ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

អ្នកការពារជើងឯក Yamaguchi ឡើងវគ្គ ១៦ នាក់ចុងក្រោយវាយសីជើងឯក BWF World Championship

2023/08/24 05:41:43 pm        290
កីឡាការិនីវាយសីជប៉ុន Akane Yamaguchi ដែលជា​អ្នក​ការពារ​តំណែងជើង​ឯក​វាយ​សី​ពាន​រង្វាន់ ​BWF World Championship បានឈានឡើងវគ្គ ១៦ នាក់​ចុង​ក្រោយ​ហើ​យ​ក្រោយ​យក​ឈ្នះ​កីឡាការិនី​ទួកគី Neslihan Arin នៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។កីឡាការិនីវ័យ ២៦ ឆ្នាំ Yamaguchi ប្រើពេល​មិន​ដល់​ខ្លះ​ម៉ោង​ផង​ដើម្បី​យក​ឈ្នះ​ការ​ប្រកួត​នេះ​ដោយ​លទ្ធផល ២១-៧ និង ២១-១១ លើ Neslihan Arin។ជាមួយគ្នានោះដែរ កីឡាការិនីឆាយនីសតៃប៉ិ Tai Tzu Ying ក៏បានបន្តដំណើរទៅវគ្គ ១៦ នាក់​ចុង​ក្រោយ​ដែរក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះដាណឺម៉ាក Line Christophersen ២១-១៦ និង២១-១៣។ងាកមកវិញ្ញាសារវាយគូចម្រុះបុរស-នារី ដៃគូថៃកីឡាករ Dechapol Puavaranukroh និង​កីឡាការិនី Sapsiree Taerattanachai បានយកឈ្នះដៃគូហុងកុងកីឡាករ Chun Man និង​កីឡាការិនី Tse Ying Suet ដោយលទ្ធផល ២១-១៣ និង ២១-១៤៕ អត្ថបទ៖នាង សុភាវុធ

អត្តពលិកអង់គ្លេស Josh Kerr ឈ្នះមេដាយមាសរត់ ១៥០០ ម៉ែត្រពិភពលោកនៅហុងគ្រី

2023/08/24 05:17:20 pm        212
អត្តពលិកអង់គ្លេស Josh Kerr ធ្វើឱ្យមានរឿងភ្ញាក់ផ្អើលក្រោយឈ្នះមេដាយមាសវិញ្ញាសារត់ ១៥០០ ម៉ែត្រនៃការប្រកួតកីឡាអត្តពលកម្មជើងឯកពិភពលោកនៅទីក្រុង Budapest ប្រទេស​ហុង​គ្រី​ ក្រោយយកឈ្នះម្ចាស់មេដាយមាសអូឡាំពិក Jakob Ingebrigsten។ កាលពីឆ្នាំ ២០២២ ជើងឯកពិភពលោកដូចគ្នាកីឡាករន័រវេស Ingebrigsten ក៏បរាជ័យ​នៅ​ចំនុច​ដូចគ្នា​នេះក្រោមស្នាដៃកីឡាករអង់គ្លេស Jake Wightman ហើយឆ្នាំ ២០២៣ នេះ​ទៀត​កីឡាករ​អង់គ្លេស Josh Kerr បានធ្វើរឿងដូចឆ្នាំមុនដោយយកឈ្នះ Ingebrigsten នៅចំនុច ២០០ ម៉ែត្រចុងក្រោយដដែល។ងាកមកការប្រកួតផ្នែកនារីវិញ វិញ្ញាសារត់ ៤០០ ម៉ែត្រ កីឡាការិនីមកពីសាធារណរដ្ឋដូមីនីកង់ Marileidy Paulino ជាអ្នកឈ្នះមេដាយមាសដោយមកដល់ទីព្រ័ត្រដាច់គេ។ វិញ្ញាសាបន្តទៀតនេះគឺរត់ ៤០០ ម៉ែត្រផ្លោះរបងបុរស ជ័យ​ជំនះ​មេដាយ​មាស​បា​ន​ទៅ​កីឡាករ​ន័រវេស Karsten Warholm ដែលម្ចាស់កំណត់ត្រាពិភពលោក និង​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ក្រោយ​មក​ដល់​ទីព្រ័ត្រប្រើពេល ៤៦ វិនាទី ៨៩។ ចុងក្រោយនេះវិញ្ញាសាលោតកំពស់ប្រើថ្នោល កីឡាការិនីអាមេរិក Katie Moon និង​កីឡាការិនី​អូស្រ្តាលី ​Nina Kennedy សម្រេចចិត្ត​កាន់​មេដាយ​មាស​រួម​គ្នា​បន្ទាប់​ពី​កីឡាការិនី​ទាំង​ពីរ​លោត​បាន​ ៤.៩០ ម៉ែត្រ ហើយបរាជ័យនៅកំពស់ ៤.៩៥ ម៉ែត្រ​ដូចគ្នា​ខណៈ​ការ​ប្រកួត​រវាង​អ្នក​ទាំងពីរ​ប្រើ​ពេល​ដល់ទៅ ២ ម៉ោង ១០ នាទី៕ អត្ថបទ៖នាង សុភាវុធ

AFC Cup៖ ភ្នំពេញក្រោន វាយបកទម្លាក់ Tampines Rover បន្ទាប់ពីរបូត ២គ្រាប់មុន

2023/08/24 04:57:35 pm        664
ក្លិបបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា បានឡើងវគ្គចែកពូល(Group Stage)​ នៃ​ពាន​រង្វាន់ ​AFC Cup 2023 ហើយ ក្រោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Tampines Rover FC​ របស់​សិង្ហបុរី​ ក្នុងលទ្ធផល ៣-២ ក្នុងវគ្គជម្រុះ Play-Off កាលពីថ្ងៃទី២៣ ខែសីហាម្សិលមិញ ។ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Jalan Besar នេះ ក្រុមម្ចាស់ផ្ទះ Tampines Rover FC ​បាន​បើក​ការ​នាំមុខ​ក្រុមជើងឯកលីគកំពូលកម្ពុជា ២គ្រាប់មុន ដោយខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ុង​តេណេ​ហ្គ្រោ ​Boris Koptovic នៅនាទីទី៩ និងនាទី២៤ មុនកីឡាករ Yudai Ogawa​ ស៊ុត​ពី​ចម្ងាយ​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន ​១​គ្រាប់វិញ នៅនាទី៤៣ នៃចុងវគ្គទី១ ។បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមសិង្ហក្រហមភ្នំពេញក្រោន ខណៈ​ក្រោយ​ចាប់ផ្ដើមលេងប្រមាណ ៧នាទី នៃវគ្គទី២ ភ្នំពេញក្រោន ក៏រកបាន ២គ្រាប់ផ្ទួនៗ ដោយ​កីឡាករ Andrés Nieto នៅនាទី៥២ និងកីឡាករ Hintaro Shimizu នៅនាទី៥៣ ហើយ លទ្ធផល​នេះ ក៏បានរក្សាដល់ចប់ការប្រកួត ដែលនាំឲ្យភ្នំពេញក្រោន ទទួលបានជ័យជម្នះ ៣-២ និង​ទម្លាក់ក្រុម Tampines Rover FC ត្រឹមវគ្គ Play-Off នេះតែម្ដង ។ជាមួយការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះដ៏ភ្ញាក់ផ្អើលនេះ នាំឲ្យក្រុមភ្នំពេញក្រោន ឡើង​ទៅ​វគ្គ​ចែក​ពូល  នៃពានរង្វាន់ AFC Cup 2023 ដែលគ្រោងនឹងធ្វើការចាប់ឆ្នោតនាពេលឆាប់ៗខាងមុខ គ្រា​ដែលការប្រកួតវគ្គចែកពូលនេះ គ្រោងនឹងចាប់ផ្ដើមពីពាក់កណ្ដាលខែកញ្ញា រហូត​ដល់​ដំណាច់​ឆ្នាំ​២០២៣ខាងមុខ៕ អត្ថបទ៖ លី ឈុនឡា  

អេស្ប៉ាញឈ្នះអង់គ្លេសលើកពានបាល់ទាត់នារីជើងឯកពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត

2023/08/21 08:00:37 pm        685
ក្រុមបាល់ទាត់នារីអង់គ្លេស ត្រូវរង់ចាំឈ្នះជើងឯកបាល់ទាត់នារីជើងឯកពិភពលោកបន្តទៀត បន្ទាប់​ពី​ចាញ់ក្រុមនារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី។អង់គ្លេសខកខានឈ្នះជើងឯកបាល់ទាត់ពិភពលោក មិនថា​នារី​រឺ​បុរស​តាំង​ពី​ក្រុម​បុរ​ស​ឈ្នះ​ចុង​ក្រោយ​គេបង្អស់តាំងពីឆ្នាំ ១៩៦៦ លើទឹកដីរបស់ខ្លួន។ ប្រធានក្រុមអេស្ប៉ាញ កីឡាការិនី Olga Carmona គឺជាអ្នក​សំរេច​គ្រាប់​បាល់​ជ័យ​ជំនះ​តែ​មួយ​គ្រាប់​គត់​តាំងពីនាទីទី ២៩ និងរក្សាការ​នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត​ ដើម្បី​ជួយ​ក្រុម​នារី​អេស្ប៉ាញ​គ្រង​ជើងឯកបាល់ទាត់នារីពិភពលោក ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្នុ​ងកា​រ​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រលើកដំបូងផងដែរ។អេស្ប៉ាញលើកពាននៅពេលនេះ​ ស្ថិត​ក្រោម​ពពក​ខ្មៅ​នៃ​រឿង​ចម្រូង​ចម្រាស​ជាមួយ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ។ ក្រុមកីឡាការនីអេស្ប៉ាញចំនួន ១៥ នាក់កាលពី ១២ ខែមុនធ្លាប់​បាន​ធ្វើ​ពហិការ​ចាក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ ប្រសិនបើគ្រូបង្វឹក បច្ចុប្បន្នលោក Jorge Vilda មិនត្រូវបានបណ្តេញចេញ។ យ៉ាងណាក្តី កីឡាការិនីទាំង ១៥ នាក់នោះ បានច្រាលចោលព័ត៌មានទាំងនោះ តែធ្លាប់​បាន​រិះ​គន់​ពី​យុទ្ធ​ពិធីក្នុងការដឹកនាំរបស់លោក Vilda។      មកទល់ពេលនេះ ក្រុមនារី​អេស្ប៉ាញ​បាន​ជម្រះ​រាល់​រឿង​យល់​ច្រឡំ​នឹង​គ្រូបង្វឹក​របស់​ខ្លួន​ទាំង​ឡាយ មកឈ្នះជើងឯកពិភពលោក។ អេស្ប៉ាញនៅពេលនេះបានក្លាយជាប្រទេសទី ៥ ប៉ុណ្ណោះដែលធ្លាប់ឈ្នះជើងឯកពិភពលោក​បន្ទាប់​ពី​អាមេរិកឈ្នះ ៤ លើក អាល្លឺម៉ង់ ២ លើក ន័រវេស ១ លើក និងជប៉ុន ១ លើក៕ អត្ថបទ៖នាង សុភាវុធ

Coco Gauff គ្រងជើងឯកវាយកូនបាល់ Cincinnati Open ជាជ័យជំនះធំបំផុតក្នុងអាជីព

2023/08/21 07:52:20 pm        185
កីឡាការិនីវាយកូនបាល់វ័យក្មេងអាមេរិក Coco Gauff ដណ្តើម​បាន​សមិទ្ធផល​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន​ក្រោយ គ្រងជើងឯកពានរង្វាន់ Cincinnati Open លើទឹកដីរបស់​ខ្លួន​ តាម​រយៈ​ជ័យ​ជំនះ​លើ​កីឡាការនីឆែក Karolina Muchova នៅវគ្គផ្តាច់ព្រ័ត្រ។កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានយកឈ្នះកីឡាការិនីលេខ ១ ពិភពលោក Iga Swiatek គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលបន្តយកឈ្នះ Karolina Muchova នៅវគ្គផ្តាច់​ព្រ័ត្រ​ ៦-៣ និង ៦-៤ ទៀត។នេះជាជើងឯកទី ៥ ក្នុងអាជីពរបស់ Coco Gauff និងជាពានទី ៣ ក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់​ពី​ឈ្នះ​ជើង​ឯកនៅ Washington DC និង Auckland។កីឡាការិនីវ័យក្មេងអាមេរិក Coco Gauff បាន​ក្លាយ​ជា​កីឡាការិនី​ដំបូង​ដែល​ឈ្នះ​ជើង​ឯក​នៅ​ក្នុង​ក្រប​ខណ្ឌ​ WTA បីក្នុងឆ្នាំតែមួយបន្ទាប់ពី Bianchi Andreescu ដែលធ្វើបានដូចគ្នានេះនៅឆ្នាំ ២០១៩​។ជ័យជំនះនេះដែរ ក៏បានជំរុញទឹកចិត្តមោះមុតរបស់ខ្លួន និងបណ្តុះមហិច្ចតាគ្រងជើងឯក Grand Slam លើកដំបូងរបស់ខ្លួននៅ US Open ដែលនឹងចាប់ផ្តើមនៅចុងខែសីហានេះ៕ អត្ថបទ៖នាង សុភាវុធ

Novak Djokovic វាយបកយកឈ្នះ Carlos Alcaraz លើកពាន Cincinnati Open

2023/08/21 07:47:14 pm        273
កីឡាករវាយកូនបាល់ស៊ែប Novak Djokovic បានសងសឹកបានសម្រេច ដោយយក​ឈ្នះ​កីឡាករ​លំដាប់​លេខ​ ១ ពិភពលោក Carlos Alcaraz នៅវគ្គផ្តាច់ព្រ័ត្រដើម្បីគ្រងជើងឯកពានរង្វាន់ Cincinnati Open។ កីឡាករអេស្ប៉ាញ Carlos Alcaraz ដែលយកឈ្នះ Djokovic នៅវគ្គផ្តាច់ព្រ័ត្រ Wimbledon ខែ​មុន​នោះ មើលទៅ ហាក់បន្តជ័យជំនះរបស់ខ្លួនលើកីឡាករស៊ែបក្រោយយកឈ្នះសិតដំបូង ៧-៥។តែកំហុសជាច្រើនរបស់ Alcaraz នៅសិតបន្ទាប់ក៏បានបណ្តោយឱ្យ Djokovic វាយ​បក​យក​ឈ្នះ​វិញ​សិត​ទីពីរ ៧-៦(៩-៧) ពោលគឺខ្វះតែមួយបាល់ទៀត Alcaraz អាចឈ្នះសិតនេះទៅហើយ តែ​ Djokovic អាចសង្គ្រោះពិន្ទុ Match Point របស់ Alcaraz បាន មុន​បន្ត​យក​ឈ្នះ​សិត​កាត់​សេចក្តី​ ៧-៦(៧-៤) ដើម្បីយកឈ្នះការប្រកួតនេះដោយប្រើពេលសរុប ៣ ម៉ោង ៤៩ នាទី។ បូកបន្ថែមជើងឯកនៅ Cincinnati Open នេះមួយទៀត Djokovic នៅពេល​នេះ​បាន​ពន្លាត​កំណត់​ត្រា​ឈ្នះ​ជើងឯកនៅក្របខណ្ឌ ATP Masters ច្រើនគេសរុប ៣៩ លើកក្នុងអាជីព និង​ជា​ពាន​រង្វាន់សរុបក្នុងអាជីពលើកទី ៩៥៕ អត្ថបទ៖នាង សុភាវុធ 

Messi ស៊ុត ១០​ គ្រាប់ក្នុង ៧ ប្រកួតជួយ Inter Miami ឈ្នះពានដំបូងក្នុងរយៈពេល ៣ ឆ្នាំ

2023/08/21 07:11:47 pm        246
Lionel Messi ត្រូវបានគេចាត់ទុកជាកីឡាករអស្ចារ្យបំផុតលើលោក ដោយអ្នកគាំទ្រ និង​សមាជិក​របស់​ក្លិប​អាមេរិក Inter Miami ទាំងអស់បន្ទាប់ពីជួយក្រុមឈ្នះជើងឯកដំបូងតាំងពីឆ្នាំ ២០២០។ កីឡាករអាហ្សង់ទីនវ័យ ៣៦ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់នាំមុខឱ្យ Inter Miami ដែល​ជា​គ្រាប់​ទី ១០ របស់ខ្លួនក្នុង ៧ ប្រកួតដែលខ្លួនបានចូលលេង មុនពេលដែល Nashville SC តាម​ស្មើវិញនៅវគ្គផ្តាច់ព្រ័ត្រ League Cup ដែលក្រុមទាំងពីរត្រូវលេងបន្តនៅវគ្គ ១១ ម៉ែត្រ​កាត់​សេចក្តី​រក​ជើងឯក។ ទំរាំតែរកចាញ់ឈ្នះឃើញ ក្រុមទាំងពីរត្រូវស៊ុតដល់គ្រាប់ទី ១០ រៀងខ្លួនមុនពេលដែលអ្នកចាំទី Inter Miami, Drake Callender សង្គ្រោះគ្រាប់បាល់ចុងក្រោយឱ្យ Inter Miami ឈ្នះ Nashville​ ដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ១០-៩។ Inter Miami មានស្ថិតិមិនល្អឡើយនៅ Major League Soccer រដូវកាលនេះ មុន​ពេល​ម្ចាស់​ជ័យ​លាភី World Cup រូបនេះមករួមក្លិបកាលពីខែមុនរួមជាមួយ Jordi Alba និង Sergio Busquet។Inter Miami នៅពេលនេះមិនទាន់ចាញ់ឡើយ ៧ ប្រកួតជាប់គ្នានៅពានរង្វាន់ League Cup ដែល​រួមបញ្ចូលទាំងវត្តមានរបស់ក្លិបនៅលីគអាមេរិក និងម៉ិកស៊ិក។ ចំណែក Lionel Messi ដែលជាម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d’Or ៧ លើក មកទល់​ពេល​នេះ​ឈ្នះពានសរុប ៤៤ ពានក្នុងអាជីព ច្រើនជាងកីឡាករណាៗទាំងអស់៕ អត្ថបទ៖នាង សុភាវុធ 

Aymeric Laporte មកកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីតថ្ងៃនេះ មុនចុះហត្ថលេខាផ្ទេរផ្លូវការមកកាន់ Al-Nassr

2023/08/21 06:44:45 pm        277
ខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញ Aymeric Laporte នឹងមកកាន់​ទឹក​ដី​អារ៉ាប៊ីសាអ៊ូឌីត​ថ្ងៃ​ចន្ទនេះ​ ដើម្បី​ពិនិត្យសុខភាព និងចុះហត្ថលេខាផ្លូវការផ្ទេរពី Manchester City មកកាន់ Al-Nassr។កីឡាករវ័យ ២៩ ឆ្នាំរូបនេះក៏បានរួមដំណើរជាមួយ City ដែរក្នុងការយកឈ្នះ Sevilla លើកពាន UEFA Super Cup កាលពីសប្តាហ៍មុន។ បើតាមសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Aymeric Laporte នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ ២១ លានអឺរ៉ូ ក្នុងការចូលរួមជាមួយ Cristiano Ronaldo នៅ Al-Nassr នេះ។លោក Pep Guardiola បានដាក់ Laporte នៅពីក្រោយជម្រើសរបស់ Manuel Akanji ហើយ​រដូវកាល​ថ្មី​នេះតាំងពីការមកដល់របស់ Josko Gvardiol ពី Leipzig ធ្វើឱ្យឱកាសលេងរបស់ Laporte មានកំរិត និងខិតជិតឈានដល់ទីបញ្ចប់នៃអាជីព ៥ ឆ្នាំនៅ Etihad។រំលឹកថា Aymeric Laporte បានមកដល់ Manchester City តាំងពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៥៧លានផោន និងក្លាយជាសមាជិកសំខាន់របស់ក្រុមភ្លាមៗដែរ និងបានបង្ហាញខ្លួនសរុប ១២១ លើក រកបាន ៨​ គ្រាប់ ឈ្នះជើងឯក English Premier League ៥ លើក FA Cup ២ លើក EFL Cup ៣ លើក និង UEFA Champions League ១ លើក រដូវកាលមុន។ ការចាកចេញទៅកាន់ Al-Nassr, Aymeric Laporte នឹងរួមក្រុមជាមួយ Cristiano Ronaldo, Sadio Mane, Marcelo Brozovic និង Alex Telles៕ អត្ថបទ៖នាង សុភាវុធ

អ្នកការពារជើងឯក MotoGP, Francesco Bagnaia រកបានជ័យជំនះទី ៥ រដូវកាលនេះ

2023/08/21 06:32:45 pm        140
កីឡាករប្រណាំងម៉ូតូអ៊ីតាលី Francesco Bagnaia ដែលជាអ្នកការពារតំណែងជើងឯក បាន​បន្ត​រក​បាន​ជ័យជំនះទី ៥ របស់ខ្លួនក្នុងចំណោម ១០ ទីលានរដូវកាលនេះ បន្ទាប់​ពី​យក​ឈ្នះ​ការ​ប្រកួត​នៅ​ប្រទេសអូទ្រីសចុងសប្តាហ៍កន្លងទៅ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានយកឈ្នះការប្រណាំង Sprint Race កាលពីថ្ងៃសៅរ៍ ហើយ​មក​ដល់​ការ​ប្រកួត Grand Prix នៅថ្ងៃ​អាទិត្យ​បាន​រក្សា​ការ​នាំ​មុខ​របស់​ខ្លួន​តាំង​ពី​ពេល​ចេញ​ដំណើរ​ដល់​ទីព្រ័ត្រ។ លេខ ២ ក្នុងការប្រកួតបានទៅកីឡាករអាហ្រ្វិកខាងត្បូង Brad Binder របស់ក្រុម KTM ខណៈ​លេខ ៣ តាមពីក្រោយដោយកីឡាករអ៊ីតាលី Marco Bezzecchi។ ចំណែក​ឯកីឡាករអេស្ប៉ាញ Jorge Martin ដែលឈរលេខ ២ ក្នុងតារាងជើងឯកនោះ ធ្វើមិន​បាន​ល្អឡើ​យដោយបញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ ៧។ លទ្ធផលនេះធ្វើឱ្យកីឡាកររបស់ក្រុម Ducati, Francesco Bagnaia ពន្លាតការ​នាំមុខ​ក្នុង​តារាង​ជើង​ឯក​ដល់ ៦២ ពិន្ទុ ពី Jorge Martin និងលេខ Marco Bezzecchi។ ទីលានទី ១១ រដូវកាលនវ MotoGP នឹងបន្តដំណើរទៅទីលាន Catalunya ប្រទេស​អេស្ប៉ាញ​ដើម​ខែកញ្ញា៕ អត្ថបទ៖នាង សុភាវុធ 

Viktor Hovland គ្រងជើងឯកវាយកូនគោលកម្មវិធី BMW Championship

2023/08/21 06:27:38 pm        76
កីឡាករវាយកូនគោលន័រវេស Viktor Hovland បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី BMW Championship ក្រោយជ័យជំនះដ៏អស្ចារ្យនៅថ្ងៃចុងក្រោយ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះចាប់ផ្តើមថ្ងៃចុងក្រោយដោយតាមពីក្រោយអ្នកនាំមុខគេ Scottie Scheffler និង Matt Fitzpatrick ដល់ទៅ ៣ ស្ត្រូក តែធ្វើបាន ៧ Birdies ក្នុងចំណោម ៩ ឡូ​នៃថ្ងៃ​ចុងក្រោយ​ដោយបញ្ចប់ការប្រកួតទាំងស្រុងមាន ១៧ អាន់ឌើផា យកឈ្នះអ្នកទាំងពីរ ២ ស្ត្រូក​វិញ។ Scheffler និង Fitzpatrick ឈរលេខ ២ ស្ទួនក្រោយធ្វើបាន ១៥ អាន់ឌើផាដូចគ្នា តាម​ពី​ក្រោយ​ដោយ​កីឡាករ អៀងឡង់ខាងជើង Rory McIlroy ដែលធ្វើបាន ១២ អាន់ឌើ​ផា​ឈរ​ចំណាត់​ថ្នាក់​លេខ​ ៤។BMW Championship ជាវគ្គជម្រុះបឋមក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍បញ្ចប់រដូវកាលរបស់ FedEx Play-Off ហើយជ័យជំនះនៅទីនេះផងដែរ Viktor Hovland ទទួលបានប្រាក់រង្វាន់ ៣.៦ លាន​ដុល្លារក្នុងនាមជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM