ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

AFF U23៖ កម្ពុជា ត្រូវឈ្នះថៃដាច់ខាត ដើម្បីមានឱកាសឡើងវគ្គបន្ដ

2023/08/21 06:12:14 pm        1812
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹង​ត្រូវ​ប្រកួត​បញ្ចប់​ពូល​A ​ជើង​ឯក​យុវជន​អាស៊ាន AFF U23 Championship 2023 ជាមួយក្រុមជម្រើសជាតិ U23 ថៃ នាវេលា​ម៉ោង​ ៨​យប់ថ្ងៃទី២១ ខែសីហានេះ នៅកីឡដ្ឋានរ៉ាក់យ៉ង ប្រទេសថៃ ។នេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ពោល​គឺ​ក្រុម​ U23​ កម្ពុជា ត្រូវការឈ្នះក្រុមម្ចាស់ផ្ទះថៃដាច់ខាត ទើបអាចមានឱកាសឡើងទៅវគ្គ ៤ក្រុម​ចុង​ក្រោយ​ នៃ​ពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ ។គួរដឹងថា ឆ្លងកាត់ ២ប្រកួតក្នុងពូលកន្លងមក ក្រុមយុវជន U23 កម្ពុជា បានឈ្នះ ១ និងស្មើ ១ រក​បាន ៤ពិន្ទុឈរលេខរៀងទី២ តាមពីក្រោយក្រុម U23 ថៃ ដែលឈ្នះទាំង ២ប្រកួត​ឈរ​កំពូល​តារាង​។ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ បើគិតចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ធៀប​ជា​មួយ​ក្រុម​លេខ​២ នៃពូលB និងពូលC គឺកម្ពុជា ឈរលេខ៣ នឹងមាន ១ពិន្ទុស្មើហ្វីលីពីន ដែល​នៅ​សល់​១ប្រកួត​ក្នុង​ដៃដូចគ្នា ប៉ុន្ដែចាញ់ប្រៀបក្រុម U23 ឥណ្ឌូនេស៊ី ដែលមាន ៣ពិន្ទុ តែមិន​សល់​ការ​ប្រកួត​ទៀតឡើយ ។ការណ៍នេះ នាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជ័យជម្នះលើក្រុម U23 ថៃដាច់ខាត ក្នុង​ជំនួប​បញ្ចប់​ពូល​A យប់នេះ ខណៈបើស្មើ ឬចាញ់ នោះក្រុមយុវជន U23 កម្ពុជា នឹង​អស់​ឱកាស​ឡើង​វគ្គ​បន្ដ​តែ​ម្ដង។សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកយុវជនអាស៊ាននេះ មានបេក្ខភាព ១០ក្រុមចូលរួម និង​ចែក​ចេញ​ជា៣ពូល ។ សម្រាប់ពូលA មាន ៤ក្រុម ខណៈពូលB និងពូលC មាន ៣ក្រុមស្មើគ្នា ។ បន្ទាប់​ពីចប់ការប្រកួតវិលជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេ នៃពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម ក្នុងចំណោម ៣ពូល នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែដើម្បីស្វែងរកក្រុមលេខ២ ល្អ​ជាង​គេ សម្រាប់ពូលA មិនត្រូវបានរាប់បញ្ចូលលទ្ធផល និងគ្រាប់បាល់ នៃ​ការ​ប្រកួត​ទល់​នឹង​ក្រុម​បាត់​តារាង​ក្នុងពូលនោះទេ ។យ៉ាងណាក្ដីក្រុម U23 កម្ពុជា ក៏ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងប្រ៊ុយណេ និង​មីយ៉ាន់ម៉ា​ ដែលនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នានាយប់នេះផងដែរ ដ្បិត​ប្រសិន​បើ​ក្រុម​ U23​ ប្រ៊ុយណេ ​អាចយកឈ្នះក្នុងការប្រកួតនេះ ក៏នឹងផ្ដល់​ក្ដី​សង្ឃឹម​មួយ​ដល់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា​ផង​ដែរ​៕ អត្ថបទ៖ លី ឈុនឡា

FA អង់គ្លេសថាគ្រូបង្វឹកក្រុមនារីអង់គ្លេស Sarina Wiegman អាចដឹកនាំក្រុមបុរសបាន

2023/08/18 07:29:16 pm        315
នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេស FA លោក Mark Bullingham បានឱ្យដឹងថា លទ្ធភាព នៃ​ការ​ដឹកនាំ​ក្រុមបុរស ពិតជាអាចទៅរួចសម្រាប់លោកស្រី Sarina Wiegman ដែលកំពុង​ដឹកនាំ​ក្រុម​នារី​អង់គ្លេស។គ្រូបង្វឹកវ័យ ៥៣ ឆ្នាំសញ្ជាតិហូឡង់រូបនេះ បាននាំក្រុ​ម​ជម្រើស​ជាតិ​នារី​អង់គ្លេស​ ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់​ទាត់​នារី ពិភពលោកដោយនឹងត្រូវជួបជាមួយអេស្ប៉ាញនៅថ្ងៃអាទិត្យនេះ បន្ទាប់ពី​ដឹកនាំ​ក្រុម​ឈ្នះ​ជើង​ឯក​ទ្វីប​អឺរ៉ុ​បផងដែរ។នៅពេលសាកសួរដោយអ្នកសារព័ត៌មាន នាយកប្រតិបត្តិ FA លោក Bullingham ថា លោក​សប្បាយ​ចិត្ត​នូវ​សមិទ្ធផល​របស់លោកស្រី Wiegman ហើយក៏ចង់​ឱ្យ​លោក​ស្រី​បន្ត​ដឹកនាំ​ក្រុម​រយៈពេល​វែង​បន្ថែម​ទៀត​ ហើយនៅក្នុងថ្ងៃណាមួយលោកស្រីចាប់អារម្មណ៍ដឹកនាំក្រុមបុរសនោះ វាពិតជាអាចទៅរួច។សូមបញ្ជាក់ថាកិច្ចសន្យារបស់លោក Sarina Wiegman ដឹកនាំក្រុមនារីអង់គ្លេសដល់ឆ្នាំ ២០២៥ តែ​មាន​ពាក្យ​ចចាមអារាមផងដែរពីអនាគតរបស់គ្រូបង្វឹកវ័យ ៥៣ ឆ្នាំហូឡង់រូបនេះ ថាអាច​ទៅ​ដឹកនាំ​ក្រុម​នារី​អាមេរិក ជំនួសលោក Vlatko Andonovski ដែលទើបលាលែងពីតំណែង៕ អត្ថបទ៖នាង សុភាវុធ 

Riyad Mahrez ស៊ុតបញ្ចូលទីមួយគ្រាប់ ខណៈ Al-Ahli យកឈ្នះ Al-Khaleej នៅ Saudi Pro League

2023/08/18 07:13:07 pm        496
ក្រុមបាល់ទាត់ Al-Ahli SC បានយកឈ្នះ Al-Khaleej ៣-១ ក្នុងសប្តាហទី ២ នៃលីគ​កំពូល​អារ៉ាប៊ី​សាអ៊ូឌីត Saudi Pro League។អតីតកីឡាកររបស់ Manchester City, Riyad Mahrez បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនឱ្យ Al-Ahli នៅចុងវគ្គទី ១ បន្ទាប់ពីគ្រាប់នាំមុខដំបូងរបស់ Al-Ahli សម្រេចបានដោយខ្សែការពារប្រេស៊ីល Ibanez។ក្រុមម្ចាស់ផ្ទះ Al-Khaleej ក៏តាមបានមួយគ្រាប់វិញនៅវគ្គទី ២ នាទីទី ៥៨ ដោយ Mansour Hamzi តែ Al-Ahli ក៏រកបានមួយគ្រាប់វិញនៅចុងម៉ោងដោយកីឡាករបម្រុង Sumayhan Alnabit។Al-Ahli ប្រកួតនេះមិនមានវត្តមានខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ឡើយ បន្ទាប់​ពី​អតីត​ខ្សែ​ប្រយុទ្ធ​ Liverpool រូបនេះមានរបួសសាច់ដុំបន្តបន្តួច។ Firmino ស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯងឱ្យ Al-Ahli យកឈ្នះ Al Hazm ថ្ងៃបើក​ឆាក​រដូវកាល​ថ្មី​សប្តាហ៍​មុន​។ដោយឡែកកីឡាករចំនូលថ្មីផ្សេងទៀតរួមមានអ្នកចាំទី Edouard Mendy, Franck Kessie និង Allan Saint-Maximin សុទ្ធតែចូលលេង៕ អត្ថបទ៖នាង សុភាវុធ

គ្រាន់តែ Chelsea ចាប់អារម្មណ៍ភ្លាម Michael Olise បន្តកិច្ចសន្យាថ្មី ៤ ឆ្នាំជាមួយ Crystal Palace

2023/08/18 06:50:50 pm        188
ខ្សែបម្រើស្លាបបារាំង Michael Olise បានចុះហត្ថលេខាបន្តកិច្ចសន្យារយៈពេល ៤ ឆ្នាំបន្ថែមជាមួយ Crystal Palace បន្ទាប់ពីមានការចាប់អារម្មណ៍ពីតោខៀវ Chelsea។កាលពីថ្ងៃអង្គារកន្លងទៅមានការចុះផ្សាយថា Chelsea ត្រៀមសំណើ ៣៥ លានផោនទៅកាន់ Crystal Palace ដើម្បីនាំយកកីឡាករយុវជនអាយុក្រោម ២១ ឆ្នាំបារាំងរូបនេះមកកាន់ Stamford Bridge។ប៉ុន្តែប្រធានក្លិប Crystal Palace លោក Steve Parish បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កីឡាករដែលមានដើមកំណើតនៅទីក្រុងឡុងដ៍មួយនេះនឹងបន្តនៅជាមួយក្លិប។Michael Olise បានផ្លាស់ពី Reading នៅឆ្នាំ ២០២១ ក្នុងកិច្ចសន្យា ៥ ឆ្នាំតែ​ធ្លាប់​ជា​កីឡាករ​យុវជន​ថ្នាល​របស់ Chelsea មុនពេលចាកចេញនៅវ័យ ១៤ ឆ្នាំ។ សូមបញ្ជាក់ថា​ Crystal Palace រដូវកាលនេះបានបាត់បង់ខ្សែប្រយុទ្ធស្នូល Wilfried Zaha តែក្រុម​របស់​លោក​ Roy Hodgson ចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជំនះនៅទឹកដី Sheffield United សប្តាហ៍មុន៕ អត្ថបទ៖នាង សុភាវុធ

អារ៉ាប៊ីសាអ៊ូឌីតនឹងលេងមិត្តភាពពីរប្រកួតនៅលើទឹកដី Newcastle

2023/08/18 06:31:51 pm        243
ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត នឹងលេងការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតនៅលើទឹកដី St. James Park របស់ Newcastle។ អារ៉ាប៊ីសាអ៊ូឌីត នឹងជួបជាមួយកូស្តារីកានៅថ្ងៃសុក្រទី ៨ ខែកញ្ញា មុនបន្តជួបកូរ៉េនៅថ្ងៃទី ១២ ខែដដែល។ Newcastle ស្ថិតក្រោមការវិនិយោគ និងកាន់កាប់ភាគហ៊ុនធំ ៨០% ដោយមូលនិធិវិយោគសាធារណៈ PIF របស់អារ៉ាប៊ីសាអ៊ូឌីត។ការប្រកួតមិត្តភាពពីរប្រកួតខាងលើ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀម​ខ្លួន​របស់​អារ៉ាប៊ីសាអ៊ូឌីត​សម្រាប់​ព្រឹត្តិការណ៍​បាល់ទា​ត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2024។រំលឹកថា Newcastle និង Premier League ធ្លាប់បានអះអាងថា ម្ចាស់ភាគហ៊ុនធំរបស់ Newcastle គឺ​ដាច់​ដោយ​ឡែកមិនពាក់ព័ន្ធជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតឡើយ នៅពេល​ដែល​កិច្ច​ព្រម​ព្រៀង​កាន់​កាប់​ក្លិប​បានសម្រេច។ ការកាន់កាប់ភាគហ៊ុន ៨០% ដោយ PIF បានបង្ហាញពីភាពចម្រូងចម្រាស ដោយ​សារ​តែ​កំណត់​ត្រា​សិទ្ធិ​ម​​នុស្សមិនល្អរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយអង្គការសិទ្ធិមនុស្ស Amnesty International ធ្លាប់​បាន​អំពាវ​នាវ​ឱ្យមានការពិនិត្យមើលឡើងវិញដោយ Premier League កាលពីដើមឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ  

ក្រុមឡើងថ្មី Luton Town នាំយកអ្នកចាំទីជើងចាស់ហូឡង់ Tim Krul ពី Norwich City

2023/08/18 06:20:59 pm        331
ក្លិបបាល់ទាត់ទើបឡើងមក Premier League លើកដំបូង Luton Town បាន​នាំ​យក​អ្នក​ចាំទី​ជើង​ចាស់​ហូឡង់ ពី Norwich City។ កីឡាករវ័យ ៣៥ ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហូឡង់ ១៥ លើករូបនេះ ធ្លាប់​បាន​បង្ហាញ​ខ្លួន​ជាង ២០០ ប្រកួតផងដែរឱ្យ Newcastle និង Norwich។ Tim Krul បានក្លាយជាកីឡាករទី ១០ ដែលផ្លាស់មកកាន់ Luton Town រដូវក្តៅនេះ តែ​ក្លិប​មិន​បាន​បង្ហាញ​លំអិត ពីកិច្ចសន្យារបស់កីឡាករវ័យ ៣៥ ឆ្នាំរូបនេះឡើយ។រំលឹកថា Tim Krul បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយ Newcastle ចាប់ពីឆ្នាំ ២០០៦ ដល់ ២០១៧ មុនពេលផ្លាស់ទៅកាន់ Norwich City នៅឆ្នាំ ២០១៨។ តាំងពីផ្លាស់ទៅកាន់ Norwich City, Tim Krul បង្ហាញខ្លួនបាន ១៦៣ ប្រកួតជួយក្រុមឈ្នះជើងឯក League Championship ពីរលើកនៅរដូវកាល ២០១៨-១៩ និង ២០២០-២១៕ អត្ថបទ៖នាង សុភាវុធ 

ខ្សែបម្រើជប៉ុន Wataru Endo ហោះហើរមកកាន់ទឹកដីអង់គ្លេសមុនការផ្លាស់ផ្លូវការមកកាន់ Liverpool

2023/08/18 06:11:24 pm        340
ខ្សែបម្រើក្លិបអាល្លឺម៉ង់ Stuttgart, Wataru Endo ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះហើរ​មក​កាន់​ទឹក​ដី​អង់​គ្លេស​ ដើម្បី​ចរចា និងពិនិត្យសុខភាព មុនការផ្លាស់ផ្លូវការមកកាន់ហង្សក្រហម Liverpool នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​នៅ Bundesliga មួយនេះ។គ្រូបង្វឹក Stuttgart លោក Sebastian Hoeness បាននិយាយថា Liverpool បាន​ដាក់​សំណើ​ផ្លូវ​ការ​មក​កាន់​ក្លិប​ ដើម្បី​នាំយកកីឡាករវ័យ ៣០ ឆ្នាំដែលជាប្រធានក្រុមរបស់ Stuttgart និងចូលលេងទាំង ៤ ប្រកួត​ឱ្យជប៉ុននៅ World Cup 2022 នៅកាតាឆ្នាំមុន។Wataru Endo បានផ្លាស់មកកាន់ Stuttgart តាំងពីឆ្នាំ ២០២០ ផ្ទេរពីក្លិបប៊ែលហ្ស៊ិក Sint-Truiden និង​បាន​ចូល​លេងឱ្យ Stuttgart សរុប ៩៩ ប្រកួតរកបាន ១២ គ្រាប់ បូករួមទាំង ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ ប្រកួតនៅ Bundesliga រដូវកាលមុនដែល Stuttgart គេចផុតពីការកាត់ចេញទៅក្របខណ្ឌទី ២៕ អត្ថបទ៖នាង សុភាវុធ

អ្នកចាំទីដៃស្អិតម៉ារ៉ុក Yassine Bounou សម្រេចផ្លាស់ពី Sevilla ទៅ Al-Hilal តម្លៃ ២១លានអឺរ៉ូ

2023/08/18 06:04:54 pm        802
ក្លិបបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Hilal បានបន្តបើកខ្ទង់​ចំណាយ​របស់​ខ្លួន​ក្នុង​ការ​នាំយក​កីឡាករ​ថ្មី​មក​រួម​ក្លិប បន្ទាប់ពីចុងក្រោយនេះ នាំយកអ្នកចាំទីដៃស្អិតជម្រើសជាតិម៉ារ៉ុក Yassine Bounou ពីក្លិបអេស្ប៉ាញ Sevilla តម្លៃ ២១ លានអឺរ៉ូ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះគឺជាជម្រើសដំបូងរបស់ក្លិបច្រើនឆ្នាំមកហើយ និងបានជួយ Sevilla ឈ្នះ​ជើង​ឯក Europa League ពីរលើក ក៏ដូចជានាំក្រុមជម្រើសជាតិម៉ារ៉ុកឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាជាប្រវត្តិសាស្រ្ត។Bounou ដែលគេស្គាល់ថា Bono ដំបូងគឺជាគោលដៅរបស់ Real Madrid និង Bayern Munich ស្រប​ពេល​អ្នក​ចាំទីដៃទី ១ ក្លិបទាំងពីរសុទ្ធតែរបួសរួមមាន Thibaut Courtois និង Manuel Neuer។ចំណែកការផ្លាស់មកកាន់ Al-Hilal លើកនេះ Bounou នឹងមករួមក្លិបជាមួយ Neymar ដែល​ទើប​តែ​ផ្លាស់​មក​កាន់​ Al-Hilal នេះកាលពីដើមសប្តាហ៍។ Al-Hilal ជាក្លិបជោគជ័យជាងគេនៅលីគបាល់អារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជានៅក្នុងតំបន់អាស៊ី តាម​រយៈ​ប្រវត្តិ​ឈ្នះ​ជើង​ឯក ៦៦ ពានរួមមាន ១៨ ពានលីគក្នុងស្រុក និង ជើងឯកអាស៊ី AFC Champions League ៤ លើក​៕ អត្ថបទ៖នាង សុភាវុធ

AFF U23៖ កម្ពុជា បន្ដឈ្នះប្រ៊ុយណេច្រើនគ្រាប់ ដោយមិនរបូតគ្រាប់បាល់

2023/08/18 05:56:03 pm        675
ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញ ក្នុងជំនួបបើក​ឆាក​ពូលA ​នៃ​ការ​ប្រកួត​ជម្រើសជើងឯកយុវជនអាស៊ាន AFF U23 Championship 2023​ ក្រោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23 ប្រ៊ុយណេ ៥-០ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅប្រទេសថៃ ។ការប្រកួតដំបូង នៅកីឡដ្ឋានរយ៉ងនេះ ក្រោយចាប់ផ្ដើមលេងបាន ៦នាទី កីឡាករ ស រតនា បាន​តែត​បញ្ចូល​ទីគ្រាប់​នាំមុខឲ្យកម្ពុជា មុនអ្នកចាំទី U23 ប្រ៊ុយណេ កីឡាករ Muhammad Jefri Syafiq ​ចាប់​ក្រឡក​ភ្លាត់​ចូលទីខ្លួនឯង(Own Goal)  ១គ្រាប់ទៀត នៅនាទីទី៩ បន្ទាប់ពីការ​ទាត់​បាល់​ពី​លើ​ប្រអប់​ទី​របស់​កីឡាករ សារ ទី ដែលនាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា នាំមុខ ២-០ នៅវគ្គទី១ ។ចូលវគ្គទី២ កម្ពុជានៅតែបន្ដដាក់សម្ពាធ រហូតរកបាន ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ ស រតនា តាម​រយៈ​ការ​តែតបញ្ចូលទីដូចគ្រាប់ដំបូងរបស់ខ្លួន នៅនាទី៥០ មុនកីឡាករវ័យក្មេង មាន ចាន់រិទ្ធ ស៊ុត​បញ្ចប់​ទី​គ្រាប់​ទី៤ នៅនាទី៧៣ និងគ្រាប់ចុងក្រោយកើតឡើងចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករ អ៊ាន ពិសី ។ជ័យជម្នះ ៥-០ នេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា បន្ដ​កំណត់​ត្រា​ឈ្នះ​ច្រើន​គ្រាប់​លើ​ក្រុម​ជម្រើស​ជាតិ ​U23 ប្រ៊ុយណេ និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ឡើយ ក្នុងប្រវត្តិជួបគ្នា ២លើកចុងក្រោយ នៃ​ពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ បន្ទាប់ពីជួបគ្នា កាលពីឆ្នាំមុន ក្រុម U23 កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ U23 ប្រ៊ុយណេ ដោយលទ្ធផល ៦-០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ក្រឡេកមកមួយគូទៀតនៅក្នុងពូល A នេះដែរក្រុមម្ចាស់ផ្ទះក៏រកបានបីពិន្ទុពីការប្រកួតទី ១ របស់​ខ្លួន​ផង​ដែរ​ក្រោយ​ជ័យជំនះលើក្រុម U23 មីយ៉ានម៉ា ៣-០។ បីគ្រាប់របស់ថៃសម្រេចបានដោយ Phodchara Chainarong នៅនាទីទី ២១ មុនពេលដែល Chudit Wanpraphao បន្ថែមគ្រាប់ទីពីរនៅនាទីទី ៣២។ ហៀបនឹងចប់ការប្រកួតទៅហើយ Yotsakorn Burapha ក៏រកបានគ្រាប់ចុងក្រោយឱ្យក្រុម U23 ថៃ​យក​ឈ្នះ​មីយ៉ាន់ម៉ា ៣-០ ឈរលេខ ២ ក្នុងពូល A ពីក្រោមកម្ពុជា។ ប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងបន្ដជួបក្រុម U23 មីយ៉ាន់ម៉ាវិញម្ដង នាថ្ងៃទី១៩ ខែ​សីហា​ស្អែក នេះខណៈថៃជួបព្រុយណេ ដែលនឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News​៕ អត្ថបទ៖ លី ឈុនឡា  

អង់គ្លេសទម្លាក់ម្ចាស់ផ្ទះអូស្រ្តាលីឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីពិភពលោកលើកដំបូង

2023/08/17 07:12:11 pm        388
ក្រុមបាល់ទាត់នារីអង់គ្លេស បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​លើក​ដំបូង ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះអូស្រ្តាលី ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។បន្ទាប់ពីគ្រាប់នាំមុខរបស់អង់គ្លេសនៅនាទីទី ៣៦ ដោយ Ella Toone អូស្រ្តាលីក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ​ទីក្រុងស៊ីដនីសប្បាយចិត្តឡើងវិញបន្ទាប់ពី Sam Kerr តាមស្មើវិញនៅនាទីទី ៦៣។ យ៉ាងណាក្តី Lauren Hemp និង Alessia Russo រកបាន​ម្នាក់​មួយ​គ្រាប់​ឱ្យ​ក្រុម​នារី​អង់​គ្លេស​កក់​កៅ​អី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​នឹង​ត្រូវ​ជួប​ជា​មួយ​ក្រុម​អេស្ប៉ាញ​ដែល​សុទ្ធ​តែ​ជា​លើក​ដំបូង​ឈាន​ឡើង​វ​គ្គផ្តាច់ព្រ័ត្រ។ ជ័យជំនះនេះធ្វើឱ្យអង់គ្លេស ក្លាយជាក្រុមបាល់ទាត់អង់គ្លេសដំបូងដែលឡើងវគ្គផ្តាច់ព្រ័ត្រ តាំង​ពី​ក្រុម​បុរស​ធ្វើបានបែបនេះកាលពីឆ្នាំ ១៩៦៦ និងគ្រងជើងឯកនៅលើទឹកដីរបស់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM