ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

West Ham ទិញបាន James Ward-Prowse ពី Southampton តម្លៃ ៣០ លានផោន

2023/08/15 06:14:03 pm        145
ក្លិបបាល់ទាត់ញញួរធំ West Ham បានសម្រេចក្នុងការនាំយកខ្សែបម្រើអង់គ្លេស James Ward-Prowse ពី Southampton ក្នុងតម្លៃផ្ទេរ ៣០ លានផោន។កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេល ៤ ឆ្នាំជាមួយ West Ham។ James Ward-Prowse បានរួមរស់ជាមួយ Southampton តាំងពីវ័យ ៨ ឆ្នាំ និងបានបង្ហាញខ្លួនសរុប ៤១០ ប្រកួតជាមួយ Southampton ដែលត្រូវបានកាត់ចេញពី Premier League រដូវកាលមុន។Ward-Prowse បានចូលលេងឱ្យក្រុមធំ Southampton នៅវ័យ ១៦ ឆ្នាំក្នុងការប្រកួតពានរង្វាន់ EFL Cup ទល់នឹង Crystal Palace កាលពីខែតុលាឆ្នាំ ២០១១ និង​បាន​ចូល​លេង​ប្រកួត​ដំបូង​ថ្ងៃ​បើក​រដូវកាល ២០១២-១៣។James Ward-Prowse មានទេពកោសល្យខ្ពស់ក្នុងការទាត់បាល់ Set-Piece និងមានតែ David Beckham ទេដែលស៊ុតបញ្ចូលទីបាល់ Freekick ច្រើនជាងកីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលស៊ុតបាន ១៧ គ្រាប់។ Ward-Prowse បានក្លាយកីឡាករទី ២ ដែលមកកាន់ West Ham រដូវក្តៅនេះ បន្ទាប់ពី Edson Alvarez ​ផ្លាស់ពី Ajax ហើយ West Ham ក៏ឈានដល់កិច្ចព្រមព្រៀងដែរក្នុងការផ្ទេរខ្សែការពារអង់គ្លេស Harry Maguire ពី Manchester United៕ អត្ថបទ៖នាង សុភាវុធ 

Alex Oxlade-Chamberlain ចាកចេញពី Liverpool ផ្លាស់ទៅក្លិបទួកគី Besiktas

2023/08/15 06:00:39 pm        177
អតីតខ្សែបម្រើអង់គ្លេស Alex Oxlade-Chamberlain បានសំរេចក្នុងការផ្លាស់ទៅកាន់ក្លិបទួកគី Besiktas ហើយក្រោយចាកចេញពី Liverpool។កីឡាករវ័យ ២៩ ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៣៥ លើករូបនេះបានចុះ​ហត្ថលេខា រយៈពេល ៣ឆ្នាំជាមួយក្លិបដែលមានមូលដ្ឋាននៅទីក្រុង Istanbul មួយនេះ។Oxlade-Chamberlain ធ្លាប់ឈ្នះជើងឯក English Premier League ជាមួយ Liverpool នៅឆ្នាំ ២០២០ តែក្រោយមកក៏ញាំញីដោយសាររបួស ដែលធ្វើឱ្យគេបង្ហាញខ្លួនបានត្រឹម ១៣ ប្រកួត​ប៉ុណ្ណោះ​រដូវ​កាលមុន។Oxlade Chamberlain ដែលធ្លាប់មានរបួសជង្គង់ធ្ងន់ធ្ងរជាមួយ Liverpool បានបង្ហាញខ្លួនសរុប ១៤៦ ប្រកួត រកបាន ១៨ គ្រាប់តាំងពីផ្លាស់ពី Arsenal នៅឆ្នាំ​ ២០១៧ ក្នុងតម្លៃ ៣៥ លានផោន។ Chamberlain នឹងទទួលបានប្រាក់ឈ្នួល ២.៥ លានអឺរ៉ូក្នុងមួយរដូវកាលនៅ Besiktas។ Besiktas ដែលធ្លាប់ជាជើងឯកលីគកំពូលទួកគី ១៦ លើក បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ រដូវកាល​មុន​៕ អត្ថបទ៖នាង សុភាវុធ 

Moises Caicedo ផ្លាស់មកកាន់ Chelsea ផ្លូវការក្នុងតម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១១៥ លានផោន

2023/08/15 05:53:41 pm        163
ទីបំផុតអនាគតរបស់ខ្សែបម្រើអេក្វាដ័រ Moises Caicedo ត្រូវបានកំណត់ច្បាស់លាស់ហើយ ក្រោយ​សម្រេច​ក្នុងការផ្លាស់ពី Brighton មកកាន់តោខៀវ Chelsea ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាអង់គ្លេស ១១៥លានផោន។កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៨ ឆ្នាំនៅ Stamford Bridge និង​ក្លាយ​ជា​កីឡាករ​ដែល​ផ្លាស់​ក្លិបថ្លៃបំផុតបំបែកកំណត់ត្រាចាស់ ១០៦ លានផោនរបស់មិត្តរួមក្រុមថ្មី Enzo Fernandez ដែលផ្លាស់ពី Benfica មកកាន់ Chelsea កាលពីខែមករា។ ក្រោយការមកដល់ Stamford Bridge, Moises Caicedo បាននិយាយថា នេះជាក្តី​ស្រមៃ​ក្លាយ​ជា​ការ​ពិត ហើយការសំរេចចិត្តមកកាន់ទីនេះ មិនប្រើពេលយូរឡើយ ហើយក៏មិនបាច់ពិចារណាអ្វីដែរ ដោយ​សារ​តែ Chelsea ជាក្លិបដែលខ្លួនស្រលាញ់គាំទ្រ។ ការហ៊ានឱ្យថ្លៃដល់ ១១៥ លានផោនរបស់ Chelsea នេះ គឺបានយកឈ្នះគូប្រជែង Liverpool ដែល​ដំបូង​បាន​យល់ព្រមក្នុងតម្លៃ ១១១ លានផោនជាមួយ Brighton កាលពីថ្ងៃសុក្រ។ រំលឹក​ថា Moises Caicedo បានផ្លាស់ពីក្លិបអេក្វាដ័រ Independiente del Valle ក្នុងតម្លៃត្រឹម ៤.៥ លាន​ផោន​ប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ ២០២១ តែក៏ត្រូវបានបញ្ចេញឱ្យក្លិបនៅប៊ែលហ្ស៊ិកខ្ចី។ Caicedo ត្រូវបានកោះហៅត្រលប់មកវិញនៅខែមករាឆ្នាំ ២០២២ និងបានបង្ហាញខ្លួនឱ្យ Brighton តាំង​ពី​ពេល​នោះ​មកបង្ហាញខ្លួនបាន ៥៣ លើករកបានពីរគ្រាប់៕ អត្ថបទ៖នាង សុភាវុធ

Raphael Varane តែតបញ្ចូលគ្រាប់ជ័យជំនះឱ្យ Manchester United បានបីពិន្ទុសប្តាហ៍ដំបូង

2023/08/15 05:39:46 pm        153
ក្រុមបិសាចក្រហម Manchester United អាចរកបាន ៣ ពិន្ទុពីសប្តាហ៍​ដំបូង​របស់​ខ្លួន​ តាម​រយៈ​ជ័យជំនះ​លើ​ក្រុមភ្ញៀវ Wolverhampton ១-០ យប់ថ្ងៃចន្ទម្សិលមិញ។ខ្សែការពារបារាំង Raphael Varane គឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះ ដែលត្រូវរង់ចាំដល់នាទីទី ៧៦ ពី​ការប៉ះបញ្ជូនដោយ Aaron Wan Bissaka។ ថ្វីបើបានបីពិន្ទុពិតមែនអ្នកចាត់ការ Manchester United, Erik ten Hag បានឱ្យដឹងថា ក្រុមរ​បស់លោក​នៅ​មិន​ទាន់​ធ្វើបានល្អនៅឡើយ។ Wolves មានឱកាសស៊ុតច្រើនជាងដោយមានឱកាសស៊ុតដល់ទៅ ២៣ លើកចំគោលដៅ ៦ លើក ខណៈ​ក្រុម ម្ចាស់ផ្ទះមានឱកាស ១៥ លើកចំគោលដៅ ៣ តែសម្រេចទី ១ គ្រាប់។ ប្រកួតបន្ទាប់ថ្ងៃសៅរ៍នេះ Manchester United នឹងត្រូវទៅទឹកដី Tottenham Hotspur ខណៈ Wolverhampton ត្រូវទទួល Brighton៕ អត្ថបទ៖នាង សុភាវុធ

កីឡាករអ៊ីតាលី Jannik Sinner គ្រងជើងឯកវាយកូនបាល់ Canadian Open លើកដំបូង

2023/08/14 07:40:23 pm        511
កីឡាករវាយកូនបាល់អ៊ីតាលី Jannik Sinner បានគ្រងជើងឯកការប្រកួតកម្មវិធី Canadian Open ជាលើកដំបូងក្រោយយកឈ្នះកីឡាករអូស្រ្តាលី Alex de Minaur នៅវគ្គផ្តាច់ព្រ័ត្រ។នេះជាជើងឯកនៅក្នុងក្របខណ្ឌ Masters 1000 លើកដំបូងផងដែរសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះតាមរយៈជ័យជំនះ ៦-៤ និង ៦-១ ដើម្បីគ្រងជើងឯកធំបំផុតនៃអាជីពរបស់ខ្លួន។Sinner ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅក្នុងក្របខណ្ឌ Masters 1000 នេះពីរលើកកាលពីឆ្នាំ ២០២១ តែចាញ់ វគ្គ Miami Open នៅឆ្នាំ ២០២១ និងឆ្នាំ​ ២០២៣ នេះ។Jannik Sinner ក៏មានទំរង់លេងល្អផងដែរក្នុងឆ្នាំ ២០២៣ នេះដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Wimbledon កាលពីខែមិថុនាកន្លងទៅ។កម្មវិធី Canadian Open នេះដូចគ្នាតែផ្នែកនារី កីឡាការិនីម្ចាស់ផ្ទះអាមេរិក Jessica Pegula ជាជើងឯកក្រោយយកឈ្នះកីឡាការិនីរុស្ស៊ី Liudmila Samsonova នៅវគ្គផ្តាច់ព្រ័ត្រ ៦-០ និង ៦-១ ប្រើពេលត្រឹម ៤៩ នាទី៕ អត្ថបទ៖នាង សុភាវុធ 

Neymar ខិតជិតសម្រេចកិច្ចព្រមព្រៀងផ្លាស់ទៅ Al-Hilal ដែលអាចទទួលបានប្រាក់ឈ្នួល ៨០លានអឺរ៉ូក្នុងមួយឆ្នាំ

2023/08/14 07:29:56 pm        359
ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទំនងជាដល់ពេលដែលត្រូវចាកចេញពីក្លិបបារាំង Paris Saint Germain ហើយ បន្ទាប់​ពី​ប្រភព​ព័ត៌មាន​ដែលអាចជឿទុកចិត្តបាន បានចុះផ្សាយថា Neymar ខិតជិតសម្រេចកិច្ចព្រមព្រៀងជាមួយក្លិប អារ៉ាប៊ី​សាអ៊ូឌីត Al-Hilal។ មកទល់ពេលនេះគេមិនទាន់ដឹងថា គ្រូបង្វឹក PSG ថ្មីលោក Luis Enrique បានទុក Neymar នៅក្នុង​គំរោង​សម្រាប់​រដូវកាល​ថ្មី​ រឺអត់នៅឡើយ ស្របពេល Neymar ក៏មិនឈ្មោះដែរពេល PSG ស្មើ Loreint ថ្ងៃបើករដូវកាល។ បើតាមអ្នកកាសែតអ៊ីតាលី Fabrizio Romano បានឱ្យដឹងថា Al-Hilal ហ៊ានឱ្យប្រាក់ឈ្នួលដល់ទៅ ៨០ លានអឺរ៉ីប្រសិន Neymar ព្រមផ្លាស់មកកាន់ក្របខណ្ឌ Saudi Pro League។Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុង​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​ពិភព​លោក​នៅ​ពេល​នោះ​តម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។ តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាម​គោល​ដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

ព្រះខ័នរាជ និងវិសាខា បន្ថែម ៣ពិន្ទុ ខណៈបឹងកេត និងព្រៃវែង ឈ្នះលើកដំបូង

2023/08/14 07:18:15 pm        3072
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងអែហ្វស៊ី និងវិសាខា បានបន្ថែម ៣ពិន្ទុរៀងៗខ្លួន ក្នុងសប្ដាហ៍ ទី២ នៃលីគកំពូលកម្ពុជា Cambodian Premier League 2023/24 ស្របពេលក្រុមបឹងកេត និង​ក្រុម​ចំណូលថ្មី ព្រៃវែងអែង្វស៊ី បានស្គាល់ជ័យជម្នះលើកដំបូង បន្ទាប់ពីយកឈ្នះគូប្រកួត កាល​ពី​ចុងសប្ដាហ៍កន្លងទៅ ។សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងអែហ្វស៊ី បានវាយបកយកឈ្នះក្រុមភ្ញៀវភ្នំពេញក្រោន ២-១ នៅ​កីឡដ្ឋានខេត្តស្វាយរៀង ។ ជំនួបដ៏តានតឹងនេះ កីឡាករ ប្រាក់ ធីវ៉ា បាន​រក​គ្រាប់​បាល់​នាំ​មុខ​ឲ្យ​ក្រុម​ការពារ​តំណែងជើងឯក ១គ្រាប់មុន នៅនាទី៣០ ។ ប៉ុន្ដែក្រោយចូលវគ្គទី២ ប្រមាណ ៣​នាទី កីឡាករ Marcus Haber ក៏រកបានគ្រាប់តាមស្មើឲ្យក្រុមផ្ទះវិញ នៅនាទី៤៨ មុន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដាដដែល បន្ថែមគ្រាប់ទី២ នៅនាទី៩០+៣ ដែលជាគ្រាប់​ជ័យ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយ​រៀង​អែហ្វស៊ី យកឈ្នះភ្នំពេញក្រោនតែម្ដង ។ចំណែកក្រុមវិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល ៤-១ នៅ​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ។ ៤គ្រាប់របស់ក្រុមភ្ញៀវវិសាខា ធ្វើសម្រេចដោយកីឡា្រ Jonata Bastos ​នៅ​នាទី​១៩ ​និងគ្រាប់បាល់ Own Goal របស់ខ្សែការពារណាហ្គាវើលដ៏ Bektur Amangeldiev​ នៅ​នាទី​៤៤,​ កីឡាករ ស៊ិន កក្កដា នៅនាទី៥៥ និងកីឡាករ ស៊ិន សុផាណាត់ នៅនាទី៨៩ គ្រាដែល ១គ្រាប់​របស់​ណាហ្គាវើលដ៏ រកបានដោយកីឡាករ Bektur Amangeldiev នៅនាទី៥៣ ។ដោយឡែកក្រុមបឹងកេត បានវាយបកឈ្នះក្រុមអង្គរថាយហ្គឺរ ៤-១ នៅពហុកីឡដ្ឋានជាតិ ។ ការ​ប្រកួត​នេះ ក្រុមភ្ញៀវអង្គរថាយហ្គឺរ បានបើកការនាំមុខ ១គ្រាប់មុន ដែលបញ្ចប់​ទី​ដោយ​កីឡាករ​ Blasco LLorens Victor នៅនាទី២៩ មុនកីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់តាមស្មើ នៅ​ចុង​វគ្គ​ទី១ ។ ចូលវគ្គទី២ បឹងកេត បន្ដដាក់សម្ពាធរហូតរកបាន ៣គ្រាប់បន្ថែម ដោយកីឡាករ ចាន់ វឌ្ឍនាកា,​ Yoshimama Ryohei និង ម៉ាត់ នូរុណ ដែលជួយឲ្យបឹងកេត ស្គាល់ជ័យ​ជម្នះ​លើក​ដំបូង។រីឯក្រុមព្រៃវែងអែហ្វស៊ី បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ៥-០ នៅកីឡដ្ឋាន AIA Stadium, KMH Park ។ ជំនួបរវាងក្រុមចំណូលថ្មី ទើបឡើងមកពីលីគទី២ នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ការភ្ញាក់ផ្អើល ដែលព្រៃវែង អាចយកឈ្នះគូប្រជែងដោយជោគជាំបែបនេះ ។ ៥គ្រាប់​របស់​ព្រៃវែង ធ្វើសម្រេចដោយកីឡាករ ផាន សុផេន ២គ្រាប់, Takeshita Masatoshi ២គ្រាប់ និង​កីឡាករ So Omae ១គ្រាប់ ដែលនាំឲ្យពួកគេស្គាល់ជ័យជម្នះលើកដំបូង ដូចក្រុមនាគ​ខៀវ​បឹងកេត​ដែរ​។សម្រាប់ការប្រកួតសប្ដាហ៍ទី២ មួយគូទៀត គឺក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានចែក ១ពិន្ទុ​ម្នាក់​ ជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្រោយប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋានគិរីវង់ ។ ការ​ប្រកួត​ក្រោម​ភ្លៀងសស្រិចនេះ កីឡាករ Tetsuaki Misawa គឺ​ជាអ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​កង​យោធពល​ខេមរភូមិន្ទមុន នៅនាទី១៦ តែ ១០នាទីក្រោយមក គិរីវង់ ក៏វាយបកតាមស្មើវិញ ដោយ​កីឡាករ Romario នៅនាទី២៦ ហើយលទ្ធផលនេះ ក៏បានរក្សា​ដល់​ចប់​ការ​ប្រកួ​​ត​ពេញ​ម៉ោង​តែម្ដង។ក្រឡេកមកចាប់អារម្មណ៍តារាងពិន្ទុបណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍​ទី២ បន្ទាប់ពីរក្សាកំណត់ត្រាឈ្នះរៀងខ្លួន នាំឲ្យក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង ឈរលេខ១ និងលេខ២ ដោយមាន ៦ពិន្ទុស្មើគ្នា គ្រាដែលព្រៃវែង បឹងកេត ភ្នំពេញក្រោន ណាហ្គាវើលដ៏ និង ISI ដង្កោសែនជ័យ មាន ៣ពិន្ទុស្មើគ្នា គ្រាដែលគិរីវង់ និង​កង​យោធពល​ខេមរភូមិន្ទ ​ទើបរកបាន ១ពិន្ទុ និងក្រុមអង្គរថាយហ្គឺរ គឺជាក្រុមតែមួយគត់ ដែលមិនទាន់​មាន​ពិន្ទុរាប់​នៅ​ឡើយ៕ អត្ថបទ លី ឈុនឡា 

Kylian Mbappe ត្រលប់មកហ្វឹកហាត់ជាមួយ PSG វិញទំនងមិនចាកចេញទៅណាទេ

2023/08/14 06:54:36 pm        148
ខ្សែ​ប្រយុទ្ធបារាំង Kylian Mbappe បានត្រលប់មកហ្វឹកហាតជាមួយក្លិបបារាំង Paris Saint Germain វិញហើយ និងទំនងជាមិនចាកចេញទៅណាទេរដូវកាលនេះ។កីឡាករវ័យ ២៤ ឆ្នាំរូបនេះមិនចូលហ្វឹកហាត់ជាមួយក្រុមឡើយសប្តាហ៍មុន និងមិន​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួតដែល PSG ស្មើ Loreint បើករដូវកាលថ្មីលីគបារាំងកាលពីថ្ងៃសៅរ៍។ ប្រធាន​ក្រុមជម្រើសជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះ ដែលនៅសល់កិច្ចសន្យាមួយឆ្នាំជាមួយ PSG បាន​បដិសេធ មិនបន្តកិច្ចសន្យា។PSG មានគម្រោងលក់ Mbappe ឱ្យបានក្នុងរដូវក្តៅនេះ ប្រសើរជាងឱ្យអតីតខ្សែប្រយុទ្ធ Monaco រូបនេះចាកចេញ ដោយគ្មានបានអ្វីសោះនៅដំណាច់រដូវកាលក្រោយ តែ​មក​ទល់​ពេល​នេះ​គេ​មិនទាន់ដឹងពីការចរចាបែបណានៅឡើយរវាងភាគីទាំងពីរ។ PSG កន្លងមកធ្លាប់បាននិយាយថា បើសិន Mbappe សម្រេច​ចិត្ត​នៅ​ជាមួយ​ក្លិបបន្ត​គឺ​ត្រូវ​តែ​បន្ត​កិច្ច​សន្យា ដោយមិនអាចលេងបំពេញកិច្ចសន្យាដែលនៅសល់ ហើយដើរចេញនោះទេ។ មិនមែនជារឿងថ្មីឡើយដែល Kylian Mbappe ចង់ចាកចេញពី PSG ពោល​គឺ​កាល​ពី​ខែ​ឧសភា​ឆ្នាំ​មុន​មាន​ដំណឹងចរចាជាមួយ Real Madrid មុនការចរចាកិច្ចសន្យាថ្មីជោគជ័យជាមួយ PSG ក្នុងខែឧសភានោះ៕ អត្ថបទ៖នាង សុភាវុធ  

ភ្ញាក់ផ្អើល Roberto Mancini ចាកចេញពីតំណែងអ្នកចាត់ការជម្រើសជាតិអ៊ីតាលី

2023/08/14 06:31:35 pm        330
លោក Roberto Mancini បាន​ប្រកាស​ចាកចេញ​ពី​តំណែង​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ក្រោយចំណាយពេល ៥ ឆ្នាំក្នុងតំណែង។សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានចេញសេចក្តីថ្លែងការ ពីការសុំចាកចេញពីតំណែងរបស់លោក Mancini តែមិនបានបញ្ជាក់ពីមូលហេតុឡើយ។បុរសវ័យ ៥៨ ឆ្នាំអ៊ីតាលីរូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី បន្ទាប់​ពី​ជើង​ឯក​ពិភព​លោក​ ឆ្នាំ២០០៦ មួយនេះមិនអាចឆ្លងផុតវគ្គជម្រុះមានកៅអីនៅ World Cup ២០១៨ នៅរុស្ស៊ី។ ក្នុងតំណែងរបស់លោក Mancini អ៊ីតាលីបានឈ្នះជើងឯក Euro ២០២០ ដែលលើកមក ២០២១ ដោយយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រ​កាត់​សេចក្តី​នៅ​កីឡដ្ឋាន​ Wembley។មិនតែប៉ុណ្ណោះអ៊ីតាលីក៏បានបំបែកកំណត់ត្រាពិភពលោក ក្រោយលេងមិនចាញ់សោះ ៣៧ ប្រកួត​ជាប់​គ្នា តែនៅតែមិនអាចមានកៅអីនៅ World Cup ២០២២ នៅកាតាឆ្នាំមុន។ អ៊ីតាលីបច្ចុប្បន្នកំពុងឈរលេខ ៤ ក្នុងពូលនៅវគ្គជម្រុះ Euro ២០២៤ ក្រោយចា​ញ់​អង់​គ្លេស​នៅ​ក្នុង​ពូល​កាល​ពីខែមីនា។លោក Mancini ធ្លាប់ដឹកនាំ Manchester City ឈ្នះជើងឯក English Premier League លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ ២០១២៕ អត្ថបទ៖នាង​ សុភាវុធ

Fred ចាកចេញពី Manchester United ទៅចូលរួមជាមួយក្លិបទួកគី Fenerbahce ផ្លូវការ

2023/08/14 06:11:33 pm        313
ខ្សែបម្រើប្រេស៊ីល Fred បានចាកចេញពីក្លិបបិសាចក្រហម Manchester United ទៅ​កាន់​ក្លិប​ទួក​គី Fenerbahce ផ្លូវការហើយ។ កីឡាករវ័យ ៣០ ឆ្នាំដែលមកកាន់ Manchester United កាលពីឆ្នាំ ២០១៨ ក្នុងតម្លៃផ្ទេរ ៤៧ លាន​ផោន​ផ្ទេរពី Shakhtar Donetsk នោះ បានពេលវេលាកន្លងមកជាមួយ Man United ថាជា ក្តី​ស្រមៃក្លាយជាការពិត និងបានក្លាយកាត់បទពិសោធដ៏អស្ចារ្យក្នុងអាជីព។ កីឡាករវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេប្រាប់ថាមិនស្ថិតក្នុងគំរោងគោលរបស់ Manchester United រដូវកាលថ្មី នេះឡើយ។ Galatasaray ក៏ដូចជា Fulham សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ ចង់បាន Fred ដែល​នឹង​អស់​សុពលភាពកិច្ចសន្យាឆ្នាំក្រោយជាមួយ Man United។Fred បានផ្លាស់មកកាន់ Manchester United ក្នុងតម្លៃ ៤៧ លានផោនកាលពីឆ្នាំ ២០១៨ ពី​ក្លិប​អ៊ុយក្រែន Shakhtar Donetsk ចូលលេងសរុបបាន ១៣៩ លើកស៊ុតបញ្ចូលទីបាន ៨ គ្រាប់ ៧ បាល់បញ្ជូន។រដូវកាលមុន Fred បង្ហាញខ្លួនសរុបបាន ៥៦ លើកស៊ុតបញ្ចូលទីបាន ៦ គ្រាប់ជួយឱ្យ Manchester United ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅ Premier League មានកៅអីនៅ UEFA Champions League រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM