ៍តែត្រូវបានបដិសេធក្នុងតម្លៃ ៤៧ លាន​ផោន​នេះ ខណៈ Wolves ទាមទាដល់ទៅ ៦០ លានផោន។ យ៉ាងណាក្តីការចរចារវាងភាគីទាំងពីរ ការផ្ទេរអតីតខ្សែបម្រើ Sporting Lisbon នេះមិនលើសពី ៤៧ លានផោននេះឡើយ ហើយក៏គ្មានលក្ខខណ្ឌប្រាក់បន្ថែមអ្វីដែរ។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបមកដល់ Wolves ពី Sporting Lisbon រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៨ លានផោនថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តក្លិប និងបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ។ Man City កំពុងរកអ្នកបំពេញចំនុចខ្វះខាតនៅតំបន់បម្រើកណ្តាល បន្ទាប់​ពី​កីឡាករ​នាំ​លេង​ប៊ែល​ហ្ស៊ិក Kevin de Bruyne មានរបួសត្រូវសម្រាកយ៉ាងហោចណាស់ ៤ ខែ។ City ថែមទាំងចាប់អារម្មណ៍ខ្សែបម្រើស្លាប Crystal Palace ផងដែរគឺកីឡាករវ័យ ២៥ ឆ្នាំ Eberechi Eze ដែលទើបបង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអង់គ្លេសលើកដំបូងកាលពីខែមិថុនា។ សម្រាប់ Wolverhampton រដូវក្តៅនេះបានលក់ចេញប្រធានក្រុម Ruben Neves ទៅ Al-Hilal តម្លៃ ៤៧ លានផោន និងខ្សែប្រយុទ្ធ Raul Jimenez ទៅកាន់ Fulham តម្លៃ ៥ លានផោន៕ អត្ថបទ៖នាង សុភាវុធ

Erling Haaland ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតរបស់ PFA អង់គ្លេស

2023/08/31 06:36:54 pm        354
ខ្សែប្រយុទ្ធ Manchester City, Erling Haaland បាន​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​កីឡា​ករ​ឆ្នើម​បំផុត​របស់​ PFA អង់គ្លេសក្រោយរដូវកាលមិនអាចបំភ្លេចបានជាមួយ City តាមរយៈ​ជ័យជំនះ​ពាន​បី​ក្នុង​មួយ​រដូវកាល។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះទទួលបានសំលេងឆ្នោតច្រើនជាងមិត្តរួមក្រុម Kevin de Bruyne និង John Stones ក៏ដូចជាកីឡាកររបស់ Arsenal, Martin Odegaard, Bukayo Saka និង​ខ្សែ​ប្រយុទ្ធ​អង់គ្លេស Harry Kane ដែលទើបចាកចេញទៅ Bayern Munich។ស្ថិតិដ៏អស្ចារ្យរបស់ Haaland គឺស៊ុតបញ្ចូលទី ៥២ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៣ ប្រកួត​រដូវកាល​មុន​ជួយ Manchester City ឈ្នះជើងឯកបីក្នុងមួយរដូវកាលរួមមាន English Premier League​, FA Cup និង UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប។ខ្សែប្រយុទ្ធន័រវេសរូបនេះ ថែមទាំងឈ្នះពានជ័យលាភីកីឡាករឆ្នើមប្រចាំ English Premier League​ រដូវកាលមុន និង ពានកីឡាករឆ្នើម FWA ផងដែរ។ ចំណែកខ្សែប្រយុទ្ធ Arsenal, Bukayo Saka ឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំរបស់ PFA ផងដែរ។ ផ្នែកនារីវិញជ័យលាភបានទៅខ្សែប្រយុទ្ធក្រុមនារី Aston Villa កីឡាការិនី Rachel Daly បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទីបានច្រើនជាងគេនៅលីគនារី Women’s Super League រដូវកាលមុន ២២ គ្រាប់​៕ អត្ថបទ៖នាង សុភាវុធ

ក្រសួងអប់រំ ទទួលស្គាល់ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ នៃសាកលវិទ្យាល័យ ឡាយហ្វ

2023/08/31 06:25:44 pm        451
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ នៅ​សាកលវិទ្យាល័យ ឡាយហ្វ ដើម្បីធ្វើការបណ្ដុះបណ្ដាល ទាំងកម្រិតបរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង​លើ​មុខជំនាញមួយនេះ ។យោងតាមប្រកាសដែលចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការ​ទទួល​ស្គាល់​ការ​បង្កើត​ដេប៉ាតឺម៉ង់ គ្រប់គ្រងកីឡា និងហ្វឹកហាត់ គឺនៅក្នុងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ដែល​មាន​ស្រាប់ ដើម្បីធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររងបច្ចេកទេស និងវិជ្ជាជីវៈ និង​បរិញ្ញាបត្រ​លើ​មុខជំនាញ គ្រប់គ្រងកីឡា និងហ្វឹកហាត់។ទន្ទឹមជាមួយការទទួលស្គាល់នេះដែរ ក្រសួងតម្រូវឲ្យសាកលវិទ្យាល័យ ឡាយហ្វ បំពេញភារកិច្ច ៦​ចំណុច ១-រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសម្រាប់ដេប៉ាតឺម៉ង់ថ្មី ២-រៀបចំ​បទប្បញ្ញត្តិ​ស្ដីពី​ការ​គ្រប់គ្រង​ការ​សិក្សាសម្រាប់មុខជំនាញ ៣-រៀបចំកម្មវិធីសិក្សាលម្អិតឲ្យស្របតាមលក្ខខណ្ឌ និង​បទ​ប្បញ្ញត្ដិ​ នៃ​ក្របខណ្ឌគុណវឌ្ឍិជាតិកម្ពុជា ៤-អនុវត្តតាមបទដ្ឋានរបស់ក្រសួង ដែល​កំណត់​លើ​ស​កម្មភាព​ នៃការធានគុណភាពអប់រំផ្ទៃក្នុងនៅគ្រឹះស្ថានឧត្តមសិក្សា ៥-ធ្វើរបាយការណ៍​ប្រចាំ​ឆ្នាំ​អំពី​ការងារ​បណ្ដុះបណ្ដាលជូនក្រសួង និងគោរពតាមកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ។ចំពោះនិស្សិតដែលរៀនចប់កម្មវិធីសិក្សា និង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​ត្រូវ​ទទួល​សញ្ញាបត្រតាមកម្រិត និងមុខជំនាញ ដែលបានសិក្សា ។ សញ្ញាបត្រនេះ ត្រូវផ្ដល់​ឲ្យ​ដោយ​សាកលវិទ្យាល័យ ឡាយហ្វ ដោយផ្អែកតាមបញ្ជីឈ្មោះនិស្សិតឈ្មោះសិក្សាជាប់ជាស្ថាពរ ដែល​មាន​ការ​ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល៖ យានដ្រូន​របស់ក្រុមហេសបូឡាកំណត់គោលដៅរថយន្តយោធា នៅតំបន់សន្តិសុខភាគខាងត្បូង​លីបង់
07/29/2026 07:07 PM
ឆ្នាំ២០២៦នេះ មានមន្រ្តី ACU ស្ម័គ្រចិត្តជាង៤០០០នាក់ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុប
07/29/2026 07:07 PM
របាយ​ការណ៍៖ ការវាយប្រហារតាមអាកាសរបស់អាមេរិក កំណត់គោល​ដៅ​តំបន់ព្រំដែន ក្បែរទីក្រុងអ៊ីរ៉ង់ភាគខាងលិច
07/29/2026 07:07 PM
លោក Lavrov បញ្ជាក់​ថា លទ្ធផលនៃជម្លោះនៅអ៊ុយក្រែន នឹងកំណត់តួនាទីអនាគតរបស់ទីក្រុងមូស្គូ
07/29/2026 07:07 PM
ភាគអាគ្នេយ៍កូរ៉េខាងត្បូង មាន​សីតុណ្ហភាពខ្ពស់បំផុត ក្នុងរយៈពេល ១២២ឆ្នាំ
07/29/2026 07:07 PM
ប្រភព៖ មេបញ្ជាការអាមេរិក ព្រមានកងទ័ពថា វីដេអូរបស់ពួកគេ ជួយដល់​អ៊ីរ៉ង់កំណត់គោល​ដៅ​
07/29/2026 07:07 PM
ក្រុម​ហ៊ុន BMW នឹងបញ្ឈប់បុគ្គលិកចំនួន ៨.០០០នាក់ ភាគច្រើន នៅអាល្លឺម៉ង់​
07/29/2026 07:07 PM
ចិនជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង នៅសមុទ្រក្រហម
07/29/2026 07:07 PM
រដ្ឋមន្ត្រីករបរទេសជម្រាបជូនឯកអគ្គរដ្ឋទូតអាល្លឺម៉ង់អំពីការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
07/29/2026 07:07 PM
អ៊ីរ៉ង់បដិសេធការគ្រប់គ្រងរួម​​របស់​​តំបន់​ លើ​ច្រកសមុទ្រ Hormuz ដោយ​បំផ្លាញ​​ក្តីសង្ឃឹមទម្លាយ​ភាព​ទាល់​ច្រក​​
07/29/2026 07:07 PM