ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

ព័ត៌មានកីឡា

កីឡាករជប៉ុន Yu Shoji ឈ្នះការប្រកួតកង់ក្បាច់ BMX Freestyle ពិភពលោក​នៅស្កុតឡេន

2023/08/11 04:25:10 pm        175
កីឡាករជប៉ុន Yu Shoji បានក្លាយជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាកង់ក្បាច់ BMX Freestyle Flatland នៅក្នុងព្រឹត្តិការណ៍កីឡាករកង់ពិភពលោក UCI Cycling World Championship នៅទីក្រុង Glasgow ប្រទេសស្កុតឡេន។Yu Shoji ធ្វើបានល្អដាច់គេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយរកបានពិន្ទុ ៩៤.១៦។លេខ ២ មេដាយប្រាក់បានទៅមិត្តរួមជាតិជប៉ុន Kio Hayakawa រកបាន ៩១.១៦ ពិន្ទុ ខណៈ​កីឡាករ​បារាំង Matthias Dandois ទទួលបានមេដាយសំរិទ្ធក្រោយរកបាន ៨៨ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ 

Man City ចាប់អារម្មណ៍កីឡាករប្រេស៊ីល Lucas Paqueta របស់ West Ham និងហ៊ានឱ្យថ្លៃ ៣០ លានផោន

2023/08/10 07:16:51 pm        100
ក្លិបបាល់ទាត់ Manchester City បានដាក់សំណើលើកដំបូងរបស់ខ្លួនតម្លៃ ៧០ លានផោន​ទៅ​កាន់​ក្លិប​ញញួរធំ West Ham ក្នុងការចង់បានកីឡាករប្រេស៊ីល Lucas Paqueta មក​កាន់​កីឡដ្ឋាន Etihad។ខ្សែបម្រើប្រេស៊ីលវ័យ ២៥ ឆ្នាំរូបនេះបានផ្លាស់មកកាន់ West Ham រដូវកាលមុនក្នុងតម្លៃផ្ទេរ ៣៦.៥ លានផោន ពីក្លិបបារាំង Olympique Lyon និងបានក្លាយជាសមាជិកសំខាន់ជួយ West Ham ឈ្នះជើងឯក UEFA Europa Conference League ក្នុងរដូវកាលដំបូងរបស់ខ្លួន។អ្នកចាត់ការ Man City លោក Pep Guardiola បាន​និង​កំពុង​ស្វែង​តំណែង​ខ្សែ​បម្រើ​មក​ជំនួស​ការ​ចាក​ចេញ​របស់ Ilkay Gundogan និង Riyad Mahrez។តម្លៃ ៧០ លានផោននេះ គេមិនទាន់រំពឹងថា West Ham ព្រម​លក់​រឺ​យ៉ាង​ណា​នៅ​ឡើយ​ស្រប​ពេល​ក្លិប​ទើបបាត់បង់ប្រធានក្រុមសញ្ជាតិអង់គ្លេស Declan Rice ដែលចាកចេញទៅ Arsenal ក្នុងតម្លៃ ១០៥ លានផោន។អ្វីដែលជាបញ្ហានោះគឺ Man City អាចត្រូវចំណាយលុយច្រើនជាងនេះ ដោយសារ Lucas Paqueta នៅសល់កិច្ចសន្យាជាមួយ West Ham ៤ ឆ្នាំទៀតឯណោះ៕ អត្ថបទ៖នាង សុភាវុធ

West Ham និង Manchester United ព្រមព្រៀងតម្លៃ ៣០លានផោនផ្ទេរ Harry Maguire

2023/08/10 07:09:34 pm        173
ក្លិបបាល់ទាត់ញញួរធំ West Ham បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ហើយ​ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ការពារ​អង់គ្លេស Harry Maguire ពីបិសាចក្រហម Manchester United ក្នុងតម្លៃ ៣០ លាន​ផោន​។ Harry Maguire ដែលចាប់ផ្តើម ១១ នាក់ដំបូងរដូវកាលមុនត្រឹម ៨ លើកនៅ Premier League ត្រូវ​បាន West Ham ទាក់ទងច្រើនសប្តាហ៍មកហើយខណៈ Manchester United បាន​បដិសេធ​សំណើដំ​បូង ២០ លានផោនម្តងរួចមកហើយ។ តំណែងការពារកណ្តាលរបស់ Harry Maguire បានបាត់បង់ បន្ទាប់​ពី​ទំរង់​លេង​របស់​គេ​ធ្លាក់​ចុះ​ខ្លាំង​ ស្របពេលដែលអ្នកចាត់ការ Erik ten Hag ផ្តល់ទំនុកចិត្តលើ Raphael Varane និង Lisandro Martinez ខណៈដែល Vintor Lindelof ក៏ជាជម្រើស ហើយខ្សែការពារឆ្វេង Luke Shaw អាចលេងកណ្តាលបានដែរ។រំលឹកថា Harry Maguire បានមកដល់ Old Trafford កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃផ្ទេរ ៨០ លាន​ផោន​ពី Leicester City ដែលជាតម្លៃផ្ទេរខ្សែការពារខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។ជាមួយគ្នានោះដែរ West Ham ក៏បានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៣០ លាន​ផោន​ដូច​គ្នា​នេះ​ក្នុង​ការផ្ទេរយកខ្សែបម្រើ Southampton, James Ward-Prowse ផងដែរ។កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលលេងប្រកួតដំបូងបើករដូវកាលនេះឱ្យ Southampton ទល់​នឹង Sheffield Wednesday កាលពីថ្ងៃសៅរ៍ផងដែរ មុនពេល Southampton ចាញ់ Gillingham កាលពីថ្ងៃអង្គារធ្លាក់ពី Carabao Cup ជុំដំបូង៕ អត្ថបទ៖នាង សុភាវុធ

កីឡាករចំនូលថ្មី ៥ នាក់នៅ Premier League ដែលគួរតាមដាន

2023/08/10 06:54:51 pm        190
ក្លឹបបាល់ទាត់នៅក្របខណ្ឌ English Premier League បានចំណាយប្រាក់ជាង ១ ពាន់​លាន​ផោន​ (១.៣ ពាន់លានដុល្លារ) ហើយ​គិត​មក​ដល់​ពេល​នេះ​ ដើម្បី​នាំ​យក​កីឡាករ​ចំនូល​ថ្មី​ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួនមុនរដូវកាលថ្មីខាងមុខ។ត្រឹមពេលនេះ ជាក្រុមឈានមុខគេដោយចំណាយប្រាក់ជាង ២០០ លានផោនលើ Declan Rice, ​Kai Havertz និង Jurrien Timber ខណៈ​ដែល​ពួក​គេ​មាន​គោល​បំណង​ផ្តួល​ក្រុម​ការពារ​ជើង​ឯក​ Manchester City ។Manchester United, Newcastle, Liverpool និង Chelsea ក៏​មមាញឹក​នឹង​ការ​ប្រកួត​ប្រជែង​យ៉ាង​​ស្វិ​តស្វាញ​ដើម្បី​ប្រជែងតំណែង Top4 ផងដែរប៉ុន្តែក្រុមជើងឯក ៣ ពាន Man City នៅតែជាក្រុមដែលអាចយកឈ្នះបាន ខណៈ​ដែល​ពួកគេ​ដាក់​​គោល​ដៅ​ឈ្នះជើងឯកលីគកំពូលអង់គ្លេសជាប្រវត្តិសាស្ត្រជាលើកទីបួនជាប់ៗគ្នា។ខាងក្រោមជាកីឡាករចំនូលថ្មី ៥ នាក់ដែលជាទីចាប់អារម្មណ៍ និងគួរតាមដានរដូវកាលថ្មីនេះ៖ -      Declan Rice (Arsenal) Arsenal គឺជាក្រុមប្រជែងជើងឯកដ៏គួរឱ្យភ្ញាក់ផ្អើលមួយទល់នឹង Manchester City រដូវ​កាល​មុន បន្ទាប់ពីនាំមុខគេស្ទើពេញមួយរដូវកាល មុនពេល​ក្រឡាប់​ចាក់​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។​ ខ្សែបម្រើអង់គ្លេស Declan Rice បានមកដល់ទឹកដី Emirate ក្នុងតម្លៃ​ផ្ទេរ​បំបែក​កំណត់​ត្រា​អង់គ្លេស ១០៥ លានផោន បន្ទាប់ពីក្រុមរបស់ Mikel Arteta ដណ្តើម​បាន​ពី​ការ​ប្រជែង​ទិញ​ដោយ Manchester City ផងដែរ។ ជាមួយនឹងតម្លៃផ្ទេរកប់ពពក ក្តីរំពឹងរបស់ក្លិប និងអ្នកគាំទ្រ ក៏ដូចជា​ភ្នែក​ទស្សនា​បាល់​ទាត់​ក៏​ទន្ទឹងរង់ចាំសក្តានុពលភាពរបស់កីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។ -      Rasmus Hojlund (Manchester United) តាមពិតទៅ Manchester United មានគោលដៅដំបូងគឺចង់បានខ្សែប្រយុទ្ធអង់គ្លេស Harry Kane មកកាន់ Old Trafford តែការចរចាយកខ្សែប្រយុទ្ធរូបនេះពី Spurs មាន​សភាព​ស្មុគ​ស្មាញ ដែលធ្វើឱ្យ Man United ផ្លាស់ប្តូរគោលដៅមករកកីឡាករវ័យ ២០ ឆ្នាំដាណឺម៉ាក Rasmus Hojlund វិញ។ តម្លៃនៃការផ្ទេរ Rasmus Hojlund ពី Atalanta គឺ ៦៤ លានផោន ដែល​ជា​ការ​វិនិយោគ​ចំណេញ​ក​ប់ក្តោងរបស់ Atalanta ដែលទិញ Hojlund ពីក្លិបអូទ្រីស Sturm Graz រដូវកាល​មុខ​ត្រឹម ១៧លានផោន។ កីឡាករវ័យ ២០ ឆ្នាំរូបនេះស៊ុតបញ្ចូលទី ៩ គ្រាប់ក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Serie A តែ ៦ គ្រាប់ផ្សេង​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​ពិត​ជាបា​ន​បង្ហាញ​ការចាប់​អារម្មណ៍​សម្រាប់ Manchester United ដែលមាន Christian Eriksen ជាអ្នកណែនាំ។ -      Josko Gvardiol (Manchester City) Manchester City មិនឆ្អែតឆ្អន់ឡើយក្នុងការប្រជែងជើងឯក ដោយគោល​ដៅ​របស់​ពួក​គេ​គឺ​ដណ្តើម​ពាន EPL បួនរដូវកាលជាប់គ្នា ដូច្នេះខ្ទង់ចំណាយ​នៅ​តែ​បើក​បន្ទាប់​ពី​នាំ​យក​ខ្សែ​ការពារ​ក្រូអាស៊ី Josko Gvardiol ពីក្លិបអាល្លឺម៉ង់ Leipzig ក្នុងតម្លៃ ៧៨ លានផោន។ ទម្រង់លេងដ៏គួរឱ្យទាក់ភ្នែករបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ គឺនៅ​ពេល​ជួយ​ក្រុម​ក្រូ​អាស៊ី​នៅ​ World Cup 2022 ទឹកដីកាតាឆ្នាំមុនដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។-      Dominik Szoboszlai (Liverpool) Liverpool បញ្ចប់រដូវកាលមុនដោយការខកចិត្តនៅលំដាប់លេខ ៥ ខកខាន​មិន​បាន​លេង​នៅ​ UCL ស្របពេ ដែលខ្សែបម្រើជាច្រើនចាកចេញទៀតនោះ Liverpool បាន​នាំ​យក​កីឡាករ​ហុង​គ្រី Dominik Szoboszlai ពី Leipzig តម្លៃ ៦០ លានផោន។ Jordan Henderson, Fabinho, Naby Keita, Alex Olade-Chamberlain សុទ្ធ​តែ​ចាក​ចេញ ហើយនៅពេលនេះក្រុមរបស់លោក Jurgen Klopp មានខ្សែបម្រើថ្មីច្រឺងទាំងពីរនាក់គឺ Szoboszlai និង Alexis Mac Allister។ កីឡាករវ័យ ២២ ឆ្នាំ Szoboszlai ស៊ុតបញ្ចូលទីបាន ២០ គ្រាប់និង ២២ បាល់​បញ្ជូន​ក្នុង​ការ​បង្ហាញខ្លួន ៩១ ប្រកួតឱ្យក្លិបអាល្លឺម៉ង់ RB Leipzig។ -      Sandro Tonali (Newcastle) ទឹកប្រាក់បានស្រោចលើកីឡាករ Premier League ក្នុងការផ្ទេរ​ទៅ​កាន់​ទឹក​ដី​អារ៉ាប៊ី​សាអ៊ូឌីត មួយរយៈចុងក្រោយនេះ តែ Newcastle ដែល​ស្ថិត​ក្រោម​ការ​វិនិយោគ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត​ដែរនោះ មិនជះឥទ្ធិពលប៉ុន្មានទេ។ Newcastle ដែលនឹងត្រលប់មកបង្ហាញខ្លួននៅ UEFA Champions League វិញនោះ​ក៏​បាន​ចាយ​លុយច្រើនដែរក្នុងការនាំយកកីឡាករចំនូលថ្មីមកពង្រឹងក្រុម។ គិតមកទល់ពេលនេះ Newcastle បានចំណាយជាង ១០០ លានផោនផងដែរ ដែលក្នុង​នោះ​ថ្លៃ​ជាង​គេគឺខ្សែបម្រើអ៊ីតាលី​Sandro Tonali ពី AC Milan តម្លៃ ៦០ លានផោន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាកំលាំងស្នូលខ្វះមិនបានរបស់ AC Milan ក្នុងការប្រជែង​ឈ្នះ​ជើង​ឯកអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១ ឆ្នាំកាលពីឆ្នាំ ២០២២ និងជា​សមាជិក​សំខាន់​ដែលនាំ AC Milan ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL រដូវកាលមុន៕ អត្ថបទ៖នាង សុភាវុធ 

Hun Sen Cup៖ កំពង់ធំកក់កៅអីវគ្គបន្ដ ក្រោយបង្អាក់ដំណើរសៀមរាប តែ​បើក​ផ្លូវ​ឲ្យ​រតនគិរី

2023/08/10 06:00:26 pm        691
ក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃ​ពាន​រង្វាន់​សម្ដេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដោយលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី០៩ ខែ​សីហាម្សិលមិញ ។ ជ័យជម្នះនេះដែរ ក៏បើកផ្លូវឲ្យក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី មាន​សង្ឃឹម​ឡើង​វគ្គបន្ដផងដែរ បន្ទាប់ពីពួកគេវាយបកឈ្នះមណ្ឌលគិរីវង់ ៣-២ ។សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមសន្ដិភាព ខេត្តកំពង់ធំ លើក្រុមភ្ញៀវខេត្តសៀមរាប ធ្វើ​សម្រេច​ដោយ​កីឡាករ ឆាំ ប៊ុនឈីត នៅនាទីទី៨ និងកីឡាករ រ៉ាន់ សិទ្ធ នៅនាទី៧២ ។ ដូច្នេះ​ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប គឺរងបរាជ័យទាំង ២ជើង ក្នុង​ជំនួប​ជា​មួយ​ក្រុម​កំពូល​តារាង​នេះ ដ្បិតកាលពីជើងទី១ គឺចាញ់ក្នុងលទ្ធផល ១-០ ។រីឯជំនួបជើងទី២ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យវិញ ក្រុមម្ចាស់​ផ្ទះ​ខេត្ត​មណ្ឌល​គិរី បានបើកការនាំមុខក្រុមអធិរាជដំរីឦសាន ២គ្រាប់មុន នៅចុងវគ្គទី១ ដោយកីឡាករ ណូ សូទី នៅ​នាទី៤៤ និងកីឡាករ ធិ ផៃយ៉ា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមអធិរាជដំរីឦសាន ខេត្ត​រតនគិរី ក៏វាយបកបាន ៣គ្រាប់វិញ ដោយកីឡាករ កវី ស៊ីយ៉ា នៅនាទី៥៦, កីឡាករ ហ៊ីង វ៉ាយ​លេស នៅនាទី៧៨ និងគ្រាប់បាល់ជ័យជម្នះ ដោយបានដោយកីឡាករ សម្បត្តិ បញ្ញា នៅ​នាទី​៨៨ ។ជាមួយលទ្ធផលក្នុងសប្ដាហ៍ទី១៥ នេះដែរ នាំឲ្យក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ បន្ដ​ឈរ​កំពូល​តារាង​ពូលD ដោយរកបាន ១៥ពិន្ទុ និងបានកក់កៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ទោះបីពួកគេនៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។ ចំណែកក្រុមសៀមរាប បន្ដ​ឈរ​លេខ​២ តែមាន ១០ពិន្ទុស្មើគ្នាជាមួយក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ដែល​ឡើង​មក​ឈរ​លេខ​៣ ។ ប៉ុន្ដែខេត្តសៀមរាប នៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះ ស្រប​ពេល​ក្រុម​អធិរាជ​ដំរី​ឦសាន​ នៅសល់ ២ប្រកួតទៀត ។ ដូច្នេះក្រុមទាំងពីរ សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ពិសេស​ក្រុម​អធិរាជដំរីឦសាន ខេត្ដរតនគិរី ដែលនៅសល់ប្រកួតច្រើនជាងតែម្ដង៕ អត្ថបទ លី ឈុនឡា

Anthony Joshua ត្រូវជួបគូប្រកួតខុសពីការគ្រោងទុកក្រោយ Dillian Whyte មាន​ផ្ទុក​សារធាតុ​ហាម​ឃាត់

2023/08/10 05:44:09 pm        153
កំពូលកីឡាករប្រដាល់សកលរបស់អង់គ្លេស Anthony Joshua ត្រូវ​ប្រកួត​ជាមួយ​គូប្រកួត​ដែល​ខុស​ពី​ការ​គ្រោងទុក បន្ទាប់ពីការណាត់គ្នាទល់នឹង Dillian Whyte ត្រូវបានកែប្រែ បន្ទាប់ពី Whyte មានផ្ទុកសារធាតុហាមឃាត់។ការផ្លាស់ប្តូរគូប្រកួតភ្លាមៗនេះធ្វើឡើងត្រឹម ២៤ ម៉ោង​ប៉ុណ្ណោះ​មុន​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ពុធ​ម្សិល​មិញ បន្ទាប់ពីការធ្វើតេស្តសុខភាពឃើញថា Dillian Whyte មានផ្ទុកសារធាតុហាមឃាត់ តែ​មិន​មែន​ជា​សារធាតុញៀនឡើយ តាមរយៈការពិនិត្យដោយ សមាគម​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់ (VADA) ដែលធ្វើឱ្យកីឡាករអង់គ្លេសរូបនេះ ត្រូវប្រមូល​ព័ត៌​មាន​ឱ្យ​បាន​ច្បាស់​លាស់​ ដើម្បីបញ្ជាក់ថាខ្លួនឯងស្អាតស្អំ។ ដោយឡែកសំរាប់គូប្រកួតថ្មីរបស់ Anthony Joshua ដែលត្រូវ​បាន​ចាប់​ដាក់​ភ្លាមៗ​នោះ​គឺ​កីឡាករ​ប្រដាល់​ហ្វាំងឡង់ Robert Helenius ដែលនឹងក្លាយជាជំនួបដំបូងរវាងកីឡាករទាំងពីរ។ កីឡាករវ័យ ៣៩ ឆ្នាំ Robert Helenius មានបទពិសោធប្រកួត ៣៦ លើកឈ្នះ ៣២ ចាញ់ ៤ ផ្តួល​គូប្រកួតឱ្យបោះបង់ ២១ លើក៕ អត្ថបទ៖នាង សុភាវុធ 

Canelo Alvarez នឹងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោកខែកញ្ញាខាងមុខ

2023/08/10 05:23:55 pm        283
កីឡាករប្រដាល់ម៉ិកស៊ិក Canelo Alvarez នឹងឡើង​ការពារ​ខ្សែ​ក្រវាត់​ទម្ងន់​មធ្យម​ពិភព​លោក​របស់​ខ្លួន​នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ដោយនឹងត្រូវជួប​ជាមួយ​ជើង​ឯក​ទម្ងន់​មធ្យម​យុវជន​ពិភព​លោក Jermell Charlo នៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Canelo Alvarez មានស្ថិតិប្រកួតរបស់ខ្លួន ឈ្នះ ៥៩ ចាញ់ ២ ស្មើ ២ ផ្តួលគូប្រកួតឱ្យបោះបង់ ៣៩លើក គឺជាអ្នកគ្រប់គ្រងខ្សែក្រវាត់ពីរបន្ទាប់ពីដណ្តើមខ្សែក្រវាត់ IBF ពី Caleb Plant កាល​ពី​ខែ​វិច្ឆិកាឆ្នាំ ២០២១ ក្រោយមកការពារខ្សែក្រវាត់របស់ខ្លួនបានតាមរយៈជ័យជំនះលើ Gennadiy Golovkin និង John Ryder។ នៅក្នុងចន្លោះនៃការប្រកួតខាងលើ Canelo Alvarez ក៏បាន​ព្យាយាម​ទំលាក់​ទម្ងន់​របស់​ខ្លួន​ ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់ WBA តែចាញ់ Dmitriy Bivol។ចំណែកគូប្រកួតនៅខែកញ្ញាខាងមុខ Jermell Charlo មានបទពិសោធប្រកួតឈ្នះ ៣៥ ស្មើ ១ ចាញ់១ ផ្តួលគូប្រកួតឱ្យបោះបង់ ១៩ លើក និងបាន​គ្រប់​គ្រង​ខ្សែ​ក្រវាត់​យុវជន​នេះ​ តាម​រយៈ​ការ​ផ្តួល Brian Castano កាលពីខែឧសភាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ 

ឯកឧត្តម ថោង ខុន ណែនាំឲ្យចាប់ផ្ដើមធ្វើផែនការមេ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

2023/08/09 07:18:50 pm        306
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) បានណែនាំឲ្យរៀបចំធ្វើការផែនការមេ ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅកម្ពុជា ។ការណែនាំនេះ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិរបស់ខ្លួនឡើងវិញ កាលពីថ្ងៃទី០៨ ខែសីហាម្សិលមិញ ដើម្បីពង្រឹង​ការងារ​រដ្ឋបាល និងការគ្រប់គ្រង សម្រាប់ត្រៀមចូលរួម និងរៀបចំប្រកួតនានា ពិសេស​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួល​បាន​សិទ្ធិធ្វើម្ចាស់ផ្ទះរួចរាល់ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា បន្ទាប់​ពី​រួមចំណែកជាមួយភាពជោគជ័យ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវ​ចាប់​ផ្ដើម​ពង្រឹង​ការងារ​រដ្ឋបាល ដឹកនាំ និងគ្រប់គ្រងឡើងវិញ ដើម្បីត្រៀមចូលរួម និងរៀបចំការប្រកួតនានា ដូច​ជា​ការ​ត្រៀមចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នៅចិន, ការត្រៀម​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង ពិសេស​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​យុវជន​អាស៊ី ឆ្នាំ២០២៩ ។ពាក់ព័ន្ធនឹងការប្រកួតកីឡាយុវជនអាស៊ីនេះ គឺជាបញ្ហាសំខាន់ ដែលត្រូវបានអង្គប្រជុំកំណត់ថា នឹង​រៀប​ចំផែនការយុទ្ធសាស្ដ្រ សម្រាប់ផែនការមេឲ្យបានរួចរាល់ ដើម្បីឆ្លង​ទៅ​រាជ​រដ្ឋាភិបាល​អនុម័ត ក្នុងនោះឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំឲ្យចាប់ផ្ដើមរៀបចំធ្វើផែនការមេនេះ ព្រោះ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពី​ក្រុម​ប្រឹក្សា​កី​ឡា​អូឡាំពិក​អាស៊ី​រួច​ហើយ ដែលបានចុះហត្ថលេខាលើលិខិតអនុញ្ញាត កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ។ ដូច្នេះ​គណៈកម្មាធិការប្រតិបត្តិទាំងអស់ ត្រូវរួបរួមគ្នាធ្វើកិច្ចការនេះឲ្យហើយ ៤-៥ឆ្នាំមុន ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​នាឆ្នាំ២០២៩ ។ចំណែកការងាររដ្ឋបាល និងការគ្រប់គ្រងវិញ ត្រូវបានឯកឧត្តមរដ្ឋមន្ដ្រី ជំរុញ​ឲ្យ​ពង្រឹង​យន្ដ​ការ​ការងារ​ឡើង​វិញ ក្នុងការបែងចែកនាយកដ្ឋាន សម្រាប់ការគ្រប់គ្រងនាយកដ្ឋានជំនាញនីមួយៗ ពិសេស​ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តឲ្យគណៈកម្មការជំនាញ អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ធ្វើការងារឡើងវិញ ហើយឲ្យ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​កិច្ច​សហការ​ត្រួតពិនិត្យការងារជាប្រចាំ ។ ចំពោះរចនាសម្ព័ន្ធ និងការកែសម្រួលតួនាទីភារកិច្ច នឹង​ធ្វើ​ឡើងក្នុងពេលឆាប់ៗនេះ ដោយកំណត់ឲ្យបាននូវគោលដៅ នៃការអភិវឌ្ឍធនធនាមនុស្ស អភិវឌ្ឍន៍​រចនាសម្ព័ន្ធ ឲ្យមានភាពរឹងមាំ ដើម្បីទទួលភារកិច្ចសំខាន់ៗរបស់ព្រឹត្តិការណ៍កីឡាជាតិ ឬ​ព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗទៀតឲ្យបានសម្រេចតាមជំនាញ ដែលបានធ្វើរួចមកហើយ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕ អត្ថបទ លី ឈុនឡា  

បារាំងបញ្ចប់ក្តីសង្ឃឹមម៉ារ៉ុកឡើងវគ្គ ៨ ក្រុមចុងក្រោយ បាល់ទាត់នារីជើងឯកពិភពលោក

2023/08/09 06:47:16 pm        270
ក្រុមបាល់ទាត់នារីបារាំងបានបញ្ចប់ក្តីសង្ឃឹមរបស់ម៉ារ៉ុក ក៏ដូច​ជា​ក្តី​សង្ឃឹម​របស់​ក្រុម​មក​ពី​អាហ្វ្រិក​ ដើម្បី​ឡើង​វគ្គ ៨ ក្រុមចុងក្រោយបាល់ទាត់នារីជើងឯកពិភពលោក។កីឡាការិនី Kadidiatou Diani និង Kenza Dali រកបានម្នាក់មួយគ្រាប់នៅវគ្គទី ១ ខណៈ Eugenie Le Sommer រកបានពីរគ្រាប់ម្នាក់ឯងឱ្យអតីតក្រុមលេខ ៤ World Cup ឆ្នាំ ២០១១ បារាំង​យកឈ្នះដោយលទ្ធផល ៤-០ ឡើងវគ្គ ៨ ក្រុមចុងក្រោយ។ បារាំង​នឹងបន្តទៅជួបជាមួយម្ចាស់ផ្ទះអូស្ត្រាលី នៅទីក្រុង Brisbane ថ្ងៃសៅរ៍នេះ។ ចំណែក​ឯក្រុមនារីម៉ារ៉ុក សង្ឃឹមថានឹងក្លាយជាក្រុមនារីអាហ្វ្រិកដំបូងដែលឈ្នះការប្រកួតនៅវគ្គ Knockout តែអ្វីៗប្រែក្រឡាប់ចាក់បន្ទាប់ពីគ្រាប់នាំមុខ ២ គ្រាប់របស់បារាំងលឿនៗ។ ងាក​មកការប្រកួតមួយគូទៀត កូឡុំប៊ីក៏បានបន្តដំណើរទៅវគ្គ ៨ ក្រុមចុង​ក្រោយ​ដែរ​ក្រោយ​យក​ឈ្នះ​ក្រុម​នារី សាម៉ាអ៊ិកតានតឹង ១-០។ កីឡាការិនី Cataline Usme គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះយ៉ាងអស្ចារ្យនៅនាទីទី ៥១។មួយ​គ្រាប់នេះ គឺជាគ្រាប់ដំបូងដែលសាម៉ាអ៊ីករបូតគ្រាប់បាល់នៅ World Cup ឆ្នាំនេះ តែពួក​គេ​ក៏​មិន​អាច​រកបានគ្រាប់តាមស្មើដែរ។ លទ្ធផលនេះធ្វើឱ្យក្រុមនារីកូឡុំប៊ីឡើងវគ្គ ៨ ក្រុមចុងក្រោយ World Cup ជាលើក​ដំបូង​ដោយ​នឹង​ត្រូវ​ជួប​ជាមួយអង់គ្លេសនៅទីក្រុងស៊ីដនីប្រទេសអូស្រ្តាលីថ្ងៃសៅរ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យពិភពលោកនៅប្រទេសចិនបិទបញ្ចប់ដោយជោគជ័យ

2023/08/09 06:24:03 pm        311
ព្រឹត្តិការណ៍កីឡានិស្សិតសាកលវិទ្យាល័យពិភពលោក World University Games លើកទី ៣១ ដែលរៀបចំនៅទីក្រុងឆឹងទូប្រទេសចិន បានបិទបញ្ចប់ជាផ្លូវការប្រកបដោយភាពជោគជ័យ។ទង់សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ FISU ត្រូវបានបង្ហូតចុះ និង​ប្រគល់​ជូន​ម្ចាស់​ផ្ទះ​បន្ទាប់​នៅ​ឆ្នាំ២០២៥ ទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់។តាមពិតទៅទីក្រុងឆឹងទូគ្រោងរៀបចំព្រឹត្តិការណ៍កីឡាពីរឆ្នាំម្តងនេះកាលពីឆ្នាំ ២០២១ តែ​ក៏​ត្រូវ​ពន្យា​ពេល ២ ឆ្នាំ ដោយសារវិបត្តិ Covid-19។ក្រុមម្ចាស់ផ្ទះចិនបញ្ចប់ដោយភាពជោគជ័យត្រចះត្រចង់ ពោល​គឺ​ឈ្នះ​ដាច់​ក្នុង​តារាង​មេដាយ​សរុប​ដោយមា​នមេដាយមាស ១០៣ គ្រឿង មេដាយប្រាក់ ៤០ គ្រឿង និងមេដាយសំរិទ្ធ ៣៥ សរុប ១៧៨ គ្រឿង។ ជប៉ុនឈរលេខ ២ មានមេដាយមាសសរុបត្រឹម ២១ គ្រឿង និងសរុប ៩៣ គ្រឿង ខណៈ​កូរ៉េឈរ​លេខ ៣ មានមេដាយមាស ១៨ គ្រឿង និងសរុប ៥៨ គ្រឿង៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កេនយ៉ាស៊ើបអង្កេតជាតិពុលដ៏មានសក្តានុពល ក្រោយដំរី ១៥ក្បាលងាប់នៅតំបន់ប្រព័ន្ធអេកូឡូស៊ី Amboseli
07/29/2026 09:07 PM
អ្នករស់នៅក្នុងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស បង្ហាញក្តីបារម្ភពីរលកកម្តៅ អំឡុងរដូវក្តៅ
07/29/2026 09:07 PM
លោក Trump បញ្ជាក់​ថា អាមេរិកនឹងចាត់វិធានការ​ខ្លាំងក្លាលើ​អ៊ីរ៉ង់ តែ​នឹង «អនុញ្ញាតឱ្យពួកគេបន្តចរចា​»
07/29/2026 08:07 PM
រដ្ឋអាជ្ញា៖ យុវជន ៣នាក់ ត្រូវបានចាប់ខ្លួនក្នុងការស៊ើបអង្កេតអំពើភេរវកម្មហូឡង់
07/29/2026 08:07 PM
ចិនចូលរួមរំលែកទុក្ខដល់ពលរដ្ឋស្លាប់ និងបន្តតាមដានសុវត្ថិភាពលដ្ឋរបស់ខ្លួន ក្រោយការរញ្ជួយដីនៅ ជប៉ុន
07/29/2026 08:07 PM
បារាំងបណ្តេញពិធីការិនី​ទូរទស្សន៍គាំទ្រវិមានក្រឹមឡាំងចេញពីប្រទេស
07/29/2026 08:07 PM
នេប៉ាល់ដាក់បំរាមគោចរ ក្រោយការប៉ះទង្គិចគ្នាហិង្សាកើតឡើងនៅស្រុក Sunsari
07/29/2026 08:07 PM
ចិនរិះគន់បំរាមសហរដ្ឋអាមេរិកលើការនាំចូលរូបយន្តរបស់ទីក្រុងប៉េកាំង
07/29/2026 08:07 PM
សាកសពត្រូវបានទាញចេញពីមន្ទីរពេទ្យក្រុង Mosul បន្ទាប់ពីការវាយប្រហាររបស់អាមេរិក-អារ៉ាប៊ីសាអ៊ូឌីតលើអ៊ីរ៉ាក់
07/29/2026 08:07 PM
ព្យុះផ្គររន្ទះដ៏ធ្ងន់ធ្ងរ វាយប្រហារទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក
07/29/2026 08:07 PM